ជីវិតនិងចរិតលក្ខណៈរបស់សឺកុងរីនប៉ូជេ

តួនាទីរបស់រីនប៉ូជេជាធម្មាចារ្យជំនួយរបស់ដាឡៃឡាម៉ា

ព្រះថេរៈគ្រូ ត្សិនសាបសឺកុង រីនប៉ូជេគឺជាសង្ឃដែលមានមាធធំមួយអង្គ - ជាព្រះសង្ឃដែលកោរព្រះកេសា គ្រងស្បងជីវរពណ៌ក្រហម និងមានព្រះភក្រ្តជ្រួញជាបន្ទាត់ៗដែលធ្វើឲ្យព្រះអង្គមើលទៅចាស់ជាងវស្សាពិតរបស់ព្រះអង្គ។ ការចេះដាក់ខ្លួន មិនអួតអាង មានអត្តចរិតវាងវៃ និងមានលក្ខណៈកំប្លុកកំប្លែងផងនោះ ទាំងអស់នេះហាក់ធ្វើឲ្យព្រះអង្គដូចជាតួរឥសីដ៍សម្បើមមួយនៅក្នុងរឿងព្រេងដូច្នោះដែរ។ គុណភាពនិងចំណុចលេចធ្លោរទាំងអស់នេះគឺមិនអាចរំលងភ្នែកជនបស្ចឹមប្រទេសបានទេនៅពេលគេជួបព្រះអង្គម្តងៗ។ ដូចឧទាហរណ៍នេះអីចឹង នៅពេលដែលអ្នកផលិតកុនរឿងស្តារវ៉(Star War)ដ៍ល្បីល្បាយមួយរូប គេបានជួបព្រះអង្គនៅឯដារ៉ាមសាលា គេសម្រេចចិត្តនិមន្តព្រះអង្គឲ្យដើរតួជា យ៉ូដា(Yoda) ជាគ្រូផ្លូវចិត្តនៅក្នុងសាច់រឿងនោះ។ តែរីនប៉ូជេមិនដែលបានឃើញរឿងនោះទេ ប៉ុន្តែប្រសិនបើឃើញគឺគេនឹងមានការភ្ញាក់ផ្អើលនឹងរូបរាងរបស់ព្រះអង្គ។ ទោះបីយ៉ាងណាក៍ដោយ លក្ខណៈសម្បត្តិដែលលេចធ្លោរបំផុតរបស់ព្រះអង្គគឺ ជំនាញទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងសម្តេចសង្ឃរាជដាឡៃឡាម៉ា។ 

ដាឡៃឡាម៉ាជាមេដឹកនាំសាសនាបណ្តោះអាសន្នរបស់ទីបេ។ ការស្នងដំណែងរបស់ព្រះអង្គគឺបន្តធ្វើឡើងតាមរយៈការចាប់ជាតិឡើងវិញ។ នៅពេលដែលដាឡៃឡាម៉ាសោយទីវង្គត់ ទីប្រឹក្សារបស់ព្រះអង្គ នឹងធ្វើតាមពិធីដ៍មានលក្ខណៈស្មុគស្មាញដើម្បីតាមរកឡាម៉ាចាប់ជាតិ។ ជាបន្តបន្ទាប់ដាឡៃឡាម៉ាដែលទើបនឹងចាប់ជាតិឡើងវិញ(ទើបនឹងកើត) ទទួលបានការអប់រំដ៍ល្អបំផុតពីបណ្តាធម្មាចារ្យដែលមានសមត្ថភាពមិនធម្មតានានា។ ធម្មាចារ្យទាំងអស់នោះមានទាំងអ្នកកំរិតខ្ពស់និងកំរិតទាប ហើយរួមទាំងត្សិនសាបទាំងប្រាំពីរអង្គ ហើយពាក្យថាត្សិនសាបនេះត្រូវបានគេបកប្រែថាជា «ធម្មាចារ្យជំនួយ»។ 

ពុទ្ធសាសនាទីបេមាននិកាយបួនធំៗ ដែលបានហូរចូលមកពីប្រទេសឥណ្ឌាតាមរយៈសាវតាផ្សេងៗដោយគ្មានភាពផ្ទុយឬខុសពីព្រះធម៌ដើមទេ។ ធម្មាចារ្យសំខាន់ទាំងប្រាំបួនរបស់ដាឡៃឡាម៉ាគឺមកពីនិកាយហ្គេលូគ ជានិកាយធំជាងគេនៅទីបេក្នុងចំណោមនិកាយទាំងបួន។ ព្រះអង្គបានសិក្សាជាមួយមហាថេរៈដែលមកពីនិកាយបីផ្សេងទៀតផងដែរ ពោលគឺនិកាយ នីយីងម៉ា ហ្គាគីយូ និងនិកាយសក្យៈ នោះទើបការសិក្សាគ្រឹះរបស់ព្រះអង្គត្រូវបានបញ្ចប់។ គ្រូជំនួយទាំងប្រាំពីរ(seven tsenshap) មួយអង្គៗគឺនិមន្តមកពីប្រាំពីរវត្តធំៗដែលតំណាងឲ្យនិកាយហ្គេលូគ ដែលឋិតនៅជិតទីក្រុងឡាសា ជារដ្ឋធានីទីបេ។ គ្រូជំនួយទាំងប្រាំពីរអង្គនេះត្រូវបានគេជ្រើសរើសឡើងដោយសំអាងលើការសិក្សា ការសម្រេចការបដិបត្តិសមាធិ ហើយលើសពីនេះទៅទៀតនោះគឺការអភិវឌ្ឍន៍អត្តចរិតនិងឫកពាររបស់ពួកគេ។ សឺកុងរីនប៉ូជេគឺជា ត្សិនសាប(គ្រូជំនួយ)ដែលត្រូវបានតែងតាំងឡើងដោយវត្ត ដែលមានឈ្មោះថា ហ្គេនដិន ចាងស៊ី ជាវត្តដែលត្រូវបានកសាងឡើងដោយព្រះអង្គត្សុងខាប៉ាផ្ទាល់ ជាស្ថាបនិកនៃនិកាយហ្គេលូគ។ ព្រះអង្គមានព្រះជន្មាយុ៣៤វស្សានៅពេលព្រះអង្គទទួលបានតំណែងនេះនៅក្នុងឆ្នាំ១៩៤៨ ហើយកាលនោះដាឡៃឡាម៉ាទើបតែមានព្រះជន្មាយុ១៣វស្សាតែប៉ុណ្ណោះ។ ព្រះអង្គគឺជាធម្មាចារ្យតែមួយអង្គគត់ក្នុងចំណោមធម្មាចារ្យទាំងប្រាំពីរផ្សេងទៀត ដែលអាចចូលរួមជាមួយដាឡៃឡាម៉ាភៀសព្រះកាយទៅកាន់ប្រទេសឥណ្ឌានៅក្នុងឆ្នាំ១៩៥៩។ 

Top