ពុទ្ធសាសនាមកដល់ប្រទេសស្រីលង្កាដំបូងនៅក្នុងឆ្នាំ២៤៩មុនគ្រឹស្តសករាជតាមរយៈបេសកម្មផ្លូវធម៌របស់ព្រះបាទមហិន្ទ(Mahinda)(ឬមហិន្ទត្ថេរ) ដែលជារាជបុត្រារបស់ព្រះបាទអសោកនៃប្រទេសឥណ្ឌា។ ព្រះភិក្ខុសង្ឃស្រីសង្កាចាប់កំណើតនៅក្នុងពេលនោះ។ បើទោះបីជាកាលបរិច្ចេទនៃឈ្មោះថាថេរវាទនេះគេនៅមិនទាន់ដឹងច្បាស់លាក់ជាក់យ៉ាងណា តែដើម្បីងាយស្រួលនិងភាពសាមញ្ញយើងគួរតែសំដៅទៅនិកាយនេះថាជានិកាយ «ថេរវាទ»។ ព្រះភិក្ខុនីពុទ្ធសាសនានិកាយថេរវាទបានមកដល់ស្រីលង្កានៅក្នុងឆ្នាំ២៤០មុនគ្រឹស្តសករាជ ដោយព្រះបុត្រីនៃស្តេចអសោកគឺព្រះនាងសង្ឃមិត្ត(Sanghamitta)។ ឧបសម្បទាភិក្ខុនីត្រូវបានបាត់បង់ទៅវិញនៅក្នុងឆ្នាំ១០៥០នៃគ្រឹស្តសករាជ ដោយសារតែការឈ្លានពានរបស់ពួកជនអម្បូរទមិឡ(Tamil) និងដោយសារការគ្រប់គ្រងជាបន្តបន្ទាប់ដោយចក្រភពចូឡា(Chola Empire)។
បើយោងទៅតាមទំនៀមដែលចេះចាំតគ្នាតាមមាត់រហូតមក មហារាជអសោកបានបញ្ជូនបេសកទូតសាសនាចំនួនពីរព្រះអង្គទៅកាន់ទឹកដីសុវណ្ណភូមិ គឺឧត្តរៈ និងសោណៈថេរ(Skt. Suvarnabhumi) ហើយថេរៈទាំងពីរអង្គនេះហើយជាថេរដែលបង្កើតពុទ្ធសាសនាថេរវាទ និងបានចាប់ផ្តើមឧបសម្បទាភិក្ខុចាប់ពីពេលនោះមក។ ពួកអ្នកប្រាជ្ញនិងបញ្ញាវន្តភាគច្រើនគេសម្គាល់អាណាចក្រនេះថាជាអាណាចក្រមន(Tailaing) និងក្រុងកំពង់ផែថាតនដែលឋិតនៅភាគខាងត្បូងនៃប្រភេទភូមា។ តែទោះបីបែបនេះក្តី ក៍វានៅតែមិនច្បាស់ថាតើឧបសម្បទាភិក្ខុនីកើតឡើងនៅពេលនេះឬនៅពេលក្រោយមកទៀត។
បើទោះណាជាពុទ្ធសាសនាមាននៅគ្រប់តំបន់ទាំងអស់នៃរដ្ឋភីយូ(Pyu)ភាគខាងជើងនៃប្រទេសភូមា ដែលមានយ៉ាងហោចណាស់ចាប់តាំងពីសតវត្សទីមួយមុនគ្រឹស្តសករាជមកម្លេះ ដែលលាយឡំជាមួយសាសនាហិនឌូ ពុទ្ធសាសនាមហាយាន និងលាយឡំជាមួយនឹងជំនឿសាសនាអារី(Ari)នៅក្នុងតំបន់ ដែលសាសនានេះគេជឿលើការយកសត្វមកបូជាយញ្ញដល់ព្រលឹងខ្មោចផ្សេងៗ។ នៅពាក់កណ្តាលនៃសតវត្សទី១១នៃគ្រឹស្តសករាជ ភាគខាងជើងនៃប្រភេទភូមាត្រូវបានបង្រួបបង្រួមដោយស្តេចមួយអង្គដែលមានព្រះនាមថា អាណារដ្ឋៈ(Anawrahta) និងបានឈ្លានពានកាន់កាប់អាណាចក្រមន នៃថាតន(Thaton) និងបានបង្កើតរាជធានីនៅប៉ាកាន ហើយព្រះអង្គបាននិមន្តព្រះភិក្ខុសង្ឃមនដើម្បីឲ្យព្រះអង្គបង្កើតពុទ្ធសាសនាថេរវាទនិងឧបសម្បទាកម្មនេះនៅទូទាំងអាណាចក្ររបស់ទ្រង់។
ដោយមានការដួលរលំនៃអាណាចក្រចូឡានៅក្នុងប្រទេសស្រីលង្កា នៅក្នុងឆ្នាំ១០៧០នៃគ្រឹស្តសករាជ និងមានការបង្កើតរាជធានីថ្មីនៅឯផូឡូណារូវ៉ាផង(Polonnaruwa) ការបំបួសភិក្ខុសង្ឃនៅក្នុងនិកាយថេរវាទនៅក្នុងប្រទេសនេះបានចាប់កំណើតឡើងវិញ ដោយព្រះភិក្ខុសង្ឃដែលគេនិមន្តមកពីរាជធានីបាកាននៃប្រទេសភូមា។ តែទោះបីយ៉ាងណាក្តីព្រះមហាក្សត្រ អាណារដ្ឋៈ បានចាប់ផ្តើមគិតសង្ស័យអំពីភាពបរិសុទ្ធនៃខ្សែរយៈឧបសម្បទានៃភិក្ខុមន ហើយជាលទ្ធផលព្រះអង្គមិនបានបញ្ជូនភិក្ខុនី ឲ្យទៅចាប់ផ្តើមបង្កើតពង្សសាវតានៃឧបសម្បទាភិក្ខុនីឡើងវិញទេ។ បើដូច្នេះពង្សសាវតាឧបសម្បទាភិក្ខុនីមិនត្រូវបានគេបង្កើតឡើងវិញទេនៅក្នុងសម័យនោះនៅក្នុងប្រទេសស្រីលង្កា។ ភស្តុតាងនៃសិលាចារឹកចុងក្រោយដែលបញ្ជាក់អំពីអារាមភិក្ខុនីនៅក្នុងប្រទេសភូមាគឺនៅក្នុងឆ្នាំ១២៨៧នៃគ្រឹស្តសករាជ នៅពេលរាជធានីបាកានធ្លាក់នៅក្នុងការឈ្លានពានពីសំណាក់ជនជាតិមន។
ប្រទេសស្រីលង្កាត្រូវបានគេឈ្លានពាន និងភាគច្រើនត្រូវបានគ្រប់គ្រងដោយរាជាព្រះនាម មគ្គៈនៃកាលីង្គ(Magha of Kalinga)(ជាភូមិភាគអរីសា(Orissa)បច្ចុប្បន្ន ឋិតនៅភាគខាងកើតនៃប្រភេទឥណ្ឌា)។ នៅក្នុងកំឡុងពេលនេះ សហគមន៍ភិក្ខុសង្ឃស្រីលង្កាបានចុះខ្សោយនិងដុនដាបយ៉ាងខ្លាំង។ ដោយមានការដួលរលំនិងបរាជ័យនៃស្តេចមគ្គៈ(Magha) គេបាននិមន្តភិក្ខុសង្ឃមកពីកញ្ជិភូរាម(Kanchipuram) ជាទីដែលមានមជ្ឈមណ្ឌលពុទ្ធសាសនាមួយ ឋិតនៅក្នុងដែននៃអាណាចក្រចូឡាដែលកំពុងតែចុះខ្សោយ ដែលសម័យបច្ចុប្បន្នគឺជារដ្ឋទមិឡណាឌូ(Tamilnadu) ដែលឋិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ឲ្យព្រះអង្គមកកាន់ប្រទេសស្រីលង្កានៅក្នុងឆ្នាំ១២៣៦នៃគ្រឹស្តសករាជ ដើម្បីមកបង្កើតពង្សសាវតាឧបសម្បទាភិក្ខុឡើងវិញ។ នៅត្រង់សច្ចពិតថាគេមិនបាននិមន្តភិក្ខុនីជាតិទមិឡបានសបញ្ជាក់ឲ្យឃើញថា ពង្សសាវតាភិក្ខុនីនៃនិកាយថេរវាទលែងមានទៀតហើយនៅភាគខាងត្បូងនៃប្រទេសឥណ្ឌានៅក្នុងសម័យនោះ។ ភស្តុតាងនៃសិលាចារឹកចុងក្រោយស្តីអំពីសហគមន៍សង្ឃភិក្ខុនីនៅភាគខាងជើងប្រទេសឥណ្ឌា រួមទាំងតំបន់ប៉ែងកាលផង(Bengal) គឺចាប់ពីចុងបញ្ចប់នៃសតវត្សទី១២នៃគ្រឹស្តសករាជ។ ត្រង់នេះគឺគេមិនបានដឹងច្បាស់លាស់ទេថាតើសាវតាវិន័យឬសិក្ខាបទភិក្ខុនីមួយណាដែលភិក្ខុនីឬដូនជីនៅសម័យនោះគេប្រតិបត្តិតាម។
ស្តេចរាមាកំហែងនៃអាណាខេត្តសុខោទ័យរបស់ខ្មែរ បច្ចុប្បន្នប្រទេសថៃបានចម្លងពុទ្ធសាសនាថេរវាទពីប្រទេសស្រីលង្កានៅចុងសតវត្សទី១៣នៃគ្រឹស្តសករាជ។ ដោយសារតែសាវតាឧបសម្បទាភិក្ខុនីលែងមានវត្តមាននៅក្នុងប្រទេសស្រីលង្កានៅក្នុងសម័យនោះ ហេតុដូច្នេះហើយបានជាមិនមានសាវតាឧបសម្បទាភិក្ខុនីនៅក្នុងប្រទេសថៃ មានតែភិក្ខុសង្ឃតែប៉ុណ្ណោះដែលបានមកដល់ទឹកដីនៃប្រទេសនេះ។ ហើយពុទ្ធសាសនាថេរវាទបានចាប់កំណើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងដើមសតវត្សទី១៤ និងបន្តហូរចូលទៅក្នុងប្រទេសឡាវពីកម្ពុជា ប៉ុន្តែឧបសម្បទាភិក្ខុនីមិនបានមកដល់ប្រទេសទាំងអស់នេះទេ។
នៅក្នុងប្រទេសដែលបដិបត្តិពុទ្ធសាសនាថេរវាទទាំងអស់ មានតែប្រទេសស្រីលង្កាមួយប៉ុណ្ណោះ ដែលបានបង្កើតឧបសម្បទាភិក្ខុនីឡើងវិញជាផ្លូវការ គឺធ្វើឡើងនៅក្នុងឆ្នាំ១៩៩៨នៃគ្រឹស្តសករាជ។ មុនការបង្កើតឲ្យមានឧបសម្បទាភិក្ខុនីជាផ្លូវការនេះ ស្រ្តីជនជាតិស្រីលង្កាត្រូវបានគេអនុញ្ញាតឳយបដិបត្តិត្រឹមតែជា dasasil matas «អ្នករក្សាសីលដប់»តែប៉ុណ្ណោះ តែមិនមែនជាភិក្ខុនីទេ បើទោះបីគេគ្រងស្បង់ជីវរ និងប្រតិបត្តិមិនសេពមេថុនធម្មយ៉ាងណាក្តី ក៍ពួកគេមិនត្រូវបានគេចាត់ទុកថាជាសមាជិកនៃសហគមន៍សង្ឃដែរ។ នៅក្នុងប្រទេសភូមានិងកម្ពុជា ស្ត្រីត្រូវបានគេអនុញ្ញាតឳយប្រតិបត្តិរក្សាត្រឹមតែសីលប្រាំបីតែប៉ុណ្ណោះ «អ្នករក្សាសីលប្រាំបី» ដែលនៅក្នុងប្រទេសភូមាគេហៅថា «silashin» ហើយនៅក្នុងប្រទេសកម្ពុជាគេហៅថា ដូនជីឬយាយជី។ មានស្រ្តីខ្លះនៅក្នុងប្រទេសភូមាគេរក្សាសីលដប់។ នៅក្នុងប្រទេសថៃគេអាចរក្សាត្រឹមតែសីលប្រាំបី ដែលគេហៅថា ម៉ែជី។ ចាប់តាំងពីការរស់ឡើងវិញនៃពុទ្ធសាសនានិកាយថេរវាទ នៅក្នុងតំបន់ជីតាហ្គង់(Chittagong) ឋិតនៅក្នុងប្រទេសបង់ក្លាដេស នៅក្នុងឆ្នាំ១៨៦៤ ដែលហូរចូលមកពីរដ្ឋអារ៉ាខាន់(Arakan)នៃដែនដីជាប់មាត់សមុទ្រនៃប្រទេសភូមា ស្រ្តីបានក្លាយជាអ្នកប្រតិបត្តិរក្សាសីលប្រាំបីនៅទីនោះ។