របៀបទប់ទល់នឹងជម្ងឺថប់អារម្មណ៏​

How to deal with anxiety

ជានិច្ចជាកាលពិភពលោកនេះហាក់បីដូចជាកន្លែងមួយដែលឆ្កួតលីលាអីចឹង។ដោយអ្នកគ្រាន់តែបើកព័ត៌មានមើលភ្លាមក៏ឃើញនូវព័ត៌មានទាំងនេះជាប្រចាំគឺ៖ភាវរៈករបំរុងនឹងធ្វើការវាយប្រហារហើយ!គ្រោះមហន្តរាយសេដ្ឋកិច្ច!និងស្តីពីបរិស្ថានជាដើម!សូមកុំសួរដេញដោលច្រើនជាងនេះអីអ្នកដឹងហើយ។វាគឺគ្រប់គ្រាន់ណាស់ទៅហើយដែលធ្វើអោយអ្នកគេងនៅលើគ្រេរបស់អ្នកពេញមួយសប្តាហ៏ដោយមិនចង់ធ្វើអ្វីទាំងអស់ដោយគ្រាន់តែលឺនូវរឿងទាំងនេះ៕

ហើយនោះគឺគ្រាន់តែជាពិភពខាងក្រៅតែប៉ុណ្ណោះ។យើងត្រូវដោះស្រាយជាមួយជីវិតយើងផ្ទាល់ទៀត។ថាតើត្រូវទៅទីណានៅក្នុងពេលវិស្សមកាលបន្ទាប់របស់យើង?ថាតើត្រូវប្រឈមមុខជាមួយអ្នកធ្វើការជាមួយយើងដែលទើបនឹងត្រូវបានគេតម្លើងឋានៈនោះដោយរបៀបណាហើយដែលឋានៈនោះយើងពិតជាចង់បានណាស់?តាមពិតទៅតើត្រូវធ្វើអ្វីជាមួយនឹងជីវិតរបស់យើង?

កាលពីយើងនៅក្មេងគេប្រាប់យើងថាយើងអាចក្លាយខ្លួនជាអ្វីក៏បានអោយតែយើងប្រាថ្នាចង់ធ្វើ។ហើយគេនិយាយទៀតថា“សូមធ្វើតាមសុបិនរបស់អ្នក”។ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលរស់នៅតាមសុបិនរបស់ពួកគេ?ថាតើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមពួកយើងដែលចុចមើលចុះឡើងៗនៅលើបណ្តាញសង្គមរបស់យើងហើយច្រណែននឹងអ្នកខ្លះដែលមើលទៅហាក់ដូចជាកំពុងរស់នៅក្នុងក្តីសុបិនរបស់គេពិតៗ?នៅពេលដែលយើងជាប់នៅក្នុងតែការិយាល័យដ៏ធុញថប់នោះយើងនឹងគិតថា៖រាល់ដំណើរកំសាន្តតាមមាត់សមុទ្រទាំងនេះនិងការមានធ្មេញដ៏សររឹងមាំរបស់អ្នកដ៏ទៃនោះៗប្រហែលពួកគេបានរកឃើញនូវគន្លឹះសំរាប់ជីវិតរបស់ពួកគេហើយមើលទៅ៕

ទស្សនៈនៃសុភមង្គលបែបនេះដូចជារឿងព្រេងអីចឹងឬវាគឺគ្រាន់តែជាពាក្យស្លោកសំរាប់ផ្សាយពាណិជ្ជកម្ម៖គឺអ្វីៗដែលយើងខំប្រឹងធ្វើក្នុងពេលឥឡូវនេះគឺដើម្បីរីករាយនៅក្នុងកាលវេលាមិនជាក់លាក់ណាមួយនៅក្នុងពេលអនាគត។ប៉ុន្តែមិនថាយើងខំប្រឹងធ្វើការប៉ុនណានោះទេគឺវាគ្មានការធានាថាមានសុភមង្គលនោះឡើយ។មានមនុស្សខ្លះរៀនដល់ថ្នាក់បណ្ឌិតតែធ្លាក់ខ្លួនទៅធ្វើការនៅហាងអាហារMcDonaldsក៏មានហើយទន្ទឹមនឹងនោះដែរក៏មានមនុស្សខ្លះទៀតបានក្លាយជាអ្នកមានដ៏មហាសាលនិងមានភាពល្បីល្បាញគឺដើម្បីត្រឹមតែទទួលបាននូវការធុញថប់បាក់ទឹិកចិត្តនិងសំលាប់ខ្លួនតែប៉ុណ្ណោះ។ទាំងអស់នេះធ្វើឲ្យយើងព្រួយថប់អារម្មណ៏ចំពោះជីវិតហើយវានាំយើងទៅរកជម្ងឺថប់អារម្មណ៏សង្គមដែលវាធ្វើអោយយើងប្រៀបធៀបខ្លួនយើងជាមួយអ្នកដ៏ទៃមិនឈប់ឈរ។នៅពេលណាដែលយើងជួបមុខមនុស្សណាម្នាក់ដោយផ្ទាល់នោះយើងមានអារម្មណ៏មិនស្រួយមិនមានសុវត្ថិភាពដូច្នេះយើងព្យាយាមលាក់មុខរបស់យើងនៅតែពីក្រោយកញ្ជក់ទូរស័ព្ទស្មាតហ្វូនប៉ុណ្ណោះ។

នេះគឺជារោគចង្រៃនៃយុគសម័យរបស់យើង។មើលទៅវាហាក់បីដូចជាមិនទំនងជាគ្រោះថ្នាក់ដូចមេរោគអេដស៏ដូចរោគមហារីកនិងដូចជារោគបាក់ទឹកចិត្តនោះទេប៉ុន្តែជម្ងឺថប់អារម្មណ៏(Anxiety)ស្រូបយកនូវថាមពលរបស់យើងនិងបង្កើតនូវអារម្មណ៏មិនសុខជាប់រហូត។ជម្ងឺថប់អារម្មណ៏វាគឺជាអ្វីដែលធ្វើអោយយើងបែកអារម្មណ៏ទៅរកតែការអង្គុយមើលទូរទស្សន៏និងចុចស្រ្កូលចុះឡើងៗនៅលើហ្វេស្បុករបស់យើងតែប៉ុណ្ណោះ។ទាំងអស់នេះកើតឡើងយ៉ាងដូច្នេះដោយសារយើងយល់ឃើញថាយើងមិនអាចទ្រាំនៅតែម្នាក់ឯងនៅជាមួយតែចិត្តរបស់យើងមិនបាន។ដោយយើងត្រូវការកាសស្តាប់ត្រចៀកនិងត្រូវការតន្រ្តីដើម្បីធ្វើអោយរឿងផ្សេងៗអាចដំណើរការទៅបាន។

វាមិនចាំបាច់ធ្វើយ៉ាងដូច្នេះនោះទេ។យើងទាំងអស់គ្នាដឹងហើយថាយើងគួរតែដឹងគុណចំពោះអ្វីដែលយើងមាននៅក្នុងឆាកជីវិតយើងហើយយើងមិនគួរប្រៀបធៀបរូបយើងជាមួយបុគ្គលដ៏ទៃនោះទេ។ប៉ុន្តែតើនិយាយដូច្នេះមានអត្ថន័យយ៉ាងដូចម៉្តេចអោយពិតប្រាកដ?តើយើងអាចជម្នះជម្ងឺថប់អារម្មណ៏(anxiety)បានដោយរបៀបណា?

ឈានថយក្រោយមួយជំហានសិន

យើងត្រូវឈានថយក្រោយមួយជំហានសិននិងធ្វើការវិភាគលើជីវិតរបស់យើង។វាស្តាប់ទៅគួរអោយធុញធ្រាន់ណាស់ប៉ុន្តែយើងគ្រាន់តែមិនអាចរំលងវាបានទេ។តើយើងចង់បានអ្វីពីជីវិតរបស់យើង?គឺវាគ្មានវិធីត្រឹមត្រូវសំរាប់មនុស្សរាល់គ្នានោះទេប៉ុន្តែមានមនុស្សជាច្រើនដែលបានដើរលើមាគ្គាដូនគ្នានេះមុនយើង។យើងអាចចង់ក្លាយខ្លួនជាអ្នកចំរៀងរ៉ក់មួយរូបប៉ុន្តែថាតើយើងនឹងសប្បាយរីករាយទេនៅពេលដែលមានអ្នកតាមលួចថតរូបរបស់យើង២៤ម៉ោងនិង៧ថ្ងៃក្នុងមួយសប្តាហ៏នោះ(24/7)?តើដារាចំរៀងរ៉ក់ទាំងនោះមានសេចក្តីសុខជាងមុនទេក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ?តើមានប៉ុន្មាននាក់ដែលងាកទៅរកការប្រើប្រាសគ្រឿងស្រវឹងនិងថ្នាំញៀននោះ?បន្ទាប់មកយើងត្រូវគិតអំពីថាតើយើងមានបំណងប្រើប្រាសពេលវេលានិងដាក់កំលាំងកាយក្នុងការធ្វើរឿងទាំងអស់នោះ។

ស្វែងរកជនគំរូ

ប្រសិនបើយើងបានរកឃើញវិធីនៃការរស់នៅដែលធ្វើអោយជីវិតយើងរិតតែសុខនិងរិតតែមានន័យនោះៗជំហានបន្ទាប់ទៀតគឺត្រូវស្វែងរកបុគ្គលណាម្នាក់ដែលស្នងឬតំណាងអោយនៃការរស់នៅនោះ។ដើម្បីក្លាយខ្លួនជាតន្រ្តីករដ៏អស្ចារ្យមួយរូបបានយើងត្រូវអនុវត្តហ្វឹកហាត់។ដើម្បីក្លាយខ្លួនជាកីឡាករបាល់ទាត់មួយរូបបានយើងត្រូវអនុវត្តហ្វឹកហាត់។សូម្បីតែដើរក៏យើងបានអនុវត្តវាដែរបើទោះបីជាយើងចាំមិនបាននៅក្នុងពេលឥឡូវនេះក៏ដោយ។ខ្លឹមសារនៅត្រង់ចំណុចនេះនោះគឺថាបើគ្មានបុព្វហេតុ(មូលហេតុ)ទេនោះវាច្បាស់ជាមិនមានលទ្ធផលឡើយ។ដើម្បីឈានទៅដល់ចំណុចណាមួយនៅក្នុងឆាកជីវិតនោះគឺត្រូវការការបូជាលះបង់។ជនគំរូអាចផ្តល់អោយយើងនូវដំបូមានជាច្រើននិងធ្វើជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេញមួយ៕

ជួយអ្នកដ៏ទៃ

វាគឺងាយស្រួលណាស់ក្នុងការលង់លក់នៅក្នុងគំនិតនិងបំណងប្រាថ្នារបស់យើងផ្ទាល់។យើងគិតចំបងបំផុតចំពោះតែអ្វីដែលយើងចង់បាននិងអ្វីដែលយើងត្រូវការពីជីវិត។ហើយនៅពេលណាមួយដែលមានបុគ្គលណាម្នាក់មកនៅទទឹងផ្លូវយើងនោះយើងចាប់ផ្តើមភ័យភ្លាម។ផ្នែកដ៏ធំមួយនៃជម្ងឺថប់អារម្មណ៏គឺអារម្មណ៏ឯកោពីគេឯងប៉ុន្តែវិធីដ៏ប្រសើរបំផុតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃនោះគឺជាការខ្វល់ខ្វាយដល់ពួកគេពិតប្រាកដ។ប្រសិនបើយើងគិតតែពីខ្លួនយើងទេនោះៗយើងនឹងមានទុក្ខវេទនាហើយ។ការជួយដល់អ្នកដ៏ទៃអស់ពីចិត្តពីថ្លើមនោះត្រូវបានបញ្ជាក់តាមបែបវិទ្យាសាស្រ្តថាជួយកាត់បន្ថយនូវជម្ងឺថប់អារម្មណ៏(Anxiety)និងបង្កើននូវសេចក្តីសុខរបស់យើង៕

វាមិនចាំបាច់តែរឿងធំៗនោះទេ។វាគ្រាន់តែការញញឹមដាក់នរណាម្នាក់នៅពេលមេឃស្រអាប់មិនស្រស់ស្រាយនោះក៏បានឬក៏គ្រាន់តែជាការគិតចេញពីចិត្តត្រង់ៗដល់នរណាម្នាក់ក៏គ្រប់គ្រាន់ដើម្បីជំរុញនូវស្មារតីទាំងសងខាងអោយប្រសើរឡើង។សូមកុំធ្វើវាដោយគិតថាវាគឺជាកាតព្វកិច្ចប៉ុន្តែត្រូវធ្វើវាដោយចេញពីបំណងពិតៗដើម្បីធ្វើអោយពេលវេលានិងថ្ងៃរបស់បុគ្គលនោះស្រស់ស្រាយឡើង។បន្ទាប់មកទៀតត្រូវមើលថាមានអ្វីកើតឡើងចំពោះសភាពនៃចិត្តរបស់អ្នក។

ទទួលដឹងថាអ្នកជានរណា

យើងទាំងអស់គ្នាចូលចិត្តគិតថាយើងគឺល្អឯកគ្មានពីរ។ប៉ុន្តែនេះគ្រាន់តែបញ្ជាក់ថាយើងទាំងអស់គ្នាគឺដូចគ្នានៅពេលដែលយើងនិយាយថា“ទទួលដឹងថាអ្នកជានរណា”វាគឺជាការយល់ដឹងពិតប្រាកដថាយើងគឺជានរណា។យើងទាំងអស់គ្នាមានបញ្ហានិងជីវិតល្អឥតខ្ចោះនោះគឺមិនមានសោះឡើយ។សូមកុំជឿលើអ្វីៗគ្រប់យ៉ាងដែលអ្នកគិត!

ដូចពេលដែលយើងមិនចង់បង្ហាញរូបថតដែលអាក្រក់របស់យើងអីចឹងហើយមនុស្សដ៏ទៃទៀតក៏គិតអីចឹងដែរ។យើងខ្លាចខ្មាសគេជាសាធារណៈ៖សូមទាយមើល៏?អ្នករាល់គ្នាក៏គិតបែបនោះដែរ។បើទោះបីជាយើងរស់នៅក្នុងយុគសម័យមួយដែលស្រោចស្រពដោយអ្វីដែលវាទំនងជាជីវិតឥតខ្ចោះនោះក៏ដោយក៏យើងមិនគួរធ្លាក់ចូលទៅក្នុងអន្ទាក់នៃការគិតនោះទេ។ប្រសិនបើយើងស្ថិតនៅក្នុងសតិរលឹកដឹងនូវចំណុចទាំងអស់នេះហើយព្យាយាមអោយអស់ពីចិត្តពីថ្លើមដើម្បីផ្តល់ដល់អ្នកដ៏ទៃនូវសុខសុភមង្គលនិងខិតខំប្រឹងធ្វើអោយជីវិតរបស់យើងផ្ទាល់មានន័យនោះៗជម្ងឺថប់អារម្មណ៏(anxiety)របស់យើងនឹងរលាយបាត់ទៅបន្តិចម្តងៗ៕

Top