ដំបូន្មានព្រះពុទ្ធសាសនាស្តីពីសេចក្តីស្លាប់ និងស្តីពីខណៈពេលជិតនឹងស្លាប់

01:32
មនុស្សយើងគ្រប់រូបនឹងប្រឈមមុខនឹងក្តីស្លាប់គ្រប់គ្នាទាំងអស់ បើដូច្នេះយើងពុំគួរបដិសេធការពិតនេះទេ។ ប្រការដែលមានភាពប្រាកដនិយមចំពោះក្តីមរណៈរបស់យើងធ្វើឪ្យយើងអាចរស់នៅពោរពេញដោយជីវិតមានន័យខ្លឹមសារ និងពេញបរិបូរណ៍។ ដោយមិនបាច់រស់នៅក្នុងក្តីភ័យខ្លាចចំពោះក្តីស្លាប់ យើងអាចស្លាប់ដោយក្តីរីករាយ ពីព្រោះថាយើងបានរស់នៅពេញបរិបូរនៃជីវិតរបស់យើងហើយ។

ដឹកនាំជីវិតប្រកបដោយអត្ថន័យខ្លឹមសារ

អស់រយៈកាលជាច្រើនឆ្នាំ រាងកាយរបស់យើងមានការប្រែប្រួល បើនិយាយតាមធម្មតា សូម្បីតែការបដិបត្តិសមាធិ និងជំនឿខាងផ្លូវសាសនាក៍មិនអាចបញ្ឈប់នូវការប្រែប្រួលនេះបានឡើយ។ រូបរាងកាយរបស់យើងគឺឋិតនៅក្រោមឥទ្ធិពលនៃអនិច្ចតាធម៌ (មិនទៀង) តែងតែប្រែប្រួលជានិច្ច ផ្លាស់ប្តូរពីខណៈពេលមួយទៅខណៈពេលមួយទៀតជាប់ជានិច្ច៖ ប្រការនេះគឺជាផ្នែកមួយនៃច្បាប់ធម្មជាតិ។ ពេលវេលាចេះតែដើរទៅមុខជានិច្ច គ្មានមហិទ្ធិរិទ្ធិអ្វីអាចមកបញ្ឈប់ពេលវេលានេះមិនឪ្យដើរទៅមុខបានទេ។ ដូចនេះសំនួរដែលយើងត្រូវចោទសួរនោះគឺថា តើយើងប្រើប្រាស់ពេលវេលាដែលយើងមាននេះឪ្យបានត្រឹមត្រូវ ឬអត់? តើយើងប្រើប្រាស់ពេលវេលាដែលយើងមានដើម្បីបង្កើតជាបញ្ហាដល់អ្នកដ៍ទៃកាន់តែច្រើនឡើងថែមទៀតទេ ដែលប្រការនេះនឹងធ្វើឪ្យយើងក្លាយជាមនុស្សមិនមានក្តីសុខនៅទីជម្រៅនៃចិត្តរបស់យើងនៅទីបំផុត។ អាត្មាគិតថានេះគឺជាការប្រើប្រាស់ពេលវេលាខុសទាំងស្រុង។ 

វិធីសាស្រ្តដ៍ល្អប្រសើរបំផុតដើម្បីប្រើប្រាស់ពេលវេលាដែលយើងមាននោះ គឺត្រូវយកការលើកំលាំងចិត្តណាមួយមកអប់រំចិត្តរបស់យើងឪ្យបានរៀងរាល់ថ្ងៃ ហើយបន្តរក្សាការលើកកំលាំងចិត្តនោះឪ្យបានពេញមួយថ្ងៃរបស់យើង។ ធុរៈនេះមានន័យថា បើសិនជាអាចធ្វើទៅបាន ចូរអ្នកគួរបំរើ និងចម្រើនសេចក្តីល្អដល់អ្នកដ៍ទៃ តែបើមិនអាចធ្វើទៅបានទេ យ៉ាងហោចណាស់ត្រូវចៀសវាងបង្កទុក្ខទោសដល់គេ ប្រការនេះមិនចំពោះថាមុខរបររកស៊ីទទួលទាន់របស់អ្នកជាអ្វីឡើយ គឺពិតជាគ្មានភាពខុសគ្នាទេ អ្នកនៅតែអាចមានការលើកកំលាំងចិត្តវិជ្ជមានបាន។ ប្រសិនបើយើងប្រើប្រាស់ពេលវេលាដើម្បីធ្វើរឿងដូចនេះអស់ជាច្រើនថ្ងៃ ច្រើនខែ ច្រើនឆ្នាំ - ច្រើនទសវត្សនោះ មិនមែនគ្រាន់តែរយៈពេលប្រាំឆ្នាំទេ ន៎ុះជីវិតរបស់យើងនឹងក្លាយជាជីវិតដ៍មានអត្ថន័យខ្លឹមសារមិនខាន។ យ៉ាងហោចណាស់ យើងបានរួមចំណែកនៅក្នុងការបង្កើតសេចក្តីសុខផ្លូវចិត្តចំពោះខ្លួនឯងផ្ទាល់។ មិនយូរមិនឆាប់ទេ ថ្ងៃអវសានរបស់យើងនឹងមកដល់ នៅថ្ងៃនោះយើងនឹងមិនមានវិប្បដិសារីអ្វីឡើយ ដោយដឹងថាយើងបានប្រើប្រាស់ពេលវេលារបស់យើងសមរម្យត្រឹមត្រូវ និងមានប្រយោជន៍។ 

មានឥរិយាបថប្រាកដនិយមចំពោះក្តីស្លាប់

ជីវិតបច្ចុប្បន្នរបស់យើងមិនឋិតឋេរជាអចិន្រ្តៃយ៍ឡើយ តែបើទោះបីយ៉ាងនេះក្តី បើយើងគិតថា «ក្តីមរណាជាសត្រូវរបស់យើង» នោះគឺជាការគិតខុសហើយ ក្តីមរណាគឺជាផ្នែកមួយនៃជីវិតរបស់យើង។ បើយោងទៅតាមទស្សនៈព្រះពុទ្ធសាសនា នៅក្នុងន័យណាមួយខ្លះ រូបរាងកាយនេះគឺជាសត្រូវ។ ដើម្បីធ្វើការចម្រើនក្តីប្រាថ្នាពិតប្រាកដចំពោះមោខភាព - ការរួចរំដោះ - ន៎ុះយើងត្រូវតែមានឥរិយាបថបែបនេះ៖ពោលគឺ កំណើរនេះ រូបរាងកាយនេះ និងធម្មជាតិរបស់វាផ្ទាល់គឺជាទុក្ខ ដូច្នេះយើងប្រាថ្នាចង់លុបបំបាត់ និងបញ្ឈប់វាឪ្យបាន។ ប៉ុន្តែឥរិយាបថបែបនេះអាចបង្កជាបញ្ហាច្រើន។ ប្រសិនបើអ្នកចាត់ទុកក្តីស្លាប់ថាជាសត្រូវ នោះរូបរាងកាយក៍ជាសត្រូវដែរ ហើយជីវិតរស់នៅទាំងស្រុងនេះក៍ជាសត្រូវដែរ។ ប្រការនេះហាក់បីដូចជាជ្រៅបន្តិច។ 

ជាការពិតណាស់ ពាក្យថាស្លាប់មាន័យថាលែងមានអត្ថិភាពទៀតហើយ យ៉ាងហោចណាស់សំដៅដល់ការផុតរលត់នៃរូបរាងកាយនេះ។ យើងនឹងធ្វើដំណើរចាកចេញពីអ្វីៗគ្រប់យ៉ាងដែលយើងបានបង្កើតឡើង ចាកចេញពីទំនាក់ទំនងជិតស្និទនៅក្នុងជីវិតបច្ចុប្បន្ននេះ។ សត្វមិនចូលចិត្តការស្លាប់នេះទេ ដូច្នេះវាមិនខុសអីពីមនុស្សប៉ុន្មានទេ ប៉ុន្តែត្រូវដឹងថា យើងគឺជាផ្អែកមួយនៃធម្មជាតិ ដូច្នេះសេចក្តីស្លាប់គឺជាផ្អែកមួយនៃជីវិតរបស់យើង ជីវិតតែងមានការចាប់ផ្តើម និងមានទីបញ្ចប់ជាធម្មតា - មានការកើត និងស្លាប់ ដូចនេះវាមិនមែនជារឿងចម្លែកអ្វីទេ។ អាត្មាភាពគិតថាដោយសារតែវិធីនៃការគិត និងទស្សនៈយល់ឃើញមិនប្រាកដនិយមរបស់យើងចំពោះការស្លាប់ ធ្វើឪ្យយើងថប់អារម្មណ៍ និងមានការភិតភ័យនៅក្នុងជីវិត។ 

ដូច្នេះក្នុងនាមជាអ្នកបដិបត្តិព្រះពុទ្ធសាសនា ជាប្រការដ៍មានអត្ថប្រយោជន៍ដែលត្រូវរំលឹកខ្លួនយើងអំពីសេចក្តីស្លាប់ និងអំពីអនិច្ចតាធម៌ (ភាពមិនទៀតទាត់)។ ពោលអនិច្ចតាធម៌មានពីរកំរិត៖ ទីមួយគឺកំរិតធំទូលាយ (នោះគឺរាល់បាតុភូតដែលត្រូវបានបង្កើតឡើងទាំងអស់នឹងបញ្ចប់ទៅវិញមិនខាន) និងទីពីរកំរិតស៊ីជម្រៅ (ពោលគឺរាល់បាតុភូតទាំងអស់ដែលស្ថិតនៅក្រោឥទ្ធិពលនៃហេតុ និងបច្ច័យគឺប្រែប្រួលពីខណៈពេលមួយទៅខណៈពេលមួយទៀតជាប្រចាំ)។ តាមពិតទៅ កំរិតស៊ីជម្រៅទីពីរនៃអនិច្ចតាធម៌នេះហើយគឺជាការបង្រៀនរបស់ព្រះពុទ្ធសាសនាពិតប្រាកដ ក៍ប៉ុន្តែជាទូទៅកំរិតធំទូលាយស្តីអំពីអនិច្ចតាធម៌ក៍ជាផ្នែកមួយដ៍សំខាន់នៃការបដិបត្តិផងដែរ ពីព្រោះថាវាអាចជួយកាត់បន្ថយនូវពពួកអារម្មណ៍អកុសលដែលគិតថាយើងឋិតនៅជាអមតៈមិនស្លាប់។ 

ចូរអ្នកក្រឡេកមើលមហាក្សត្រដ៍អស្ចារ្យ ឬព្រះរាជាដ៍មហាអស្ចារ្យទាំងនេះ - រួមទាំងមហាក្សត្រនៅឯបស្ចិមប្រទេសផងដែរ - ព្រមទាំងក្រឡេកមើលលើប្រាង្គប្រសាទ និងបន្ទាយរបស់ពួកគេ ពោលគឺព្រះអធិរាជគ្រប់អង្គទាំងអស់គិតថាពួកគេមានជីវិតអមតៈ។ ប៉ុន្តែឥឡូវនេះពេលយើងក្រឡេលមើលលើសំណង់ទាំងអស់នោះ វាហាក់បីដូចជាឆ្កូតលីលាបន្តិច។ ចូរអ្នកក្រឡេកមើលលើមហាកំពែងចិន (Great Wall of China) មហាកំពែងនេះបានបង្កើតក្តីទុក្ខវេទនាយ៉ាងច្រើនដល់ប្រជានុរាស្រ្តរបស់ខ្លួនដែលជាអ្នកកសាង ប៉ុន្តែកិច្ចការងារនេះត្រូវបានធ្វើឡើងដោយអារម្មណ៍ជំរុញឡើងថា៖ «អំណាច និងអាណាចក្ររបស់អញ់នឹងស្ថិតនៅជាអមតៈ» ហើយ «ព្រះចៅអធិរាជរបស់ខ្ញុំនឹងគង់នៅជាអមតៈផងដែរ» ពោលគឺដូចជាមហាជញ្ជាំងទីក្រុងប៊ែរឡាំងដូច្នោះដែរ - ដែលមេដឹកនាំកុម្មុយនីស្ត៍អាល្លឺម៉ងខាងកើតខ្លះបានពោលពាក្យថា ជញ្ជាំងនេះនឹងឈរនៅរាប់ពាន់ឆ្នាំ។ ពពួកអារម្មណ៍ទាំងអស់នេះកើតឡើងមកពីការជាប់ជំពាក់លើខ្លួនឯងយ៉ាងខ្លាំង និងជាប់ជំពាក់លើបក្សរបស់ខ្លួន លើជំនឿរបស់ខ្លួន ដោយគិតថាវាឋិតឋេរគង់វង់ជាអមតៈ។ 

ឥឡូវនេះ ពិតណាស់ថាយើងត្រូវការក្តីប្រាថ្នាវិជ្ជមានដែលជាផ្នែកមួយនៃការលើកកំលាំងចិត្តរបស់យើង - ពោលគឺបើគ្មានក្តីប្រាថ្នាទេ វានឹងគ្មានចលនាអ្វីឡើង ប៉ុន្តែត្រូវចាំថា ក្តីប្រាថ្នាបូករួមជាមួយនឹងភាពអវិជ្ជាគឺជាប្រការគ្រោះថ្នាក់ណាស់។ ឧបមាថា៖ ការនឹកគិតមានអារម្មណ៍និច្ចតា ដែលជំរុញឪ្យយើងមានទស្សនៈមួយថា «ខ្ញុំនឹងរស់នៅជារៀងរហូត» នោះគឺជាទស្សនៈមិនប្រាកដនិយមនោះទេ តែវាគឺជាភាពអវិជ្ជាទៅវិញទេ។ ហើយពេលណាអ្នកយកអារម្មណ៍បែបនោះមកបញ្ចូលជាមួយនឹងក្តីប្រាថ្នានោះ(តណ្ហា) - តណ្ហាចង់បានអ្វីមួយឪ្យច្រើនឡើងថែមទៀត ច្រើនថែមទៀត ច្រើនថែមទៀត នោះវានឹងបង្កើតបញ្ហាកាន់តែច្រើនជាក់ជាមិនខាន។ ប៉ុន្តែតណ្ហាឬក្តីប្រាថ្នាបូករួមជាមួយនឹងប្រាជ្ញាគឺជាភាពវិជ្ជមាន ជាប្រការដែលយើងត្រូវការ។ 

យើងក៍អាចមើលឃើញធម៌រំលឹកនៃអនិច្ចតាធម៌នៅក្នុងការបដិបត្តិតាមបែបគម្ពីរតន្រ្តាផងដែរ តាមរយៈឆ្អឹងលលាដ៍ក្បាល និងប្រភេទស្រដៀងគ្នាទាំងអស់នេះ ហើយនៅក្នុងការរចនាមន្តដាឡា(mandala) យើងស្រមៃឃើញទីវាលបញ្ចុះសព។ ទាំងអស់នេះជានិមិត្តរូបរំលឹកដល់យើងអំពីអនិច្ចតាធម៌(ភាពមិនទៀតទាត់)។ នៅថ្ងៃមួយរថយន្តរបស់អាត្មាបានបរកាត់ទីវាលបញ្ចុះសព ដូច្នេះវាហាក់នៅស្រស់ៗនៅឡើយនៅក្នុងចិត្តរបស់អាត្មា ពេលអាត្មានិយាយអំពីវានៅពេលក្រោយទៀតនៅឯកិច្ចភាក្សាសាធារណៈមួយថា៖ «អាត្មាទើបតែធ្វើដំណើរឆ្លងកាត់ទីវាលបញ្ចុះសព ដែលជាទិសដៅចុងក្រោយរបស់យើង យើងត្រូវតែធ្វើដំណើរទៅទីនោះ។» ព្រះយេស៊ូគ្រឹស្តទ្រង់ស្ថិតនៅលើឈើឆ្កាងបានបង្ហាញដល់សាវ័ករបស់ទ្រង់ថា ទីបំផុតសេចក្តីស្លាប់បានមកដល់ហើយ ហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៍បានធ្វើស្រដៀងគ្នានេះដែរ។ ចំពោះព្រះអាឡោះវិញ ខ្ញុំមិនដឹងទេ - ព្រះអាឡោះមិនមានរូបរាងទ្រងទ្រាយទេ- ប៉ុន្តែពិតណាស់ ម៉ូហាម៉ាដជាអ្នកតំណាងឪ្យទ្រង់។ 

ដូច្នេះយើងត្រូវតែមានភាពប្រាកដនិយមថាក្តីស្លាប់នឹងកើតឡើងមិនយូរមិនឆាប់។ ប្រសិនបើអ្នកបានអភិវឌ្ឍនូវឥរិយាបថឪ្យបានត្រឹមត្រូវពីគ្រាដំបូងឡើងទៅថាក្តីស្លាប់នឹងកើតឡើងនោះ ន៎ុះពេលណាក្តីស្លាប់ពិតជាមកដល់មែន អ្នកនឹងមិនសូវមានចិត្តព្រួយបារម្ភច្រើនឡើយ ដូច្នេះក្នុងនាមជាអ្នកបដិបត្តិព្រះពុទ្ធសាសនាមួយរូប វាគឺជាប្រការដ៍សំខាន់ដែលយើងត្រូវតែរំលឹកខ្លួនឯងអំពីក្តីស្លាប់នេះឪ្យបានរៀងរាល់ថ្ងៃជាប្រចាំ។

អ្វីត្រូវធ្វើនៅក្នុងខណៈពេលនៃសេចក្តីស្លាប់

នៅពេលណាថ្ងៃចុងក្រោយបង្អស់របស់យើងឈានជើងចូលមកដល់ យើងត្រូវតែទទួលយក កុំចាត់ទុកវាថាជារឿងចម្លែក វាពិតជាគ្មានវិធីណាផ្សេងទៀតឡើយ។ ស្ថិតនៅក្នុងខណៈពេលនេះ បុគ្គលណាដែលមានជំនឿលើអទិទេពគេគួរគិតថា៖ «ជីវិតនេះបង្កើតឡើងដោយព្រះ ដូច្នេះទីបញ្ចប់នៃជីវិតនេះគឺជាគំរោងផែនការណ៍របស់ព្រះ បើទោះបីជារូបខ្ញុំមិនចូលចិត្តក្តីស្លាប់ក្តី តែព្រះបានបង្កើតមកហើយ វាច្បាស់ជាមានអត្ថន័យខ្លឹមសារចំពោះវាមិនខាន»។ បុគ្គលទាំងឡាយណាដែលមានជំនឿលើព្រះអទិទេពគួរតែគិតបែបនេះនៅខណៈពេលជិតស្លាប់។ 

បុគ្គលទាំងឡាយណាដែលមានជំនឿលើទំនៀមឥណ្ឌា ហើយមានជំនឿលើការចាប់កំណើតឡើងវិញគួរគិតអំពីអនាគតជាតិរបស់ពួកគេ និងចាប់ផ្តើមខិតខំព្យាយាមបង្កើតបុព្វហេតុត្រឹមត្រូវដើម្បីឪ្យមានអនាគ តជាតិដ៍ល្អប្រសើរ ជាជាងអង្គុយព្រួយបារម្ភ ព្រួយបារម្ភ ព្រួយបារម្ភ។ ឧបមាថា៖នៅខណៈពេលជិតនឹងស្លាប់អ្នកអាចធ្វើការឧទ្ទិសបុណ្យកុសល និងគុណធម៌របស់អ្នក ដើម្បីឪ្យជីវិតអនាគតជាតិរបស់អ្នកល្អប្រសើរឡើង។ មិនថាយើងមានជំនឿលើអ្វីនោះទេ ស្ថិតនៅក្នុងខណៈពេលជិតស្លាប់ សភាពនៃចិត្តរបស់យើងត្រូវតែស្ងប់ស្ងាត់ ពោលកំហឹង ភាពភ័យខ្លាចហួសហេតុ - ជារឿងមិនល្អទេ។

ប្រសិនបើអាចធ្វើទៅបាន អ្នកបដិបត្តិព្រះពុទ្ធសាសនាគ្រប់រូបគួរតែប្រើប្រាស់ពេលវេលារបស់ពួកគេនៅក្នុងខណៈពេលនេះដើម្បីសំលឹងមើលទៅរកអនាគតជាតិរបស់ពួកគេ។ ការបដិបត្តិពុទ្ធិចិត្ត និងការបដិប ត្តិនៃគម្ពីរតន្រ្តាជាក់លាក់គឺមានលក្ខណៈល្អប្រសើរសំរាប់ការបដិបត្តិនេះ។ បើយោងទៅតាមការបង្រៀននៃគម្ពីរតន្រ្តាបង្ហាញថា នៅក្នុងខណៈពេលនៃសេចក្តីស្លាប់ មានការរំលាយធាតុជាប្រាំបីដំណាក់កាល - ពោលគឺការរំលាយធាតុធំៗនៃរាងកាយ បន្ទាប់មកការរំលាយធាតុល្អិតតូចនៃរាងកាយផងដែរ។ អ្នកបដិបត្តិតាមគម្ពីរតន្ត្រាចាំបាច់ត្រូវតែបញ្ចូលកត្តាទាំងនេះទៅក្នុងការបដិបត្តិសមាធិប្រចាំថ្ងៃរបស់គេ។ រៀងរាល់ថ្ងៃ អាត្មាធ្វើសមាធិផ្តោតលើក្តីស្លាប់ - នៅក្នុងការបដិបត្តិតាមក្បូនមន្តដាឡាផ្សេងៗ -យ៉ាងហោចណាស់ប្រាំដង ដូច្នេះអាត្មានៅតែមានជីវិតនៅឡើយ! កាលពីព្រឹកមិញនេះ អាត្មាបានឆ្លងកាត់ក្តីស្លាប់បីមកហើយ។ 

ដូច្នេះទាំងអស់នេះគឺជាវិធីសាស្រ្តដើម្បីបង្កើតនូវហ្គារិនធី(ការធានា)សំរាប់អនាគតជាតិដ៍ល្អ បែបហ្នឹង។ ហើយសំរាប់អ្នកមិនជឿ ដូចដែលអាត្មាបាននិយាយខាងដើមហើយថា វាគឺជាប្រការដ៍សំខាន់ ដែលត្រូវមានភាពប្រាកដនិយមចំពោះសច្ចភាពនៃអនិច្ចតាធម៌។ 

របៀបជួយដល់អ្នកបំរុងនឹងស្លាប់

សំរាប់បុគ្គលទាំងឡាយណាដែលបំរុងនឹងស្លាប់ពិតមែន ពិតជាប្រការល្អប្រសើរបើមនុស្សនៅជុំវិញខ្លួនគេនោះមានចំណេះដឹង និងមានបទពិសោធន៍ខ្លះ{ស្តីពីរបៀបជួយ}។ ដូចដែលអាត្មាបាននិយាយខាងដើមមកហើយថា សំរាប់បុគ្គណាដែលជិតស្លាប់ ដែលជាអ្នកមានជំនឿលើព្រះអទិទេព អ្នកអាចរំលឹករូបគេអំពីព្រះ។ ដោយមានជំនឿមុតមាំលើព្រះតែម៉្យាងយ៉ាងហោចណាស់ក៍មានអត្ថប្រយោជន៍ខ្លះដែរ សូម្បីតែទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាក៍ជឿយ៉ាងដូច្នេះដែរ។ សំរាប់អ្នកមិនមានជំនឿ មិនមានសាសនា គឺដូចដែលអាត្មាបានិយាយខាងដើមមកហើយថា ត្រូវតែមានភាពប្រាកដនិយម ជារឿងសំខាន់ដែលគេត្រូវតែព្យាយាមរក្សាចិត្តរបស់គេឪ្យស្ងប់។ 

ការដែលមានញាតិយំស្រែកនៅជុំវិញខ្លួនអ្នកជិតនឹងស្លាប់អាចជាកត្តារំខានដល់ការរក្សាចិត្តឪ្យស្ងប់របស់គេបាន - មានការជាប់ជំពាក់ខ្លាំងពេក (មានឧបាទានខ្លាំងពេក)។ ហើយដោយសារតែមានការជាប់ជំពាក់ចំពោះពពួកញាតិរបស់ខ្លួនខ្លាំងពេក គេអាចកើតមានកំហឹង ហើយគិតថាសេចក្តីស្លាប់ជាសត្រូវខ្លួនទៅវិញ។ ដូច្នេះវាគឺជារឿងសំខាន់ខ្លាំងណាស់ដើម្បីព្យាយាមរក្សាសភាពនៃចិត្តរបស់គេឪ្យស្ងប់។ នោះគឺជារឿងសំខាន់។ 

ជាច្រើនលើកច្រើនសារ អាត្មាត្រូវបានគេស្នើសុំឪ្យទៅទីសំរាប់រក្សាអ្នកបំរុងនឹងស្លាប់(hospices)។ ដូចជានៅប្រទេសអូស្រ្តាលីជាដើម មានទីអាវាសសំរាប់ដូនជីគង់នៅ ជាទីឋានដែលដូចជីទាំងអស់បូជាខ្លួនដើម្បីមើលថែរក្សាអ្នកបំរុងនឹងស្លាប់ និងអ្នកដែលមានជម្ងឺឈឺធ្ងន់ធ្ងរ។ នេះគឺជាវិធីសាស្រ្តដ៍ល្អបំផុតដើម្បីដាក់ការបដិបត្តិប្រចាំថ្ងៃរបស់យើងស្តីពីក្តីមេត្តាឪ្យមានសកម្មភាពឡើង។ នោះគឺជារឿងសំខាន់។

សេចក្តីសង្ខេប

សេចក្តីស្លាប់មិនមែនជារឿងចម្លែកទេ វាកើតឡើងរៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។ យល់ថាយើងនឹងស្លាប់ជាក់ជាមិនខាននោះវានឹងជំរុញលើកទឹកចិត្តយើងឪ្យដឹកនាំជីវិតដ៍មានន័យខ្លឹមសារ។ ពេលណាយើងដឹងថាក្តីស្លាប់អាចកើតឡើងគ្រប់ពេលទាំងអស់នោះ យើងទំនងជាមិនឈ្លោះប្រកែកគ្នាលើរឿងតូចតាចកំប៉ិចកំប៉ុកនោះទេ តែផ្ទុយទៅវិញ យើងមានការជំរុញលើកទឹកចិត្តរស់នៅពេញបរិបូណ៍ធ្វើជាប្រយោជន៍ដល់អ្នកដ៍ទៃកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ 

Top