គុណធម៌ផ្សេងទៀរបស់រីសឺកុងរីនប៉ូជេ

កំលាំងកាយដ៍មហិមារបស់បីតារីនប៉ូជេ គឺសឺកុងដរជេឆាង

សឺកុងរីនប៉ូជេមិនដែលអួតអះអាងថាខ្លួនជាអ្នកយោគៈឬថាខ្លួនមានអំណាចពិសេសអ្វីទេ។ ប្រសិនបើយើងត្រូវការគំរូភាពនៃបុគ្គលដែលមានលក្ខណៈបែបនេះ នោះព្រះអង្គបានលើកឡើងថា យើងមិនចាំបាច់ដើរទៅរកទីណាឆ្ងាយទេ។ បិតារបស់ព្រះអង្គ សឺកុង ដរជេឆាងគឺជាគំរូភាពដ៍ល្អមួយរូប។ ធ្លាប់បួសជាសង្ឃនៅវត្តហ្គេនដិន ចាងសេ បិតារបស់ព្រះអង្គបានសម្រេចកំរិតអនុត្តរយោគៈទន្រ្ទៈ(anuttarayoga)ដែលអាចឲ្យគាត់បដិបត្តិបច្ចេកទេសយោគៈពិសេសៗជាមួយនឹងអ្នកកំដរដើម្បីឈានទៅដល់កំរិតជ្រៅបំផុតនៃមនោ។ ចំណុចដ៍ខ្ពស់នៅត្រឹមកំរិតនេះទាមទារជំនាញដ៍ប៊ិនប្រសព្វខាងផ្នែកថាមពល រួមទាំងការគ្រប់គ្រងធាតុនិងថាមពលខាងក្រៅនិងខាងក្នុង។ ការតាំងចិត្តនិងការគោរពសិក្ខាបទមិនសេពមេថុនធម្មជាធម្មតារារាំងរូបគាត់ពីការបដិបត្តិបែបនេះ។ នៅពេលដែលដាឡៃឡាម៉ាទីដប់បី(១៣)បានស្នើសុំឲ្យគាត់រកភស្តុតាងបញ្ជាក់ចំពោះការបានសម្រេចរបស់គាត់ នៅពេលនោះសឺកុង ដរជេឆាងគាត់បានយកស្នែងក្របីយ៉ាក(ប្រភេទក្របីភ្នំនៅតំបន់ទីបេ) យកមកគួចចងជាចំណងនិងយកទៅថ្វាយព្រះអង្គមើល។ ដោយមានភាពជឿជាក់ ដាឡៃឡាម៉ាទីដប់បីបានអនុញ្ញាតឲ្យគាត់រក្សាដំណែងជាអ្នកបដិបត្តិនោះតទៅទៀត ខណៈពេលដែលគាត់បដិបត្តិនៅត្រឹមកំរិតនេះ។ ជាការពិតរីនប៉ូជេបានលើកឡើងថា គេបានទុកស្នែងដែលបានគួចនោះនៅផ្ទះរបស់ព្រះអង្គកាលពីព្រះអង្គនៅក្មេង។ 

សឺកុង ដរជេឆាងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាអ្នកបកប្រែនៅសតវត្សទីដប់មួយ ចាប់ជាតិ ដែលមានឈ្មោះថា មារប៉ា។ សឺកុងរីនប៉ូជេ បានកើតមកដើម្បីបន្តទំនៀមរបស់បិតារបស់ព្រះអង្គនេះតទៅទៀត ហើយត្រូវបានគេមើលឃើញថាព្រះអង្គគឺជាតួរអង្គចាប់ជាតិនៃកូនប្រុសរបស់ម៉ារប៉ាដ៍ល្បីមួយរូប គឺ ដារម៉ា ដូដិ។ ប៉ុន្តែរីនប៉ូជេមិនបាននិយាយរឿងទាំងអស់នេះប្រាប់ដល់ខ្ញុំទេ សូម្បីមួយម៉ាត់ក៍គ្មានដែរ ហើយព្រះអង្គក៍មិនបានប្រៀបធៀបខ្លួនឯងជាមួយបិតារបស់ព្រះអង្គដែរ។ បើទោះបីជាព្រះអង្គនៅស្ងាត់ស្ងៀមមិនប្រាប់គេឲ្យដឹងយ៉ាងណាក្តី តែវាគឺជារឿងជាក់ស្តែងដែលអ្នកនៅជិតព្រះអង្គគេឃើញថាព្រះអង្គក៍មានការគ្រប់គ្រងលើថាមពលនិងមានរិទ្ធិអំណាចមិនធម្មតាដែរ។ វិធីដែលរីនប៉ូជេចូលសឹងលក់បានងាយស្រួល បានបញ្ជាក់ថាព្រះអង្គពិតជាមានថាមពលនេះមែន។ នៅគ្រាមួយរីនប៉ូជេត្រូវបានគ្រូពេទ្យនិមន្តឲ្យទៅថតដើម្បីពិនិត្យសុខភាពនៅឯទីក្រុង ម៉ែដឌីសុន នៃរដ្ឋវីសខោនស៊ីន សហរដ្ឋអាមេរិក។ រីនប៉ូជេមានភាពស្វាហាប់និងមានការតាំងសតិជានិច្ចនៅពេលព្រះអង្គសឹងតម្រេតខ្លួនដើម្បីឲ្យគ្រូពេទ្យពិនិត្យ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យប្រាប់ព្រះអង្គឲ្យសម្រួសព្រះកាយ ហើយនៅត្រឹមតែពីរបីវិនាទីប៉ុណ្ណោះព្រះអង្គបានសឹងលក់និងស្រមុកទៀតផង។ 

សមត្ថភាពវិសេសរបស់រីនប៉ូជេផ្ទាល់

សមត្ថភាពវិសេសរបស់រីនប៉ូជេដើម្បីដឹងអំពីអនាគតអាចត្រូវបានគេមើលឃើញនៅក្នុងគំរូឧទាហណ៍ជាច្រើន។ រីនប៉ូជេមិនត្រឹមតែជាធម្មាចារ្យមួយរូនក្នុងចំណោមធម្មចារ្យជាច្រើនរូបរបស់ដាឡៃឡាម៉ាតែប៉ូណ្ណោះទេ តែព្រះអង្គក៍ជាអ្នកបង្រៀនដល់សមាជិកគ្រួសាររបស់ដាឡៃឡាម៉ានៅពេលខ្លះផងដែរ រួមទាំងមាតារបស់ព្រះអង្គផង។ ជាធម្មតារីនប៉ូជេមិនត្រូវទៅបង្រៀនឬទៅលែងមាតារបស់ដាឡៃឡាម៉ាទេ លើកលែងតែមានការរៀបចំការណាត់ជួបផ្លូវការទើបព្រះអង្គនិមន្តទៅ ដោយសារតែរឿងនេះទាមទារឳ្យមានពិធីការត្រឹមត្រូវ។ ប៉ុន្តែនៅគ្រាមុនពេលមាតារបស់ព្រះអង្គស្លាប់ រីនប៉ូជេហាក់ដឹងញាណដឹងអំពីស្ថានការណ៍របស់គាត់ ហើយរីនប៉ូជេបានទៅមើលគាត់ជាលើកចុងក្រោយដោយមិនបានព្រៀងទុកនិងមិនបានគោរពទៅតាមពិធីការត្រឹមត្រូវ។ 

នៅគ្រាមួយនៅពេលរីនប៉ូជេបង្រៀននៅឯមជ្ឈមណ្ឌលវជិរៈយោគីនីនៅក្នុងទីក្រុងឡាវោរ ប្រទេសបារាំង និងបានគង់សម្រាកពីរបីថ្ងៃមុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស។ ខ្ញុំចង់ទៅមុនដើម្បីទៅលែងមិត្តភក្តិ ហើយមានគេឲ្យខ្ញុំជិះឡានជាមួយគេទៅ។ នៅពេលដែលខ្ញុំបានសុំការអនុញ្ញាតពីព្រះអង្គដើម្បីចេញដំណើរទៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យ រីនប៉ូជេបានឆ្លើយតបថា «ល្អណាស់ អ្នកទៅក្រុងប៉ារីសនៅថ្ងៃចន្ទ» នៅពេលដែលខ្ញុំឆ្លើយតបវិញដោយនិយាយថា «ទេទេខ្ញុំទៅប៉ារីសស្អែកហ្នឹង ជាថ្ងៃអាទិត្យ» ពេលនោះរីនប៉ូជេបានលើកឡើងម្តងទៀតថា «ល្អណាស់អ្នកទៅក្រុងប៉ារីសនៅថ្ងៃចន្ទ។» បន្ទាប់មកខ្ញុំបានបន្តសួរទៅព្រះអង្គទៀតថា «តើមានអ្វីមិនប្រក្រតីកើតឡើងនៅថ្ងៃអាទិត្យមែនទេ? តើខ្ញុំគួរពន្យាពេលទេ ហើយត្រូវទៅប៉ារីសនៅថ្ងៃចន្ទវិញមែនទេ?» រីនប៉ូជេបានសើចហើយលើកឡើងថា «ទេទេគ្មានអ្វីធំដុំទេ មានតិចតួច។» 

ហើយខ្ញុំក៍បានទៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យ ចេញដំណើរបានពាក់កណ្តាលផ្លូវស្រាប់តែឡានខូច។ យើងត្រូវតែស្នាក់នៅក្នុងកូនភូមិតូចមួយមួយយប់ដោយសារតែការ៉ាសឡានបិទនៅក្នុងអាទិត្យ។ យើងឲ្យគេជួសជុលឡាននៅព្រឹកថ្ងៃចន្ទ ដូចដែលរីនប៉ូជេបានទាយដឹងមុនអីចឹង ថាខ្ញុំទៅដល់ប៉ារីសនៅថ្ងៃចន្ទ មិនមែនថ្ងៃអាទិត្យទេ។ 

ពេលខ្លះរីនប៉ូជេបានបង្ហាញសមត្ថភាពមើលដឹងអ្វីៗមុនពេលវាកើតឡើង នៅគ្រាមួយនៅឯដារ៉ាមសាលា ប្រធាននៃមជ្ឈមណ្ឌលតុសិតៈបានអញ្ជើញរីនប៉ូជេ ឲ្យដឹកនាំពិធីបុណ្យ នៅខណៈពេលដែលឡានហ្ស៊ីបបើកបរជិតដល់មជ្ឈមណ្ឌល រីនប៉ូជេបានលើកឡើងថា «ប្រញាប់ឡើង!នាំគ្នាទៅមើលបន្ទប់អាសនៈ! ទៀនមួយដើមបានដួលហើយ!» នៅពេលដែលប្រធានមជ្ឈមណ្ឌលបានរត់ចូលទៅមើលនៅក្នុងបន្ទប់នោះ គាត់បានឃើញទៀនមួយដើមពិតជាបានដួលមែន ហើយអគ្គីភ័យបំរុងនឹងកើតឡើងនៅខណៈពេលនោះ។ 

រីនប៉ូជេមិនត្រឹមតែដឹងអំពីប្រភេទនៃទំនាក់ទំនងនិស្ស័យកម្មដែលព្រះអង្គមានជាមួយមនុស្សខ្លះតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គបានបង្ហាញថាព្រះអង្គបានដឹងមុនអំពីរឿងរ៉ាវជាច្រើនរបស់មនុស្សដែលព្រះអង្គមិនស្គាល់ពីមុនដោយមិនចាំបាច់មានគេប្រាប់ព្រះអង្គឡើយ។ នៅគ្រាមួយនៅម៉ែតឌីសុន នៃរដ្ឋវីសខុនស៊ីន មិត្តភក្តិចាស់របស់ខ្ញុំម្នាក់ក្នុងចំណោមមិត្តចាស់ផ្សេងទៀតជាច្រើន គេបានមកជួបរីនប៉ូជេនៅគ្រាដំបូងបំផុតមួយ។ បើទោះបីជាមិត្តរបស់ខ្ញុំគេបានធ្វើចរិតឫកពារគេល្អធម្មតាយ៉ាងណា ហើយគេនិងខ្ញុំក៍មិនបានប្រាប់រីនប៉ូជេដែរថាមិត្តខ្ញុំគេជាអ្នកជក់កញ្ឆា តែរីនប៉ូជេបានប្រាប់មិត្តរបស់ខ្ញុំថា អ្នកត្រូវតែឈប់ជក់ថ្នាំទៅ វាធ្វើឲ្យខូចសុខភាពរបស់អ្នក។ ក្នុងចំណោមជនបស្ចឹមប្រទេសទាំងអស់ដែលរីនប៉ូជេបានជួប មិត្តរបស់ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលព្រះអង្គបានទូន្មានឲ្យឈប់ជក់កញ្ឆា។ 

វិធីសាស្រ្តស្ទាត់ជំនាញក្នុងការជួយមនុស្សឲ្យគេទទួលស្គាល់និងបដិបត្តិលើបញ្ហារបស់ខ្លួន

បើទោះបីជារីនប៉ូជេបានមើលដឹងអំពីទម្លាប់និងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់នៃមនុស្សមួយចំនួនខ្លះក្តី តែព្រះអង្គក៍មានជំនាញយ៉ាងស្ទាត់ជំនាញក្នុងការចង្អុលបង្ហាញកំហុសនិងទម្លាប់មិនល្អទាំងនោះដល់គេ។ នៅគ្រាមួយនៅពេលដែលរីនប៉ូជេបាននិមន្តទៅគង់នៅប្រទេសនេប៉ាល់អស់រយៈកាលប្រហែលជាពីរទៅបីខែ ខ្ញុំបានជួបការលំបាកនៅក្នុងការងាររបស់ខ្ញុំ។ យើងបានជួបគ្នាម្តងទៀតនៅពុទ្ធគាយាជាទីដែលខ្ញុំបានធ្វើការបកប្រែអត្ថបទបង្រៀនដោយដាឡៃឡាម៉ាស្តីអំពី ការប្រព្រឹត្តនៅក្នុងឥរិយាបថពោធិសត្វៈ។ ផ្ទុយពីការនិយាយប្រាប់ខ្ញុំត្រង់ៗថា វិធីដែលខ្ញុំកំពុងតែធ្វើកិច្ចការងារនេះគឺដូចជាវិធីដែលល្ងង់មិនល្អ តែព្រះអង្គបែរជាងាកទៅមើលអត្ថបទដែលខ្ញុំកំពុងតែបកប្រែទាំងនោះ បើកមើលពីទំព័រមួយទៅទំព័រមួយទៀត ហើយបានបង្អុលបង្ហាញនូវពាក្យឬសព្ទជាច្រើន ហើយបានសួរខ្ញុំថាតើខ្ញុំដឹងថាសព្ទទាំងអស់នោះមានអត្ថន័យយ៉ាងណាទេ។ សព្ទទាំងអស់នោះគឺសំដៅទៅរកបញ្ហាពិតជាក់ស្តែងដែលខ្ញុំកំពុងតែប្រឈម។ រីនប៉ូជេបានធ្វើការពន្យល់អត្ថន័យបង្កប់របស់សព្ទទាំងអស់នោះយ៉ាងក្បោះក្បាយដល់ខ្ញុំ និងបានចង្អុលបង្ហាញវិធានការដើម្បីកែប្រែស្ថានការណ៍នោះ។ 

នៅគ្រាមួយមានស្រ្តីអ្នកមានទ្រព្យសម្បត្តិជាតិស្វីសម្នាក់បាននិមន្តរីនប៉ូជេតាមឡានតាកស៊ីទៅកាន់ហាងលក់ទំនិញដ៍ថ្លៃមួយកន្លែងនៅក្នុងទីក្រុងស៊ូរិកប្រទេសស្វីស។ នៅពេលរីនប៉ូជេបានចាកចេញពីហាងទំនិញនោះ ព្រះអង្គបានលើកឡើងថា នៅក្នុងហាងនោះគ្មានរបស់អ្វីដែលគេអាចប្រើប្រាស់បានឬគេអាចត្រូវការចាំបាច់ទេ។ បន្ទាប់មកព្រះអង្គបានសួរទៅកាន់ស្រ្តីនោះថា តើគេអាចយករទេះរុញដាក់ឥវ៉ាន់ទៅផ្ទះរបស់គាត់វិញបានទេ។ ពិតជារឿងដែលសប្បាយរីករាយបើសិនឃើញមនុស្សគេជិះក្នុងរទេះរុញដាក់ឥវ៉ាន់នេះថាជារឿងធម្មតា។ ដោយភាពអៀនខ្មាស់ ស្ត្រីនោះបានសារភាពថាគាត់មិនធ្លាប់ជិះក្នុងរទេះរុញដាក់ឥវ៉ាន់នេះពីមុនទេនៅក្នុងជីវិតរបស់គាត់ ហើយក៍មិនដឹងថាត្រូវឡើងជិះនិងចុះពីរទេះរុញនេះដោយរបៀបណាដែរ។ ក្នុងករណីនេះរីនប៉ូជេបានបង្ហាញឲ្យគាត់មើលឃើញអំពីគម្លាតដ៍ឆ្ងាយពីជីវិតសាមញ្ញធម្មតា ដែលកើតមានឡើងនៅក្នុងជីវិតរបស់ស្រ្តីម្នាក់នោះ។ 

នៅគ្រាមួយទៀតរីនប៉ូជេបានត្រូវគេនិមន្តឲ្យទៅគង់នៅក្នុងវិមានដ៍ប្រណិតមួយនៅក្បែរទីក្រុងស៊ូរិក ជាទីដែលស្ត្រីម្នាស់ផ្ទះគាត់មានអាម្មរណ៍មិនសូវស្រួលចំពោះភាពសំបូរបែបនិងភាពប្រណិតនៃផ្ទះរបស់ខ្លួន។ គាត់ចូលចិត្តរស់នៅក្នុងភាពសាមញ្ញជាង ហើយគាត់បានរៀបចំបន្ទប់សៀវភៅដែលធ្វើឡើងពីឈើអូក ដើម្បីឲ្យរីនប៉ូជេគង់នៅទីនោះ ដោយសារតែបន្ទប់នោះគឺជាបន្ទប់ដែលឋិតនៅខ្ពស់បំផុតនៃតួផ្ទះទាំងមូល រីនប៉ូជេចូលទៅមើល ហើយបានជម្រាបស្ត្រីម្ចាស់ផ្ទះនោះថា ព្រះអង្គទៅសឹងនៅបន្ទប់កញ្ចក់ដែលចាំងពន្លឺថ្ងៃនោះវិញ។ ព្រះអង្គបានប្រាប់ស្រ្តីនោះថាព្រះអង្គចូលចិត្តគង់នៅក្នុងតង់ប៉ុណ្ណា ហើយបន្ទប់ដែលមានរស្មីព្រះអាទិត្យចាំងចូលនេះ ហាក់រំលឹកព្រះអង្គដល់ការគង់នៅក្នុងតង់ដូច្នោះដែរ ដោយសារព្រះអង្គអាចមើលឃើញទេសភាពសួនច្បារ និងបឹងឋិតនៅខាងក្រោម។ វិធីនេះព្រះអង្គបានជួយជំរុញឲ្យគាត់ឲ្យតម្លៃនិងត្រូវរីករាយជាមួយនឹងសេចក្តីសុខសាមញ្ញដែលមាននៅជុំវិញផ្ទះរបស់គាត់។ 

ភាពស្ទាត់ជំនាញនៅក្នុងការជួយដល់គេ

រីនប៉ូជេបានជួយដល់គេទៅតាមវិធីណាដែលចាំបាច់និងអាចទៅរួច។ នៅក្នុងពិធីផមមៃយ៉ា ជាពិធីដើម្បីធ្វើការអនុញ្ញាតដល់ការបដិបត្តិនៃតួអង្គថារ៉ាព័ណ៌លឿង(Yellow Tara) ជាតួអង្គសម្មាសម្ពុទ្ធតំណាងឲ្យការមានទ្រព្យសម្បត្តិដែលធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី រីនប៉ូជេបានសុំឲ្យវិចិត្រការិនីជាតិអ៊ីតាលីគូគំនូរនៃតួអង្គនេះដើម្បីយកមកប្រារព្ធពិធី។ ការបំពេញកិច្ចនេះអាចជួយសាងកុសលកម្មដល់វិចិត្រការិនីដើម្បីភាពសម្បូរសម្បាយពីការបដិបត្តិសមាធិនេះ។ នៅក្នុងឳកាសមួយផ្សេងទៀតនៅមជ្ឈមណ្ឌលតែមួយនេះ រីនបូជេបានដាក់ទានជាប្រាក់ដល់បុរសវ័យក្មេងម្នាក់ ដែលផ្ទះឳពុកម្តាយរបស់គេទើបត្រូវបានចោរចូលប្លន់ថ្មីៗ។ ទាននេះអាចធ្វើជាការចាប់ផ្តើមដ៍ល្អសំរាប់គ្រួសារគេដើម្បីកសាងទ្រព្យឡើងវិញ។ ចំពោះលោកអាឡាន ថឺនឺ(Alan Turner) ជាសាវ័កជាតិអង់គ្លេសដ៍ជិតស្និទម្នាក់ ជាមនុស្សដែលមិនមានចំណាប់អារម្មណ៍ ឬមិនមានភាពជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសិក្សាភាសាទីបេ រីនប៉ូជេបានបង្រៀនព្យញ្ជនៈទីបេផ្ទាល់មាត់ដើម្បីបណ្តុះគ្រាប់សម្រាប់កិច្ចពិភាក្សានៅថ្ងៃអនាគត។ ហើយនៅពេលដែលខ្ញុំជាប់គាំងមិនរីកចម្រើនទៅមុខនៅក្នុងការសិក្សាភាសាទីបេរបស់ខ្ញុំ រីនប៉ូជេបានចាប់ផ្តើមមើលវចនានុក្រមភាសាទីបេជាមួយខ្ញុំ និងប្រាប់ខ្ញុំឲ្យសរសេរប្រយោគដោយប្រើប្រាស់ពាក្យនីមួយៗនោះ។ 

រីនប៉ូជេក៍ជាអ្នកការទូតកំពូលមួយរូបដែរ។ ដោយព្រះអង្គបានលើកឡើងថា ត្រូវតែទទួលយកនូវអ្វីក៍ដោយក្តីដែលគេប្រគេនជានិច្ច ជាពិសេសការបដិសេធរបស់យើងអាចបង្កការឈឺចាប់មិនសម្បាយដល់គេ ហើយការទទួលយករបស់យើងទៀតសោតក៍មិនបង្កជាទុក្ខទោសអ្វីដល់គេដែរ។ ដូច្នេះបើទោះបីជារីនប៉ូជេមិនចូលចិត្តអាហារណាដែលផ្អែមនិងមានជាតិស្ករច្រើនយ៉ាងណាក្តី តែព្រះអង្គអាចឆាន់នំមួយដុំដោយចិត្តរីករាយ ប្រសិនបើគេបានរៀបចំធ្វើវាជាពេសេសដើម្បីប្រគេនដល់ព្រះអង្គ។ ជាការពិតប្រសិនបើកិច្ចនោះអាចជាប្រយោជន៍ជួយចម្រើនដល់ភាពជឿជាក់លើខ្លួនឯងនៃបុគ្គលអ្នកធ្វើទាននោះបាន រីនប៉ូជេនឹងសុំឲ្យជំនួយការរបស់ព្រះអង្គសរសេររូបមននៃការធ្វើនំនោះទុក។ 

សរុបមករីនប៉ូជេគឺពិតជាបុគ្គលដែលមានចិត្តបើកទូលាយនិងមានជំនាញដ៍ប៊ិនប្រសប់។ មិនសំខាន់ថាមជ្ឈមណ្ឌលពុទ្ធសាសនាដែលបាននិមន្តព្រះអង្គទៅនោះមានកំរិតប៉ុណ្ណាឬមានឈ្មោះអ្វីនោះទេ -មិនថាជានិកាយកាគីយូ និកាយនីយីងម៉ា និកាយសក្យៈ និកាយហ្គេលូគ ពុទ្ធសាសនាហ្សិន ឬថេរវាទក្តី - ព្រះអង្គនឹងបង្រៀននៅក្នុងស្តាយនៃនិកាយទាំងនោះ។ សមត្ថភាពនៃការបត់ប៉ែននេះគឺមានលើសពីព្រំដែននៃពុទ្ធសាសនាទៅទៀត។ នៅគ្រាមួយនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី ស្រ្តីម្នាក់ដែលមានប្រវត្តិជឿលើគ្រឹស្តសាសនាកាតូលិកបានសួរព្រះអង្គថា «ឥឡូវនេះខ្ញុំបានយកត្រ័យសរណៈជាទីពឹងទីរលឹក និងបានរក្សាការបដិបត្តិពុទ្ធិចិត្តនិងទន្រ្ទៈ តើវាទាស់ខុសទេប្រសិនបើខ្ញុំទៅព្រះវិហារគ្រឹស្ត?» រីនប៉ូជេបានឆ្លើយតបវិញថា «គ្មានអ្វីខុសទេ ប្រសិនបើអ្នកផ្តោតលើការបង្រៀន(ធម៌)នៃករុណា និងមេត្តានៅក្នុងសាសនាផ្សេង តើអ្នកមិនមែនកំពុងតែធ្វើដំណើរឆ្ពោះទៅរកគោលដៅតែមួយស្របនឹងត្រ័យសរណៈនិងសីលរបស់អ្នកមែនទេ?» 

Top