អក្សរសិល្ប៍ដែលនៅសេះសល់ដ៏ចំណាស់បំផុតរបស់អរិយធម៌មនុស្សជាតិមួយចំនួនខ្លះគឺជាអក្សរសិល្ប៍ដែលជាប់ទាក់ទងនឹងធម៌សូត្រអធិដ្ឋានដល់ព្រះ មានចាប់តាំងពីធម៌សូត្រអធិដ្ឋានដល់ព្រះរបស់ជនជាតិសាមមឺបុរាណ (Sumerian) រហូតដល់ធម៌សូត្រអធិដ្ឋានដល់ព្រះនៃអរិយធម៌អេហ្ស៊ីបបុរាណ។ អ្នកកាន់សាសនាគ្រឹស្ត សាសនាឥស្លាម និងអ្នកកាន់សាសនាយូដា(Judaism)ទាំងអស់ពួកគេសូត្រអធិដ្ឋានដល់ព្រះ ស្របពេលដែលអ្នកកាន់សាសនាហិនឌូវិញ ពួកគេអាចជ្រើសរើសយកព្រះមួយណាក្នុងចំណោមព្រះជាច្រើនអង្គនៅក្នុងសាសនារបស់គេដើម្បីថ្វាយដង្វាយរបស់គេ ដោយឡែកព្រះពុទ្ធសាសនាក៏មិនខុសគ្នាដែរ។ ប្រសិនបើអ្នកទៅដើរកំសាន្តនៅក្នុងទីវត្តអារាមនៅក្នុងបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាស្ទើរតែគ្រប់ប្រទេសទាំងអស់ អ្នកនឹងឃើញពុទ្ធសាសនិកជនជាច្រើនរូប ពួកគេលើកដៃសំពះ និងសូត្របន់ស្រន់នៅចំពោះមុខរូបសំណាករបស់ព្រះពុទ្ធ។ សំរាប់អ្នកដែលបានដឹងបានឭអំពីព្រះពុទ្ធសាសនាទីបេខ្លះ យើងមានគ្រឿងសក្ការៈអ្វីដែលគេឧស្សាហ៍បកប្រែជាភាសាអង់គ្លេសថា គ្រាប់អជ្ជៈសំរាប់សូត្រធម៌(prayer beads) កង់ធម៌សំរាប់បង្វិលពេលសូត្រអធិដ្ឋាន(prayer wheels) និងទង់ព្រះធម៌(prayer flags)។
ការសូត្រធម៌មានកត្តារួមផ្សំបីៈ ទីមួយគឺអ្នកសូត្រធម៌ ទីពីរគឺសូត្រដើម្បីឧទ្ទិសដល់អ្វីមូយ និងទីបីសូត្រថ្វាយដើម្បីស្នើសុំអ្វីមួយ។ ទោះបីយ៉ាងណាក៏ដោយការចោទសួរជាសំនួរស្តីអំពីការសូត្រធម៌នៅក្នុងព្រះពុទ្ធសាសនានេះហាក់បីដូចជាមានភាពស្មុគស្មាញបន្តិច សរុបមកព្រះពុទ្ធសាសនាមិនមែនជាសាសនាដែលមានជំនឿលើអាទិទេពទេ បើដូច្នេះសំនួរសួរថាតើអ្នកកាន់ព្រះពុទ្ធសាសនាសូត្រថ្វាយបង្គំដល់នរណា ហើយដើម្បីអ្វី? បើគ្មានអាទិទេពនៅចាំឪ្យពរដល់យើងទេ នោះតើការសូត្រមានសារៈសំខាន់អ្វី? សំនួរដ៏សំខាន់ដែលត្រូវចោទសួរទៅកាន់អ្នកកាន់ព្រះពុទ្ធសាសនានោះគឺៈ «តើអ្នកដ៏ទៃគេអាចជួយលុបបំបាត់សេចក្តីទុក្ខនិងបញ្ហារបស់យើងបានទេ»?
ការសូត្រដើម្បីសុំឪ្យមានការកែប្រែតែម៉្យាងគឺនៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែមានការបដិបត្តិទើបបាន។ - ដោយសម្តេចសង្ឃរាជ ដាឡៃឡាម៉ា ទី១៤
ព្រះពុទ្ធទ្រង់បានសំដែងថាគ្មានបុគ្គលណាម្នាក់ រួមទាំងព្រះអង្គផងដែរ ដែលអាចជួយលុបបំបាត់សេចក្តីទុក្ខ និងបញ្ហារបស់យើងបានទេ គឺមិនអាចទាល់តែសោះ។ យើងត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។ ប្រសិនបើយើងប្រាថ្នាមិនចង់ជួបក្តីទុក្ខនិងបញ្ហាទេ នោះបានសេចក្តីថាយើងត្រូវតែចៀសវាងនូវបុព្វហេតុទាំងឡាយទាំងពួងរបស់វា។ ប្រសិនបើយើងប្រាថ្នាចង់បានសេចក្តីសុខ យើងខ្លួនឯងត្រូវតែចាប់ផ្តើមបង្កើតនូវបុព្វហេតុនៃសេចក្តីសុខនោះ។ បើយោងទៅតាមទស្សនព្រះពុទ្ធសាសនា យើងអាចសម្រេចសេចក្តីនេះបានដោយគ្រាន់តែធ្វើការបដិបត្តិនូវសីលវិន័យឪ្យបានល្អបរិសុទ្ធ។ វាគឺអាស្រ័យនៅលើរូបយើងទាំងស្រុង ក្នុងការកែប្រែនូវឥរិយាបថ និងកម្មកិរិយារបស់យើងដើម្បីបង្កើតនូវប្រភេទជីវិតរស់នៅដែលយើងប្រាថ្នាចង់បាន។
តើអ្នកកាន់ព្រះពុទ្ធសាសនាសូត្រធម៌ថ្វាយដល់នរណា?
កាលណាយើងឃើញមនុស្សលុតជង្គង់នៅចំពោះមុខរូបសំណាក ឃើញគេថ្វាយទៀនធូកនៅទីវត្តអារាម និងឃើញគេសូត្របន់ស្រន់ តើគេកំពុងសូត្របន់ស្រន់សុំអ្វី ហើយតើគេកំពុងសូត្រធម៌ថ្វាយដល់នរណា? គេអាចកំពុងតែគិតថាៈ «ឪព្រះសក្យមុនីសម្ពុទ្ធអើយ សូមព្រះអង្គប្រទានឡានម៉ាកសឺដេសមួយគ្រឿងដល់ខ្ញុំម្ចាស់មក!» ឬក៏ថា «ឪព្រះពុទ្ធដែលជាគ្រូឪសថ សូមជួយព្យាបាលជម្ងឺខ្ញុំឪ្យជាផង» ព្រះគ្រូធម្មាចារ្យនៅក្នុងព្រះពុទ្ធសាសនាភាគច្រើនយល់ស្របថា ការសូត្របន់ស្រន់បែបនេះទំនងដូចជាមានប្រយោជន៍តិចតួចណាស់។
ផ្ទុយទៅវិញនៅក្នុងព្រះពុទ្ធសាសនា យើងសូត្រធម៌ថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះពោធិសត្វៈ ដើម្បីជាការបំផុសគំនិត និងដើម្បីកំលាំងថាមពលដើម្បីឪ្យយើងបដិបត្តិ និងដើម្បីបង្កើតនូវបុព្វហេតុនៃសេចក្តីសុខចំពោះខ្លួនឯង និងចំពោះអ្នកដ៏ទៃផងដែរ។ មិនមែនមានន័យថា ព្រះសម្មាសម្ពុទ្ធគ្រាន់តែបក់កន្សែងយ័ន្ត នោះយើងនឹងមានរិទ្ធីអំណាចខ្លាំងក្លាដើម្បីឪ្យយើងបង្កើតនូវក្តីសុខរបស់យើងនោះទេ ប៉ុន្តែវាគឺជាការយកព្រះអង្គមកធ្វើជាគំរូ - ព្រះអង្គដើរតួនាទីជាគំរូដល់យើង - ដែលធ្វើឪ្យយើងមានភាពជឿជាក់លើខ្លួនឯងថា «ខ្ញុំអាចធ្វើបាន!»។
ទាំងអស់នេះគឺជាសកម្មភាពនៃការសូត្រថ្វាយបង្គំនៅក្នុងព្រះពុទ្ធសាសនា ពោលមានដូចជាការសូត្រធម៌ និងការសូត្រទន្ទេញមន្ត្រាតាមបែបទីបេ(mantra) រួមទាំងការធ្វើចក្ខុទស្សន៍ចំពោះរូបអាទិទេពផ្សេងៗ សកម្មភាពទាំងអស់នេះគឺធ្វើឡើងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគុណតម្លៃផ្លូវចិត្តរបស់យើងដើម្បីចម្រើននូវពពួកចេតសិកជាកុសលមួយចំនួន មានដូចជាក្តីមេត្តា ការលើកកំលាំងចិត្ត និងការខន្តីជាដើម និងដើម្បីប្រព្រឹត្តអំពើជាកុសលដើម្បីជួយដល់អ្នកដ៏ទៃ។
មេធម៌សូត្រឧទ្ធិសប្រាំពីរ
ការបដិបត្តិលើការសូត្រឧទ្ធិសដ៏ល្បីគឺជាការសូត្រឧទ្ទិសប្រាំពីរមេ ដែលនៅក្នុងអត្ថន័យនៃធម៌សូត្រនេះមានបង្កប់នូវអត្ថន័យខ្លឹមសារទាំងស្រុងនៃមាគ៌ាព្រះពុទ្ធសាសនា។ មានប្រាំពីរវគ្គ វគ្គនីមួយៗផ្តល់ផលជាក់លាក់ខុសៗគ្នាៈ
(១) ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធជាគម្រប់បីដង ដល់ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ ក្រាបថ្វាយបង្គំដល់ពុទ្ធិកាយដែលមានចំនួនច្រើនដូចជាចំនួនអាតូមនៅក្នុងសកលលោកដូច្នោះដែរ។
(២) ដូចព្រះពោធិសត្វៈមញ្ជូស្រ៊ី(Manjushri)និងសាវ័កដ៏ទៃទៀតដែលបានបូជាចំពោះព្រះអង្គជាព្រះដ៏មានព្រះភាគ(មានជោគមានជ័យសិរីសួស្តី) រួមទាំងខ្ញុំព្រះករុណាផងដែរ និងបូជាចំពោះព្រះសង្ឃដ៏ចម្រើន។
(៣) នៅទូទាំងអត្ថិភាពរបស់ខ្ញុំនៅក្នុងវាលវដ្តសង្សារដែលគ្មានចំណុចចាប់ផ្តើម នៅក្នុងជាតិនេះឬជាតិនានា ខ្ញុំព្រះករុណាបានប្រព្រឹត្តអំពើអកុសល ឬបានជំរុញឪ្យអ្នកដ៏ទៃគេប្រព្រឹត្តអំពើអកុសល ដោយសេចក្តីវង្វែងភ័ន្ត(មោហៈ) ហើយខ្ញុំព្រះករុណាមានសេចក្តីសប្បាយរីករាយចំពោះទង្វើអ្វីដែលខ្ញុំព្រះករុណាបានប្រព្រឹត្ត ហើយមើលឃើញថាវាគឺជាកំហុសឆ្គង ពេលនេះខ្ញុំព្រះករុណាសូមបើកចិត្តក្រាបបង្គំទូលដល់ព្រះអង្គ ជាព្រះដ៏មានព្រះភាគ។
(៤) ដោយសេចក្តីសោមនស្ស ខ្ញុំព្រះករុណាមានសេចក្តីសប្បាយរីករាយនឹងកុសលផលបុណ្យដែលកើតមានពីការចម្រើនពុទ្ធិចិត្តរបស់ព្រះអង្គក្នុងគោលបំណងដើម្បីផ្តល់នូវសេចក្តីសុខដល់សព្វសត្វដែលនៅមានដែនកំណត់នៅឡើយ និងមានសេចក្តីសប្បាយរីករាយចំពោះទង្វើរបស់ព្រះអង្គដើម្បីជួយដល់សព្វសត្វៈលោកទាំងអស់។
(៥) ដោយការក្រាបសំពះរបស់ខ្ញុំព្រះករុណានេះ ខ្ញុំព្រះករុណាសូមអារាធនាព្រះដ៏មានព្រះភាគនៅគ្រប់ទិសទាំងអស់ដើម្បីផ្តល់នូវពន្លឺភ្លើងនៃព្រះធម៌ដល់សព្វសត្វៈលោកដែលមានទុក្ខ និងរស់នៅក្នុងភពងងឹតគ្មានពន្លឺព្រះធម៌។
(៦) ដោយការក្រាបសំពះរបស់ខ្ញុំព្រះករុណានេះ ខ្ញុំព្រះករុណាសូមអារាធនាព្រះដ៏មានព្រះភាគ(មានជោគមានជ័យសិរីសួស្តី) ជាអ្នកដែលឈ្នះអស់នូវរាល់សេចក្តីទុក្ខហើយៈ ខ្ញុំព្រះករុណាសូមអារាធនានិមន្តព្រះអង្គឪ្យគង់ប្រថាប់នៅអស់រយៈកាលរាប់អសង្ខេយ្យ សូមកុំទុកឪ្យសត្វៈលោកទាំងអស់គេរស់នៅក្នុងពិភពងងឹតរបស់គេអី។
(៧) ដោយកុសលផលបុណ្យដែលខ្ញុំព្រះករុណាបានសាងពីប្រការនេះ សូមឪ្យកុសលផលបុណ្យទាំងនោះជួយកម្ចាត់បង់នូវសេចក្តីទុក្ខរបស់សព្វសត្វដែលនៅមានដែនកំណត់ទាំងអស់ឪ្យរលាយសាបសូន្យទៅហោង។
- វគ្គទីមួយនៃការសូត្រនេះគឺជាការក្រាបថ្វាយបង្គំ។ យើងក្រាបថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធដែលជានិមិត្តរូបនៃការគោរពចំពោះគុណធម៌នានា ពោលមានដូជាក្តីមេត្តា ករុណានិងប្រាជ្ញា។ ការក្រាបថ្វាយបង្គំដែលសំដៅដល់ទីខ្ពស់បំផុតនៃផ្នែករាងកាយរបស់យើង គឺក្បាល ក្រាបដល់ដី ដែលប្រការនេះជួយឪ្យយើងយកឈ្នះលើសេចក្តីមោទកៈរបស់ខ្លួន និងឪ្យយើងចម្រើននូវក្តីសុភាពរាបសារ(ភាពចេះដាក់ខ្លួន មិនអួតអាងក្រអើតក្រទម)។
- ធុរៈបន្ទាប់គឺការបូជាថ្វាយគ្រឿងសក្ការៈ។ ពុទ្ធសាសនិកជនភាគច្រើនគេឧស្សាហ៍ថ្វាយទឹក ប៉ុន្តែគ្រឿងសក្ការៈបូជាមិនមែនជារឿងសំខាន់ទេ តែអ្វីដែលសំខាន់បំផុតនោះគឺជាចេតនានៅក្នុងការបូជាគ្រឿងសក្ការៈនោះ ពោលមានដូចជាពេលវេលា ការខិតខំ កំលាំងកាយ និងទ្រព្យសម្បត្តិរបស់យើងជាដើម ដែលស្តែងអំពីការលះបង់មិនជាប់ជំពាក់ និងឈ្នះអស់ក្តីឧបាទានជាដើម។
- ធុរៈទីបីគឺយើងទទួលស្គាល់នូវក្តីទុក្ខនិងបញ្ហារបស់យើង។ ជួនពេលខ្លះយើងអាចជាមនុស្សខ្ជិល និងជាមនុស្សអាត្មានិយម ហើយជួនពេលខ្លះទៀតយើងប្រព្រឹត្តរឿងអកុសលផ្សេងៗ។ យើងទទួលស្គាល់នូវចំណុចទាំងអស់នេះ មានការសោកស្តាយ និងប្តេជ្ញាចិត្តថាមិនប្រព្រឹត្តធ្វើរឿងទាំងអស់នោះជាថ្មីទៀតទេ។ ប្រការនេះគឺជាការយកឈ្នះលើអំណាចនៃកម្មកិរិយាអកុសលរបស់យើង។
- ធុរៈបន្ទាប់គឺយើងមានក្តីសោមនស្សរីករាយ។ យើងនឹកគិតដល់រឿងល្អៗដែលយើងបានធ្វើកន្លងមក និងនឹកគិតដល់រឿងល្អៗដែលអ្នកដ៏ទៃគេបានធ្វើផងដែរ។ នៅត្រង់នេះ យើងក៏នឹកគិតដល់រឿងដ៏អស្ចារ្យផ្សេងៗដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានធ្វើកន្លងមក។ ប្រការនេះជួយយើងឪ្យយកឈ្នះលើសេចក្តីច្រណែនប្រចណ្ឌ។
- ធុរៈបន្តទៀតយើងចាប់ផ្តើមអារាធនានូវព្រះធម៌(ការបង្រៀន) ដែលជាកត្តាបើកចិត្តទទួលយកការបង្រៀនដោយយើងពោលពាក្យថា «យើងប្រាថ្នាចង់សិក្សា ចង់បង្កើតក្តីសុខដល់ខ្លួន និងដល់អ្នកដទៃ!»។
- យើងអារាធនានិមន្តព្រះធម្មាចារ្យរបស់យើងមិនឪ្យចាកចេញពីយើង។ នៅក្នុងវគ្គមុនយើងបើកចិត្តទទួលយកព្រះធម៌ ឥឡូវនេះយើងមិនចង់ឪ្យព្រះធម្មាចារ្យរបស់យើងចាកចេញពីយើងទេ តែត្រូវបន្តបង្រៀនរហូតទាល់តែរូបយើងសម្រេចបាននូវការត្រាស់ដឹងពេញលេញហើយ។
- ធុរៈចុងក្រោយបង្អស់គឺជាដំណាក់កាលដ៏សំខាន់បំផុត នោះគឺជាការឧទ្ធិស។ យើងឧទ្ទិសនូវផលបុណ្យកុសលអ្វីក្តីដែលយើងបានសាងកន្លងមក ដើម្បីជាប្រយោជន៍ដល់រូបយើងផង និងអ្នកដ៏ទៃផង។
ដូចដែលយើងបានឃើញនិងសិក្សាមកហើយនៅក្នុងធម៌សូត្រឧទ្ទិសនេះ គោលបំណងចម្បងនៅក្នុងព្រះពុទ្ធសាសនាគឺមិនមែនជាការសូត្រអង្វរសុំឪ្យនរណាម្នាក់គេមកសង្រ្គោះយើងឪ្យរួចផុតពីបញ្ហារបស់យើងទេ។ ដូចសុភាសិតមួយឃ្លាបានពោលថា «អ្នកអាចដឹកសេះចុះទឹកបាន តែអ្នកមិនអាចបង្ខំវាឪ្យផឹកទឹកបានទេ» នៅក្នុងន័យម៉្យាងទៀតវិញ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្ហាញផ្លូវដល់យើង បើដូច្នេះយើងចាំបាច់ត្រូវតែដាក់កំលាំងកាយចិត្តដើម្បីយកឈ្នះលើក្តីឧបាទាន និងភាពអវិជ្ជា និងដើម្បីចម្រើននូវកុសលផលបុណ្យដែលយើងគ្រប់រូបមាននៅក្នុងសណ្តាន។
សេចក្តីសង្ខេប
ដោយឡែកព្រះពុទ្ធសាសនាមានការសូត្រឧទ្ទិសផ្សេងៗនៅក្នុងការប្រារព្ធពិធីបុណ្យនានា ប៉ុន្តែចូរអ្នកត្រូវចងចាំថា ទស្សនពិតនៅពីក្រោយនៃការសូត្រទាំងអស់នោះគឺមិនមែនដើម្បីសូត្រអង្វរសុំជំនួយពីអាទិទេពឪ្យជួយយើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងឡើយ។ ព្រះសម្មាសម្ពុទ្ធនិងព្រះពោធិសត្វៈគឺជានិមិត្តរូបដ៏ល្អឥតខ្ចោះ ដែលជាអ្នកបង្ហាញផ្លូវដល់យើងចាប់ពីចំណុចចាប់ផ្តើមរហូតដល់ការត្រាស់ដឹងពេញលេញ។ ការសូត្រថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធ និងព្រះពោធិសត្វៈ នឹងធ្វើឪ្យយើងមានការបំផុសគំនិតដើម្បីចម្រើននូវសមត្ថភាពផ្លូវចិត្តរបស់យើងៈ ពោលគឺចម្រើននូវក្តីមេត្តាដោយគ្មានព្រំដែន ក្តីករុណា និងប្រាជ្ញាដែលមនុស្សគ្រប់រូបមាននៅក្នុងសណ្តានរបស់គេ។