អត្ថប្រយោជន៍នៃការបង្កើតក្ដីមេត្តា

111111111111

ក្នុងព្រះពុទ្ធសាសនា មេត្តាធម៌មានន័យលើសពីពាក្យថាឧត្តមគតិដ៏ថ្លៃថ្លាទៅទៀត។ វាគឺជាកម្លាំងដ៏មានឥទ្ធិពល និងការផ្លាស់ប្តូរដែលស្ថិតនៅចំបេះដូងនៃការអនុវត្តផ្នែកបញ្ញាស្មារតីរបស់យើង។ ការបង្កើតក្ដីមេត្តា គឺចាំបាច់ខ្លាំង មិនត្រឹមតែសម្រាប់ភាពរីកចម្រើនផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការបង្កើតពិភពលោកដែលមានសន្តិភាព និងសុខដុមរមនាថែមទៀត ជាអ្វីដែលយើងស្ទើរតែគ្រប់គ្នាប្រាថ្នាចង់បាន។ តាមរយៈការបណ្ដុះនូវអារម្មណ៍ក្ដីមេត្តាយ៉ាងទូលំទូលាយនៅក្នុងខ្លួនយើង យើងអាចដឹងពីជីវិតអ្នកដទៃតាមរបៀបមិនគួរឱ្យជឿ ដោយនាំពន្លឺទៅកាន់កន្លែងដែលងងឹត និងផ្តល់ការលួងលោមចិត្តនៅទីណាដែលមានទុក្ខវេទនា។ នេះគឺជាអំណាចនៃសេចក្តីមេត្តា។

ហេតុអ្វីបានជាយើងគួរបង្កើតសេចក្ដីមេត្តា?

អ្នកខ្លះប្រហែលជាសួរថា «ហេតុអ្វីបានជាខ្ញុំគួរបង្កើតសេចក្ដីមេត្តា? យើងប្រហែលជាមានអារម្មណ៍សប្បាយរីករាយ និងជោគជ័យក្នុងជីវិតរបស់យើង ហើយមានអារម្មណ៍ថាមិនចាំបាច់អភិវឌ្ឍអ្វីមួយដែលហាក់ដូចជាមិនមានអត្ថប្រយោជន៍ច្រើនសម្រាប់យើងនោះទេ។ ប៉ុន្តែប្រសិនបើយើងមានអារម្មណ៍រីករាយ និងជោគជ័យ នោះយើងអាចពិនិត្យមើលថាតើវាពឹងផ្អែកលើអ្នកដទៃកម្រិតណា ដូចជា អ្នកផលិតអាហារដែលយើងញ៉ាំ និងអ្នកថែទាំផ្លូវដែលយើងប្រើ។ បើគ្មានអ្នកដ៏ទៃទេ តើយើងនឹងទៅជាយ៉ាងណា?

នៅពេលដែលយើងយល់ថា តាមពិតទៅ យើងជំពាក់ច្រើនចំពោះពិភពនៅជុំវិញយើង យើងនឹងឃើញថា ការបង្កើតក្ដីមេត្តា គឺជាគន្លឹះដែលដោះសោទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមនុស្សផ្សេងទៀត ទាំងជិត និងឆ្ងាយ។ ព្រះពុទ្ធទ្រង់បង្រៀនថា សត្វទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក ដូច្នេះហើយសេចក្តីសុខ និងទុក្ខរបស់អ្នកដទៃមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលនឹងខ្លួនយើង។

នៅពេលយើងបង្កើតក្តីមេត្តា នឹងមានរឿងសំខាន់កើតឡើង៖ យើងចាប់ផ្តើមមើលក្រៅពីខ្លួនយើង និងតម្រូវការផ្ទាល់ខ្លួន ចំណង់ និងការព្រួយបារម្ភ។ យើងចាប់ផ្តើមទទួលស្គាល់ថា សុភមង្គល និងសុខុមាលភាពរបស់អ្នកដទៃ សំខាន់ដូចគ្នាទៅនឹងខ្លួនយើងដែរ។ ឧទាហរណ៍ដ៏ល្អមួយដែលបង្រៀនដោយព្រះអង្គគ្រូទីបេ គឺការថតរូបខ្លួនយើងនៅម្ខាង ម្ខាងគឺជាតម្រូវការ និងបំណងប្រាថ្នារបស់យើង ចំណែកម្ខាងទៀតគឺជាអ្នកដទៃ ពោលគឺសត្វលោកមានជីវិតទាំងអស់ ម្នាក់ៗមានក្តីសង្ឃឹម និងការតស៊ូរបស់ពួកគេ។ ហើយបន្ទាប់មកយើងសួរខ្លួនឯងថា៖ តើតម្រូវការរបស់អ្នកណាធំជាងគេ តម្រូវការរបស់ខ្ញុំតែម្នាក់ឯង ឬតម្រូវការរាប់មិនអស់របស់អ្នកដទៃ? ការផ្លាស់ប្តូរទស្សនវិស័យនេះមិនមែនគ្រាន់តែជាការជួយអ្នកដ៏ទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំដោះយើងពីការជាប់គាំងក្នុងការគិតតែពីខ្លួនឯងផងដែរ ដែលអ្វីទាំងអស់ដែលយើងធ្វើទាំងអស់នេះ គឺសុទ្ធតែគិតអំពីខ្លួនយើង។

បើអ្នកចង់ឱ្យអ្នកដ៏ទៃមានសេចក្តីសុខ ចូរអនុវត្តសេចក្តីមេត្តា។ បើចង់បានសេចក្ដីសុខ ចូរធ្វើចិត្តមេត្តា។ - សម្តេចសង្ឃ ដាឡៃ ឡាម៉ា ទី១៤

ម្យ៉ាងវិញទៀត បើតាមព្រះពុទ្ធ មេត្តាជាប្រភពនៃសេចក្តីសុខពិត។ មិនដូចការដេញចាប់យកវត្ថុសម្ភារៈ ឬសមិទ្ធិផលក្នុងអាជីពរបស់យើងទេ ដោយគ្រាន់តែធ្វើឱ្យយើងពេញចិត្តបណ្តោះអាសន្នប៉ុណ្ណោះ សេចក្តីមេត្តា នាំមកនូវការសម្រេចបានយូរអង្វែង។ វាជួយធ្វើឱ្យយើងស្វែងរកភាពរីករាយគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ដូចជា ការផ្តល់ឱ្យដោយមិនរំពឹងអ្វីមកវិញ ឬគ្រាន់តែញញឹមទៅកាន់មនុស្សមិនធ្លាប់ស្គាល់។ សុភមង្គលនេះមិនអាស្រ័យលើកាលៈទេសៈខាងក្រៅទេ តែវាកើតឡើងដោយធម្មជាតិតាមរយៈការយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ ហើយមានទំនាក់ទំនងជាមួយពួកគេក្នុងនាមជាមនុស្ស សុទ្ធសឹងជាអ្នកដែលប្រាថ្នាចង់បាននូវសុភមង្គលដូចយើងដែរ។

អត្ថប្រយោជន៍នៃការបង្កើតក្ដីមេត្តា

ជាដំបូង វាហាក់បីដូចជាថាត្រូវផ្តោតលើទុក្ខវេទនារបស់អ្នកដទៃ ហើយចង់ធ្វើអ្វីម្យ៉ាងជាមួយទុក្ខវេទនានោះ នឹងជួយធ្វើឱ្យអារម្មណ៍របស់យើងធូរស្រាល។ ប៉ុន្តែ ផ្ទុយទៅវិញ កាលណាយើងបណ្តុះចិត្តមេត្តាកាន់តែច្រើន យើងលើកខ្លួនឡើងកាន់តែច្រើន តាមរយៈការស្វែងរកសន្តិភាព និងគោលបំណងកាន់តែច្រើនក្នុងជីវិតរបស់យើង។ និយាយឱ្យសាមញ្ញ ការបង្កើតក្ដីមេត្តានាំមកនូវផលប្រយោជន៍រាប់មិនអស់ទាំងចំពោះខ្លួនយើង និងពិភពលោកជុំវិញខ្លួនយើង។ 

សម្រាប់កម្រិតបុគ្គល ក្ដីមេត្តាត្រូវបានរកឃើញខាងផ្នែកវិទ្យាសាស្រ្តថាជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ វាជួយយើងក្នុងការបង្កើតកម្លាំងចិត្ត កាន់តែងាយស្រួលក្នុងការប្រឈមមុខនឹងបញ្ហាទាំងអស់ក្នុងជីវិត។ មេត្តាក៏ជួយពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងផងដែរ ធ្វើឱ្យយើងយល់កាន់តែច្បាស់ អត់ធ្មត់ និងគាំទ្រដល់អ្នកដែលយើងយកចិត្តទុកដាក់។

សម្រាប់វិសាលភាពលើសពីនេះ មេត្តាធម៌មានអំណាចក្នុងការផ្លាស់ប្តូរសង្គម។ ពេលយើងប្រព្រឹត្តដោយចិត្តមេត្តា យើងរួមចំណែកដល់វប្បធម៌នៃសេចក្ដីសប្បុរស និងការយល់ចិត្ត។ ការធ្វើបែបនេះ បង្កើតបរិយាកាសវិជ្ជមានមួយដែលមនុស្សយើងមានអារម្មណ៍ថាមានតម្លៃ និងមានការគាំទ្រ នាំទៅរក
ភាពសុខដុមរមនាក្នុងសង្គម និងស្រុះស្រួលគ្នាកាន់តែច្រើន។

យ៉ាងណាក៏ដោយ ប្រហែលជាប្រយោជន៍ដ៏ធំបំផុតនៃក្ដីមេត្តាគឺជាវិធីដែលវាភ្ជាប់យើងទៅនឹងធម្មជាតិពិតរបស់យើង។ ក្ដីមេត្តាជួយយើងឱ្យមើលឃើញលើសពីការបំភាន់នៃការបែងចែក ដោយបង្ហាញពីភាពជាប់ទាក់ទងគ្នានៃជីវិតទាំងអស់។ ក្នុងការយល់ដឹងនេះ យើងមិនត្រឹមតែរកឃើញពីគោលបំណងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងការសម្រេចបានដែរ។

វិធីបង្កើតក្ដីមេត្តា

ព្រះពុទ្ធទ្រង់បង្រៀនវិធីជាច្រើនដើម្បីបណ្តុះចិត្តមេត្តា។ តាមរយៈការបង្ហាត់ខ្លួនយើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សេចក្ដីមេត្តារបស់យើងនឹងក្លាយជាការឆ្លើយតបដោយស្វ័យប្រវត្តិចំពោះអ្នកដទៃ ហើយនាំឱ្យមានអំពើសប្បុរសដោយឯកឯង។

សញ្ជឹងគិតលើសេចក្តីទុក្ខរបស់អ្នកដទៃ

យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សកាន់តែច្រើនឡើងរាយការណ៍ថាមានអារម្មណ៍ "អស់ក្ដីមេត្តា"។ យើងទទួលរងការបន្ទុះគ្រាប់បែកឥតឈប់ឈរ អមដោយរូបភាពនៃសង្រ្គាម ទុរ្ភិក្ស និង គ្រោះមហន្តរាយផ្សេងទៀតដែលជន់លិចតាមបណ្ដាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ដែលធ្វើឲ្យពួកយើងជាច្រើនមានអារម្មណ៍ក្តុកក្តួល និងមិនចង់ទទួលទុក្ខវេទនាទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីបង្កើតក្ដីមេត្តាគឺការឆ្លុះបញ្ចាំងយ៉ាងសកម្មលើការសេចក្ដីទុក្ខរបស់អ្នកដទៃ។ ដូច្នេះ នៅពេលដែលយើងឃើញសោកនាដកម្មនៅលើបណ្ដាញព័ត៌មាន យើងមិនគ្រាន់តែគិតថា "អូ! វេទនាអីយ៉ាងនេះ” ហើយបន្ទាប់មកអូសរំលងទៅមុខភ្លាមៗនោះទេ។ សូមលើកឧទាហរណ៍អំពីរឿងជនភៀសខ្លួន។ យើងអាចចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតពីស្ថានភាពដ៏គួរឲ្យរន្ធត់ដែលត្រូវចាកចេញពីមាតុភូមិ និងជីវិតទាំងស្រុងនៅពេលក្រោយមិនដឹងជាទៅយ៉ាងណា។ ជារឿយៗ ពួកគេមិនត្រឹមតែប្រថុយជីវិតរបស់ពួកគេក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ដើម្បីស្វែងរកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពេលដែលពួកគេមកដល់ ពួកគេត្រូវគេគិតថាគួរឱ្យសង្ស័យ ភ័យខ្លាច ឬព្រងើយកន្តើយ។ ចូរគិតអំពីថាតើវាគួរឱ្យរន្ធត់ប៉ុណ្ណា ប្រសិនបើយើង ឬមនុស្សជាទីស្រឡាញ់របស់យើងស្ថិតក្នុងស្ថានភាពនោះ ហើយជាធម្មតា អារម្មណ៍នៃក្តីមេត្តានឹងកើតឡើង៖ «សូមកុំឲ្យអ្នកណាម្នាក់ឆ្លងកាត់ការរងទុក្ខបែបនេះឱ្យសោះ»។

ត្រង់ចំណុចនេះ យើងអាចឃើញថា ការឆ្លុះបញ្ចាំងលើសេចក្ដីទុក្ខ មិនមែនមានន័យថា ការរស់នៅលើការឈឺចាប់ ឬទុក្ខសោក ហើយត្រូវបានគ្របសង្កត់ដោយសេចក្ដីទុក្ខនោះទេ ប៉ុន្តែជាការទទួលស្គាល់ថា សេចក្ដីទុក្ខគឺជាបទពិសោធន៍សកល។ តាមរយៈការទទួលស្គាល់ការលំបាកដែលអ្នកដទៃដែលនៅជុំវិញខ្លួនយើង និងអ្នកនៅទីឆ្ងាយប្រឈម នោះយើងអាចបណ្ដុះនូវបំណងប្រាថ្នាពិតប្រាកដមួយ ដើម្បីជួយសម្រាលសេក្ដីទុក្ខរបស់ពួកគេ។

ការចូលរួមក្នុងអំពើសប្បុរស

ដូចដែលបានរៀបរាប់ខាងលើ មេត្តាមិនមែនគ្រាន់តែជាអ្វីដែលយើងមានអារម្មណ៍គិតប៉ុណ្ណឹងនោះទេ ប៉ុន្តែវាគឺជាអ្វីដែលយើងត្រូវធ្វើ។ សូម្បីតែអំពើសប្បុរសធម៌តូចតាច ពោលគឺមិនថាជាការផ្តល់ជំនួយ ការស្តាប់នៅពេលដែលនរណាម្នាក់ត្រូវការនិយាយ ឬគ្រាន់តែញញឹមទៅកាន់មនុស្សមិនធ្លាប់ស្គាល់ ក៏អាចជួយធ្វើឱ្យយើងអនុវត្តក្ដីមេត្តារបស់យើងបានផងដែរ។

អំពើសប្បុរសធម៌តូចតាចទាំងនេះ មើលទៅហាក់ដូចជាមិនសំខាន់ ប៉ុន្តែវាអាចមានឥទ្ធិពលខ្លាំង វាអាចប៉ះពាល់អាយុជីវិតច្រើនជាងអ្វីដែលយើងបានដឹងទៅទៀត។ សេចក្តីសប្បុរសប្រៀបបីដូចជាសាច់ដុំ
អញ្ចឹងដែរ ដោយរាល់ទង្វើនៃសេចក្តីសប្បុរសដែលយើងធ្វើ មិនថាតិចប៉ុណ្ណាក៏ដោយ ក៏ជួយពង្រឹងសេចក្តីមេត្តារបស់យើង ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការឆ្លើយតបដោយការយល់ចិត្ត និងការយកចិត្តទុកដាក់នាពេលអនាគត។ នៅក្នុងពិភពលោកដែលមានអារម្មណ៍ថាមានការបែងចែក ទង្វើសប្បុរសធម៌តូចៗទាំងនេះពិតជាអាចជួយនាំយើងឱ្យកាន់តែខិតជិតទៅនឹងសត្វលោកដទៃ និងធ្វើឱ្យពិភពលោកមានអារម្មណ៍ថាកាន់តែត្រចេះត្រចង់។ 

ការអនុវត្តសេចក្តីស្រឡាញ់ដោយស្មោះស្ម័គ្រ

សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ សេចក្តីប្រាថ្នាដ៏ពិតប្រាកដដើម្បីធ្វើឲ្យអ្នកដទៃបានសេចក្តីសុខ រមែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសេចក្តីមេត្តា។ វាគឺជាការអនុវត្តដ៏មានអានុភាពមួយ ដែលយើងអាចហ្វឹកហាត់ខ្លួនយើង ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់យើងពីកង្វល់ដែលគិតតែពីខ្លួនឯង ទៅក្ដីស្រឡាញ់ដ៏ទូលំទូលាយ ដែលគ្របដណ្តប់លើគ្រប់សត្វលោកទាំងអស់។ តាមរយៈការធ្វើដូច្នេះ យើងចាប់ផ្តើមចូលទៅក្នុងប្រភពនៃសន្តិភាព និងការសម្រេចបានទាំងស្រុងនូវអ្វីដែលមាននៅក្នុងខ្លួនរបស់យើង។

ដូចដែល ព្រះសង្ឃ ព្រះនាម Matthieu Ricard ដោយជារឿយៗ ត្រូវគេស្គាល់ថាជា "ព្រះសង្ឍដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោក" មានសង្ឃដីកាថា "បរទត្ថនិយម (Altruism) គឺជាស្ថានភាពល្អបំផុតនៃចិត្តដើម្បីដាំដុះ ព្រោះវាផ្តល់ផលប្រយោជន៍ដ៏អស្ចារ្យបំផុតសម្រាប់ខ្លួនយើងនិងអ្នកដទៃ"។ នៅពេលដែលយើងព្យាយាមអនុវត្តសេចក្តីស្រឡាញ់ដោយស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ នោះយើងបង្កើតបេះដូងដែលចេះអាណិតអាសូរ និងបើកចិត្តទូលាយជាងមុន។

ការអនុវត្តនេះមិនតម្រូវឱ្យមានកាយវិការធំដុំទេ។ វាអាចចាប់ផ្តើមដោយអ្វីមួយសាមញ្ញៗ ដូចជា ការជូនពរសុភមង្គលយ៉ាងពិតប្រាកដសម្រាប់មនុស្សដែលយើងជួបពេញមួយថ្ងៃ។ មិនថាជាការជូនពរដោយស្ងៀមស្ងាត់ដល់មនុស្សមិនធ្លាប់ស្គាល់នៅតាមផ្លូវ ដោយថាសូមជូនពរឱ្យមិត្តភក្ដិទទួលបានសន្តិភាព ឬផ្ញើសេចក្តីស្រឡាញ់ទៅកាន់អ្នកដែលរងទុក្ខនៅជុំវិញពិភពលោក អំពើសប្បុរសដោយចេតនាតូចៗទាំងនេះជួយពង្រីកសមត្ថភាពរបស់យើងសម្រាប់ក្ដីស្រឡាញ់ និងក្ដីមេត្តា។

ពេលខ្លះ យើងយល់ឃើញថា មានភាពងាយស្រួលក្នុងការបង្ហាញសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះអ្នកដែលនៅខាងក្រៅដែលកំពុងតែរងទុក្ខវេទនា។ យើងប្រហែលជាឃើញអ្នកសុំទាននៅតាមផ្លូវ ហើយមានអារម្មណ៍មួយរំពេចថា “អូ សូមឲ្យពួកគេរកឃើញសុភមង្គល និងការធូរស្រាលពីភាពលំបាករបស់ពួកគេ”។ ប៉ុន្តែពេលដែលយើងឃើញអ្នកដែលមើលទៅជាអ្នកមាន ហើយហាក់ដូចជាមានអ្វីគ្រប់យ៉ាងនោះ យើងគិតថា “ហេតុអ្វីបានជាខ្ញុំចង់ឲ្យគេមានសុភមង្គល? គេមានរបស់ទាំងអស់ហើយ!”។ ទោះជាយ៉ាងនេះក្តី សេចក្តីស្រឡាញ់ដែលស្មោះត្រង់ លើសពីបទពិសោធន៍ខាងក្រៅ។ មិនថានរណាម្នាក់កំពុងរងទុក្ខលំបាក ឬកំពុងរីកចម្រើននោះទេ យើងគួរចងចាំថា មនុស្សគ្រប់រូបសមនឹងទទួលបានសុភមង្គល។

ចំពោះរឿងនេះ ព្រះពុទ្ធបានបង្រៀនសមាធិដោយសេចក្តីស្រឡាញ់។ នៅក្នុងការអនុវត្តនេះ យើងចាប់ផ្តើមដោយបង្កើតអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសសម្រាប់ខ្លួនយើង ហើយបន្ទាប់មកផ្ដល់អារម្មណ៍ដូចគ្នានេះទៅកាន់អ្នកដ៏ទៃ៖ ដំបូងទៅកាន់មនុស្សជាទីស្រឡាញ់ បន្ទាប់មកទៅកាន់មនុស្សអព្យាក្រឹត ហើយចុងក្រោយចំពោះអ្នកដែលយើងអាចជួបការលំបាក ឬឧបសគ្គ។ គោលដៅគឺដើម្បីពង្រីកបន្ទាត់នៃសេចក្តីស្រឡាញ់ និងក្តីមេត្តារបស់យើងជាលំដាប់ រហូតឈានដល់សត្វលោកទាំងអស់ដោយគ្មានករណីលើកលែង។ យូរៗទៅ យើងនឹងប្រាថ្នាចង់បានឱ្យមានសុភមង្គលសម្រាប់មនុស្សគ្រប់គ្នាដែលយើងជួបប្រទះ។

សតិសម្បជញ្ញៈ និងសមាធិ

សតិសម្បជញ្ញៈ គឺជាការប្រតិបត្តិនូវបច្ចប្បន្នភាពយ៉ាងពេញលេញ និងដឹងអំពីគំនិត អារម្មណ៍ និងអ្វីៗជុំវិញខ្លួនដោយគ្មានការវិនិច្ឆ័យ។ នៅពេលដែលយើងពង្រឹងជំនាញនេះ រឿងដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះគឺយើងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីទុក្ខលំបាករបស់យើងផ្ទាល់ និងការរងទុក្ខរបស់អ្នកដទៃ។ នៅពេលដែលការយល់ដឹងរបស់យើងកើនឡើង សេចក្ដីមេត្តារបស់យើងក៏កើតឡើងដោយធម្មជាតិដែរ នៅពេលដែលយើងចាប់ផ្តើមឃើញថាការរងទុក្ខគឺជាផ្នែកមួយដ៏សំខាន់នៃស្ថានភាពរបស់មនុស្សដែលយើងទាំងអស់គ្នាជួបប្រទះ។

ដូចដែលព្រះសង្ឃ និងជាព្រះគ្រូ Thich Nhat Hanh ដ៏ឧត្តុង្គឧត្តម បានសង្ឍដីកាយ៉ាងដូច្នេះថា "សតិសម្បជញ្ញៈផ្តល់កំណើតដល់សេចក្តីមេត្តា"។ នៅពេលដែលយើងកាន់តែមានសតិសម្បជញ្ញៈ យើងចាប់ផ្តើមកត់សម្គាល់មិនត្រឹមតែវិធីជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីដ៏ស្រទន់ដែលយើង និងអ្នកដទៃជួបប្រទះនឹងការឈឺចាប់ ការភ័យខ្លាច និងការខកចិត្តផងដែរ។ ការយល់ដឹងនេះធ្វើឲ្យចិត្តយើងធូរស្រាល មិនប្រតិកម្មដោយការឆាប់ខឹងឬការខកចិត្ត យើងអាចឆ្លើយតបដោយក្តីមេត្តា និងចិត្តសប្បុរស។

តាមរយៈការសតិសម្បជញ្ញៈ និងសមាធិ យើងទទួលស្គាល់ថា មនុស្សគ្រប់រូប មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សុទ្ធតែប្រឈមនឹងការលំបាក និងឧបសគ្គផ្សេងៗគ្នា។ សតិនេះជួយធ្វើឱ្យយើងគិតលើសពីការវិនិច្ឆ័យ និងការសន្និដ្ឋានភ្លាមៗ ដែលយើងងាយនឹងឆេវឆាវ។ នៅពេលដែលយើងអនុវត្តក្ដីមេត្តារបស់យើងបន្តិចម្តង ៗ ដល់សត្វទាំងអស់ នោះយើងចាប់ផ្តើមបំបែកជញ្ជាំងនៃការបែងចែកចោល ជាពិសេស ការបែងចែករវាងអ្នកមានឋានៈខ្ពស់ជាងឬវត្ថុប្រសើជាង ដែលជារឿយៗរារាំងមិនឱ្យយើងមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកដទៃ។ ជាមួយនេះ យើងរួមចំណែកដល់សុភមង្គលផ្ទាល់ខ្លួនរបស់យើងក្នុងនាមជាសមាជិកម្នាក់ក្នុងសង្គម និងសុភមង្គលដល់មនុស្សជុំវិញខ្លួនយើងទាំងអស់គ្នា។

សេចក្តីសន្និដ្ឋាន៖ មាគ៌ាឆ្ពោះទៅរកសេចក្តីមេត្តាពិត

ព្រះសង្ឃ Thich Nhat Hanh មានថេរដីថា "ការអាណិតអាសូរ គឺជាកិរិយាស័ព្ទ" ។ វាគឺជាអ្វីដែលយើងត្រូវបណ្តុះយ៉ាងសកម្ម មិនត្រឹមតែសម្រាប់អ្នកដែលកំពុងជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មនុស្សគ្រប់គ្នាដែលយើងជួបប្រទះ។ មិនថាតាមរយៈអំពើសប្បុរសធម៌តូចតាច ការឆ្លុះបញ្ចាំងពីទុក្ខលំបាករបស់អ្នកដទៃ ឬការតាំងសមាធិដោយសេចក្តីសប្បុរសក្តី គ្រាប់ពូជនៃសេចក្តីមេត្តាករុណានៅក្នុងខ្លួនយើងអាចរីកដុះដាលទៅជាផ្កានៃក្តីកង្វល់ពិតប្រាកដសម្រាប់សត្វលោកទាំងអស់។

ក្នុងនាមជាមនុស្ស ងាយស្រេកឃ្លាននូវសេចក្តីត្រូវការ និងការថប់បារម្ភណាស់ ប៉ុន្តែមនុស្សគ្រប់រូប មិនថាពួកគេជានរណា ឬមកពីណា ឬរូបរាងបែបណានោះទេ សុទ្ធតែប្រាថ្នាចង់បានសេចក្តីសុខ និងសេចក្តីធូរស្រាលពីទុក្ខ។ នេះជាអ្វីដែលយើងអាចបោះជំហានដើម្បីផ្លាស់ប្តូរ។ យើងប្រហែលជាគិតថាយើងមិនសំខាន់ ប៉ុន្តែព្រះពុទ្ធបានបង្រៀនយើងថា អ្វីៗទាំងអស់ និងមនុស្សគ្រប់រូបមានទំនាក់ទំនងគ្នាទៅវិញទៅមក។ នេះមានន័យថា រាល់ស្នាមញញឹមដែលយើងផ្តល់ឲ្យមនុស្សមិនធ្លាប់ស្គាល់ ហើយរាល់នាទីដែលយើងចំណាយពេលធ្វើសមាធិដោយក្តីស្រឡាញ់ សុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់យើង និងអ្នកដែលនៅជុំវិញយើង។

Top