បទបង្ហាញតាមទំនៀមនៃមាគ៌ាឡាមរីម

ការរីកចម្រើននៅលើមាគ៌ាឡាមរីមឆ្ពោះទៅរកការត្រាស់ដឹងចាប់ផ្តើមពីការទទួលស្គាល់នូវឪកាសដ៏កម្រដែលយើងមានជីវិតជាមសនុស្សដ៏ថ្លៃថ្លានេះ។ ប្រសិនបើយើងមើលឃើញនូវអត្ថប្រយោជន៍នៃជីវិតជាមនុស្សនេះ នោះយើងមិនត្រឹមតែទទួលបាននូវជីវិតជាមនុស្សនៅក្នុងអនាគតជាតិបន្តទៀតប៉ុណ្ណោះទេ តែយើងថែមទាំងអាចសម្រេចបាននូវការរួចរំដោះចាកផុតទុក្ខ និងការត្រាស់ដឹងផងដែរ។ កិច្ចអ្វីផ្សេងៗគឺអាស្រ័យលើវិសាលភាពនៃការជំរុញលើទឹកចិត្ត និងគោលបំណងរ​បស់យើងនៅក្នុងការសិក្សារៀនសូត្រ និងការបដិបត្តិព្រះធម៌ដែលបានបង្រៀន(សំដែង)ដោយព្រះសម្មាសម្ពុទ្ធ។

ការចាប់កំណើតឡើងវិញជាមនុស្សដ៏ថ្លៃថ្លា

ហេតុអ្វីបានជាការចាប់កំណើតជាមនុស្សឡើងវិញគឺដូចជាគ្រាប់ពេជ្រដែលបំពេញបំណង

រូបរាងកាយជាមនុស្សគឺមានតម្លៃថ្លៃជាងគ្រាប់ពេជ្រទៅទៀត។ រូបរាងកាយនេះគឺជាមូលដ្ឋានគ្រឹះនៃការកំសាន្ត៖ ប៉ុន្តែការកំសាន្តនិងឪកាសដែលរូបរាងកាយនេះផ្តល់ឪ្យយើង គឺមិនមែនដើម្បីប្រើប្រាស់ថ្នាំញៀនកំសាន្តទេ តែដើម្បីធ្វើជាគ្រឹះក្នុងការបដិបត្តិព្រះធម៌។ សំនួរសួរថាៈ ហេតុអ្វីបានជារូបរាងកាយជាមនុស្សនេះមានតម្លៃថ្លៃជាងគ្រាប់ពេជ្រ? ដោយសារថាត្បូងពេជ្រកែវកងយើងអាចយកមកប្រើប្រាស់ដើម្បីទិញដូរចំណីអាហារ និងរបស់របរនៅត្រឹមតែបច្ចុប្បន្នជាតិនេះតែប៉ុណ្ណោះ តែវាមិនអាចជួយអ្វីបាននៅក្នុងអនាគតជាតិបានឡើយ។ បើដូច្នេះរូបរាងកាយជាមនុស្សដែលផ្តល់ឪកាសឪ្យយើងបដិបត្តិព្រះធម៌នេះគឺមានតម្លៃថ្លៃជាងគ្រាប់ត្បូងពេជ្រទៅទៀត។ 

មនុស្សយើងគ្រប់រូបប្រាថ្នាចង់បានក្តីសុខគ្រប់វិនាទីទាំងអស់ បានកាន់តែយូរកាន់តែប្រសើរ។ ប៉ុន្តែមិនថាក្តីសុខប្រភេទណាដែលយើងទទួលបាននៅក្នុងជីវិតនេះនោះទេ សេចក្តីសុខនោះនឹងមិនឋិតឋេរគង់វង្សជាអមតៈសោះឡើយ។ ដូច្នេះបើសិនយើងប្រាថ្នាចង់បានក្តីសុខដែលឋិតឋេរជារៀងរហូត នោះយើងចាំបាច់ត្រូវតែគិតអំពីជីវិតអនាគតជាតិរបស់យើង។ ត្បូងពេជ្រដែលបំពេញបំណងរបស់យើងតែនៅក្នុងជាតិនេះ មិនអាចផ្តល់ឪ្យយើងនូវសេរីភាពចាកចេញផុតពីការចាប់កំណើតឡើងវិញនៅក្នុងភពនរកទាំងបីបានទេ ហើយក៏មិនអាចធានានូវភាពជាអមតៈមិនស្លាប់ដល់រូបយើងផងដែរ។ ដោយយករូបរាងកាយជាមនុស្សនេះមកធ្វើជាមូលដ្ឋាននៃការបដិបត្តិ យើងអាចការពារខ្លួនយើងកុំឪ្យទៅកើតនៅទីឋានដែលមិនល្អ ពោលគឺគេប្រដូចទៅនឹងព្រះមហាថេរៈ ជេតស៊ុន មីឡារេប៉ា (Jetsun Milarepa) ដោយយកព្រះកាយជាមូលដ្ឋាននៃការបដិបត្តិព្រះធម៌ នោះយើងអាចសម្រេចបាននូវការត្រាស់ដឹងនៅក្នុងជាតិនេះបាន។ ដោយសារតែមាសពេជ្រកែវកងទាំងអស់នេះមិនអាចផ្តល់ឪ្យយើងនូវរបស់ទាំងអស់នេះ ដូចដែលរាងកាយរបស់យើងអាចធ្វើបាន បើដូច្នេះបានសេចក្តីថារូបរាងកាយជាមនុស្សរបស់យើងគឺពិតជាមានតម្លៃជាងមាសពេជ្រកែវកងទាំងអស់នោះទៅទៀត។ 

បើដូច្នេះយើងចាំបាច់ត្រូវតែបដិបត្តិព្រះធម៌ជាមួយនឹងរាងកាយជាមនុស្សដែលយើងមាននេះ។ ប៉ុន្តែពេលខ្លះយើងទំនងជាគិតផ្ទុយពីប្រការនេះទៅវិញ - បើទោះបីជាការពិតថាខ្លួនប្រាណរបស់យើងនេះមានតម្លៃជាងមាសពេជ្រយ៉ាងណាក្តី - តែយើងបែរជាប្រើប្រាស់រូបរាងកាយនេះដើម្បីលោភចង់បានទ្រព្យធន់កាន់តែច្រើន ហើយយើងថែមទាំងហ៊ានលះបង់ជីវិតរបស់យើងដើម្បីគោលដៅដែលមានរយៈពេលខ្លីនេះផងដែរ។ មានអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានប្រាជ្ញាឈ្លាសវៃជាងយើងជាច្រើននៅក្នុងលោកនេះ ប៉ុន្តែបើយើងយករូបរាងកាយរបស់យើងមកធ្វើជាគ្រឹះដើម្បីបដិបត្តិព្រះធម៌ នោះយើងនឹងសាងនូវអំណាចកុសលផលបុណ្យច្រើនជាងពួកគេ។ បើដូច្នេះយើងពុំគួរប្រើប្រាស់ជាតិកំណើតជាមនុស្សនេះឪ្យប្រព្រឹត្តទៅឥតប្រយោជន៍ឡើយ ប៉ុន្តែផ្ទុយទៅវិញត្រូវប្រើប្រាស់វាដើម្បីបំពេញគោលបំណងបីប្រការៈ ពោលគឺទីមួយដើម្បីទទួលបានការចាប់កំណើតឡើងវិញដ៏ប្រសើរ ទីពីរគឺទទួលបានការរួចរំដោះចាកផុតទុក្ខ និងទីបីគឺដើម្បីសម្រេចបានការត្រាស់ដឹង។ 

មិនថាយើងមានទ្រព្យរបស់ស្តុកស្តម្ភប៉ុណ្ណាទេ ទ្រព្យរបស់ទាំងអស់នោះនឹងមិនផ្តល់នូវសេចក្តីបីតិដល់យើងឡើយ។ បើសូម្បីទ្រព្យសម្បត្តិមួយពិភពលោកនេះមានម្ចាស់តែម្នាក់គត់ក្តី ក៏គេមិនមានសេចក្តីបីតិសោះឡើយ។ បើដូច្នេះប្រការនេះបញ្ជាក់យ៉ាងច្បាស់ថាមាសពេជ្រកែវកងមិនអាចផ្តល់ឪ្យយើងនូវសេចក្តីបីតិបានឡើយ។ ប្រសិនបើបុគ្គលណាម្នាក់គេមានទ្រព្យសម្បត្តិកាន់តែច្រើន ទ្រព្យសម្បត្តិទាំងអស់នោះនាំមកនូវតែសេចក្តីទុក្ខកាន់តែច្រើន។ យើងអាចពិសោធនូវសច្ចភាពនេះដោយខ្លួនឯងបាន - ប្រសិនបើយើងធ្វើដំណើរតាមរថភ្លើង ឬតាមរថយន្តក្រុងដោយមានឥវ៉ានសំពីងសំពោងច្រើន នោះការធ្វើដំណើររបស់យើងនឹងមានការពិបាក ប៉ុន្តែប្រសិនយើងមិនមានរបស់ទាំងអស់នេះទេ ការធ្វើដំណើររបស់យើងនឹងមានភាពងាយស្រួល។ 

បើដូច្នេះយើងទាំងអស់គ្នាគួរតែបដិបត្តិព្រះធម៌បែបនេះ។ ឧបមាដូចជាព្រះមហាថេរៈ ជេតស៊ុន មីឡារេប៉ា (Jetsun Milarepa) ព្រះអង្គគង់ស្នាក់អាស្រ័យនៅក្នុងល្អាងភ្នំ ដោយគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់។ ព្រះមហាថេរៈ ជេតស៊ុន មីឡារេប៉ា និងព្រះសម្មាសម្ពុទ្ធយល់ឃើញថា របស់របរទ្រព្យសម្បត្តិទាំងអស់នោះមិនមានសារៈសំខាន់អ្វីទេចំពោះព្រះអង្គ ហើយព្រះអង្គថែមទាំងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់នោះដើម្បីងាកមកបដិបត្តិព្រះធម៌វិញ។ ហើយអ្នកគឺជាមនុស្សម្នាក់ផងដែរ ដែលជាអ្នករស់នៅក្នុងប្រទេសអ្នកមាននៅក្នុងលោកនេះ ដែលបានយល់ឃើញថារបស់ទ្រព្យទាំងអស់នោះគ្មានអ្វីសំខាន់សំរាប់អ្នកទេ ហើយអ្នកបានចាកចេញពីវា ដើម្បីមកទីនេះ ងាកមកបដិបត្តិព្រះធម៌។ 

ហេតុនិងភាពលំបាកនៃការទទួលបានជាតិកំណើតជាមនុស្ស

យើងត្រូវតែធ្វើការគិតពិចារណាថាហេតុអ្វីបានជាមានការពិបាកដើម្បីទទួលបានរូបរាងកាយជាមនុស្សដ៏មានតម្លៃនេះ។ វាមានការពិបាកដើម្បីទទួលបានរូបរាងកាយនេះ ដោយសារតែហេតុរបស់វា ពោលគឺមានមូលហេតុបីប្រការៈ

  • ការរក្សាសីលវិន័យឪ្យបានខ្ជាប់ខ្ជួន
  • ធ្វើការបដិបត្តិនូវបារមីប្រាំមួយ
  • ធ្វើការសូត្រធម៌ថ្វាយបង្គំ

ការរក្សាសីលវិន័យឪ្យបានខ្ជាប់ខ្ជួន

វាគឺពិតជាមានការលំបាកដើម្បីរក្សាសីលវិន័យឪ្យបានខ្ជាប់ខ្ជួន ហើយវាក៏មានការលំបាកផងដែរសំរាប់យើងដើម្បីទទួលស្គាល់ និងឪ្យតម្លៃការរក្សាសីលនេះចំពោះបុគ្គលដ៏ទៃ។ នៅក្នុងបរិបទនៃការរក្សាសីល គឺគេសំដៅដល់ការមិនប្រព្រឹត្តអកុសលកម្មដប់ ហើយយើងត្រូវតែគិតពិចារណាដល់ចំណុចនេះថា មានមនុស្សច្រើននាក់ណាស់នៅក្នុងលោកនេះដែលមិនដឹងថាអកុសលកម្មដប់នោះគឺជាអ្វី ហើយពិតណាស់នៅក្នុងចំណោមមនុស្សដែលដឹងថាអកុសលកម្មដប់នោះគឺជាអ្វី តែគេមិនធ្វើការបដិបត្តិដើម្បីវៀរចាកវាទេ។ 

កាយកម្មបីៈ

  • សម្លាប់ជីវិតគេ - ឧបមាថាៈ យើងដឹងថាយើងពុំគួរសម្លាប់ជីវិតគេទេ ប៉ុន្តែកាលណាមានសត្វល្អិតណាមួយមកខាំយើង តាមទម្លាប់យើងឧស្សាហ៍ទះសម្លាប់សត្វល្អិតនោះ។ 
  • លួចទ្រព្យសម្បត្តិគេ - បើសូម្បីយើងមិនធ្វើដំណើរចេញទៅខាងក្រៅ ដើម្បីដើរលួចប្លន់ទ្រព្យគេយ៉ាងណាក្តី តែយើងអាចប្រើប្រាស់មធ្យោបាយឆ្លាតវៃណាមួយដើម្បីគេងយកទ្រព្យរបស់នោះពីគេ អំពើនេះក៏ស្មើនឹងការលួចដែរ។ 
  • ការប្រព្រឹត្តខុសនៅក្នុងកាម - យើងមានតម្រេកតណ្ហាប្រព្រឹត្តខុសនៅក្នុងកាមជាមួយដៃគូគេ

យើងប្រព្រឹត្តនូវកាយកម្មបីនេះរៀងរាល់ថ្ងៃ ប្រៀបដូចជាដំណក់ទឹកភ្លៀងដែលចេះតែស្រក់មកលើខ្លួនយើងពេលយើងដើរកាត់ភ្លៀងដូច្នោះឯង។ 

វចីកម្មបួនៈ

  • និយាយមុសាកុហក - យើងប្រព្រឹត្តបែបនេះស្ទើរតែគ្រប់ពេលទាំងអស់។ ឧបមាថាៈ យើងបំរុងនឹងដើរចុះពីលើចំណោតភ្នំ ហើយបើមាននរណាម្នាក់គេមកសួរយើងថា តើយើងដើរឡើងឬក៏ដើរចុះ នោះយើងនិយាយមុសាកុហកគេថាយើងដើរឡើងភ្នំវិញ។ 
  • និយាយញុះញង់បំបែកបំបាកគេ - និយាយបំបែកបំបាកឪ្យមិត្តក្លាយជាសត្រូវនឹងគ្នា ហើយឪ្យអ្នកដែលមិនមែនជាមិត្តគេកាន់តែស្អប់ និងក្លាយជាសត្រូវថែមទៀត។ យើងប្រព្រឹត្តធ្វើបែបនេះស្ទើរគ្រប់ពេលទាំងអស់ ដើរនិយាយអាក្រក់ពីគេជាដើម។ 
  • និយាយទ្រគោះបោះបោក - ការនិយាយបែបនេះមិនមែនចាំបាច់តែការនិយាយទៅកាន់មនុស្សប៉ុណ្ណោះទេ សូម្បីតែការនិយាយទៅកាន់សត្វក៏ចាត់ទុកថាជាការនិយាយទ្រគោះបោះបោកអសុរសផងដែរ។ ឧបមាថាៈ បើសិនជាសត្វឆ្កែចិញ្ចឹមរបស់យើងវាដើរចូលទៅក្នុងបន្ទប់របស់យើង យើងអាចស្រែកជេរវាខ្លាំងៗថា «អាចង្រៃ ចេញទៅវិញភ្លាម!» ដោយការប្រើប្រាស់ពាក្យសំដីអសុរសបែបនេះ។ វាគឺជាកំហុសធ្ងន់ធ្ងរណាស់ដែលយើងប្រើប្រាស់ពាក្យសំដីបែបរំលោភបំពានបែបនេះ ដោយសារតែយើងខ្លួនឯងដឹងហើយថាបើសិនគេប្រើសំដីបែបនេះមកលើខ្លួនយើងវិញនោះ យើងច្បាស់ជាមានការឈឺចាប់មិនខាន់ ចំណែកឯមនុស្សដ៏ទៃទៀតក៏គេមានអារម្មណ៍បែបនេះដែរ រួមទាំងសត្វផងដែរ។ 
  • ការនិយាយពាក្យរាយមាយឥតប្រយោជន៍ - ជាក់ស្តែងស្ទើរតែគ្រប់ពាក្យសំដីដែលពោលចេញពីមាត់របស់យើងគឺជាពាក្យសំដីប៉ប៉ាច់ប៉ប៉ោចពីនេះពីនោះឥតបានការ ពោលគឺដូចជាការនិយាយអួតថាៈ «ខ្ញុំបានទៅប្រទេសនោះ» ហើយ «ខ្ញុំបានធ្វើរឿងនេះ រឿងនោះជាដើម»។ ប្រសិនបើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចច្រើនពេក នោះអ្នកចៀសមិនផុតពីការនិយាយអកុសលឡើយ។ ហើយមានអ្នកខ្លះគេនិយាយថា ខ្ញុំមិនចេះភាសាអង់គ្លេស ដូច្នេះខ្ញុំមិនមានឪកាសនិយាយដើមគេជាភាសាអង់គ្លេសទេ បើដូច្នេះខ្ញុំអាចប្រព្រឹត្តរឿងនេះបានជាភាសាទីបេប៉ុណ្ណោះ!។ 

មនោកម្មបី

  • អភិជ្ឈា - គិតរំពៃចង់បានទ្រព្យគេ ឧបមាថាៈ នរណាម្នាក់គេមានផ្ទះដ៏ស្រស់ស្អាត ហើយយើងគិតរំពៃរកវិធីសាស្រ្តណាដើម្បីយកផ្ទះនោះមកធ្វើជារបស់ខ្លួន។ ប្រការនេះមិនល្អទេ តែយើងគិតបែបនេះស្ទើរតែគ្រប់ពេល។ 
  • គិតព្យាបាទគេ - គិតប៉ងប្រាថ្នាឪ្យគេមានទុក្ខ ឪ្យគេដល់នូវសេចក្តីវិនាស បាក់កស្លាប់ជាដើម។ ប្រការនេះយើងមិនត្រឹមតែគិតផ្តន្ទាដល់សត្រូវរបស់យើងតែប៉ុណ្ណោះទេ តែយើងក៏គិតបែបនេះចំពោះមិត្តរបស់យើងដែរ កាលណាគេធ្វើឪ្យយើងអត់ចិត្តដោយប្រការណាមួយ។
  • មិច្ឆាទិដ្ឋិ - គំនិតយល់ខុសហើយប្រកាន់មាំថាត្រឹមត្រូវដោយគ្មានហេតុផល ឧបមាថាដូចជាការគិតថាៈ មនុស្សស្លាប់ទៅគ្មានការចាប់កំណើតឡើងវិញទេ ឬក៏ថាត្រ័យសរណៈគមន៍មិនអាចជួយដល់បុគ្គលណាម្នាក់បានទេ ឬក៏គិតទៀតថាការធ្វើសក្ការៈបូជាគឺជាការចំណាយពេលវេលាឥតប្រយោជន៍ ឬក៏ថាការថ្វាយនូវ ប័រសំរាប់អុជបំភ្លឺ(Butter Lamp)គឺជាការចំណាយប័រឥតប្រយោជន៍ ឬក៏ថាការថ្វាយនំថម៉ា(torma)គឺជាការចំណាយនំចោលឥតប្រយោជន៍ (ថម៉ា(torma)ឬ ត្សាមប៉ា(tsampa)ជានំដែលធ្វើឡើងពីម្សៅស្រូវបេលី)។ 

វាគឺជាការពិបាកណាស់ដើម្បីទប់ខ្លួនយើងមិនប្រព្រឹត្តអំពើទាំងអស់នេះ។ បើយើងមិនការពារខ្លួនកុំប្រព្រឹត្តអំពើទាំងអស់នោះទេ យើងមិនអាចទទួលបាននូវការចាប់កំណើតឡើងវិញជាមនុស្សនៅជាតិក្រោយបានទេ។ នៅទីនេះយើងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សាលម្អិតលើខ្លឹមសារនេះទេ ប៉ុន្តែបើអ្នកប្រាថ្នាចង់ដឹងបន្ថែមទៀតលើចំណុចនេះ អ្នកចាំបាច់ត្រូវតែធ្វើការសិក្សាវិធីសាស្រ្តឡាមរីម។ 

ធ្វើការបដិបត្តិបារមីប្រាំមួយ

ហេតុទីពីរដើម្បីសម្រេចបាននូវជាតិកំណើតជាមនុស្សគឺយើងត្រូវធ្វើការបដិបត្តិនូវបារមីប្រាំមួយៈ 

  • ទានបារមី
  • សីលបារមី
  • ខន្តីបារមី
  • វិរិយបារមី
  • ឧបេក្ខាបារមី
  • ប្រាជ្ញាបារមី

ប៉ុន្តែផ្ទុយពីការបដិបត្តិទានបារមី យើងបែរជាបដិបត្តិនូវការកំណាញ់ និងពង្រីកនូវឥរិយាបថកំណាញ់នោះដល់អ្នកដ៏ទៃទៀត។ ផ្ទុយពីការបដិបត្តិនូវខន្តីបារមី យើងបែរជាបដិបត្តិនូវការខឹងឆេវឆេវស្ទើរគ្រប់ពេលវេលាទាំងអស់។ ផ្ទុយពីការបដិបត្តិនូវវិរិយបារមី ដែលជំរុញយើងឪ្យរីករាយក្នុងការបដិបត្តិព្រះធម៌ យើងបែរជាមានភាពខ្ជិលច្រអូស ចង់តែចូលដំណេកគ្រប់ពេលវេលាទាំងអស់។ ផ្ទុយពីការបដិបត្តិនូវឧបេក្ខាបារមី យើងបែរជាបដិបត្តិនូវមនោត្រាច់ចររង្គាត់គ្រប់ទិសទី - ឧបមាថាៈ កាលណាយើងកំពុងតែសូត្រធម៌ តែចិត្តរបស់យើងត្រាច់រង្គាត់គ្រប់ទិសទី ហើយយើងអនុញ្ញាតឪ្យឪកាសបែបនេះបន្តកើតឡើងមិនឈប់។ 

នៅគ្រាមួយនោះមានព្រះថេរៈមួយព្រះអង្គ នៅពេលដែលព្រះអង្គកំពុងតែសូត្រធម៌ ស្រាប់តែព្រះអង្គនឹកគិតដល់កិច្ចធុរៈមួយដែលព្រះអង្គចង់ឪ្យកូនសិស្សរបស់ព្រះអង្គធ្វើ ដែលព្រះអង្គភ្លេចមិនបានប្រាប់ដល់គេ នឹកគិតដល់កិច្ចនោះភ្លាមព្រះអង្គឈប់សូត្រធម៌ភ្លាម ហើយងាកមកប្រាប់កូនសិស្សនោះឪ្យធ្វើកិច្ចនោះភ្លាមៗ។ នេះបញ្ជាក់ថាចិត្តរបស់ព្រះអង្គត្រាច់ចររង្គាត់គ្រប់ទិសទី កាលណាយើងសូត្រធម៌ស្វាធ្យាយចិត្តរបស់យើងតែងតែធ្វើដំណើរត្រាច់ចរបែបនេះ។ 

ចំពោះប្រាជ្ញាបារមី យើងត្រូវតែចម្រើនប្រាជ្ញាបារមីដែលមានការយល់ដឹងចំពោះមោឃភាព(ភាពសូន្យ)។ ប៉ុន្តែយើងបែរជាសិក្សានូវសង្ខារធម៌លោកិយ៍ទៅវិញ ពោលគឺដូចជាការសិក្សាការគូគំនូរ បើដូច្នេះយើងមិនអាចបង្កើតនូវចំណេះដឹងត្រឹមត្រូវបានឡើយ។ 

សរុបឪ្យខ្លីមកគឺថាវាមានការពិបាកណាស់ដើម្បីកសាងនូវបុព្វហេតុដើម្បីឪ្យយើងទទួលបានជាតិកំណើតជាមនុស្ស។ ដោយមើលឃើញថាវាគឺពិតជាកម្រណាស់ដើម្បីទទួលបាននូវរូបរាងកាយនេះ យើងគួរតែគិតថាយើងមានវាតែម្តងនេះគត់ប៉ុណ្ណោះ វាអាចបាត់បង់ទៅវិញដោយងាយ។ ប្រសិនបើយើងមិនគេងយកអត្ថប្រយោជន៍ពីរូបរាងកាយជាមនុស្សនេះទេ នោះវាច្បាស់ជាមានការពិបាកដើម្បីទទួលបានវាម្តងទៀតនៅក្នុងអនាគតជាតិណាស់។ 

ការសូត្រថ្វាយបង្គំ

យើងចាំបាច់ត្រូវតែចម្រើននូវការរក្សាសីល និងបដិបត្តិនូវបារមីប្រាំមួយប្រកបដោយការសូត្រធម៌ស្វាធ្យាយដើម្បីសម្រេចបាននូវជាតិកំណើតជាមនុស្សឡើងវិញ។ ការសូត្រថ្វាយបង្គំនេះមិនមែនជាការសូត្រអង្វរសុំថាៈ «ឪព្រះពុទ្ធដ៏ចម្រើនអើយ សូមព្រះអង្គប្រទានឪ្យខ្ញុំម្ចាស់មក ខ្ញុំម្ចាស់ជាមនុស្សល្អ ដែលតែងតែកោតសរសើរចំពោះព្រះអង្គជានិច្ច» មិនមែនបែបនេះទេ។ តែផ្ទុយទៅវិញ វាគឺជាការឧទ្ធិសនូវបំណងនិងកុសលផលបុណ្យរបស់យើង ជាពិសេសដល់ការសម្រេចបាននូវជាតិកំណើតជាមនុស្សឡើងវិញ។ 

វាគឺជារឿងសំខាន់ណាស់ដែលការឧទ្ធិសនោះត្រូវតែជាការឧទ្ធិសសំដៅទៅដល់អ្វីមួយឪ្យបានជាក់លាក់។ មានបល័្លង្កមួយនៅក្នុងវត្តហ្កេនដិន(Ganden) បល័្លង្កនេះតំណាងឪ្យទីអាសនៈដ៏ខ្ពស់បំផុតនៅក្នុងនិកាយហ្គេលូប៉ា(Gelupa) បល័្លង្កនេះឈ្មោះថា បល័្លង្កហ្កេនដិន(Ganden Throne)។ នៅទីបេតែងតែមានសត្វពាហនៈរស់នៅក្នុងវត្ត នៅសម័យថ្ងៃមួយនោះមានសត្វគោមួយក្បាលបានដើរចូលទៅក្នុងវត្ត ចូលទៅដេកនៅលើបល័្លង្កនេះ។ ព្រះសង្ឃគ្រប់អង្គមានការភ្ញាក់ផ្អើលចំពោះរឿងនេះខ្លាំងណាស់ ព្រះសង្ឃទាំងអស់ក៏នាំគ្នាចោទសួរជាសំនួរដល់ព្រះមហាធម្មាចារ្យដ៏អស្ចារ្យមួយអង្គដែលគង់នៅក្នុងវត្តនេះ ដោយសួរថាៈ «តើនេះបណ្តាលមកពីហេតុបែបណាបានជាសត្វគោនេះមកដេកនៅលើបល័្លង្កនេះទៅវិញ?»។ លោកគ្រូធម្មាចារ្យបានឆ្លើយតបវិញថា «កាលពីជាតិមុន សត្វនេះបានធ្វើការសូត្រឧទ្ទិសឪ្យបានមកអង្គុយនៅលើបល័្លង្គហ្កេនដិននេះ តែគេមិនបានឧទ្ធិសវាឪ្យបានជាក់លាក់ច្បាស់លាស់គ្រប់គ្រាន់ទេ!»។ 

ដកឃ្លាពីស្ថានភាពទាំងប្រាំបីប្រការនៃភពពោរពេញដោយសេចក្តីទុក្ខ

ធម្មជាតិនៃការចាប់កំណើតជាមនុស្សឡើងវិញនេះគឺពោរពេញដោយភាពសប្បាយរីករាយចំពោះការដកឃ្លាមិនទៅកើតនៅក្នុងស្ថានភាពទាំងប្រាំបីប្រការ។ បានសេចក្តីថានៅខណៈពេលនេះយើងរួចចាកផុតពីស្ថានភាពអសុខប្រាំបីប្រការបណ្តោះអាសន្ន។ ភពដែលគ្មានសេចក្តីសុខនេះគឺជាភពដែលគ្មានឪកាសបដិបត្តិព្រះធម៌សោះឡើយ។ 

មានភពអមនុស្សបួនពោរពេញដោយក្តីទុក្ខៈ

  • នរក - ប្រសិនបើយើងទៅកើតនៅក្នុងភពនរកនេះ យើងពុំមានឪកាសបដិបត្តិព្រះធម៌ទេ ដោយសារតែខ្លួនប្រាណរបស់យើងស្ថិតនៅលើភ្លើងដ៏សែនក្តីមិនលែង។ 
  • ប្រែត - ប្រសិនបើយើងទៅកើតជាប្រែត យើងនឹងមានការស្រេកឃ្លានមិនឈប់ និងគិតឃើញតែចំណីអាហារមួយមុខគត់។ 

ប្រសិនបើយើងងើបពីដំណេក ហើយមិនបានបរិភោគអាហារពេលព្រឹកទេ យើងច្បាស់ជាគ្មានអារម្មណ៍បដិបត្តិព្រះធម៌ទេ បើយើងងើបពីដំណេកដោយមានអាការៈឈឺក្បាលយើងច្បាស់ជាគ្មានអារម្មណ៍បដិបត្តិព្រះធម៌ឡើយ។ បើដូច្នេះប្រៀបទៅនឹងបទពិសោធន៍របស់យើងនេះ ប្រសិនបើយើងទៅកើតជាប្រែតនរកដោយគ្មានអាហាររយៈពេលហុកសិបឆ្នាំ(៦០) នោះយើងច្បាស់ជាគ្មានចំណាប់អារម្មណ៍ក្នុងការបដិបត្តិព្រះធម៌ទេ។ បើដូច្នេះយើងត្រូវតែឪ្យតម្លៃថាតើយើងសំណាងប៉ុណ្ណាដែលមិនកើតជាសត្វនរកប្រែតទាំងអស់នោះ។ 

  • សត្វតិរច្ឆាន - សូម្បីតែយើងទៅកើតជាសត្វឆ្កែរបស់សម្តេចសង្ឃ ដាឡៃឡាម៉ាក៏ដោយក្តី ក៏យើងនៅតែមិនអាចសូត្រធម៌បានដែរ បើដូច្នេះយើងមានបុណ្យណាស់ដែលមិនទៅកើតជាសត្វតិរច្ឆាន។ 
  • ទេពតា - ពពួកទេវតាដែលមានអាយុវែងរាប់មិនអស់មានការត្រេចត្រអាល់នឹងកាមគុណលោកិយ៍ច្រើនណាស់ដែលធ្វើឪ្យគេគ្មានចំណាប់អារម្មណ៍ក្នុងការបដិបត្តិធម៌នេះទេ។ 

សារីបុត្រមានសាវ័កមួយព្រះអង្គ ដែលជាអ្នកមានការគោរពបូជាចំពោះព្រះអង្គយ៉ាងខ្លាំង «ការគោរពបូជាចំពោះគ្រូ»។ បន្ទាប់ពីសាវ័ករបស់ព្រះអង្គអនិច្ចធម្ម(ស្លាប់)ទៅ សាវ័កនោះបានទៅចាប់កំណើតនៅឯឋានទេពតា។ សារីបុត្របានប្រើប្រាស់នូវទិព្វញាណរបស់ព្រះអង្គ ដែលអាចឪ្យព្រះអង្គមើលឃើញគេទៅកើតនៅឋានសួគ៌។ ពេលនោះសារតីបុត្រទ្រង់គិតថាចង់ទៅលែងជាមួយនឹងសាវ័កនោះ ពេលដែលសារីបុត្រនិមន្តទៅដល់ទីនោះ សាវ័កទាំងអស់ដែលមកកើតនៅភពនេះបានគ្រាន់តែបក់ដៃ ហើយនិយាយថា «សួស្តី» ដាក់ព្រះអង្គតែប៉ុណ្ណោះ ពោលគេមិនទាំងចាប់អារម្មណ៍នឹងគ្រូគេផង និងថែមទាំងមិនចាប់អារម្មណ៍និងការបដិបត្តិធម៌ស្អីទេ ដោយសារតែគេរវល់តែសប្បាយ។ 

យើងអាចមើលឃើញរឿងនេះតាមរយៈបទពិសោធន៍របស់យើងផ្ទាល់បាន។ ប្រសិនបើគេជាមនុស្សដែលក្រ គេតែងតែរៀបចំខ្លួនប្រាណដើម្បីទទួលការបដិបត្តិព្រះធម៌ ប៉ុន្តែប្រសិនបើគេក្លាយជាអ្នកមានទ្រព្យធន មានការរស់នៅសុខស្រួលហើយ គេនឹងមិនមានចំណាប់អារម្មណ៍ក្នុងការបដិបត្តិព្រះធម៌ទេ។ បើដូច្នេះមានន័យថាយើងមានកុសលផលបុណ្យច្រើនណាស់ដែលមិនទៅកើតជាអាទិទេពដែលមានអាយុរាប់អសង្ខេយ្យ។  

ភពមនុស្សបួនប្រភេទមិនមានសេចក្តីសុខៈ 

  • ជាភពឬទីឋានដែលគ្មានពាក្យថាព្រះពុទ្ធទេ - ឧបមាថាៈ មានមនុស្សច្រើននាក់ណាស់ដែលទៅកើតនៅក្នុងប្រទេស ឬក្នុងគ្រាមួយដែលគេមិនបានដឹង មិនឮសូម្បីពាក្យថាព្រះធម៌។ យើងមិនស្ថិតនៅក្នុងស្ថានភាពនេះទេ។ 
  • សង្គមព្រៃផ្សៃខ្វះចំណេះដឹង - ជាទីឋានដែលមនុស្សគេគិតតែពីការរកអាហារបំពេញក្រពះ និងរកសម្លៀកបំពាក់ស្លៀកតែប៉ុណ្ណោះ។ 

នៅក្នុងតំបន់ទីបេមានភ្នំមួយឈ្មោះថា ភ្នំត្សារី(Tsari) ហើយប្រជាជនទីបេធ្វើដំណើរទៅទីនោះរៀងរាល់ដប់ពីរឆ្នាំម្តង។ ពួកកុលសម្ព័ន្ធ ឡូបា(Loba)ដែលរស់នៅទីនោះគឺសាហាវព្រៃផ្សៃណាស់ បើអ្នកធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ពួកគេ អ្នកត្រូវតែបង់ពន្ធជូនពួកគេដោយមិនអាចប្រកែកបាន ពន្ធដែលកុលសម្ព័ននេះតម្រូវគឺជាសត្វ ក្របីភ្នំដែលគេហៅថា យ៉ាក(Yak)។ កាលណាពួកគេទទួលបានសត្វក្របីភ្នំនេះភ្លាម ពួកគេសម្លាប់វាភ្លាមដើម្បីស៊ីសាច់ហុតឈាមស្រស់ៗតែម្តង។ បើដូច្នេះយើងមានកុសលផលបុណ្យសម្បើមណាស់ដែលមិនទៅកើតនៅទីឋានបែបនោះ សូម្បីកើតជាមនុស្សនៅទីនោះក្តី។ 

  • ពិការភាព - ប្រសិនបើយើងកើតមកខ្វាក់ភ្នែក គរថ្លង់ ឬក៏មានពិការភាពផ្លូវកាយ ផ្លូវចិត្ត ឬសង្គមណាមួយមួយនោះ នោះយើងច្បាស់ជាមានឧបសគ្គធំណាស់ដើម្បីសិក្សានិងបដិបត្តិព្រះធម៌។ 
  • នៅទីឋានដែលមានឥរិយាបថជំទាស់នឺងព្រះធម៌ - នៅទីឋានដែលមនុស្សគិតថាការបដិបត្តិធម៌ ឬមាគ៌ាផ្លូវចិត្ត ជាពិសេសគឺធម៌ព្រះពុទ្ធគឺជាការចំណាយពេលវេលាឥតប្រយោជន៍ ហើយរឿងដែលសំខាន់បំផុតសំរាប់គេគឺរកលុយតែម៉្យាង។ 

ប្រសិនបើយើងមានកំណើតជាមនុស្សមិនឋិតនៅក្រោមអំណាចទាំងអស់នេះទេ លើសពីនេះទៅទៀតនោះយើងយល់ពីបុព្វហេតុដើម្បីឈាន់ទៅសម្រេចវាបាន ហើយយើងពិតជាមានកុសលផលបុណ្យច្រើនណាស់។ មានមនុស្សច្រើននាក់ណាស់ដែលមានជីវិតជាមនុស្សដ៏មានតម្លៃ ដែលគេមិនដឹងថាតើអ្វីទៅគឺជាបុព្វហេតុដើម្បីបន្តទទួលបាននូវជីវិតជាមនុស្សនេះនៅជាតិខាងមុខទៀតទេ។ 

រឿងប្រៀបធៀប

យើងអាចប្រើប្រាស់រឿងប្រៀបធៀមដើម្បីជួយយើងឪ្យយល់ច្បាស់ចំពោះភាពលំបាកនៃការទទួលបានរូបរាងកាយជាមនុស្សដ៏មានតម្លៃនេះ។ ឧបមាដូចជាថាៈ ប្រសិនបើអ្នកគប់ខ្សាច់ទៅលើកញ្ចក់ អ្នកកម្រនឹងឃើញគ្រាប់ខ្សាច់នោះជាប់ស្អិតនៅលើកញ្ចក់នោះណាស់។ 

ប្រសិនបើយើងគិតដល់រឿងទាំងអស់នេះ យើងនឹងទទួលស្គាល់ថា ការកើតមកជាមនុស្សនេះគឺជារឿងដ៏ជោគជ័យណាស់សំរាប់យើង ហើយយើងគួរតែគិតដែរថាកំណើតអាចមានតែម្តងនេះគត់ក៏ថាបាន។ ចូរអ្នកគិតដល់មនុស្សរាប់លាននាក់នៅប្រទេសឥណ្ឌា ហើយមានមិនច្រើននាក់ទេដែលបដិបត្តិព្រះធម៌។ បើដូច្នេះយើងអាចមើលឃើញភាពកម្រនេះ។ 

នៅគ្រាមួយ មានព្រះសង្ឃឡាម៉ា(ព្រះសង្ឃទីបេ)មួយអង្គដែលកំពុងតែសំដែងធម៌ស្តីអំពីការការចាប់កំណើតឡើងវិញជាមនុស្សនេះ រំពេចនោះមានអ្នកស្តាប់ជនជាតិម៉ុងហ្គោលមួយរូបបានលើកឡើងថា «បើអ្នកគិតថាការមានកំណើតជាមនុស្សនេះជាការពិបាក អ្នកគួរធ្វើដំណើរទៅកាន់ប្រទេសចិន ពេលនោះអ្នកនឹងដឹងថាមានមនុស្សច្រើនប៉ុណ្ណានៅទីនោះ!»។ ប្រការនេះដូចដែលអ្នកប្រាប់ខ្ញុំថា ខ្ញុំគួរទៅមើលនៅសហភាពសូវៀតដែរ។ 

ទាំងអស់នេះគឺជាប្រធានបទល្អៗដែលត្រូវយកមកគិតក្នុងការបដិបត្តិសមាធិ។ 

ចាប់យកអត្ថប្រយោជន៍ពីរូបរាងកាយជាមនុស្សរបស់យើង និងរស់នៅពោរពេញដោយអត្ថន័យខ្លឹមសារ

ប្រសិនបើយើងគិតថាយើងបានខិតខំប្រឹងប្រែងកំរិតណាកាលពីជាតិមុនដើម្បីទទួលបានខ្លួនប្រាណជាមនុស្សនេះ នោះយើងនឹងមានក្តីប្រាថ្នារឹងមាំដើម្បីធ្វើឪ្យជីវិតនេះមានអត្ថន័យខ្លឹមសារមិនខាន។ ឧបមាដូចជាថាៈ ប្រសិនបើអ្នកបានជញ្ជូនឥវ៉ាន់យ៉ាងច្រើនឡើងលើភ្នំបានពាក់កណ្តាលផ្លូវ រំពេចនោះអ្នកស្រាប់តែបោះបង់វាចោល ពិតណាស់ឥវ៉ាន់នោះនឹងធ្លាក់មកជើងភ្នំវិញមិនខានឡើយ។ ពោលការងារបដិបត្តិដែលយើងបានបំពេញដើម្បីទទួលបានការចាប់កំណើតជាមនុស្សឡើងវិញនៅក្នុងជាតិនេះ គឺប្រៀបដូចជាការងារលីសែងឥវ៉ាន់ឡើងភ្នំបានពាក់កណ្តាលផ្លូវដូច្នោះឯង បើយើងបោះបង់វាចោល នោះបានសេចក្តីថារាល់កិច្ចបដិបត្តិផ្សេងៗនឹងក្លាយជារឿងឥតប្រយោជន៍។ 

បើដូច្នេះពេលនេះយើងមានរូបរាងកាយជាមនុស្សដ៏មានតម្លៃនេះហើយ យើងពុំគួរណាគ្រាន់តែប្រាថ្នាចង់បានមួយទៀតនៅក្នុងពេលអនាគតតែប៉ុណ្ណោះទេ តែយើងត្រូវតែប្រើប្រាស់វានៅក្នុងខណៈពេលនេះដើម្បីឪ្យយើងសម្រេចបាននូវភាវៈត្រាស់ដឹងជាសម្មាសម្ពុទ្ធ បើពុំដូច្នោះទេ វាមិនខុសអីពីមានស្រូវមួយការុងទុកមិនប្រើប្រាស់នោះទេ ហើយអង្គុយបន់ស្រន់ចង់បានមួយការុងទៀតនៅជាតិក្រោយដូច្នោះដែរ។ យើងចាំបាច់ត្រូវតែចាប់យកអត្ថប្រយោជន៍ពីជាតិកំណើតជាមនុស្សនេះនៅក្នុងខណៈពេលនេះ។ 

មានសតិដឹងចំពោះក្តីមរណៈ

សេចក្តីស្លាប់គឺទៀង

ប្រសិនបើយើងគិតពិចារណាចំពោះថាតើយើងមានរូបរាងកាយប្រភេទណា ពោលវាមិនមែនបង្កើតឡើងដោយដែក ឬដោយដុំថ្មទេ។ ប្រសិនបើវាជាដែក ឬជាថ្ម នោះបានសេចក្តីថាវានឹងជាប់បានយូរណាស់។ ប៉ុន្តែការពិតជាក់ស្តែងគឺថា ប្រសិនបើយើងពុះហែករូបកាយយើងជាពីរ ដើម្បីមើលថាតើមានអ្វីដែលឋិតនៅក្នុងខ្លួនយើងនោះ នោះយើងនឹងមើលឃើញសុទ្ធតែឈាម និងគ្រឿងក្នុង ដូចជាពោះវៀនសត្វដែលគេទើបនឹងទិញមកពីផ្សារ ហើយយកទៅដាក់ហាលនៅផ្ទះរបស់គេដូច្នោះឯង។ គ្រឿងក្នុងរបស់យើងគឺមានលក្ខណៈស្មុគស្មាញដូចគ្រឿងក្នុងនាឡិកាដែរ។ 

ប្រសិនបើយើងគិតអំពីក្តីមរណៈ និងគិតអំពីថាតើមានចំនួនមនុស្សស្លាប់ប៉ុន្មាននាក់មកហើយនោះ យើងអាចរាប់បានច្រើនណាស់តាមរយៈនៃការរាប់គ្រាប់អជ្ជៈមួយគ្រាប់ៗ។ ប្រសិនបើអាត្មាគិតអំពីថាតើមានជនជាតិទីបេប៉ុន្មាននាក់ហើយដែលបានស្លាប់បាត់បង់ជីវិតកន្លងមក ចាប់តាំងពីពួកគេនីរទេសមកកាន់តំបន់ ដារ៉ាមសាលានៃប្រទេសឥណ្ឌានេះ(Dharamsala) នោះអាត្មាអាចរាប់តាមរយៈនៃការរាប់គ្រាប់អជ្ជៈនេះបានយ៉ាងលឿនបំផុត។ 

គ្មានបុគ្គលណាម្នាក់ដែលមានខ្លួនប្រាណជាមនុស្សហើយមិនស្លាប់នោះទេ។ ប្រសិនបើអ្នកគិតពិចារណាអំពីរបៀបដែលរុក្ខជាតិទាំងឡាយស្លាប់ នោះអ្នកនឹងអាចមើលឃើញយ៉ាងច្បាស់ថា ក្តីមរណៈរបស់អ្នកគឺឋិតនៅលើពេលវេលាតែប៉ុណ្ណោះ។ ការបញ្ចប់តាមបែបធម្មជាតិនៃការមានកំណើតគឺការស្លាប់ គ្មានអ្វីដែលយើងអាចធ្វើការកែប្រែវាបានទេ។ ការបញ្ចប់នៃការជួបជុំគ្នារបស់យើងនៅទីនេះគឺការបែកគ្នា ហើយការបញ្ចប់នៃការឡើង គឺការធ្លាក់ចុះមកវិញ។ ដោយទទួលដឹងថាគ្មានអ្វីដែលយើងអាចកែប្រែបានទេ តែត្រូវតែស្លាប់ បើដូច្នេះបានសេចក្តីថា យើងចាំបាច់ត្រូវតែបដិបត្តិព្រះធម៌ឪ្យបានច្រើនតាមតែអាចធ្វើទៅបានមុនពេលក្តីមរណៈរបស់យើងមកដល់។ 

បើដូច្នេះយើងគួរគិតដល់វិធីដែលយើងស្លាប់។ ចូរអ្នកស្រមៃថាអ្នកកំពុងមានជម្ងឺធ្ងន់ធ្ងរណាស់ សាច់ឈាមរបស់អ្នកប្រែពណ៌ទៅជាស្លេកស្លាំងយ៉ាងខ្លាំង ដែលធ្វើឪ្យអ្នកចុះខ្សោយខ្លាំង។ សាច់ញាត្តិរបស់អ្នកគេកំពុងតែតួញយំសោកបោកខ្លួន និងនិយាយអួលដើមកថា នេះគឺពិតជារឿងអាក្រក់ណាស់។ លោកគ្រូពេទ្យក៏មកដល់ដើម្បីផ្តល់ថ្នាំឪ្យអ្នកលេប តែលោកគ្រូពេទ្យហាក់ដូចជាគិតថាវាគឺជារឿងធម្មតា ច្បាស់ជាមិនអីទេជាដើម។ 

យើងអាចស្លាប់នៅពេលណាមួយ

ហើយក៏គ្មានភាពប្រដកដែលថាពេលណាយើងនឹងស្លាប់នោះទេ។ ហើយគេក៏ឃើញមនុស្សចាស់សក់សកប់ខ្មោចកូនរបស់គេដែរ ហើយមានមនុស្សច្រើននាក់ណាស់ដែលអួលចំណីអាហារស្លាប់។ 

ឧបមាថាៈ អ្នកអាចគិតដល់ឧទាហរណ៍នេះពីប្រទេសទីបេ ពោលគឺមានបុរសម្នាក់គាត់បានទុកសាច់ពីរបីដុំ ដើម្បីទុកបរិភោគនៅថ្ងៃស្អែក ប៉ុន្តែបែរជាសាច់នោះមានអាយុវែងជាងគាត់ទៅទៀត(គាត់ស្លាប់មុនបានបរិភោគសាច់នោះ)។ ឧទាហរណ៍មួយទៀតៈ ខ្ញុំបានស្គាល់កសិករដាំដំឡូងមួយរូបរស់នៅក្នុងស្រុកស៊ីមឡា(Simla) គាត់កំពុងតែចៀននំប័ងសំរាប់អាហារថ្ងៃត្រង់របស់គាត់ ប៉ុន្តែគាត់ស្លាប់ស្របពេលដែលនំប័ងនោះកំពុងតែចៀននៅក្នុងឆ្នាំងនៅឡើយ។ 

វិធីសាស្រ្តដ៏ល្អប្រសើរដើម្បីឪ្យតម្លៃចំពោះអនិច្ចតាធម៌ និងក្តីមរណៈ យើងមិនត្រូវអានរឿងទាំងពីរនេះនៅក្នុងសៀវភៅតែម៉្យាងទេ តែផ្ទុយទៅវិញយើងត្រូវគិតដល់មនុស្សដែលយើងស្គាល់ដែលបានស្លាប់ទៅហើយ។ 

មានតែព្រះធម៌ប៉ុណ្ណោះដែលអាចជួយយើងនៅពេលយើងស្លាប់

តើអ្វីទៅជាសារៈសំខាន់នៃការបដិបត្តិសមាធិលើសេចក្តីស្លាប់? វាបង្ហាញឪ្យឃើញថាកិច្ចដែលមានតម្លៃបំផុតគឺជាកិច្ចបដិបត្តិព្រះធម៌។ 

ប្រសិនបើយើងគិតនៅក្នុងន័យនៃទ្រព្យសម្បត្តិផ្សេងៗនោះ អ្នកនឹងមើលឃើញថា យើងមិនអាចយកទ្រព្យរបស់អ្វីទៅតាមយើងបានទេ។ ឧបមាថាៈ ប្រសិនបើអ្នកជាធុរៈជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ហូរហៀរ អ្វីដែលអ្នកអាចយកទៅជាមួយបានគឺទិញក្រណាត់ថ្លៃៗយកមករុំសពរបស់អ្នកដើម្បីឪ្យគេបូជាតែប៉ុណ្ណោះ។ ប៉ុន្តែបើគិតអំពីរឿងអកុសលដែលធុរៈជនរូបនេះបានធ្វើដើម្បីបូមយកទ្រព្យសម្បត្តិពីប្រទេសមួយទៅប្រទេសមួយ គឺមានលក្ខណៈធំធេងណាស់។ 

ប្រសិនបើអ្នកមានខ្ញុំបំរើ ឬមានកម្មករជាច្រើននាក់ ឬប្រសិនបើអ្នកជាឧត្តមសេនីយ៍ដែលមានកូនទាហានដប់មឺននាក់(១០០០០០)នៅក្រោមបញ្ជារបស់អ្នក គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះអាចធ្វើដំណើរទៅជាមួយអ្នកបានទេពេលអ្នកស្លាប់ទៅ។ សូម្បីតែអ្នកមានសាច់ញាត្តិមួយប្រទេសក៏មិនអាចជួយអ្នកបានដែរ៖ អ្វីដែលគេធ្វើបានគឺមានតែឈរយំទួញសោកនៅជុំវិញអ្នក រំខាន់ និងរារាំងដល់សេចក្តីស្លាប់ដោយសន្តិភាព និងការចាប់កំណើតឡើងវិញរបស់អ្នកតែប៉ុណ្ណោះ។ 

ធុរៈតែមួយគត់ដែលអាចជួយអ្នកបាននៅខណៈពេលដែលអ្នកស្លាប់គឺជាការបដិបត្តិព្រះធម៌ ប្រសិនបើអ្នកបានសាងកុសលផលបុណ្យជាច្រើន កុសលផលបុណ្យនោះនឹងធ្វើជាប្រយោជន៍ដល់ការចាប់កំណើតនៅក្នុងអនាគតជាតិរបស់អ្នក ប៉ុន្តែផ្ទុយទៅវិញ អំពើអកុសលដែលអ្នកបានសាងនឹងធ្វើឪ្យការចាប់កំណើតឡើងវិញរបស់អ្នកកាន់តែអាក្រក់លើសដើម។ នេះគឺជាអ្វីដែលអ្នកអាចយល់បានដោយមិនចាំបាច់គិតអំពីសេចក្តីស្លាប់នោះទេ។ ជនជាតិទីបេជាច្រើនសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែជាអកុសលពួកគេត្រូវតែនីរទេសចេញពីប្រទេសខ្លួន និងយកតែចំណេះទៅតាមខ្លួនតែប៉ុណ្ណោះ និងគុណធម៌ដែលគេមាននៅក្នុងខ្លួនរបស់គេនៅគ្រានោះ។ បើដូច្នេះយើងត្រូវតែបដិបត្តិព្រះធម៌ដោយទឹកចិត្តបរិសុទ្ធនៅក្នុងជីវិតរបស់យើង ហើយកុំចំណាយពេលវេលាលើរឿងលោកិយ៍ឪ្យសោះ។ 

យើងគួរពិចារណាចំពោះរឿងលោកិយ៍នេះថាជារឿងមិនសំខាន់ទេ ពោលវាគឺជារបស់ដែលគេបោះចោលមិនត្រូវការដូច្នោះដែរ។ សកម្មភាពលោកិយ៍ដែលកើតឡើងនៅក្នុងជីវិតនេះគឺគ្មានសារៈសំខាន់ និងខ្លឹមសារអ្វីទេ។ យើងគួរគិតពិចារណាថាសកម្មភាពលោកិយ៍ទាំងអស់នេះគឺដូចជាកូនក្មេងដែលកំពុងបង្កើតប្រាសាទពីដីខ្សាច់ដូច្នោះដែរ ហើយកាលណាយើងឈប់លែងហើយ យើងនឹងទុកវាចោល។ នេះហើយជារបៀបដែលយើងត្រូវគិតចំពោះសកម្មភាពលោកិយ៍ទាំងអស់នេះ។ 

ប្រសិនបើអ្នកគិតដល់រឿងទាំងអស់នេះ វាអាចជាជំនួយដ៏មានអត្ថប្រយោជន៍ដល់ការបដិបត្តិព្រះធម៌របស់អ្នក។ 

ការលើកកំលាំងចិត្តពីរកំរិតតូចៗនៅក្នុងវិធីសាស្រ្តឡាមរីម

កំរិតបឋម

ប្រសិនបើយើងចាត់ទុកថាសកម្មភាពលោកិយ៍ទាំងអស់នេះគឺមិនមានភាពចាំបាច់ និងគ្មានសារៈសំខាន់ទេនោះ ពេលនោះយើងយល់ច្បាស់ថាការបដិបត្តិព្រះធម៌គឺជាភាពសំខាន់តែមួយគត់។ ការធ្វើការបដិបត្តិព្រះធម៌គឺជាកិច្ចដែលជាប្រយោជន៍ដល់ការចាប់បដិសន្ធិឡើងវិញរបស់យើងនៅក្នុងអនាគតជាតិ។ ឧបមាដូចជាការគិតបែបនេះថាៈ «ឥឡូវនេះខ្ញុំបានទទួលនូវកំណើតជាមនុស្សនេះហើយ ខ្ញុំនឹងប្រើប្រាស់វាដើម្បីការពារទប់ស្កាត់កុំឪ្យខ្លួនធ្លាក់ទៅក្នុងអបាយភូមិនៅក្នុងអនាគតជាតិ» ការគិតនិងមានឥរិយាបថបែបនេះគឺជាការចាប់យកប្រយោជន៍តិចតួចណាស់ពីជីវិតជាមនុស្សដ៏មានតម្លៃនេះ។ 

អ្វីដែលការពាររូបយើងកុំឪ្យធ្លាក់ចូលទៅក្នុងអបាយភូមិបីនោះគឺជាការរក្សាសីលឪ្យបានខ្ជាប់ខ្ជួន។ ប៉ុន្តែបើទោះបីជាយើងប្តេជ្ញាចិត្តដើម្បីរក្សាសីលឪ្យបានខ្ជាប់ខ្ជួនយ៉ាងណាក្តី តែវាអាចនឹងថមថយទៅវិញដោយប្រការណាមួយ បើដូច្នេះដើម្បីការពារខ្លួនយើងកុំឪ្យធ្លាក់ចូលទៅក្នុងការចាប់បដិសន្ធិនៅទីឋានមិនល្អណាមួយនោះ យើងចាំបាច់ត្រូវតែកម្ចាត់បង់កិលេសរបស់យើងចោលឪ្យអស់ពីសណ្តាន។ ប្រការនេះគេប្រៀបប្រដូចទៅនឹងការលាងជម្រះក្រណាត់មួយផ្ទាំងដែលប្រឡាក់ដីដូច្នោះដែរ ពោលគឺដំបូងអ្នកប្រើកំលាំងតិចតួចដើម្បីបោកជម្រះ តែយូរទៅអ្នកនឹងប្រើកំលាំងកាន់តែខ្លាំងដើម្បីបោកជម្រះក្រណាត់នោះឪ្យជ្រះល្អ គ្មានការប្រឡាក់។ ដើម្បីកម្ចាត់បង់កិលេស(ពពួកអារម្មណ៍រំខានសៅហ្មងនានា) ឪ្យអស់ពីសណ្តាន ដំបូងអ្នកចាប់ផ្តើមបដិបត្តិហ្វឹកហាត់ចំពោះខ្លួនអ្នកសន្សឹមៗ មិនបង្ខំ ឆ្ពោះទៅរកការបដិបត្តិមួយយ៉ាងពេញលេញពោរពេញដោយការខិតខំព្យាយាម។ ដូច្នេះដើម្បីរក្សា និងបដិបត្តិសីល អ្នកត្រូវតែធ្វើឡើងដោយមិនបង្ខំ កុំលឿនពេក កុំយឿតពេក និងតាមរយៈនៃការបដិបត្តិសន្សឹមៗនេះ អ្នកអាចឈានទៅរកការកម្ចាត់បង់កិលេសរបស់អ្នកបាន បើពុំដូច្នោះទេការខិតខំប្រឹងប្រែងរបស់អ្នកនឹងអាចថមថយទៅវិញជាក់ជាមិនខាន។ 

ប្រសិនបើអ្នកធ្វើការរក្សាសីល(បដិបត្តិ)ដើម្បីចៀងវាង កុំឪ្យខ្លួនទៅកើតនៅក្នុងអបាយភូមិនោះ នេះគឺជាវិធីសាស្រ្តដំបូងបំផុតដើម្បីធ្វើការបដិបត្តិព្រះធម៌។ 

កំរិតមធ្យោម

បើទោះបីជាយើងចៀសផុតមិនទៅកើតនៅក្នុងអបាយភូមិបី ឬទៅកើតនៅក្នុងភពទេវតាពោរពេញដោយក្តីត្រេកត្រអាល ឬសូម្បីទៅកើតជាមនុស្សហើយយ៉ាងណាក្តី យើងគួរតែគិតពិចារណាថា ការមានកំណើតនៅក្នុងវាលវដ្តសង្សារគឺជាទុក្ខ។ ប្រការនេះត្រូវបានគេយកមកពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងវិធីសាស្រ្តឡាមរីមនៃព្រះពុទ្ធសាសនាទីបេ ប៉ុន្តែចំណុចនេះក៏អាចយកមកធ្វើការពិភាក្សានៅក្នុងឧទាហរណ៍នេះបានផងដែរ៖ ឧបមាថាៈ អ្នកកំពុងតែឈរហាលក្តៅ ពេលនោះអ្នកសម្រេចចិត្តដើរទៅរកម្លប់ជ្រកវិញ ដែលប្រការនេះអ្នកបានគេចចេញពីកំដៅថ្ងៃដ៏ក្តៅនោះ តែអ្នកបែរជាមកមិនសប្បាយនឹងភាពត្រជាក់នៅក្នុងម្លប់នេះទៅវិញ។ សរុបទៅគឺគ្មានស្ថានភាពនៃវដ្ដសង្សារណាមួយដែលគ្មានសេចក្តីទុក្ខទេ។ 

កិលេសនេះហើយដែលជាអ្នកធ្វើឪ្យយើងវិលកើតវិលស្លាប់នៅក្នុងវាលវដ្តសង្សារនេះមិនលែង។ ជាឬស ពោលគឺប្រៀបដូចជាឬសឈើដូច្នោះឯង តោងជាប់ស្អិតចំពោះតួអត្តភាព។ ការវិលកើតវិលស្លាប់នៅក្នុងវាលវដ្តសង្សារនេះគឺគ្មានផ្លូវចេញសំរាប់យើងឡើយ ហើយដើម្បីចាកចេញពីការវិលវល់មិនឈប់នេះគឺមានតែផ្លូវមួយគត់សំរាប់យើងគឺត្រូវត្រាស់ដឹងក្លាយខ្លួនទៅជាព្រះអរិយៈបុគ្គល ដែលជាបុគ្គលមានប្រាជ្ញាចាក់ធ្លុះចំពោះតួអត្តភាពនេះ។ នេះហើយជាប្រាជ្ញាដឹងច្បាស់ចំពោះមោឃភាព(ភាពសូន្យ)។ 

ដើម្បីសម្រេចបាននូវការយល់ដឹងចំពោះមោឃភាពដែលឋិតនៅក្នុងបវត្តកចិត្តរបស់យើង វាគឺជាធុរៈចាំបាច់បំផុតដែលយើងត្រូវសម្រេចបាននូវសមថទាំងស្រុងនៅក្នុងការបដិបត្តិសមាធិជាមុនសិន ហើយដើម្បីសម្រេចប្រការនេះបានយើងត្រូវការសីល។ បើដូច្នេះយើងត្រូវការការហ្វឹកហាត់ជាន់ខ្ពស់បីយ៉ាង ពោលទីមួយគឺ ការរក្សាសីលជាន់ខ្ពស់ ទីពីរគឺសមាធិ និងទីបីគឺប្រាជ្ញា ទាំងបីនេះជាអ្នកជួយយើងឪ្យរួចចាកផុតពីការវិលកើតវិលស្លាប់នៅក្នុងវាលវដ្តសង្សារ។ ប្រសិនបើយើងធ្វើការបដិបត្តិតាមវិធីសាស្រ្តនេះយើងអាចបញ្ឈប់នូវការវិលកើតវិលស្លាប់មិនលែងនេះបាន។ 

បុគ្គលដែលអាចក្លាយខ្លួនជាអរិយៈបុគ្គលមានបីប្រភេទៈ

  • សោតាបត្តិមគ្គ
  • សកទាគាមិមគ្គ
  • អនាគាមិមគ្គ

អ្នកសម្រេចបាននូវសោតាបត្តិមគ្គនេះគឺមានការយល់ដឹងច្បាស់លាស់ចំពោះមោឃភាព(ភាពសូន្យ)។ ចំពោះអ្នកដែលសម្រេចបាននូវសកទាគាមិមគ្គ បដិបត្តិសមាធិបន្តមិនឈប់ថែមទៀត និងផ្សាំខ្លួនគេចំពោះការយល់ដឹងអំពីមោឃភាព។ ប្រសិនបើគេបដិបត្តិសមាធិកាន់តែច្រើន និងអាចលុបបំបាត់មោហៈចេញឪ្យអស់ពីសណ្តានរបស់គេជារៀងរហូតបាននោះ នោះគេនឹងឈានទៅរកភាពជាអរហន្តមិនខាន។ 

កំរិតខ្ពស់នៃវិធីសាស្រ្តឡាមរីម

ក្តីករុណា និងក្តីមេត្តា

ការខិតខំប្រឹងប្រែងដើម្បីរំដោះខ្លួនឯងឪ្យរួចចាកផុតទុក្ខតែម៉្យាងមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះថានៅមានសត្វៈលោកច្រើនទៀតណាស់ដែលកំពុងតែជួបនូវបញ្ហាដូចយើងដែរ។ សត្វៈលោកទាំងអស់គឺមានក្តីទុក្ខដូចគ្នាទាំងអស់ ហើយគេទាំងអស់នោះក៏ប្រាថ្នាចង់ឪ្យខ្លួនរួចចាកផុតពីក្តីទុក្ខនេះផងដែរ។ ប្រសិនបើយើងចម្រើនទឹកចិត្តដែលប្រាថ្នាឪ្យសព្វសត្វៈលោកទាំងអស់គេរួចចាកផុតពីក្តីទុក្ខ ទឹកចិត្តនោះត្រូវបានគេហៅថា «មេត្តា» ប៉ុន្តែដើម្បីចម្រើននូវធម៌មេត្តានេះ អ្នកត្រូវតែធ្វើការបដិបត្តិសមាធិលើសេចក្តីទុក្ខរបស់ខ្លួនអស់រយៈពេលយ៉ាងយូរ ដែលធ្វើឪ្យអ្នកយល់ឃើញថា សេចក្តីទុក្ខនោះគឹមិនមែនជារឿងល្អទេ ពេលនោះអ្នកអាចធ្វើការចម្រើននូវអភិនិស្រ្កមណ៍(renunciation) ពោលគឺជាការប្តេជ្ញាចិត្តឪ្យខ្លួនរួចចាកផុតពីក្តីទុក្ខ។ កាលណាអ្នកយល់ឃើញថាក្តីទុក្ខគឺពិតជាអាក្រក់ប៉ុណ្ណានោះ និងប្រាថ្នាដើម្បីរំដោះខ្លួនឪ្យរួចផុតពីវាហើយនោះ ពេលនោះអ្នកអាចយកការគិតនេះទៅអនុវត្តជាមួយសព្វសត្វៈលោកទាំងអស់បាន។ នោះហើយគឺជាក្តីមេត្តា។ 

បើទោះបីជាយ៉ាងណាក៏ដោយពាក្យថា អភិនិស្រ្កមណ៍ហាក់មានន័យថាជាក្តីប្រាថ្នាដើម្បីឪ្យខ្លួន«ខ្ញុំ»ម្នាក់គត់ ចេញពីក្តីទុក្ខ ចំណែកឯពាក្យថាមេត្តាគឺជាក្តីប្រាថ្នាចង់ឪ្យសព្វសត្វៈលោកទាំងអស់រួចចាកផុតពីក្តីទុក្ខ។ ភាពខុសគ្នារវាងមេត្តានិងករុណាគឺថា មេត្តា(មេត្តាធម៌)ជាគុណធម៌ដែលយើងគិតប្រាថ្នាថា «តើវាអស្ចារ្យប៉ុណ្ណាបើសិនជាសព្វសត្វៈលោកទាំងអស់គេរួចផុតពីក្តីទុក្ខទាំឡាយទាំងពួងនោះ» ចំណែកឯក្តីករុណាវិញ គឺជាបំណងប្រាថ្នាចង់ឪ្យសព្វសត្វៈលោកទាំងអស់គេជួបប្រទះតែសចក្តីសុខ។ 

វិធីសាស្រ្តចម្រើនឧបេក្ខានិងពុទ្ធិចិត្ត

តើអ្វីទៅជាមូលហេតុដែលធ្វើឪ្យយើងមិនមានក្តីមេត្តានិងករុណា? ហេតុអ្វីយើងមិនប្រាថ្នាឪ្យសព្វសត្វៈលោកទាំងអស់គេរួចចាកផុតពីក្តីទុក្ខ និងជួបតែក្តីសុខ? ចម្លើយនោះគឺដោយសារតែចិត្តរបស់យើងមិនជ្រះថ្លា មិនបរិសុទ្ធ ពោលគឺមានក្តីសៅហ្មងច្រើនណាស់ ជួនឡើងជួនចុះមិនទៀង។ តើការមិនមានតុល្យភាពនៃចិត្តរបស់យើងនេះគឺជាអ្វី? ប្រការនេះដោយសារតែយើងមានឧបាទានខ្លាំងក្លាចំពោះញាតិមិត្តរបស់យើង ហើយកាលណាយើងជួបសត្រូវ ឬជួបមនុស្សដែលយើងមិនចូលចិត្ត យើងប្តូរចិត្តទៅជាស្អប់គេទៅវិញ។ 

បើដូច្នេះតើយើងត្រូវត្រួសត្រាសផ្លូវនេះឪ្យល្អស្អាតបានយ៉ាងដូចម្តេច? យើងអាចយល់ខ្លឹមសារនៅត្រង់នេះបានដោយគិតដល់ឧទាហរណ៍មួយនេះ ឧបមាថាៈ មានបុគ្គលម្នាក់ឪ្យលុយអ្នកមួយរយរូពី(rupees)កាលពីម្សិលមិញ ហើយបុគ្គលម្នាក់ទៀតបានឪ្យលុយអ្នកមួយរយរូពីនៅថ្ងៃនេះ។ បុគ្គលដែលឪ្យលុយអ្នកមួយរយរូពីកាលពីម្សិលមិញបានវាយអ្នកមួយដៃចំកណ្តាលមុខរបស់អ្នកកាលពីព្រឹកមិញ ហើយបុគ្គលដែលបានឪ្យលុយអ្នកមួយរយរូពីនៅថ្ងៃនេះបានវាយអ្នកមួយដៃចំកណ្តាលមុខរបស់អ្នកកាលពីម្សិលមិញ។ សំនួរសួរថាៈ តើអ្នកគួរចូលចិត្ត ឬមិនចូលចិត្តបុគ្គលមួយណា? 

ដូច្នេះគឺបែបនេះឯង យើងត្រូវតែគិតដល់ចំណុចថាសត្រូវរបស់យើងគេបានផ្តល់ជាប្រយោជន៍ដល់យើងប៉ុណ្ណា ហើយនៅថ្ងៃអនាគតគេជាជំនួយដ៏អស្ចារ្យដល់យើងក៏ថាបាន។ ភាពស្រដៀងគ្នានេះដែរនោះគឺថាមិត្តរបស់យើងគេបានបង្កទុក្ខទោសយ៉ាងច្រើនដល់យើងពីអតីតកាល ហើយគេនឹងបន្តធ្វើបែបនេះទៀតនៅក្នុងពេលអនាគត វាទាស់ត្រង់ថាយើងមិនដឹងថាពេលណាតែប៉ុណ្ណោះ។ 

ឧទាហរណ៍មួយទៀតៈ មានមនុស្សដែលជាអ្នកស៊ីសាច់មនុស្សជាអាហារច្រើននាក់ណាស់ ឬជាមនុស្សចចកដែលស៊ីសាច់មនុស្សជាអហារ(werewolves) ឬជាខ្មោចឆៅជាដើម។ យើងអាចគិតថាគេស្អាតគួរឪ្យទាក់ទាញ និងគួរឪ្យស្រលាញ់ ហើយរៀបការនឹងគេ ប៉ុន្តែនៅយប់មួយនោះស្រាប់តែចង្កូមរបស់គេដុះឡើង ដែលធ្វើឪ្យគេស៊ីរូបយើងជាអាហារ។ 

កាលណាយើងវាយសត្វឆ្កែ សត្វឆ្កែនោះវានឹងព្រុស និងអាចខាំយើងវិញ។ បើដូច្នេះប្រសិនបើយើងប្រតិកម្មខឹងជាមួយនឹងសត្រូវរបស់យើង នោះយើងប្រៀបដូចជាសត្វឆ្កែដែលប្រតិកម្មតបតវិញដូច្នោះដែរ។ យើងត្រូវតែកម្ចាត់បង់ចោលឪ្យអស់នូវអតុល្យភាពនៃចិត្តនេះ ពោលគឺឧបាទាននេះ និងមោហៈ ដើម្បីឪ្យយើងទទួលបាននូវឧបេក្ខាចិត្ត។ អ្វីដែលស្ថិននៅពីលើធម៌ឧបេក្ខានេះ យើងអាចចម្រើននូវក្តីករុណានិងមេត្តា ពោលគឺគេប្រៀបប្រដូចទៅនឹងការកសាងផ្លូវមួយខ្សែដ៏ល្អដើម្បីអាចឪ្យរថយន្តធ្វើដំណើរបានដោយងាយស្រួលដូច្នោះឯង។ 

យើងត្រូវតែមានមនោដែលមានថាមពលខ្លាំងក្លាដូចជារំសេវផ្ទុះ ដែលផ្ទុះបំបែកផ្ទាំងថ្មដើម្បីយកមកធ្វើផ្លូវឪ្យល្អស្អាតដូច្នោះដែរ។ តើមនោប្រកបដោយថាមពលនោះគឺជាប្រភេទមនោអ្វី? ពោលគឺជាមនោដែលមានការគិតប្រកបដោយក្តីករុណាចំពោះសព្វសត្វៈលោកទាំងអស់។ ឧបមាថាៈ យើងផឹកទឹកដោះគោ យើងត្រូវដឹងថាទឹកដោះគោនេះគឺបានមកពីសត្វគោ និងសត្វក្របី ដែលខំស៊ីស្មៅនិងផឹកទឹកដើម្បីឪ្យមានជីវិត ហើយអ្វីដែលយើងធ្វើគឺយកទឹកដោះពីពួកគេមកចិញ្ចឹមខ្លួនយើង។ សត្វទន្សាយ និងកណ្តុរត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការពិសោធផ្នែកវេជ្ជសាស្រ្ត បើដូច្នេះមានន័យថាថ្នាំពេទ្យដែលយើងប្រើប្រាស់ដើម្បីព្យាបាលជម្ងឺគឺបានមកពីការលះបង់ជីវិតរបស់សត្វកណ្តុរនិងសត្វទន្សាយទាំងពីរនេះ។ 

មានសត្វៈលោកមួយចំនួនខ្លះដែលយើងចាត់ទុកថាជាសត្រូវរបស់យើង ដែលពួកគេនោះបង្កទុក្ខទោសដល់យើងជាដើម។ ប៉ុន្តែបើយើងប្រៀបធៀបរវាងភាពបង្កទុក្ខទោសរបស់គេដល់យើង និងសេចក្តីល្អរបស់គេវិញ យើងនឹងមើលឃើញថាសេចក្តីល្អរបស់សត្វទាំងអស់នោះគឹធំធេងណាស់។ ការយាយីរបស់សត្វទាំងអស់នោះមកលើរូបយើងអាចជាប្រយោជន៍ទៅវិញទេ។ ដើម្បីក្លាយខ្លួនទៅជាព្រះសម្មាសម្ពុទ្ធបាន យើងចាំបាច់ត្រូវតែចម្រើននូវធម៌ខន្តី ហើយប្រការនេះយើងត្រូវការមនុស្សដែលធ្វើឪ្យយើងស្អប់ ឬឪ្យយើងខឹង ដើម្បីឪ្យយើងបដិបត្តិនូវធម៌ខន្តីនេះបាន។ ប្រសិនបើមនុស្សគ្រប់រូបល្អទាំងអស់គ្រប់ដប់ យើងមិនអាចបដិបត្តិចម្រើននូវធម៌ខន្តីនេះបានទេ។ មនុស្សដែលមានចិត្តខឹងឆេវឆាវជាមួយនឹងយើង គឺជាមនុស្សដែលនៅមានដែនកំណត់នៅឡើយទេ មិនមែនជាព្រះសម្មាសម្ពុទ្ធទេ ពួកគេនេះហើយជាអ្នកបង្រៀនយើងនូវធម៌ខន្តី។ ឧបមាថាៈ នៅពេលដែលព្រះមហាថេរៈ អធិសា(Atisha)និមន្តមកកាន់ទីបេ ព្រះអង្គបាននាំជនជាតិឥណ្ឌាមួយរូបដែលជាអ្នកពូកែឡូឡារញេរញៃ ហើយគេក៏ជាអ្នកផ្ចាញ់ផ្ចាល់នូវការខន្តីរបស់ព្រះអង្គ។ នៅពេលដែលមានគេសួរព្រះអង្គថា ហេតុអ្វីព្រះអង្គនាំមនុស្សប្រភេទនេះមកជាមួយ ព្រះអង្គបានឆ្លើយតបថា ដើម្បីឪ្យអត្មាបានបដិបត្តិធម៌ខន្តី។ បើដូច្នេះសត្វៈលោកដែលនៅមានដែនកំណត់នៅឡើយ និងអង្គព្រះសម្មាសម្ពុទ្ធមានក្តីករុណាចំពោះយើងស្មើៗគ្នា។ ចំណុចនេះត្រូវបានបញ្ជាក់នៅក្នុងគម្ពីររបស់ព្រះមហាថេរៈ សន្តិទេវៈ ដែលមានចំណងជើងថា ការប្រព្រឹត្តិនៅក្នុងឥរិយាបថព្រះពោធិសត្វៈ។ 

មានមូលហេតុដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គមិនខឹងក្រោធ ដោយសារតែព្រះអង្គមានចិត្តស្ងប់បរិបូរ និងមានសមាធិនៅគ្រប់ពេលវេលាប្រាសចាកពីកិលេសទាំងឡាយទាំងពួងហើយ។ បើដូច្នេះយើងចាំបាច់ត្រូវតែចម្រើននូវចំណុចនេះ ពោលនៅពេលព្រឹកព្រលឹម ពេលយើងភ្ញាក់ពីដំណេកយើងត្រូវមានការគិតតាំងចិត្តពីរប្រការនេះ៖ 

  • ថ្ងៃនេះខ្ញុំនឹងមិនធ្វើឪ្យនរណាម្នាក់ខឹងទេ
  • ខ្ញុំនឹងមិនខឹងនឹងអ្នកដ៏ទៃឡើយ

ប្រសិនបើយើងផ្សាំខ្លួននឹងការគិតតាំងចិត្តនេះ យើងនឹងអាចកាត់បន្ថយនូវកិលេសរបស់យើងបាន(ពពួកអារម្មណ៍រំខានសៅហ្មងនានា) ហើយអាចឈានទៅរកសភាវៈគ្មានកិលេសនៅក្នុងសណ្តាន និងក្លាយខ្លួនទៅជាសម្មាសម្ពុទ្ធ។ 

ប្រសិនបើយើងសួរសំនួរមួយថាតើយើងអាចធ្វើកិច្ចអ្វីដើម្បីធ្វើឪ្យព្រះសម្មាសម្ពុទ្ធទ្រង់សប្បាយចិត្ត នោះចម្លើយច្បាស់ជាថា យើងត្រូវតែចេះជួយ និងមានទឹកចិត្តករុណាចំពោះសព្វសត្វៈលោកដែលនៅមានដែនកំណត់ទាំងអស់មិនខាន។ ប្រការនេះច្បាស់ជាធ្វើឪ្យព្រះសម្មាសម្ពុទ្ធទ្រង់មានហរទ័យសប្បាយពុំខានឡើយ។ ឧបមាថាៈ មានឪពុកម្តាយដែលមានកូនតូចៗ យើងអាចធ្វើឪ្យឪពុកម្តាយគេសប្បាយចិត្តដោយគ្រាន់តែមានទឹកចិត្តល្អចំពោះកូនៗរបស់គេ ជាជាងគ្រាន់តែមានទឹកចិត្តករុណាចំពោះតែឪពុកម្តាយតែម្យ៉ាង។ ភាពស្រដៀងគ្នានេះដែរ ព្រះសម្មាសម្ពុទ្ធទ្រង់នឹងមានហរទ័យកាន់តែសប្បាយរីករាយ បើយើងជាសាវ័កមានទឹកចិត្តករុណាចំពោះសត្វៈលោកដែលនៅមានដែនកំណត់នៅឡើយ និងមានទឹកចិត្តករុណាចំពោះព្រះអង្គផងដែរ។ បើដូច្នេះបើផ្អែកលើកត្តានេះ យើងចាំបាច់ត្រូវតែចម្រើននូវពុទ្ធិចិត្ត ពោលគឺជាការប្តេជ្ញានៅក្នុងចិត្តថា «ខ្ញុំនឺងសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធដើម្បីធ្វើជាប្រយោជន៍ដល់សព្វសត្វៈលោកដែលនៅមានដែនកំណត់នៅឡើយទាំងអស់នោះ»។ 

សម្រេចបានការត្រាស់ដឹងនៅក្នុងជីវិតនេះ

លើសពីនេះទៅទៀតយើងត្រូវតែមានបំណងខ្លាំងក្លាដើម្បីសម្រេចបានភាវៈជាសម្មាសម្ពុទ្ធដើម្បីជាប្រយោជន៍ដល់សព្វសត្វៈលោកដែលនៅមានដែនកំណត់នៅឡើយនៅក្នុងជាតិនេះ នៅក្នុងខណៈពេលឥឡូវនេះ។ ព្រះសម្មាសម្ពុទ្ធបានសំដែងថា មានវិធីសាស្រ្តដើម្បីឪ្យយើងអាចសម្រេចបានការត្រាស់ដឹងនៅក្នុងជាតិនេះ។ សំនួរសួរថា៖ តើវិធីសាស្រ្តនោះជាអ្វី? វាគឺជាមាគ៌ាតន្រ្តា(Tantra) ប្រសិនបើអ្នកបដិបត្តិតាមមាគ៌ានេះ អ្នកអាចសម្រេចបានការត្រាស់ដឹងនៅក្នុងជាតិនេះបាន។ 

បើទោះបីជាយើងមានបំណងខ្លាំងក្លាដើម្បីឈានទៅរកការត្រាស់ដឹងនៅក្នុងជាតិនេះយ៉ាងណាក្តី ក៏យើងពុំគួរគិតថាវាគឺជាកិច្ចដែលងាយស្រួលនោះដែរ ពីព្រោះថាយើងបានសាងនូវអំពើអកុសលជាច្រើនអស់រយៈកាលរាប់អសង្ខេយ្យមកហើយ។ មាគ៌ាបដិបត្តិតាមគម្ពីរតន្ត្រាអាចជាកិច្ចបដិបត្តិដែលមានរយៈពេលលឿន និងឆាប់រហ័សសំរាប់យើង ប៉ុន្តែវាគឺជាមាគ៌ាបដិបត្តិដែលមានការពិបាកខ្លាំងណាស់។ យើងពុំគួរគិតថា ការបដិបត្តិតាមមាគ៌ាតន្ត្រាគឺជាការបដិបត្តិដែលងាយនិងលឿនដូចជាការជិះយន្តហោះនោះទេ (ពោលវាគឺមិនងាយស្រួលឡើយ)។ ដូចជាឧទាហរណ៍នេះអីចឹង៖ ព្រះមហាថេរៈ ចិត្តស៊ុន មីឡារេប៉ា(Jetsun Milarepa) ព្រះអង្គបានឆ្លងកាត់ការលំបាកយ៉ាងច្រើនជាមួយព្រះធម្មាចារ្យរបស់ព្រះអង្គព្រះនាម ម៉ារប៉ា(Marpa) ពោលគឺទុក្ខលំបាកក្នុងការកសាងប្រាសាទ និងឆ្លងកាត់ការហាត់ពត់វាយដំ សរុបទៅគឺព្រះអង្គបានឆ្លងកាត់ក្តីទុក្ខលំបាកច្រើនណាស់ ទើបព្រះអង្គបានសម្រេចការត្រាស់ដឹងនៅក្នុងជាតិនេះ។ តែចំពោះយើងវិញ យើងមិនហានឆ្លងកាត់ទុក្ខលំបាកសូម្បីមួយភាគរបស់ព្រះអង្គផង។ 

ប្រសិនបើយើងមានបំណងដើម្បីសម្រេចការត្រាស់ដឹងនៅក្នុងជាតិនេះ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់ការលំបាកទាំងអស់នេះ នោះវាច្បាស់ជាមានឪកាសដើម្បីសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធប្រសិនបើយើងចាប់ផ្តើមធ្វើការបដិបត្តិដោយសន្សឹមៗ។ 

សេចក្តីសង្ខេប

ការមានកំណើតជាមនុស្សនេះ យើងអាចប្រើប្រាស់វាដើម្បីធ្វើការបដិបត្តិព្រះធម៌ដើម្បីឪ្យយើងអាចទទួលបាននូវការចាប់កំណើតឡើងវិញដ៏ប្រសើរ និងដើម្បីឪ្យយើងសម្រេចបាននូវការរួចរំដោះចាកផុតទុក្ខ និងសម្រេចបាននូវការត្រាស់ដឹង។ ដើម្បីសម្រេចគោលដៅទាំងអស់នេះបាន យើងចាំបាច់ត្រូវតែបដិបត្តិតាមវិធីសាស្រ្តឡាមរីម។ ការបដិបត្តិតាមមាគ៌ាឡាមរីមនេះរួមទាំងការចៀសវាងមិនប្រព្រឹត្តអំពើអកុលសដប់យ៉ាង ការកម្ចាត់បង់កិលេស ការប្តេជ្ញារំដោះខ្លួនឪ្យចេញចាកផុតពីវាលវដ្តសង្សារ ការចម្រើនពុទ្ធិចិត្ត សមាធិ និងការយល់ដឹងចំពោះមោឃភាព(ភាពសូន្យ)។ 

Top