ចំណាយពេលមួយថ្ងៃរស់នៅក្នុងជីវិតនៃអ្នកកាន់ព្រះពុទ្ធសាសនា

Day%20in%20the%20life%20of%20a%20buddhist

ការបង្ហាត់បង្រៀននៃព្រះពុទ្ធសាសនាផ្តល់អោយយើងនូវដំបូមានជាច្រើនស្តីអំពីរបៀបនៃការដឹកនាំជីវិតប្រចាំថ្ងៃរបស់យើង។សូមមេត្តាអានដូចខាងក្រោមនេះ។

ពេលយើងភ្ញាក់ពីគេង

នៅនាទីដែលយើងភ្ញាក់ពីគេងនិងមុនពេលយើងងើបចេញពីដំណេក។យើងគួរមានអារម្មណ៏សប្បាយនិងដឹងគុណដែលយើងនៅមានជីវិតរស់នៅក្នុងថ្ងៃថ្មីបន្តរទៀត។យើងធ្វើការកំណត់នូវគោលបំណងដ៏រឹងមាំថាៈ

  1. ធ្វើយ៉ាងណាអោយថ្ងៃនេះមានន័យ
  2. ដោយមិនអោយឪកាសដ៏មានតម្លៃក្នុងការបដិបត្តិធ្វើខ្លួនអោយប្រសើរកន្លងផុតទៅឥតប្រយោជន៏និងប្រឹងប្រែងជួយអ្នកដ៏ទៃ។

ប្រសិនបើយើងត្រូវទៅធ្វើការយើងត្រូវសម្រេចចិត្តថាយើងត្រូវតែយកចិត្តទុកដាក់និងធ្វើអោយមានផ្លែផ្កា។យើងនឹងមិនខឹងក្រោធមិនឆេវឆាវឬមិនមានអារម្មណ៏មិនសប្បាយចិត្តជាមួយសហសេវិក(អ្នករួមការងារ)របស់យើងឡើយ។យើងនឹងរុះរាយរាក់ទាក់ចំពោះអ្នករាល់គ្នាប៉ុន្តែយើងនឹងមិនចំណាយពេលវេលារបស់អ្នកដ៏ទៃដោយឥតប្រយោជន៏ក្នុងការនិយាយលែងមិនបានការនិងការនិយាយដើមគេមិនល្អ។ប្រសិនបើយើងមើលការខុសត្រូវលើគ្រួសារយើងៗត្រូវតែមិនបាត់បងការអត់ធ្មត់របស់យើងឡើយ។ប៉ុន្តែផ្ទុយទៅវិញគឺយើងត្រូវយកចិត្តទុកដាក់ថែរក្សាចំពោះតម្រូវការផ្នែកអារម្មណ៏និងរាងកាយរបស់ពួកគេអោយបានល្អបំផុតប្រកបដោយសេចក្តីស្រលាញ់។

ការធ្វើសមាធិពេលព្រឹក

ជាធម្មតាយើងអាចធ្វើសមាធិរយៈពេលខ្លីមុនអាហារពេលព្រឹក។ដោយអង្គុយដោយស្ងៀមស្ងាត់រយៈពេលពីប្រាំទៅដប់នាទីហើយផ្តោតលើខ្យល់ដង្ហើមនិងការដម្កល់ចិត្តអោយនឹងតែមួយគឺជាជំនួយដ៏ល្អបាន។

យើងធ្វើការសញ្ជឹងគិតដល់របៀបនៃជីវិតរស់នៅរបស់យើងដែលមានការពាក់ពន្ធ័គ្នាជាមួយមនុស្សនៅជុំវិញខ្លួនយើង។របៀបដែលពួកគេបញ្ចេញអារម្មណ៏និងប្រព្រិត្តិធ្វើនូវរឿងអ្វីមួយនោះវាអាចប៉ះពាល់ដក់មនុស្សរាល់គ្នាបាន។យើងបង្កើតនូវអារម្មណ៏ដ៏កក់ក្តៅនៃសេចក្តីស្រលាញ់ថា“សូមអោយពួកគេទាំងអស់គ្នាមានសេចក្តីសុខ”ហើយយើងក៏បង្កើតនូវសេចក្តីមេត្តាដែរថា“សូមអោយពួកគេរួចផុតពីសេចក្តីទុក្ខនិងរួចផុតពីរាល់បញ្ហាដែលពួកគេកំពុងប្រឈម”។យើងសម្រេចចិត្តនៅថ្ងៃនេះថាយើងនឹងព្យាយាមជួយដល់អ្នកដ៏ទៃទៅតាមវិធីណាដែលយើងអាចធ្វើបាន។ប្រសិនបើយើងមិនអាចជួយគេបានទេនោះយ៉ាងហោចណាស់យើងត្រូវជៀសវាងក្នុងការបង្ករទុក្ខទោសដល់គេ។

សតិរលឹកដឹងនៅពេលថ្ងៃ

ពេញមួយថ្ងៃយើងត្រូវព្យាយាមដម្កល់សតិរលឹកដឹងទៅលើការប្រព្រិត្តិធ្វើទៅលើការនិយាយការគិតនិងការស្តែងចេញនូវអារម្មណ៏។ជាពិសេសនោះយើងត្រូវព្យាយាមសង្កេតមើលនូវអារម្មណ៏រំខានមិនល្អនានាដែលវាផុសចេញមកខាងក្រៅដូចជាកំហឹងក្រេវក្រោធលោភៈប្រណែននិន្ទានិងអារម្មណ៏ក្រអើតក្រទមអួតអាងជាដើម។ល។យើងត្រូវធ្វើការកត់ចំណាំអោយច្បាស់នៅពេលដែលយើងប្រព្រិត្តិធ្វើបែបអាត្មានិយមឬបែបមិនសមហេតុផលឬតាមបែបបណ្តុះបង្អាប់ខ្លួនឯង(ដាក់ខ្លួន)ឬក៏តាមបែបប្រកាន់ពូជសាសន៏។នៅត្រឹមកំរិតពូលរិតតែច្បាស់នោះគឺយើងមានបំណងស្ថិតនៅក្នុងការរលឹកដឹងជានិច្ចនៅពេលណាដែលយើងសន្មត់ទុកជាមុននូវរឿងមិនសមហេតុផលចំពោះខ្លួនយើងនិងចំពោះអ្នកដ៏ទៃនិងចំពោះស្ថានភាពទូទៅដែរ។យើងស្វែងរកខណៈពេលទាំងនោះជាពេលដែលយើងស្រមើស្រមៃអំពីខ្លួនយើងថាវានឹងមិនដល់វេនរបស់យើងនោះទេនៅក្នុងការឈរតម្រង់ជួរដ៏វែងនេះហើយគិតទៀតថាគ្មាននរណាម្នាក់អាចស្រលាញ់មនុស្សដូចយើងបានទេហើយនៅពេលដែលយើងគិតឃើញតែម៉្យាងនោះថា“ឪរូបខ្ញុំអើយកំសត់ម្លេះ”។

ពេលណាដែលយើងដឹងនិងចាប់បាននូវការប្រព្រិត្តិធ្វើការនិយាយនិងការគិតភ្លាមៗដោយគ្មានការពិចារណាជាមួយនឹងអារម្មណ៏ដែលបង្ករបញ្ហាទាំងអស់នេះ។យើងត្រូវប្រើនូវកំរិតនៃសតិរលឹកដឹងមួយផ្សេងទៀត។ដំបូងបង្អស់យើងត្រូវព្យាយាមបញ្ឈប់ខ្លួនយើងមុនពេលយើងនិយាយឬធ្វើអ្វីមួយដែលធ្វើអោយយើងមានការសោកស្តាយពេលក្រោយ។ប្រសិនបើយើងបានប្រព្រិត្តិធ្វើវាខ្លះហើយយើងត្រូវឈប់ភ្លាមមុនពេលដែលវារិតតែអាក្រក់ជាងនេះ។យើងក៏ធ្វើដូចគ្នានេះដែរនៅពេលណាដែលយើងស្ថិតនៅក្នុងវដ្ដនៃគំនិតអវិជ្ជមាន។យើងចាំទុកនៅក្នុងចិត្តនូវថ្នាំបន្សាបទាំងនេះដើម្បីធ្វើចិត្តអោយត្រជាក់និងទប់ទល់នឹងការគិតនិងអារម្មណ៏រំខានសៅហ្មងនានា។ហើយយើងត្រូវអនុវត្តនិងទប់ស្កាត់អោយបាននូវអារម្មណ៏ទាំងនោះរហូតដល់យើងទទួលបាននូវសភាពស្ងប់នៃចិត្តយើងមកវិញ។

ជាឧទាហរណ៏មួយដែលយើងភាគច្រើនអាចសម្គាល់បាននៅពេលណាដែលបុគ្គលណាម្នាក់នៅកន្លែងធ្វើការឬនៅផ្ទះរិះគន់យើងឬធ្វើរឿងអ្វីមួយដែលធ្វើអោយយើងមិនសប្បាយចិត្ត។យើងគួរតែៈ

  1. ចង់ចាំថាការស្រែកលឺសំលេងខ្លាំងៗតបតរវិញមិនអាចជួយបានទេហើយព្យាយាមធ្វើចិត្តអោយត្រជាក់តាមរយៈនៃការផ្តោតអារម្មណ៏ទៅលើខ្យល់ដង្ហើមចេញចូលដូចយើងបានធ្វើនៅរៀងរាល់ពេលព្រឹក។
  2. រំលឹកថាអ្នករាល់គ្នាប្រាថ្នាចង់បាននូវសេចក្តីសុខមិនមែនសេចក្តីទុក្ខនោះទេ។ប៉ុន្តែមនុស្សភាគច្រើនមានការភាន់ច្រឡំហើយប្រព្រិត្តិខ្លួនដែលនាំមកនូវបញ្ហាជាច្រើន។
  3. ធ្វើការបន់ស្រន់អោយពួកគេមានសេចក្តីសុខនិងមានបុព្វហេតុនានានៃសុភមង្គល។
  4. ចង្អុលបង្ហាញនូវផលប៉ះពាល់ជាអវិជ្ជមាននៃអាកប្បកិរិយា(ឬកពារ)របស់ពួកគេប្រសិនបើគេបើកចិត្តទទួលយកនូវដំបូមានរបស់យើងហើយស្នើសុំអោយពួកគេឈប់ធ្វើវាទៀត។
  5. ប្រសិនបើពួកគេមិនឆ្លើយតបទាល់តែសោះនោះ។សូមស្ថិតនៅអោយស្ងាត់ស្ងៀមហើយយកឧប្បត្តិហេតុនោះជាមេរៀននៃការខន្តី(ការអត់ធ្មត់)។ប៉ុន្តែត្រូវចាំថាយើងមិនគួរនៅស្ងៀមដោយមិនធ្វើអ្វីសោះនោះទេប្រសិនបើយើងអាចបញ្ចប់នូវការរំខានណាមួយបាននោះ។

រឿងចំបងមួយក្នុងចំណោមរឿងចំបងផ្សេងៗដែលយើងត្រូវកុងត្រូលនោះគឺជាសភាវៈគតិក្នុងការការពារខ្លួនតបវិញនៅពេលណាដែលគេរិះគន់យើង។យើងអាចធ្វើចិត្តអោយត្រជាក់សិនហើយចាប់ផ្តើមសង្កេតមើលអោយច្បាស់ថាតើអ្វីដែលគេបាននិយាយនោះត្រឹមត្រូវរឺទេ។ហើយប្រសិនបើវាពិតជាត្រឹមត្រូវដូចគេនិយាយមែននោះយើងអាចធ្វើការសុំទោសគេបានហើយកែតម្រូវឥរិយាបថយើងឡើងវិញ។ប្រសិនបើអ្វីដែលគេនិយាយនោះឥតប្រយោជន៏យើងបំភ្លិចវាចោលទៅប្រសិនបើវាមិនសំខាន់ទេនោះ។ប្រសិនបើការនិយាយឬការរិះគន់នោះទាក់ទងនឹងបញ្ហាដែលសំខាន់យើងអាចចង្អុលបង្ហាញនូវកំហុសនៃការគិតរបស់គេដោយមិនមានការមើលងាយមើលស្រាលនិងមិនមានការខឹងសម្បា។

ការធ្វើសមាធិពេលល្ងាច

មុនពេលយើងចូលដំណេកនៅពេលយប់យើងអាចធ្វើការសមាធិរយៈពេលខ្លីដើម្បីសម្រួលនិងធ្វើចិត្តអោយត្រជាក់ពីរាល់សកម្មភាពដែលយើងបានធ្វើនៅពេលថ្ងៃដោយផ្តោតអារម្មណ៏លើខ្យល់ដង្ហើមម្តងទៀត។យើងធ្វើការរំលឹកឡើងវិញនូវរាល់ព្រិត្តិការណ៏នានានៅពេលថ្ងៃហើយគិតដល់ការដោះស្រាយនូវរាល់ព្រិត្តិការណ៏ទាំអស់នោះដោយរបៀបណា។ថាតើយើងបានបញ្ចេញកំហឹងទេឬក៏និយាយអ្វីមួយមិនសមរម្យទេ?បើសិនជាបានធ្វើដូច្នោះមែននោះយើងមានការសោកស្តាយដែលយើងមិនអាចគ្រប់គ្រងលើខ្លួនឯងបាន។ហើយដោយមិនមានអារម្មណ៏និងស្មារតីជាប់ជំពាក់នឹងទោសកំហុសនោះយើងត្រូវចម្រេចចិត្តធ្វើវាអោយរិតតែប្រសើរឡើងនៅថ្ងៃស្អែក។យើងក៏ត្រូវកត់ចំណាំផងដែរនៅពេលណាដែលយើងដោះស្រាយនូវស្ថានការណ៏នានាដោយសមានចិត្តនិងភាពឈ្លាសវៃ។យើងសប្បាយរីករាយក្នុងការប្រព្រិត្តិធ្វើបែបនេះហើយយើងត្រូវសម្រេចចិត្តធ្វើវាបន្តរទៀតទៅតាមទិសដៅនេះ។ដោយយើងចូលគេងដោយមានការរំពឹងទុកសំរាប់ថ្ងៃស្អែកថាជាថ្ងៃដែលយើងអាចបន្តរធ្វើខ្លួនអោយបានល្អនិងចេះជួយដល់អ្នកដ៏ទៃ។យើងអាចមានអារម្មណ៏សប្បាយរីករាយខណៈពេលដែលយើងកំពុងធ្វើអោយជីវិតរបស់យើងមានតម្លៃនិងមានន័យ៕

Top