របៀបធ្វើជាអ្នកមានឥទ្ធិពលវិជ្ជមានដល់អ្នកដ៍ទៃ

យើងគ្រាន់តែអាចជួយឳ្យគេដឹកនាំជីវិតរស់នៅរបស់គេឳ្យកាន់តែមានភាពវិជ្ជមាន ប្រសិនបើគេបើកចិត្តស្តាប់ និងទទួលយកនូវអ្វីដែលយើងប្រាប់គេ។ មនុស្សមួយចំនួនខ្លះដែលយើងជួប គេមានសណ្តានចិត្តល្អបើកទូលាយចំពោះយើងស្រាប់ ហើយអ្នកខ្លះក្នុងចំណោមពួកយើង អាចជាមនុស្សដែលមានវោហារសាស្រ្តពូកែក្នុងការនិយាយស្តី។ ប៉ុន្តែក្រៅពីករណីទាំងអស់នេះ ប្រសិនបើយើងមានសណ្តានសប្បុរស ផ្តល់ដំបូន្មានដល់គេប្រកបដោយឥរិយាបថសមរម្យ និងបង្ហាញដល់គេយ៉ាងច្បាស់ដើម្បីឳ្យគេអនុវត្ត និងធ្វើជាគំរូចំពោះអ្វីដែលយើងបានប្រាប់គេ នោះមនុស្សគេនឹងមកស្តាប់យើង និងទទួលយកនូវភាពវិជ្ជមានរបស់យើងជាក់ជាមិនខាន។

ពេលយើងកំពុងព្យាយាមបដិបត្តិដើម្បីឈានទៅរកការត្រាស់ដឹង យើងខំបដិបត្តិដើម្បីចម្រើនបារមីប្រាំមួយដែលយើងត្រូវការ ដូចព្រះសម្មាសម្ពុទ្ធ ដើម្បីឳ្យព្រះអង្គអាចជួយដល់មនុស្សគ្រប់រូបបាន ប៉ុន្តែដើម្បីជួយឳ្យគេបដិបត្តិ ឬចម្រើនគុណធម៌របស់គេឳ្យល្អផូរផង់នោះ ធុរៈដំបូងបំផុតយើងត្រូវតែប្រមែប្រមូលគេឳ្យមកជុំគ្នា តាមរយៈឥទ្ធិពលវិជ្ជមានរបស់យើងនេះជាមុនសិន។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនវិធីសាស្រ្តដើម្បីសម្រេចគោលដៅនេះយ៉ាងមានប្រសិទ្ធិភាពតាមរយៈវិធីសាស្រ្តបួនយ៉ាង៖

១ ធ្វើជាមនុស្សចិត្តសប្បុរស

យើងត្រូវតែធ្វើជាមនុស្សដែលមានចិត្តសប្បុរសចំពោះមនុស្សគ្រប់រូប នៅទីណាដែលយើងអាចធ្វើបាន។ កាលណាមានគេមកលែងយើង មកសួរសុខទុក្ខយើង យើងត្រូវតែផ្តល់នូវភេសជ្ជៈផ្សេងៗដល់គេទទួលទាន ប្រសិនបើយើងចេញទៅបរិភោគអាហារនៅខាងក្រៅ យើងអាចចេញថ្លៃអាហារនោះឳ្យគេ។ សប្បុរសនៅទីនេះមិនគ្រាន់តែជាការឳ្យរបស់របរផ្សេងៗដល់អ្នកដ៍ទៃទេ អ្វីដែលសំខាន់បំផុតគឺការសប្បុរសចំពោះពេលវេលារបស់យើង។ ចំណាយពេលវេលា និងមានឆន្ទៈដើម្បីរៀនពីគេ ស្តាប់បញ្ហារបស់គេដោយស្មោះអស់ពីចិត្ត និងស្តាប់គេដោយយកចិត្តទុកដាក់ និងយកជាការ នោះគឺជារឿងដ៍អស្ចារ្យណាស់ដែលយើងមិនគួរមើលរំលងសោះឡើយ។ ប្រការនេះធ្វើឳ្យគេមានអារម្មណ៍ថាយើងទទួលស្គាល់គេ និងធ្វើឳ្យគេមានអារម្មណ៍ល្អ ហើយគេនឹងមានអារម្មណ៍សប្បាយរីករាយ និងមានសេចក្តីសុខកាលណាបានឋិតនៅជាមួយយើង។ នេះគឺជាជំហានដំបូងនៅក្នុងការបើកចិត្តឳ្យទូលាយចំពោះឥទ្ធិពលវិជ្ជមានរបស់យើង។ 

២ វាចាសមរម្យ

ដើម្បីធ្វើឳ្យគេកាន់តែបើកចិត្តឳ្យទូលាយចំពោះយើង យើងចាំបាច់ត្រូវតែមានវាចាល្អសមរម្យជាមួយគេ។ ត្រង់នេះគឺវាចាពាក្យសំដីដែលគេអាចងាយស្រួលយល់ ងាយស្រួលស្តាប់ ប្រើប្រាស់ភាសាដែលគេអាចយល់បានយ៉ាងងាយស្រួល និងពោលពាក្យវាចាឳ្យស្របទៅតាមបំណងរបស់គេ អ្វីដែលគេចង់បាន។ សរុបមកគឺយើងចង់ឳ្យគេមានអារម្មណ៍ជាសុខ ជាមួយយើង។ យើងសួរសុខទុក្ខគេ សួរអំពីសុខភាពរបស់គេ និងបង្ហាញចំណាប់អារម្មណ៍របស់យើងឳ្យគេឃើញ ចំពោះអ្វីដែលកំពុងតែកើតឡើងនៅក្នុងជីវិតរបស់គេ។ ឧបមាថា៖ ប្រសិនបើនរណាម្នាក់គេចូលចិត្តមើល ឬនិយាយអំពីប៉ាល់ទាត់ សូមយើងកុំនិយាយឬគិតថាបែបនេះឳ្យសោះ «នោះគឹជារឿងឆ្កួតឡប់ ចំណាយពេលវេលាឥតប្រយោជន៍!» បើទោះបីយើងមិនចូលចិត្តក្តី។ ប្រការនេះគឺសំខាន់ណាស់ ប្រសិនបើយើងនិយាយថា អ្វីដែលគេចូលចិត្តឬធ្វើនោះគឺជារឿងឆ្កួត នោះបានសេចក្តីថាគេនឹងមិនទទួលរាប់អាន ឬចូលចិត្តយើងឡើយ តែផ្ទុយទៅវិញគេនឹងមានអារម្មណ៍ថាយើងមើលងាយ មើលស្រាលដល់គេ។ មិនចាំបាច់និយាយវែកញែកលំអិតថាក្រុមណាឈ្នះទេ ប៉ុន្តែយើងអាចនិយាយអំពីរឿងនេះតិតតួចដើម្បីឳ្យគេមានអារម្មណ៍ថាយើងទទួលស្តាប់ និងទទួលស្គាល់គេនៅក្នុងន័យនៃការចូលចិត្តមើលប៉ាលទាត់ជាដើមនោះ។ ប្រសិនបើយើងមានបំណងដើម្បីជួយដល់មនុស្ស នោះវាគឺជាប្រការដ៍សំខាន់ដែលយើងត្រូវតែមានចំណាប់អារម្មណ៍ចំពោះមនុស្សគ្រប់រូប និងចំពោះអ្វីដែលគេចូលចិត្ត ប្រសិនបើយើងមិនធ្វើបែបនេះទេ តើយើងអាចយល់ពីគេបានដោយរបៀបណា? 

 កាលណាគេបើកចិត្តទទួលយើងហើយ ពាក្យសំដីល្អរបស់យើងអាចប្រែក្លាយទៅជាពាក្យសំដីដែលកាន់តែមានអត្ថន័យចំពោះគេ។ នៅពេលសមរម្យណាមួយ ឬនៅក្នុងឪកាសសមរម្យណាមួយ យើងអាចនិយាយអំពីទិដ្ឋភាពខ្លះៗអំពីព្រះធម៌ ដែលជាប់ពាក់ព័ន្ធដល់សាច់រឿងជីវិតរបស់គេ និងអាចជាប្រយោជន៍ដល់គេ។ សំខាន់បំផុតយើងត្រូវតែមានភាពច្បាស់លាស់ ដើម្បីចង្អុលបង្ហាញនូវសារៈប្រយោជន៍ខ្លះៗអំពីព្រះធម៌ដែលយើងប្រាប់ដល់គេនោះ។ 

ការលើកដាក់សូរសំលែងរបស់យើងគឺជារឿងសំខាន់ផងដែរនៅពេលផ្តល់ដំបូន្មានដល់គេ។ យើងមិនត្រូវនិយាយជំរុញ ឬបញ្ចុះបញ្ចូលគេខ្លាំងពេក កុំនិយាយនៅក្នុងន័យមើលស្រាលគេជាដើម។ ត្រង់នេះគឹជាអ្វីដែលយើងហៅថាវាចាសមរម្យ យើងត្រូវតែពោលវាចានូវពាក្យសំដីដែលគេងាយនឹងទទួលយក មិនបង្ខំគេ មិនបញ្ចុះបញ្ចូលឳ្យទទួលយកដំបូន្មានរបស់យើង។ ប្រការនេះគឺទាមទារនូវជំនាញ និងភាពឆ្លាតវៃ ដើម្បីដឹងឳ្យច្បាស់នូវពេលវេលាត្រឹមត្រូវ និងកាលៈទេសៈសមរម្យដើម្បីផ្តល់ដំបូន្មានដល់គេ។ ប្រសិនបើយើងតឹងតែងជ្រុលពេល ទទូចឳ្យគេស្តាប់តែរឿងស៊ីជម្រៅ និងមានអត្ថន័យជ្រៅពេកនោះ នោះនឹងធ្វើឳ្យគេនឿយហត់ មិនចង់ស្តាប់យើងឡើយ។ ហេតុដូច្នេះហើយជួនពេលខ្លះយើងចាំបាច់ត្រូវតែបញ្ចេញបញ្ចូលនូវរឿងកំប្លែងខ្លះដើម្បីឳ្យមានបរិយាកាសរីករាយ ជាពិសេសកាលណាគេមិនចង់ស្តាប់យើង ហើយបែរជានិយាយបែបការពារមិនចង់ស្តាប់នូវអ្វីដែលយើងនិយាយ។ 

ការពន្យល់ព្រះធម៌ដល់បុគ្គលណាម្នាក់ដោយប្រើប្រាស់វាចាសមរម្យនិងមានអត្ថន័ដែលអាចទទួលយកបាន ជាលទ្ធផលគឺធ្វើឳ្យគេមានចំណាប់អារម្មណ៍ ដើម្បីបដិបត្តិឈានទៅសម្រេចបាននូវអ្វីដែលយើងបានផ្តល់ឳ្យគេ។ ប្រការនេះដោយសារថាគេយល់ច្បាស់លាស់ និងមានជំនឿចិត្តមុតមាំចំពោះដំបូន្មាន និងចំពោះអត្ថប្រយោជន៍របស់វា។ 

៣ ជួយគេឳ្យសម្រេចគោលដៅរបស់គេ

យើងមិនទំលាក់ចោលដំបូន្មានដែលយើងបានផ្តល់ឳ្យគេនៅត្រឹមតែពាក្យសំដីប៉ុណ្ណោះទេ តែយើងត្រូវតែធ្វើការពន្យល់បកស្រាយឲ្យបានល្អិតល្អន់ អំពីរបៀបបដិបត្តិ(អនុវត្ត)នូវព្រះធម៌ដែលយើងបានប្រាប់ដល់គេឲ្យស្របទៅតាមស្ថានភាពរបស់គេ។ ប្រការនេះបានសេចក្តីថាយើងបានជួយឳ្យគេយកដំបូន្មាននោះទៅអនុវត្ត ដើម្បីឳ្យគេសម្រេចបាននូវគោលដៅព្រះធម៌នោះ។ ប្រការនេះបានសេចក្តីថា កាលណាគេយល់អំពីរបៀបបដិបត្តិព្រះធម៌ច្បាស់លាស់ហើយ គ្រប់ជំហាន ទើបគេមានចំណាប់អារម្មណ៍ក្នុងការសាកល្បងបដិបត្តិ។ 

ដើម្បីជួយឲ្យគេអនុវត្តឬប្រតិបត្តិព្រះធម៌នៅក្នុងជីវិតរបស់គេ នោះយើងត្រូវព្យាយាមផ្តល់ឬពន្យល់អំពីស្ថានភាពឬកាលៈទេសៈដែលនឹងធ្វើឲ្យមានភាពងាយស្រួលដល់គេដើម្បីយល់ ប្រការនេះមានអត្ថន័យថាយើងត្រូវតែពន្យល់នៅក្នុងន័យដ៍សាមញ្ញជាបឋម ជាពិសេសជាមួយបុគ្គលណាដែលគេគ្មានបទពិសោធន៍នៅក្នុងព្រះពុទ្ធសាសនាពីមុន។ មានតែការជួយពន្យល់នូវចំណុចស្មុគស្មាញ និងគោលធម៌ជាន់ខ្ពស់បន្តិចម្តងៗនេះទេ ទើបធ្វើឳ្យគេមានជំនឿចិត្ត ដើម្បីពុះពារសិក្សាវិធីសាស្រ្តនោះបន្តទៀត។ នោះបានសេចក្តីថាគេនឹងមិនបោះបង់ចោល ប្រសិនបើព្រះធម៌នោះមានលក្ខណៈជ្រៅជាងការយល់ដឹងរបស់គេ។ 

៤ ទៀងត្រង់ចំពោះគោលដៅទាំងនោះ

រឿងដែលគួរឲ្យអាម៉ាសឬ ជារឿងដែលបំបាក់ទឹកចិត្តបំផុតចំពោះបុគ្គលណាដែលយើងផ្តល់ដំបូន្មាន ពេលគេឃើញយើងជាមនុស្សលាក់ពុត ជាមនុស្សមានពុតអាក្រក់។ ដើម្បីការពារកុំឲ្យគេងាកចេញឆ្ងាយពីព្រះធម៌ យើងខ្លួនឯងត្រូវតែធ្វើជាគំរូល្អដល់គេ ឲ្យស្របទៅតាមអ្វីដែលយើងបានបង្រៀនដល់គេ។ ប្រសិនបើយើងបង្រៀនបុគ្គលណាម្នាក់អំពីវិធីសាស្រ្តទប់ស្កាត់កំហឹង (ទោសៈ) តែខ្លួនបែរប្រព្រឹត្តអំពើទោសៈនៅចំពោះមុខគេស្រស់ៗ ឧបមាថា៖ យើងកំពុងអង្គុយរងចាំអាហាររបស់យើងនៅឯអាហារដ្ឋានជាមួយគេ ហើយគ្រាន់តែការចំអិតអាហារនោះមានរយៈពេលយឿតត្រឹមតែកន្លះម៉ោងសោះ ធ្វើឲ្យយើងខឹងសប្បារយ៉ាងខ្លាំងនៅចំពោះមុខគេ នោះសំនួរសួរថា តើទង្វើនេះនឹងធ្វើឲ្យគេគិតបែបណាចំពោះការបង្រៀនអំពីការគ្រប់គ្រងទោសៈនៅត្រង់នេះ? គេនឹងគិតថាវិធីសាស្រ្តនេះគឺមិនមានប្រសិទ្ធិភាពទេ ហើយគេនឹងបោះបង់វិធីសាស្រ្តនោះចោលជាក់ជាមិនខាន។ ហើយគេច្បាស់ជាឈប់ទទួលយកនូវដំបូន្មានណាដែលយើងផ្តល់ឲ្យគេទៀតហើយ។ ហេតុដូច្នេះហើយ យើងត្រូវតែប្រព្រឹត្តអោយស្រប ឬអោយទៀងត្រង់ចំពោះពាក្យសំដីដែលយើងបានបង្រៀនដល់គេ។ ទាល់តែយើងធ្វើជាគំរូល្អ ទើបគេជឿជាក់លើអ្វីដែលយើងនិយាយ។ 

សេចក្តីសង្ខេប

វិធីសាស្រ្តបួនយ៉ាងដើម្បីមូលមិត្ត និងដើម្បីជួយឲ្យគេក្លាយជាមនុស្សចាស់ទុំផ្នែកស្មារតីនិងការគិតតាមរយៈព្រះធម៌គឺពិតជាមានសារៈសំខាន់ មិនត្រឹមតែនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្រ្តនេះក៍មានសារៈសំខាន់យ៉ាងធំធេងទូលំទូលាយដើម្បីផ្សព្វផ្សាយព្រះធម៌នៅក្នុងសកលលោក។ 

  • ចិត្តសប្បុរស - បង្រៀនព្រះធម៌ដោយឥតគិតថ្លៃ
  • វាចាត្រឹមត្រូវល្អ - ធ្វើអោយការបង្រៀនព្រះធម៌ងាយស្រួលយល់ តាមរយៈវិធីសាស្រ្តផ្សេងៗ ពោលមានដូចជាតាមរយៈសៀវភៅ គេហទំព័រ ផតខាស វីដេអូ បណ្តាញសង្គមជាដើម។ល។
  • ជួយឳ្យគេសម្រេចគោលដៅរបស់គេ - បង្ហាត់បង្ហាញច្បាស់ៗអំពីរបៀបសិក្សា ច្បាស់ៗគ្រប់ជំហាន និងអំពីរបៀបយកព្រះធម៌ទៅប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃ។ 
  • ទៀងត្រង់ចំពោះគោលដៅ - រស់នៅដោយយកព្រះធម៌ជាគំរូដឹកនាំជីវិត ត្រង់នេះគឺនៅក្នុងករណីនៃការរស់នៅក្នុងមជ្ឈមណ្ឌលព្រះធម៌ និងវិធីសាស្រ្តនៃការដឹកនាំចាត់ចែងមជ្ឈមណ្ឌលនោះជាដើម។ 

វិធីសាស្រ្តបួនយ៉ាងនេះ ជំរុញឡើងដោយចេតនាសុទ្ធសាធ ប្រសិនបើមិនជំរុញឡើងដោយពុទ្ធិចិត្តទាំងស្រុងទេ គឺជាវិធីសាស្រ្តដ៍ល្អប្រសើរបំផុតដើម្បីញាំងអោយអ្នកដ៍ទៃគេទទួលយកនូវឥទ្ធិពលវិជ្ជមានរបស់យើង។ 

Top