ជំនួបលើកដំបូងរបស់ខ្ញុំជាមួយថេរៈសឺកុងរីនប៉ូជេនិងដំបូន្មានដំបូងៗរបស់ព្រះអង្គ
ខ្ញុំបានជួបថេរៈរីនប៉ូជេលើកដំបូងនៅពុទ្ធគាយា នៅក្នុងខែមករាឆ្នាំ១៩៧០។ សារប៉ានិងខាមលុងរីនប៉ូជេ ជាឡាម៉ាចាប់ជាតិពីរអង្គ បានសិក្សាភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកនៅក្រោមការមើលការខុសត្រូវរបស់មហាថេរៈ ហ្គេហ្សេ វ៉ាងហ្គីយ៉ាល់ ហើយព្រះអង្គគឺជាអ្នកដែលបានណែនាំឲ្យខ្ញុំជួបព្រះអង្គ។ សឺកុងរីនប៉ូជេមានសមត្ថភាពអាចជួយណែនាំតម្រែតម្រងផ្លូវខ្ញុំឲ្យជួបធម្មាចារ្យដ៍សមរម្យបំផុត ដើម្បីសិក្សាអំពីគូហ៊ីយ៉ាសម្មាចា(guhyasamaja)។ ខ្ញុំបានជ្រើសរើសប្រព័ន្ធទន្រ្ទៈដ៍ស្មុគស្មាញនេះមកសិក្សាជាប្រធានបទនៃការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ បន្ទាប់ពីបានធ្វើការប្រៀបធៀបគ្នានឹងប្រធានបទជាភាសាសំស្រ្កឹតនិងទីបេ នៃអត្ថបទតូចមួយដែលមានអត្ថន័យមិនច្បាស់នៅក្នុងសិក្ខាសាលាថ្នាង់អនុបណ្ឌិតកន្លងមក(ថ្នាក់ក្រោយបរិញ្ញាប័ត្រ)។
បើទោះបីជាជំនាញភាសាទីបេរបស់ខ្ញុំមិនសូវល្អ ដែលធ្វើឲ្យខ្ញុំត្រៀមខ្លួនមិនបានល្អសំរាប់ការសិក្សាជាន់ខ្ពស់នេះយ៉ាងណាក្តី តែសឺកុងរីនប៉ូជេនៅតែទទួលយកខ្ញុំឲ្យសិក្សាជាមួយព្រះអង្គពិតប្រាកដ។ ព្រះអង្គបានណែនាំដល់ ខិនហ្ស៊ូរ យេសេ ដុនដ្រាប ពោលគឺចៅអធិការវត្តគីយូតូទាំងមូលតែម្តង ហើយនៅទីនោះក៍ជាសាលាបង្រៀនពុទ្ធសាសនាទន្រ្ទៈជាន់ខ្ពស់ផងដែរ ហើយអស់រយៈកាលច្រើនឆ្នាំក្រោយមកព្រះអង្គបានក្លាយជាសង្ឃនាយកនៃនិកាយហ្គេលូគទាំងមូល។ ខ្ញុំមានកិត្តិយសណាស់ដែលរីនប៉ូជាបានជ្រើសរើសធម្មាចារ្យដ៍មានកិត្តិនាមសំរាប់ខ្ញុំ។
ការសិក្សានៅដាល់ហៅស៊ីជាមួយថេរៈហ្គេហ្សេ ង៉ាវ៉ាង ដាគីយេ
អស់រយៈកាលជាច្រើនខែក្រោយមកខ្ញុំបានជួបព្រះចៅអធិការនៅក្នុងកុដិដ៍តូចមួយដែលសាងឡើងពីដីឥដ្ឋលាយជាមួយនឹងលាមកគោនៅទីខ្ពស់នៃជ្រលងដាល់ហៅស៊ី ជាភូមិនៅលើជ្រលងភ្នំដែលឋិតនៅក្បែរដារ៉ាមសាលា ហើយវត្តគីយូតូនៅឋិតនៅទីនោះដែរ ជាទីដែលខ្ញុំបានស្នាក់អាស្រ័យ។ ហើយព្រះអង្ឃដែលមានជនវស្សាចំណាស់ទើបតែបញ្ចប់ការបដិបត្តិសមាធិដែលមានរយៈពេលបីឆ្នាំ នៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ នៅពេលដែលខ្ញុំបាននិមន្តឲ្យព្រះអង្គបង្រៀនដល់ខ្ញុំ ព្រះអង្គក៍យល់ព្រម ដោយព្រះអង្គបានប្រាប់ខ្ញុំថា ខ្ញុំបានមកដល់ទីនេះនៅចំពេលវេលាដ៍ត្រឹមត្រូវ។ ព្រះអង្គបាននឹងកំពុងតែចាប់ផ្តើមកិច្ចបដិបត្តិសមាធិដែលមានរយៈពេលបីឆ្នាំ លើប្រព័ន្ធគូហ៊ីយ៉ាសម្មៈជៈ នៅថ្ងៃបន្ទាប់។ តើខ្ញុំគិតចង់ចូលរួមជាមួយព្រះអង្គទេ? ពិតណាស់ ខ្ញុំត្រូវតែបដិសេធមិនចូលរួមទេ ប៉ុន្តែខ្ញុំបានរៀនមេរៀនដែលរីនប៉ូជេបានបង្ហាងញនៅក្នុងវិធីសាស្រ្តពុទ្ធសាសនាបូរាណ។ រីនប៉ូជេបានបង្កើតឳកាសនិងកាលៈទេសៈដើម្បីប្រាថ្នាចង់ឲ្យខ្ញុំសម្រេចនូវសច្ចៈពិតដោយខ្លួនឯង។ ដើម្បីសិក្សានិងបដិបត្តិទន្រ្ទៈជាន់ខ្ពស់នេះ ខ្ញុំចាំបាច់ត្រូវតែចាប់ផ្តើមពីថ្នាក់ដំបូងទៅសិន។
មិនយូរមិនឆាប់ខ្ញុំក៍បានផ្លាស់ប្តូរនិក្ខេបបទរបស់ខ្ញុំទៅជាប្រធានបទមួយដែលមានលក្ខណៈសមរម្យមិនសូវជ្រៅពេល - ពោលគឺស្តីអំពី ទំនៀមដែលសូត្រតតាមមាត់នៃវិធីសាស្រ្តឡាមរីម មាគ៌ាជាថ្នាក់ៗ- និងបានរៀបចំត្រៀមដើម្បីសិក្សាមូលដ្ឋានគ្រឹះជាមួយគ្រូរបស់ សារប៉ា និងខាមលុង រីនប៉ូជេ គឺមហាថេរៈ ហ្គេហ្សេ ង៉ាវ៉ាង ដាជីយេ។ ពាក្យថា ហ្គេហ្សេនេះគឺជាពុទ្ធិកសញ្ញាបត្រដែលមានតម្លៃស្មើនឹងថា្នក់បណ្ឌិត(Ph.D) ហើយជំនាញរបស់ ហ្គេហ្សេ ដាជីយេក្នុងនាមជាគ្រូ បានធ្វើឲ្យព្រះអង្គក្លាយជាគ្រូធម្មចារ្យនៃព្រះសង្ឃឡាម៉ាចាប់ជាតិចំនួនប្រាំព្រះអង្គ។ នៅក្នុងសម័យនោះ ហ្គេហ្សេ ដាជីយេគឺគង់នៅក្នុងកូនកុដិតូចមួយ ដែលប្រែក្លាយមកពីខ្ទមគោ ជាទីកន្លែងដែលមានសត្វរុយយ៉ាងច្រើន។ កូនកុដិនោះគឺតូចបំផុត គឺដាក់បានតែគ្រេមួយរបស់ព្រះអង្គតែប៉ុណ្ណោះ និងកន្លែងអង្គុយនៅផ្ទាល់ដីសំរាប់មនុស្សបីនាក់។ បើទោះបីជាស្ថានភាពនិងលក្ខខណ្ឌដែលព្រះអង្គកំពុងតែគង់នៅធ្វើឲ្យខ្ញុំស្អប់ខ្ពើមយ៉ាងក្តី តែខ្ញុំនៅតែស្នាក់អាស្រ័យដើម្បីការសិក្សារបស់ខ្ញុំ។ ខ្ញុំក៍ត្រូវការរៀននិយាយភាសាទីបេសម័យទំនើបផងដែរ នៅឯសកលវិទ្យាល័យហាវឺត ខ្ញុំបានត្រឹមតែសិក្សាអំពីការសរសេរបែបសាមញ្ញតែប៉ុណ្ណោះ។
ជំនួបបន្ទាប់របស់ខ្ញុំជាមួយរីនប៉ូជេ គឺកើតឡើងនៅក្នុងខែមិថុនានៃឆ្នាំដដែលនោះ។ ជំងឺអាសន្នរោគនិងជំងឺគ្រុនពោះវៀនបានកើតឡើងរីករាលដាលនៅក្នុងតំបន់នោះ ហើយសម្តេចសង្ឃរាជដាឡៃឡាម៉ាបានស្នើសុំឲ្យរីនប៉ូជេ និមន្តមកកាន់ដាល់ហៅស៊ី ដើម្បីមកសូត្រហាយ៉ាគ្រីយ៉ា។ ការចម្រើនបដិបត្តិនៃតួអង្គសម្មាសម្ពុទ្ធដែលមានរិទ្ធាអំណាចនេះ បូករួមទាំងការមានអនាម័យផង ជួយប្រជាពលរដ្ឋឲ្យចៀសផុតពីជំងឺឆ្លងនេះ។ បើទោះបីជាខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមជនបស្ចឹមប្រទេសមួយក្រុមតូចដែលត្រូវបានអនុញ្ញាតឲ្យចូលជួបយ៉ាងណាក៍ដោយ ក៍មិនងាយមានឳកាសដើម្បីចូលជួបរីនប៉ូជេនៅក្នុងលក្ខណៈឯកជនឡើយ។ ព្រះអង្គប្រញាប់ទៅធ្វើកិច្ចនេះនៅឯកន្លែងផ្សេងទៀត ហើយក៍បានចាកចេញពីដាល់ហៅស៊ីទៅយ៉ាងលឿន។
បោះបង់ការក្លាយជាសាស្រ្តាចារ្យសកលវិទ្យាល័យ ហើយផ្លាស់ទៅរស់នៅដារ៉ាមសាលា
នៅក្នុងជំនួបបន្ទាប់របស់យើង ការផ្លាស់ប្តូរជាច្រើនបានកើតឡើង។ នៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ១៩៧១ សម្តេចសង្ឃដាឡៃឡាម៉ាបានសុំឲ្យហ្គេហ្សេ ដាជីយេជួយបង្រៀនធម៌ដល់ជនបរទេស នៅឯបណ្ណាល័យនិងបណ្ណសារនៃកិច្ចការទីបេដែលទើបនឹងសាងសង់ហើយថ្មីៗនៅដារ៉ាមសលា ហើយសារប៉ា និងខាមលុងរីនប៉ូជេបានចូលរួមនៅក្នុងកិច្ចការងារនេះដែរក្នុងនាមជាអ្នកបកប្រែរបស់ព្រះអង្គ។ ខ្ញុំក៍បានសួរទៅកាន់ព្រះអង្គថាតើខ្ញុំអាចជួយអ្វីបានខ្លះទេនៅក្នុងបណ្ណាល័យនេះ ដូចជាការបកប្រែអត្ថបទអីជាដើម ហើយសម្តេចដាឡៃឡាម៉ាក៍យល់ព្រម។ ប៉ុន្តែធុរៈដំបូងបំផុតដែលខ្ញុំត្រូវធ្វើគឺ ខ្ញុំគួរតែប្រគល់និក្ខេបបទរបស់ខ្ញុំឲ្យទៅសាលា និងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតសិន បន្ទាប់មកខ្ញុំអាចត្រឡប់មកវិញបាន។ ការផ្ទុះសង្រ្គាមនៅតាមព្រំដែននៅក្នុងពេលថ្មីៗនោះជាមួយប្រទេសប៉ាគីស្ថាន ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាន បានធ្វើឲ្យខ្ញុំសម្រេចចិត្តថាចាកចេញដោយគ្មានបង្អង់។ ខ្ញុំបានត្រឡប់ទៅកាន់សកលវិទ្យាល័យហាវឺតវិញ និងធ្វើតាមការណែនាំរបស់ដាឡៃឡាម៉ា។ ការឆ្លើយបដិសេធចំពោះការទទួលយកអាជីពជាគ្រូបង្រៀននៅថ្នាក់មហាវិទ្យាល័យ - ដែលប្រការនេះធ្វើឲ្យគ្រូរបស់ខ្ញុំមានការភ្ញាក់ផ្អើល - ខ្ញុំបានផ្លាស់ទៅដារ៉ាមសាលានៅពីរបីខែក្រោយមក នៅក្នុងខែកញ្ញាឆ្នាំ១៩៧២។
ក្លាយជាសាវ័ករបស់រីនប៉ូជេ
សឺកុងរីនប៉ូជេបានចាកចេញទៅប្រទេសនេប៉ាល់ដើម្បីបង្រៀននៅទីនោះរយៈពេលពីរឆ្នាំ និងដើម្បីបន្តនូវទំនៀមនៃការសូត្រធម៌ទៅកាន់បណ្តាវត្តអារាមដែលទើបនឹងកសាងហើយថ្មីៗនៅទីនោះ។ នៅពេលដែលព្រះអង្គត្រឡប់មកដារ៉ាមសាលាវិញនៅក្នុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៧៤ នៅពេលនោះខ្ញុំអាចនិយាយភាសាទីបេបានល្អគ្រប់គ្រាន់ សមល្មមដើម្បីនិយាយទាក់ទងផ្ទាល់ជាមួយព្រះអង្គ។ បើទោះបីជាខ្ញុំមិនបានដឹងពីដំបូងថា រីនប៉ូជេហាក់ដឹងថាខ្ញុំមាននិស្ស័យកម្មដើម្បីធ្វើជាអ្នកបកប្រែរបស់ព្រះអង្គយ៉ាងណា។ ព្រះអង្គបានបញ្ចាក់យ៉ាងនេះដោយជំរុញឲ្យខ្ញុំទៅលែងព្រះអង្គឲ្យបានញឺកញាប់ និងឲ្យខ្ញុំអង្គុយនៅក្បែរព្រះអង្គនៅខណៈពេលដែលព្រះអង្គជួបមនុស្សផ្សេងៗ។ នៅចន្លោះរវាងនៃការណាត់ជួបនីមួយៗ រីនប៉ូជេបានពិភាក្សាជាមួយខ្ញុំនិងពន្យល់ពាក្យទីបេផ្សេងៗដល់ខ្ញុំ ដើម្បីធានាថាខ្ញុំពិតជាយល់ច្បាស់នូវការសន្ទនានៃជំនួបនោះ។
មិនយូរមិនឆាប់រីនប៉ូជេបានផ្តល់ឲ្យខ្ញុំនូវផ្ទាំងគំនូរមួយឈុតដែលអាចបត់បាន ជាផ្ទាំងគំនូរនៃតួអង្គសម្មាសម្ពុទ្ធម៉ានជូស្រីព័ណ៌ស(Manjushri) ដំរីសសៈរៈស្វាតី(White Sarasvati) និងព្រះម៉ែថារ៉ាព័ណ៌ស(White Tara) ដែលពុទ្ធបរិស័ទនៃតំបន់ស្ពីទីទើបតែប្រគេដល់ព្រះអង្គ។ តួអង្គសម្មាសម្ពុទ្ធទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតចំពោះការរីកចម្រើននិងការបដិបត្តិសមាធិផ្ទាល់របស់ព្រះអង្គតាំងតែពីកុមារភាពមក។ តួអង្គនីមួយៗតំណាងឲ្យ ភាពភ្លឺច្បាស់នៃមនោដើម្បីជួយដល់អ្នកដ៍ទៃ ប្រាជ្ញាវាងវៃ និងមានកំលាំងថាមពលដើម្បីឲ្យមានអាយុយឿនយូរ។ អំណោយដែលមានអត្ថន័យជ្រៅនេះបានបង្ហាញអំពីទំនាក់ទំនងរបស់យើងទាំងពីរ។ នៅពេលដែលខ្ញុំបានសួរទៅកាន់រីនប៉ូជេថា តើខ្ញុំអាចធ្វើជាសាវ័ករបស់ព្រះអង្គបានទេ នៅគ្រានោះព្រះអង្គបានញញឺម ដោយសារថានេះគឺជាទម្លាប់់សាមញ្ញទូទៅនៃវប្បធម៌បស្ចឹមប្រទេសរបស់ខ្ញុំ ដែលចាំបាច់ត្រូវពោលពាក្យសំដីឡើងឲ្យគេដឹង ចំពោះកិច្ចឬរឿងអ្វីដែលកើតឡើងច្បាស់ៗស្រាប់ហើយ។
ការបង្វឹកខ្ញុំឲ្យក្លាយជាអ្នកបកប្រែនិងជាគ្រូ
បន្ទាប់មករីនប៉ូជេបានបង្កើតការហ្វឹកហាត់ជាប្រព័ន្ធដើម្បីបង្វឹកខ្ញុំឲ្យក្លាយជាអ្នកបកប្រែមួយរូប ដោយមិនចាំបាច់និយាយរ៉ាយរ៉ាប់អំពីកិច្ចអ្វីដែលព្រះអង្គកំពុងធ្វើនោះច្រើនពេកទេ។ ធុរៈដំបូងព្រះអង្គចាប់ផ្តើមពីការចងចាំរបស់ខ្ញុំ នៅពេលណាដែលខ្ញុំទៅលែងនឹងព្រះអង្គ រីនប៉ូជេនៅពេលខ្លះ ដែលមិនបានព្រៀងទុកបានសុំឲ្យខ្ញុំនិយាយឡើងវិញមួយពាក្យម្តងៗនូវពាក្យសំដីដែលព្រះអង្គបានលើកឡើង។ ភាពស្រដៀងគ្នានេះដែរព្រះអង្គក៍សុំឲ្យខ្ញុំនិយាយសារឡើងវិញនូវពាក្យសំដីដែលខ្ញុំខ្លួនឯងបាននិយាយហើយភ្លាមៗ។ នៅពេលដែលខ្ញុំចាប់ផ្តើមបកប្រែជូនព្រះអង្គនៅក្នុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៧៥ រីនប៉ូជេឧស្សាហ៍សុំឲ្យខ្ញុំបកប្រែពាក្យសំដីរបស់ព្រះអង្គទៅជាភាសាទីបេវិញ ដើម្បីបញ្ចាក់ឲ្យច្បាស់ថាពិតជាគ្មានកំហុស គ្មានការថែមថយ ឬគ្មានការលុបអត្ថន័យណាមួយចោលទេ។ ជាការពិតនៅក្នុងរយៈពេលប្រាំបីឆ្នាំ(៨)ដែលខ្ញុំបានធ្វើជាអ្នកបកប្រែរបស់ព្រះអង្គ ខ្ញុំមានអារម្មណ៍ថារាល់ពេលដែលរីនប៉ូជេសុំឲ្យខ្ញុំបកប្រែត្រឡប់ទៅព្រះអង្គវិញបែបនេះ ខ្ញុំមានការយល់ច្រឡំជាច្រើនចំណុចចំពោះពាក្យអ្វីដែលព្រះអង្គបានលើកឡើង។ រីនប៉ូជេហាក់បីដូចជាដឹងជានិច្ចនៅពេលដែលខ្ញុំបកប្រែខុស។
បន្ទាប់មករីនប៉ូជេបានចាប់ផ្តើមលៃលកពេលវេលារយៈពេលប្រាំនាទីដើម្បីធ្វើការសង្ខេបការបង្រៀនរបស់ព្រះអង្គនៅចុងបញ្ចប់ ហើយបន្ទាប់មកព្រះអង្គបានប្រាបខ្ញុំថា ឥឡូវនេះដល់វេនអ្នកត្រូវធ្វើការសង្ខេបម្តងហើយ។ ការធ្វើតាមវិធីនេះ ព្រះអង្គចាប់ផ្តើមហ្វឹកហាត់ខ្ញុំមិនត្រឹមតែកិច្ចការងារបកប្រែសុន្ទរៈកថាវែងៗតែម៉្យាងទេ តែព្រះអង្គបង្រៀនខ្ញុំថែមទៀតផង។ ជួនពេលខ្លះព្រះអង្គបានពិភាក្សាជាមួយជំនួយការរបស់ព្រះអង្គ នៅខណៈពេលដែលខ្ញុំកំពុងតែធ្វើការសង្ខេបសេចក្តីនៃការបង្រៀនរបស់ព្រះអង្គ ហើយព្រះអង្គបានសាកល្បងសមត្ថភាពនៃការតាំងសតិរបស់ខ្ញុំ។ គ្រូធម្មាចារ្យល្អមួយរូបគឺមិនត្រូវមានការបែកអារម្មណ៍ដោយសារតែសូរសំលេងឬកិច្ចការខាងក្រៅនោះទេ។
ការហ្វឹកហាត់លើការចងចាំរបស់ខ្ញុំ
នៅពេលដែលរីនប៉ូជេបង្រៀនខ្ញុំផ្ទាល់នៅក្នុងលក្ខណៈឯកជន ព្រះអង្គមិនដែលឲ្យខ្ញុំកត់ចំណាំអ្វីទេ ពោលគឺខ្ញុំត្រូវតែចងចាំមេរៀនទាំងអស់ និងត្រូវសរសេរវាទុកនៅពេលក្រោយ។ មិនយូរមិនឆាប់ រីនប៉ូជេបានផ្តល់ឲ្យខ្ញុំនូវកិច្ចការជាច្រើនរាប់មិនអស់ បន្ទាប់ពីរៀនចប់ ដើម្បីឲ្យខ្ញុំអាចសរសេរមេរៀនទាំងអស់នោះទុកនៅពេលក្រោយ ពោលគឺនៅពេលយប់។ នៅទីបញ្ចប់ នៅពេលខ្លះព្រះអង្គបានឈប់មួយភ្លេតសិន នៅកំឡុងនៃការបង្រៀនដែលខ្ញុំកំពុងតែបកប្រែជូនព្រះអង្គ ផ្សេងក្រៅពីបកប្រែព្រះអង្គពន្យល់អំពីអ្វីមួយដល់ខ្ញុំទាក់ទងនឹងមេរៀនរបស់ខ្ញុំ ដែលខុសពីប្រធានបទកំពុងតែបង្រៀននោះទាំងស្រុង។ បន្ទាប់មកព្រះអង្គមិនបានផ្តល់ពេលវេលាឲ្យខ្ញុំគិតឬធ្វើការពិចារណាឬសរសេរវាទុកទេ តែព្រះអង្គបែរជាបន្តការបង្រៀននោះបន្តទៀត។
ប្រសិនបើខ្ញុំសួររីនប៉ូជេអំពីអ្វីមួយ ដែលព្រះអង្គបានប្រាប់ខ្ញុំពីមុនមកហើយ នោះព្រះអង្គនឹងស្តីបន្ទោសដល់ខ្ញុំយ៉ាងខ្លាំង ចំពោះការមិនចងចាំរបស់ខ្ញុំ។ ខ្ញុំនៅចាំនៅគ្រាមួយខ្ញុំបានសួរព្រះអង្គអំពីអត្ថន័យនៃពាក្យមួយ ហើយរីនប៉ូជេបានឆ្លើយតបភ្លាមៗថា «អាត្មាបានពន្យល់ពាក្យនោះដល់អ្នកកាលពីប្រាំពីរឆ្នាំមុន! អាត្មានៅចាំបានច្បាស់ណាស់ ហេតុអ្វីអ្នកមិនចាំ?» តាមពិតព្រះអង្គបានប្រាប់ខ្ញុំថា ព្រះអង្គកាន់តែចាស់ ចិត្តរបស់ព្រះអង្គកាន់តែច្បាស់។
ការធ្វើការងារជាមួយខ្ញុំដើម្បីស្វែងរកសព្ទ(ពាក្យ)បកប្រែឲ្យបានត្រឹមត្រូវ
សឺកុងរីនប៉ូជេមិនត្រឹមតែចាប់អារម្មណ៍លើការអភិវឌ្ឍនៃការចងចាំរបស់ខ្ញុំតែម៉្យាងទេ តែព្រះអង្គមានចំណាប់អារម្មណ៍នឹងភាពត្រឹមត្រូវនៃការបកប្រែរបស់ខ្ញុំផងដែរ។ ដោយយោងទៅតាមបទពិសោធន៍របស់ព្រះអង្គនៅក្នុងការបង្រៀនដល់ជនបស្ចឹមប្រទេស ព្រះអង្គបានយល់ឃើញថា ការយល់ខុសឬយល់ច្រឡំរបស់ពួកគេ គឺបណ្តាលមកពីការបកប្រែខុសនៃពាក្យបច្ចេកទេសជាក់លាក់ណាមួយនេះឯង។ ជាធុរៈបន្តបន្ទាប់មកទៀត ព្រះអង្គបានធ្វើកិច្ចការនេះជាមួយខ្ញុំដើម្បីបង្កើតពាក្យថ្មីនៅក្នុងភាសាអង់គ្លេស។ ព្រះអង្គធ្វើការពន្យល់ដោយមានភាពអត់ធ្មត់បំផុតចំពោះអត្ថន័យបង្កប់នៃពាក្យទីបេនីមួយៗ បន្ទាប់មកព្រះអង្គសួរស្វែងរកពាក្យដែលមានអត្ថន័យស្មើនៅក្នុងភាសាអង់គ្លេសដើម្បីឲ្យពាក្យនោះស៊ីគ្នា។ ព្រះអង្គឧស្សាហ៍ជំរុញលើកទឹកចិត្តខ្ញុំឲ្យដកពិសោធលើពាក្យថ្មីៗ ហើយមិនត្រូវជាប់គាំងជាមួយនឹងភាពមិនគ្រប់គ្រាន់នៃការបង្កើតពាក្យនេះទេ។ ពាក្យស្តង់ដារទីបេដែលត្រូវបានគេប្រើប្រាស់ដើម្បីបកប្រែពីពាក្យសំស្រ្កឹតបានវិវត្តបន្តិចម្តងៗអស់រយៈកាលរាប់សិបសតវត្សរ៍មកហើយ។ បើដូច្នេះវាគឺជារឿងធម្មតាដែលវិធីសាស្រ្តស្រដៀងគ្នានៃការសិក្សាឡើងវិញ នឹងកើតមានឡើងនៅកំឡុងពេលនៃការបកប្រែទៅជាភាសាបស្ចឹមប្រទេសនានា។
បង្រៀនខ្ញុំអំពីជំនាញទាក់ទងនៅក្នុងសង្គមនិងភាពចេះដាក់ខ្លួន
កាលពីដើមឡើយកាលដែលខ្ញុំបានស្នើសុំរីនប៉ូជេដើម្បីឲ្យព្រះអង្គទទួលយកខ្ញុំជាសាវ័ក ជាពិសេសខ្ញុំបានសុំឲ្យព្រះអង្គបង្រៀនជំនាញដ៍ប៊ិនប្រសប់ដល់ខ្ញុំ - ពោលគឺវិធីសាស្រ្តដើម្បីជួយដល់អ្នកដ៍ទៃប្រកបដោយមេត្តានិងប្រាជ្ញា។ ដោយកើតចេញមកពីប្រវត្តិសិក្សាជាន់ខ្ពស់ ដែលខ្ញុំពិតជាមានសមត្ថភាពនោះ នោះការអភិវឌ្ឍនិងការរីកចម្រើនរបស់ខ្ញុំគឺមានតែមួយជ្រុងតែប៉ុណ្ណោះ។ ខ្ញុំត្រូវតែរៀនជំនាញទាក់ទងក្នុងសង្គម និងត្រូវរៀនចេះដាក់ខ្លួន មិនត្រូវមានអំណួតពេកទេ។ បន្តបន្ទាប់មកទៀតរីនប៉ូជេ បានហៅខ្ញុំនៅត្រឹមឈ្មោះមួយនេះតែប៉ុណ្ណោះគឺ «មនុស្សល្ងង់» ហើយព្រះអង្គមិនដែលអាកខានក្នុងការចង្អុលបង្ហាញខ្ញុំត្រង់ៗនូវរឿងអ្វីដែលខុសឬល្ងង់ល្ងីល្ងឺ ដែលខ្ញុំបាននិយាយឬបានធ្វើ។ ឧបមាដូចជាថា៖ នៅពេលព្រះអង្គឲ្យខ្ញុំបកប្រែជូន ព្រះអង្គទាមទារឲ្យខ្ញុំយល់មួយរយភាគរយ។ នៅពេលណាដែលខ្ញុំមានការស្ទាក់ស្ទើរមិនច្បាស់ មិនសំខាន់ថាត្រូវប្រើពេលវេលាប៉ុណ្ណា ឬមិនថាខ្ញុំខ្មាសគេប៉ុណ្ណានោះទេ ដោយសារតែព្រះអង្គហៅខ្ញុំថាជាមនុស្សឆ្កួត តែព្រះអង្គមិនដែលឲ្យពាក្យឬកំហុសរបស់ខ្ញុំទាំងអស់នោះរំលងទៅដោយគ្មានការយល់ដឹងឬគ្មានការបកប្រែត្រឹមត្រូវនោះទេ។ បើទោះបីជាវិធីសាស្រ្តនោះវាមិនសមរម្យសំរាប់សិស្សណាដែលមិនមានភាពជឿជាក់លើខ្លូនឯងយ៉ាងណាក្តី តែវិធីតឹងរឹងរបស់ព្រះអង្គគឺសាកសមនឹងខ្ញុំបំផុត។
នៅគ្រាមួយនៅឡាវោរ ប្រទេសបារាំង រីនប៉ូជេបានបង្រៀនអំពីអត្ថកថាមួយដែលមានភាពស្មុគស្មាញ នៅពេលដែលខ្ញុំអង្គុយបកប្រែ រីនប៉ូជេបានសុំឲ្យខ្ញុំធ្វើការប្រៀបធៀបជាមួយនឹងការបោះពុម្ភថ្មីៗជាច្រើនទៀតនៃអត្ថកថានេះ និងត្រូវកែសម្រួលទៅតាមភាពជាក់ស្តែង។ នៅគ្រានោះខ្ញុំអត់មានប៊ិចសរសេរទេ ប៉ុន្តែមានស្រ្តីម្នាក់សក់ក្រហមអង្គុយនៅចំពីមុខខ្ញុំ ហើយមានលាបក្រេមបរបេរមាត់យ៉ាងក្រហមប្រៀបដូចជាផ្កាកុលាបដែលនៅលើមាត់របស់គាត់អីចឹង។ ខ្ញុំក៍បានសួរទៅកាន់អ្នករាល់គ្នាថាតើមាននរណាមានប៊ិចដែលខ្ញុំអាចសុំខ្ចីប្រើសិនបានទេ ហើយស្ត្រីនោះក៍ព្រមឲ្យខ្ញុំខ្ចីប៊ិចរបស់នាងមកប្រើ។ នៅចុងបញ្ចប់នៃការបង្រៀន ខ្ញុំអស់កំលាំងខ្លាំងណាស់ នៅពេលដែលខ្ញុំក្រោកឈរឡើង ស្ត្រីនោះបានហុចដៃរបស់នាងតម្រង់មករកខ្ញុំដោយមិននិយាយពាក្យអ្វីមួយម៉ាត់ឡើយ។ នៅខណៈនោះខ្ញុំជាប់រវល់គិតតែពីខ្លួនឯងទេ ហើយគិតថានាងចង់ចាប់ដៃរបស់ខ្ញុំដើម្បីអបអរចំពោះការបកប្រែដ៍ល្អរបស់ខ្ញុំ។ នៅខណៈពេលដែលខ្ញុំលូកដៃទៅចាប់ដៃរបស់នាងវិញ នៅពេលនោះរីនប៉ូជេបានស្រែកឡើងថា «អាល្ងឺ ឲ្យប៊ិចទៅគេវិញ!»។
បង្វឹកខ្ញុំឲ្យគិតខ្វល់នឹងការជួយដល់អ្នកដ៍ទៃតែម៉្យាង ដោយមិនគិតពីការចង់បានការសរសើរ
ដើម្បីទប់ទល់ជាមួយនឹងភាពអាត្មានិយមរបស់ខ្ញុំ រីនប៉ូជេបានបង្រៀនឲ្យខ្ញុំធ្វើកិច្ចការងារដើម្បីជាប្រយោជន៍ដល់អ្នកដ៍ទៃ។ ព្រះអង្គបានបំពេញកិច្ចនេះដោយមិនចាំបាច់ផ្តល់ការបង្រៀនឬការជំរុញលើកទឹកចិត្តដល់ខ្ញុំស្នើសុំពីព្រះអង្គដើម្បីតែខ្លួនខ្ញុំម្នាក់នោះទេ។ ព្រះអង្គយល់ព្រមបង្រៀនប្រសិនបើមានគេផ្សេងសុំ ហើយខ្ញុំធ្វើជាអ្នកបកប្រែ។ រីនប៉ូជេបានបង្រៀនដល់ខ្ញុំនូវកិច្ចនីមួយៗនោះ ដែលព្រះអង្គគិតថាវាសំខាន់សំរាប់ខ្ញុំដើម្បីសិក្សា។
លើសពីនេះទៅទៀតរីនប៉ូជេមិនដែលសរសើរខ្ញុំនៅចំពោះមុខទេ ប៉ុន្តែផ្ទុយទៅវិញព្រះអង្គបែរជាស្តីបន្ទោសឲ្យខ្ញុំទៅវិញ។ ជាពិសេសព្រះអង្គបានធ្វើបែបនេះនៅចំបោះមុខគេឯងទៀតផង ដើម្បីបង្រៀនខ្ញុំកុំឲ្យងាករេឬឆេវឆាវដោយសារតែការរិះគន់ឬដោយសារសម្ពាធ។ ជាការពិត ខ្ញុំនៅចាំថារីនប៉ូជេបានអរគុណដល់ខ្ញុំតែម្តងគត់សំរាប់ការជួយរបស់ខ្ញុំ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់យើងទៅកាន់បស្ចឹមប្រទេសជាលើកដំបូង។ តាមវិធីចិត្តសាស្រ្តដ៍មានឥទ្ធិពលនេះ រីនប៉ូជេបានបង្វឹកខ្ញុំឲ្យគិតធ្វើជាប្រយោជន៍ដល់អ្នកដ៍ទៃ មិនមែនដើម្បីស្វែងរកតែការសរសើរ ពីលោកគ្រូស្អីនោះទេ។ ពេលដែលខ្ញុំយល់ឃើញថា ការរងចាំការសរសើរគឺប្រៀបដូចជាសត្វឆ្កែកំពុងតែរងចាំឲ្យគេមកស្ទាបក្បាលអីចឹងដែរ ហើយមិនយូរមិនឆាប់ខ្ញុំឈប់រំពឹងចង់បានការសរសើរឬសញ្ញានៃការសរសើរស្អីនោះទៀតហើយ។ បើទោះបីជាព្រះអង្គសរសើរខ្ញុំយ៉ាងណា តើខ្ញុំអាចធ្វើអ្វីបាន ឲ្យបក់កន្ទុយដូចឆ្កែមែនទេ!
ជំរុញលើកទឹកចិត្តខ្ញុំឲ្យអានគម្ពីរធំៗជាភាសាទីបេដោយខ្លួនឯង
រីនប៉ូជេឧស្សាហ៍ជំរុញលើកទឹកចិត្តគេឲ្យរៀនអានគម្ពីរធំៗល្អដោយខ្លួនឯង។ នៅពេលណាមានគេមានចម្ងល់ឬការសង្ស័យអ្វីមួយ រីនប៉ូជេនឹងបញ្ចូលនរណាម្នាក់ឲ្យទៅជួយឆែកមើល។ ព្រះអង្គបានបពន្យល់ថាព្រះអង្គមិនបានប្រឌិតការបង្រៀន(ធម៌)ទាំងអស់នោះឡើងទេ តែវាបានមកពីប្រភពដែលត្រឹមត្រូវ។ រីនប៉ូជេក៍បានលើកឡើងផងដែរថា គ្មាននរណាម្នាក់គេអាចរំពឹងចាំឲ្យតែសង្ឃឡាម៉ាមកបង្រៀនដល់គេនូវអ្វីៗគ្រប់យ៉ាងនោះទេ។ លើសពីនេះទៅទៀត សំរាប់ជនបស្ចឹមប្រទេស ព្រះអង្គបានលើកឡើងអំពីសង្ឃដីការបស់សម្តេចសង្ឃដាឡៃឡាម៉ាថា នៅក្នុងរយៈពេលពីពីរឆ្នាំឬច្រើនឆ្នាំទៅមុខទៀត ទំហំនៃការបង្រៀនធម៌នឹងអាចកើតមានត្រឹមតែភាសាទីបេតែប៉ុណ្ណោះ។ បើដូច្នេះព្រះអង្គជំរុញលើកទឹកចិត្តឲ្យជនបស្ចឹមប្រទេសរៀនភាសាទីបេ។ ដូច្នេះនៅពេលបង្រៀន រីនប៉ូជេឧស្សាហ៍ធ្វើការពន្យល់នូន័យបង្កប់នៃភាសាបច្ចេកទេសទីបេ។
ស្របទៅតាមវិធីសាស្រ្តនេះ រីនប៉ូជេបានឲ្យខ្ញុំបន្តការសិក្សារបស់ខ្ញុំតាមរយៈការអាន និងអនុញ្ញាតឲ្យខ្ញុំសួរសំនួរដែលខ្ញុំឆ្ងល់។ ព្រះអង្គបានលើកឡើងថា ការបន្តប្រតិបត្តិតាមវិធីនេះ សាវ័កអាចសិក្សាអក្សរសិល្ប៍ពុទ្ធសាសនានៅទីណាក៍បាន ពោលគឺប្រៀបដូចជាការហែលទឹកនៅក្នុងមហាសមុទ្រ ឬហោះហើរនៅលើអាកាសដូច្នោះដែរ។ ថែមទាំងពន្យល់ទៀតថា សង្ឃឡាម៉ាមាននាទីបង្រៀនសាវ័ករបស់ខ្លួនឲ្យគេអាចឈរដោយខ្លួនឯងបាន ហើយបន្ទាប់មកព្រះអង្គនឹងជំរុញគេឲ្យចាកចេញពីសំបុករបស់គេ។
បង្រៀនខ្ញុំមិនឲ្យមានអាស្រ័យភាព(ពឹងអាស្រ័យ)លើព្រះអង្គ
រីនប៉ូជេបានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីបង្រៀនខ្ញុំកុំឲ្យមានការពឹងអាស្រ័យលើព្រះអង្គពេក។ ឧបមាថា៖ បើទោះបីជារីនប៉ូជេនិងខ្ញុំមានទំនាក់ទំនងជិតស្និទនឹងគ្នាយ៉ាងណា តែព្រះអង្គមិនដែលធ្វើពុតថាព្រះអង្គអាចជួយខ្ញុំបាននៅគ្រប់ស្ថានភាពនោះទេ។ នៅគ្រាមួយខ្ញុំបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ហើយថ្នាំដែលខ្ញុំបានប្រើប្រាស់នោះគឺហាក់គ្មានប្រសិទ្ធិភាពសោះ។ នៅពេលដែលខ្ញុំសុំដំបូន្មានពីរីនប៉ូជេអំពីប្រព័ន្ធវេជ្ជសាស្រ្តមួយណាដែលមានប្រសិទ្ធិភាព - បស្ចឹមប្រទេស ទីបេ ឬក៍ឥណ្ឌា - ហើយថាតើវេជ្ជបណ្ឌិតមួយណាដែលអាចទុកចិត្តបាន រីនប៉ូជេបានឆ្លើយតបវិញថា នៅពេលនេះប្រផ្នូលរបស់ព្រះអង្គគឺមិនច្បាស់ទេ។ ព្រះអង្គបានបញ្ជូនខ្ញុំទៅសង្ឃឡាម៉ាផ្សេងទៀតដើម្បីឲ្យព្រះអង្គស្វែងរកវិធីសាស្រ្តព្យាបាលណាដែលមានប្រសិទ្ធិភាពវិញ មិនយូរមិនឆាប់ក្រោយមកខ្ញុំក៍បានជាពីជម្ងឺ។
រៀបចំបណ្តុះបណ្តាលខ្ញុំដើម្បីបកប្រែជូនសម្តេចសង្ឃរាជដាឡៃឡាម៉ា
បន្ទាប់ពីអស់រយៈកាលជាច្រើនឆ្នាំកន្លងមក ទើបខ្ញុំដឹងថារីនប៉ូជេបានបង្វឹកខ្ញុំដើម្បីធ្វើជាអ្នកបកប្រែជូនដាឡៃឡាម៉ា។ ជាការពិត ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងគឺដូចកាដូមួយអីចឹង ដែលរីនប៉ូជេបានត្រៀមរៀបចំដើម្បីយកទៅប្រគេនសម្តេចសង្ឃរាជដាឡៃឡាម៉ា។ ទោះបីយ៉ាងណាក្តី ដើម្បីធ្វើការបម្រើព្រះអង្គឲ្យបានសមរម្យ ខ្ញុំមិនត្រូវមានចិត្តជាប់ជំពាក់(ឧបាទាន) ឬមានចិត្តពឹងអាស្រ័យលើដាឡៃឡាម៉ាទេ។ សរុបទៅខ្ញុំគឺដូចជាដំបងវាយកូនហ្គោលមួយអីចឹង ដែលព្រះអង្គជ្រើសរើសយកមកប្រើដើម្បីឲ្យសមទៅតាមតម្រូវការនៃការបកប្រែរបស់ព្រះអង្គ។ ខ្ញុំត្រូវតែប្រឈមមុខនឹងសំពាធដ៍មហិមារ និងត្រូវតែជម្នះភាពអាត្មានិយមរបស់ខ្លួនឲ្យបាន។
ដូច្នេះរីនប៉ូជេបានបង្រៀនខ្ញុំអំពីរបៀបប្រព្រឹត្តឲ្យបានត្រឹមត្រូវនៅពេលបម្រើដាឡៃឡាម៉ា។ ឧបមាថា៖ ក្នុងនាមជាអ្នកបកប្រែជូនសម្តេចសង្ឃ គេមិនត្រូវបក់ដៃឬធ្វើកាយវិការដូចជាការរាំអ្វីនោះទេ ហើយក៍មិនត្រូវសំលឺងមើលទៅព្រះអង្គដូចជាការមើលសត្វនៅក្នុងសួនសត្វនោះក៍ទេដែរ។ ផ្ទុយទៅវិញ គេត្រូវតែឳនក្បាលចុះ នឹងត្រូវតាំងសតិជានិច្ច និងមិនត្រូវបន្ថែមបន្ថយ ឬបញ្ចេញអាកប្បកិរិយារបស់ខ្លួនឡើយ។ គេត្រូវតែរាយនាមមនុស្ស និងចំណុចនីមួយៗទៅតាមលំដាប់លំដោយដែលព្រះអង្គបានលើកឡើងឲ្យបានត្រឹមត្រូវ មិនត្រូវកែតម្រូវឬបន្ថែមបន្ថយអ្វីទេ ឬមិនត្រូវគិតថាអ្វីដែលព្រះអង្គបានលើកឡើងគឺគ្មានប្រយោជន៍ឬក៍គ្មានអត្ថន័យនោះក៍ទេដែរ។
សង្ឃងាររបស់ឡាម៉ាត្រូវតែបកប្រែឲ្យបានត្រឹមត្រូវ ឲ្យស្របទៅតាមអ្វីដែលព្រះអង្គប្រើប្រាស់ មិនមែនស្របទៅតាមការហៅរបស់ជនបរទេសទេ ដែលជាទូទៅគេគិតថារាល់សង្ឃឡាម៉ាទាំងអស់គឺសុទ្ធតែមានងារជា «His Holiness» ប្រការនេះផ្ទុយពីការគោរពសង្ឃឡាម៉ាទាំងអស់ ហើយទម្លាប់ជនបស្ចឹមប្រទេសដែលខ្វះការយល់ដឹងទាំងអស់នេះបានបន្ទាបបន្ថោកដាឡៃឡាម៉ា។ ជាការពិត ប្រការនេះនឹងធ្វើឲ្យសង្ឃឡាម៉ាទាំងអស់នោះភ្ញាក់ផ្អើលនិងរន្ធត់យ៉ាងខ្លាំង ប្រសិនបើគេដឹងថាជនបរទេសទាំងនោះគិតថាគេគ្រប់អង្គមានងារដូចជាសម្តេចសង្ឃរាជដាឡៃឡាម៉ានោះ។ ករណីនេះគឺដូចគ្នានៅក្នុងវិហារកាតូលិក និងនៅក្នុងករណីការទូតដែរ ពិធីការទីបេនិងការប្រើប្រាស់ឋានន្តរសក្កិរបស់ខ្លួនត្រូវតែធ្វើឡើងយ៉ាងតឹងរឺងនិងខ្ជាប់ខ្ជួន។
នៅពេលដែលខ្ញុំបកប្រែជូនដាឡៃឡាម៉ា សឺកុងរីនប៉ូជេឧស្សាហ៍គង់នៅចំពីមុខខ្ញុំ។ ការឃើញព្រះអង្គគង់នៅពីមុខខ្ញុំជួយឲ្យខ្ញុំគិតនិងមានសតិរលឹងដឹងចំពោះការបង្រៀននិងការបង្វឹករបស់ព្រះអង្គដល់ខ្ញុំ។ ឧបមាថា៖ នៅគ្រាមួយនៅពេលខ្ញុំកំពុងតែបកប្រែនៅដារ៉ាមសាលានៅចំពោះមុខអ្នកស្តាប់បស្ចឹមប្រទេសពីរបីរយនាក់ និងជនទីបេរាប់ពាន់ពាក់ នៅពេលនោះដាឡៃឡាម៉ាបានបញ្ឈប់ខ្ញុំ ហើយព្រះអង្គអស់សំណើច និងលើកឡើងថា «គាត់បកប្រែខុស!» ដាឡៃឡាម៉ាចេះនិងយល់ភាសាអង់គ្លេសបានយ៉ាងល្អ។ បើទោះបីជាពេលនោះខ្ញុំខ្មាស់គេនិងចង់លូនចូលនៅពួននៅក្រោមកំរាលព្រំឲ្យដូចជាសត្វស្រមោចយ៉ាងណាក្តី តែរីនប៉ូជេដែលគង់នៅទល់មុខខ្ញុំបានជួយខ្ញុំឲ្យរក្សាជំហរឹងមាំឡើងវិញ។
ប្រើប្រាស់វិធីសាស្រ្តរឹងមាំខ្លាំងក្លាដើម្បីកែតម្រូវឥរិយាបថមិនត្រឹមត្រូវ(ពាល)
ទោះបីយ៉ាងណាក៍ដោយ ជួនពេលខ្លះ ខ្ញុំត្រូវការការរំលឹកដ៍ខ្លាំងក្លាមួយចំពោះមេរៀនរបស់ខ្ញុំ។ ឧបមាថា៖ នៅក្នុងគ្រាដំបូងៗនៃការបកប្រែជូនដាឡៃឡាម៉ា នៅក្នុងការបង្រៀនរបស់ព្រះអង្គទៅកាន់មនុស្សរាប់ពាន់នាក់នៅក្រោមដើមពោធិព្រឹក្សនៅពុទ្ធគាយា។ នៅគ្រានោះមីក្រូហ្វូនរបស់ខ្ញុំអត់ដំណើរការ នៅពេលនោះដាឡៃឡាម៉ាបានឲ្យខ្ញុំលូនចូលទៅក្បែរថេរៈមួយអង្គដើម្បីទៅប្រើមីក្រូហ្វូនរួមគ្នាជាមួយព្រះអង្គ តែមីក្រូហ្វូននោះក៍អត់ដំណើរការដែរ។ បន្ទាប់មកដាឡៃឡាម៉ាបានឲ្យខ្ញុំទៅអង្គុយផ្ទាល់ដីនៅចន្លោះរវាងអាសនៈរបស់ព្រះអង្គនិងរីនប៉ូជេ ដែលឋិតនៅជួរមុខ និងបានហុចមីក្រូហ្វូនមកឲ្យខ្ញុំនៅពេលណាព្រះអង្គមានសង្ឃដីកាចប់ម្តងៗ។ ខ្ញុំមានអារម្មណ៍ថាភ័យអរៗមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលនោះ ទាំងខ្ញុំនិងដាឡៃឡាម៉ាបានឈងចាប់មីក្រូហ្វូនដោយប្រើប្រាស់តែដៃម្ខាងតែប៉ុណ្ណោះ ជាជាងឈងចាប់មីក្រូហ្វូនពីព្រះអង្គដោយដៃទាំងទ្វេររបស់ខ្ញុំ ដែលប្រការនេះហាក់មិនសមរម្យទេ។ ក្រោយមករីនប៉ូជេបានវាយខ្ញុំដែលខ្ញុំបានឈងចាប់យកមីក្រូហ្វូនដូចជាស្វាឈងចាប់យកចេកអីចឹង។
ឥរិយាបថសមរម្យនៅក្នុងការបង្រៀនដោយដាឡៃឡាម៉ា
រីនប៉ូជេក៍បានយកចិត្តទុកដាក់ចំពោះជនបស្ចឹមប្រទេសទូទៅដែលបានថ្វាយខ្លួនមកសិក្សាព្រះធម៌ជាមួយដាឡៃឡាម៉ា។ អត្ថចរិតនិងឫកពាររបស់ពួកគេនៅឯការបង្រៀនជាសាធារណៈឧស្សាហ៍ធ្វើឲ្យព្រះអង្គមានការភ្ញាក់ផ្អើល។ ព្រះអង្គបានលើកឡើងថាវាគឺជាធុរៈសំខាន់ដែលត្រូវដឹងថានរណាជាសម្តេចសង្ឃរាជដាឡៃឡាម៉ា ពោលព្រះអង្គគឺមិនមែនជាឡាម៉ាចាប់ជាតិធម្មតាទេ។ នៅចំពោះមុខព្រះអង្គគឺត្រូវតែមានការគោរពនិងឳនលំទោន។ ឧបមាថា៖ នៅកំឡុងនៃការសំរាកពីពិធីអ្វីមួយឬពីការបង្រៀនដើម្បីឆាន់តែ ការឈរជជែកនៅក្នុងវត្តមានរបស់សម្តេចសង្ឃដាឡៃឡាម៉ា ធ្វើដូចជាព្រះអង្គមិនឋិតនៅទីនោះគឺជាឥរិយាបថឈ្លើយនិងមិនសមរម្យបំផុត។ ឥរិយាបថដែលសមរម្យត្រឹមត្រូវគឺត្រូវទៅឈរខាងក្រៅដើម្បីធ្វើការសន្ទនា។
នៅគ្រាមួយមានអង្គការពុទ្ធសាសនាបស្ចឹមប្រទេសមួយបានអញ្ជើញនិងឧបត្ថម្ភនូវការបង្រៀនមួយដែលខ្ញុំបានធ្វើជាអ្នកបកប្រែជូនដាឡៃឡាម៉ានៅដារ៉ាមសាលា។ ព្រះអង្គបានយល់ព្រមទទួលឆ្លើយសំនួរដែលគេបានសរសេរសួរព្រះអង្គ។ បន្ទាប់ពីមេរៀននីមួយៗ រីនប៉ូជេបានសុំឲ្យខ្ញុំអានសំនួរនីមួយៗជូនព្រះអង្គ ជាសំនួរដែលត្រៀមសំរាប់ថ្ងៃបន្ទាប់ និងត្រូវបដិសេធមិនទទួលយកសំនួរណាដែលមានលក្ខណល្ងីល្អឺ មិនមានសារៈសំខាន់។ ជារឿយៗរីនប៉ូជេសុំឲ្យខ្ញុំរៀបចំសរសេរសំនួរនោះឡើងវិញ ដើម្បីឲ្យសំនួរទាំងអស់នោះកាន់តែមានន័យ។ ពួកគេមិនគួរចំណាយពេលវេលាដាឡៃឡាម៉ាឥតប្រយោជន៍ទេ ជាឳកាសដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនក្នុងការស្តាប់នូវចម្លើយ។ ជាច្រើនលើកច្រើនសារដាឡៃឡាម៉ាឧស្សាហ៍លើកឡើងថា សំនួរទាំងអស់នោះគឺពិតជាល្អនិងមានលក្ខណៈជ្រៅណាស់។ ខ្ញុំបានរៀនអំពីវិធីសាស្រ្តនៃការកែសម្រួលនេះដោយខ្លួនឯងនៅពេលណាខ្ញុំធ្វើដំណើរជាមួយព្រះអង្គ។