សម្រួលចិត្តឲ្យស្ងប់
ដើម្បីទទួលបាននូវការតាំងសមាធិល្អយើងត្រូវតែសម្រួលចិត្តឲ្យស្ងប់ ដើម្បីឲ្យមានតុល្យភាពនៅក្នុងចិត្តរបស់យើង ឲ្យស្របទៅតាមការបង្រៀននៃវិធីសាស្រ្តនៃការបដិបត្តិសមាធិមួយចំនួន។ នៅទីនេះខ្ញុំសូមនិយាយឲ្យច្បាស់ម្តងទៀតថា គោលដៅរបស់យើងមិនមែនធ្វើឲ្យចិត្តទទេស្អាត មានលក្ខណៈដូចខ្មោចសំប៊ី ឬដូចជាវិទ្យុដែលគេបិទហើយមិនដំណើរការនោះទេ។ ប្រសិនបើនោះជាករណីដែលយើងសំដៅទៅរក នោះសូមអ្នកទៅដេកវិញទៅល្អជាង! គោលបំណងរបស់យើងគឺព្យាយាមសម្រួលចិត្តឲ្យស្ងប់ ពីការគិតសៅហ្មងរំខាននានា។ ព្រភេទអារម្មណ៍មួយចំនួនខ្លះគឺជាប្រភេទអារម្មណ៍រំខានសៅហ្មងមិនចេះឈប់ ប្រៀបដូចជា ការគិតភិតភ័យ ព្រួយបារម្ភ និងភាពភ័យស្លន់ស្លោរជាដើមៈ គោលបំណងរបស់យើងគឺត្រូវសម្រួលការគិតទាំងអស់នេះឲ្យមានសភាពស្ងប់។
កាលណាយើងសម្រួលចិត្តបានស្ងប់ហើយ យើងនឹងទទួលបាននូវសភាពនៃចិត្តដែលមានលក្ខណៈច្បាស់ភ្លឺថ្លា និងមានសតិរលឹកដឹងគ្រប់ពេល ជាសភាពនៃចិត្តដែលធ្វើឲ្យយើងចម្រើនបាននូវក្តីករុណា និងការយោគយល់ ឬ យើងអាចសម្តែងនូវសណ្តានចិត្តល្អបរិសុទ្ធជាមនុស្សបែបធម្មជាតិបាន។ ប្រការនេះចាំបាច់ត្រូវការការសម្រួលនិងសម្រាកដែលមានលក្ខណៈស៊ីជម្រៅ មិនត្រឹមតែការសម្រួលនិងសម្រាកត្រឹមតែផ្នែកសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្រួលនិងសម្រាកនូវសភាពតានតឹងនៅក្នុងចិត្តរបស់យើងផងដែរ ដែលកត្តាទាំងពីរនេះអាចរារាំងរូបយើងមិនឲ្យមានសភាពមនោភ្លឺថ្លាច្បាស់ និងល្អបរិសុទ្ធ និងអ្វីៗផ្សេងទៀត។
មនុស្សមួយចំនួនខ្លះយល់ខុសថាសមាធិចំពោះពួកគេគឺជាការឈប់គិត។ តែជាជាងការឈប់គិត សមាធិគួរតែជាការឈប់គិតនូវរាល់ការគិតស្រមើស្រមៃបែកអារម្មណ៍អណ្តែតអណ្តូងមិនចាំបាច់ ចំពោះរឿងរ៉ាវនៅក្នុងអនាគត។ ឧបមាថាៈ«តើខ្ញុំបានអីស៊ីល្ងាចនេះ?» និងការគិតអវិជ្ជមានថា «អ្នកធ្វើអាក្រក់ដាក់ខ្ញុំកាលពីម្សិលមិញ អ្នកគឺជាមនុស្សអាក្រក់ណាស់!» ជាដើម។ ការគិតទាំងអស់នេះឋិតនៅក្នុងអម្បូរនៃមនោត្រាច់ចររង្គត់គ្រប់ទិសទី និងជាប្រភេទកិលេស។
ទោះបីយ៉ាងណាក៍ដោយ ការឈានទៅរកការស្ងប់ចិត្តគឺជាមធ្យោបាយមួយ៖ មិនមែនជាគោលដៅចុងក្រោយទេ។ កាលណាយើងកាន់តែស្ងប់ កាន់តែច្បាស់ និងបើកចិត្តកាន់តែទូលាយ នោះយើងអាចប្រើប្រាស់ចិត្តនៅក្នុងន័យវិជ្ជមាន ឬជាកុសល។ យើងអាចប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃ ហើយយើងអាចប្រើប្រាស់វានៅខណៈពេលដែលយើងអង្គុយបដិបត្តិសមាធិដើម្បីព្យាយាម ស្វែងយល់ឲ្យបានច្បាស់អំពីស្ថានភាពជីវិតរបស់យើង។ មនោដែលមានកិលេស និងមិនមានការគិតផ្តេសផ្តាសឥតប្រយោជន៍ យើងអាចគិតបានកាន់តែច្បាស់ជាងមុនចំពោះប្រធានបទនានាដូចជា «តើខ្ញុំបាននឹងកំពុងធ្វើអ្វីខ្លះហើយនៅក្នុងជីវិតរបស់ខ្ញុំ? តើមានអ្វីកើតឡើងនៅក្នុងទំនាក់ទំនងដ៍សំខាន់នេះ តើវាល្អឬមិនល្អ?» យើងអាចធ្វើការវិភាគ ត្រង់នេះគេហៅថា ការវិភាគចំពោះខ្លួនឯង។ ដើម្បីយល់ឲ្យបានច្បាស់អំពីប្រភេទនៃបញ្ហាអស់ទាំងនេះ និងដើម្បីធ្វើការវិភាគឲ្យបានផ្លែផ្កា ចាំបាច់ណាស់យើងត្រូវការមនោដែលមានសភាពភ្លឺថ្លាច្បាស់ល្អ និយាយឲ្យខ្លីគឺយើងត្រូវការចិត្តស្ងប់ ហើយសមាធិជាវិធីសាស្រ្តមួយដែលអាចពាំនាំនូវសភាពនៃមនោនេះមកឲ្យយើង។
ការគិតសន្មត់ និងសភាពពិតនៃមនោ
វិធីសាស្រ្តនៃការបង្រៀនសមាធិជាច្រើនបានបង្រៀនឲ្យយើងកម្ចាត់បងនូវការគិតសន្មត់ស្រមើស្រមៃចោលឳ្យអស់ពីសណ្តាន នោះយើងនឹងសម្រេចបាននូវសភាពពិតប្រាកដនៃចិត្ត។ ជាបឋម ការណែនាំនេះមិនមែនមាននៅគ្រប់ការបដិបត្តិសមាធិទេ។ តែគេសំដៅដល់ការបដិបត្តិសមាធិជាន់ខ្ពស់ ដែលធ្វើការផ្តោតលើសច្ចភាព ឬសភាវៈពិត។ តែទោះបីយ៉ាងណាក៍ដោយ មានទម្រង់នៃការគិតសន្មត់បែបស្រមើស្រមៃមួយប្រភេទ ដែលរាល់វិធីសាស្រ្តសមាធិទាំងអស់ គេបង្រៀនឲ្យកម្ចាត់បង់វាចោល។ ប៉ុន្តែដើម្បីយល់ឲ្យបានច្បាស់អំពីប្រភេទខុសៗគ្នានៃការគិតសន្មត់ស្រមើស្រមៃដែលគេបានលើកឡើងនៅក្នុងវិធីសាស្រ្តសមាធិនោះ ជាធុរៈដ៍សំខាន់បំផុតយើងត្រូវតែយល់ឲ្យបានច្បាស់ថាតើពាក្យថា «គិតសន្មត់ស្រមើស្រមៃមិនពិតនេះ» មានអត្ថន័យយ៉ាងណានៅក្នុងព្រះពុទ្ធសាសនា។
ការគិតស្រមើស្រមៃមិនសំដៅត្រឹមតែសំលេងបន្លឺឡើងនៅក្នុងចិត្តយើងតែម៉្យាងទេ
មនុស្សមួយចំនួនខ្លះគិតថា ការគិតស្រមើស្រមៃអណ្តែតអណ្តូងបែបនេះគឺជារឿងធម្មតាដែលកើតមានឡើង ឬបន្លឺឡើងនៅក្នុងចិត្តរបស់យើងរៀងរាល់ថ្ងៃ (ជាអ្វីដែលគេហៅថា «សំលែងនៅក្នុងចិត្ត») ហើយគេជឿទៀតថាដើម្បីឈប់គិតស្រមៃ គឺមានតែការបញ្ឈប់សំលែង(ការគិតស្រមៃ)នៅក្នុងចិត្តនោះឲ្យអស់។ បញ្ឈប់សំលេងនៃការគិតនៅក្នុងចិត្តគឺគ្រាន់តែជាចំណុចចាប់ផ្តើមមួយតែប៉ុណ្ណោះ (ជាចំណុចចាប់ផ្តើមមួយដ៍សំខាន់) ប៉ុន្តែត្រូវដឹងថាវាគឺជាជំហានដំបូងមួយតែប៉ុណ្ណោះ។ ជាការរម្ងាប់សំលេងនៃការគិតជំរុញឡើងដោយពពួកអារម្មណ៍រំខានសៅហ្មងនានា ដើម្បីឲ្យយើងទទួលបាននូវចិត្តស្ងប់។ អ្នកខ្លះទៀតគេគិតថាដើម្បីយល់ឲ្យបានច្បាស់លាស់ចំពោះរឿងអ្វីមួយ អ្នកត្រូវតែយល់វាឲ្យបានច្បាស់តាមបែបការគិតស្រមៃនេះ ប៉ុន្តែការគិតស្រមៃ និងសម្មាទិដ្ឋិមិនកើតឡើងនៅពេលតែមួយនោះទេ (សម្មាទិដ្ឋិ ការយល់ត្រូវ)។ ត្រង់នេះមិនមែនជាករណីបែបនេះទេ។
ដើម្បីលាតត្រដាងនូវភាពស្មុគស្មាញស្តីអំពីការគិតសន្មត់បែបស្រមើស្រមៃ ធុរៈដំបូងបំផុតយើងត្រូវតែបែងចែកឲ្យច្បាស់រវាងការបន្លឺសំលែងគិតអំពីអ្វីមួយនៅក្នុងចិត្តយើង ឲ្យដាច់ពីការយល់ដឹងច្បាស់អំពីអ្វីមួយ។ យើងអាចបន្លឺសំលែងនៃការគិតនៅក្នុងចិត្តយើង ដោយមាន ឬដោយគ្មានការយល់ដឹងត្រូវ។ ឧបមាថា៖ យើងអាចសូត្រធម៌ជាភាសាបរទេស ដោយយល់ ឬដោយមិនយល់ថាធម៌នោះមានន័យយ៉ាងណា ភាពស្រដៀងគ្នានេះដែរ យើងអាចយល់ដឹងអំពីអ្វីមួយច្បាស់បាន ដោយមាន ឬដោយមិនចាំបាច់ពន្យល់ថាតើវាមានអត្ថន័យយ៉ាងណានៅក្នុងចិត្តយើងនោះទេ ឧបមាថា៖ អារម្មណ៍ដែលមានស្នេហា។
ទោះបីយ៉ាងណាក៍ដោយ បញ្ហានៃការគិតស្រមើស្រមើសន្មត់មិនពិត ធៀបនឹងសភាពពិតនៃចិត្តនៅក្នុងសមាធិ មិនមែនជាបញ្ហានៃការយល់ត្រូវ ឬមិនយល់ត្រូវចំពោះអ្វីមួយនោះទេ។ នៅក្នុងការបដិបត្តិសមាធិ ក៍ដូចនៅក្នុងជីវិតប្រចាំថ្ងៃដែរ យើងត្រូវតែរក្សានូវការយល់ត្រូវ មិនថាការគិតសន្មត់ មិនសន្មត់ក្តី គិតនៅក្នុងចិត្ត ឬមិនគិតក្តី ហើយជួនពេលខ្លះការបន្លឺសំលែងគិតនៅក្នុងចិត្តអាចជាជំនួយមួយ តែជួនពេលខ្លះទៀតមិនមានប្រយោជន៍ក៍ថាបាន ពោលគឺមិនខាន់។ ឧបមាថាៈ ការចងខ្សែរស្បែកជើង៖ អ្នកយល់ត្រូវអំពីរបៀបចងខ្សែរស្បែកជើងរបស់អ្នក។ សំនួរសួរថា៖ តើអ្នកត្រូវតែបន្លឺសំលែងនៃការគិតអំពីរបៀងចងខ្សៃរស្បែកជើងនេះទេ? មិនចាំបាច់ទេ។ តាមពិតខ្ញុំគិតថាភាគច្រើនយើងច្បាស់ជាមានការពិបាកក្នុងការនិយាយពន្យល់អំពីរបៀបចងខ្សែរស្បែកជើងនោះពុំខានឡើយ តែទោះជាយ៉ាងណាយើងមានការយល់ត្រូវ។ បើគ្មានការយល់ត្រូវនេះទេ យើងមិនអាចធ្វើអ្វីបានទេនៅក្នុងជីវិត តើយើងអាចទេ? សូម្បីតែបើកទ្វារក៍យើងមិនអាចបើកបានផងបើគ្មានការយល់ត្រូវនេះទេ។
បើយោងទៅតាមទស្សនទានជាច្រើន គេយល់ឃើញថាការគិតបន្លឺសំលែងតាមពិតគឺជាជំនួយមួយដ៍មានប្រយោជន៍ យើងត្រូវការការគិតបន្លឺសំលែងនៅក្នុងចិត្តនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៍ទៃ។ តែបើទោះបីយ៉ាងនេះក្តីការគិតបន្លឺសំលែងនៅក្នុងការគិតរបស់យើងគឺមិនមែនជារឿងចាំបាច់នោះទេ ប៉ុន្តែការគិតបន្លឺសំលែងខ្លួនឯងនេះគឺមានសភាពអព្យាក្រឹត្ត បានសេចក្តីថាគេអាចប្រើប្រាស់នៅក្នុងន័យជាប្រយោជន៍ឬនៅក្នុងន័យអកុសលផ្សេងៗ។ ឧបមាថាៈ ការសូត្រទន្ទេញនៅក្នុងចិត្តគឺជាប្រភេទនៃការបន្លឺសំលែងនៅក្នុងការគិតដែលចម្រើន និងជួយរក្សានូវភាពរំញ័រនៅក្នុងការគិតឬនៅក្នុងចិត្ត ហើយសណ្ឋាននៃការសូត្រជាប្រចាំនោះគឺអាចជាជំនួយ ដែលជួយយើងឲ្យមានសតិនៅក្នុងចិត្ត។ ឧទាហរណ៍៖ នៅពេលចម្រើនក្តីមេត្តានិងករុណា ប្រសិនបើយើងសូត្រធម៌(បែបទីបេ) បែបនេះ អូម ម៉ានី ផែតមី ហូម នោះវាហាក់ដូចជាងាយស្រួលសំរាប់យើងបន្តិចដើម្បីរក្សាសតិឲ្យឋិតនៅក្នុងសភាពនៃក្តីករុណាដែលយើងកំពុងតែចម្រើននោះ បើទោះបីជាអ្នកអាចរក្សាសតិឲ្យឋិតនៅក្នុងការចម្រើនក្តីករុណាដោយគ្មានការបន្លឺសំលែងសូត្រអ្វីសោះក៍ដោយក្តី ដូច្នេះបានសេចក្តីថា ការបន្លឺសំលែងនេះគឺគ្មានបញ្ហាអ្វីនោះទេ។ ម៉្យាងវិញទៀត ពិតណាស់យើងត្រូវការធ្វើចិត្តឲ្យស្ងប់ កាលណាចិត្តចេះតែគិត និងបន្លឺសំលែងឥតប្រយោជន៍នានា។
ការគិតសន្មត់មានន័យថា ជាការបែងចែកទៅតាមប្រភេទនៃវត្ថុនីមួយៗឲ្យស្របទៅតាមការសន្មត់នោះ
ប្រសិនបើបញ្ហានៃការគិតសន្មត់នេះមិនមែនជាបញ្ហាស្តីអំពីការគិតសន្លឺសំលែង ឬស្តីអំពីសម្មាទិដ្ឋិទេ នោះតើអ្វីទៅជាបញ្ហានៅទីនេះ? តើអ្វីទៅជាចិត្តគិតសន្មត់ស្រមើស្រមៃមិនពិត ហើយតើការណែនាំអំពីការបដិបត្តិសមាធិមានអត្ថន័យយ៉ាងណា នៅពេលដែលការណែនាំនោះពន្យល់ប្រាប់យើងថាយើងត្រូវតែកម្ចាត់បង់ការគិតសន្មត់នោះចោល? តើការណែនាំនេះមាននៅគ្រប់កំរិតនៃសមាធិ និងមាននៅក្នុងជីវិតប្រចាំថ្ងៃទេ? ជាធុរៈសំខាន់ដែលយើងត្រូវតែបកស្រាយឲ្យច្បាស់អំពីចំណុចទាំងអស់នេះ។
ចិត្តគិតសន្មត់មានអត្ថន័យថាជាការគិតនៅក្នុងន័យនៃការចាត់របស់របរទៅតាមប្រភេទនីមួយៗរបស់វា ដាក់ទៅតាមប្រអប់នៃប្រភេទនៃការគិតនីមួយៗនោះ ឧបមាដូចជាពាក្យថា «ល្អ» ឬ ពាក្យថា «អាក្រក់» «ខ្មៅ» ឬ «ស» «ឆ្កែ» ឬ «ឆ្មា» ជាដើម។ (ឧទាហរណ៍៖ ពាក្យថាអាក្រក់ឬល្អ ពាក្យនេះខ្លួនឯងផ្ទាល់គ្មានន័យអ្វីទេ តែយើងជាមនុស្សនេះជាអ្នកសន្មត់ចំពោះពាក្យនេះ ដើម្បីបង្កើតឡើងជាភាសាជាដើម)។
ឥឡូវនេះពិតជាក់ស្តែងណាស់ពេលណាយើងទៅទិញឥវ៉ាន យើងត្រូវតែអាចសម្គាល់ និងបែងចែកឲ្យច្បាស់វាងផ្លែប៉ោម និងផ្លែក្រូច ឬ បែងចែករវាងផ្លៃឈើខ្ចី និងទុំជាដើម នៅក្នុងករណីបែបនេះ ការគិតចាត់ទៅតាមប្រភេទ និងទៅតាមប្រអប់នៃការគិតនេះគ្មានបញ្ហាអ្វីទេ។ ប៉ុន្តែមានប្រភេទផ្សេងៗទៀតនៃការគិតចាត់ទៅតាមប្រភេទនេះដែលជាបញ្ហា។ មួយដែលជាបញ្ហានោះគឺ «ការគិតសន្មត់ទុកមុន» អំពីអ្វីមួយ ឬអំពីនរណាម្នាក់។
ឧទាហរណ៍នៃការគិតសន្មត់ទុកមុនគឺ៖ «ខ្ញុំរំពឹងគិតទុកថាអ្នកមានចិត្តមិនល្អចំពោះខ្ញុំទេ អ្នកជាមនុស្សអាក្រក់ ពីព្រោះថាកាលពីអតីតកាលអ្នកបានធ្វើបែបនេះ និងបែបនោះ ហើយឥឡូវនេះខ្ញុំគិតទុកមុនថា អ្នកនឹងបន្តប្រព្រឹត្តខ្លួនធ្វើជាមនុស្សអាក្រក់បន្តទៀត មិនថាមានរឿងអ្វីកើតឡើងឡើយ»។ យើងបានគិតសន្មត់ទុកមុនថាបុគ្គលនេះគឺជាមនុស្សមិនល្អរួចទៅហើយ ហើយថាគេនឹងបន្តធ្វើជាមនុស្សអាក្រក់តទៅទៀត នោះហើយគឺជាការគិតសន្មត់ទុកមុន។ នៅក្នុងចិត្តរបស់យើង យើងបានចាត់បុគ្គលនោះទៅតាមប្រភេទនៃការគិត ពោលគឺ «មនុស្សអាក្រក់» ហើយពិតណាស់ ប្រសិនបើយើងគិតបែបនោះ នោះពាក្យថា«គេជាមនុស្សអាក្រក់ មានចិត្តមិនល្អចំពោះយើងទេ» នេះគឺជាគំនិតរបស់យើងគិតចំពោះគេទេ។ ដែលការគិតនេះជាឧបសគ្គរវាងយើងនិងគេ។ ការគិតសន្មត់ទុកមុនចំពោះបុគ្គលណាម្នាក់ អាចជះឥទ្ធិពលដល់របៀបដែលយើងប្រាស្រ័យទាក់ទងជាមួយគេ។ ដូច្នេះបានន័យថា ការគិតសន្មត់ទុកមុនគឺជាសភាពនៃចិត្ត ដែលបែងចែក និងចាត់ជាប្រភេទទៅតាមវត្ថុនីមួយៗ។
សភាពគ្មានការគិតសន្មត់ស្រមើស្រមៃ
សភាពពិតនៃចិត្តដោយគ្មានការគិតសន្មត់ស្រមើស្រមៃនេះមានច្រើនកំរិតណាស់ ប៉ុន្តែកំរិតមួយនោះគឺថា ត្រូវតែបើកចិត្តឲ្យទូលាយចំពោះស្ថានភាពណាមូយដែលកើតឡើងចំពោះយើង។ ឥឡូវនេះ មិនមែនមានន័យថាយើងត្រូវតែទំលាក់ចោលឲ្យអស់នូវការគិតសន្មត់ស្រមើស្រមៃនោះទេ។ ឧបមាថា៖ បើសិនមានឆ្កែមួយក្បាស់ដែលបានខាំគេឯងជាច្រើននាក់នោះ នោះនៅពេលណាយើងគិតស្រមៃដល់ពាក្យថា «ឆ្កែខាំ» នោះវាធ្វើឳ្យយើងមានការប្រុងប្រយ័ត្នចំពោះឆ្កែ។ យើងមានការប្រុងប្រយ័ត្នចំពោះសត្វ ប៉ុន្តែយើងពុំមានការគិតសន្មត់ទុកមុនថា «ឆ្កែមួយក្បាលនោះច្បាស់ជាខាំអញមិនខាន ដូច្នេះអញមិនចង់ទៅក្បែរឆ្កែនោះទេ» នៅទីនេះយើងមើលឃើញថាមានតុល្យភាពខ្លះៗ រវាងការទទួលយកនូវស្ថានភាពដែលកំពុងកើតឡើង និងភាពគ្មានការគិតសន្មត់ទុកមុនដែលអាចររាំងយើងមិនឳ្យសោយនូវស្ថានភាពនោះពេញលេញ។
កំរិតនៃសភាពពិតនៃចិត្តដែលត្រូវការជាចាំបាច់នៅក្នុងការបដិបត្តិសមាធិគឺជាចិត្តដែលគ្មានការគិតសន្មត់ទុកមុនចំពោះអ្វីមួយ។
ការណែនាំមួយក្នុងចំណោមការណែជាទូទៅភាគច្រើនគឺត្រូវបដិបត្តិសមាធិដោយគ្មានការគិតរំពឹងទុកចង់បានអ្វីមួយទេ និងដោយគ្មានការព្រួបារម្ភចំពោះអ្វីទាំងអស់។ ការគិតសន្មត់ទុកមុនអំពីការបដិបត្តិសមាធិអាចជាការគិតរំពឹងទុកថា ការបដិបត្តិសមាធិរបស់អ្នកនឹងប្រព្រឹត្តទៅល្អអស្ចារ្យ ឬក៍ត្រឡប់ទៅជាការភ័យព្រួយថា ជើងរបស់អ្នកនឹងស្ពឹកស្រពន់ ឈឺ ឬក៍គិតថា «ខ្ញុំនឹងមិនជោគជ័យក្នុងការបដិបត្តិសមាធិឡើយ» ជាដើម។ គំនិតរំពឹងទុក ការព្រួយបារម្ភ គឺជាការគិតសន្មត់ទុកមុន មិនថាអ្នកគិតបន្លឺសំលែងវាឡើងនៅក្នុងចិត្តឬអត់នោះទេ។ ការគិតបែបនេះ គឺជាការគិតចាត់សមាធិទៅតាមប្រអប់ ទៅតាមប្រភេទសន្មត់នៅក្នុងចិត្ត ប្រៀបដូចជាការស្រមើស្រមៃអណ្តែតអណ្តូងដែលគេហៅថា «បទពិសោធន៍ស្រមើស្រមៃអណ្តែតអណ្តូង» ឬ ស្រមៃថាជា «បទពិសោធន៍ឈឺចាប់» ជាដើម។ សភាពពិតនៃចិត្តគ្មានការគិតសន្មត់ចំពោះសមាធិ គឺជាសភាពនៃចិត្តពិតប្រាកដដែលគ្រាន់តែទទួលយកនូវអ្វីដែលកើតឡើង និងដោះស្រាយទប់ទល់ជាមួយវាឳ្យស្របទៅតាមការណែនាំនៅក្នុងវិធីសាស្រ្តសមាធិ ដោយគ្មានការវាយតម្លៃ កាត់សេចក្តីចំពោះស្ថានភាពដែលកើតឡើងនោះទេ។
សេចក្តីសង្ខេប
ដោយគ្មានការយល់ដឹងច្បាស់អំពីប្រភេទផ្សេងៗនៃការគិតសន្មត់ស្រមើស្រមៃនេះទេ យើងអាចគិតខុសថាវាមានគ្រោះថា្នក់ចំពោះការបដិបត្តិសមាធិ និងជីវិតប្រចាំថ្ងៃផងដែរ។ នៅក្នុងវិធីសាស្រ្តសមាធិភាគច្រើន យើងត្រូវតែរម្ងាប់សំលែង ដែលកើតមានឡើងនៅក្នុងការគិតរបស់យើង(ក្នុងខួរក្បាល)និងទម្លាក់ចោលឳ្យអស់នូវរាល់ការគិតសន្មត់ទុកមុននានា។ ប៉ុន្តែលើកលែងតែអ្នកបដិបត្តិជាន់ខ្ពស់ចេញ ចំពោះអ្នកបដិបត្តិធម្មតា ការយល់ដឹងចំពោះអ្វីមួយ មិនថានៅក្នុងសមាធិ ឬនៅក្រៅសមាធិទេ គឺទាមទារនិងតម្រូវនូវការគិតសន្មត់នៅក្នុងចិត្ត ទៅតាមប្រភេទនីមួយៗ ដែលចង់ឬមិនចង់យើងបង្កើតវាទៅជាពាក្យដើម្បីសម្គាល់។