សឺកុង រីនប៉ូជេ៖ ឡាម៉ាពិតប្រាកដ

ការស្នាក់នៅនិងសិក្សាជាមួយសម្តេចសង្ឃរាជដាឡៃឡាម៉ា មុនពេលផ្លាស់ទៅនៅប្រទេសអាល្លឺម៉ង

នៅក្នុងខែមេសាឆ្នាំ១៩៩៨ ខ្ញុំបានត្រឡប់ទៅដារ៉ាមសាលា ប្រទេសឥណ្ឌាវិញ បន្ទាប់ពីការធ្វើដំណើរបង្រៀនធម៌អស់កាលយ៉ាងយូរកន្លងមក ហើយនិងបន្ទាប់ពីចំណាយពេលវេលាសរសេរសៀវភៅជាច្រើននៅក្នុងប្រទេសម៉ុងហ្គោលីនិងបស្ចឹមប្រទេស។ ខ្ញុំបានរស់នៅលើជើងភ្នំហិមាល័យតាំងពីឆ្នាំ១៩៦៩មក ដើម្បីធ្វើការសិក្សានិងធ្វើការងារជាមួយសហគមន៍ជនភៀសខ្លួនទីបេ ដែលពួកគេភាគច្រើនឋិតនៅជាមួយសម្តេចសង្ឃរាជដាឡៃឡាម៉ា។ ឥឡូវនេះខ្ញុំត្រឡប់យករបស់របររបស់ខ្ញុំដើម្បីផ្លាស់ទៅនៅទីក្រុងមូនីខ ប្រទេសអាល្លឺម៉ង ជាទីដែលខ្ញុំអាចសរសេរសៀវភៅបានច្រើន និងអាចឲ្យខ្ញុំបង្រៀនធម៌ជាប្រចាំបាននៅទីនោះ។ ខ្ញុំចង់ចូលទូលថ្វាយសម្តេចសង្ឃរាជអំពីការសម្រេចចិត្តរបស់ខ្ញុំ និងដើម្បីសុំដំបូន្មានពីព្រះអង្គផង។ ក្នុងនាមជាព្រះគ្រូធម្មាចារ្យរបស់ខ្ញុំ កន្លងមកព្រះអង្គធ្លាប់ផ្តល់ដំបូន្មានឲ្យខ្ញុំធ្វើការថ្លឹងថ្លែង និងសម្រេចចិត្តដោយខ្លួនឯង ថាធ្វើយ៉ាងណានិងនៅទីណាដែលធ្វើឲ្យការចំណាយពេលរបស់ខ្ញុំកាន់តែមានប្រសិទ្ធិភាព និងមានអត្ថន័យដើម្បីរួមចំណែកជួយដល់អ្នកដ៍ទៃ។ សរុបទៅបទពិសោធន៍ជាមគ្គុទេសក៍ដ៍សំខាន់បំផុតសំរាប់ខ្ញុំដើម្បីយកមកធ្វើការសម្រេចចិត្ត។ 

នៅពេលដែលខ្ញុំបានជួបព្រះអង្គដំបូងបំផុតកាលពី២៩ឆ្នាំមុន នៅពេលនោះខ្ញុំទៅប្រទេសឥណ្ឌាក្នុងនាមជាកូនសិស្សអាហារូបករណ៍ហ្វូលប្រាយដើម្បីទៅស្រាវជ្រាវសរសេរនិក្ខេបទបណ្ឌិតរបស់ខ្ញុំ ខាងផ្នែកសិក្សាឥណ្ឌា ភាសាសំស្រ្កឹត និងភាសាចុងបូព៌ាផ្សេងៗទៀត នៅឯសកលវិទ្យាល័យហាវឺត។ នៅក្នុងសម័យនោះទុព្ធសាសនាទីបេគឺជាមុខវិជ្ជាបន្ទាប់បន្សំដែលគេមិនចាប់អារម្មណ៍ ពោលគឺដូចនឹងមុខវិជ្ជាអេហ្ស៊ីបសាស្រ្តដែរ។ ត្រង់នេះខ្ញុំមិនអាចទទួលយកបានទេ និងបានចំណាយពេលវេលាគិតជាច្រើនឆ្នាំថាតើជីវិតនឹងទៅជាបែបណាប្រសិនបើគេគិតនិងរស់នៅបែបអ្នកកាន់ពុទ្ធសាសនា។ នៅពេលបានជួបសម្តេចសង្ឃរាជដាឡៃឡាម៉ា ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថាទំនៀមដែលមានអាយុកាលយូរលង់ណាស់មកហើយនេះនៅតែមានជីវិតរស់រវើកនៅឡើយ ហើយមិនតែប៉ុណ្ណោះទេ ថែមទាំងមានព្រះគ្រូធម្មាចារ្យដែលយល់ដឹង និងរស់ជាគំរូទាំងស្រុងផងដែរ។ 

ពីរបីខែក្រោយមកខ្ញុំបានថ្វាយខ្លួនជូនព្រះអង្គ ជាថ្នូរសុំឲ្យព្រះអង្គផ្លល់ឳកាសដើម្បីសិក្សារៀនសូត្រព្រះធម៌ជាមួយព្រះអង្គ។ ខ្ញុំប្រាថ្នាចង់ធ្វើការបំរើដល់ព្រះអង្គ ហើយខ្ញុំក៍ដឹងច្បាស់ថាខ្ញុំខ្លួនឯងត្រូវធ្វើការច្រើនណាស់ដើម្បីអាចធ្វើកិច្ចនេះបាន ហើយព្រះអង្គក៍យល់ព្រមទទួល។ នៅទីបំផុត ខ្ញុំមានឳកាសនិងបុណ្យដែលបានក្លាយជាអ្នកបកប្រែថ្វាយព្រះអង្គយូរៗម្តង និងជួយបង្កើតទំនាក់ទំនងថ្វាយព្រះអង្គជាមួយនឹងមេដឹកនាំសាសនាផ្សេងៗ និងជាមួយស្ថានប័នសិក្សានៅទូទាំងសកលលោក។ 

ព្រះអង្គមានការត្រេកអរនឹងការសម្រេចចិត្តផ្លាស់ទៅនៅអ៊ឺរ៉ុបរបស់ខ្ញុំ និងបានសួរនាំអំពីសៀវភៅដែលខ្ញុំនឹងសរសេរបន្ទាប់ទៀត។ ខ្ញុំបានក្រាបទូលព្រះអង្គអំពីក្តីប្រាថ្នារបស់ខ្ញុំក្នុងការសរសេរសៀវភៅដែលរ៉ាយរ៉ាប់អំពីទំនាក់ទំនងរវាងសិស្សនិងគ្រូធម្មាចារ្យ។ ដោយបានចូលរួមប្រជុំនៅក្នុងបណ្តាញធម្មាចារ្យពុទ្ធសាសនាបស្ចឹមប្រទេស ជាមួយនឹងព្រះអង្គនៅក្នុងតំបន់ដារ៉ាមសាលា ខ្ញុំបានដឹងច្បាស់អំពីទស្សនៈរបស់ព្រះអង្គស្តីអំពីបញ្ហានានាដែលជនបស្ចឹមប្រទេសបាននឹងកំពុងប្រឈមមុខជាមួយនឹងប្រធានបទនេះ។ សេចក្តីបន្ថែមមួយគត់ដែលព្រះអង្គបានបន្ថែមគឺថា ប្រភពចម្បងនៃការលំបាកគឺថាមានតែធម្មាចារ្យពីរបីរូបតែប៉ុណ្ណោះដែលគេពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជាគ្រូធម្មាចារ្យបានពិតប្រាកដ។ 

ការរំលឹកអំពីដំបូន្មានរបស់មហាថេរៈ សឺកុង រីនប៉ូជេ ក្នុងការក្លាយខ្លួនជាគ្រូធម្មាចារ្យ

នៅខណៈពេលដែលខ្ញុំបានដើរចេញពីបន្ទប់សិក្សានិងស្តាប់ព្រះធម៌ ការគិតឆ្លើយតបនៅក្នុងចិត្តរបស់ខ្ញុំទៅកាន់សំនួរទាក់ទងនឹងគុណសម្បត្តិ និងកេរ្តិ៍ឈ្មោះក្នុងនាមជាធម្មាចារ្យមួយរូបបានកើតឡើង។ អស់រយៈកាលជាច្រើនឆ្នាំកន្លងមកខ្ញុំមានឳកាសដ៍អស្ចារ្យដែលបានធ្វើការបដិបត្តិហ្វឹកហាត់ជាមួយនឹងព្រះធម្មាចារ្យជាតិទីបេដែលលេចធ្លោរជាច្រើនព្រះអង្គដែលភៀសព្រះកាយទៅកាន់ប្រទេសឥណ្ឌា។ មិនត្រឹមតែសម្តេចសង្ឃរាជដាឡៃឡាម៉ាតែប៉ុណ្ណោះទេ តែក៍មានទាំងអតីតធម្មាចារ្យរបស់ព្រះអង្គបីរូប និងរួមទាំងមេដឹកនាំនិកាយផ្សេងៗរបស់ទីបេផងដែរ។ បើប្រៀបធៀបនឹងពួកគេខ្ញុំស្ទើរតែមិនមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ តែទោះបីយ៉ាងនេះក្តី ខ្ញុំបាននឹកគិតដល់ដំបូន្មានរបស់គ្រូរបស់ខ្ញុំ គឺមហាថេរៈ ត្សិនសាបសឺកុង រីនប៉ូជេ ជាមហាដៃគូពិភាក្សារបស់ដាឡៃឡាម៉ា ដែលព្រះអង្គបានផ្តល់ឲ្យខ្ញុំនៅក្នុងឆ្នាំ១៩៨៣។ 

កាលនោះខ្ញុំបានធ្វើដំណើរជាមួយ រីនប៉ូជេ ក្នុងនាមជាអ្នកបកប្រែ និងជាលេខារបស់ព្រះអង្គនៅក្នុងដំណើរទស្សនកិច្ចពិភពលោកលើកទីពីររបស់ទ្រង់ ហើយទើបនឹងត្រឡប់មកពីដំណើរទស្សនកិច្ចបន្ទាប់បន្សំទៅកាន់ទីក្រុង ការ៉ាកាស នៃប្រទេសវេណេស៊ូអេឡា។ ដោយមានការជំរុញលើកទឹកចិត្តពីរីនប៉ូជេ ខ្ញុំបានទទួលការអញ្ជើញឲ្យទៅបង្រៀនក្រុមអ្នកកាន់ពុទ្ធសាសនាដែលទើបនឹងបង្កើតឡើងថ្មីៗនៅទីនោះ - នោះជាការបង្រៀនលើកដំបូងបំផុតរបស់ខ្ញុំហើយ។ រីនប៉ូជេបានគង់នៅឯវត្តរបស់មហាថេរៈ ហ្គេហ្សេ វ៉ាងហ្គីយ៉ាល នៅក្នុងរដ្ឋញូជឺស៊ី ដើម្បីគង់សម្រាកកាយរយៈពេលពីរបីថ្ងៃ។ ព្រះមហាថេរៈ ហ្គេហ្សេ វ៉ាងហ្គីយ៉ាល ជាតិកាលមីកម៉ុងហ្គោលី(kalmyk Mongol)មកពីប្រទេសរូស្ស៊ី ជាមហាថេរៈនៃទំនៀមទីបេដំបូងគេ ដែលខ្ញុំបានជួបនៅក្នុងឆ្នាំ១៩៦៧ បើទោះបីជាខ្ញុំមិនមានឳកាលបានសិក្សាឲ្យបានជ្រៅជ្រះជាមួយព្រះអង្គយ៉ាងក៍ដោយ។ 

នៅកំឡុងនៃការត្រឡប់មកវិញរបស់ខ្ញុំ រីនប៉ូជេមិនបាននសួរនាំអំពីថាតើខ្ញុំបានធ្វើកិច្ចនោះដោយរបៀបណានោះទេ។ នោះគឺជាស្តាយសាមញ្ញទូទៅរបស់ព្រះអង្គ ហើយវាក៍មិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអ្វីដែរ។ តែទោះបីយ៉ាងណាក្តី អស់រយៈកាលមួយសប្តាហ៍ក្រោយមក នៅក្នុងទីក្រុងឡុងដ៍(ឡុនដុន)ពួកយើងកំពុងតែអង្គុយនៅជុំវិញតុបាយបន្ទាប់ពីអាហារពេលល្ងាច រីនប៉ូជេបានសួរថា «នៅក្នុងថ្ងៃអនាគតនៅពេលអ្នកក្លាយខ្លួនជាគ្រូល្បីម្នាក់ ហើយសិស្សរបស់អ្នកគេគិតថាអ្នកជាសម្មាសម្ពុទ្ធ តែអ្នកដឹងច្បាស់ខ្លួនឯងថាខ្លួនមិនមែនជាអ្នកត្រាស់ដឹងទេ សូមកុំឲ្យការគិតនេះធ្វើអ្នកងាករេចំពោះគ្រូរបស់អ្នកឲ្យសោះ គិតថាគេមិនមែនជាសម្មាសម្ពុទ្ធ។» ព្រះអង្គបានលើកឡើងតែប៉ុណ្ណឹងទេ ហើយយើងទាំងពីរក៍ស្ងាត់មាត់មិននិយាយអ្វីទាំងអស់។ ប្រើពេលយូរឆ្នាំណាស់ដើម្បីយល់នូវពាក្យដែលមានអត្ថន័យជ្រៅរបស់ព្រះអង្គ។ 

សក្ខីភាពរបស់ឡាម៉ា ហ្ស៊ូប៉ា អំពីភាវៈពិតរីនប៉ូជេ ជា«ភាវៈសុទ្ធពិតប្រាកដ»

នៅគ្រាមួយ ឡាម៉ា ហ្ស៊ូប៉ា រីនប៉ូជេ ជាមហាថេរៈជាតិទីបេដ៍មានប្រជាប្រិយ៍ភាពមួយព្រះអង្គនៅក្នុងបស្ចឹមលោក បានលើកឡើងថាប្រសិនបើអ្នកប្រាថ្នាចង់ជួបឡាម៉ាសុទ្ធពិតប្រាកដ គំរូឧទាហរណ៍ដ៍ប្រសើរបំផុតគឺព្រះមហាថេរៈ ត្សិនសាបសឺកុង រីនប៉ូជេ។ ឡាម៉ា ហ្ស៊ូប៉ា មិនបានប្រើប្រាស់ពាក្យថា ឡាម៉ានេះ នៅក្នុងអត្ថន័យស្រពិចស្រពិលរបស់វាទេ ដែលអត្ថន័យស្រពិចស្រពិលនោះគឺគ្រាន់តែមានអត្ថន័យថាជាសង្ឃ ឬគ្រាន់តែជាអ្នកប្រារព្ធពិធីសាសនា ហើយជាបុគ្គលដែលមានការបដិបត្តិសមាធិយ៉ាងជោគជាំអស់រយៈកាលបីឆ្នាំជាដើម ហើយព្រះអង្គក៍បានប្រើប្រាស់ពាក្យនេះដើម្បីបញ្ជាក់ថា «បុគ្គលឬឡាម៉ាចាប់ជាតិអីដែរ» (ពោលគឺអ្នកដឹងកំណើតនិងជាបុគ្គលដែលមានសង្ឃងារជា រីនប៉ូជេ «បុគ្គលថ្លៃថ្លា»)។ តែព្រះអង្គសំដៅទៅរកពាក្យថា ឡាម៉ា នៅក្នុងអត្ថន័យដើម ជាគ្រូធម្មាចារ្យដែលមានលក្ខណៈសម្បត្តិនិងគុណធម៌គ្រប់គ្រាន់មួយរូប។ បើដូច្នេះវិធីសាស្រ្តដ៍មានប្រយោជន៍មួយដើម្បីយកមកធ្វើការពន្យល់អំពីអត្ថន័យ និងថាតើវាមានអត្ថន័យយ៉ាងណាក្នុងនាមជាគ្រូមួយរូប និងអំពីរបៀបប្រាស្រ័យទាក់ទងជាមួយគេ ក្នុងនាមជាកូនសិស្សមួយរូបដែលអាចនិយាយរ៉ាយរ៉ាប់អំពីរូបសម្បត្តិរបស់សឺកុងរីនប៉ូជេបាន និងអាចនិយាយអំពីទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះអង្គ។ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំធ្វើការពន្យល់កិច្ចនេះតាមរយៈបណ្តុំនៃរូបភាពនិងការចង់ចាំទាំងអស់នេះ។ 

Top