តើភាពសូន្យគឺជាអ្វី?

ភាពសូន្យឬសុញ្ញភាព នៅក្នុងន័យនេះមិនមែនមានន័យថា «ភាពគ្មានអ្វីសោះនោះទេ» មិនមែនមានន័យថាគ្មានអ្វីកើតឡើង ហើយបើដូច្នេះចូរអ្នកបំភ្លេចបញ្ហារបស់អ្នកទៅ បញ្ហាទាំងអស់នោះមិនកើតមានទេ សរុបមកគឺមិនមានន័យបែបនេះឡើយ។ ភាពសូន្យ ឬមោឃភាពនៅទីនេះមានអត្ថន័យថា ភាវៈទទេ ទទេស្អាតសោះសូន្យពីការគិតដែលមិនមានអត្ថិភាពពិតប្រាកដ ពោលគឺការគិតស្រមើស្រមៃអណ្តែងអណ្តូង អំពីរបៀបអត្ថិភាព(កំណើត)របស់ខ្លួននិងរបស់អ្នកដ៍ទៃ ដែលការគិតនោះមិនតំណាងឲ្យសភាវៈពិត (កើតឡើងដោយរបៀបណាជាដើម)។ ពាក្យថាបញ្ហាខ្លួនឯង គឺមិនមែនជាបញ្ហាទេ តែវាអស្រ័យលើការគិត(ឬការស្រមៃគិត)នៅក្នុងគំនិតរបស់មនុស្សម្នាក់ៗថាវាគឺជាបញ្ហា (វត្ថុមួយចំនួនខ្លះ ភាពពិតគឺគ្រាន់តែជាវត្ថុ(រឿងរ៉ាវផ្សេងៗ)តែប៉ុណ្ណោះ គឺមិនមែនជាបញ្ហាទេ បញ្ហាកើតឡើងមកពីការគិតស្រមៃនេះឯង ពោលប្រៀបដូចជាពាក្យថាខុស និងត្រូវយោងទៅតាមការរស់នៅ នៅក្នុងសង្គម ពាក្យនេះខ្លួនឯងគឺគ្រាន់តែជាពាក្យដែលមនុស្សបង្កើតឡើងតែប៉ុណ្ណោះ ឳ្យស្របទៅតាមការសន្មត់នៃសង្គមមួយ (សម្មតិសច្ចៈ)។

មោឃភាព (សំស្រ្កឹត សុញ្ញតា) ដែលភាគច្រើនត្រូវបានគេយល់អំពីអត្ថន័យរបស់ពាក្យនេះថាជា «ភាពសូន្យ» ឬទទេស្អាត បើនិយាយជាភាសាអង់គ្លេស ហើយពាក្យនេះ ឬអត្ថន័យនេះគឺជាប្រាជ្ញាដ៍កំពូលមួយរបស់ព្រះសម្មាសម្ពុទ្ធ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានយល់ដឹងយ៉ាងច្បាស់ថា ប្រភពដ៍សែនជ្រៅនៃបញ្ហារបស់មនុស្សគឺបណ្តាលមកពីការវង្វែងភ័ន្ត(មោហៈ)របស់គេអំពីជាតិកំណើតរបស់ខ្លួននិងមនុស្សឯទៀត។ មនោរបស់ពួកគេបញ្ចេញនូវការគិតនៃមោឃភាពអំពីជាតិកំណើតនៃអ្វីៗគ្រប់យ៉ាង ដោយមិនមានសតិគ្រប់គ្រាន់ដឹងថាការគិតស្រមៃរបស់ខ្លួននោះគឺមិនតំណាងឳ្យការពិតទេ ហើយមនុស្សគ្រប់រូបបង្កើតបញ្ហានិងសេចក្តីទុក្ខចំពោះខ្លួនដោយភាពអវិជ្ជានេះឯង។ ឧទាហរណ៍ថា៖ ប្រសិនបើយើងគិតចំពោះខ្លួនឯងថាយើងគឺជាមនុស្សដែលចាញ់គេ(អន់ជាងគេ) នោះមិនថាយើងធ្វើកិច្ចអ្វីក៍ដោយ ក៍យើងនៅតែមិនជោគជ័យនៅក្នុងជីវិតដែរ ហើយមិនត្រឹមតែមិនជោគជ័យប៉ុណ្ណោះទេ យើងថែមទាំងក្លាយទៅជាមនុស្សបាក់ទឹកចិត្ត គ្មានភាពជឿជាក់លើខ្លួនឯង ដែលទីបំផុតយើងច្បាស់ជាបោះបង់ការព្យាយាមធ្វើខ្លួនឳ្យប្រសើរនោះចោលជាក់ជាមិនខាន។ យើងនឹងចាត់ទុកខ្លួនឯងជាមនុស្សបាតសង្គមជាក់ជាមិនខាន។ 

មោឃភាពមានអត្ថន័យថា ភាពទទេស្អាត ទទេស្អាត សោះសូន្យ មិនឆ្លើយតបទៅនឹងអ្វីដែលយើងស្រមៃគិតអំពីជាតិកំណើតរបស់ខ្លួន។ យើងឧស្សាហ៍គិតស្រមើស្រមៃរបៀបនេះដោយសារតែទម្លាប់ដ៍សែនក្រាសរបស់យើង ដែលជឿថាការស្រមើស្រមៃគិតនេះគឺជារឿងពិត ឧបមាដូចជាការគិតខាងដើមថា៖ «ខ្លួនជាអ្នកចាញ់គេ» ជាដើម ហើយពាក្យនេះទៀតសោតគឺគ្រាន់តែជាពាក្យតែប៉ុណ្ណោះ។ កាលណាយើងបោះត្រាសម្គាល់ខ្លួនឯងថាជា «អ្នកចាញ់គេ» នោះយើងចាំបាច់ត្រូវតែដឹងថាពាក្យនេះគឺគ្រាន់តែជាការសន្មត់ ជាសម្មតិសច្ចៈតែប៉ុណ្ណោះ។ វាអាចជាការពិតថា យើងបរាជ័យច្រើនលើកច្រើនគ្រានៅក្នុងជីវិតពិតមែន ឬក៍ថាយើងអាចមិនបរាជ័យសោះក៍ថាបាន ប៉ុន្តែដោយសារតែភាពប្រកាន់មុតមាំចំពោះ ទស្សនៈឥតខ្ចោះ ទើបធ្វើឳ្យយើងមានអារម្មណ៍ថាខ្លួនបរាជ័យ ខ្លួនមិនល្អគ្រប់គ្រាន់ជាដើម។ នៅក្នុងករណីទាំងពីរនេះ មានរឿងរ៉ាវច្រើនទៀតណាស់ដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង ក្រៅតែពីរឿងជោគជ័យ និងបរាជ័យនេះ។ ប៉ុន្តែការបោះត្រាសម្គាល់ខ្លួនឯងថាជាមនុស្សចាញ់គេ ជាមនុស្សបរាជ័យ បានសេចក្តីថាយើងដាក់ខ្លួនឯងនៅក្នុងមនោប្រអប់មួយដែលគេហៅថាជា «ប្រអប់បរាជ័យ» ហើយជឿជាក់យ៉ាងមុតមាំទៀតថាយើងគឺជាមនុស្សម្នាក់ដែលឋិតនៅក្នុងមនោប្រអប់នេះ។ បើតាមសេចក្តីនេះ ជាការពិតណាស់យើងគិតស្រមៃថាមានអ្វីមួយដែលមិនល្អ មិនប្រក្រតីចំពោះយើង ដែលធ្វើឳ្យយើងធ្លាក់ខ្លួនចូលទៅក្នុងប្រអប់នៃការគិតបែបនេះ។ 

វិធីនៃការគិតស្រមៃនៃអត្ថិភាពរបស់ខ្លួនបែបនេះ ថាជាមនុស្សដែលជាប់នៅក្នុងមនោប្រអប់ ជាអ្នកបរាជ័យ ហើយសមជាអ្នកដែលជាប់នៅទីនោះជាដើមនោះគឺគ្រាន់តែជាការគិតស្រមើស្រមៃអណ្តែងអណ្តូងតែប៉ុណ្ណោះ មិនតំណាងឳ្យការពិតអ្វីសោះឡើយ ពោលគឺគ្មានបុគ្គលណាម្នាក់ជាប់គាំងនៅក្នុងប្រអប់នៃការគិតបែបនេះឡើយ។ អត្ថិភាពនៃការគិតថាខ្លួនបរាជ័យនេះ កើតឡើងដោយអាស្រ័យលើការគិតតែម៉្យាងតែប៉ុណ្ណោះ។ ទស្សនៈនៃការគិតថា «ខ្លួនបរាជ័យ» និងពាក្យថា «បរាជ័យ» នេះគឺគ្រាន់តែជាសម្មតិសច្ចៈតែប៉ុណ្ណោះ។ ឧបមាថា៖ ពាក្យនេះអាចត្រឹមត្រូវចំពោះបុគ្គលណាម្នាក់ ពេលដែលគេចាញ់ល្បែងស៊ីសងជាដើម នៅក្នុងន័យនេះជាធម្មតាបុគ្គលនោះគឺជាអ្នកចាញ់ ឬជាអ្នកបរាជ័យនៅក្នុងល្បែងស៊ីសងនេះ។ ប៉ុន្តែគ្មានបុគ្គលណាម្នាក់ដែលកើតមកពីកំណើតជាអ្នកបរាជ័យនោះទេ តែបើគេគិតថាខ្លួនជាអ្នកបរាជ័យហើយ គេមិនអាចក្លាយជាអ្នកឈ្នះបានឡើយ នោះបានសេចក្តីថាគេជាមនុស្សបរាជ័យជាក់ជាមិនខាន។ 

  កាលណាយើងយល់ដឹងច្បាស់អំពីសុញ្ញភាពនៃអត្ថិភាពរបស់យើងចំពោះពាក្យថា អ្នកបរាជ័យនេះ នោះយើងនឹងយល់យ៉ាងច្បាស់ថាវាគ្មានអត្ថិភាពណាមួយដែលកើតឡើងតាមបែបការគិតស្រមៃនេះទេ ពោលមិនតំណាងឳ្យការពិតសោះឡើយ។ អារម្មណ៍ដែលគិតថាខ្លួនគឺជាអ្នកបរាជ័យ គ្រាន់តែស្តែងឡើងតាមរយៈនៃការគិត គឺតាមរយៈពាក្យសំដី ដែលយើងគិតចំពោះខ្លួនឯង អាចដោយសារថាមានពេលខ្លះយើងបានជួយនូវភាពបរាជ័យនៅក្នុងកិច្ចអ្វីមួយកាលពីគ្រាមុន។ ប៉ុន្តែចូរអ្នកត្រូវចងចាំថា គ្មានអ្វីខុសទាស់ចំពោះខ្លួនអ្នកទេ។ នោះបានសេចក្តីថា សុញ្ញភាពគឺជាភាពទទេស្អាត គ្មានការគិតយល់ខុសអំពីអត្ថិភាពរបស់ខ្លួននេះឯង គ្មានបុគ្គលណាម្នាក់ដែលមានអត្ថិភាពឡើង(កើតឡើង)តាមរយៈការគិតស្រមៃខុសនេះទេ អតីតកាល បច្ចុប្បន្ន និងនៅក្នុងពេលអនាគតក៍គ្មានដែរ។ 

វាប្រើប្រាស់ពេលវេលាយូរណាស់ដើម្បីផ្សាំខ្លួនជាមួយនឹងទស្សនៈនៃសុញ្ញភាពនេះ មុនពេលយើងអាចវាយបំបែកនូវការគិតស្រមើស្រមៃអណ្តែតអណ្តូងរបស់យើងឳ្យរលាយបាត់ទៅវិញ និងឈប់ជឿលើការយល់ខុសទាំងអស់នេះ។ ប៉ុន្តែប្រសិនបើយើងធ្វើការព្យាយាមបដិបត្តិសមាធិចំពោះពាក្យថា សុញ្ញភាពនេះ នោះបន្តិចម្តងៗ យើងនឹងយល់ឃើញថា ការគិតថាខ្លួនជាមនុស្សបរាជ័យនេះគឺជាការគិតឥតប្រយោជន៍ទាំងស្រុង និងអាចកម្ចាត់បង់ការយល់ខុសទាំងអស់នោះចោលឳ្យអស់ពីសណ្តាន។ ហើយនៅទីបញ្ចប់យើងអាចកាត់ផ្តាច់ការគិតនេះចេញពីទម្លាប់នៃការគិតរបស់យើង និងលែងគិតថាខ្លួនជាមនុស្សបរាជ័យ ឬថាជាអ្នកចាញ់គេទៀតហើយ។

សេចក្តីសង្ខេប

គ្មានអ្វីដែលកើតឡើងពិតប្រាកដតាមរយៈការស្រមើស្រមៃ មិនមែនមានសេចក្តីថាគ្មានអ្វីកើតឡើងសោះនោះទេ។ សុញ្ញភាពត្រង់នេះគឹជាការច្រានចោលនូវការគិតស្រមើស្រមៃអំពីជាតិកំណើត ឧបមាដូចជាការគិតថា មានតួអត្តភាពជាដើម។ សុញ្ញភាពមិនច្រានចោល ឬមិនបដិសេធចំពោះអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងទេ ដូចជាថា «អានេះ» ឬ «អានោះ» «របស់នេះ» ឬ «របស់នោះ» ដែលស្របទៅតាមការសន្មត់នៃពាក្យ ឬស្របទៅតាមសម្មតិសច្ចៈ។

Top