ការវិភាគពុទ្ធសាសនាដើម្បីជួយកម្ចាត់បង់ស្រិ្តះ

ខ្ញុំត្រូវបានគេអញ្ជើញឲ្យមកនិយាយនៅក្នុងរាត្រីនេះស្តីអំពីការលះបង់ - ពោលគឺការតាំងចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីបញ្ហានានា ហើយជាពិសេសទៅទៀតនោះគឺថាតើយើងអាចយល់ចំណុនោះបានដោយរបៀបណា នៅក្នុងបរិបទនៃរោគស្រ្តិះនៃការរស់នៅក្នុងទីក្រុងធំៗ ពោលដូចនៅទីនេះ ទីក្រុងមូស្គូនេះ។ ប៉ុន្តែខ្ញុំគិតថានៅពេលអ្នកចាប់ផ្តើមគិតវិភាគដល់ប្រធានបទនេះ នោះអ្នកនឹងយល់ឃើញថា បញ្ហាភាគច្រើនដែលយើងកំពុងតែប្រឈមមុននៅក្នុងសម័យបច្ចុប្បន្នគឺមិនកំណត់នៅត្រឹមតែការរស់នៅក្នុងទីក្រុងធំៗតែម៉្យាងទេ។ 

មានគ្រឿងរំញោចចិត្តច្រើនជ្រុលពេកជាប្រភពនៃរោគស្រ្តិះ

ជាការពិតនៅក្នុងទីក្រុងធំៗយើងជួបប្រទះបញ្ហាជាច្រើន ដូចជាការមានជាតិពុលនៅក្នុងបរិឋាននិងបញ្ហាចរាចរណ៍ជាដើម ដែលបញ្ហាទាំងអស់នេះមិនមានទេនៅក្នុងភូមិតូចៗ ប៉ុន្តែបញ្ហាទាំងអស់នេះមិនមែនគ្រាន់តែជាកត្តាដែលរួមចំណែកក្នុងបញ្ហាស្រ្តិះរបស់យើងតែម៉្យាងទេ។ នៅពេលយើងក្រឡេកមើលកាន់តែជ្រៅ យើងនឹងមើលឃើញបញ្ហាដែលមនុស្សភាគច្រើននៅក្នុងសកលលោកសម័យទំនើបកំពុងតែប្រឈមមុខ មិនចំពោះថាគេកំពុងរស់នៅទីណាទេ ហើយខ្ញុំគិតថារឿងពិតគឺយើងមានរបស់របរកាន់តែច្រើនឡើងៗ មានជម្រើសកាន់តែច្រើន ព័ត៌មានកាន់តែច្រើន មានប៉ុស្តិ៍ទូរទស្សន៍ និងមានរឿងកុនជាច្រើនដែលខ្លួនអាចជ្រើសរើសមើលបាន និងមានផលិតផលប្រើប្រាស់ដែលខ្លួនអាចទិញប្រើប្រាស់បានច្រើនបែប។ មនុស្សភាគច្រើនគេមានទូរសព្ទដៃ ដូច្នេះគេទទួលបានសារ និងអ៊ីមែលជាប្រចាំ សារឆ្លងឆ្លើយគ្នា អ្វីៗទាំងអស់នេះ ដូច្នេះរោគស្រិ្តះនេះកើតឡើងដោយសារគេមានអារម្មណ៍ថាគេត្រូវតែអានឬមើលសារទាំងអស់នោះជាដើម។ ដោយគិតថាខ្លួនត្រូវតែឆ្លើយតបវិញភ្លាមៗ ដោយសារតែគេរំពឹងរងចាំការឆ្លើយតបភ្លាមៗពីយើងវិញ។ តែទោះបីយ៉ាងណាក្តី រឿងទាំងអស់នេះវាមានអត្ថប្រយោជន៍ខ្លះៗដែរ ដូចជាការជួយឲ្យយើងរក្សាការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៍ទៃ នៅពេលដែលទំនាក់ទំនងនោះមានសារៈសំខាន់ តែពេលខ្លះគឺវាមានលក្ខណៈច្រើនជ្រុលពេក។ វាមានលក្ខណៈលឿននិងភ្លាមៗពេក ដែលធ្វើឲ្យយើងក្លាយជាមនុស្សដែលមានអារម្មណ៍អសុវត្ថិភាព ពីព្រោះថាបើសិនអ្នកគិតអំពីចំណុចនេះ និងគិតអំពីចិត្តសាស្រ្តដែលនៅពីក្រោយវានោះគឺថា «ខ្ញុំមិនចង់ឲ្យអ្វីៗរំលងខ្ញុំទៅដោយខ្លួនមិនបានដឹងមិនបានឮនោះទេ វាអាចជារឿងឬធុរៈដែលសំខាន់ ខ្ញុំមិនចង់ឲ្យគេទុកខ្ញុំចោលទេ» នេះជាអារម្មណ៍នៅក្នុងការប្រើប្រាស់បណ្តាញសង្គមផ្សេងៗ។ 

បើដូច្នេះយើងមានអារម្មណ៍ថាត្រូវតែឆែកមើល រឿងអ្វីក៍ដោយដែលកំពុងតែកើតឡើង ប៉ុន្តែពិតណាស់រឿងទាំងអស់នោះមិនដែលធ្វើឲ្យខ្លួនមានអារម្មណ៍គ្រប់គ្រាន់ឬសុវត្ថិភាពសោះឡើយ ដោយសារថារឿងថ្មីៗកើតឡើងជានិច្ច សារថ្មី ការឆាតឆ្លងឆ្លើយថ្មីជាដើម។ ប្រសិនបើយើងសម្រេចថាមើលរឿងអ្វីមួយ ឧបមាថាមើលនៅលើយូធ្យូបឬទូរទស្សន៍ - ខ្ញុំមិនដឹងថាមានប៉ុន្មានប៉ុស្តិ៍ទេនៅទីក្រុងមូស្គូនេះ ប៉ុន្តែនៅអឺរ៉ុបនិងនៅអាមេរិក មានរាប់រយប៉ុស្តិ៍ឯណោះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខបើសិនខ្លួនកំពុងតែមើលតែកម្មវិធីមួយ ដោយសារខ្លួនគិតថា «ប្រហែលប៉ុស្តិ៍ផ្សេងមានរឿងមើលល្អជាងនេះហើយមើលទៅ» ដូច្នេះគេតែងមានចិត្តអន្ទៈសារចង់តែដូរប៉ុស្តិ៍មើល «ប្រែហែលជាមានរឿងល្អមើលដែលខ្ញុំមិនបានមើលហើយមើលទៅ»។ 

ស្វែងរកការយល់ព្រមនិងការទទួលស្គាល់នៅក្នុងពិភពស្រមោល(បណ្តាញសង្គម)

ខ្ញុំគិតថារឿងទាំងអស់នេះជាអ្នកធ្វើឲ្យរោគស្រិ្តះរបស់យើងកាន់តែកើនឡើង មិនចំពោះថាយើងរស់នៅទីណាទេ មិនសំខាន់ថាខ្លួនរស់នៅក្នុងទីក្រុងឬនៅក្នុងទីជនបទឡើយ ជាពិសេសគឺរស់នៅក្នុងពិភពលោកសម័យទំនើបនេះតែម្តង។ យើងចង់ក្លាយទៅជាផ្នែកមួយនៃសង្គមណាមួយ នៃក្រុមមិត្តភក្តិណាមួយ ដូច្នេះយើងប្រាថ្នាចង់ឲ្យគេចុច «ឡាក»(like)លើអ្វីៗគ្រប់យ៉ាងដែលខ្លួនបានផុសនៅលើទំព័រហ្វេស្បុករបស់ខ្លួន ដែលធ្វើឲ្យខ្លួនមានអារម្មណ៍ថាគេទទួលស្គាល់ខ្លួន ប៉ុន្តែចិត្តរបស់យើងមិនសុខស្ងប់ត្រឹមតែប៉ុណ្ណឹងទេ។ សរុបទៅយើងមិនដែលមានចិត្តបីតិ(ពេញចិត្ត)នឹងចំនួនឡាកដែលយើងទទួលបាននោះទេ យើងតែងតែប្រាថ្នាចង់បានច្រើនជាងនេះទៀត ឬក៍ថា «តើគេពិតជាចូលចិត្តខ្ញុំមែនទេ?» គេកំពុងតែចុចឡាក ឬក៍ម៉ាស៊ីនកំពុងតែចុចឡាកទេដឹង(ត្រង់នេះអ្នកអាចបង់លុយដើម្បីទទួលបានការឡាកច្រើន)។ ហើយយើងមានចិត្តរំភើបនៅក្នុងការរងចាំ នៅពេលទូរសព្ទរបស់ខ្លួនរោទ៍បញ្ជាក់ថាបានទទួលសារ នោះខ្លួនគិតថាប្រហែលជាមានអ្វីពិសេសហើយមើលទៅ។ 

យើងមានអារម្មណ៍រំភើបនៅពេលយើងកំពុងតែបើកទំព័រហ្វេស្បុករបស់ខ្លួនម្តងៗដើម្បីមើល «តើយើងទទួលបានការឡាកប៉ុន្មានទៀត?» ឬក៍ថាខ្លួនក្លាយជាមនុស្សដែលគេចូលចិត្តប៉ុណ្ណា ថាតើខ្ញុំត្រូវការបកស្រាយពីខ្លួនឯងញឺកញាប់ប៉ុណ្ណាថាខ្លួនជាមនុស្សចូលចិត្តអានព័ត៌មាន ចូលចិត្តស្វែងរកព័ត៌មានជានិច្ច ដើម្បីស្វែងរកមើលថាមានអ្វីថ្មីកើតឡើង មានអ្វីគួរឲ្យចាប់អារម្មណ៍កើតឡើង ដោយសារថាខ្លូនមិនចង់ឲ្យរឿងទាំងអស់នោះកន្លងហួសទៅដោយខ្លួនមិនដឹងនោះទេ។ 

ជាការពិតប្រសិនបើយើងធ្វើការវិភាគបញ្ហានេះឲ្យកាន់តែជ្រៅជាងនេះ អ្វីដែលយើងមើលឃើញគឺបញ្ហាដែលឋិតនៅពីក្រោយរឿងទាំងអស់នេះ ពោលគឺអារម្មណ៍គិតថា «អញជាមនុស្សសំខាន់បំផុត អញត្រូវតែដឹងគ្រប់រឿងទាំងអស់ ហើយមនុស្សគ្រប់រូបគេត្រូវតែចូលចិត្តអញ»។ យើងអាចធ្វើការវិភាគកាន់តែជ្រៅជាងនេះដោយផ្អែកលើទស្សនពុទ្ធសាសនា ស្តីអំពីសំនួរដែលចោទសួរថា ហេតុអ្វីខ្ញុំមានអារម្មណ៍ថាខ្លួនឯងនេះសំខាន់បំផុតបែបនេះ ដែលខ្លួនត្រូវតែដឹងគ្រប់រឿងទាំងអស់ គេត្រូវតែទទួលស្គាល់ខ្ញុំ ហេតុអ្វីយើងមានចិត្តអម្ពល់ជានិច្ចបែបនេះ ប៉ុន្តែខ្ញុំមិនចង់វែកញែកឲ្យជ្រៅពេកនៅក្នុងទិសដៅនេះនៅក្នុងរាត្រីនេះទេ។ 

រត់គេចពីសភាពពិតនៃស្ថានភាពរបស់ខ្លួន

ម៉្យាងវិញទៀតយើងឧស្សាហ៍មានអារម្មណ៍ញាប់ញ័រជ្រុលពេកជាមួយនឹងស្ថានការណ៍ដែលកើតឡើងនៅជុំវិញខ្លួន យើងព្យាយាមរត់គេចចេញពីវាតាមរយៈការងាកទៅសំលឺងមើលទូរសព្ទដៃរបស់ខ្លួនវិញ ឬទៅស្តាប់ចំរៀងនៅខណៈពេលដែលខ្លួនកំពុងតែជិះរថភ្លើងមេត្រូ ឬនៅខណៈពេលដែលខ្លួនកំពុងតែដើរជាដើម។ យើងឧស្សាហ៍មានកាស់ស្តាប់នៅជាប់នឹងត្រចៀករបស់ខ្លួនជានិច្ច ដែលភ្ជាប់ទៅនឹងឧបករណ៍អាយផដ(iPod) ដែលជារឿងដែលផ្ទុយស្រឡះដែលគួរឲ្យចាប់អារម្មណ៍បំផុត ប្រសិនបើអ្នកគិតអំពីរឿងនេះឲ្យមែនទែនទៅ។ រឿងមួយយើងចង់ឲ្យគេទទួលស្គាល់ខ្លួននៅក្នុងក្រុមបណ្តាញសង្គម តែរឿងមួយវិញទៀតនៅពេលខ្លួនឋិតនៅក្នុងសង្គម យើងបែរជាបិទខ្លួនឯង ងាកទៅលែងហ្គេមនៅលើទូរសព្ទដៃ ឬទៅស្តាប់ចំរៀងឮខ្លាំងនោះទៅវិញ។ 

តើវាបង្កើតឲ្យទៅជារឿងអ្វីទៅវិញ? ពិតណាស់កើតទៅជារឿងឯកោ មែនអត់? យើងចង់បានការទទួលស្គាល់ពីសង្គម យើងជាមនុស្សឯកោ ពីព្រោះថាយើងមិនដែលមានអារម្មណ៍ថាគេទទួលស្គាល់ខ្លួនទេ ប៉ុន្តែផ្ទុយទៅវិញ យើងបានបិទទ្វារខ្លួនឯងនិងបានរត់គេចចូលទៅកាន់ពិភពស្រមោល(នៅក្នុងទូរសព្ទ)ដែលរិតតែឯកោទៅទៀត មែនអត់? 

យើងមានអារម្មណ៍អន្ទៈសារថាខ្លួនត្រូវតែមានអ្វីមកកំសាន្តចិត្ត ខ្លួនមិនអាចទ្រាំនឹងខណៈពេលដែលគ្មានអ្វីកើតឡើងសោះនេះបានទេ។ នេះគឺជារឿងដែលផ្ទុយស្រឡះតែម្តង ដោយសារថាម៉្យាងខ្លួនចង់បានភាពសុខស្ងប់និងស្ងៀមស្ងាត់ តែម៉្យាងទៀតយើងមានការភ័យខ្លាចនឹងភាពស្ងៀមស្ងាត់ឥតមានអ្វីកើតឡើងនេះ ពោលគឺអវត្តមាន មិនមានព័ត៌មានហើយក៍មិនមានតន្រ្តីអ្វីកំដរដែរ។ 

តាមបែបណាមួយនោះខ្លួនប្រាថ្នាចង់រត់គេចចេញពីរោគស្រិ្តះនៃពិភពខាងក្រៅ មិនថានៅលើរថភ្លើងមេត្រូឬក៍អ្វីមួយក៍ដោយក្តី ដូច្នេះយើងរត់គេចចូលទៅក្នុងពិភពស្រមោលដ៍តូចដែលឋិតនៅក្នុងទូរសព្ទរបស់ខ្លួន បណ្តាញអ៊ីនធឺណិត ប៉ុន្តែសម្បីតែនៅទីនោះក៍ដោយក្តី ក៍ខ្លួនកំពុងតែស្វែងរកការទទួលស្គាល់ ទទួលយល់ព្រមពីមិត្តជាដើម សរុបទៅខ្លួនមិនដែលមានអារម្មណ៍សុខសុវត្ថិភាពម្តងណាទេ។ នោះគឺជាអ្វីដែលយើងត្រូវយកមកគិត៖ តើការរត់គេចចូលទៅក្នុងឧបករណ៍ដូចជាទូរសព្ទដៃរបស់ខ្លួននេះគឺពិតជាដំណោះស្រាយចំពោះបញ្ហាស្រិ្តះរបស់ខ្លួនមែនទេ? មិនចំពោះថាយើងរស់នៅក្នុងទីក្រុងធំឬនៅទីណាទេ តើនោះគឺជាដំណោះស្រាយមែនទេ? 

ទទួលស្គាល់នូវទម្លាប់អវិជ្ជមាន និងត្រូវចម្រើនការតាំងចិត្តដើម្បីរំដោះខ្លួនឯងពីទម្លាប់នោះ

អ្វីដែលយើងត្រូវធ្វើគឺត្រូវទទួលស្គាល់ចំពោះសេចក្តីទុក្ខដែលខ្លួនសោយនៅពេលខ្លួនជាប់គាំងនៅក្នុងទម្លាប់ជាប្រចាំទាំងអស់នោះ និងត្រូវសម្គាល់ប្រភពរបស់វាឲ្យបានច្បាស់ និងចោទជាសំនួរថាហេតុអ្វីយើងជាប់គាំងនៅក្នុងទម្លាប់ទាំងអស់នេះ? 

បន្ទាប់មកត្រូវចម្រើនការប្តេជ្ញាចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីក្តីទុក្ខនេះ ដោយផ្អែកលើការយល់ដឹងអំពីវិធីសាស្រ្តកម្ចាត់បង់ប្រភពនៃសេចក្តីទុក្ខនោះចោល និងត្រូវមានភាពជឿជាក់ថាវិធីសាស្រ្តនោះមានប្រសិទ្ធិភាព។ ប៉ុន្តែមិនមែនយើងគ្រាន់តែចង់កម្ចាត់បង់ក្តីទុក្ខចោល ហើយក្លាយខ្លួនទៅជាមនុស្សហ្សំប៊ី(ខ្មោចឆៅ) ដែលគ្មានអារម្មណ៍អ្វីសោះ និងដើរជុំវិញទីក្រុងដូចខ្មោចនោះទេ។ សេចក្តីសុខមិនមែនគ្រាន់តែជាអវត្តមាននៃទុក្ខតែប៉ុណ្ណោះទេ តែវាគឺជាអ្វីមួយដែលបន្ថែមលើអារម្មណ៍ធម្មតានិងអារម្មណ៍ស្ងប់នេះទៅទៀត។ យើងមិនមែនកំពុងតែផ្តោតលើការធ្វើឲ្យខ្លួនគ្មានអារម្មណ៍អ្វីសោះនោះទេ នោះគឺមិនមែនជាអ្វីដែលយើងកំពុងតែនិយាយទេ។ 

យើងត្រូវតែទទួលស្គាល់វត្ថុខាងក្រៅ ស្ថានការណ៍ផ្សេងៗគឺពិតជាមិនមែនជាប្រភពនៃសេចក្តីទុក្ខ និងភាពស្រិ្តះដែលយើងកំពុងសោយទេ។ ប្រសិនបើវត្ថុខាងក្រៅនិងស្ថានការណ៍ខាងក្រៅជាប្រភពនៃក្តីទុក្ខមែននោះ នោះមនុស្សគ្រប់គ្នាគេជួបពិសោធដូចគ្នាទាំងអស់ហើយ(មានបទពិសោធន៍ដូចគ្នាទាំងអស់)។

ហើយបញ្ហាក៍មិនមែនមកពីអ៊ីនធឺណិតដែរ ហើយក៍មិនមែនជាទូរសព្ទដៃរបស់ខ្លួនដែរ។ នៅពេលរបស់ទាំងអស់នោះត្រូវបានគេប្រើប្រាស់ត្រឹមត្រូវ វាអាចមានសារៈប្រយោជន៍ដល់ជីវិតយើងធំធេងណាស់។ បញ្ហានោះគឺឥរិយាបថរបស់ខ្លួនចំពោះរបស់ខាងក្រៅទាំងអស់នោះ ពពួកអារម្មណ៍ដែលកើតឡើងហើយកើតទៀតមិនឈប់ របៀបដែលខ្លួនប្រឈមមុខនឹងពិភពដ៍អស្ចារ្យនៃអ៊ីនធឺណិតនិងរបៀបដែលខ្លួនដោះស្រាយស្ថានការណ៍នានានៅក្នុងជីវិត។ 

យើងមានទម្លាប់អាក្រក់ៗជាច្រើន ទម្លាប់ទាំងអស់នោះកើតឡើងដោយសារតែសភាពរំខាននៃចិត្ត មិនថាជាអារម្មណ៍អសុវត្ថិភាព ភ័យខ្លាចថាគេមិនទទួលស្គាល់ខ្លួន ខ្លាចគេទុកចោល អារម្មណ៍ឬចិត្តអន្ទៈសារ ទាំងអស់នេះ។ ប៉ុន្តែវិធីសាស្រ្តដែលយើងកំពុងតែព្យាយាមយកមកប្រតិបត្តិដើម្បីយកឈ្នះពួកវា ដោយការរត់គេចចូលទៅក្នុងបណ្តាញសង្គម គឺមានតែធ្វើឲ្យស្រិ្តះរបស់ខ្លួនកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើងថែមទៀត វាកើតឡើងវិលជុំមិនដាច់។ វាកាន់តែធ្វើការថប់អារម្មណ៍នៃការគិតថា «តើគេនឹងចូលចិត្តអញទេ?» កាន់តែកើតឡើងខ្លាំងក្លាឡើងថែមទៀត។ 

ហើយវាកាន់តែអាក្រក់ជាងនេះទៅទៀតកាលណាយើងគិតដល់យុវវ័យ និងគិតដល់ការនិយាយសំឡុតតាម(bullying)ប្រព័ន្ធអ៊ីនធឺណិត។ មិនមែនគ្រាន់តែការទទួលបានឡាក ហើយគេគ្រប់គ្នាអាចមើលឃើញថាខ្លួនបានទទួលការឡាកនេះប៉ុន្មានតែម៉្យាងទេ ប៉ុន្តែប្រសិនបើអ្នកត្រូវគេប៉ូលី(bullying សំឡុតបំពាន) តាមរយៈការចុចពាក្យថាមិនចូលចិត្តវិញ (don’t likes) បែបនេះ ហើយគេគ្រប់គ្នាអាចមើលឃើញផងនោះ នោះគឺជារឿងដែលអាក្រក់បំផុត មែនអត់? 

គេផុសរូបថតនៅលើបណ្តាញសង្គម រូបថតរបស់ខ្លួនដែលកំពុងសប្បាយ តើគេធ្វើអីចឹងមែនអត់? គេមិនដែលផុសរូបដែលគេមានទុក្ខមិនសប្បាយទេ។ បើដូច្នេះអ្នកមើលឃើញថាមិត្តរបស់ខ្លួនគេមានក្តីសប្បាយរីករាយ ចំណែកឯខ្លួនវិញគឺកំសត់ណាស់ អង្គុយនៅទីនេះ នៅក្នុងបន្ទប់នេះមើលតែទូរសព្ទតែម្នាក់ឯង។ នោះគឺមិនមែនជាសភាពសុខនៃមនោទេ មែនអត់? 

យើងចាំបាច់ត្រូវតែមានឥរិយាបថប្រាកដនិយមចំពោះអ្វីដែលកំពុងតែកើតឡើងនៅលើបណ្តាញសង្គមអីហ្នឹងជាដើម។ យើងត្រូវតែទទួលស្គាល់ថាអាការដែលខ្លួនទទួលបានការឡាកយ៉ាងច្រើនមហិមានៅលើទំព័រហ្វេស្បុករបស់ខ្លួននោះគឺមិនអាចធ្វើឲ្យខ្លួនមានអារម្មណ៍សុវត្ថិភាពឡើយ សរុបទៅវាមិនមានសមត្ថភាពធ្វើបែបនោះបានទេ តែវាផ្ទុយពីនេះទៅវិញទេ។ យើងនៅតែមានចិត្តមោហៈ យើងគិតថាវានឹងធ្វើឲ្យមានភាពខុសគ្នាធំធេងណាស់សំរាប់ខ្លួន តែផ្ទុយទៅវិញវាធ្វើឲ្យកើតមានចិត្តចង់បានឡាកកាន់តែច្រើនឡើងថែមទៀត - ពោលគឺភាពលោភលន់ យើងមានវាមិនគ្រប់គ្រាន់ទេ - និងមានអារម្មណ៍មិនសុខចេះតែឆែកមើលទូរសព្ទមិនលែង ថាតើមានគេចុចឡាកថ្មីទៀតទេឬអត់។ 

ខ្ញុំសូមសារភាពថាខ្ញុំមានគេហទំព័ររបស់ខ្ញុំ ខ្ញុំចូលទៅលើស្ថិតិនិងតួលេខជាប់ជានិច្ច មើលថាតើមានគេចូលមើលគេហទំព័ររបស់ខ្ញុំប៉ុន្មាននាក់នៅថ្ងៃនេះ។ វាគឺជារឿងដែលដូចគ្នា។ ឬរាល់ថ្ងៃឆែកមើលអាត្រាការប្តូរប្រាក់ មើលថាតើខ្លួនខាតបង់ប៉ុន្មាននៅក្នុងថ្ងៃនេះ។ សរុបទៅយើងមិនដែលមានសន្តិភាពផ្លូវចិត្តទេ(អស់សំណើច)។ ឬយើងគិតមិនច្បាស់ថា យើងអាចរត់គេចចូលទៅកាន់ពិភពស្រមោល នៅក្នុងកុំព្យូទ័រហ្គេម ហើយគិតថាបញ្ហារបស់ខ្លួននឹងរលាយបាត់ទៅ។ ត្រង់នេះវាមិនខុសគ្នាទៅនឹងការងាកទៅផឹកស្រាវ៉ូតកា(vodka)ជោគជាំពេកនោះទេ មែនអត់ ហើយគិតថាបញ្ហានឹងវិនាសទៅនៅពេលខ្លួនស្រវឹង។ 

ប្រសិនបើយើងធ្វើការថ្លឺងថ្លែងរោគសញ្ញានេះ យើងនឹងមើលឃើញថា វាមានលក្ខណៈមិនល្អទាល់តែសោះ ហើយវិធីដែលខ្លួនព្យាយាមដោះស្រាយជាមួយនឹងបញ្ហាឬសម្ពាធនិងស្រ្តិះនៅក្នុងជីវិត គឺកាន់តែបង្កើតឲ្យមានបញ្ហាច្រើនឡើងថែមទៀតតែប៉ុណ្ណោះ។ 

ត្រូវមានប្រាជ្ញាដើម្បីដោះស្រាយស្ថានការណ៍របស់ខ្លួនប្រកបដោយប្រសិទ្ធិភាព

ដើម្បីដោះស្រាយជាមួយនឹងរោគសញ្ញាទាំងអស់នេះ យើងត្រូវការប្រាជ្ញា ដើម្បីយល់ឲ្យបានច្បាស់នូវស្ថានភាពរបស់ខ្លួន។ ឧបមាថា៖ការងារដែលទាមទារឲ្យខ្លួនយកចិត្តទុកដាក់ច្រើន យើងត្រូវតែដោះស្រាយនិងប្រឈមមុខនឹងវា នោះគឺជារឿងពិត។ យើងត្រូវតែទទួលយកសច្ចពិតនោះ។ ហើយសច្ចពិតនោះគឺថាយើងគ្រាន់តែអាចធ្វើឲ្យបានប្រសើរបំផុតតាមតែខ្លួនអាចធ្វើបានតែប៉ុណ្ណោះ។ ប្រសិនបើយើងទទួលស្គាល់សច្ចពិតនោះ វាអាចជួយឲ្យខ្លួនឈប់គិតថាការងាររបស់ខ្លួនគឺជាការងារដែលអាក្រក់ ឬជាទណ្ឌកម្មអីហ្នឹងជាដើម ហើយជួយឲ្យខ្លួនឈប់គិតទៀតថា «ខ្លួនមិនល្អគ្រប់គ្រាន់សំរាប់ការងារនេះទេ»ជាដើម។ 

បញ្ហាពិតនោះគឺថាយើងឧស្សាហ៍គិតថាខ្លួនត្រូវតែជាមនុស្សដែលល្អឥតខ្ចោះ វាលុះត្រាណាតែយើងនេះជាសម្មាសម្ពុទ្ធទើបយើងល្អគ្រប់ដប់ តែគ្មានបុគ្គលណាម្នាក់គេល្អគ្រប់ដប់ទេ។ ហើយសូម្បីតែមេឬប្រធានរបស់យើងក៍គេគិតថាយើងនេះគួរតែជាមនុស្សដែលពូកែគ្រប់ដប់ដែរ ដាក់សម្ពាធលើយើងឲ្យយើងធ្វើយ៉ាងណាក្លាយជាបុគ្គលិកល្អគ្រប់ដប់ តែសច្ចនោះគឺថាវាមិនអាចទៅរួចទេ។ ហើយដោយសារតែវាមិនអាចទៅរួមហ្នឹងហើយ ហេតុអ្វីយើងត្រូវយំសោកបោកក្បាលនឹងជញ្ជាំង ហើយមានអារម្មណ៍ថាខ្លួនខុស ថាខ្លួនមិនអាចធ្វើកិច្ចអ្វីមួយដែលមិនអាចទៅរួមបែបនេះ? 

បើដូច្នេះយើងត្រូវធ្វើឲ្យប្រសើរតាមតែខ្លួនអាចធ្វើទៅបាន ដោយចាប់ផ្តើមបង្កើតអាទិភាពថាកិច្ចណាត្រូវបំពេញមុនគេនិងទទួលស្គាល់ស្ថានភាពពិត។ បន្ទាប់មកយើងខិតខំព្យាយាមរក្សាការតាំងសតិ រក្សាសតិខ្ពស់ចំពោះសច្ចៈនៃស្ថានភាពដែលខ្លួនកំពុងតែប្រឈមមុខ ដោយគ្មានការវាយតម្លៃជ្រុលហួសប្រមានចំពោះវាថា «នេះគឺជាកិច្ចដែលមិនអាចធ្វើទៅកើតទេ» - ឬក៍មើលស្រាលកិច្ចនោះថា «អញអាចគេចទៅលែងទូរសព្ទរបស់អញ ទៅលែងដើម្បីគេចមិនធ្វើកិច្ចនោះ»។ 

អ្នកត្រូវតែប្រឈមដោះស្រាយនឹងវា អ្នកត្រូវតែប្រឈមនឹងការងារ ប្រសិនបើខ្លួនហ៊ានមើលស្រាលវា នោះបានសេចក្តីថាយើងគិតថាខ្លួនមិនចាំបាច់ប្រឈមដោះស្រាយនឹងការងារនោះទេ។ ឧបមាថា៖ប្រៀបដូចពេលដែលអ្នកមានកិច្ចការងារខ្លះត្រូវធ្វើ តែអ្នកមានអារម្មណ៍ថាមិនចង់ធ្វើវាទេ តើអ្នកត្រូវធ្វើបែបណា? តើអ្នកមានវិន័យប្រចាំខ្លួនថាខ្លួនត្រូវតែធ្វើវា ឬតើអ្នកចាប់ផ្តើមលែងអ៊ីនធឺណិតភ្លាម ឬក៍ចាប់ផ្តើមមានចិត្តអន្ទៈសារចង់លែងទូរសព្ទ ហើយគិតថា «ល្អណាស់ ប្រហែលជាមានសារថ្មីហើយមើលទៅ ប្រហែលមានគេផុសរូបអ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយមើលទៅ»។ ត្រង់នេះគឺជាការមើលស្រាលសច្ចៈពិតនៃស្ថានការណ៍នោះឬនៃកិច្ចការងារដែលខ្លួនត្រូវធ្វើនោះ។ ទាំងអស់នេះគឺពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តដើម្បីវិមុត្តិចិត្ត។ ព្យាយាមទទួលស្គាល់ថាវាគឺជាអ្វីឲ្យប្រាកដដែលបង្កបញ្ហាដល់ខ្លួន។ 

តើដោះស្រាយជាមួយវាដោយរបៀបណា?

យល់ដឹងអំពីរបៀបដែលទង្វើផ្សេងៗជះឥទ្ធិពលនៅក្នុងការឆ្លើយតបឋិតក្រោមឥទ្ធិពលអរម៉ូនរបស់ខ្លួន

យើងចាប់ផ្តើមពីសីល(សីលវិន័យ)នេះទៅ ចាប់ផ្តើមពីកិច្ចតូចៗនេះទៅ យើងអាចយល់អំពីរបៀបដែលខ្លួនទប់ទល់ជាមួយនឹងរោគស្រិ្តះនោះថាតើវាមានប្រសិទ្ធិភាពដែរឬទេ ប្រសិនបើយើងក្រឡេកមើលលើជាតិអរម៉ូន យោងទៅតាមទស្សនវិទ្យាសាស្រ្ត នោះវាផ្តល់ឲ្យយើងនូវការយល់ដឹងផ្សេងទាំងស្រុងមួយទៀត ពោលវាផ្តល់ឲ្យយើងនូវមូលដ្ឋានគ្រឹះវិទ្យាសាស្រ្តដែលពុទ្ធសាសនាកំពុងតែបង្រៀន។ 

អរម៉ូនខតទីសូល(Cortisol ជាអរម៉ូនបង្កើតស្រិ្តះ)និងអរម៉ូនដូផាមីន(Dopamine ជាអរម៉ូនបង្កើតសេចក្តីសុខ)

អ្នកមានអារម្មណ៍ស្រិ្តះ ដូច្នេះអ្វីដែលកំពុងតែកើតឡើងនៅត្រឹមកំរិតអរម៉ូននៅក្នុងខ្លួនអ្នកគឺថា ជាតិអរម៉ូនខតទីសូលនៅក្នុងខ្លួនអ្នកកើតឡើងខ្ពស់។ ខតទីសូល(Cortisol) គឺជាអរម៉ូនស្រិ្តះ បើដូច្នេះយើងចាប់ផ្តើមស្វែងរកកិច្ចអ្វីដើម្បីជួយសម្រួលស្រិ្តះនេះ។ តើយុទ្ធវិធីរបស់ខ្លួនជាអ្វី ដែលយើងគិតថាវាផ្តល់ឲ្យយើងនូវក្តីសុខ(សប្បាយ) ដើម្បីឲ្យយើងអាចកម្ចាត់ជាតិអរម៉ូនខតទីសូលនេះចេញពីរាងកាយរបស់ខ្លួន។ យើងអាចចាប់ផ្តើមគិតថា អញនឹងជក់បារី វាអាចជួយដល់អញបាន ឬគិតថា អញទៅលែងអ៊ីនធឺណិត ទៅឆែកមើលបណ្តាញសង្គម រកមើលអ្វីដែលគួរឲ្យចាប់អារម្មណ៍ដើម្បីជួយសម្រាលស្រិ្តះរបស់ខ្លួន។ អ្វីដែលកើតឡើងនោះគឺថា យើងចាប់ផ្តើមមានការរំភើបចិត្ត និងក្តីសប្បាយរីករាយនៃការគិតរំពឹងថានឹងមានអ្វីមួយដែលធ្វើឲ្យខ្លួនមានអារម្មណ៍ប្រសើរឡើង ដូច្នេះត្រង់នេះវាធ្វើឲ្យជាតិអរម៉ូនដូផាមីន(dopamine)របស់អ្នកកើនឡើងខ្ពស់។ ដូផាមីនជាប្រភេទអរម៉ូននៃការគិតរំពឹងនៃការទទួលបានរង្វាន់ដែលធ្វើឲ្យខ្លួនសប្បាយ។ ជាអារម្មណ៍ដែលសត្វវាមាន នៅពេលមានសត្វផ្សេងវាដេញប្រឡែងលែងជាមួយវាជាដើម គឺមានការគិតរំពឹងចង់បាននេះឯង។ ងាយស្រួលសម្គាល់ណាស់ ជាពិសេសនៅពេលអ្នកទៅជួបមនុស្សជាទីស្រលាញ់របស់ខ្លួនអីហ្នឹងជាដើម។ ជាតិអរម៉ូនដូផាមីននឹងកើនឡើងខ្ពស់ ស្របពេលនឹងការគិតរំពឹងទុកថាកិច្ចនោះវាជាកិច្ចដែលអស្ចារ្យប៉ុណ្ណាជាដើម។ នៅពេលអ្នកពិតជាឋិតនៅជាមួយបុគ្គលជាទីស្រលាញ់នោះ វាអាចប្រែទៅជារឿងមិនល្អទាល់តែសោះក៍ថាបាន តែការគិតរំពឹងទុកមុននឹងជួបគេនេះឯងដែលធ្វើឲ្យជាតិអរម៉ូនដូផាមីនកើនឡើងខ្ពស់ដែលជួយបង្កើនកំរិតនៃសេចក្តីសុខរបស់ខ្លួនឲ្យកើនឡើងកាន់តែខ្ពស់ដោយផ្អែកលើអរម៉ូនដូផាមីន នេះបើនិយាយអំពីជាតិអរម៉ូន។ 

យើងជាមនុស្សមិនមែនជាម៉ាស៊ីនទេ ប៉ុន្តែបន្ទាប់ពីការជក់បារី ឬការឆែកអ៊ីនធឺណិត វានៅតែមិនធ្វើឲ្យខ្លួនមានចិត្តបីតិ(ពេញចិត្ត)ឡើយ បើដូច្នេះចិត្តស្រិ្តះនេះត្រឡប់មកវិញ។ បើដូច្នេះសរបញ្ជាក់ថាយុទ្ធវិធីរបស់ខ្លួននោះគឺមិនល្អទេ។ 

បើដូច្នេះយើងត្រូវតែមានប្រាជ្ញាដើម្បីសម្គាល់ឲ្យបានច្បាស់នូវគុណវិបត្តិនៃការជឿលើការយល់ខុសរបស់ខ្លួនថាអាការទៅជក់បារីនោះអាចជួយដោះស្រាយបញ្ហារបស់ខ្លួនបាន។ ឬអាការទៅស្វែងរកមើលអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅតាមសារព័ត៌មាន ឬអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅលើទំព័រហ្វេស្បុក នោះអាចជួយកម្ចាត់បង់បញ្ហាស្រិ្តះរបស់ខ្លួនបានជាដើម។ 

ហើយយើងមើលឃើញជាក់ច្បាស់នៅពេលយើងយល់ដឹងអំពីគុណវិបត្តិនៃការគិតថានេះគឺជាយុទ្ធសាស្រ្តដ៍ប្រសើរបំផុតដើម្បីធ្វើតាម បន្ទាប់មកយើងអាចចម្រើនការតាំងចិត្តឬប្តេជ្ញាចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីទម្លាប់ប្រភេទនេះ សរុបមកទម្លាប់គឺគ្មានប្រសិទ្ធិភាពទេ។ 

វៀរចាកកុំធ្វើតាមការឆ្លើយតបបែបទម្លាប់អវិជ្ជមាន

បើដូច្នេះយើងត្រូវឈប់យកបារីធ្វើជាទីសរណៈទៀតទៅ(ទីពឹង)។ ហើយការជក់បារីនេះគឺជារឿងមួយជ្រុងធំផ្សេងមួយទៀត នៅក្នុងន័យថា តើការជក់បារីមានអត្ថប្រយោជន៍ឬទេ? ទេគ្មានទេ។ ប៉ុន្តែនៅក្នុងន័យនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត បណ្តាញសង្គម និងការឆែកមើលសារគ្រប់ពេល ពិតណាស់ថាយើងត្រូវតែដាក់កំរិតទើបបាន មិនត្រូវធ្វើវាគ្រប់ពេលវេលាទេ។ នៅក្នុងន័យម៉្យាងទៀត ឈប់ប្រើវាជាទីសរណៈរបស់ខ្លួនទៀតទៅ។ ឈប់ប្រើប្រាស់វាជាទីគេចចេញពីកិច្ចអ្វីផ្សេងៗទៀតទៅ។ ប្រើប្រាស់វាក្នុងគោលបំណងជាប្រយោជន៍ មិនមែនដើម្បីគោលបំណងដែលវាមិនអាចធ្វើបាននោះទេ។ 

ពិតណាស់នោះគឺជារឿងដែលពិបាកធ្វើបំផុត នៅពេលយើងធុញ ពេលប្រឈមមុខនឹងកិច្ចអ្វីមួយដែលខ្លួនមិនចូលចិត្ត មិនថានៅកន្លែងការងារឬនៅផ្ទះក៍ដោយ គឺតែងតែមានកូនចិត្តអន្ទៈសារចង់តែឆែកមើលទូរសព្ទដៃរបស់ខ្លួន មែនអត់? ប៉ុន្តែត្រង់នេះប្រៀបដូចពេលយើងធ្វើការតមអាហារដើម្បីសម្រកជាតិខ្លាញ់ដែរ យើងចាំបាច់ត្រូវតែដឹងឲ្យច្បាស់អំពីព័ត៌មានទាក់ទងនឹងការតមអាហារនេះ ដើម្បីឲ្យខ្លួនអាចកម្ចាត់បង់រោគធាត់នៅក្នុងចិត្តនេះចោល។ យើងត្រូវតែខិតខំព្យាយាមកំណត់ចំនួនព័ត៌មាន ចំនួនសារ ឬចំនួនតន្រ្តីដែលខ្លួនស្តាប់ឬអាននោះឲ្យបានត្រឹមត្រូវ ឲ្យដូចពេលដែលខ្លួនកំណត់ចំនួនឬប្រភេទអាហារដែលខ្លួនបរិភោគដូច្នោះដែរ។ 

ឥឡូវនេះការវៀរចាកកុំធ្វើតាមទម្លាប់អកុសលចាស់ៗរបស់ខ្លួន ហើយការធ្វើបែបនេះនឹងបង្កើនជាតិអរម៉ូនខតទីសូលជាអរម៉ូនស្រិ្តះនេះឲ្យកើនឡើងកាន់តែខ្ពស់ ដោយសារថាទម្លាប់ចាស់ៗរបស់ខ្លួនគឺខ្លាំងក្លាណាស់។ ដូច្នេះប្រៀបដូចយើងមានរោគសញ្ញាដែលមិនល្អកើតឡើង នៅពេលខ្លួនឈប់ជក់បារីដំបូងៗដូច្នោះដែរ ឬនៅពេលខ្លួនបោះបង់ឈប់ផឹងគ្រឿងស្រវឹងឬបោះបង់ឈប់ប្រើប្រាស់ថ្នាំជាដើម - ជាតិខតទីសូលជាអរម៉ូនស្រិ្តះ - ភាពស្រដៀងគ្នានេះដែរនៅពេលអ្នកបោះបង់ឈប់សម្រាកពីការប្រើប្រាស់អ៊ីនធឺណិត ឬបណ្តាញសង្គម ឬភ្លែងតន្រ្តីអ្វីផ្សេងៗនោះ គឺច្បាស់ជាមានចិត្តស្រិ្តះដោយសារតែការដកខ្លួនឈប់នេះកើតឡើងមិនខាន។ ពោលគឺប្រៀបដូចជាការបន្សាបជាតិពុលឲ្យអស់ពីក្នុងខ្លួនអីចឹងដែរ មានគេពិពណ៌នាអំពីការដកខ្លួនឈប់ស្តាប់តន្រ្តីប្រៀបដូចជាការបន្សាបជាតិពុលចេញពីខ្លួនរបស់គេដូច្នោះដែរ ជាពិសេសនៅពេលគេញៀននឹងតន្រ្តី ដែលគេត្រូវតែដោតកាស់ស្តាប់នៅជាប់នឹងប្រចៀករបស់ខ្លួនជានិច្ច ហើយវាប្រើពេលយូរណាស់ដើម្បីអាចកាត់ផ្តាច់វាបាន។ ខ្ញុំគិតថានេះគឺជារូបភាពប្រៀបធៀបល្អមួយ ពោលគឺការញៀននឹងការស្តាប់ភ្លេង អ្នកដឹងទេគឺបែបនេះ។ 

ខ្លួនអ្នកមិនអាចដំណើរការបាន ដោយសារតែអ្នកមិនអាចគិតឃើញអ្វីមួយសោះ ដោយសារតែមានតន្រ្តីនៅជាប់នឹងត្រចៀករបស់ខ្លួន ជាពិសេសនៅពេលដែលវាលែងមិនដាច់ម្តងហើយម្តងទៀតមិនឈប់ ដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្កួតបាន។ ប៉ុន្តែប្រសិនបើយើងអាចស៊ូជាមួយនឹងការអត់ស្តាប់នេះបាន នៅទីបំផុតរោគស្រ្តិះដែលកើតឡើងពីការដកខ្លួនឈប់នេះនឹងរលត់ផុតទៅវិញដោយឯកឯង នៅពេលនោះយើងនឹងសោយនូវសភាពសុខស្ងប់នៃចិត្ត។ ហើយបន្ទាប់មក យើងនឹងឋិតនៅក្នុងជំហល្អដើម្បីយកទម្លាប់ល្អមកជំនួសទម្លាប់អាក្រក់ៗនោះវិញ។ 

នៅទីនេះយើងមានវិធីសាស្រ្តពុទ្ធសាសនាល្អៗបំផុត ដែលមិនកំណត់នៅត្រឹមតែអ្នកបដិបត្តិពុទ្ធសាសនាតែម៉្យាងទេ តែចំពោះអ្នកមិនបដិបត្តិពុទ្ធសាសនាក៍អាចយកមកអនុវត្តបានដែរ។ ពោលដូចជាការយល់ឃើញថាយើងគ្រប់រូបគឺជាផ្នែកមួយនៃមនុស្សជាតិ យើងគ្រប់រូបមានភាពជាប់ទាក់ទងគ្នាទៅវិញទៅមកឥតដាច់ សេចក្តីសុខរបស់ខ្លួនគឺអាស្រ័យលើមនុស្សគ្រប់រូប ហើយនេះគឺជាវិធីសាស្រ្តនៃការគិតដែលមានតុល្យភាពនឹងនដើម្បីទទួលបានសេចក្តីបីតិពេញលេញបរិបូណ៍ឲ្យស្របទៅតាមចំណង់នៃការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃរបស់ខ្លួន ដែលប្រការនេះមិនមានឡើយនៅលើបណ្តាញសង្គម។ 

ជាតិអរម៉ូនអុកស៊ីតូស៊ីន(Oxytocin)

មានជាតិអរម៉ូនសំរាប់កិច្ចនោះ គឺអុកស៊ីតតូស៊ីន ជាតិអរម៉ូនអុកស៊ីតតូស៊ីនជាអរម៉ូននៃការរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត ដែលមានស្រាប់នៅក្នុងខ្លួនអ្នក ពោលមានរវាងម្តាយនឹងកូនជាដើម។ វាគឺជាជាតិអរម៉ូនដែលជំរុញយើងឲ្យមានតម្រូវការនៃការរឹតចំណងមិត្តភាពជាមួយគ្នាទៅវិញទៅមក ដើម្បីឲ្យខ្លួនមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃក្រុមណាមួយជាដើម។ ត្រង់នេះអាចធ្វើឲ្យមានបីតិនៅក្នុងវិធីវិជ្ជមានបាន ពោលប្រៀបដូចជាការគិតថាខ្លួនជាផ្នែកមួយនៃមនុស្សជាតិ មនុស្សគ្រប់រូបមានភាពស្មើគ្នា មនុស្សគ្រប់រូបគេប្រាថ្នាចង់បានក្តីសុខគ្រប់ៗគ្នា គ្មានបុគ្គលណាម្នាក់គេប្រាថ្នាចង់បានក្តីទុក្ខទេ - បែបនេះជាដើម ដែលមានលក្ខណៈនឹងនជាងការព្យាយាមធ្វើឲ្យខ្លួនមានសេចក្តីបីតិតាមរយៈបណ្តាញសង្គម ដែលអាស្រ័យលើការឡាក(like)របស់គេតែម៉្យាង។ 

ខ្ញុំបានលើកឡើងអំពីព័ត៌មាននៃជាតិអរម៉ូននេះគឺដោយមានហេតុផលជាក់លាក់មួយ។ សម្តេចសង្ឃរាជដាឡៃឡាម៉ាព្រះអង្គឧស្សាហ៍លើកឡើងថា យើងត្រូវតែជាអ្នកបដិបត្តិពុទ្ធសាសនានៅក្នុងសតវត្សទី២១ ត្រង់នេះបានសេចក្តីថាត្រូវភ្ជាប់ទំនាក់ទំនងរវាងការបង្រៀន(ធម៌)ពុទ្ធសាសនានិងវិទ្យាសាស្រ្តឲ្យដើរស្របគ្នាដើម្បីបង្ហាញថា មានរឿងជាច្រើននៅក្នុងពុទ្ធសាសនាដែលមានលក្ខណៈស្របគ្នាជាមួយនឹងវិទ្យាសាស្រ្តដែរ ដូច្នេះព្រះអង្គបានចូលរួមនៅក្នុងសន្និសីទដែលមានឈ្មោះថា ចិត្តនិងជីវិតជាប្រចាំដើម្បីជួបជាមួយពួកអ្នកវិទ្យាសាស្រ្ត ដើម្បីរកឲ្យឃើញនូវអ្វីឬទស្សនៈដែលយើងយល់ឃើញស្របគ្នា ហើយថាតើយើងអាចជួយគ្នាទៅវិញទៅមកបានដោយរបៀបណាដើម្បីឲ្យយើងទាំងអស់គ្នាកាន់តែយល់ច្បាស់អំពីរូបភាពទាំងស្រុងនៃជីវិត។ 

ប្រសិនបើយើងយល់ចំណុចនោះនៅត្រឹមតែកំរិតជីវសាស្រ្ត ដែលថាខ្លួនមានចិត្តសប្បាយ កាន់តែសប្បាយដោយផ្អែកលើកត្តាអរម៉ូនជាក់លាក់ផ្សេងៗ មាននៅក្នុងរាងកាយរបស់យើងគ្រប់គ្នា នោះយើងអាចធ្វើការវិភាគថាតើអ្វីជាយុទ្ធសាស្រ្ត ដែលយើងកំពុងតែប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នដើម្បីព្យាយាមធ្វើឲ្យមានក្តីបីតិចំពោះជាតិអរម៉ូនទាំងអស់នោះ ហើយប្រសិនបើវិធីសាស្រ្តទាំងអស់នោះគ្មានប្រសិទ្ធិភាពទេ នោះត្រូវស្វែងរកវិធីសាស្រ្តផ្សេងទៀតដែលអាចគេងយកប្រយោជន៍ពីជាតិអរម៉ូនទាំងនោះតាមបែបបទវិជ្ជមាន ដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួន។ 

ដូផាមីន(dopamine)ជាជាតិអរម៉ូននៃការគិតរំពឺងទុកមុន និងការកំណត់គោលដៅវិជ្ជមាន

យើងកំពុងតែនិយាយអំពីជាតិអរម៉ូនដូផាមីន ការគិតរំពឹងទុកថាខ្លួននឹងទទួលរង្វាន់ឬអ្វីមួយប្រសើរជាដើម ជាប្រភេទអរម៉ូនម៉្យាង។ ជាតិអរម៉ូននេះធ្វើឲ្យអ្នកមានអារម្មណ៍រំភើបសប្បាយ ប្រៀបដូចជាសត្វតោដែលកំពុងតែរត់ចេញចាប់សត្វប្រើសស៊ីជាអាហារដូច្នោះដែរ។ ដូច្នេះវិធីសាស្រ្តបែបអកុសលនេះគឺគ្មានប្រសិទ្ធិភាពទេ ដែលខ្លួនខិតខំព្យាយាមគេងយកប្រយោជន៍ពីសារជាតិអរម៉ូនដូផាមីននេះ តាមរយៈនៃការគិតរំពឹងចង់បានឲ្យគេចុចឡាកនៅលើទំព័រហ្វេស្បុករបស់ខ្លួន ដើម្បីឲ្យខ្លួនសប្បាយរីករាយ - គឺគ្មានប្រសិទ្ធិភាពទេ។ 

ឬក៍ថាយើងអាចមានវិធីសាស្រ្តបែបអព្យាក្រឹត មិនល្អហើយក៍មិនអាក្រក់ដែរ ដើម្បីព្យាយាមបំពេញតម្រូវការជាតិអរម៉ូននេះ។ ខ្ញុំមានមិត្តម្នាក់ជាអ្នកហាត់លើកយកសាច់ដុំ ហើយគាត់គិតរំពឹងថាឥឡូវនេះគាត់អាចលើកទម្ងន់បាន១៨០គីឡូ ហើយគាត់គិតរំពឹងទៀតថាគាត់នឹងអាចលើកបាន២០០គីឡូ។ គាត់មានចិត្តរំភើបសប្បាយខ្លាំងណាស់ សប្បាយចិត្តនៅក្នុងការរំពឹងទុកនេះ ប៉ុន្តែបើសូម្បីគាត់អាចលើកទម្ងន់បាន២០០គីឡូយ៉ាងណាក្តី ឥឡូវយើងឧបមាថាអីចឹងចុះ - ក្នុងនាមជាអ្នកបដិបត្តិពុទ្ធសាសនា ដូចជារាងឆ្ងល់បន្តិច ហើយយើងអាចនិយាយឬសួរថា តើអាការលើកដែកយកសាច់ដុំនេះនឹងធ្វើឲ្យអ្នកទៅចាប់កំណើតនៅទីដ៍ប្រសើរនៅជាតិក្រោយមែនទេ? តើវានឹងធ្វើឲ្យគាត់ទៅកើតទីដ៍ប្រសើទេ បើគាត់អាចលើកដែកបាន២០០គីឡូ សរុបទៅវានឹងមិនធ្វើឲ្យគាត់មានក្តីបីតិទេ គាត់នឹងគិតចង់លើក២១០គីឡូទៀតមិនខាន។ 

ប៉ុន្តែប្រសិនបើយើងគេងយកប្រយោជន៍ពីសញ្ញានៃសារជាតិដូផាមីននេះដើម្បីយកមកចម្រើនប្រតិបត្តិ ឧបមាថា ប្រតិបត្តិសមថទៅចុះ ឬដើម្បីចម្រើនធម៌ខន្តីវិញ ដើម្បីយកឈ្នះលើទោសៈរបស់ខ្លួនអីហ្នឹងជាដើម នោះវានឹងក្លាយទៅជារឿងដែលគួរឲ្យរំភើបបំផុត។ ដោយផ្ទុយពីមានចិត្តគិតខឹងថា «អញមិនល្អគ្រប់គ្រាន់ អញគ្មានសមត្ថភាពដើម្បីធ្វើកិច្ចនោះទេ» អ្នកអាចចាប់ផ្តើមយកវាមកប្រតិបត្តិ នៅក្នុងន័យថា «នេះជាភារៈកិច្ចថ្មី ខ្ញុំសប្បាយចិត្តណាស់ដែលខ្លួនខំព្យាយាមដើម្បីបំពេញភារៈកិច្ចនេះឲ្យបាន»។ 

យើងត្រូវតែព្យាយាមធ្វើកិច្ចនេះដោយគ្មាន - អ្នកមានកិច្ចនេះនៅក្នុងការណែនាំនៃការបដិបត្តិសមាធិ - ដោយគ្មានការរំពឹងទុកអ្វីទេ ឬក៍គ្មានការខកចិត្តអ្វីដែរ។ នៅពេលដែលអ្នករំពឹងថាខ្លួននឹងទទួលបានលទ្ធផលភ្លាមៗ នោះហើយជាអ្វីដែលធ្វើឲ្យអ្នកខកចិត្ត។ បើដូចនេះដោយគ្មានការគិតរំពឹងទុកមុន ប៉ុន្តែអ្នកខិតខំប្រឹងប្រែងធ្វើវាដើម្បីឆ្ពោះទៅរកគោលដៅរបស់ខ្លួន ជាពិសេសប្រសិនបើគោលដៅនោះគឺជាគោលដៅដែលមានអត្ថន័យខ្លឹមសារ ជាអ្វីដែលគេចាត់ទុកថាជាប្រភពនៃសុភមង្គល។ ក្តីសុខដែលយើងសោយនោះមានមូលដ្ឋានគ្រឹះរបស់វា ហើយវាស្របគ្នាជាមួយនឹងវិធីសាស្រ្តវិទ្យាសាស្រ្តផងដែរ៖ ពោលគឺពុទ្ធសាសនាសតវត្សទី២១។ នៅក្នុងន័យម៉្យាងទៀត យើងអាចធ្វើការពន្យល់ តាមវិធីដែលអ្នកវិទ្យាសាស្រ្តគេអាចទទួលយកបាន អំពីរបៀបនិងហេតុផលដែលថាវិធីសាស្រ្តពុទ្ធសាសនាពិតជាមានប្រសិទ្ធិភាព។ នោះហើយគឺជាគោលបំណង។ 

ការហ្វឹកហាត់ជាន់ខ្ពស់បីយ៉ាង៖ សីល សមាធិនិងប្រាជ្ញា

នៅក្នុងន័យខ្លី យើងត្រូវតែសម្រេចវិមុត្តិចិត្តដើម្បីរំដោះខ្លួនឲ្យមានសេរីភាពពីកងទុក្ខនានា នៅក្នុងពុទ្ធសាសនាគេហៅថា ការលះបង់ឬអភិនិស្រ្កមណ៍។ បន្ទាប់មកត្រូវរំដោះខ្លួនឲ្យរួចផុតពីទម្លាប់អកុសលចាស់ៗនានា យើងត្រូវហ្វឹកហាត់ប្រតិបត្តិខ្លួននៅក្នុងសីល សមាធិនិងប្រាជ្ញា ជាអ្វីដែលគេហៅថាការហ្វឹកហាត់បីយ៉ាង៖ ដើម្បីមានប្រាជ្ញារិះគិតថាអ្វីជាប្រយោជន៍ អ្វីដែលបង្កទុក្ខទោស អ្វីមានប្រសិទ្ធិភាព អ្វីដែលគ្មានប្រសិទ្ធិភាព និងត្រូវតាំងសតិចំពោះកិច្ចនោះ និងត្រូវមានសីលវិន័យដើម្បីកែតម្រូវឥរិយាបថរបស់ខ្លួនឲ្យស្របទៅតាមនោះ។ 

ឧបសគ្គឬគ្រឿងរារាំងសីល៖ សោកស្តាយ

កិច្ចទាំងបីនេះត្រូវប្រព្រឹត្តទៅស្របគ្នា ប៉ុន្តែដើម្បីចម្រើនឲ្យវាកើតឡើងបានត្រឹមត្រូវ យើងចាំបាច់ត្រូវតែកម្ចាត់បង់ចេតសិកណាដែលជាគ្រឿងរារាំងពួកវា។ ការគិតសោកស្តាយជាគ្រឿងរារាំងសីលរបស់ខ្លួន។ ឧបមាថា៖ យើងគិតសោកស្តាយថាខ្លួនមិនបានឆែកមើលអ៊ីនធឺណិត ឬមិនបានឆ្លើយសារឬអ៊ីមេលទៅគេវិញភ្លាមៗជាដើម។ ការគិតសោកស្តាយប្រភេទនេះជាគ្រឿងរារាំងសីលរបស់ខ្លួន ដែលអាចធ្វើឲ្យខ្លួនមិនអាចកំណត់នូវការឆែកមើលនៅក្នុងម៉ោងពេលជាក់លាក់ណាមួយបាននៅក្នុងមួយថ្ងៃ។ 

វិធីសាស្រ្តដែលមានប្រយោជន៍គឺត្រូវបិទណូទីហ្វីកខេសិន(សញ្ញាសម្លេងប្រាប់ថាមានគេផ្ញើរសារចូលមក) ដែលប្រាប់យើងថា «អ្នកមានគេផ្ញើរអ៊ីមេលចូលមកហើយ» នៅលើម៉ាស៊ីនកុំព្យូទ័រឬនៅលើទូរសព្ទដៃ ហើយត្រូវឆែកមើលនៅក្នុងម៉ោងពេលជាក់លាក់ណាមួយប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ត្រូវតែឆ្លើយតបទៅកាន់សារណាដែលសំខាន់តែប៉ុណ្ណោះបន្ទាប់ពីខ្លួនអានរួចហើយ បើដូច្នេះយើងត្រូវការសីលវិន័យនេះ ទុកនៅពេលក្រោយ ឬទុកចាំឆ្លើយតបនៅពេលក្រោយ ជាសំនួរដែលអាចចាំរហូតដល់ខ្លួនទំនេរសិន ឬទុកវារហូតដល់ពេលដែលខ្លួនបានកំណត់ថាខ្លួនត្រូវឆ្លើយតបនៅក្នុងពេកជាក់លាក់ណាមួយជាដើម។ 

ខ្ញុំត្រូវតែសារភាពខ្លួនឯងថា ខ្ញុំគិតខុសនិងសោកស្តាយណាស់ចំពោះករណីនេះ ដូច្នេះខ្ញុំបានបង្កើតយុទ្ធសាស្រ្តមួយដើម្បីព្យាយាមទប់ទល់ជាមួយនឹងលំហូរនៃអ៊ីមេលដែលគេផ្ញើរមកមិនដាច់។ ខ្ញុំមិនប្រើប្រាស់បណ្តាញសង្គមស្អីទេ ហើយខ្ញុំក៍មិនទទួលបានសារតាមរយៈបណ្តាញសង្គមស្អីនេះដែរ ប៉ុន្តែខ្ញុំបានទទួលអ៊ីមេលពីសាមសិបទៅសែសិបអ៊ីមេលក្នុងមួយថ្ងៃ(សារអេលិចត្រូនិច)។ អ្វីដែលខ្ញុំត្រូវធ្វើ ជាជាងអង្គុយសរសេរឆ្លើយតបទៅគេវិញភ្លាមៗ គឺខ្ញុំមិនបានធ្វើអ្វីទេ បែបដូច្នេះគឺ ខ្ញុំឆែកមើល៖ សារណាដែលមានសារៈសំខាន់ខ្ញុំឆ្លើយតបវិញ ហើយទុកសារដ៍ទៃទៀតមួយឡែកសិន។ ហើយខ្ញុំដឹងខ្លួនឯងថានៅវេលារាត្រី នៅពេលដែលចិត្តរបស់ខ្ញុំអស់កំលាំងមិនច្បាស់មិនអាចសរសេរកិច្ចអ្វីផ្សេងបានតទៅទៀត ឬមិនអាចធ្វើកិច្ចការសំខាន់អ្វីផ្សេងបានទៀត នោះទើបខ្ញុំចាប់ផ្តើមមើលសារនិងឆ្លើយតបទៅគេវិញ។ បើដូចនេះអ្នកអាចកំណត់ពេលវេលាជាក់លាក់មួយ បើពុំដូច្នោះទេ អ្នកមិនអាចគ្រប់គ្រងវាបានទេ។ 

ឧបសគ្គឬគ្រឿងរារាំងដល់សមាធិ៖ ភាពងងុយដេក ចិត្តស្ពឹកស្រពន់និងចិត្តហោះហើរអណ្តែតអណ្តូង

ការងងុយដេក ចិត្តស្ពឹកស្រពន់និងចិត្តហោះហើរអណ្តែតអណ្តូងគឺជាគ្រឿងរារាំងដល់សមាធិរបស់ខ្លួន។ បើមានមួយណានៅក្នុងខ្លួនហើយយើងច្បាស់ជាបាត់បង់ការតាំងសតិជាក់ជាមិនខាន ជាពិសេសការខំតាំងសតិដើម្បីវៀរចាកមិនឆែកមើលសារជាប្រចាំ ដែលអាចធ្វើឲ្យជីវិតខ្លួនមិនសូវស្មុគស្មាញ។ ដើម្បីរក្សាការតាំងសតិផ្តោតលើកិច្ចនោះ ចូរអ្នកត្រូវចងចាំថា នោះហើយគឺជាអត្ថន័យនៃពាក្យថាសតិនៅទីនេះ។ 

ត្រូវព្យាយាមចងចាំថា ជីវិតរបស់ខ្លួននឹងមានស្រ្តិះតិចតួច មានសម្ពាធតិចតួច ប្រសិនបើខ្លួនបានទទួលយកការពិតថា ខ្លួននឹងដាក់កំណត់ដើម្បីឆ្លើយតបទៅកាន់សារនោះនៅពេលរាត្រី ឧបមាថាបែបនេះទៅចុះ។ ឬនៅពេលណាក្តី ដែលខ្លួនបានកំណត់ថានឹងឆ្លើយត្រឡប់ទៅកាន់សារទាំងអស់នោះវិញ។ អ្វីដែលជាគ្រឿងឧបសគ្គរារាំងនោះគឺថា អ្នកមានអារម្មណ៍ថាងងុយដេក អស់កំលាំង ដែលធ្វើឲ្យអ្នកភ្លេច។ ហើយអាការទៅលែងហ្វេកស្បុកនេះគឺងាយស្រួលណាស់។ ឬអ្នកមានអារម្មណ៍ថាចិត្តខ្លួនហាក់ស្ពឹកស្រពន់ ជាជាងងើបទៅផឹកទឹក ឬផឹកភេសជ្ជៈអ្វីផ្សេងក្តីដើម្បីឲ្យខ្លួនភ្ញាក់ស្វាងឡើងវិញ អ្នកបែរជាងាកទៅរកអ៊ីនធឺណិតទៅវិញ។ ឬមានចិត្តហោះហើរអណ្តែតអណ្តូងគ្រប់ទិសទី ចិត្តរបស់ខ្លួនគឺចាប់ផ្តើមត្រាច់ចរង្វាត់គ្រប់ទិសទី កិច្ចនេះកំពុងតែកើតឡើង កិច្ចនោះកំពុងតែកើតឡើង ហើយដោយគ្មានការគិតពិចារណានិងប្រុងប្រយ័ត្នច្បាស់លាស់ អ្នកស្រាប់តែឆ្លើយតបទៅកាន់សារនោះវិញថា អ្នកឯងទៅរកអានដោយខ្លួនឯងទៅ «ខ្ញុំមិនចង់រំលងអ្វីមួយចោលទេ»។ 

ឧបសគ្គឬគ្រឿងរារាំងដល់ប្រាជ្ញា៖ មិនមានការសម្រេចចិត្តច្បាស់លាស់ និងមានការសង្ស័យ

ចុងក្រោយការមិនមានការសម្រេចចិត្តច្បាស់លាស់អាចជាគ្រឿងដែលរារាំងដល់ការចម្រើនប្រាជ្ញារបស់ខ្លួន។ យើងគិតទៅមុខទៅក្រោយៗ មិនច្បាស់ថាតើខ្លួនគួរទៅឆែកអ៊ីមេលនៅពេលជាក់លាក់ណាមួយឬទេ - តើនេះគឺជាការសម្រេចចិត្តត្រឹមត្រូវទេ?» មិនប្រាកដខ្លួនឯង។ ភាពសង្ស័យ។ 

ការសង្ស័យនេះកើតឡើងនៅក្នុងចិត្តដោយសារតែការពិបាកនិងស្រិ្តះកើតឡើងនៅក្នុងការតមមិនឆែកមើលសារដែលគេផ្ញើរមកកាន់ខ្លួន។ ដើម្បីទប់ទល់ជាមួយនឹងភាពសង្ស័យនេះ យើងចាំបាច់ត្រូវតែរំលឹកខ្លួនឯងអំពីគុណសម្បត្តិនៃការផ្លាស់ប្តូរទម្លាប់។ វានឹងធ្វើឲ្យជីវិតអញមិនបែកខ្ញែករញ៉ែរញ៉ៃអ្វីទេ បើសិនអញអាចផ្តោតលើកិច្ចមួយឲ្យបានច្បាស់និងធ្វើកិច្ចផ្សេងៗទៀតទៅតាមលំដាប់លំដោយ មានរបៀបរបបត្រឹមត្រូវ បើពុំដូច្នោះទេវាច្បាស់ជារញេរញៃមិនខានឡើយ ហើយអាការរញ៉េរញ៉ៃនេះទៀតសោតគឺជាស្រិ្តះ។

ឧបេក្ខានិងមេត្តាធម៌

មានវិធីសាស្រ្តផ្សេងៗទៀតដែលយើងអាចយកមកអនុវត្តដើម្បីធ្វើឲ្យជីវិតខ្លួនកាន់តែមានក្តីសុខ។ ឧទាហរណ៍៖តើយើងធ្វើខ្លួនបែបណានៅពេលឋិតនៅក្នុងរថភ្លើងមេត្រូដែលមានមនុស្សកកកុញ។ យើងកាន់តែផ្តោតចិត្តគិតតែពីខ្លួនឯងតែម៉្យាង គិតចង់តែការពារខ្លួនតែម៉្យាង គិតចង់តែគេចទៅមើលទូរសព្ទដៃរបស់ខ្លួនតែម៉្យាង នោះយើងកាន់តែមានចិត្តបិទចង្អៀតមិនខាន។ ខ្ញុំមិនមែនកំពុងតែនិយាយអំពីការប្រើប្រាស់ពេលវេលាឲ្យស្ងប់នៅលើមេត្រូដើម្បីអានសៀវភៅទេ ដោយសារថាវាប្រើពេលយូរណាស់ទើបទៅដល់កន្លែងណាមួយ(យឿត)។ ខ្ញុំកំពុងតែនិយាយអំពីការគេចចូលទៅក្នុងទូរសព្ទ ឬគេចទៅស្តាប់ចម្រៀង ឬទៅលែងហ្គេមជាដើម។ យើងកាន់តែគិតផ្តោតលើខ្លួនឯងតែម៉្យាង កាន់តែចង់ការពារខ្លួនឯងតែម៉្យាង គេចចូលទៅក្នុងទូរសព្ទដៃ យើងនឹងមានអារម្មណ៍កាន់តែចង្អៀតនៅក្នុងចិត្ត ហើយកំលាំងថាមពលរបស់ខ្លួនក៍ស្រួចស្រាវទៅតាមនោះដែរ ដែលធ្វើឲ្យខ្លួនមានអារម្មណ៍កាន់តែតឹងតែងឡើងថែមទៀត។ ចិត្តយើងមិនធូរស្រាលទេ ដោយសារយើងគិតថាខ្លួនអាចមានគ្រោះថា្នក់អ្វីមួយ ជាពិសេសនៅទីនេះនៅក្នុងទីក្រុងមូស្គូតែម្តង ជាទីក្រុងដែលមានមនុស្សជិះរថភ្លើងមេត្រូច្រើនកកកុញបែបនេះ។ ចំណែកឯនៅទីក្រុងប៊ែកឡាំងវិញមិនសូវកកកុញបែបនេះទេ។ 

បើសូម្បីយើងងុបង៉ុលនឹងការលែងហ្គេមនៅក្នុងទូរសព្ទដៃរបស់ខ្លួន ឬងុបង៉ុលនឹងការស្តាប់ចំរៀងដោយបើកសំលែងខ្លាំងនៅលើអាយផតយ៉ាងណាក្តី តែយើងបានបង្កើតជញ្ជាំងព័ទ្ធជុំវិញខ្លួន មិនចង់ឲ្យគេមករំខាន ដូច្នេះគឺខ្លួនមានចិត្តចង្អៀតបែបលក្ខណៈការពារខ្លួន។ វាគឺជាបទពិសោធន៍ទោមនស្សមួយតាមពិតទៅ បើសូម្បីខ្លួនខំរកអ្វីមកកំដរចិត្តយ៉ាងណា តែខ្លួននៅតែមិនសុខ។ 

ម៉្យាងវិញទៀត ប្រសិនបើយើងចាត់ទុកថាខ្លួនជាផ្នែកមួយនៃហ្វូងមនុស្សដែលឋិតនៅក្នុងរថភ្លើងមេត្រូនេះ និងចាប់ផ្តើមចម្រើនចិត្តគិតខ្វល់ និងមេត្តាចិត្តដល់គេគ្រប់គ្នាដែលឋិតនៅក្នុងស្ថានភាពដូចយើងដែរ នោះចិត្តនិងបេះដូងរបស់យើងនឹងមានលក្ខណៈបើកទូលាយមិនចង្អៀត។ ពិតណាស់យើងអាចមានការប្រុងប្រយត្នចំពោះគ្រោះថា្នក់ ប៉ុន្តែមិនត្រូវមានចិត្តព្រួយបារម្ភជាប់រហូត ហើយគិតតែពីខ្លួនឯងទេ។ យើងប្រាថ្នាចង់ឲ្យគេគ្រប់គ្នាមានសុវត្ថិភាព។ យើងមិនចង់ឲ្យគេគ្រប់គ្នាលិចលង់នឹងសំលែងតន្រ្តីរបស់យើងទេ ហើយក៍មិនចង់គេចវេសពីគេគ្រប់គ្នាដើម្បីរត់ចូលទៅក្នុងហ្គេមនោះដែរ។ ប្រការនេះគឺជាការធ្វើឲ្យខ្លួនឯងឯកោ យើងមិនចង់ធ្វើឲ្យខ្លួនឯងឯកោទេ។ 

អារម្មណ៍បើកទូលាយដល់មនុស្សគ្រប់រូប

អ្វីដែលមានសារៈប្រយោជន៍គឺជាការមានអារម្មណ៍បើកចិត្តទូលាយដល់មនុស្សគ្រប់រូប ប៉ុន្តែការបើកចិត្តទូលាយនេះក៍ជាកិច្ចដែលត្រូវតែមានលក្ខណៈផ្ចិតផ្ចង់ប្រុងប្រយត្នដែរ។ ប្រសិនបើអ្នកប្រកាន់មាំចំពោះតួអត្តភាព ដែលនៅខាងក្នុង ហើយគិតថា ឥឡូវនេះអញបើកទូលាយហើយ ឥឡូវនេះអញអាចមានបញ្ហាប្រឈម អញអាចរងការឈឺចាប់ សរុបទៅការបើកចិត្តទូលាយមិនអាចធ្វើឡើងនៅក្នុងការគិតបែបនេះទេ។ ម៉្យាងវិញទៀតការបើកចិត្តទូលាយដើម្បីគិតដល់គេគ្រប់គ្នា គឺវាជួយធ្វើឲ្យសភាវគតិរបស់ខ្លួនក្នុងនាមជាសត្វសង្គមនេះមានការពេញចិត្តដែលខ្លួនបានក្លាយទៅជាផ្នែកមួយនៃក្រុមណាមួយជាដើម។ ពោលអ្នកមានអារម្មណ៍សុវត្ថិភាពកាន់តែខ្លាំងឡើង នៅពេលដឹងថាខ្លួនឯងជាផ្នែកមួយនៃក្រុមណាមួយ ជាជាងផ្តាច់ខ្លួនឯងចេញពីក្រុមទាំងមូល។ បើដូច្នេះបើគិតនៅត្រឹមកំរិតជាសត្វវិញគឺមានប្រសិទ្ធិភាព។ ប៉ុន្តែយើងក៍ត្រូវមានការប្រុងប្រយត្នផងដែរនៅពេលខ្លួនចាប់ផ្តើមវិភាគ ឬវាយបំបែកគំនិតគិតប្រកាន់មាំចំពោះតួអត្តភាព ដែលឥឡូវនេះគឺគ្មានជញ្ជាំងអ្វីមកបិទបាំងវាទៀតទេ ដោយគិតថា «ឥឡូវនេះគេគ្រប់គ្នានឹងវាយប្រហារអញ»។ 

ជាការបដិបត្តិមួយដែលមិនងាយស្រួលតែវាគឺជាការបដិបត្តិដែលមានអត្ថប្រយោជន៍ប្រសិនបើអ្នកអាចធ្វើបាន។ ដើម្បីសម្រេចកិច្ចនេះបានអ្នកត្រូវតែមានសីលសមាធិនិងប្រាជ្ញារួមគ្នា។ 

សម្រាកឲ្យបានស្រួលពីកិច្ចការដែលប្រើកំលាំងច្រើន

មានវិធីសាស្រ្តច្រើនយ៉ាងណាស់ដែលយើងអាចយកមកប្រើប្រាស់ដើម្បីព្យាយាមទប់ទល់ជាមួយនឹងបញ្ហាស្រ្តិះនៅក្នុងជីវិតរបស់ខ្លួនបាន សូម្បីតែវិធីសាស្រ្តសាមញ្ញបំផុតក៍អាចដែរ។ ប្រសិនបើខ្លួនត្រូវការសម្រាកពីកិច្ចការងារដែលប្រើកំលាំងច្រើន ជាជាងទៅលែងអ៊ីនធឺណិត ត្រូវក្រោកឈរ ទៅបរិភោគទឹក ដើរទៅជិតបង្អួចដើម្បីក្រឡេកមើលទៅខាងក្រៅ បែបនេះជាដើម។ នៅក្នុងន័យម៉្យាងទៀត កុំឲ្យមានគ្រឿងរំញោចចិត្តច្រើនពេក កាន់តែតិចកាន់តែប្រសើរ។ ចិត្តស្រ្តិះកើតឡើងពីការរំញោចចិត្តជ្រុលហួសប្រមាណនេះឯង។ អ្នកមិនចង់ដោះស្រាយបញ្ហានេះដោយការបន្ថែមការរំញោចចិត្តបន្ថែមទៀតនោះទេ។ កាន់តែតិចកាន់តែប្រសើរ។ 

ជាមួយនឹងការតាំងចិត្តដើម្បីវិមុត្តិភាព និងប្រតិបត្តិវិធីសាស្រ្តហ្វឹកហាត់បីយ៉ាងនេះ៖ សីលសមាធិនិងប្រាជ្ញា យើងនឹងអាចកាត់បន្ថយស្រិ្តះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនបាន និងអាចកាត់បន្ថយទម្លាប់អាក្រក់ដែលរបស់ខ្លួនបានផងដែរ។ យើងនឹងមានចិត្តកាន់តែសុខស្ងប់ ដែលមានសមត្ថភាពដោះស្រាយទប់ទល់ជាមួយនឹងស្ថានភាពការងារ គ្រួសារ និងសេដ្ឋកិច្ចជាដើម។ ហើយវាកាន់តែមានប្រសិទ្ធិភាពខ្លាំងឡើងថែមទៀតក្នុងការទប់ទល់ជាមួយនឹងស្ថានភាពរបស់ខ្លួននៅក្នុងសម័យទំនើបបច្ចុប្បន្ន ដែលជាសម័យមានអ្វីៗសព្វគ្រប់ដែលខ្លួនអាចមាន មានចាប់តាំងពីអ៊ីធឺណិត ប្រព័ន្ធបណ្តាញសង្គម និងតន្ត្រីជាដើម។ ត្រង់នេះមិនមានន័យថាខ្លួនត្រូវតែបោះបង់ចោលប្រព័ន្ធអ៊ីនធឺណិតនោះទេ បោះបង់ចោលទូរសព្ទ ឬមិនត្រូវស្តាប់ចំរៀងអ្វីនោះទេ មិនមានន័យបែបនេះទេ។ ប៉ុន្តែដើម្បីបង្កើតវិធីសាស្រ្តនិងទម្លាប់ឲ្យកាន់តែល្អប្រសើរ និងដឺងអំពីរបៀបដើម្បីប្រើប្រាស់វាឲ្យមានប្រសិទ្ធិភាពនិងមានអត្ថប្រយោជន៍។ 

សំនួរ

បញ្ហានោះគឺថានៅក្នុងជីវិតសម័យទំនើបបច្ចុប្បន្ន យើងត្រូវតែបញ្ចេញអារម្មណ៍ប្រតិកម្មទៅនឹងរឿងអ្វីៗផ្សេងៗទាំងអស់។ ឧបមាថា៖ បើសិនយើងបើកមើលព័ត៌មាន យើងមិនមែនគ្រាន់តែឆែកមើលព័ត៌មានដោយគ្រាន់តែចង់ដឹងឬដោយមានចិត្តអម្ពល់តែម៉្យាងទេ ប៉ុន្តែយើងចង់ដឹងថាយើងគួរត្រូវធ្វើអ្វី តើគួរប្រតិកម្មតបទៅនឹងរឿងនោះយ៉ាងណាជាដើម។ ឧទាហរណ៍៖ បើនិយាយអំពីអាត្រាការប្រាក់វិញ ជួនពេលខ្លះគេបង្ហាញនៅលើអ៊ីនធឺណិត ថាវាមានការប្រែប្រួលបែបណា ហើយយើងចាំបាច់ត្រូវតែគិតគូឆ្លើយតបវិញចំពោះករណីនេះ។ ឬក៍ថាមានគេផ្ញើរសារមកខ្លួនថាគេឈឺនិងត្រូវការជំនួយ ឬអ្នកធ្វើការងារជាមួយយើងគេសរសេរសារផ្ញើរមកខ្លួន ដោយគេចង់សួរអំពីកិច្ចអ្វីមួយ ហើយបើយើងមិនឆែកមើលទេ យើងនឹងមិនដឹងទេ។ ឬឧបមាដូចជាការរាយការណ៍អំពីព័ត៌មានអាកាសធាតុជាដើម អាកាសធាតុអាចចុះត្រជាក់ខ្លាំង យើងមិនដឹងអំពីរឿងនោះទេ ដែលអាចធ្វើឲ្យធ្លាក់ខ្លួនឈឺដោយសារតែការប្រែប្រួលរបស់វា។ នៅក្នុងករណីទាំងអស់នេះធ្វើឲ្យមនុស្សលែងមានសមត្ថភាពដំណើរការដោយខ្លួនឯងហើយ ហើយយើងអាចចំណាយពេលវេលាឬសុខភាពនិងកំលាំងកាយរបស់ខ្លួនចោលឥតប្រយោជន៍។ 

ហេតុដូច្នេះហើយបានជាខ្ញុំបានលើកឡើងថាយើងត្រូវបង្កើតវិធីសាស្រ្តដែលរឺងមាំល្អ វិធីសាស្រ្តប្រកបដោយប្រាជ្ញាអំពីរបៀបដែលខ្លួនប្រើប្រាស់អ៊ីនធឺណិត។ ឧបមាថា៖ ប្រសិនបើខ្លួនជាមនុស្សធាត់ជ្រុល ហើយខ្លួនឋិតនៅក្នុងការតមអាហារ ហើយការតមអាហារនេះមិនមែនមានន័យថាយើងឈប់បរិភោគទាំងស្រុងទេ តែយើងកំណត់អាហារណាដែលត្រូវបរិភោគ។ ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងមានព័ត៌មានលម្អិតអំពីភាពធាត់ យើងចាប់ផ្តើមកំណត់នូវអ្វីដែលខ្លួនចង់បរិភោគ និងគ្រាន់តែមើលលើប្រភេទអាហារណាដែលខ្លួនចាំបាច់ត្រូវបរិភោគទៅបានហើយ ពោលគឺអាហារណាដែលមានប្រយោជន៍ បែបនេះជាដើម ដូចដែលខ្ញុំបាននិយាយមកហើយ ស្តីអំពីវិធីសាស្រ្ត យ៉ាងហោចណាស់នៅក្នុងកម្មវិធីអ៊ីមេលរបស់ខ្ញុំ អ្នកអាចដាក់សញ្ញាទង់សម្គាល់ដើម្បីឲ្យខ្លួនអាចអានវានៅពេលក្រោយបាន ដើម្បីអាននិងឆ្លើយតបនៅពេលក្រោយ។ 

ប៉ុន្តែវិធីសាស្រ្តនេះសំដៅថា នៅក្នុងករណីណាមួយនោះយើងទទួលបានព័ត៌មានទាំងអស់ ហើយបន្ទាប់មកយើងជ្រើសរើសយកព័ត៌មានមួយណាដើម្បីឆ្លើយតបទៅគេវិញ និងជ្រើសយកព័ត៌មានណាដែលខ្លួនមិនត្រូវឆ្លើយតបវិញ ប៉ុន្តែយើងនៅតែអានគ្រប់សារនោះទាំងអស់ ពោលគឺយើងអានគ្រប់ព័ត៌មានដែលខ្លួនទទួលបានទាំងអស់នោះ។ល។ 

ជាថ្មីម្តងទៀតអ្នកត្រូវតែសម្របទៅតាមវិធីសាស្រ្តផ្សេងៗ។ ត្រង់នេះមានភាពខុសគ្នាមែនទែនរវាងការឆែកមើលព័ត៌មានស្តីអំពីអាកាសធាតុនៅពេលខ្លួនងើបពីដំណេកនៅពេលព្រឹក និងការឆែកមើលចំនួនគេចុចឡាកនៅក្នុងរយៈមួយយប់។ សរុបទៅអ្នកមិនចាំបាច់ត្រូវការឆែកមើលថាខ្លួនទទួលបានចំនួនឡាកពីគេប៉ុន្មាននោះទេ ហើយនិងចំនួនសារដែលខ្លួនទទួលបានផងដែរ ភាគច្រើននៃចំនួនសារដែលខ្លួនទទួលបានគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្ម ហើយខ្លះទៀតបានពីមនុស្សដែលមិនសូវសំខាន់នៅក្នុងន័យនៃការងារអីហ្នឹងជាដើម។ កិច្ចជាក់លាក់មួយចំនួនខ្លះអ្នកអាចធ្វើវានៅពេលក្រោយបាន។ អ្នកដឹងច្បាស់ដោយខ្លួនឯងថាកិច្ចអ្វីដែលចាំបាច់និងសំខាន់ ហើយកិច្ចអ្វីដែលមិនសំខាន់។ ខ្ញុំមានមិត្តម្នាក់ដែលគេចូលចិត្តថតរូបអាហារពេលព្រឹកដែលខ្លួនចំអិននិងផ្ញើររូបនោះទៅឲ្យគេមើល។ ពិតណាស់ខ្ញុំមិនត្រូវការមើលរូបនោះទេ។ 

គាត់ដឹងថាអ្នកមិនឆែកមើលទេមែនទេ?

ខ្ញុំនឹងមើលរូបនោះនៅពេលក្រោយពេលណាមានវេលាទំនេរ ប៉ុន្តែខ្ញុំនឹងមិនរំខានការធ្វើការងាររបស់ខ្លួនដើម្បីងាកទៅមើលរូបនោះទេ។ 

សាសនាផ្សេងក៍គេផ្តល់ឲ្យយើងនូវវិធីសាស្រ្តដើម្បីទទួលបាននូវ «អារម្មណ៍ល្អ»បែបអរម៉ូននេះដែរ។ តើអ្វីគឺជាភាពខុសគ្នារវាងគេនិងពុទ្ធសាសនាទៅ? 

ជាការពិតសាសនាផ្សេងគេពិតជាផ្តល់នូវវិធីសាស្រ្តនេះនៅក្នុងបរិបទថា «ព្រះយេស៊ូស្រលាញ់ខ្ញុំ» ហើយ «ព្រះស្រលាញ់ខ្ញុំ»ជាដើម ត្រង់នេះបញ្ជាក់អំពីភាពដែលគេទទួលស្គាល់ខ្លួន និងការខិតខំដើម្បីឆ្ពោះទៅរកគោលដៅ។ ទាំងអស់នេះគឺពិតជាមានមែន ត្រឹមត្រូវហើយ។ វិធីសាស្រ្តដែលខ្ញុំបានកំពុងតែលើកឡើងគឺមិនមែនជាកម្មសិទ្ធិពុទ្ធសាសនាផ្តាច់មុខទេ តែវិធីសាស្រ្តទាំងអស់នេះត្រូវបានគេរកឃើញថាវាមានលក្ខណៈពិតប្រាកដដោយមិនចាំបាច់មានបរិបទសាសនាអ្វីទេ ជាវិធីសាស្រ្តទូទៅនិងមានអត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបទាំងអស់។ គ្មានអ្វីដែលជាកម្មសិទ្ធិពុទ្ធសាសនាផ្តាច់មុខទេចំពោះអ្វីដែលខ្ញុំបាននឹងកំពុងតែលើកឡើងនេះ។ 

នៅពេលយើងសួរថាតើអ្វីទៅជាកម្មសិទ្ធិពុទ្ធសាសនាផ្តាច់មុខ នោះចម្លើយគឺទស្សនៈនៃសភាវៈពិតនៅត្រឹមកំរិតបរមត្ថនេះឯង។ អ្វីដែលបានលាតត្រដាងនៅក្នុងកិច្ចសន្ទនាជាច្រើនជាមួយពួកអ្នកវិទ្យាសាស្រ្តគឺថា សូម្បីតែទស្សនៈនេះទៀតសោតក៍មិនមែនជាកិច្ចដែលថ្មីដែរ ពីព្រោះថាទស្សនៈស្តីអំពីសភាវៈពិតឬសច្ចៈពិតនេះគឺស្របគ្នាជាមួយនឹងទស្សនៈនៃកង់ទិចចក្រវាឡ(quantum universe)។ ប្រសិនបើអ្នកយល់ទ្រឹស្តីកង់ទិច(quantum theory)និងយល់អំពីហេតុផលរបស់វាច្បាស់លាស់នៅក្នុងន័យនៃរចនាសម្ព័ន្ធនៃចក្រវាឡ នោះអ្នកនឹងយល់អំពីធម៌ពុទ្ធសាសនាស្តីអំពី ភាពសូន្យឬសុញ្ញភាព និងបដិច្ចសមុប្បាទធម៌មិនខាន។ 

តើយើងគួរត្រូវធ្វើអ្វីប្រសិនបើយើងបានរៀបចំខ្លួនដើម្បីទៅលែងមនុស្សណាម្នាក់ ហើយយើងនឹងទៅជួបបុគ្គលនោះ ប៉ុន្តែនៅពេលដែលយើងពិតជាបានជួបគេ គេបែរជាមើលតែទូរសព្ទរបស់ខ្លួន មិនគិតខ្វល់ពីយើងទេ។ នៅក្នុងស្ថានភាពនេះតើវាគប្បីទេ បើយើងនិយាយប្រាប់គេត្រង់ៗថា វាគឺជារឿងដែលមិនសមរម្យទេដែលអ្នកងាកទៅមើលទូរសព្ទ ដោយសារយើងកំពុងតែជួបគ្នាផ្ទាល់មុខ?

ចំពោះខ្ញុំ ខ្ញុំគិតបែបនោះដែរ។ ខ្ញុំគិតថាការនិយាយប្រាប់គេត្រង់ៗគឺជារឿងដែលសមរម្យ «ហេសួស្តី ខ្ញុំនៅទីនេះណា!» អ្វីដែលគេហៅថាឥរិយាបថនៃការប្រើប្រាស់ទូរសព្ទដៃគឺសំខាន់បំផុត ជាពិសេសនៅពេលខ្លួនក្លាយជាឳពុកម្តាយគេ ខ្លួនមានកូនតូចៗ ដែលខ្លួនត្រូវបង្កើតវិន័យកុំឲ្យគេលែងទូរសព្ទឬផ្ញើរសារ និងនិយាយទូរសព្ទនៅពេលក្រុមគ្រួសារពិសាអាហារពេលល្ងាចរួមគ្នាអីហ្នឹងជាដើម។ បាទ អ្នកត្រូវនិយាយថា មិនអនុញ្ញាតទេ អ្នកត្រូវតែឲ្យគេទុកទូរសព្ទមួយឡែកសិន។ ខ្ញុំមានមិត្តម្នាក់គេបង្រៀននៅឯមហាវិទ្យាល័យអាមេរិក នាងបានឲ្យកូនសិស្សរបស់ខ្លួន ទុកទូរសព្ទរបស់ពួកគេនៅលើតុ នៅក្នុងម៉ោងបង្រៀនរបស់គាត់ មិនអនុញ្ញាតឲ្យមានទូរសព្ទនៅកន្លែងអង្គុយរបស់គេទេ។ ខ្ញុំគិតថានោះគឺជាកិច្ចដែលសមរម្យបំផុត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា (-ខ្ញុំភ្លេចទៅហើយមិនដឹងថាសែសិបប្រាំនាទីឬក៍មួយម៉ោងទេ ដោយសារវាគឺជាសិក្ខាសាលាដែលមានរយៈពេលបីម៉ោង -) នាងត្រូវឲ្យគេឈប់សំរាករយៈពេលខ្លីដើម្បីឲ្យគេប្រើទូរសព្ទ មិនមែនសម្រាកដើម្បីប្រើបន្ទប់ទឹកទេណា ប៉ុន្តែគេមិនសប្បាយចិត្តទេដែលខ្លួនមិនបានឆែកទូរសព្ទ ហើយនៅពេលសម្រាក់ដើម្បីឆែកទូរសព្ទពួកគេបានប្រញាប់ប្រញាល់ទៅឆក់យកទូរសព្ទរបស់ខ្លួនមកឆែកមើលនៅក្នុងកំឡុងពេលនៃការសម្រាករបស់គេ។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតបើយោងទៅតាមសង្គមសាស្រ្ត។ 

នេះគឺជាការញៀនទូរសព្ទរ៉ាំរ៉ៃ ជាអ្វីដែលអ្នកត្រូវតែជួយគេដើម្បីឲ្យគេបង្កើតវិន័យសង្គម។ ខ្ញុំគិតថាវាគឺជារឿងដែលសមរម្យ ប្រសិនបើអ្នកនិយាយប្រាប់គេដោយភាពគួរសម។ ជាថ្មីម្តងទៀត មានលក្ខណៈខុសគ្នារវាង ថាតើមានគ្រោះមហន្តរាយកើតឡើងដែលគេត្រូវដឹង ឬក៍គ្រាន់តែការនិយាយប៉ប៉ាច់ប៉ប៉ោចមិនបានការទេ។ ត្រង់នេះសូមគិតឲ្យប្រាកដទាំងអស់នេះ តើយើងឧស្សាហ៍ទទួលបានការហៅទូរសព្ទអំពីគ្រោះមហន្តរាយញឺកញាប់ប៉ុណ្ណា? ហើយប្រសិនបើយើងជួបនរណាម្នាក់ ហើយខ្លួនកំពុងតែរងចាំការហៅទូរសព្ទដើម្បីចង់ដឹងថាកូនរបស់ខ្លួនបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយឬនៅ ឬកិច្ចអ្វីផ្សេងដូចនេះជាដើម អ្នកត្រូវប្រាប់គេ ត្រូវចេះគួរសម៖ «ខ្ញុំកំពុងតែរងចាំការហៅទូរសព្ទ ខ្ញុំកំពុងតែរងចាំឲ្យគេប្រាប់ខ្ញុំថាកូនខ្ញុំបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយ» នោះគេនឹងយល់ អ្វីៗគ្រប់យ៉ាងគឺច្បាស់លាស់។ 

នៅខណៈពេលដែលខ្ញុំកំពុងតែជិះរថភ្លើងមេត្រូ ក្រោមដី ខ្ញុំឧស្សាហ៍ស្តាប់បទចំរៀង ប៉ុន្តែខ្ញុំធ្វើនេះគឺមិនមែនដើម្បីឲ្យមានការរំញោចចិត្តអ្វីទេ តែដើម្បីកាត់បន្ថយការរំញោចចិត្តបែបអវិជ្ជមានទៅវិញទេ។ ដោយសារថាអ្នកដំណើរនៅជុំវិញខ្លួនខ្ញុំគេនិយាយអំពីកិច្ចអ្វីមួយ ហើយពេលខ្លះខ្ញុំមិនចង់ស្តាប់ការសន្ទនារបស់គេទេ ដោយសារតែការសន្ទនានោះគឺមានរឿងអវិជ្ជមានច្រើនណាស់។ ហើយក៍មានសំលេងផ្សព្វផ្សាយនៅក្នុងមេត្រូនេះផងដែរ ដែលផ្សាយថា អ្នកតែងតែដឹងរឿងនេះពីចិត្តអ្នកអីហ្នឹងជាដើម។ ដូច្នេះដើម្បីបិទមិនស្តាប់នូវរាល់ការរំញោចចិត្តបែបអវិជ្ជមានទាំងអស់នោះ ខ្ញុំគ្រាន់តែស្តាប់បទចំរៀង។ តើខ្ញុំរត់គេចមែនទេ? ឬតើខ្ញុំកំពុងតែប្តូរពីគ្រឿងរំខានចិត្តអវិជ្ជមាន និងតឺងតែង ទៅជារឿងមិនសូវតឹងតែងនិងមិនសូវអាក្រក់វិញ? 

ជាសំនួរដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយ។ រឿងទីមួយដែលផុសឡើងនៅក្នុងចិត្តខ្ញុំគឺជាចម្លើយទាក់ទងនឹងប្រទេសឥណ្ឌា ហើយអាចជាចម្លើយដែលមិនសមរម្យ៖ នៅពេលអ្នកធ្វើដំណើរតាមរថយន្តក្រុងពេលយប់នៅក្នុងប្រទេសឥណ្ឌា នៅក្នុងឡានក្រុងគេតែងចាក់វីដេអូឲ្យអ្នកដំណើរមើល គឺចាក់បញ្ចាំងជាប់មួយយប់តែម្តង។ បញ្ចាំងតែរឿងមួយដដែលៗឲ្យមើល ដោយបើកសំលេងឮខ្លាំងៗ។ ប្រសិនបើអ្នកសុំឲ្យអ្នកបើកបរគេបន្ថយសំលេង «តើអ្នកអាចបន្ថយសំលេងបានទេ» បែបនេះ ការឆ្លើយតបរបស់គេគឺ «អ្នកឯងកុំស្តាប់ទៅ»។ 

នៅក្នុងមេត្រូ(រថភ្លើងក្រោមដី)អ្នកមិនចាំបាច់ស្តាប់អ្វីដែលគេគ្រប់គ្នានិយាយទេ។ ត្រង់នេះគឺទាក់ទងនឹងការតាំងសតិ និងការផ្តោតចិត្ត។ តើអ្នកកំពុងតែផ្តោតចិត្តលើអ្វី? ប្រសិនបើការផ្តោតចិត្តរបស់អ្នក គឺទៅលើមនុស្សគ្រប់គ្នា ឧបមាថា មើលមុខគេ ហើយប្រសិនបើទឹកមុខគេមើលទៅមិនសប្បាយទេ នោះអ្នកអាចប្រាថ្នាឲ្យគេមានក្តីសុខ ដោយចិត្តមេត្តា សូមឲ្យគេរួមចាកផុតពីទុក្ខ សូមឲ្យគេមានក្តីសុខ នោះការផ្តោតចិត្តរបស់អ្នកនឹងមិនផ្តោតលើអ្វីដែលគេកំពុងតែនិយាយគ្នានោះទេ។ អ្នកមិនមែនកំពុងតែសំលឺងមើលទៅលើការផ្សាយពាណិជ្ជកម្មទេ តែការផ្តោតចិត្តរបស់អ្នកគឺទៅលើអ្វីផ្សេងទៀត។ 

ប្រសិនបើអ្នកមិនអាចធ្វើបែបនោះបានទេ នោះការស្តាប់បទចំរៀងគឺគ្មានបញ្ហាទេ។ ប៉ុន្តែកុំយកតន្ត្រីធ្វើជាលេសដើម្បីបដិសេធមិនទទួលស្គាល់មនុស្សនៅជុំវិញខ្លួនឲ្យសោះ។ ជាឳកាសដ៍ល្អឥតខ្ចោះដើម្បីបដិបត្តិមេត្តាធម៌។ 

ចូរអ្នកគិតដល់គោលការធម៌នៃវិធីសាស្រ្តតុងឡិន(tonglen) ការបដិបត្តិជាន់ខ្ពស់នៃការផ្តល់ឲ្យនិងការទទួលយកនៃវិធីសាស្រ្តតុងឡិននៃពុទ្ធសាសនាទីបេ។ អ្វីដែលអ្នកកំពុងតែព្យាយាមធ្វើនៅក្នុងស្ថានភាពនេះ គឺជាជាងរុញច្រានចេញ និងសាងជញ្ជាំងព័ទ្ធជុំវិញអ្វីដែលគេកំពុងតែនិយាយ អ្នកត្រូវតែទទួលយកវា បើកចិត្តទទួលយក អ្នកទទួលស្គាល់ថាគេកំពុងតែនិយាយកិច្ចអ្វីមួយដែលមិនសំខាន់ឬមិនល្អ ហើយជំនួសវិញអ្នកត្រូវឧទ្ទិសក្តីករុណាដល់អ្វីក៍ដោយក្តីដែលធ្វើឲ្យគេមិនសប្បាយចិត្ត សូមឲ្យគេរួចចាកផុតពីវា។ គេអាចនិយាយពាក់ព័ន្ធនឹងកិច្ចវិជ្ជមាននិងមានអត្ថន័យជាងនេះ។ ដូច្នេះនេះគឺជាឳកាសដ៍ល្អអស្ចារ្យដើម្បីប្រតិបត្តិតាមវិធីសាស្រ្តតុងឡិន។ 

ជារឿយៗនៅពេលដែលយើងមានការតាំងចិត្តដើម្បីវិមុត្តិចិត្តជាបឋម តែនៅក្នុងពេលវេលាណាមួយនោះវាស្រាប់តែថមថយទៅវិញ អាចបណ្តាលមកពីភាពខ្ជិលច្រអូសឬអ្វីមួយផ្សេងទៀតក៍ថាបាន យើងលែងមានអារម្មណ៍នៃការតាំងចិត្តនេះទៀតហើយ តើយើងត្រូវធ្វើអ្វីបើសិនរឿងនេះពិតជាកើតឡើងមែន ដើម្បីធ្វើការតាំងចិត្តនេះកើតឡើងជាថ្មីទៀតបាន។ 

ដំបូន្មានចម្បងដែលគេផ្តល់ឲ្យជាទូទៅគឺត្រូវរំលឹកខ្លួនឯងអំពីគុណវិបត្តិនៃអ្វីក៍ដោយក្តីដែលខ្លួនតាំងចិត្តដើម្បីឲ្យខ្លួនមានសេរី ស្ថានភាពជាទុក្ខអ្វីក៍ដោយក្តី និងគិតអំពីអត្ថប្រយោជន៍នៃការរំដោះខ្លួនពីស្ថានភាពជាទុក្ខទាំងអស់នោះ។ និងត្រូវរំលឹកខ្លួនឯងថាតើវិធីសាស្រ្តដើម្បីវិមុត្តិចិត្តនោះគឺជាអ្វី និងត្រូវកម្កល់ភាពជឿជាក់របស់ខ្លួនឡើងវិញថាវិធីសាស្រ្តនេះមិនត្រឹមតែមានប្រសិទ្ធិភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៍មានសមត្ថភាពដើម្បីបដិបត្តិវាដែរ។ កិច្ចទាំងអស់នេះគឺជាកិច្ចដែលមានសារៈសំខាន់ចំពោះការតាំងចិត្តដើម្បីវិមុត្តិភាព។ នៅក្នុងន័យម៉្យាងទៀតត្រូវរំលឹកខ្លួនឯងថា «តើខ្ញុំអាចរួចផុតពីវាទេបើសិនខ្លួនខិតខំប្រឹងប្រែងឲ្យបានគ្រប់គ្រាន់» បើពុំដូច្នោះទេ អ្នកនឹងបាក់ទឹកចិត្ត មិនចង់ធ្វើកិច្ចអ្វីទាំងអស់ ដែលធ្វើឲ្យអ្នកបោះបង់វាចោល។ 

ប្រសិនបើយើងបដិបត្តិសមាធិ សមាធិធ្វើឲ្យចិត្តយើងមានតុល្យភាព នេះជាផលដែលយើងទទួលបាន។ ប៉ុន្តែចុះបើនៅពេលដែលយើងប្រើថ្នាំពេទ្យដើម្បីធ្វើឲ្យចិត្តខ្លួនមានតុល្យភាព ហើយនេះជាអ្វីដែលយើងទទួលបានដោយមិនចាំបាច់ប្រើកំលាំងអ្វីទេ ហើយវាក៍មិនធ្វើឲ្យយើងប្រែប្រួលអ្វីដែរ។ ពិតណាស់បើគេឈឺ ជារឿងសំខាន់ដែលគេត្រូវតែប្រើប្រាស់ថ្នាំពេទ្យ។ ប៉ុន្តែចុះបើគេប្រើប្រាស់ថ្នាំពេទ្យនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ ដើម្បីគ្រាន់តែធ្វើឲ្យសភាពនៃចិត្តរបស់ខ្លួនប្រសើរឡើង ដើម្បីកាត់បន្ថយស្រ្តិះ និងកាត់បន្ថយរឿងអវិជ្ជមានផ្សេងៗទៀតនៅក្នុងចិត្ត? 

ខ្ញុំគិតថាយើងត្រូវតែមានភាពប្រាកដនិយមចំពោះវិធីសាស្រ្តពុទ្ធសាសនា។ វិធីសាស្រ្តពុទ្ធសាសនាគឺមានប្រសិទ្ធិភាពសំរាប់មនុស្សដែលបានឈានដល់កំរិតចាស់ទុំនិងនឹងននៅក្នុងការបដិបត្តិរបស់ខ្លួនហើយ។ ប្រសិនបើអ្នកជាមនុស្សវិកលចរិត នោះបានសេចក្តីថាអ្នកមិនទាន់មានសមត្ថភាពដើម្បីយកវិធីសាស្រ្តពុទ្ធសាសនាទៅបដិបត្តិបាននៅឡើយទេ។ អ្នកត្រូវតែខិតខំព្យាយាមដើម្បីឲ្យខ្លួនឈានដល់កំរិតនឹងនណាមួយសិន ហើយនៅក្នុងករណីនេះថ្នាំពេទ្យអាចមានប្រយោជន៍ដល់ខ្លួន - មិនថាជាថ្នាំtranquilizers ឬថ្នាំបំបាត់រោគស្រិ្តះanti-depressantឬអ្វីក៍ដោយ។ អ្នកត្រូវការអ្វីមួយដើម្បីជួយអ្នក។ ដោយគ្រាន់តែដើរនិយាយថា «ល្អណាស់គ្រាន់តែសមាធិទៅបានហើយ» នៅខណៈពេលដែលគេនៅមិនមានសមត្ថភាពនៅឡើយនោះ គឺមិនគ្រប់គ្រាន់ទេ។ ប៉ុន្តែនៅពេលអ្នកមានចិត្តនឹងនជាងមុនខ្លះហើយ ហើយពិតណាស់កិច្ចបន្ទាប់គឺអ្នកត្រូវតែយកឈ្នះលើការញៀននៃការប្រើប្រាស់ថ្នាំជាមុនសិន។ នៅពេលដែលខ្លួនកាន់តែមានចិត្តនឹងនជាងមុនហើយ ឋិតនៅក្នុងសភាពនៃចិត្តដែលខ្លួនអាចយកសមាធិមកប្រតិបត្តិបាន។ តែកាលពីមុនចិត្តអ្នកគឺនៅមានវិកល ដូច្នេះគឺគ្មានការតាំងសតិទេ។ 

នៅក្នុងប្រទេសភូមា គេបានចាប់មនុស្សបីនាក់ដាក់គុកដោយសារពួកគេបានភ្ជួររូបព្រះពុទ្ធពាក់កាស់ត្រចៀកស្តាប់ភ្លេង នៅលើផ្ទាំងផ្សព្វផ្សាយអាហារដ្ឋានមួយកន្លែង។ តើអ្នកគិតយ៉ាងណាដែរចំពោះទស្សនពុទ្ធសាសនាចំពោះរឿងនេះ។ 

ទេវទត្ថជាបងប្អូនជីដូនមួយដែលមានចិត្តច្រណែននឹងសម្មាសម្ពុទ្ធ ឧស្សាហ៍ព្យាយាមធ្វើទុក្ខបុកម្និញដល់ព្រះអង្គ ប៉ុន្តែពិតណាស់ក្នុងនាមជាសម្មាសម្ពុទ្ធគ្មាននរណាគេអាចបង្កទុក្ខទោសដល់ព្រះអង្គបានឡើយ ហើយព្រះអង្គក៍មិនអាក់អន់ស្រពន់ព្រះទ័យអ្វីដែរចំពោះរឿងនេះ។ បើដូច្នេះប្រៀបមករឿងនេះវិញខ្ញុំគិតថាព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងមិនគិតថាវាគឺជារឿងដែលខុសទាស់អ្វីទេ ប៉ុន្តែសាវ័កឬអ្នកកាន់ពុទ្ធសាសនា ឬអ្នកកាន់សាសនាអ្វីមួយក៍ដោយ នៅពេលមានគេមិនគោរពដល់សាសនាខ្លួនឬដល់ព្រះរបស់ខ្លួន នោះវាគឺជារឿងដែលខុសធំណាស់។ ហើយក៍គ្មានហេតុផលណាដែលយើងត្រូវទៅបំពានជំនឿគេបែបនោះដែរ ពោលគឺជាទង្វើអសីលធម៌ខ្លាំងណាស់។ ការចាប់គេដាក់គុក ឬការពិន័យធ្ងន់ធ្ងរណាមួយនោះ ប្រហែលជារឿងដែលមិនសមរម្យដែរ។ តែទោះបីយ៉ាងណាក្តីពួកគេមិនត្រូវធ្វើបែបនោះទេ សេរីភាពនៃការបញ្ចេញមតិមិនមែនមានន័យថាជាសេរីភាពដើម្បីដើរបំពានជំនឿគេទេ ជាពិសេសនៅពេលដែលខ្លួនដឹងហើយថាវានឹងធ្វើឲ្យមានកំហឺងកើតឡើងនៅក្នុងចំណោមប្រជាជនគេ។ ពិតណាស់ឥឡូវនេះគឺវាអាស្រ័យលើ ថាតើបុគ្គលណាជាអ្នកសម្រេចថារឿងនោះខុសឬអត់ ហើយនេះអាចត្រូវបានគេបំពាន។ ប៉ុន្តែនៅពេលនិយាយដល់រឿងសាសនា ពោលដូចជាការធ្វើកិច្ចអ្វីមួយដែលប្រមាថដល់ព្រះយេស៊ូ ឬមហាមេដ ឬសម្មាសម្ពុទ្ធ ច្បាស់ណាស់គឺមិនសមរម្យទេ។ សំនួរសួរថាតើអ្នកកាន់សាសនាគ្រឹស្តគេប្រតិកម្មបែបណាចំពោះរូបព្រះយេស៊ូឋិតនៅលើឈើឆ្កាងពាក់កាស់ត្រចៀកស្តាប់បទចំរៀងនៅលើអាយផត ដើម្បីផ្សាយពាណិជ្ជកម្មលក់អាយផត? ខ្ញុំគិតថាអ្នកកាន់សាសនាគ្រឹស្តមុតមាំគេនឹងគិតថារឿងនេះគឺជារឿងដែលមិនសមរម្យទេ។ 

យើងអាចខិតខំព្យាយាមដើម្បីសម្រេចបានគោលដៅលោកិយ៍នានា ឬគោលដៅផ្លូវធម៌។ ខ្ញុំបានរកឃើញថាអាចមានរឿងជ្រុលនិយមពីរ។ ទីមួយគឺការផ្តោតលើគោលដៅលោកិយ៍ច្រើនជាង ប៉ុន្តែនៅក្នុងករណីនេះវាគ្មានទីបញ្ចប់ទេ សម្រេចបានគោលដៅមួយ នៅមានគោលដៅមួយទៀតមិនឈប់។ ភាពជ្រុលនិយមមួយទៀតដែលខ្ញុំមើលឃើញនៅក្នុងសហគមន៍ពុទ្ធសាសនា ឧបមា៖គេព្យាយាមដើម្បីឲ្យខ្លួនសម្រេចបានគោលដៅផ្លូវធម៌ ប៉ុន្តែគេភ្លេចអំពីគោលបំណងលោកិយ៍។ តើមានវិធីសាស្រ្តទេ ឬវិធីដោះស្រាយបញ្ហានេះនិងដើម្បីស្វែងរកតុល្យភាព? 

សម្តេចសង្ឃរាជដាឡៃឡាម៉ាឧស្សាហ៍លើកឡើងថាហាសិបហាសិប(៥០/៥០)។ យើងត្រូវតែមើលឲ្យជាក់ថាសភាពពិតនៃជីវិតខ្លួនជាអ្វីឲ្យប្រាកដ ហើយទំនួលខុសត្រូវរបស់ខ្លួនជាអ្វី៖ ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន តើខ្លួនមានអ្នកដែលខ្លួនត្រូវទំនុកបំរុងទេ? បើដូច្នេះចូរអ្នកត្រូវតែមានភាពប្រាកដនិយម។ 

Top