ពីក្ដីមេត្តាទៅជាសកម្មភាព៖ ទស្សនៈព្រះពុទ្ធសាសនា

Image%201%20%281%29

ក្ដីមេត្តា៖ ការចង់ឱ្យអ្នកដទៃរួចផុតពីទុក្ខវេទនានិងបុព្វហេតុរបស់វា ជាគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិដ៏អស្ចារ្យបំផុតរបស់មនុស្សជាតិ។ ប៉ុន្តែ ខណៈក្ដីមេត្តាជាគំនិតមួយកំពុងលើកតម្កើង វាពិតជាមានអានុភាពខ្លាំងនៅពេលយើងបំប្លែងវាទៅជាសកម្មភាពជាក់ស្តែង។ ដូច្នេះ សេចក្តីមេត្តានៅក្នុងសកម្មភាព គឺជាតំណាងនៃគុណតម្លៃដ៏ជ្រាលជ្រៅរបស់យើង ក្នុងនាមជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា។ វាគឺជាការបង្ហាញជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពនៃសត្វលោកទាំងអស់។ នៅពេលយើងបំប្លែងចេតនាប្រកបដោយក្តីមេត្តារបស់យើងទៅជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ នោះយើងអាចនាំមកនូវការធូរស្បើយដល់ពិភពលោកជុំវិញយើង។ តើអាចមានអ្វីពិសេសជាងនេះទេ?

មូលហេតុដែលសេចក្ដីមេត្តាត្រូវតែបំប្លែងទៅជាសកម្មភាព

ប្រែក្លាយទុក្ខលំបាកទៅជាការសង្គ្រោះ

អរិយសច្ចៈទី ១ នៃអរិយសច្ច ៤ ប្រៀនប្រដៅថា ជីវិតតាំងពីកើតដល់ស្លាប់ គឺពោរពេញទៅដោយទុក្ខ និងការមិនពេញចិត្ត។ ប្រកបដោយប្រាជ្ញា មេត្តាជាថ្នាំបំបាត់ទុក្ខវេទនាមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ មេត្តាក្នុងន័យពេញលេញរបស់វាមិនចប់ត្រឹមពាក្យថាការយល់ដឹង ឬការយល់ចិត្តនោះទេ វាទាមទារឱ្យមានសកម្មភាពបន្ថែមទៀត។ ដោយការដាក់ចិត្តមេត្តាទៅជាសកម្មភាព យើងអាចសម្រាលទុក្ខរបស់អ្នកដទៃបានដោយផ្ទាល់។ មិនថាតាមរយៈការជួយមិត្តភ័ក្តិដែលខ្វះខាត ការគាំទ្របុព្វហេតុ ឬគ្រាន់តែចេញមុខជួយនរណាម្នាក់ដែលកំពុងជួបការលំបាក សកម្មភាពប្រកបដោយក្តីមេត្តារបស់យើងអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងជីវិតរបស់អ្នកដទៃ។ មេត្តាក្នុងសកម្មភាពក៏ផ្លាស់ប្តូរយើងដែរ។ នៅពេលយើងចូលរួមក្នុងអំពើសប្បុរស នោះយើងបណ្ដុះចិត្តសន្សឹមៗដែលសប្បុរស និងបើកចិត្តទូលាយសម្រាប់ពិភពលោក។

ការបង្កើតសក្តានុពលកម្ម (Karmic) ជាវិជ្ជមាន

នៅក្នុងព្រះពុទ្ធសាសនា ចេតនានៃអំពើរបស់យើងគឺជារឿងសំខាន់។ សកម្មភាពដែលជំរុញដោយក្ដីមេត្តាពិតប្រាកដ បង្កើតសក្តានុពលវិជ្ជមាន ដែលព្រះពុទ្ធទ្រង់មានបន្ទូលថាវានាំទៅរកសេចក្តីសុខនាពេលអនាគត។ នៅពេលដែលយើងប្រព្រឹត្តដោយក្តីមេត្តា នោះយើងសាបព្រួសគ្រាប់ពូជនៃសេចក្តីសប្បុរសដែលនឹងបង្កើតផលក្នុងជីវិតរបស់យើង និងក្នុងជីវិតរបស់អ្នកដទៃ។ សកម្មភាពមេត្តាក៏ផ្ដាច់វដ្តនៃសក្ដានុពលបំផ្លិចបំផ្លាញផងដែរ។ ដោយការឆ្លើយតបម្តងហើយម្តងទៀតចំពោះស្ថានភាពដោយសប្បុរស និងការយល់ដឹង ជាជាងការខឹងសម្បារ ឬភាពអាត្មានិយម នោះយើងចាប់ផ្តើមបន្ស៊ាំគំនិត និងដួងចិត្តរបស់យើងចំពោះសកម្មភាពស្ថាបនា រហូតដល់វាក្លាយជាធម្មជាតិទីពីរ។ នៅពេលនោះវានឹងនាំទៅរកសន្តិភាពខាងក្នុងកាន់តែខ្លាំង និងមាគ៌ាកាន់តែច្បាស់ឆ្ពោះទៅកាន់ការត្រាស់ដឹង។ 

ការយល់ដឹងអំពីទំនាក់ទំនងគ្នាទៅវិញទៅមក

ក្ដីមេត្តាក្នុងសកម្មភាព ជួយធ្វើយើងឱ្យទទួលស្គាល់ទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វលោកទាំងអស់។ គ្មាននរណាម្នាក់នៅលើលោកនេះ ក្រោកពីគេងប្រាថ្នាចង់បានភាពវេទនានោះទេ។ យើងទាំងអស់គ្នាសូមជូនពរឱ្យមានសុភមង្គលស្មើៗគ្នា។ នៅពេលយើងប្រព្រឹត្តដោយក្តីមេត្តា យើងទទួលស្គាល់ថាយើងទាំងអស់គ្នាជាផ្នែកមួយនៃភពដ៏ធំ ហើយថាសុភមង្គល និងទុក្ខរបស់អ្នកដទៃមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងខ្លួនយើង។ ការយល់ដឹងនេះជំរុញឱ្យយើងមានអារម្មណ៍នៃការរួបរួម។ ការយល់ដឹងនេះកំចាត់ឧបសគ្គនៃការបែកបាក់ និងភាពឯកោដែលជារឿយៗធ្វើឱ្យមានទុក្ខព្រួយ។ នៅក្នុងពិភពលោកដែលជាញឹកញាប់មានការបែកបាក់គ្នា ក្ដីមេត្តាក្នុងសកម្មភាពគឺជាកម្លាំងដ៏ខ្លាំងក្លាដែលរំឭកយើងថាយើងទាំងអស់គ្នានៅទីនេះជាមួយគ្នា ហើយថាតាមរយៈការជួយគ្នាទៅវិញទៅមក យើងអាចបង្កើតពិភពលោកមួយកាន់តែមានសុខដុមរមនា។

មធ្យោបាយដើម្បីបំប្លែងក្ដីមេត្តាទៅជាសកម្មភាព

ទាន 

ទាន បារមីទីមួយក្នុងចំណោមបារីទាំង៦ ជាវិធីដ៏ប្រសើរបំផុតក្នុងការប្រព្រឹត្តនូវមេត្តាក្នុងសកម្មភាព។ ទានអាចមានទម្រង់ជាច្រើន ដូចជា ការផ្តល់ជំនួយសម្ភារៈដល់អ្នកដែលត្រូវការប្រសិនបើយើងអាច។ យើងក៏អាចចែករំលែកពេលវេលា និងថាមពលរបស់យើងតាមវិធីផ្សេងៗគ្នាផងដែរ។ ក្នុងព្រះពុទ្ធសាសនា ទានមិនមែនត្រឹមតែជាអ្នកទទួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកឱ្យដែរ។ នៅពេលយើងធ្វើទានដោយចិត្តបរិសុទ្ធ និងរីករាយ ហើយជាពិសេសប្រសិនបើយើងអាចផ្តល់ឱ្យដោយមិនរំពឹងថានឹងទទួលបានអ្វីមកវិញ នោះយើងបោះបង់ចោលនូវសេចក្តីប៉ងប្រាថ្នារបស់យើង ហើយធ្វើឱ្យខ្លួនយើងទទួលនូវសេចក្តីរីករាយនៃការមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

ផ្តល់ជំនួយផ្លូវចិត្ត និងការលួងលោម

តើអ្នកបានកត់សម្គាល់ឃើញទេថា ពេលនរណាម្នាក់ឆ្លងកាត់គ្រាលំបាក ពួកគេច្រើនតែមិនត្រូវការការប្រឹក្សាទេ ពោលគឺពួកគេគ្រាន់តែត្រូវការអ្នកណាម្នាក់ក្បែរខ្លួនប៉ុណ្ណោះ? ពេលខ្លះ ក្ដីមេត្តាដែលល្អបំផុតនោះគឺយើងគ្រាន់តែមានវត្តមាននៅក្បែរ។ ការផ្តល់នូវការគាំទ្រផ្នែកអារម្មណ៍ ពោលគឺពាក្យសប្បុរស ការឱប ឬគ្រាន់តែស្តាប់ដោយគ្មានការវិនិច្ឆ័យ ក៏អាចផ្តល់នូវការលួងលោម និងការធូរស្រាលយ៉ាងច្រើនបានផង។ ប្រភេទនៃក្ដីមេត្តានេះមិនតម្រូវឱ្យមានសកម្មភាពធំដុំនោះទេ ដោយជារឿយៗ វាគឺជាទង្វើសប្បុរសធម៌តូចៗទាំងនេះ ដែលធ្វើឲ្យមានភាពខុសគ្នាខ្លាំងបំផុត។ កាលដែលមានវត្តមានសម្រាប់អ្នកដទៃក្នុងគ្រាដែលគេត្រូវការ យើងបង្ហាញថាយើងយកចិត្តទុកដាក់ ហើយថាពួកគេមិននៅឯកោ។

ការងារស្ម័គ្រចិត្តក្នុងសហគមន៍

ការស្ម័គ្រចិត្ត គឺជាវិធីមួយផ្សេងទៀតដែលយើងអាចប្រើក្ដីមេត្តាទៅជាសកម្មភាព។ នៅកន្លែងភាគច្រើន មានឱកាសច្រើន៖ ឧទាហរណ៍ ការជួយនៅធនាគារអាហារ ឬចូលរួមក្នុងការសម្អាតសហគមន៍។ ការស្ម័គ្រចិត្ត ជួយធ្វើឱ្យយើងចូលរួមចំណែកផ្ទាល់ដល់សុខុមាលភាពរបស់អ្នកដទៃ ហើយក៏ផ្តល់ឱ្យយើងនូវគោលបំណងដ៏រឹងមាំក្នុងជីវិតផងដែរ។ តាមរយៈការលះបង់ពេលវេលា និងការខិតខំរបស់យើងដើម្បីជួយអ្នកដទៃ នោះយើងអាចបណ្ដុះបណ្ដាលភាពអត់ធ្មត់ និងក្ដីមេត្តា។ យើងក៏បណ្ដុះនតិភាព (ការបន្ទាបខ្លួន) ដោយដឹងថាយើងមិនមែនជាមជ្ឈឹមនៃសកលលោកទេ ហើយថាមនុស្សគ្រប់រូបសុទ្ធតែជួបការលំបាក ដែលជួយពង្រឹងចិត្តមេត្តារបស់យើង។

ការតស៊ូមតិដើម្បីយុត្តិធម៌សង្គម

ក្ដីមេត្តាក្នុងសកម្មភាពក៏អាចប្រើជាទម្រង់នៃការតស៊ូមតិដើម្បីយុត្តិធម៌សង្គមផងដែរ។ ន័យនេះពាក់ព័ន្ធនឹងការក្រោកឈរឡើងដើម្បីសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់សត្វលោកទាំងអស់ ការប្រឈមនឹងភាពអយុត្តិធម៌ និងការធ្វើការឆ្ពោះទៅរកសង្គមមួយដែលមានយុត្តិធម៌ និងមេត្តាធម៌។ យើងអាចធ្វើបែបនេះបានតាម
រយៈការបង្កើនការយល់ដឹង គាំទ្រការផ្លាស់ប្តូរគោលនយោបាយ ឬចូលរួមក្នុងសកម្មភាពដោយសន្តិវិធី ឬដោយការបរិច្ចាគដល់អង្គការដែលធ្វើកិច្ចការទាំងនេះ។ ការតស៊ូមតិ គឺជាបញ្ហាប្រឈម ប៉ុន្តែវាគឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការប្រើក្ដីមេត្តារបស់អ្នកទៅជាសកម្មភាព ដោយច្រើនតែផ្តោតទៅលើការតស៊ូមតិនេះនៅក្នុងសង្គមដែលរងការរើសអើងបំផុត។ វាបង្ហាញថាយើងសុខចិត្តប្រើថាមពលរបស់យើងដើម្បីជួយអ្នកដែលរងទុក្ខ។

អត្ថប្រយោជន៍នៃការដាក់ចិត្តមេត្តាទៅជាសកម្មភាព

នៅពេលយើងប្រព្រឹត្តដោយក្តីមេត្តា វាមិនមែនគ្រាន់តែជាទង្វើដើម្បីជួយមនុស្សម្នាក់ទៀតនោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពនៃសុភមង្គល និងអត្ថន័យសម្រាប់ខ្លួនយើង។ គ្រាន់តែស្រមៃមើលភាពរីករាយដែលកើតចេញពីការដឹងថាអ្នកបានសម្រាលបន្ទុករបស់នរណាម្នាក់យ៉ាងពិតប្រាកដ ទោះបីជាតិចតួចយ៉ាងណាក្ដី។ ភាពរីករាយនេះមិនកើតឡើងភ្លាមៗ ដូចគ្នាទៅនឹងការពេញចិត្តនូវទ្រព្យសម្បត្តិខាងលោកិយនោះទេ វាគឺជាសុភមង្គលដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរយូរអង្វែង។ ទន្ទឹមនេះ វាមិនទាមទារឱ្យចំណាយលុយអ្វីទាំងអស់ ដោយយើងទាំងអស់គ្នាអាចចូលរួមបាន។ ម្យ៉ាងវិញទៀត ទង្វើប្រកបដោយមេត្តានីមួយៗពង្រឹងទម្លាប់នៃក្តីមេត្តានៅក្នុងចិត្តរបស់យើង។ មិនយូរមិនឆាប់ វានឹងក្លាយទៅជាធម្មជាតិទីពីរដើម្បីធ្វើសកម្មភាពដោយក្តីមេត្តា មិនថាមនុស្ស ឬស្ថានភាពណាក៏ដោយដែលយើងជួបប្រទះ។

សម្រាប់អ្នកដែលចង់ប្រតិបត្តិតាមព្រះពុទ្ធសាសនា យើងអាចនិយាយបានថា មេត្តាគឺប្រហែលជាតម្លៃបំផុតរបស់មិត្តភក្ដិ។ ដោយមានក្ដីមេត្តា យើងអាចរំលាយរបាំងដែលរារាំងយើងពីការទំនាក់ទំនងជាមួយសត្វលោកដទៃ។ ដូចដែលសម្តេចសង្ឃ ដាឡៃ ឡាម៉ា រំឭកយើងជានិច្ចថា យើងជាសត្វសង្គម ហើយសង្គមគឺជាទំនាក់ទំនងរវាងយើងនិងអ្នកដទៃ ដែលបង្កើតជីវិតដ៏រីករាយ និងមានន័យពិតប្រាកដ។

សេចក្តីសន្និដ្ឋាន

ពីក្ដីមេត្តាទៅជាសកម្មភាពជាបេះដូងនៃការអនុវត្តព្រះពុទ្ធសាសនា ហើយពិភពលោកពេលនេះត្រូវការវាយ៉ាងខ្លាំង។ វាបំប្លែងបំណងប្រាថ្នាប្រកបដោយមេត្តាដ៏ស្រស់បំព្រងដែលយើងដាក់ក្នុងចិត្តរបស់យើង ទៅជាការខិតខំប្រឹងប្រែងជាក់ស្តែង និងប្រាកដប្រជា ដើម្បីសម្រាលទុក្ខលំបាក និងបង្កើតពិភពលោកមួយដែលប្រសើរជាងមុន។ តាមរយៈការចូលរួមក្នុងសកម្មភាពប្រកបដោយមេត្តា ពោលគឺតាមវិធីណាមួយដូចបានរៀបរាប់ខាងលើ និងតាមវិធីផ្សេងៗទៀត យើងមិនត្រឹមតែជួយអ្នកដែលត្រូវការជំនួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញខ្លួនយើងឆ្ពោះទៅមុខលើមាគ៌ាទៅកាន់ការត្រាស់ដឹងផងដែរ។

Top