វិធីសាស្រ្តសឺកុងរីនប៉ូជេក្នុងភាពជាគ្រូដ៍អស្ចារ្យមួយរូប

បង្កើតសេចក្តីទុកចិត្តនិងការប្តេជ្ញាស្មោះស្ម័គ្រចំពោះធម្មាចារ្យ

ការប្តេជ្ញាចិត្តស្មោះស្ម័គ្រចំពោះគ្រូធម្មាចារ្យគឺជាកិច្ចបដិបត្តិដ៍លំបាកនិងផ្ចិតផ្ចង់បំផុតមួយ។ ទាមទារឲ្យមានការយកចិត្តទុកដាក់យ៉ាងសម្បើម ដើម្បីឲ្យវាកើតឡើងនិងរក្សាវាឲ្យនៅគង់វង្សបាន។ កាលណាកិច្ចនេះត្រូវបានបង្កើតឡើងយ៉ាងល្អហើយ នោះគ្មានអ្វីអាចធ្វើឲ្យវាកែប្រែងាករេរបានទេ។ សឺកុងរីនប៉ូជេជម្នះរាល់ការឈឺចាប់ដើម្បីធានាកិច្ចនេះឲ្យបានល្អនៅក្នុងករណីរបស់ព្រះអង្គនឹងខ្ញុំ។ នៅក្នុងវេលារាត្រីមួយ នៅចុងបញ្ចប់នៃពិធីបុណ្យមុនឡាំឯតំបន់មុនហ្គូដ រីនប៉ូជេបានប្រាប់រឿងរ៉ាវលុយកាក់ដ៍ស្មុគស្មាញដល់ខ្ញុំទាក់ទងនឹងទ្រព្យសម្បត្តិរបស់ព្រះអង្គ។ បើទោះបីជាកាលនោះសាវ័កផ្សេងទៀតរបស់ព្រះអង្គគេគិតថារឿងនេះមិនចាំបាច់យ៉ាងណាក្តី តែរីនប៉ូជេបានលើកឡើងថាវាគឺជាកិច្ចសំខាន់ដែលខ្ញុំត្រូវដឹង។ ប្រសិនបើខ្ញុំបានលឺពាក្យចរចាមអារាមនៅពេលក្រោយអំពីករណីនេះពីពួកអ្នកច្រណែនយ៉ាងណា តែព្រះអង្គចង់បញ្ជាក់ឲ្យច្បាស់ថាខ្ញុំនឹងមិនមានការសង្ស័យចំពោះភាពថ្លៃថ្នូររបស់ព្រះអង្គ ឬចំពោះការប្តេជ្ញាចិត្តរបស់ខ្ញុំ។ 

ការប្តេជ្ញាចិត្តស្មោះស្ម័គ្រចំពោះថេរៈធម្មាចារ្យទាមទារនូវការពិនិត្យសង្កេតចំពោះគ្នាយ៉ាងយកចិត្តទុកដាក់ទៅវិញទៅមក រវាងសាវ័កនិងគ្រូ។ បន្ទាប់ពីការសង្កេតយ៉ាងយកចិត្តទុកដាក់ហើយយ៉ាងណា តែសាវ័កត្រូវចាត់ទុកសង្ឃឡាម៉ា(ធម្មាចារ្យរបស់ខ្លួន)ថាជាតួអង្គសម្មាសម្ពុទ្ធ ត្រង់នេះមិនមែនបានសេចក្តីថាធម្មាចារ្យគ្រប់រូបមិនមានទោសកំហុសអ្វីមួយសោះនោះក៍ទេដែរ។ សាវ័កគ្រប់រូបត្រូវតែពិនិត្យនិងសង្កេតឲ្យបានច្បាស់ថាអ្វីដែលធម្មាចារ្យរបស់ខ្លួនបានលើកឡើងឬបង្រៀនត្រូវឬខុស ប្រសិនបើចាំបាច់អាចធ្វើការណែនាំនិងផ្តល់ជាយោបល់។ ពួកគេត្រូវតែកែតម្រូវនូវអ្វីដែលមិនមានភាពប្រក្រតីដែលបានលើកឡើងដោយសង្ឃឡាម៉ារបស់ពួកគេ។ 

នៅគ្រាមួយរីនប៉ូជេបានបង្ហាញចំណុចនេះដល់សង្ឃបស្ចឹមប្រទេសដែលគង់នៅវត្តនាលន្ទានៅក្នុងប្រទេសបារាំង។ នៅកំឡុងនៃការបង្រៀន ព្រះអង្គមានចេតនាពន្យល់ខុសសេចក្តីទាំងស្រុង បើទោះបីជាអ្វីដែលព្រះអង្គបានបង្រៀននោះគឺខុសហួសហេតុយ៉ាងណាក្តី តែព្រះសង្ឃនៅទីនោះនៅតែកត់ពាក្យសំដីរបស់ព្រះអង្គទុកនៅក្នុងកូនសៀវភៅរបស់ពួកគេ។ នៅក្នុងមេរៀនបន្ទាប់ រីនប៉ូជេបានស្តីបន្ទោសដល់សង្ឃទាំងនោះ ដោយព្រះអង្គលើកឡើងថា កាលពីមួយម៉ោងមុននេះអាត្មាបានពន្យល់នូវអ្វីដែលខុសហួសហេតុមិនគួរឲ្យជឿ តើហេតុអ្វីក៍គ្មាននរណាម្នាក់សួរព្រះអង្គអីចឹង? ព្រះអង្គបានប្រាប់ពួកគេថា ដូចដែលសម្មាសម្ពុទ្ធបានទូន្មានថា គេមិនត្រូវទទួលជឿដោយងងឹតងងល់នោះទេ ចំពោះអ្វីក៍ដោយដែលធម្មាចារ្យបានលើកឡើង។ សូម្បីតែមហាថេរៈធម្មាចារ្យខ្លះក៍ជួនកាលនិយាយខុសដែរ ហើយអ្នកបកប្រែឧស្សាហ៍បង្កកំហុសណាស់ ហើយសិស្សនឹងទទួលបាននូវមេរៀនដែលមិនត្រឹមត្រូវនិងច្រឡំភ័ន្ត។ ប្រសិនបើមានអ្វីចម្លែកមិនប្រក្រតីកើតឡើង គេត្រូវតែសួរជានិច្ច និងផ្ទៀងផ្ទាត់ជាមួយនឹងគម្ពីរនៅគ្រប់ចំណុចទាំងអស់។ 

ការធ្វើការវិភាគនិងចោទជាសំនួរចំពោះគម្ពីរបើសូម្បីគម្ពីរនោះត្រូវបានសរសេរដោយមហាធម្មាចារ្យពុទ្ធសាសនាយ៉ាងណាក្តី

ព្រះអង្គផ្ទាល់ រីនប៉ូជេបានចោទជាសំនួរចំពោះអត្ថកថាស្តងដារពុទ្ធសាសនា។ កិច្ចនេះព្រះអង្គយកគំរូតាមព្រះមហាថេរៈ ត្សុងខាប៉ា។ ជាថេរៈកែទម្រង់សតវត្សរ៍ទីដប់បួន បានកត់សម្គាល់ឃើញថា គម្ពីរអត្ថបទជាច្រើនដែលបានចងក្រងឡើងដោយមហាថេរៈឥណ្ឌានិងទីបេគឺមានលក្ខណៈផ្ទុយគ្នា ឬក៍មានការបញ្ជាក់អះអាងដែលគ្មានហេតុផល។ ព្រះមហាថេរៈត្សុងខាប៉ាបានរកឃើញ និងបានធ្វើការពិនិត្យសង្កេតចំណុចទាំងអស់នោះ តាមរយៈការបដិសេធមិនព្រមទទួលយក ដោយសារគ្មានហេតុផលច្បាស់លាស់ ឬក៍ត្រូវបន្ថែមអត្ថន័យនិងការបកស្រាយថ្មីចំពោះការយល់ច្រឡំកាលពីពេលមុន។ មានតែបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះផ្នែកខាងអក្សរសិល្ប៍ពុទ្ធសាសនា និងមានការបដិបត្តិសមាធិទើបអាចរកចំណុចខ្វះខាតនិងមិនប្រក្រតីទាំងអស់នោះឃើញ ហើយព្រះមហាថេរៈត្សុងខាប៉ាជាសង្ឃមួយអង្គក្នុងចំណោមបុគ្គលទាំងអស់នោះ។ 

ឧទាហរណ៍៖មិនយូរប៉ុន្មានមុនពេលនៃអនិច្ចធម្មរបស់ព្រះអង្គ រីនប៉ូជេបានហៅខ្ញុំ និងបានបង្ហាញនូវប្រយោគមួយឃ្លានៃអត្ថបទទស្សនៈវិជ្ជាដ៍លំបាករបស់ថេរៈត្សុងខាប៉ា។ ខ្លឹមសារនៃការពន្យល់ដ៍សំខាន់នៃអត្ថន័យជាក់លាក់និងអាចធ្វើការកែប្រែបាន(Drang-nges legs-bshad snying-po) រីនប៉ូជេបានទន្ទេញធម៌ដែលមានរាប់រយទំព័រនេះចាំមាត់ រៀងរាល់ថ្ងៃជាផ្នែកមួយនៃការបដិបត្តិរបស់ព្រះអង្គ។ ប្រយោគនិងឃ្លាធម៌ទាំងអស់នោះគឺទាក់ទងនឹងដំណាក់កាលនៃការលុបចោលនូវក្តីភ័ន្តច្រឡំនៅក្នុងចិត្ត ហើយជាពិសេសគឺស្តីអំពីពាក្យថា «គ្រាប់ពូជ» នៃសេចក្តីភ័ន្តច្រឡំ។ អត្ថកថាស្តងដារទូទៅបានពន្យល់បកស្រាយពាក្យគ្រាប់ពូជនេះថាជា ព្រឹត្តិការណ៍ដែលចេះតែប្រែប្រួលមិនទៀង មិនមែនជាអ្វីមួយដែលមានរូបមានរាងពិតប្រាកដ ហើយក៍មិនមែនជាវិធីនៃការដឹងអ្វីមួយនោះដែរ។ ដើម្បីពាំនាំខ្លឹមសារត្រង់នេះ ខ្ញុំបានបកប្រែពាក្យនោះថាជា «និន្នាការ» វិញជាជាងពាក្យថា«គ្រាប់ពូជ»។ ដកស្រង់ហេតុផល និងបទពិសោធន៍និងប្រយោគនៃធម៌ពីអត្ថបទគម្ពីរ រីនប៉ូជេបានធ្វើការពន្យល់ថា គ្រាប់ពូជស្រូវគឺនៅតែជាស្រូវ បើដូច្នេះគ្រាប់ពូជនៃសេចក្តីភ័ន្តច្រឡំគឺជា «ដាន»(ឬឬសគល់) នៃសេចក្តីភ័ន្តច្រឡំ។ ការបកស្រាយដែលមានលក្ខណៈបដិវត្តកែប្រែនេះមានឥទ្ធិពលយ៉ាងជ្រៅនិងទូលំទូលាយ ទាក់ទងនឹងវិធីសិក្សាស្វែងយល់អំពីអសតិសម្បជញ្ញៈ។ 

ភាពសាមញ្ញនៃឡៃហ្វ៍ស្តាយរបស់រីនប៉ូជេ

បើទោះបីជាសឺកុងរីនប៉ូជេមានប្រាជ្ញាប៊ិនប្រសប់យ៉ាងណាក្តី ព្រះអង្គនៅតែរក្សាការចេះដាក់ខ្លួនមិនធ្វើពុតគ្រប់ពេលទាំងអស់។ ដូច្នេះបើទោះបីជាព្រះអង្គជាសង្ឃឡាម៉ាដែលមានឋានៈខ្ពស់បំផុតនៅក្នុងវត្តរបស់ព្រះអង្គនៅមុនហ្គូដប្រទេសឥណ្ឌា តែរីនប៉ូជេមិនបានសាងកុដិដ៍ធំមហិមា គឺគ្រាន់តែជាកូនកុដិដែលសាមញ្ញតូចមួយប៉ុណ្ណោះ។ កុដិរបស់ព្រះអង្គនៅដារ៉ាមសាលាក៍មិនធំដែរគឺតូចសមល្មម ដែលមានបីបន្ទប់សំរាប់មនុស្សបួននាក់ សំរាប់ភ្ញៀវដែលមកលែងញឺកញាប់ និងសំរាប់ឆ្កែពីរក្បាលនិងឆ្មាមួយក្បាល។ 

ព្រះអង្គក៍មិនអនុញ្ញាតឲ្យសាវ័ករបស់ព្រះអង្គលើកតំកើងព្រះអង្គជ្រុលពេកនោះដែរ ហើយក៍ព្យាយាមគេចវេសមិនបង្ហាញភាពអស្ចារ្យរបស់ព្រះអង្គជ្រុលពេកដែរ។ ឧទាហរណ៍៖ ការបដិបត្តិសមាធិជាច្រើន ផ្តោតលើតែទំនាក់ទំនងជាមួយធម្មាចារ្យរបស់គេ ពោលគឺដូចជាការប្រារព្ធពិធីសមាធិចក្ខុទស្សន៍ច្បាស់ៗ ដែលគេស្គាល់ថាជា យោគៈថ្វាយគ្រូ និងការសូត្រមន្រ្តៈដ៍ដែលៗរំលឹកដល់នាមឡាម៉ាជាភាសាសំស្រ្កឹត។ នៅក្នុងពិធីបដិបត្តិយោគៈថ្វាយគ្រូ រីនប៉ូជេឧស្សាហ៍ណែនាំឲ្យសាវ័ករបស់ព្រះអង្គធ្វើចក្ខុទស្សន៍ចំពោះសម្តេចសង្ឃរាជដាឡៃឡាម៉ា។ នៅពេលគេសួរចង់យកព្រះនាមព្រះអង្គមកសូត្រធ្វើជាមន្រ្តៈ រីនប៉ូជេតែងតែអោយនាមឳពុករបស់ព្រះអង្គដល់គេ ដែលមានឈ្មោះថា សឺកុង ដរជេ ឆាង ជាអ្នកបដិបត្តិដ៍ល្អមួយរូប និងជាគ្រូនៅដើមសតវត្សទី២០។គាត់ជាអ្នកបដិបត្តិទ្រទ្រង់ទំនៀមកាលៈចក្រៈ(kalachakra)នៅក្នុងសម័យរបស់គាត់ ប្រការនេះបានសេចក្តីថាគាត់ជាមហាគ្រូដែលគេទទួលស្គាល់មួយរូប ដែលមាននាទីផ្សព្វផ្សាយធម៌និងបទពិសោធន៍នៃសមាធិដល់ក្មេងជំនាន់ក្រោយ។ 

ប្រតិបត្តិតាមគំរូមហាត្មៈគន្ធី ចៀសវាងភាពហឺហារហួសហេតុ

ស្តាយសមរម្យមិនអួតអាងរបស់រីនប៉ូជេបានលាតត្រដាងនៅក្នុងរូបភាពជាច្រើន។ ឧបមាថា៖នៅពេលរីនប៉ូជេនិមន្តធ្វើដំណើរទៅទីណាម្តងៗ ព្រះអង្គតែងយកគំរូតាមមហាត្មៈ គន្ធី។ ព្រះអង្គទទូចគង់នៅក្នុងរថភ្លើងកំរិតទីបី ដែលមានបីជាន់ នៅក្នុងប្រទេសឥណ្ឌា លុះត្រាណាតែមានការចាំបាច់ទើបព្រះអង្គផ្លាស់ប្តូរ។ ត្រង់នេះគឹជារឿងពិត បើសូម្បីសឹងនៅក្បែរបង្គន់ទឹកដែលមានក្លឹនស្អុយយ៉ាងណាក៍ព្រះអង្គមិនប្រកាន់អ្វីដែរ ដែលរឿងនេះបានកើតឡើងនៅពេលយើងចាកចេញពីដារ៉ាមសាលាទៅកាន់ទីក្រុងញូវដេលី នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់បស្ចឹមប្រទេសជាលើកដំបូងរបស់យើង។ រីនប៉ូជេបានលើកឡើងថា ការធ្វើដំណើរបែបនះគឺល្អអស្ចារ្យបំផុត ដោយសារតែវាជូយយើងឲ្យចម្រើនមេត្តាចិត្តថែមទៀត។ រថភ្លើងដែលមានបីស្តង់ដារនេះមកដល់គោលដៅនៅក្នុងពេលតែមួយដូចគ្នាទេ ដូច្នេះហេតុអ្វីត្រូវចំណាយលុយឥតប្រយោជន៍? រីនប៉ូជេពិតជាមិនចូលចិត្តមនុស្សដែលចំណាយលុងឥតប្រយោជន៍លើព្រះអង្គ មិនថាការចំណាយទិញសំបុត្ររថភ្លើងកំរិតល្អបំផុត ឬក៍ការនិមន្តព្រះអង្គទៅឆាន់នៅអាហារដ្ឋានថ្លៃៗនោះទេ។ 

នៅគ្រាមួយនៅពេលរីនប៉ូជេត្រឡប់មកពីស្ពីទីទៅកាន់ដារ៉ាមាសាលាវិញ មានសាវ័កជាច្រើនរូបនិងរួមទាំងខ្ញុំផងបាននាំគ្នារងចាំទទួលព្រះអង្គនៅឯផ្សារឥណ្ឌាមួយកន្លែង។ យើងបានឃើញរថយន្តនិងរថយន្តក្រុងជាច្រើនបានមកដល់តែមិនឃើញព្រះអង្គទេ ស្រាប់តែមានរថយន្តភីកអាប់ដ៍ចាស់មួយគ្រឿងបានមកដល់ ហើយព្រះអង្គរីនប៉ូជេបានគង់នៅក្នុងរថយន្តភីកអាប់នេះដោយកាន់គ្រាប់អជ្ជៈនៅក្នុងដៃ។ ព្រះអង្គនិងសាវ័ករបស់ព្រះអង្គបានជិះរថយន្តនេះអស់រយៈពេលបីថ្ងៃហើយចាប់ពីស្ពីទីរហូតមកដល់ទីនេះ ដោយមិនគិតខ្វល់ពីភាពស្រណុកស្រួលអ្វីឡើយ។ 

នៅពេលរីនប៉ូជេបានត្រឡប់មកកាន់ដារ៉ាមសាលាជាមួយអ្នកបម្រើរបស់ព្រះអង្គវិញ ហើយខ្ញុំបានមកពីពិធីបុណ្យមូនឡាមនៅមុនហ្គូដ យើងបានរងចាំជិះរថភ្លើងអស់រយៈពេលពេញមួយថ្ងៃនៅឯភូរណា។ ព្រះអង្គរីករាយគង់នៅក្នុងបន្ទប់សណ្ឋាគារលំដាប់ទីបី ដែលមានសំលេងរំខានច្រើន និងក្តៅ ដែលអ្នកលក់អាវរងារជាតិទីបេបានប្រគេនឲ្យព្រះអង្គគង់នៅទីនោះ។ តាមពិតរីនប៉ូជេឧស្សាហ៍លើកឡើងថាយើងគួរតែធ្វើដំណើរតាមឡានក្រុងពេលយប់នៅពេលណាយើងធ្វើដំណើរនៅក្នុងប្រទេសឥណ្ឌា ដោយសារតែការធ្វើដំណើរតាមឡានក្រុងពេលយប់នេះគឺងាយស្រួលនិងថោកជាងពេលថ្ងៃ។ ព្រះអង្គមិនដែលប្រកាន់ក្នុងការរងចាំនៅស្ថានិយ៍ដែលមានមនុស្សច្រើនអ៊ូរអរនោះទេ។ ព្រះអង្គបានប្រាប់យើងថាព្រះអង្គបានបដិបត្តិសមាធិច្រើនណាស់មកហើយដើម្បីធ្វើឲ្យចិត្តព្រះអង្គជាប់រវល់។ សំលេង ភាពរញែរញៃ និងភាពកខ្វក់មិនអាចរំខាន់ដល់ការតាំងសតិរបស់ព្រះអង្គបានឡើយ។ 

រីនប៉ូជេមិនដែលគង់នៅមួយកន្លែងបានយូរទេ តែព្រះអង្គឧស្សាហ៍ផ្លាស់ទៅទីផ្សេងៗជានិច្ច។ ព្រះអង្គបានលើកឡើងថាវាគឺជាការល្អដើម្បីយកឈ្នះលើចិត្តឧបាទាន(ជាប់ជំពាក់)។ ដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់យើង យើងកម្រស្នាក់នៅមួយកន្លែងលើសពីពីរឬបីថ្ងៃណាស់ ដើម្បីជៀសវាងស្នាក់នៅយូរពេកដែលអាចក្លាយជាបន្ទុកដល់គេ។ នៅពេលណាយើងស្នាក់នៅមជ្ឈមណ្ឌលពុទ្ធសាសនាដែលមានសង្ឃចំណាស់ទីបេជាគ្រូនៅទីនោះ រីនប៉ូជេចាត់ទុកសង្ឃអង្គនោះដូចជាមិត្តល្អរបស់ព្រះអង្គដូច្នោះដែរ។ ព្រះអង្គមិនកំណត់ទំនាក់ទំនងល្អនេះនៅត្រឹមតែបុគ្គលម្នាក់ទេ។ 

ការបដិបត្តិបន្តនិងមិនធ្វើពុតអួតអាង មានសភាពបត់បែនទៅតាមកាលៈទេសៈ

ទីណាក៍ដោយដែលរីនប៉ូជេនិមន្តទៅដល់ ព្រះអង្គតែងតែរក្សាការបដិបត្តិខ្ជាប់ខ្ជួនជានិច្ចទាំងពេលថ្ងៃនិងពេលយប់ ហើយកម្រសឹងណាស់។ ព្រះអង្គសូត្រមន្រ្តៈនិងគម្ពីរស្តីអំពីការធ្វើចក្ខុទស្សន៍នៃទន្រ្ទៈមិនត្រឹមតែនៅក្នុងចន្លោះនៃការណាត់ជួបនីមួយៗប៉ុណ្ណោះទេ តែក៍ធ្វើឡើងនៅក្នុងពេលសម្រាកពីការណាត់ជួបនីមួយៗនោះផងដែរ នៅខណៈពេលដែលកំពុងរងចាំការបកប្រែរបស់ខ្ញុំនៅពេលមានជនបរទេសចូលជួប។ ព្រះអង្គបានបដិបត្តិសទ្ធានៈសមាធិនៅក្នុងរថយន្ត រថភ្លើង យន្តហោះ - ពោលបរិយាកាសខាងក្រៅទាំងអស់នោះគឺមិនមានការរំខានដល់ព្រះអង្គឡើយ។ ព្រះអង្គបានលើកឡើងថាការបដិបត្តិខ្ជាប់ខ្ជួនប្រចាំថ្ងៃបានផ្តល់នូវនិរន្តរភាពដល់ជីវិតរបស់យើង នៅទីណាក៍ដោយក្តីដែលយើងទៅដល់ និងចំពោះកិច្ចអ្វីក៍ដោយក្តីដែលយើងកំពុងធ្វើ ពោលគឺយើងទទួលបានភាពចេះបត់បែនទៅតាមកាលៈទេសៈ ភាពជឿជាក់លើខ្លួនឯង និងតុល្យភាព។ 

ការបដិបត្តិរបស់ព្រះអង្គមិនមែនជាការសម្តែងឲ្យគេឃើញទេ។ ព្រះអង្គបានលើកឡើងថាត្រូវបដិបត្តិដោយស្ងៀមស្ងាត់ និងមានលក្ខណៈឯកជន ឧបមាដូចជាការសូត្រឧទ្ទិសមុនពេលឆាន់ចង្ហាន់ ឬសូត្រឧទ្ទិសមុនពេលបង្រៀនធម៌ជាដើម។ ការសូត្រធម៌វែងៗមុនពេលឆាន់ម្តងៗអាចធ្វើឲ្យគេមានអារម្មណ៍មិនស្រួលឬក៍អាចធ្វើឲ្យគេគិតថាយើងកំពុងតែព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍ឬធ្វើឲ្យសង្ឃដ៍ទៃគេខ្មាស់គេ។ លើសពីនេះទៅទៀតព្រះអង្គមិនដែលបង្ខំគេឲ្យបដិបត្តិឬឲ្យទទួលយកទំនៀមណាមួយឡើយ ប៉ុន្តែបានបំពេញការសូត្រអ្វីក៍ដោយក្តី ឬពិធីអ្វីក៍ដោយក្តីមុននិងក្រោយពីការបង្រៀនទៅតាមច្បាប់ទម្លាប់នៃបជ្ឃមណ្ឌលដែលបាននិមន្តព្រះអង្គទៅ។ 

បើទោះបីជារីនប៉ូជេបានថ្វាយដង្វាយជាច្រើនដល់សម្តេចសង្ឃរាជដាឡៃឡាម៉ា រួមទាំងវត្តទីបេនិងវត្តដែលឋិតនៅបស្ចឹមលោកយ៉ាងណាក្តី ប៉ុន្តែព្រះអង្គមិនដែលបានលើកឡើងឬអួតអាងអ្វីទេ ពោលគឺព្រះអង្គបានបង្រៀនគេមិនឲ្យធ្វើបែបនេះទេ។ នៅគ្រាមួយមានបុរសវ័យកណ្តាលម្នាក់ដែលមិនចេះអួតអាងអ្វីទេ នៅក្នុងទីក្រុងវីឡោរបាប្រទេសអ៊ីតាលី គាត់បានមកជួបព្រះអង្គរីនប៉ូជេ។ នៅពេលដែលបុរសនោះគាត់ចាកចេញពីបន្ទប់ទៅវិញ គាត់បានដាក់ស្រោមសំបុត្រដែលមានធម្មទាននៅក្នុងនោះ នៅជ្រុងម្ខាងនៃតុដោយស្ងាត់ៗ មិនដាក់នៅទីដែលច្បាស់ពេកទេ។បន្ទាប់មករីនប៉ូជេបានលើកឡើងថានេះគឹជាវិធីនៃការថ្វាយធម្មទានដល់សង្ឃឡាម៉ា។ 

តែទោះបីយ៉ាងណាក្តីរីនប៉ូជេបានសង្កត់ធ្ងន់ថាការចេះដាក់ខ្លួនមិនអួតអាងរបស់យើងគួរតែធ្វើឡើងពិតប្រាកដ កុំធ្វើពុតក្លែងក្លាយ។ ព្រះអង្គមិនចូលចិត្តមនុស្សដែលធ្វើពុត តែធាតុពិតជាមនុស្សដែលមានអំណួតនិងក្រអឺតក្រទម ឬក៍ជាមនុស្សដែលគិតថាខ្លួនជាអ្នកពូកែខាងយោគៈអីហ្នឹងជាដើម។ ព្រះអង្គធ្លាប់និយាយរឿងមួយទាក់ទងនឹងអ្នកបដិបត្តិដែលមានអំណួតមួយរូប ដែលគេមានប្រវត្តិចេញពីពួកជនពនេចរ ជាអ្នកដែលទៅជួបសង្ឃឡាម៉ា គេធ្វើខ្លួនដូចជាមិនដែលឃើញអ្វីសោះពីមុនមក ហើយបុគ្គលនោះបានសួរថាតើឧបករណ៍សម្រាប់ធ្វើពិធីដែលឋិតនៅលើតុរបស់សង្ឃឡាម៉ានោះជាស្អីគេ? នៅពេលដែលបុគ្គលនោះចង្អុលទៅកាន់ឆ្មារបស់សង្ឃឡាម៉ា ហើយសួរថាតើនេះជាសត្វអ្វីទៅ នៅពេលនោះសង្ឃឡាម៉ាក៍បានបណ្តេញគេចេញទៅវិញ។ 

រក្សាការបដិបត្តិរបស់ខ្លួនមិនឲ្យគេដឹង(ឯកជន)

ជាពិសេសព្រះអង្គមិនចូលចិត្តមនុស្សដែលធ្វើពុតអួតអាងនិយាយច្រំដែលៗអំពីការបដិបត្តិរបស់ខ្លួនទេ។ ព្រះអង្គបានលើកឡើងថាបើសូម្បីខ្លួនមានបំណងចូលបដិបត្តិក្នុងវគ្គសមាធិ ឬសូម្បីខ្លួនបានបញ្ចប់វគ្គបដិបត្តិនោះហើយយ៉ាងណា ក៍ខ្លួនមិនគួរប្រកាសឲ្យគេដឹងដែរ។ ជាកិច្ចដ៍ប្រសើរដែលត្រូវរក្សាការបដិបត្តិនោះជាការបដិបត្តិដែលមានលក្ខណៈឯកជន និងមិនត្រូវឲ្យគេដឹងថាខ្លួនកំពុងតែធ្វើកិច្ចអ្វីនោះទេ។ បើពុំដូច្នោះទេ មនុស្សដែលគេនិយាយដើមយើងគេនឹងបង្កជាឧបសគ្គជាច្រើនដល់យើង ពោលដូចជាការមានអំនួត ឬការច្រណែនរបស់គេនិងការប្រកួតប្រជែងអីហ្នឹងជាដើម។ គ្មានបុគ្គលណាម្នាក់គេដឹងថាតួរអង្គសម្មាសម្ពុទ្ធមួយណាដែលព្រះមហាថេរៈត្សុងខាប៉ាយកមកធ្វើជាការបដិបត្តិទន្រ្ទៈចម្បងរបស់ព្រះអង្គឡើយ។ ទាល់តែសាវ័ករបស់ព្រះអង្គនាម ខិតរូបជេបានធ្វើការសង្កេតទើបដឹង នៅពេលដែលព្រះអង្គធ្វើពិធីថ្វាយដង្វាយចំនួនហុកសិបពីរ(៦២)ចេញពីពែងពិធីដែលព្រះអង្គហៅវាថាជា ចក្រៈសម្មាវរៈ ជាតួរអង្គសម្មាសម្ពុទ្ធតំណាងឲ្យសេចក្តីសុខផ្លូវចិត្ត។ ភាពស្រដៀងគ្នានេះដែរគ្មាននរណាម្នាក់គេដឹងថាការបដិបត្តិផ្ទាល់ខ្លួនចម្បងរបស់សឺកុងរីនប៉ូជេជាអ្វីនោះទេ បើទោះបីជាព្រះអង្គបានអះអាងថាខ្លួនជាសង្ឃដែលមានជំនាញខាងកាលៈចក្រៈយ៉ាងណាក្តី។ 

រីនប៉ូជេឧស្សាហ៍និយាយរឿងខាដាមប៉ា ហ្គេហ្សេ ជាអ្នកដែលលាក់ការបដិបត្តិរបស់ខ្លួនមិនឲ្យគេដឹងបានយ៉ាងល្អ ទាល់តែគេបានប្រទះឃើញវជិរៈ និងកូនកណ្ដឹងដែលបានដេរភ្ជាប់ទៅនឹងជាយជីពររបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គសុគតទៅ ទើបគេដឹងការបដិបត្តិពិតរបស់ព្រះអង្គជាអ្វី។ រីនប៉ូជេដឹកនាំជីវិតរបស់ខ្លួនស្របទៅតាមគំរូភាពនេះ។ រីនប៉ូជេតែងតែចូលសឹងកន្លះម៉ោងមុនគេមុនឯង និងងើបពីសឹងក្រោយពួកគេបន្តិច។ តែទោះបីយ៉ាងណាក្តី អ្នកបម្រើរបស់ព្រះអង្គនិងរូបខ្ញុំ ពួកយើងឧស្សាហ៍បានសង្កេតឃើញថា ភ្លើងនៅក្នុងបន្ទប់របស់ព្រះអង្គនៅបើកនៅឡើយបន្ទាប់ពីពួកគេរាល់គ្នាបានដេកលក់អស់ និងបានបិទទៅវិញមិនយូរប៉ុន្មានមុនពេលពួកគេរាល់គ្នាភ្ញាក់ពីដេក។ 

នៅគ្រាមួយនៅយ៉ាហ្គេនដូហ្វប្រទេសអាល្លឺម៉ង អ្នកបម្រើសំខាន់របស់រីនប៉ូជេ ឈ្មោះឆុងហ្សេឡាបានស្នាក់នៅរួមបន្ទប់ជាមួយព្រះអង្គ។ ស្របពេលដែលធ្វើពុតជាដេកលក់ ឆុងហ្សេឡាបានឃើញរីនប៉ូជេងើបពីសឹងនៅពាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើការបដិបត្តិសមាធិនៅក្នុងកាយវិការលំបាកៗផ្សេងៗស្របទៅតាមការបដិបត្តិទាំងប្រាំមួយនៃនរូបៈ បើទោះបីជានៅពេលថ្ងៃព្រះអង្គត្រូវការជំនួយឲ្យគេជូយទប់ព្រះអង្គនៅពេលងើបឈរយ៉ាងណាក្តី តែតាមការពិតព្រះអង្គមានកំលាំងថាមពលនិងភាពបត់បែនដើម្បីបដិបត្តិយោគៈទាំងអស់នោះ។ 

រក្សាគុណធម៌ល្អៗរបស់ខ្លួនមិនឲ្យគេដឹង

រីនប៉ូជេតែងតែរក្សាគុណធម៌ល្អៗរបស់ខ្លួនមិនឲ្យគេដឹង តាមពិតព្រះអង្គមិនចូលចិត្តលាតត្រដាងអត្តសញ្ញាណារបស់ខ្លួនឲ្យជនចម្លែកដឹងទេ។ នៅគ្រាមួយមានប្តីប្រពន្ធមួយគូជាតិឥណ្ឌូនេស៊ី គេបានឲ្យយើងជិះឡានជាមួយគេចេញពីទីក្រុងបារីសទៅកាន់ទីក្រុងអាមស្តឺដាម។ បន្ទាប់ពីបានមកដល់ទីក្រុងអាមស្ទឺដាម ប្តីប្រពន្ធមួយគូនេះបាននិមន្តរីនប៉ូជេឲ្យទៅឆាន់ចង្ហាន់នៅផ្ទះរបស់ពួកគេ។ ទាល់តែមជ្ឈមណ្ឌលពុទ្ធសាសនាបានទូរសព្ទទៅអញ្ជើញពួកគេឲ្យទៅចូលរួមស្តាប់ការបង្រៀនធម៌របស់រីនប៉ូជេ ទើបពួកគេដឹងថាព្រះអង្គជានរណាពិតប្រាកដ។ ពួកគេគិតថាព្រះអង្គគឺគ្រាន់តែជាសង្ឃចំណាស់និងរាក់ទាក់មួយព្រះអង្គតែប៉ុណ្ណោះ។ 

នៅក្នុងស្មារតីដូចគ្នានេះដែរ ពេលខ្លះរីនប៉ូជេបានលែងអុកជាមួយកូនក្មេង នៅពេលព្រះអង្គធ្វើដំណើរទៅបរទេស ឬព្រះអង្គឲ្យអ្នកបម្រើរបស់ព្រះអង្គ ឈ្មោះហ្គាវ៉ាងលែងជំនួសព្រះអង្គ ហើយព្រះអង្គជួយគេទាំងសងខាង។ កូនក្មេងទាំងអស់នោះគេគិតថាព្រះអង្គគឺគ្រាន់តែជាជីតាចំណាស់មួយរូបតែប៉ុណ្ណោះ។ នៅគ្រាមួយនៅពេលដែលរីនប៉ូជេបាននិមន្តនៅតាមផ្លូវនៃទីក្រុងម៉ូនិចប្រទេសអាល្លឺម៉ង នៅកំឡុងពេលនៃពិធីបុណ្យគ្រឹស្តម៉ាស ក្មេងៗគេបានដើរតាមព្រះអង្គ ដោយគេគិតថាព្រះអង្គជាតាសាន់តាខ្លស៍ដោយសារតែជីពរព័ណ៌ក្រហមរបស់ព្រះអង្គ។ 

រីនប៉ូជេក៍បានលាក់មិនឲ្យគេដឹងថាព្រះអង្គចេះនិយាយភាសាអង់គ្លេសបានខ្លះៗដែរ។ បន្ទាប់ពីការសូត្រកាលៈចក្រៈទទួលយកសាវ័កថ្មីនៅឯស្ពីទី មួយខែមុនរីនប៉ូជេសុគតទៅ ខ្ញុំក៍បានសុំព្រះអង្គចេញពីវត្តថាបូដើម្បីធ្វើដំណើរត្រឡប់ទៅកាន់ដារ៉ាមសាលាវិញ។ ខ្ញុំបានរៀបចំឡានក្រុងសំរាប់ក្រុមជនបស្ចឹមប្រទេសមួយក្រុម ហើយកាលនោះគឺដល់វេលាដែលឡានក្រុងត្រូវចេញដំណើរហើយ តែបើទោះបីដល់ម៉ោងចេញហើយក៍ដោយ មានជនបរទេសមួយរូបក្នុងចំណោមជនបរទេសមួយក្រុមនេះនៅនាទីចុងក្រោយបានសម្រេចចិត្តទៅលែងវត្តឃីយី ដែលមានចម្ងាយប្រហែលជា២០ម៉ាយឋិតនៅលើជ្រលងភ្នំខាងលើ ហើយមិនបានត្រឡប់មកវិញទាន់ពេលកំណត់។ នៅខណៈពេលដែលខ្ញុំទៅវត្តឃីយីទៅរកស្រ្តីជនបរទេសម្នាក់នោះ មានសាវ័កជនជាតិអ៊ីតាលីម្នាក់បានទៅជួបរីនប៉ូជេ ដោយគ្មានអ្នកបកប្រែទៅជាមួយទេ។ រីនប៉ូជេមិនដែលបាននិយាយភាសាអង់គ្លេសសូម្បីមួយម៉ាត់ទៅកាន់ជនបរទេសម្នាក់ណាឡើយកាលពីមុនមក តែព្រះអង្គបានងាកទៅរកជនជាតិអ៊ីតាលីម្នាក់នោះហើយបានសួរថា «តើអាឡិចនៅឯណា?»(Where is Alex?) ហើយគេនោះបានលើកឡើងថា «ប៉ុន្តែរីនប៉ូជេព្រះអង្គមិនអាចនិយាយភាសាអង់គ្លេសបានទេមែនទេ» នៅពេលនោះរីនប៉ូជេក៍អស់សំណើច។ 

Top