ចូលរួមវគ្គបដិបត្តិសមាធិទន្រ្ទៈ«មិនពេញម៉ោង»
បើទោះបីជាវគ្គបដិបត្តិសមាធិបែបទន្រ្ទៈពេញម៉ោងដែលបន្តធ្វើឡើងក្នុងរយៈពេលយូរមានអត្ថប្រយោជន៍យ៉ាងណាក្តី ប៉ុន្តែមនុស្សភាគច្រើនគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមបដិបត្តិទេ។ បើដូច្នេះរីនប៉ូជេគិតថា វាគឺជាការគិតចង្អៀត មិនបើកចិត្តទូលាយនៅពេលគេគិតថាគេអាចបដិបត្តិសមាធិប្រភេទនេះបានលុះត្រាណាតែគេមានពេលទំនេរចាប់ពីបីខែអីឡើងទៅ។ ពាក្យថាវគ្គបដិបត្តិមិនមែនមានន័យថាជាវេលាដែលខ្លួកាត់ផ្តាច់ពីកិច្ចដ៍ទៃទាំងស្រុងទេ តែផ្ទុយទៅវិញ វាគឺជារយៈពេលនៃការបដិបត្តិពេញលេញដើម្បីធ្វើឲ្យមនោរបស់ខ្លួនមានភាពបត់បែនទៅតាមការប្រតិបត្តិនោះ។ ការបដិបត្តិមួយដងនៅពេលព្រឹកនិងនៅពេលរាត្រី នៅខណៈពេលអ្នកដឹកនាំជីវិតបំពេញការងារអ្វីផ្សេងនៅពេលថ្ងៃ គឺជាធុរៈដែលអាចទទួលយកបាន។ រីនប៉ូជេព្រះអង្គខ្លួនឯងក៍បានបដិបត្តិបែបនេះដែរ ដោយគ្មាននរណាម្នាក់គេដឹងថាព្រះអង្គធ្វើបែបនេះទេ។
ការកំណត់តែមួយគត់នៅក្នុងវិធីសាស្រ្តនៃការបដិបត្តិនេះគឺត្រូវដេកនៅកន្លែងតែមួយ អង្គុយបដិបត្តិនៅកន្លែងតែមួយពេញមួយវគ្គបដិបត្តិនោះ។ បើពុំដូច្នោះទេការចម្រើននូវថាមពលផ្លូវចិត្តនេះនឹងត្រូវខូចខាតមិនចម្រើនទៅមុខឡើយ។ លើសពីនេះទៅទៀត ការបដិបត្តិមួយៗត្រូវតែមានការរួមបញ្ចូលយ៉ាងហោចណាស់ចំនួនការសូត្រមន្ត្រៈមួយចំនួនយ៉ាងតិច ការលូនក្រាបថ្វាយបង្គំ ឬការសូត្រឡើងវិញជាច្រើនលើក ទៅតាមចំនួនដែលបានកំណត់ហើយ នៅកំឡុងពេលនៃវគ្គបដិបត្តិដំបូង។ ដូច្នេះរីនប៉ូជេបានណែនាំឲ្យសូត្រឡើងវិញចំនួនបីដងគត់នៅក្នុងការបដិបត្តិដែលខ្លួនបានជ្រើសរើសនៅកំឡុងពេលនៃការបដិបត្តិដំបូង។ តាមវិធីនេះ បើមានជម្ងឺឈឺថ្កាត់ធ្ងន់ធ្ងរវានឹងមិនអាចកាត់ផ្តាច់និរន្តរភាពនៃការបដិបត្តិនៅក្នុងវគ្គនោះបានឡើយ ដែលទាបទារឲ្យចាប់ផ្តើមបដិបត្តិឡើងវិញជាថ្មី។
នៅពេលភាពចាំបាច់ជំទាស់នឹងច្បាប់ឬការកំណត់នៃវគ្គបដិបត្តិ
ដូចមាននៅគ្រប់ទម្រង់នៃវិន័យពុទ្ធសាសនាទាំងអស់ ទោះបីយ៉ាងណាក៍ដោយ «ពេលខ្លះភាពចាំបាច់បានជំទាស់ និងមិនប្រព្រឹត្តទៅតាមវិន័យទាំងអស់នោះទេ» ប៉ុន្តែវាកើតឡើងតែនៅក្នុងករណីពិសេសមួយចំនួនប៉ុណ្ណោះ។ នៅគ្រាមួយនៅដារ៉ាមសាលា នាប្រទេសឥណ្ឌា នៅពាក់កណ្តាលទីនៃវគ្គបដិបត្តិសមាធិ ខ្ញុំបានទទួលការស្នើសុំឲ្យទៅបកប្រែជូនសម្តេចសង្ឃរាជដាឡៃឡាម៉ា ដែលព្រះអង្គបង្រៀននៅម៉ាណាលី ជាកូនក្រុងមួយទៀតឋិតនៅជួរភ្នំហិមាល័យនៃប្រទេសឥណ្ឌា។ ខ្ញុំបានពិគ្រោះយោបល់ជាមួយរីនប៉ូជេ ហើយព្រះអង្គបានប្រាប់ខ្ញុំឲ្យទៅបកប្រែជូនព្រះអង្គដោយមិនចាំបាច់គិតស្ទាក់ស្ទើរឬគ្មានភាពសង្ស័យអ្វីទេ។ ការទៅជួយដាឡៃឡាម៉ាគឺជាធុរៈដែលមានប្រយោជន៍ជាងកិច្ចអ្វីៗផ្សេងទាំងអស់ ដែលខ្ញុំអាចធ្វើបាន។ ខ្ញុំនឹងមិនធ្វើឲ្យខូចការតាំងចិត្តនៃការបដិបត្តិរបស់ខ្ញុំទេ ដរាបណាខ្ញុំធ្វើការបដិបត្តិឲ្យបានមួយដងក្នុងមួយថ្ងៃ សូត្រមន្ត្រៈទៅតាមចំនួនដែលខ្ញុំបានកំណត់ម្តងហើយម្តងទៀតមិនដាច់។ ខ្ញុំបានធ្វើតាមវិធីនេះ បន្ទាប់ពីអស់រយៈពេលដប់ថ្ងៃជាមួយដាឡៃឡាម៉ា ខ្ញុំបានត្រឡប់មកដារ៉ាមសាលាវិញដើម្បីមកបញ្ចប់វគ្គបដិបត្តិរបស់ខ្ញុំ។
ប្រតិបត្តិតាមវិធីសាស្រ្តឲ្យបានត្រឹមត្រូវ
រីនប៉ូជេឧស្សាហ៍សង្កត់ធ្ងន់ៗថា វិធីសាស្រ្តនៃការធ្វើពិធីមួយៗគឺមានគោលបំណងនិងមានភាពជាក់ស្តែងពិតរបស់វា។ គេត្រូវតែប្រតិបត្តិតាមឲ្យបានត្រឹមត្រូវ ឧបមាថា៖ វគ្គបដិបត្តិទន្រ្ទៈទាមទារនូវការសូត្រមន្ត្រៈឡើងវិញជាច្រើនលើកទៅតាមចំនួនកំណត់ជាក់លាក់ណាមួយ បន្ទាប់មកត្រូវធ្វើពិធី «បូជាភ្លើង»។ ពិធីបូជាភ្លើងគឺជាពិធីដែលមានលក្ខណៈស្មុគស្មាញ ជាពិធីដែលត្រូវថ្វាយនូវគ្រឿងសក្ការៈបូជាទៅក្នុងភ្នក់ភ្លើង។ គោលបំណងនៃការប្រារព្ធពិធីនេះគឺត្រូវបំពេញបន្ថែមនូវភាពខ្វះខាតនៅក្នុងការបដិបត្តិ និងដើម្បីធ្វើបរិសុទ្ធិកម្មកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។
ជាពិសេសវគ្គបដិបត្តិខ្លះគឺពិបាក។ ឧបមាដូចជាវគ្គមួយដែលខ្ញុំបានចូលរួមបដិបត្តិគឺទាមទារឲ្យយើងសូត្រមន្ត្រៈឲ្យបានចំនួនមួយលានដង ហើយនៅកំឡុងពេលនៃការធ្វើពិធីបូជាភ្លើង ជាពិធីដែលត្រូវបូជាស្មៅចំនួយដប់មឺនគូ ត្រូវបោះស្មៅទាំងនោះចូលទៅក្នុងភ្នក់ភ្លើងនៅខណៈពេលកំពុងតែសូត្រ។ ស្មៅទាំងដប់មឺនគូនោះត្រូវតែបោះចូលទៅក្នុងភ្នក់ភ្លើងនៅក្នុងការធ្វើពិធីម្តង(អង្គុយម្តង) ដោយគ្មានការសម្រាកទេ។ នៅពេលដែលខ្ញុំធ្វើពិធីបូជាភ្លើងរបស់ខ្ញុំនៅចុងបញ្ចប់នៃវគ្គបដិបត្តិនេះ ខ្ញុំស្រាប់តែអស់ស្មៅដុត មិនគ្រប់ទៅតាមចំនួនកំណត់។ បន្ទាប់ពីពិធីចប់ ខ្ញុំបានប្រាប់រឿងនេះដល់រីនប៉ូជេ ព្រះអង្គបានឲ្យខ្ញុំធ្វើពិធីនេះទាំងស្រុងឡើងវិញនៅក្នុងរយៈពេលពីរបីថ្ងៃក្រោយមក។ នៅពេលនេះខ្ញុំត្រូវតែប្រាកដថាខ្លួនមានស្មៅចំនួនដប់មឺនគូត្រៀមទុកមុនស្រេច!
ដោយសារតែអាចារ្យ ពោលគាត់ជាអ្នកមានជំនាញខាងដឹកនាំធ្វើពិធីនេះមិនមានពេលទំនេរ រីនប៉ូជេបានសង្កត់ធ្ងន់ទៀតថាយើងត្រូវតែពឹងលើខ្លួនឯង។ ដូច្នេះព្រះអង្គបានបង្រៀនដល់សាវ័កជាន់ខ្ពស់ជាតិបស្ចឹមប្រទេសរបស់ព្រះអង្គអំពីវិធីសាស្រ្តដើម្បីប្រារព្ធពិធីបូជាភ្លើងនេះដល់គេដើម្បីឲ្យគេអាចធ្វើដោយខ្លួនឯងបាន។ កិច្ចនេះរួមទាំងការរៀបចំទីតាំងឬកន្លែងដុតភ្លើង និងវិធីសាស្រ្តដើម្បីគូឬរចនានូវគំនូរម៉ានដាឡា(mandala)នៅលើការូឬលើដី នៅលើទីសម្រាប់ដុត ដោយប្រើប្រាស់ម្សៅដែលមានព័ណ៌ផ្សេងៗគ្នា។ បើសូម្បីសាវ័កបស្ចឹមប្រទេសទាមទារឲ្យមានអ្នកសូត្រនៅក្នុងពិធី ដោយសារតែកិច្ចនេះមិនមាននៅក្នុងភាសារបស់គេយ៉ាងណា តែរីនប៉ូជេបានពន្យល់ថា គេត្រូវថ្វាយនូវគ្រឿងសក្ការៈផ្សេងៗ ចូលទៅក្នុងភ្នក់ភ្លើងនោះដោយខ្លួនឯង។ ត្រង់នេះគឺជារឿងពិតបើសូម្បីនៅពេលមានវគ្គបដិបត្តិជាក្រុមក៍ដោយ។
ទោះបីយ៉ាងណាក្តី ការប្រតិបត្តិតាមវិធីសាស្រ្តឲ្យបានត្រឹមត្រូវមិនផ្ទុយពីវិធីសាស្រ្តប្រាកដជាក់ស្តែងទេ។ ឧបមាថា៖វគ្គបដិបត្តិទន្រ្ទៈត្រូវចាប់ផ្តើមពីការរៀបចំថ្វាយគ្រឿងសក្ការៈពិសេសនៅលើទីសក្ការៈនៅក្នុងផ្ទះ បន្ទាប់មកត្រូវថ្វាយរៀងរាល់ថ្ងៃដើម្បីបណ្តេញឧបសគ្គនិងគ្រឿងឧបទ្រពនានាឲ្យវិនាសទៅ។ ឧបសគ្គទាំងអស់នោះត្រូវបានគេមើលឃើញ ជាទម្រង់នៃព្រលឹងខ្មោចដែលជ្រៀតជ្រែកបៀតបៀន ហើយត្រូវបានគេអញ្ជើញឲ្យមកចូលរួមទទួលយកដង្វាយនោះរៀងរាល់ថ្ងៃនៃការប្រារព្ធពិធីនេះ។ រីនប៉ូជេបានណែនាំថា ប្រអប់ ឬក្រឡដាក់នំឃូឃី(cookies) អាចយកធ្វើជាថាសសំរាប់ជំនួសឲ្យថម៉ាស(tormas)ដ៍ល្អឥតខ្ចោះបាន ដែលគេប្រើនៅក្នុងគោលបំណងនេះ។
ជៀសវាងការគិតចង់បដិបត្តិកំរិតខ្ពស់នៅពេលខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
រីនប៉ូជេមិនសប្បាយចិត្តទេ នៅពេលណាមានគេចង់បដិបត្តិកំរិតខ្ពស់នៅពេលខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាប់។ ឧបមាថា៖អ្នកខ្លះគេមានបំណងចង់បំពេញការបដិបត្តិនៅគ្រប់កំរិតទាំងអស់ តែគេមិនមានឆន្ទៈ ឬមិនចាប់អារម្មណ៍នៅក្នុងកិច្ចបដិបត្តិសទ្ធានៈ(sadhana)ដែលមានរយៈពេលវែងផង ចុះទម្រាំតែការបដិបត្តិស្ទាត់ជំនាញទៀតនោះ។ អនុត្តរយោគៈ(anuttarayoga) ជាកំរិតទន្រ្ទៈខ្ពស់បំផុត មានចាប់តាំងពីកំរិតដំបូង និងកំរិតចុងក្រោយនៃការបដិបត្តិ។ កំរិតទីមួយជាការហ្វឹកហាត់កំលាំងនៃការស្រមៃ និងការតាំងសតិតាមរយៈការបដិបត្តិសទ្ធានៈ។ កំរិតទីពីរប្រើប្រាស់កំលាំងចិត្តដែលចម្រើនបានហើយដើម្បីសម្រួលប្រព័ន្ធថាមពលនៃរាងកាយឲ្យប្រព្រឹត្តទៅល្អដើម្បីកែប្រែខ្លួនឲ្យកាន់តែប្រសើរឡើង។ បើគ្មានជំនាញដែលទទួលបានពីការបដិបត្តិសទ្ធានៈនេះទេ នោះការបដិបត្តិចក្រៈ ជាចរន្ត ជាប្រព័ន្ធថាមពលដ៍ល្អិតនេះគឺកម្រកើតមានណាស់។
រីនប៉ូជេបានព្រមានថា ការបដិបត្តិទន្រ្ទៈជាន់ខ្ពស់នេះអាចជាការបដិបត្តិដែលមានគ្រោះថ្នាក់បំផុត ប្រសិនបើគេបដិបត្តិខុស ដោយគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេនោះ។ ឧទាហរណ៍៖ ការដកចិត្តចេញពីខ្លួន(powa) ពាក់ព័ន្ធដល់ការស្រមៃគិតដកចិត្តចេញពីខ្លួននៅគ្រាជិតស្លាប់ អាចធ្វើឲ្យគេមានអាយុខ្លី។ ការលេបថ្នាំ(chulen)នៅក្នុងពេលនៃការតមមិនបរិភោគអាហារដែលមានរយៈពេលច្រើនសប្តាហ៍ និងការរស់ដោយការប្រើប្រាស់ថ្នាំស័ក្កិសិទ្ធិ ជាពិសេសការប្រើប្រាស់ជាក្រុម អាចបង្កឲ្យមានគ្រោះទុរិ្ភក្ស(ទុរភិក្ស)នៅក្នុងតំបន់។ លើសពីនេះទៅទៀត អ្នកដែលបដិបត្តិបែបនេះអាចធ្លាក់ខ្លួនឈឺធ្ងន់ពីការមិនបរិភោគអាហារឲ្យបានគ្រប់គ្រាន់ និងការខ្វះទឹក ហើយអាចបណ្តាលឲ្យស្លាប់បាន។
វគ្គបដិបត្តិបែបទន្រ្ទៈនេះគឺជាការបដិបត្តិជាន់ខ្ពស់ ហើយរីនប៉ូជេបានដាស់តឿនព្រមានកុំឲ្យបដិបត្តិបើខ្លួនមិនមានលក្ខណៈគ្រប់គ្រាន់ទេ។ ឧបមាថា៖ពេលខ្លះគេចូលរូមវគ្គបដិបត្តិដើម្បីសូត្រមន្ត្រៈរាប់រយរាប់ពាន់ដង ប៉ុន្តែមិនបានផ្សាំខ្លួនឬមិនបានដឹងច្បាស់អំពីការបដិបត្តិនោះជាមុនសិនទេ។ គេស្រមៃថានៅកំឡុងនៃវគ្គបដិបត្តិ គេនឹងទទួលបានបទពិសោធន៍។ បើទោះបីជាបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីសិក្សា និងដើម្បីទម្លាប់ខ្លួន នៅក្នុងការបដិបត្តិជាក់លាក់ពិសេសណាមួយជារឿងដែលមានប្រយោជន៍ក្តី តែនេះមិនមែនជាកិច្ចត្រូវធ្វើនៅកំឡុងពេលនៃវគ្គបដិបត្តិទន្រ្ទៈផ្លូវការទេ។ បុគ្គលដែលមិនចេះហែលទឹកសោះ មិនត្រូវចាប់ផ្តើមហាត់ហែលទឹក១២ម៉ោងក្នុងមួយថ្ងៃទេ អាការធ្វើបែបនេះមានតែការនាំទៅរកការរមួលសាច់ដុំនិងការអស់កំលាំងជ្រុលពេកតែម៉្យាងប៉ុណ្ណោះ។ ការហ្វឹកហាត់ហួសកំលាំងជ្រុលពេកត្រូវបានគេហាមឃាត់ចំពោះអ្នកចេះហែលទឹកដែលមានបទពិសោធន៍ ដើម្បីក្លាយខ្លួនទៅជាអត្តពលិកកំពូល។ ប្រការនេះមានលក្ខណៈដូចគ្នានៅក្នុងវគ្គបដិបត្តិសមាធិបែបទន្រ្ទៈដែរ។
ចៀសវាងកុំអួតអាងអំពីការប្រតិបត្តិរបស់ខ្លួន
លើសពីនេះទៅទៀតការបដិបត្តិទន្រ្ទៈត្រូវតែជាការបដិបត្តិដែលមានលក្ខណៈឯកជន មិនត្រូវឲ្យគេដឹងទេ បើពុំដូច្នោះទេច្បាស់ជាមានការជ្រៀតជ្រែកណាមួយពុំខានឡើយ។ រីនប៉ូជេបានមើលឃើញថា ជនបស្ចឹមប្រទេសមិនត្រឹមតែមិនរក្សាការបដិបត្តិនិងភាពសម្រេចបានរបស់ខ្លួនឲ្យមានលក្ខណៈឯកជន មិនឲ្យគេដឹងតែប៉ុណ្ណោះទេ តែពួកគេថែមទាំងបានអួតអាងអំពីការបដិបត្តិរបស់ខ្លួនទៀតផង។ ព្រះអង្គបានលើកឡើងថា វាគឺជារឿងដែលមិនសមហេតុផលសោះ ដែលត្រូវនិយាយអួតថាខ្លួនជាអ្នកបដិបត្តិយោគដ៍អស្ចារ្យស្របទៅតាមតួរអង្គនៃសម្មាសម្ពុទ្ធណាមួយ នៅពេលខ្លួនបានត្រឹមតែចូលរួមវគ្គបដិបត្តិរយៈពេលខ្លី និងបានសូត្រមន្រ្តៈបានត្រឹមតែពីរបីរយពាន់ដងប៉ុណ្ណោះ។ ដើរធ្វើពុត អួតប្រាប់គេប្រាប់ឯង សូម្បីខ្លួនមិនបានបដិបត្តិសទ្ធានៈដែលមានរយៈពេលវែងរាល់ថ្ងៃផង នោះច្បាស់ជារឿងដែលឥតប្រយោជន៍ពុំខានឡើយ។ រីនប៉ូជេបានឧស្សាហ៍ពន្យល់ថា ការសូត្របដិបត្តិសទ្ធានៈរយៈពេលវែងជាកិច្ចរបស់អ្នកទើបចាប់ផ្តើមប្រតិបត្តិដំបូង។ សទ្ធានៈទាំងអស់នេះគឺមានរាប់រយទំព័រ ពោលគឺដូចជាប្រយោគសាច់រឿងនៃអូពេរ៉ា(opera)នៃការធ្វើចក្ខុទស្សន៍ដូច្នោះដែរ។ សទ្ធានៈសង្ខេបខ្លីគឺដើម្បីតែអ្នកបដិបត្តិថ្នាក់ខ្ពស់ជាអ្នកដែលមានពិសោធនិងមានការផ្សាំខ្លួនជាមួយនឹងការបដិបត្តិនេះទាំងស្រុងហើយ ដែលគេអាចបំពេញរាល់ការធ្វើចក្ខុទស្សន៍និងពិធីនានានៅខណៈពេលដែលគេគ្រាន់តែសូត្រពីរបីម៉ាត់ប៉ុណ្ណោះ។
អោយតម្លៃវិធីសាស្រ្តបង្រៀនតាមបែបទន្រ្ទៈនៃការបង្កើតភាពមិនច្បាស់លាស់ដោយចេតនា
រីនប៉ូជេបានបង្រៀនថាជនបស្ចឹមប្រទេសគេត្រូវតែទប់ចំណង់នៃការចង់បាននូវការបង្រៀនដែលមានលក្ខណៈក្បោះក្បាយនិងច្បាស់លាស់ពីគ្រាដំបូងឡើងទៅ ពិសេសបំផុតនៅពេលនិយាយអំពីទន្រ្ទៈ។ ធម្មាចារ្យឥណ្ឌានិងទីបេជាច្រើនរូបពួកគេមានសមត្ថភាពក្នុងការសរសេរអត្ថបទគម្ពីរច្បាស់ៗ តែទោះបីជាពួកគេមានសមត្ថភាពក្នុងការសរសេរអត្ថបទគម្ពីរឲ្យបានច្បាស់ក្រោះក្បាយយ៉ាងណាក្តី តែពួកគេមានបំណងក្នុងការសរសេរវានៅក្នុងស្តាយដែលមិនច្បាស់និងមិនងាយស្រួលយល់។ ការសរសេរអត្ថបទគម្ពីរទន្រ្ទៈច្បាស់ពេកនិងក្បោះក្បាយពេកងាយស្រួលយល់អាចបង្កឲ្យការបដិបត្តិកាន់តែស្រួចស្រាលទៅៗនិងកាន់តែមិនមានចំណាប់អារម្មណ៍ ឧទាហរណ៍៖ មនុស្សគេនឹងមិនឲ្យតម្លៃព្រះធម៌និងមិនខិតខំប្រឹងប្រែងបដិបត្តិច្បាស់លាស់ទេ។
ផ្នែកសំខាន់បំផុតមួយទៀតនៃគរុកោសល្យនៃការបង្រៀនផ្នែកពុទ្ធសាសនាគឺត្រូវជំរុញឲ្យគេចោទជាសំនួរចំពោះអត្ថន័យនៃព្រះធម៌នោះឬអត្ថបទនោះ ហើយប្រសិនបើសិស្សមានចំណាប់អារម្មណ៍ពិតប្រាកដគេនឹងខិតខំសិក្សាស្វែងយល់ដើម្បីរកសេចក្តីច្បាស់លាស់បន្ថែមទៀតដោយខ្លួនឯង។ ប្រការនេះអាចជួយទប់ស្កាត់កុំឲ្យមានអ្វីដែលគេហៅថា «អ្នកធ្វើដំណើរទេសចរណ៍បែបសាសនា» ជាអ្នកដែលមិនមានចំណាប់អារម្មណ៍និងមិនខិតខំប្រឹងប្រែងបដិបត្តិពិតប្រាកដដើម្បីការត្រាស់ដឹងរបស់ខ្លួន។ ទោះបីយ៉ាងណាក្តីប្រសិនបើគោលបំណងនៃការពន្យល់ទន្រ្ទៈឲ្យកាន់តែច្បាស់គឺដើម្បីកម្ចាត់នូវការយល់ច្រឡំនិងការគិតអវិជ្ជមានរបស់មនុស្សចំពោះព្រះធម៌ តែសម្តេចសង្ឃរាជដាឡៃឡាម៉ាបានសម្រេចឲ្យគេបោះពុំផ្សាយនូវសេចក្តីពន្យល់ក្បោះក្បាយច្បាស់ៗ។ ទោះបីយ៉ាងណាក្តីចំណុចទាំងអស់នេះគឺគ្រាន់តែពាក់ព័ន្ធនឹងទ្រឹស្តីតែម៉្យាងប៉ុណ្ណោះ តែវាមិនពាក់ព័ន្ធពិសេសដល់ការបដិបត្តិតាមតួអង្គសម្មាសម្ពុទ្ធជាក់លាក់ណាមួយទេ។ ការមានសៀវភៅឬអត្ថបទនៃ «របៀបធ្វើឬរបៀបបដិបត្តិ»ច្បាស់ៗអាចជំរុញឲ្យគេគិតចង់បដិបត្តិវិធីសាស្រ្តជាន់ខ្ពស់ដោយគ្មានការដឹកនាំពីគ្រូ ដែលប្រការនេះអាចជារឿងដែលគ្រោះថ្នាក់ដល់គេ។
មិនត្រូវចាត់ទុកធម៌ ឬអ្នករក្សាការពារធម៌លំៗទេ
រីនប៉ូជេបានព្រមានថា រឿងដែលគ្រោះថា្នក់បំផុតគឺចាត់ទុកព្រះធម៌ និងអ្នករក្សាការពារធម៌ ថាជាកិច្ចលំៗមិនច្បាស់លាស់។ អ្នកការពាររក្សាធម៌គឺជាកំលាំងដ៍មានឥទ្ធិពល ជារឿយៗគេសំដៅដល់ពពួកដួងព្រលឹងនិងវិញ្ញាណនានា ដែលមហាថេរៈជាច្រើនរូបជាន់មុនបានបង្ក្រាបនិងបង្វឹកហើយ។ គេបានធ្វើឲ្យដួងព្រលឹងនិងវិញ្ញាណដ៍ហិង្សាទាំងអស់នោះស្បត់សច្ចាដើម្បីរក្សាព្រះធម៌ និងរក្សាអ្នកបដិបត្តិធម៌ពីគ្រោះកាចនិងឧបសគ្គនានា។ មានតែមហាថេរៈដែលពូកែខាងមហាយោគៈនេះទេទើបអាចគ្រប់គ្រងពួកគេបាន។
រីនប៉ូជេឧស្សាហ៍និយាយរឿងអំពីអ្នករក្សាធម៌មួយរូប(ព្រលឹង)ដែលគេបានសច្ចាការពារវត្តអារាមមួយដែលបូជាដើម្បីកិច្ចពិភាក្សាធម៌។ ដួងព្រលឹងដែលនៅចាំការពាររក្សាធម៌នោះឧស្សាហ៍បង្កើតជាកិច្ចជ្រៀតជ្រែកនានាដល់អ្នកបដិបត្តិពោលដូចជាការធ្វើឲ្យគេឈឺ ឲ្យគេជួបឧប្បត្តិហេតុនានា ជាពិសេសនៅពេលមាននរណាម្នាក់គេព្យាយាមប្រតិបត្តិទន្រ្ទៈនៅក្នុងបរិវេណនៃវត្តនេះ នៅខណៈពេលដែលគេគួរតែធ្វើការពិភាក្សាជាជាងការសិក្សាទន្រ្ទៈ។ មានសង្ឃឡាម៉ាដែលបានសិក្សារៀនសូត្រខាងផ្នែកពិភាក្សានេះរួចហើយ និងត្រូវរៀនបន្តនៅឯសាលាទន្រ្ទៈមួយក្នុងចំណោមទន្រ្ទៈទាំងពីរនេះទើបគេអនុញ្ញាតឲ្យប្រតិបត្តិទន្រ្ទៈបាន តែសូម្បីតែបែបនេះក្តីក៍គេមិនត្រូវធ្វើឡើងនៅក្នុងបរិវេណវត្តទេ។ មានហ្គេហ្សេមួយអង្គនៅខណៈពេលដែលខ្លួននៅជាសិស្សនៅឡើយធ្លាប់យកទីធ្លាវត្តធ្វើជាទីសក្ការៈបូជា(ដុតបូជា)ស្លឹកជូភីធឺស្របទៅតាមការបដិបត្តិនៃទន្រ្ទៈ តែព្រះអង្គតែងជួបនូវឧបសគ្គជានិច្ច។ បន្ទាប់មកព្រះអង្គបានចូលរៀននៅឯសាលាទន្រ្ទៈមួយ បន្ទាប់ពីរៀនចប់ព្រះអង្គបន្តការបូជា តែពេលនេះគឺធ្វើឡើងនៅក្រៅរបងវត្ត នៅឯជើងភ្នំនៅក្បែរនោះ។ អស់រយៈកាលជាច្រើនឆ្នាំក្រោយមក បន្ទាប់ពីហ្គេហ្សេបានយល់ធម៌សុញ្ញភាពច្បាស់លាស់ហើយ ដួងព្រលឹងជាអ្នករក្សាធម៌នោះបានឲ្យព្រះអង្គឃើញ ហើយគេបាននិយាយទៅកាន់ព្រះអង្គថា «ខ្ញុំសូមអភ័យទោសដែលខ្ញុំបានយាយីដល់អ្នកកាលពីគ្រាមុន តែនោះគឺជាការសច្ចារបស់ខ្ញុំចំពោះស្ថាបនិកនៃវត្តរបស់អ្នក ឥឡូវនេះនៅពេលដែលអ្នកបានយល់ច្បាស់នូវសុញ្ញធម៌ពិតប្រាកដហើយ បើសូម្បីខ្ញុំចង់យាយីដល់អ្នកយ៉ាងក៍ខ្ញុំមិនអាចយាយីដល់អ្នកបានដែរនៅពេលនេះ»។
រីនប៉ូជេបានលើកឡើងធ្ងន់ៗអំពីគំរូឧទាហរណ៍នេះ។ ការទៅប្រឡែងលែងជាមួយដួងប្រលឹងនិងវិញ្ញាណដែលមានរិទ្ធិអំណាខ្លាំងក្លាដែលខ្លួនមិនអាចគ្រប់គ្រងបានគឺជារឿងដែលគ្រោះថ្នាក់ណាស់។ ព្រះអង្គឧស្សាហ៍លើកឡើងអំពីសង្ឃដីការបស់ដាឡៃឡាម៉ាថា អ្នករក្សាធម៌គឺជាអ្នកបម្រើដល់តួអង្គសម្មាសម្ពុទ្ធ។ មានតែបុគ្គលដែលបានសម្រេចអនុត្តរយោគៈទន្រ្ទៈនិងមានរិទ្ធិអំណាចដូចសម្មាសម្ពុទ្ធទេ ទើបគេគួរចូលរួមបដិបត្តិបាន តែបើសិនបដិបត្តិដោយខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ នោះគឺប្រៀបដូចជាកូនក្មេងដែលកំពុងតែស្រែកហៅសត្វតោឲ្យមកជួយការពារខ្លួនដូច្នោះដែរ ពោលសត្វអាចស៊ីគេជាចំណី។ សម្តេចសង្ឃរាជដាឡៃឡាម៉ាបានណែនាំថា កម្មដែលបង្កើតឡើងពីអំពើរបស់ខ្លួនជាអ្នកការពារយើងដ៍ប្រសើរបំផុត លើសពីនេះទៅទៀតព្រះអង្គបានសួរថា តើធ្លាប់មានអ្វីកើតឡើងទេចំពោះការយកត្រ័យសរណៈជាទីពឹងទីរលឹក ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ?