មរណៈភាពនិងការចាប់កំណើតឡើងវិញរបស់រីនប៉ូជេ

គ្រោះថ្នាក់ដែលអាចកើតឡើងដល់ជីវិតសម្តេចសង្ឃរាជដាឡៃឡាម៉ា

មរណៈភាពរបស់រីនប៉ូជេគឺជារឿងដែលគួរឲ្យគត់សម្គាល់ជាងជីវិតរបស់ព្រះអង្គទៅទៀ។ នៅក្នុងខែកក្កដាឆ្នាំ១៩៨៣ រីនប៉ូជេបានរៀបចំការសូត្រធម៌នៃកាលចក្រៈនៅឯវត្តថាបូ(kalachakra)នៅក្នុងតំបន់ស្ពីទី។ បន្ទាប់មករីនប៉ូជេបានប្រាប់ទៅកាន់សង្ឃចំណាស់មួយអង្គដែលមាននាមថា កាចិន ឌ្រូបហ្គីយិល នៅទីនោះថា បើយោងទៅតាមប្រព័ន្ធហោរាសាស្រ្តទីបេ នេះគឺជាឆ្នាំដែលមានឧបសគ្គសំរាប់សម្តេចសង្ឃរាជ ជីវិតរបស់ព្រះអង្គគឺឋិតនៅក្នុងគ្រោះថ្នាក់។ វាគឺជាកិច្ចដ៍ប្រសើរដើម្បីផ្ទេរគ្រោះទាំងអស់នោះមកលើព្រះអង្គវិញ រីនប៉ូជេបានប្រាប់ទៅកាន់សង្ឃនោះថាកុំឲ្យប្រាប់នរណាម្នាក់ឲ្យសោះ។ 

បន្ទាប់មកព្រះអង្គបានចូលតាំងសមាធិដ៍តឹងរឹងអស់រយៈកាលបីសប្តាហ៍។ បន្ទាប់ពីកិច្ចបដិបត្តិសមាធិនេះព្រះអង្គបាននិមន្តទៅកាន់បន្ទាយទាហានទីបេដែលឋិតនៅក្បែរនោះដើម្បីទៅបង្រៀនដល់ពួកគេនូវ ការប្រព្រឹត្តតាមឥរិយាបថពោធិសត្វៈ។ រីនប៉ូជេត្រូវបង្រៀនគម្ពីរទាំងមូលសន្សឹមៗយឿតៗ ក្នុងរយៈកាលយូរ តែផ្ទុយទៅវិញព្រះអង្គបានបង្រៀនយ៉ាងប្រញាប់ប្រញាល់បំផុត ហើយបានចាកចេញពីបន្ទាយទាហានជាច្រើនថ្ងៃមុនកាលកំណត់ និងបានពន្យល់ដល់គេឯងថាព្រះអង្គមានកន្លែងពិសេសដែលត្រូវទៅ។ ថ្ងៃទី២៩ខែសីហាឆ្នាំ១៩៨៣ ជាថ្ងៃដែលសម្តេចសង្ឃរាជដាឡៃឡាម៉ានិមន្តហោះហើរទៅកាន់ ទីក្រុងជិននីវ៉ា(ហ្សឺណែវ) ប្រទេសស្វីស នៅក្នុងគ្រាជាមួយគ្នានឹងលោក យ៉ាសេអារ៉ាហ្វាត់ ជាប្រធាននៃអង្គការរំដោះប៉ាលេស្ទីន។ មន្រ្តីប៉ូលីសគេមានកង្វល់ថាមានអំពើភាវរកម្មប្រឆាំងនឹងលោកយ៉ាសេអារ៉ាហ្វាត់ដែលអាចកើតឡើង ហើយពួកគេក៍បានព្រមានថាគេមិនអាចធានាសុវត្ថិភាពរបស់សម្តេចសង្ឃដាឡៃឡាម៉ាបានទេ។ 

រៀបចំត្រៀមទទួលយកឧបសគ្គដែលកើតឡើងចំពោះជីវិតដាឡៃឡាម៉ា

រីនប៉ូជេនិងង៉ាវ៉ាងបានធ្វើដំណើរយ៉ាងលឿនចាកពេញពីបន្ទាយព័ទតាមឡានជីបមួយគ្រឿង ហើយបានឈប់រយៈពេលខ្លីនៅក្នុងវត្តថាបូ។ រីនប៉ូជេបានសុំឲ្យកាចិន ឌ្រុបហ្គីយិល ធ្វើដំណើរទៅជាមួយព្រះអង្គ ប៉ុន្តែសង្ឃចំណាស់នោះមានប្រាប់ព្រះអង្គថា ទើបនឹងបានបោក់ស្បង់ជីពរមិនទាន់ស្ងួតនៅឡើយទេ។ រីនប៉ូជេក៍បានឆ្លើយតបវិញថាគ្មានបញ្ហាអ្វីទេ គេអាចចូលក្រោមស្បង់របស់ព្រះអង្គបាន ហើយចងហាលស្បង់ជីពរដែលទើបបោកនោះនៅលើឡានជីបទៅជាការស្រេច។ 

នៅខណៈពេលដែលគេបើកបរចូលទៅក្នុងតំបន់ស្ពីទីកាន់តែជ្រៅ រីនប៉ូជេបានប្រាប់ទៅកាន់ង៉ាវ៉ាងថា ព្រះអង្គតែងតែប្រាប់ឲ្យគេសូត្រមន្ត្រៈជាប់ជានិច្ច គឺមន្ត្រៈនៃមេត្តាធម៌ អូមម៉ានីផែតមីហូម(om mani padme hum) តែគេមិនដែលធ្វើតាមពិតប្រាកដទេ។ ហើយនេះគឺជាដំបូន្មានចុងក្រោយរបស់ព្រះអង្គហើយ។ 

បន្ទាប់មកពួកគេបានឈប់នៅវត្តឃីយី(Kyi) រីនប៉ូជេចង់ធ្វើការបូជានូវគ្រឿងសក្ការៈបូជាផ្សេងៗ។ នៅពេលនោះង៉ាវ៉ាងបានលើកឡើងថាវាគឺយឿតពេលបន្តិចហើយ យើងអាចធ្វើការថ្វាយនេះនៅពេលព្រឹកវិញ ប៉ុន្តែនៅតែទទូចចង់ធ្វើការថ្វាយនេះដដែល។ ភាគច្រើនរីនប៉ូជេនិមន្តដើរយឿតៗ ដើរដោយលំបាក តែទោះបីយ៉ាងណាក្តី នៅក្នុងឳកាសនោះរីនប៉ូជេអាចនិមន្តដើរលឿនដូចរត់អីចឹង។ ឧទាហរណ៍នៅគ្រាមួយនៅឯព្រលានយន្តហោះ នៅពេលយើងស្ទើរតែយឿតពេលសំរាប់ជើងហោះហើររបស់ពួកយើង រីនប៉ូជេបាននិមន្តរត់យ៉ាងលឿន គ្មាននរណាម្នាក់គេអាចរត់ទាន់ព្រះអង្គទេ។ ភាពស្រដៀងគ្នានេះដែរ នៅក្នុងគ្រាមួយកាលនៅពុទ្ធគាយា នៅពេលសម្តេចសង្ឃរាជដាឡៃឡាម៉ាកំពុងតែចូលរួមសូត្រធម៌នៃគម្ពីរធម៌ដែលមានចំនួនមួយរយក្បាយជាភាសាទីបេ (the kangyur) នៅពេលនោះរីនប៉ូជេបានគង់នៅក្បែរដាឡៃឡាម៉ា ហើយខ្ញុំអង្គុយនៅចំពីក្រោយព្រះអង្គ។ នៅពេលដែលខ្យល់បក់ខ្លាំងធ្វើឲ្យក្រដាស់ធម៌មួយសន្លឹករបស់ដាឡៃឡាម៉ាហោះតាមខ្យល់ រីនប៉ូជេបានស្ទុះទៅចាប់ក្រដាសមួយសន្លឹកនោះយ៉ាងលឿន។ ជាធម្មតាគេជួយព្រះអង្គនៅពេលព្រះអង្គងើបពីអង្គុយម្តងៗ។ នៅក្នុងឳកាសនេះឋិតនៅវត្តឃីយី រីនប៉ូជេបានរត់ឡើងលើផ្លូវភ្នំចោតនេះយ៉ាងលឿនដោយគ្មាននរណាម្នាក់គេជួយព្រះអង្គទេ។ 

បន្ទាប់ពីរីនប៉ូជេបានធ្វើការថ្វាយគ្រឿងសក្ការៈបូជាហើយ សង្ឃនៅវត្តឃីយីបានស្នើសុំឲ្យព្រះអង្គគង់នៅទីនោះមួយយប់។ រីនប៉ូជេបានបដិសេធ ដោយបានលើកឡើងថា ព្រះអង្គត្រូវតែទៅឲ្យដល់ភូមិឃីយីនៅយប់នោះ។ ប្រសិនបើគេចង់ឃើញឬចង់ជួបព្រះអង្គម្តងទៀតគេត្រូវធ្វើដំណើរទៅទីនោះ។ បន្ទាប់មកព្រះអង្គបានចាកចេញយ៉ាងលឿន  ដោយបានបង្ហើបឲ្យគេដឹងអំពីសារនេះដោយប្រយោលថានឹងមានអ្វីកើតឡើង។ 

នៅពេលរីនប៉ូជេនិងគ្នារបស់ព្រះអង្គទៅដល់ភូមិឃីយី ជាភូមិឋិតនៅលើភ្នំជ្រលងភ្នំដ៍ខ្ពស់មួយ ពួកគេបានទៅផ្ទះគ្រួសារកសិករដែលព្រះអង្គបានស្គាល់។ កសិកររូបនោះគាត់បានឋិតនៅឯវាលស្រែនៅឡើយមិនទាន់ត្រឡប់មកផ្ទះវិញទេ ហើយគាត់ក៍មិនបានរងចាំទទួលភ្ញៀវអ្វីដែរ។ រីនប៉ូជេបានសួរគេថាតើកសិករនោះគាត់នឹងជាប់រវល់នៅរហូតដល់សប្តាហ៍ក្រោយឬយ៉ាងណា។ គ្រួសារកសិករនោះឆ្លើយថាទេ ហើយបាននិមន្តរីនប៉ូជេឲ្យគង់នៅទីនោះ។ 

រាត្រីនៃមរណភាពរបស់រីនប៉ូជេនៅក្នុងកាយវិការសមាធិ

បន្ទាប់ពីលាងជម្រះព្រះកាយនិងឆាន់ទឹកដោះគោជូររួចមក រីនប៉ូជេបានសូត្រធម៌ ដែលដកស្រង់ចេញពីការចងចាំរបស់ត្សុងខាប៉ា គឺខ្លឹមសារនៃការពន្យល់ដ៍ល្អឥតខ្ចោះនៃអត្ថន័យដែលអាចបកស្រាយបាននិងមានអត្ថន័យជាក់លាក់ ដែលការសូត្រនេះប្រើពេលអស់ប្រហែលជាពីរម៉ោង។ នៅពេលដែលព្រះអង្គសូត្រចប់ ព្រះអង្គបានហៅង៉ាវ៉ាង និងបានប្រាប់ង៉ាវ៉ាងថា ព្រះអង្គដូចជាមិនស្រួលក្នុងខ្លួនទេ។ បន្ទាប់មកព្រះអង្គបានតម្រេតព្រះកេសរបស់ព្រះអង្គទៅលើស្មារបស់ង៉ាវ៉ាង - ជាអ្វីដែលរីនប៉ូជេមិនធ្លាប់ធ្វើពីមុនមកទេ។ ត្រង់នេះបើសិនគិតត្រឡប់ទៅក្រោយវិញវាហាក់បីដូចជាថាព្រះអង្គបានលាហើយ។ ព្រះអង្គបានបញ្ជូន ឆុងហ្សេឡាទៅកាន់ស៊ីមឡា មុនពេលរឿងទាំងអស់នេះកើតឡើង ដោយសារថាវាអាចជារឿងដែលពិបាកសំរាប់ឆុងហ្សេឡា ដើម្បីឃើញរឿងទាំងអស់នេះកើតឡើង។ ឆុងហ្សេឡាបាននៅជាមួយរីនប៉ូជេចាប់តាំងពីគេមានអាយុប្រាំមួយឆ្នាំមកម្លេះ ហើយរីនប៉ូជេបានចិញ្ចឹមបីបាច់គេដូចជាកូនរបស់ព្រះអង្គ។ 

ង៉ាវ៉ាងបានសួរព្រះអង្គថាតើគេអាចរកគ្រូពេទ្យឬរកថ្នាំអ្វីប្រគេនព្រះអង្គបានទេ ប៉ុន្តែរីនប៉ូជេបានបដិសេធ។ ង៉ាវ៉ាងក៍បានសួរទៀតថាតើមានអ្វីផ្សេងទៀតដែលព្រះអង្គអាចជួយធ្វើបានទេ រីនប៉ូជេបានសុំឲ្យង៉ាវ៉ាងជួយទប់ព្រះអង្គទៅបន្ទប់ទឹក។ បន្ទាប់មករីនប៉ូជេបានសុំឲ្យង៉ាវ៉ាងរៀបចំគ្រេសំរាប់ព្រះអង្គ។ ផ្ទុយពីការប្រើប្រាស់កំរាលពូកព័ណ៌លឿងដែលព្រះអង្គឧស្សាហ៍ប្រើ ព្រះអង្គបានសុំឲ្យង៉ាវ៉ាងប្រើប្រាស់ព័ណ៌សជំនួសវិញ។ នៅក្នុងការបដិបត្តិទន្រ្ទៈ កំរាលព័ណ៌លឿងត្រូវបានគេប្រើប្រាស់សំរាប់ពិធីបុណ្យដើម្បីបង្កើនសមត្ថភាពក្នុងការជួយដល់អ្នកដ៍ទៃ ចំណែកឯព័ណ៌សវិញគេប្រើប្រាស់ដើម្បីកម្ចាត់ឧបសគ្គនានា។ 

បន្ទាប់មករីនប៉ូជេបានសុំឲ្យង៉ាវ៉ាងនិងកាចិន ឌ្រុបហ្គីយិល ចូលទៅកាន់បន្ទប់របស់ព្រះអង្គ ហើយពួកគេក៍បានចូលទៅ។ នៅពេលនោះរីនប៉ូជេបានតម្រេតខ្លួនទៅខាងស្តាំរបស់ព្រះអង្គ ស្របទៅតាមកាយវិការបស់សម្មាសម្ពុទ្ធ។ ផ្ទុយពីការដាក់ដៃស្របនៅលើដងខ្លួនខាងឆ្វេង និងដៃស្តាំច្រត់ទ្រមុខផ្នែកខាងស្តាំរបស់ព្រះអង្គ ដូចតួរអង្គសម្មាសម្ពុទ្ធ ដូចដែលព្រះអង្គធ្លាប់ធ្វើនៅគ្រាមុនៗនៅពេលព្រះអង្គចូលសឹង(ដេក) តែព្រះអង្គបានអោបដៃទាំងពីនៅក្នុងជំហនៃការបដិបត្តិទន្រ្ទៈ។ បន្ទាប់មកព្រះអង្គបានចាប់ផ្តើមដកដង្ហើមចេញចូលយឿតៗវែងៗ និងមរណៈកាលទៅ នៅក្នុងជំហនៃវិធីសាស្រ្តសមាធិ«ផ្តល់ឲ្យនិងទទួលយក» នៃវិធីសាស្រ្តតុងលិន(tonglen)។ ព្រះអង្គមានព្រះជនត្រឹមតែ៦៩វស្សាតែប៉ុណ្ណោះ ហើយមានសុខភាពល្អឥតខ្ចោះ។ ខ្ញុំបានយកព្រះអង្គទៅពិនិត្យសុខភាពនៅទីក្រុងញូវដេលីកាលពីពីរខែមុន។ 

នៅក្នុងគ្រាដ៍ត្រឹមត្រូវនិងជាក់ស្តែងនេះ នៅខណៈពេលដែលសម្តេចសង្ឃរាជដាឡៃឡាម៉ាកំពុងតែហោះហើរទៅកាន់ទីក្រុងហ្សឺណែវ លោកប្រធានយ៉ាសេអារ៉ាហ្វាត់ស្រាប់តែបានប្តូរចិត្ត និងសម្រេចថាផ្អាក់ដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់ប្រទេសស្វីស។ ដូច្នេះគ្រោះថ្នាក់នៃការវាយប្រហារដោយភាវរកម្មនៅឯព្រលានយន្តហោះត្រូវបានបញ្ជៀស។ បើទោះបីជាគ្រោះដល់ជីវិតរបស់ដាឡៃឡាម៉ាបានរលាយបាត់ទៅវិញយ៉ាងណាក្តី តែក្បួនរថយន្តរបស់ព្រះអង្គបានវង្វែងផ្លូវចាប់ពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារ។ តែទោះបីយ៉ាងណាក្តីដាឡៃឡាម៉ាបានគេចផុតពីគ្រោះថ្នាក់។ សឺកុងរីនប៉ូជេបានប្តូរជីវិតរបស់ព្រះអង្គជាមួយនឹងឧបសគ្គដល់ជីវិតរបស់ដាឡៃឡាម៉ា។ 

សមាធិលើការឲ្យនិងការទទួលយក ដែលរីនប៉ូជេប្រើប្រាស់ដើម្បីទទួលយកឧបសគ្គ

ការផ្តល់ឲ្យនិងការទទួលយកគឺជាបច្ចេកទេសជាន់ខ្ពស់នៃពោធិសត្វៈដើម្បីទទួលយកឧបសគ្គពីគេ និងផ្តល់ឲ្យគេវិញនូវសេចក្តីសុខ។ នៅពេលណារីនប៉ូជេបង្រៀនវិធីសាស្រ្តបដិបត្តិនេះព្រះអង្គបានលើកឡើងថាយើងត្រូវតែមានឆន្ទៈដើម្បីទទួលយកក្តីទុក្ខរបស់គេ បើសូម្បីការទទួលយកនោះស្មើនឹងការលះបង់ជីវិតរបស់ខ្លួនយ៉ាងណាក្តី។ ព្រះអង្គតែងតែសំដៅដល់គំរូឧទាហរណ៍ដែលបានលើកឡើងដោយ ឃូនូ ឡាម៉ា រីនប៉ូជេ ស្តីអំពីបុគ្គលម្នាក់នៅក្នុងស្រុករបស់ព្រះអង្គដែលគេបានទទួលយកនូវរបួសក្បាលបុគ្គលដ៍ទៃ ហើយក្រោយមកបានស្លាប់។ នៅពេលដែលពួកយើងសួរទៅកាន់រីនប៉ូជេថាតើព្រះអង្គនឹងធ្វើកិច្ចនេះទេ អាចជាកិច្ចដែលឥតប្រយោជន៍ទេ រីនប៉ូជេតែងឆ្លើយថាទេ។ ពោលវាគឺដូចជាអវកាសយានិកជាអ្នកដែលលះបង់ជីវិតរបស់ខ្លួនដើម្បីភាពរីកចម្រើនរបស់ពិភពលោក។ ដូចជាគំរូឧទាហរណ៍និងកិត្តិយសនៃអវកាសយានិកដែលពោរពេញដោយវិរភាព ដែលគេអាចធានាថាគ្រួសាររបស់ខ្លួននឹងទទួលបានប្រាក់សោធនិវត្តន៍យ៉ាងច្រើនពីរដ្ឋាភិបាល ដូច្នេះគំរូភាពពោរពេញដោយវិរភាពនៃការលះបង់របស់សង្ឃឡាម៉ាអាចជួយឲ្យមានការរីកចម្រើនខាងផ្លូវធម៌ដល់សាវ័ករបស់ខ្លួន។ 

ឋិតនៅក្នុងសមាធិនៅកំឡុងមរណៈកាលអស់រយៈកាលបីថ្ងៃ 

សឺកុងរីនប៉ូជេឋិតនៅក្នុងសមាធិនៅខណៈពេលនៃមរណៈភាពអស់រយៈកាលបីថ្ងៃ។ បុគ្គលដែលមានសមត្ថភាពដើម្បីតម្រង់ទិសនៃការចាប់កំណើតឡើងវិញរបស់ខ្លួនជាធម្មតាគេអាចចូលទៅក្នុងការសមាធិបែបនេះដែលជាផ្នែកមួយនៃដំណើរការបង្កើតឬបន្តសាវតារឡាម៉ាចាប់ជាតិ។ នៅកំឡុងនៃសមាធិនេះ បេះដូងរបស់គេនៅតែមានសីតណ្ហភាពធម្មតា មានកំដៅធម្មតា ហើយរាងកាយរបស់គេមិនទាន់ចាប់ផ្តើមរលួយស្អុយទេ បើទោះបីជាគេបានឈប់ដកដង្ហើមទាំងស្រុងហើយយ៉ាងណាក្តី។ ជាធម្មតាសង្ឃឡាម៉ាតែឋិតនៅក្នុងសភាពបែបនេះអស់រយៈកាលជាច្រើនថ្ងៃ បន្ទាប់មកកេសា(ក្បាល)របស់គេបានដាំចុះក្រោម និងមានឈាមហូរតាមច្រមុះ ដែលកត្តានេះបញ្ជាក់ថាដួងព្រលឹងនិងវិញ្ញាណរបស់គេបានចាកចេញពីរាងកាយរបស់គេទៅហើយ។ 

នៅពេលសញ្ញាទាំងអស់នោះបានកើតឡើងចំពោះសឺកុង រីនប៉ូជេ ឥន្ធធនូបានផុសឡើងនៅលើមេឃ និងមានពន្លឺភ្លើងដ៍អស្ចារ្យរះឡើងនៅលើកូនភ្នំដែលគេជ្រើសធ្វើជាទីសំរាប់បូជាសពរបស់ព្រះអង្គ។ បើទោះបីជាគេបានផ្ញើរសារទៅកាន់វត្តសម្តេចសង្ឃរាជដាឡៃឡាម៉ា គឺវត្តណាមហ្គីយ៉ាល នៅឯដារ៉ាមសាលាដើម្បីនិមន្តព្រះសង្ឃមកចូលរួមក្នុងពិធីបូជាសពព្រះអង្គយ៉ាងណាក្តី តែគេនៅតែមិនអាចមកដល់ទាន់ពេលវេលា។ ព្រះសង្ឃដែលគង់នៅស្ពីទីជាអ្នកដឹកនាំធ្វើពិធីបុណ្យសព ដែលមិនមានលក្ខណៈឳឡារឹកពេក ស្របទៅតាមក្តីប្រាថ្នារបស់រីនប៉ូជេ។ មិនយូរមិនឆាប់បន្ទាប់ពីនោះមក មានទឹកផុសចេញពីទីបូជាសពរបស់ព្រះអង្គ ជាទឹកស័ក្កិសិទ្ធិដែលអាចជួយព្យាបាលរោគាផ្សេងៗ ដែលនៅតែហូររហូតមកដល់សព្វថ្ងៃនេះ ហើយវាបានក្លាយទៅជាទីធម្មយាត្រា។ ប្រាំបួនខែគត់ក្រោយមក គឺនៅថ្ងៃទី២៩ ខែឧសភាឆ្នាំ១៩៨៤ រីនប៉ូជេបានចាប់កំណើតឡើងវិញម្តងទៀត នៅតំបន់ស្ពីទីនៅក្នុងត្រកូលគ្រួសារដ៍សមរម្យមួយ។ 

តម្រង់ទិសនៃការចាប់កំណើតឡើងវិញរបស់ព្រះអង្គ

អស់រយៈកាលច្រើនឆ្នាំកន្លងទៅ រីនប៉ូជេបានជួបជាមួយនឹងប្តីប្រពន្ធមួយគូ ដែលមានឈ្មោះថា ឆុដ្រាគ និងឃុនហ្សាង ឆុដ្រុន(chodrag and Kunzang chodron) គេទាំងពីរនាក់នេះបានធ្វើឲ្យព្រះអង្គចាប់អារម្មណ៍យ៉ាងខ្លាំង។ គេជាអ្នកបដិបត្តិធម៌ខ្ជាប់ខ្ជួន ហើយគេបានប្រាប់រីនប៉ូជេថា ក្តីបំណងដ៍ខ្លាំងក្លាបំផុតរបស់ពួកគេគឺក្លាយទៅជាសង្ឃនិងដូនជី តែប្រធានភូមិរបស់ពួកគេបានបដិសេធនឹងក្តីប្រាថ្នានេះ ដោយសារថាការទៅបួសនៅពេលដែលខ្លួនធំដឹងក្តីនិងមានបន្ទុកគ្រួសារនៅតូចផងអាចមានបញ្ហាច្រើនដល់គេ គេត្រូវតែមើលថែរក្សាកូនៗរបស់គេជាមុនសិន។ រីនប៉ូជេក៍បានគិតយល់ស្របជាមួយនឹងមតិរបស់មេភូមិដែរ។ នេះហើយគឺជាឳពុកម្តាយដែលរីនប៉ូជេទៅចាប់កំណើតជាមួយ កើតជាកូនទីបួនរបស់ពួកគេ។ 

សាវ័កទាំងអស់បានប្រើប្រាស់វិធីសាស្រ្តស្ទាត់ជំនាញផ្សេងៗដើម្បីកំណត់ទីតាំង និងដើម្បីសម្គាល់ឡាម៉ាចាប់ជាតិ ជាឡាម៉ាដែលមានជំនាញខាងសមាធិនៅខណៈពេលខ្លួនកំពុងស្លាប់។ វិធីសាស្រ្តទាំងអស់នេះរួមទាំងការពិភាក្សាជាមួយបុគ្គលចូលរូប(គ្រូចូលរូប) និងរួមទាំងការគិតគូរចំពោះការយល់សុបិន្តនៃមហាថេរៈដែលបានសម្រេចធម៌ជាន់ខ្ពស់ផងដែរ។ បេក្ខជនឡាម៉ាចាប់ជាតិ ដែលជាជម្រើសចុងក្រោយគេចាំបាច់ត្រូវតែសម្គាល់ គ្រឿងសម្ភារៈផ្សេងៗរបស់ឡាម៉ាដែលបានចែកឋានទៅឲ្យបានត្រឹមត្រូវក្នុងចំណោមគ្រឿងសម្ភារៈប្រើប្រាស់ទាំងអស់នោះ។ តែទោះបីយ៉ាងណាក៍ដោយ ដាឡៃឡាម៉ាបានព្រមានមិនឲ្យពឹងអាស្រ័យលើវិធីសាស្រ្តទាំងអស់នេះជ្រុលពេកទេ។ ក្មេងចាប់ជាតិនោះត្រូវតែបង្ហាញសញ្ញាច្បាស់ៗនៃសញ្ញាណរបស់ខ្លួនជាមុនសិន មុនពេលត្រូវបានគេយកមកគិតថាជាបេក្ខជនពិតប្រាកដ។ 

ការសម្គាល់ការចាប់ជាតិឡើងវិញរបស់រីនប៉ូជេ

ប្រជាជនរស់នៅក្នុងតំបន់ស្ពីទីចាត់ទុករីនប៉ូជេដូចជាព្រះអរហន្តមួយរូបដូច្នោះដែរ៖ ស្ទើរតែគ្រប់ផ្ទះទាំងអស់គេសុទ្ធតែមានរូបថតរបស់ព្រះអង្គ។ ភ្លាមៗមិនយូរមិនឆាប់នៅពេលរីនប៉ូជេចាប់ជាតិនេះចេះនិយាយ គេបានចង្អុលទៅកាន់រូបថតរបស់រីនប៉ូជេដែលភ្ជួរនៅលើជញ្ជាំងផ្ទះឳពុកម្តាយរបស់ខ្លួន ហើយនិយាយថា «នោះគឺជារូបខ្ញុំ!» ក្រោយមកនៅពេលង៉ាវ៉ាងបានទៅដល់ផ្ទះនោះដើម្បីទៅឆែកមើលក្មេងនោះ ក្មេងនោះស្រាប់តែរត់តម្រង់ទៅរកព្រះអង្គ ហើយគេចង់ទៅវត្តរបស់គេវិញជាមួយព្រះអង្គ។ 

គ្មាននរណាម្នាក់គេមានការសង្ស័យថាក្មេងនោះជានរណាទេ។ សរុបមកនៅពីរបីឆ្នាំមុននេះ មានក្រុមស្ត្រីល្បីឈ្មោះមួយក្រុមមកពីតំបន់ស្ពីទីបានស្នើសុំឲ្យរីនប៉ូជេទៅចាប់កំណើតនៅក្នុងភូមិជ្រលងភ្នំរបស់ពួកគេនៅពេលបន្ទាប់។ តែការទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌាដើម្បីទៅធ្វើទស្សនៈកិច្ចនៅក្នុងភូមិដាច់ស្រយ៉ាលនៅតាមព្រំដែននេះគឺជាបញ្ហា។ ហើយការចាប់កំណើតបែបនេះនៅតំបន់នេះធ្វើឲ្យអ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល។ ឳពុកម្តាយរបស់ក្មេងនោះពិតជាមានកិត្តិយសខ្លាំងណាស់និងបានយល់ព្រម នៅត្រឹមអាយុបួនឆ្នាំ រីនប៉ូជេចាប់ជាតិតូចម្នាក់នេះបានចាកចេញពីស្ពីទីទៅកាន់ដារ៉ាមសាលានៃប្រទេសឥណ្ឌា។ បើទោះបីជាឳពុកម្តាយរបស់គេបានទៅលែងគេមិនដាច់យ៉ាងណាក្តី ក្មេងនោះមិនដែលសួរនាំឬសួររកឳពុកម្តាយរបស់ខ្លួនឡើយ ហើយក៍មិននឹងពួកគេដែរ។ តាំងតែពីគ្រាដំបូងនៃការមកដល់ដារ៉ាមសាលា គេមានអារម្មណ៍ថាដូចនៅក្នុងផ្ទះរបស់ខ្លួនអីចឹងដែលឋិតនៅជាមួយសមាជិកគ្រួសារផ្សេងទៀត ពួកគេគ្រប់គ្នានៅដារ៉ាមសាលាគឺជាគ្រួសាររបស់គេ។ 

ក្មេងចាប់ជាតិនេះបានស្គាល់រូបខ្ញុំនៅក្នុងជំនួបលើកដំបូងរបស់យើងទាំងពីរ

ខ្ញុំបានចាកចេញពីប្រទេសឥណ្ឌាដើម្បីធ្វើដំណើរបង្រៀនធម៌នៅពេលរីនប៉ូជេបានមកដល់ដារ៉ាមសាលាលើកដំបូង។ ពីរបីខែក្រោយមក នៅគ្រាដែលខ្ញុំត្រឡប់មកវិញខ្ញុំបានទៅលែងព្រះអង្គ ហើយមិនព្យាយាមគិតរំពឹងជ្រុកពេកហើយក៍មិនមានការសង្ស័យអ្វីដែរ។ នៅខណៈពេលដែលខ្ញុំដើរចូលទៅក្នុងបន្ទប់របស់រីនប៉ូជេ ង៉ាវ៉ាងបានសួរទៅកាន់ក្មេងនោះថាតើអ្នកដឹងថាគេជានរណាទេ។ ក្មេងនោះបានឆ្លើយថា «កុំល្ងង់ពេក ពិតណាស់ខ្ញុំដឹងថាគេជានរណា!» ដោយសារតែមានរូបថតខ្ញុំបកប្រែនៅឯការប្រជុំនៅក្នុងទីក្រុងវ៉ាទីកង់ដែលអង្គុយនៅចន្លោះដាឡៃឡាម៉ា និងសឺកុងរីនប៉ូជេចាស់ និងសម្តេចប៉ាប់ដែលភ្ជួរនៅលើជញ្ជាំងនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំគិតថាប្រហែលជាក្មេងនេះស្គាល់ខ្ញុំតាមរយៈរូបថតនេះហើយមើលទៅ។ ប៉ុន្តែចាប់ពីពេលដែលយើងបានជួបគ្នា រីនប៉ូជេតូចម្នាក់នេះបានចាត់ទុកខ្ញុំដូចជាមនុស្សដែលគេបានស្គាល់ច្បាស់អីចឹង ដូចជាសមាជិកគ្រួសាររបស់គេដូច្នោះដែរ។ ក្មេងអាយុបួនឆ្នាំមិនអាចប្រឌិតរឿងបែបនេះកើតទេ។ ត្រង់នេះបានធ្វើឲ្យខ្ញុំកាន់តែជឿជាក់ថាគេជានរណាពិតប្រាកដជាងអ្វីៗទាំងអស់។ 

 រីនប៉ូជេអាយុដប់បួនឆ្នាំ(១៤)នៅក្នុងឆ្នាំ១៩៩៨

នៅក្នុងឆ្នាំ១៩៩៨ឥឡូវនេះសឺកុង រីនប៉ូជេថ្មីមានអាយុ១៤វស្សា(ឆ្នាំ)ហើយ។ ព្រះអង្គគង់នៅនិងសិក្សាភាគច្រើននៅឯវត្តរបស់ព្រះអង្គនៅ មុនហ្គូដនៃប្រទេសឥណ្ឌា និងបាននិមន្តមកកាន់ដារ៉ាមសាលាមួយដងឬពីរដងក្នុងមួយឆ្នាំ នៅពេលដែលសម្តេចសង្ឃរាជដាឡៃឡាម៉ាបង្រៀនធម៌សំខាន់ៗ។ ឆុងហ្សេឡានិងអ្នកធ្វើម្ហូបចាស់របស់រីនប៉ូជេបានទទួលមរណៈភាពអស់ហើយ ហើយង៉ាវ៉ាងក៍បានលាចាកសិក្ខាបទ(សឹកពីបួស) និងបានរៀបការនិងរស់នៅក្នុងប្រទេសនេប៉ាល់។ រីនប៉ូជេមានសមាជិកសង្ឃថ្មីដែលមើលថែរក្សាព្រះអង្គ សមាជិកទាំងអស់នោះព្រះអង្គបានជ្រើសរើសដោយខ្លួនឯងកាលព្រះអង្គនៅរស់។ ឧទាហរណ៍៖ ព្រះអង្គបានជ្រើសរើសក្មេងប្រុសដែលមានអាយុដប់ឆ្នាំចំនួនពីររូប មកពីតំបន់ស្ពីទីនិងឃីនណោរដើម្បីទៅចូលរួមជាមួយព្រះអង្គ នៅក្នុងកំឡុងពេលពីរបីខែចុងក្រោយនៃជីវិតរបស់ព្រះអង្គ។ 

បើទោះបីជាគេមានជំនាញកំប្លុកកំប្លែងស្រដៀងនឹងបុព្វាធិការី(រីនប៉ូជេចាស់)របស់គេនិងមានអត្តចរិតសាមញ្ញាមិនប្រកាន់ខ្លួនយ៉ាងណាក្តី តែសឺកុងរីនប៉ូជេក្មេងនេះមានចរិតឫកពារផ្ទាល់ខ្លួនរបស់ព្រះអង្គ។ អ្វីដែលនៅតែបន្តកើតមានពីជាតិមួយទៅជាតិមួយទៀតនោះគឺទេព្យកោសល្យ ឧបនិស្ស័យនិងនិស្ស័យកម្ម។ នៅក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគេ ខ្ញុំមានអារម្មណ៍ថាខ្លួនដូចជាសមាជិកម្នាក់នៃសមាជិកផ្សេងទៀតនៅក្នុងរឿងស្តារត្រែក(Star Trek)ដើមនៃកាពីតែនឃើក(Captain Kirk) ហើយឥឡូវជាអ្នកដែលបានចូលរួមនៅក្នុងរឿងស្តារត្រែកជំនាន់ថ្មីនៅក្រោមការដឹងនាំរបស់កាពីតែន ភីខាត៖គឺរឿង ជំនានក្រោយ(Captain Picard of Star Trek: The Next Generation)។ អ្វីៗគ្រប់យ៉ាងបានប្រែប្រួល ប៉ុន្តែនៅតែមានបន្តជានិច្ច។ 

ចាប់យកតួនាទីមិនសំខាន់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សារីនប៉ូជេ

រហូតមកខ្ញុំបានចាប់យកតួនាទីជាជើងក្រោយ(មិនសំខាន់)នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាសឺកុងរីនប៉ូជេ។ ខ្ញុំមានអារម្មណ៍ថារីនប៉ូជេមុនបានប្រាថ្នាដើម្បីបម្រើសំខាន់ដល់ប្រជាជនរបស់ព្រះអង្គ។ មានសង្ឃឡាម៉ាជាច្រើនរូបបានបូជាខ្លួនដើម្បីទៅបង្រៀនធម៌នៅឯបស្ចឹមលោក ឬនៅក្នុងតំបន់អាស៊ីដែលនៅក្រៅពីទីបេ ហើយប្រការនេះអាចប៉ពាល់ដល់ជនជាតិទីបេខ្លួនឯងនៅថ្ងៃអនាគត។ ប្រសិនបើទម្រង់នៃពុទ្ធសាសនាទីបេនឹងមានភាពរីកចម្រើនពេញលេញ នោះការបង្វឹកនិងការបង្រៀនដល់ជនទីបេជំនានក្រោយគឺជាកិច្ចដ៍សំខាន់បំផុតមិនអាចខ្វះបាន។ ប្រការនេះដោយសារថា នៅក្នុងពេលបច្ចុប្បន្នការបង្រៀនពុទ្ធសាសនាពេញលេញគឺមាននៅក្នុងតែភាសាទីបេទេ។ រីនប៉ូជេបានផ្តល់ឳកាសដ៍ប្រសើរដល់ខ្ញុំ សំរាប់ការហ្វឹកហាត់និងការអភិវឌ្ឍខ្លួនរបស់ខ្ញុំ។ ដើម្បីតបស្នងសងគុណដល់ព្រះអង្គវិញ ខ្ញុំត្រូវតែធ្វើដូចព្រះអង្គបានធ្វើចំពោះខ្ញុំដែរ។ 

ដើម្បីចៀសវាងការពារកុំឲ្យមានវិវាទឬជម្លោះផ្នែកវប្បធម៌ ខ្ញុំមិនបានចូលរួមនៅក្នុងការអប់រំទំនើបរបស់រីនប៉ូជេទេ។ តាមពិតទៅខ្ញុំបានចៀសវាងដោយចេតនាមិនឲ្យមានការពាក់ព័ន្ធច្រើនពេកទេ បើទោះបីជាទំនាក់ទំនងរវាងយើងទាំងពីរល្អជិតស្និទនឹងគ្នានៅពេលណាយើងជួបគ្នាយ៉ាងណាក្តី តែផ្ទុយទៅវិញ ខ្ញុំបានជួយរៀបចំគ្រូជនជាតិទីបេដើម្បីឲ្យគេបង្រៀនភាសាអង់គ្លេស វិទ្យាសាស្រ្ត និងការសិក្សាសង្គមដល់ព្រះអង្គ ធ្វើតាមកម្មវិធីសិក្សានៅក្នុងសាលាទីបេនៅក្នុងប្រទសឥណ្ឌា។ ជាបន្តបន្ទាប់រីនប៉ូជេអាចយល់ដឹងអំពីប្រជាជនរបស់ព្រះអង្គ។ ខ្ញុំក៍មិនបាននាំព្រះអង្គធ្វើដំណើរទៅកាន់បស្ចឹមលោក ហើយក៍មិនបានថ្វាយម៉ាស៊ីនកុំព្យូទ័រ ឬម៉ាស៊ីនចាកវីដេអូដល់ព្រះអង្គទេ។ ខ្ញុំមិនលើកទឹកចិត្តដល់បុគ្គលណាដែលគេថ្វាយព្រះអង្គរបស់ទាំងអស់នេះ។ សព្វថ្ងៃនេះមានសង្ឃឡាម៉ាចាប់ជាតិច្រើនណាស់ដែលគេគិតថា ហ្គេមនៅតាមម៉ាស៊ីនកុំព្យូទ័រ និងរឿងកុនវាយកាប់ចាកមានការចាប់អារម្មណ៍ជាងការសិក្សាអំពីទំនៀមអ្នកបួសរបស់ខ្លួន។ 

សូត្រថ្វាយដើម្បីក្លាយជាសាវ័ករបស់ព្រះអង្គម្តងទៀត

ខ្ញុំមិនដឹងថាទិសដៅរបស់ខ្ញុំបានចូលរួមចំណែកកំរិតណាទេ ប៉ុន្តែរីនប៉ូជេបានបង្ហាញស្មារតីនៃសុវត្ថិភាពយ៉ាងជ្រាលជ្រៅ និងមានអារម្មណ៍សុវត្ថិភាពដែលឋិតនៅក្នុងរង្វង់នៃវប្បធម៌របស់ខ្លួន។ ប្រការនេះអាចមានអត្ថប្រយោជន៍ដល់ព្រះអង្គ ដល់មនុស្សគ្រប់រូបដែលព្រះអង្គនឹងជួបនៅក្នុងថ្ងៃអនាគត។ ព្រះអង្គអាចសិក្សារៀនសូត្រអំពីវប្បធម៌បស្ចឹមប្រទេសនៅពេលព្រះអង្គធំដឹងក្តីបាន។ ខ្ញុំសូមសូត្រប្រាថ្នាឲ្យខ្លួនបានក្លាយជាសាវ័ករបស់ព្រះអង្គម្តងទៀតនៅជាតិក្រោយ។ 

Top