ព្រះពុទ្ធជាប្រវត្តិសាស្រ្ត
បើយោងទៅតាមប្រវត្តិសាស្រ្តតាមទំនៀមភាគច្រើន បុរសម្នាក់ដែលក្រោយមកបានក្លាយ ឬបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនោះបានកើតនៅក្នុងត្រកូលសក្យៈដែលឋិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា នៅក្នុងសតវត្សទី៥មុនគ្រឹស្តសករាជ។ ព្រះអង្គត្រូវបានគ្រួសារប្រសិទ្ធិនាមថា សិទ្ធត្ថ គោតម នៅក្នុងពិធីនៃកំណើតរបស់ទ្រង់ ម្នាលព្រាហ្មវ័យក្មេង និងវ័យឆ្លាតមួយរូបបានទស្សទាយថា ក្សត្រក្មេងមួយអង្គនេះគេនឹងក្លាយទៅជាមហាក្សត្រដ៍អស្ចារ្យ ឬគេនឹងក្លាយទៅជាអ្នកត្រាស់ដឹងនៅពេលអនាគត។ ព្រះបិតារបស់ព្រះអង្គព្រះនាម សុទ្ធោទន គឺជាស្តេចនៃអម្បូរសក្យៈ ព្រះអង្គប្រាថ្នាចង់ឳ្យ បុត្ររបស់ព្រះអង្គក្លាយជាស្តេចផែនដី ដើរតាមគំរូរបស់ទ្រង់ មិនចង់ឳ្យបុត្ររបស់ទ្រង់ក្លាយជាអ្នកបួសឡើយ ហេតុដូច្នេះទើបព្រះអង្គបានរក្សាបុត្រព្រះអង្គនៅក្នុងនរគរ និងមិនចង់ឳ្យបុត្រទ្រង់ឃើញទិដ្ឋភាពខាងក្រៅឡើយ។
ព្រះសិទ្ធត្ថដ៍វ័យក្មេងត្រូវបានមាតាបិតាមើលថែរក្សានៅក្នុងរាជវាំងយ៉ាងយកចិត្តទុកដាក់ និងផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ព្រះអង្គ មានទាំងគ្រឿងអលង្ការ ស្រីស្នំស្អាតៗ សួនផ្កាឈូក និងសួនសត្វជាដើម។ ព្រះសិទ្ធត្ថត្រូវបានព្រះមាតាបិតាឃុំគ្រងមិនអនុញ្ញាតឳ្យព្រះអង្គយាងចេញទៅខាងក្រៅនរគរ និងឃើញនូវរឿងរ៉ាវជីវិតមិនល្អនានាឡើយ ហើយមនុស្សចាស់ជរា ព្យាធិត្រូវបានគេហាមឃាតមិនអោយចូលក្នុងរាជវាំងឡើយ។ ព្រះសិទ្ធត្ថជាក្សត្រដែលមានប្រាជ្ញាលើសគេ ពូកែទាំងការសិក្សានិងកីឡា ក្រោយមកព្រះអង្គបានរៀបអភិសេកជាមួយ ព្រះនាងយសោធារា និងមានបុត្រមួយព្រះអង្គព្រះនាម រាហុល។
អស់កាលប្រហែលជាសាមសិបឆ្នាំ ព្រះសិទ្ធត្ថបានរស់នៅក្នុងភាពសំបូរបែបនៃជីវិតជាក្សត្រ ប៉ុន្តែព្រះអង្គតែងតែចង់ដឹង ចង់ឃើញថាតើមានអ្វីនៅខាងក្រៅព្រះបរមរាជវាំងរបស់ព្រះអង្គ។ ព្រះអង្គបានគិតនៅក្នុងចិត្តថា «ប្រសិនបើផែនដីនេះជារបស់អញ់មែននោះ ច្បាស់ណាស់អញ់ត្រូវតែដឹង និងជួបប្រជានុរាស្រ្តរបស់អញ់»។ នៅទីបំផុតព្រះបិតារបស់ព្រះអង្គទ្រង់បានចាត់ចែងរៀបចំដំណើរថ្វាយបុត្ររបស់ព្រះអង្គដើម្បីយាងទតទិដ្ឋភាពខាងក្រៅបរមរាជវាំង។ ដងវិថី និងផ្លូវនានាត្រូវបានគេសម្អាតយ៉ាងស្អាត មនុស្សចាស់ជរាត្រូវបានហាមឃាតមិនអោយនៅតាមដងផ្លូវទាំងនោះឡើយ។ នៅខណៈពេលដែលរាជរថរបស់ព្រះអង្គបរកាត់ទីក្រុង ព្រះសិទ្ធត្ថបានទតឃើញមនុស្សចាស់ជរាម្នាក់ដែលឈរនៅតាមផ្លូវ គ្រានោះព្រះអង្គមានការភិតភ័យ និងស្លុតចិត្តជាខ្លាំងដែលឃើញមនុស្សចាស់ជរាបែបនេះ ភ្លាមៗនោះព្រះអង្គក៍បានសួរទៅកាន់នាយសារថីគឺឆន្នមាត្យ (ជាអ្នកបររាជរថ) នោះថា តើមានរឿងអ្វីកើតឡើងចំពោះបុរសម្នាក់នោះ? ម្នាលឆន្នមាត្យបានឆ្លើយតបទៅទ្រង់វិញថា «អ្វីដែលព្រះអង្គមើលឃើញនៅចំពោះមុខព្រះអង្គនេះគឺជាមនុស្សចាស់ គ្មាននរណាម្នាក់គេចផុតទេព្រះអង្គ»។ ក្រោយមកទៀតព្រះសិទ្ធត្ថបានឃើញមនុស្សជរាព្យាធិ និងឃើញសាកសព ទិដ្ឋភាព ឬនិមិត្តទាំងពីរចុងក្រោយនេះបានបើកព្រះនេត្រព្រះអង្គអោយមើលឃើញនូវរឿងដែលចៀសមិនផុតនៅក្នុងជីវិតមនុស្សម្នាក់ៗ (ប៉ុន្តែជារឿងធម្មតា) ជាផ្នែកមួយនៃជីវិតដែលទីបំផុតព្រះអង្គក៍នឹងជួបប្រទះរឿងនេះដែរ។
និមិត្តចុងក្រោយបង្អស់ព្រះអង្គបានឃើញអ្នកបួស ជាបុគ្គលដែលកំពុងស្វែងរកនូវការរួចរំដោះចាកចេញផុតពីសេចក្តីទុក្ខ។ ទិដ្ឋភាពឬនិមិត្តបីខាងដើម ធ្វើឳ្យព្រះសិទ្ធត្ថយល់ឃើញថា ជីវិតរបស់ព្រះអង្គនៅក្នុងព្រះបរមរាជវាំងត្រូវបានគេបិទបាំងមិនឳ្យជួបរឿងទាំងអស់នេះ បិទបាំងមិនឳ្យព្រះអង្គឃើញនូវសេចក្តីទុក្ខផ្សេងៗ។ ទិដ្ឋភាពតំណាងឳ្យអ្នកបួសបានធ្វើឳ្យព្រះអង្គភ្ញាក់ខ្លួន និងរំលឹកខ្លួនឯងដើម្បីស្វែងរកនូវច្រកចេញឳ្យផុតពីសេចក្តីទុក្ខ។
វាទំនងដូចជាថាព្រះសិទ្ធត្ថមិនដែលជួបប្រទះមនុស្សចាស់ជរាព្យាធិ ឬមនុស្សដែលមានជម្ងឺឈឺជរាកាលពីមុននៅក្នុងជីវិតរបស់ព្រះអង្គ ប៉ុន្តែចំណុចនេះបានបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គ ឬរូបយើងទាំងអស់គ្នាពិតណាស់ ជាធម្មតារស់នៅមិនទទួលស្គាល់សេចក្តីទុក្ខឡើយ ព្យាយាមគេចវេសពីសេចក្តីទុក្ខ។ ពេលដែលព្រះអង្គត្រឡប់ទៅដល់ព្រះបរមរាជវាំងវិញព្រះអង្គមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តឡើយ។ ព្រះអង្គបានរស់នៅក្នុងភាពសម្បូរបែប មិនព្រួយរឿងអ្វីទាំងអស់ ពោរពេញដោយមនុស្សជាទីស្រលាញ់ ប៉ុន្តែឥឡូវនេះ តើឳ្យព្រះអង្គរីករាយសប្បាយយ៉ាងដូចម្តេចកើត បើទ្រង់ដឹងថានៅថ្ងៃណាមួយព្រះអង្គ និងមនុស្សជាទីស្រលាញ់របស់ទ្រង់គេនឹងក្លាយជាមនុស្សចាស់ជរា និងមរណៈបែបនេះ? ព្រះអង្គពិតជាចង់រកដំណោះស្រាយដើម្បីជួយដល់មនុស្សគ្រប់រូបដែលឋិតនៅជុំវិញព្រះអង្គខ្លាំងណាស់ តែនៅតែរកមិនឃើញដំណោះស្រាយសោះឡើយ គ្រានោះព្រះអង្គបានសម្រេចចិត្តថាចាកចេញពីព្រះនរគរដើម្បីរស់នៅក្នុងជីវិតជាអ្នកបួសវិញ។
ព្រះសិទ្ធត្ថបានជួបគ្រូកំពូលៗជាច្រើនរូប បើទោះបីជាឋិតនៅក្រោមការដឹកនាំនិងបង្រៀនពីគ្រូទាំងអស់នោះ ហើយព្រះអង្គបានសម្រេចឈានខ្លះតាមរយៈបច្ចេកទេសសមាធិពីគ្រូទាំងអស់នោះយ៉ាងណាក៍ដោយ ក៍ព្រះអង្គមិនសប្បាយចិត្ត និងគិតថាវិធីសាស្រ្តទាំងអស់នេះមិននាំទៅរកការរំលត់ទុក្ខទាំងស្រុងទេ។ បន្ទាប់មកព្រះអង្កសម្រេចចិត្តបដិបត្តិបែបតបៈ តឹងតែងចំពោះខ្លួនឯង មិនរិភោគអាហារអ្វីទាំងអស់ គឺគ្រាន់តែអង្គុយសមាធិតែម៉្យាងប៉ុណ្ណោះ។ ព្រះអង្គបានបដិបត្តិបែបតបៈនេះអស់រយៈកាលប្រាំមួយឆ្នាំ រាងកាយខ្លួនប្រាណរបស់ព្រះអង្គស្គមស្គាំង មានតែស្បែកនិងឆ្អឺង។
នៅសម័យថ្ងៃមួយ នៅគ្រាដែលព្រះអង្គអង្គុយសមាធិនៅក្បែរស្ទឺងមួយ ព្រះអង្គបានលឺសំលែងបង្រៀនពីលោកគ្រូម្នាក់ដែលកំពុងបង្រៀនក្មេងឳ្យលេងឧបករណ៍តន្រ្តី៖ ដោយលើកឡើងថា «បើខ្សែធូរពេកលែងទៅមិនពិរោះទេ ហើយបើខ្សែតឹងពេក ច្បាស់ជាដាច់មិនខាន» ពាក្យសំដីនេះធ្វើឳ្យព្រះសិទ្ធត្ថយល់ឃើញថា ការចំណាយពេលវេលាបដិបត្តិបែបតបៈនេះគឺគ្មានបានលទ្ធទេ គឺប្រៀបដូចជាជីវិតដែលរស់នៅក្នុងវាំងដូច្នោះដែរ ការបដិបត្តិបែបតបៈតឹងតែងចំពោះខ្លួនឯងគឺមានលក្ខណៈជ្រុលនិយមពេក ដែលមិនអាចយកឈ្នះលើសេចក្តីទុក្ខបានឡើយ។ គ្រានោះព្រះអង្គបានគិតថា មានតែផ្លូវកណ្តាលរវាងភាពជ្រុលនិយមទាំងពីរនេះទេទើបជាដំណោះស្រាយ។
នៅគ្រានោះមានក្មេងស្រីម្នាក់ឈ្មោះសុជាតា នាងបានថ្វាយចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធ ហើយចង្ហាន់នោះគឺអហារត្រឹមត្រូវលើកដំបូងបំផុតនៅក្នុងរយៈពេលប្រាំមួយឆ្នាំ។ ព្រះសិទ្ធត្ថបានឆាន់ចង្ហាន់នោះ ដែលធ្វើឳ្យអ្នកបដិបត្តិជាមួយព្រះអង្គគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឆាន់ចង្ហាន់នោះរួចហើយព្រះអង្គបាននិមន្តទៅអង្គុយសមាធិនៅក្រោមដើមពោធិព្រឹក្ស និងបានសច្ចាចំពោះខ្លួនឯងថា «អញ់នឹងមិនងើបចាកចេញពីទីនេះឡើយ លុះត្រាណាតែអញ់បានត្រាស់ជាសម្មាសម្ពុទ្ធ» ហើយព្រះអង្គបានត្រាស់ដឹងពេញលេញជាព្រះសម្មាសម្ពុទ្ធ។
ភ្លាមៗបន្ទាប់ពីការត្រាស់ដឹងរបស់ព្រះអង្គ ព្រះអង្គបានបង្រៀន(សំដែង)នូវអរិយសច្ចៈបួន និងអដ្ឋង្គិកមគ្គប្រាំបី។ ព្រះអង្គបានធ្វើដំណើរពាសពេញភាគខាងជើងនៃប្រទេសឥណ្ឌាដើម្បីបង្រៀននូវធម៌របស់ព្រះអង្គ អស់រយៈកាល៤០ឆ្នាំ។ ព្រះអង្គបានបង្កើតសហគមន៍អ្នកបួសដែលគេស្គាល់ថា សង្ឃ ដែលជាអ្នកបន្តផ្សព្វផ្សាយនូវព្រះធម៌នៅទូទាំងប្រទេសឥណ្ឌានិងចុងក្រោយនៅទូទាំងទ្វីបអាស៊ី និងពិភពលោកទាំងមូល។
ព្រះអង្គចូលបរិនិព្វាននៅព្រះជន្មាយុ៨០ព្រះវស្សានៅទីក្រុង កុសីនារា។ មុនពេលព្រះអង្គចូលបរិនិព្វាន ព្រះអង្គបានសួរទៅកាន់សហគមន៍សង្ឃថាតើពួកគេមានមន្ទិលសង្ស័យឬមានសំនួរអ្វីទេ ឬក៍មានចំណុចណាមួយនៅក្នុងព្រះធម៌របស់ព្រះអង្គ ដែលត្រូវការពន្យល់បកស្រាយបន្ថែមទេ។ ព្រះអង្គបានផ្តែផ្តាំសាវ័ករបស់ព្រះអង្គឳ្យពឹងអាស្រ័យលើធម៌វិន័យ នេះជាពុទ្ធវាចាចុងក្រោយបង្អស់របស់ព្រះអង្គ៖ «ម្នាលសង្ឃដ៍ចម្រើន នេះគឺជាដំបូន្មានចុងក្រោយរបស់អាត្មាអញ់ហើយ សង្ខារធម៌ទាំងឡាយទាំងពួងនៅក្នុងលោកនេះរមែងតែងប្រែប្រួល មិនឋិតឋេរជាអមតៈឡើយ ចូរអ្នកទាំងឡាយព្យាយាមបដិបត្តិដើម្បីរំដោះខ្លួនអ្នក» ពោលយ៉ាងដូច្នេះដោយព្រះកាយរបស់ព្រះអង្គតម្រេតទៅខាងស្តាំ ហើយចូលបរិនិព្វានទៅ។
តើសម្មាសម្ពុទ្ធជាអ្វី?
យើងបានឃើញថាព្រះពុទ្ធជាប្រវិត្តិសាស្រ្តជានរណាហើយ ប៉ុន្តែសំនួរសួរថាតើមានអត្ថន័យបែបណាក្នុងនាមជាសម្មាសម្ពុទ្ធ?
នៅក្នុងន័យសាមញ្ញ សម្មាសម្ពុទ្ធគឺជាបុគ្គលដែលភ្ញាក់ខ្លួន ដែលត្រាស់ដឹង ដែលភ្ញាក់ពីដំណេកយ៉ាងជ្រៅ។ ដំណេកយ៉ាងជ្រៅនៅទីនេះមិនសំដៅដល់ដំណេកដែលយើងដេកបន្ទាប់ពីការដើរលែងតាមខ្លឹបនៅពេលយប់នោះទេ ប៉ុន្តែសំដៅដល់ការដេកលក់សែនជ្រៅនៅក្នុងភាពវង្វែងភ័ន្ត (មោហៈ) ដែលរីកសាយភាយពាសពេញជីវិតរបស់យើង វង្វែងភ័ន្តអំពីរបៀងដែលយើងកើត(អំពីអត្ថិភាព) និងអំពីអត្ថិភាពនៃអ្វីៗគ្រប់យ៉ាង។
សម្មាសម្ពុទ្ធទាំងឡាយគឺមិនមែនជាព្រះអាទិទេពទេ ហើយក៍មិនមែនជាអ្នកបង្កើតលោកដែរ។ គ្រប់ព្រះសម្មាសម្ពុទ្ធទាំងអស់ចាប់ផ្តើមឡើងដូចរូបយើងដែរ ពោរពេញដោយក្តីយល់ច្រឡំ(មោហៈ) កិលេស និងមានបញ្ហាច្រើនប្រការណាស់។ ប៉ុន្តែតាមយៈនៃការបដិបត្តិលើមាគ៌ានៃមេត្តាធម៌ និងប្រាជ្ញា និងតាមរយៈការខិតខំដើម្បីចម្រើននូវគុណតម្លៃនានា នោះលទ្ធភាពនៃការត្រាស់ដឹងជាសម្មាសម្ពុទ្ធច្បាស់ជាកើតមានឡើងដល់អ្នក។
សម្មាសម្ពុទ្ធភាពមានគុណតម្លៃបីចម្បងៗ៖
១ ប្រាជ្ញា ជាសម្មាសម្ពុទ្ធមិនមានឧបសគ្គនៅក្នុងចិត្តទេ យល់ដឹងចំពោះអ្វីៗគ្រប់យ៉ាង ជាពិសេសយល់ច្បាស់អំពីរបៀបជួយដល់អ្នកដ៍ទៃ។
២ មេត្តា យោងតាមប្រាជ្ញាខាងលើ សម្មាសម្ពុទ្ធមើលឃើញថាយើងទាំងអស់គ្នាជាមនុស្សមានភាពទាក់ទងគ្នាទៅវិញទៅមករវាងគ្នានឹងគ្នា ជាសម្មាសម្ពុទ្ធមានមាត្តាធម៌ធំធេងណាស់ និងដឹងថាមេត្តាធម៌អាចជួយដល់មនុស្សគ្រប់រូបបាន។ មានតែប្រាជ្ញាដោយគ្មានមេត្តា អាចធ្វើឳ្យបុគ្គលនោះក្លាយជាអ្នកចេះដឹង តែគ្មានប្រយោជន៍និងសារៈសំខាន់អ្វីដល់សង្គមឡើយ។ មេត្តាធម៌ជាគ្រឿងជំរុញឳ្យគេធ្វើការងារជាប្រយោជន៍ដល់មនុស្សគ្រប់រូប។ ហេតុដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធចម្រើននូវគុណតម្លៃទីពីរនេះ ដើម្បីភ្ជាប់និស្ស័យជាមួយសព្វសត្វទាំងអស់។
៣ សមត្ថភាព ដោយមានគុណតម្លៃទាំងពីរខាងលើ ដើម្បីយល់ដឹងអំពីរបៀបនៃការកម្ចាត់បង់នូវសេចក្តីទុក្ខ និងមានក្តីប្រាថ្នាស្រោចស្រង់ដល់មនុស្សគ្រប់រូប សម្មាសម្ពុទ្ធមានអំណាចនិងសមត្ថភាពដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប តាមរយៈនៃការបង្រៀនយើងឳ្យដើរតាមមាគ៌ានៃការត្រាស់ដឹងទៅតាមវិធីសាស្រ្តផ្សេងៗ។
ជាសម្មាសម្ពុទ្ធយល់ឃើញថាខ្លួនមិនចង់បានសេចក្តីទុក្ខ ចំណែកឯអ្នកដ៍ទៃវិញក៍គេមិនចង់បានសេចក្តីទុក្ខនិងបញ្ហាដូចគ្នា។ មនុស្សគ្រប់រូបប្រាថ្នាចង់បានសេចក្តីសុខ ដូច្នេះសម្មាសម្ពុទ្ធបដិបត្តិមិនមែនដើម្បីតែខ្លួនឯងទេ ប៉ុន្តែដើម្បីមនុស្សគ្រប់រូបនៅក្នុងចក្រវាឡនេះ គិតខ្វល់ដល់គេដូចគិតខ្វល់អំពីខ្លួនឯងដែរ។
ជំរុញឡើងដោយក្តីមេត្តាដ៍ខ្លាំងក្លារបស់ពួកគេ ជំរុញឳ្យគេបង្រៀននិងបង្ហាញនូវដំណោះស្រាយដើម្បីលុបបំបាត់នូវសេចក្តីទុក្ខ ដែលដំណោះស្រាយនោះយើងហៅថា ប្រាជ្ញា ពោលគឺភាពភ្លឺថ្លាឥតខ្ចោះនៃចិត្តដើម្បីគិតបែងចែកថាអ្វីជាសច្ចពិត និងអ្វីគ្រាន់តែជាការស្រមើស្រមៃ។ ដោយមានប្រាជ្ញាយើងអាចកម្ចាត់បង់នូវរាល់បញ្ហាអវិជ្ជមាននានា៖ ពោលគឺមោហៈ ភាពអាត្មានិយម និងអារម្មណ៍អវិជ្ជមាននានាជាដើម។ យើងក៍អាចក្លាយខ្លួនជាសម្មាសម្ពុទ្ធបានផងដែរ ដែលអាចសោយនូវសេចក្តីសុខស្ងប់ពេញបរិបូរ។
សេចក្តីសង្ខេប
សម្មាសម្ពុទ្ធជាបរមគ្រូដ៍ល្អឥតខ្ចោះ ជាបុគ្គលដឹងច្បាស់អំពីរបៀប និងវិធីសាស្រ្តជួយដល់មនុស្សគ្រប់រូប។ ពួកគេគឺជាបុគ្គលពោរពេញដោយក្តីមេត្តា និងតែងតែចាំជួយដល់មនុស្សគ្រប់ពេល និងជួយបង្ហាញផ្លូវត្រូវដល់យើងគ្រប់រូប។ រូបយើងក៍ដូចព្រះសិទ្ធត្ថដែរ ពេលខ្លះ ឬជារឿងៗយើងតែងតែមិនដឹងមិនយល់អំពីសេចក្តីទុក្ខដែលកើតមាននៅលើលោកនេះទេ។ មិនសំខាន់ថាយើងព្យាយាមគេចវេសពីសេចក្តីទុក្ខនោះកំរិតណានោះទេ ភាពចាស់ជរា ព្យាធិនិងមរណៈនឹងកើតឡើងចំពោះរូបយើងគ្រប់គ្នាទាំងអស់។ រឿងរ៉ាវជីវិតរបស់សម្មាសម្ពុទ្ធបានបំផុសគំនិតរបស់យើងឳ្យមើលឃើញច្បាស់ និងប្រឈមមុខ និងយល់អំពីសច្ចភាពពិតនៃសេចក្តីទុក្ខដែលសិទ្ធត្ថបានជួប្រទះនៅក្នុងជីវិត ហើយយើងក៍អាចរំដោះខ្លួនយើងឳ្យរួចផុតពីរាល់សេចក្តីទុក្ខផ្លូវចិត្តដែលយើងកំពុងតែជួបប្រទះនៅក្នុងជីវិតបានដែរ។ ជីវិត និងការបង្រៀន(ព្រះធម៌)របស់ព្រះអង្គជួយក្រើនរំលឹកដល់យើងថា យើងត្រូវតែព្យាយាមឳ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះលើកិលេស និងមោហៈ ឳ្យបានដូចព្រះអង្គ ដើម្បីឳ្យយើងអាចធ្វើការបំរើដល់មនុស្សគ្រប់រូប។