ភាពពេញបរិបូរណ៍ដោយប្រាជ្ញា៖ ប្រាជ្ញាបារមី

ប្រសិនបើយើងមិនមានប្រាជ្ញាដើម្បីអាចសម្គាល់ឳ្យបានពិតប្រាកដចំពោះភាពខុសគ្នារវាងសច្ចៈនិងភាពស្រមើស្រមៃទេ នោះយើងច្បាស់ជាមិនមាននូវមធ្យោបាយដ៍សំខាន់បំផុតដើម្បីបំពេញនូវគោលបំណងផ្លូវចិត្តរបស់ខ្លួននិងរបស់អ្នកដ៍ទៃតាមបែបលោកិយ៍នេះជាក់ជាមិនខាន។ ដោយឋិតនៅក្នុងសភាពគ្មានសតិនិងមោហៈ កិច្ចអ្វីដែលយើងអាចធ្វើបានគឺគ្រាន់តែប៉ាន់ស្មាន នូវធុរៈអ្វីដែលជាប្រយោជន៍ដល់ខ្លួននិងដល់គេ មិនច្បាស់លាស់ ហើយជារឿយៗការប៉ាន់ស្មាននោះគឺខុស។ ដោយមានប្រាជ្ញាបារមី ពោលភាពពេញបរិបូរណ៍ដោយប្រាជ្ញា គួបផ្សំជាមួយនឹងមេត្តាធម៌ និងបំណងពុទ្ធិចិត្តផង យើងអាចក្លាយខ្លួនជាសម្មាសម្ពុទ្ធ ពេលនោះយើងនឹងដឹងនូវវិធីសាស្រ្តសព្វគ្រប់ពេញបរិបូរណ៍ និងដ៍មានប្រសិទ្ធិភាពដើម្បីជាប្រយោជន៍ដល់សព្វសត្វៈលោកទាំងអស់។

គុណធម៌ដែលដឹកនាំរូបយើងឳ្យធ្វើដំណើរទៅដល់ទីដ៍សែនឆ្ងាយនេះ ពោលគឺត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «ប្រាជ្ញាបារមី» ភាពពេញបរិបូរណ៍ដោយប្រាជ្ញា គឺជាបារមីចុងក្រោយបង្អស់នៃបារមីទាំងប្រាំមួយនៅទីនេះ។ ប្រាជ្ញាបារមី អាចឳ្យយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយ គ្រប់ចំណុចលម្អិតទាំងអស់នៃកិច្ចឬធុរៈអ្វីមួយ ដែលយើងប្រាថ្នាចង់ដឹង ដើម្បីឳ្យទទួលបាននូវការត្រាស់ដឹង និងធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប។ មានការបែងចែកជាបី ប្រាជ្ញាបារមីដែលយល់ដឹងច្បាស់លាស់ត្រឹមត្រូវ៖ 

កំរិតបរមត្ថសច្ចៈ យល់ដឹងស៊ីជម្រៅពីធម្មជាតិនៃសភាវៈពិត ពោលគឺអនត្តសញ្ញា (អនត្តា)។

សម្មតិសច្ចៈ ចំណេះវិជ្ជាសំខាន់ៗទាំងប្រាំ៖ សិល្បៈ សិល្បៈហត្ថកម្ម ឳសថសាស្រ្ត ភាសា វេយ្យាករណ៍ តក្កសាស្រ្ត និងចំណេះដឹងផ្លូវចិត្តនៃព្រះធម៌ព្រះពុទ្ធសាសនា ជាពិសេសស្តីអំពីជំហាននៃការត្រាស់ដឹង និងវិធីសាស្រ្តដើម្បីសម្គាល់នូវសញ្ញានៃការសម្រេចបាននូវការត្រាស់ដឹងនេះ។ 

វិធីសាស្រ្តដើម្បីធ្វើជាប្រយោជន៍ដល់សព្វសត្វៈលោក ដែលកំពុងសោយទុក្ខ ដល់មនុស្សដប់មួយប្រភេទ(១១) ដែលមានពិភាក្សាមកហើយនៅក្នុងសីលបារមី វិរយបារមី និងឧបេក្ខាបារមី។ 

ដោយមានប្រាជ្ញាបារមីយើងអាចគិតវិភាគបានយ៉ាងត្រឹមត្រូវពិតប្រាកដមិនស្ទាក់ស្ទើរ៖

  • គោលបំណងវិជ្ជមានដែលយើងប៉ង
  • អត្ថប្រយោជន៍ពីការសម្រេចបាននូវគោលបំណងនោះ
  • គុណវិបត្តិកើតមានដោយសារមិនសម្រេចគោលដៅនោះ
  • វិធីសាស្រ្តដ៍មានប្រសិទ្ធិភាពដើម្បីសម្រេចគោលដៅនោះ
  • របៀបបដិបត្តិឬអនុវត្តយ៉ាងត្រឹមត្រូវនូវវិធីសាស្រ្តនោះ
  • ឧបសគ្គដែលអាចកើតមាននៅកំឡុងពេលបដិបត្តិ
  • វិធីសាស្រ្តដើម្បីចៀសវាង ឬដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ

បើគ្មានការយល់ដឹងច្បាស់លាស់ដែលកើតឡើងពីប្រាជ្ញាបារមីនេះទេ យើងនឹងប្រតិបត្តិព្រះពុទ្ធសាសនាដោយងងឹតងងុល យល់មិនច្បាស់អំពីកិច្ចអ្វីដែលយើងកំពុងតែផ្តោតបំណង ហេតុអ្វីយើងផ្តោតគោលដៅលើកិច្ចនោះជាដើម តើយើងសម្រេចវាដោយរបៀបណា តើយើងនឹងយកវាមកធ្វើអ្វីនៅពេលយើងសម្រេចវាបានហើយជាដើម។ បើគ្មានប្រាជ្ញាទេការបដិបត្តិរបស់យើងនឹងលាយឡំជាមួយភាពអាត្មានិយម អវិជ្ជា លាយឡំនឹងកិលេស ហើយប្រការទាំងអស់នេះនឹងធ្វើឳ្យមានគ្រោះថ្នាក់ ដល់ឳកាសនៃភាពជោគជ័យណាមួយរបស់យើង។ 

ប្រាជ្ញាបារមីគឺជាគុណធម៌សារវ័នដើម្បីយកបារមីទាំងប្រាំមួយទៀតមកប្រតិបត្តិឳ្យបានត្រឹមត្រូវ ពោលគឺទានបារមី សីលបារមី ខន្តីបារមី វិរយបារមី ឧបេក្ខាបារមី និងឈានបារមី។ ដោយមានប្រាជ្ញាបារមីនេះយើងអាចធ្វើការគិតវិភាគបានយ៉ាងត្រឹមត្រូវដោយគ្មានភាពស្ទាក់ស្ទើរអ្វីឡើយ៖

  • ទានដែលសមរម្យនិងមិនសមរម្យដែលគួរឳ្យ និងអ្នកដែលគួរឳ្យ លើសពីនេះទៅទៀត គឺភាពគ្មានអត្តភាព(មិនប្រកាន់មាំចំពោះតួអត្តភាព អនត្តា) ចំពោះខ្លួនឯងនិងចំពោះបុគ្គលដែលយើងឳ្យទាន ដើម្បីឳ្យយើងអាចឳ្យនូវអ្វីដែលជាប្រយោជន៍ដោយគ្មានក្តីឧបាទាន គ្មានភាពអួតអាង និងគ្មានការសោកស្តាយអ្វីទេ។ 
  • កិច្ចអ្វីដែលជាប្រយោជន៍ និងកិច្ចអ្វីដែលបង្កទុក្ខទោសដល់ខ្លួននិងដល់អ្នកដ៍ទៃ ទុក្ខនៅក្នុងវាលវដ្តសង្សារ និងគុណវិបត្តិ ឬបញ្ហាដែលកើតមានបណ្តាលមកពីការមិនគិតខ្វល់ចំពោះព្រះនិព្វាន ដែលជាទីឋានយើងអាចប្រើប្រាស់សីលបានយ៉ាងល្អបរិសុទ្ធ និងដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប និងមិនមែនដើម្បីបំពេញតែភាពអាត្មានិយមផ្ទាល់ខ្លួនរបស់យើងឡើយ។ 
  • កំហុសនៃភាពគ្មានធម៌ខន្តី និងអត្ថប្រយោជន៍កើតមានពីធម៌ខន្តី ដើម្បីឳ្យយើងស៊ូប្រកបដោយមេត្តានិងករុណាចំពោះការឆ្លើយតបដោយអវិជ្ជមានពីអ្នកដ៍ទៃ ទៅកាន់កិច្ចខិតខំរបស់យើងដើម្បីជួយដល់គេ និងស៊ូនូវរាល់ការលំបាកនៅក្នុងការបដិបត្តិព្រះធម៌ ដោយគ្មានចិត្តទោសៈអ្វីទាំងអស់។ 
  • មូលហេតុដែលនាំឳ្យយើងផ្តោតគោលដៅឆ្ពោះទៅរកមាគ៌ាផ្លូវចិត្ត និងតើវិធីសាស្រ្តដែលយើងបដិបត្តិនេះនឹងនាំយើងឳ្យទៅដល់គោលដៅនោះដោយរបៀបណា ដើម្បីឳ្យតស៊ូនៅក្នុងការបដិបត្តិរបស់យើងដោយគ្មានភាពខ្ជិលច្រអូស ឬដោយគ្មានការបាក់ទឹកចិត្ត និងគ្មានការបោះបង់ចោលទេ។ 
  • តើអ្វីជាសភាវៈពិតនិងអ្វីជាការស្រមើស្រមៃចំពោះរឿងមិនពិត ដើម្បីឈានបារមីនិងឧបេក្ខាបារមីផ្តោតលើធម្មជាតិពិតនៃសភាវៈពិត ដែលវានឹងផ្តល់ឳ្យយើងនូវវិមុត្តិសុខ និងការត្រាស់ដឹង។ លើសពីនេះទៅទៀត ការមានប្រាជ្ញាបារមីនៅក្នុងគោលដៅរបស់យើង នោះបានសេចក្តីថាយើងមិនភ្លេចខ្លួន សប្បាយហួសប្រមាណនៅក្នុងភាពស្ងប់សុខដែលកើតពីសមាធិ ដែលអាចធ្វើឳ្យយើងបែកអារម្មណ៍ ចេញពីគោលដៅនៃការជួយដល់មនុស្សគ្រប់រូប។ 
Top