ដើមកំណើតសង្ឃ
បន្ទាប់ពីព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ព្រះសូត្រនៃកងចក្រព្រះធម៌ ឬព្រះធម្មចក្រ បានពន្យល់ប្រាប់យើងថា ព្រះអង្គបានសំដែងធម៌ដំបូងរបស់ព្រះអង្គ ពោលគឺអរិយសច្ចៈបួន ទៅកាន់ព្រះភិក្ខុប្រាំរូប។ ភិក្ខុទាំងប្រាំរូបនេះបានក្លាយជាសាវ័ករបស់ព្រះអង្គ ហើយមួយព្រះអង្គក្នុងចំណោមទាំងប្រាំអង្គគឺ កោដិញ្ញៈព្រះអង្គបានសម្រេចព្រះអរហន្ត។ កន្លងទៅបានពីរបីថ្ងៃក្រោយមកទៀត ស្របពេលដែលព្រះអង្គសំដែងអំពីសុញ្ញភាព ឬភាពសូន្យនៃអត្តភាព ឬអនត្តា បញ្ចវគ្គីភិក្ខុទាំងអស់បានសម្រេចនូវព្រះអរហន្ត។ ភិក្ខុទាំងប្រាំអង្គនេះបានក្លាយជាសមាជិកសង្ឃដំបូងគេបំផុង។
បន្ទាប់មកព្រះពុទ្ធបានចំណាយពេលវេលាដែលនៅសេះសល់ទាំងប៉ុន្មានរបស់ព្រះអង្គ ប្រហែលជាសែសិបប្រាំព្រះវស្សា ដើម្បីសំដែងព្រះធម៌ដែលព្រះអង្គបានត្រាស់ ស្របពេលដែលសាវ័ករបស់ព្រះអង្គក៍បានធ្វើដំណើរនិមន្តទៅកាន់ភូមិឋាននានា នៅពាសពេញភាគខាងជើងនៃប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយនូវព្រះធម៌របស់ព្រះអង្គ។ មិនយូរមិនឆាប់ព្រះសម្មាសម្ពុទ្ធបានទាក់ទាញនូវបរិស័ទជាច្រើនដែលមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់៖ មានទាំងគ្រូសាសនា ទាំងមហាក្សត្រ និងមហាក្សត្រិយានី កសិករ និងអ្នកសំលាប់សត្វជាដើម។ល។ តែភាគច្រើននៃសាវ័ករបស់ព្រះអង្គនៅសម័យនោះពួកគេមិនចង់បោះបង់ចោលនូវជីវិតលោកិយ៍របស់គេទេ តែបើគេប្រាថ្នាលាចាកជីវិតលោកិយ៍របស់គេដើម្បីចូលរួមជាមួយសហគមន៍សង្ឃនោះ នោះព្រះអង្គតែទទួលស្វាគមពួកគេជានិច្ច។ ពុទ្ធបរិស័ទដែលបន្តរស់នៅ នៅក្នុងភេទជាគ្រហស្ថ ពួកគេជួយទំនុកបំរុងជាអាហារ និងស្បង់ជីវរដល់សង្ឃ។
ពេលវេលាចេះតែកន្លងផុតទៅ មានមនុស្សជាច្រើនបានមកចូលរួមស្តាប់និងបដិបត្តិជាមួយព្រះអង្គ ប្រការនេះបានសេចក្តីថាវាគឺជារឿងចាំបាច់ដែលត្រូវបង្កើតវិន័យសំរាប់សាវ័ក ដើម្បីធានាឳ្យបាននូវសហគមន៍សង្ឃដែលមានក្តីសុខុដុមរមនា។ វិន័យត្រូវបានបង្កើតឡើង ត្រូវបានគេយកមកប្រើប្រាស់នៅពេលចាំបាច់ ដើម្បីឆ្លើយតប់ទៅនឹងកំហុសឆ្គង ឬអធិករណ៍នានាដែលកើតឡើងនៅក្នុងសហគមន៍សង្ឃ។ មានវិន័យរាប់រយខត្រូវបានបង្កើតឡើង រហូតដល់ទីបញ្ចប់នៃជីវិតចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ សំរាប់ឳ្យអ្នកបួសនិងដូនជីបដិបត្តិតាម។
ឧប្បសម្បទានៃស្រ្តីនៅក្នុងព្រះពុទ្ធសាសនា
កាលពីដំបូងឡើយព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលតែបុរសតែប៉ុណ្ណោះឳ្យចូលបួសនៅក្នុងសហគមន៍សង្ឃ។ ប្រាំឆ្នាំក្រោយពីការបង្កើតនូវសហគមន៍សង្ឃ ម្តាយមីងរបស់ព្រះអង្គព្រះនាមថា មហាបជាបតី គោតមី បានស្នើសុំឳ្យព្រះពុទ្ធបំបួសរូបនាងជាភិក្ខុនី ប៉ុន្តែព្រះអង្គបានបដិសេធ។ ប៉ុន្តែព្រះនាងមហាបជាបតី គោតមី រួមទាំងស្រ្តីប្រាំរយនាក់ទៀត មិនរាថយ និងបានសម្រេចចិត្តថា កោរសក់និងស្លៀកពាក់ស្បងជីវរព័ណ៌លឿង និងធ្វើដំណើរតាមព្រះពុទ្ធ។
ព្រះនាងមហាបជាបតី បានធ្វើការស្នើសុំពីរលើកទៀតទៅកាន់ព្រះសម្មាសម្ពុទ្ធ តែព្រះពុទ្ធបានធ្វើការបដិសេធចំពោះនាងគ្រប់ពេលទាំងអស់។ លើកទីបួន ជីដូនមួយរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអានន្ទ ព្រះអង្គបានចូលបង្គំថ្វាយដល់ព្រះពុទ្ធជំនួសម្តាយមីងរបស់ព្រះអង្គ ព្រះអានន្ទបានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថាតើស្រ្តីគេមានសមត្ថភាពដូចបុរសដើម្បីបដិបត្តិលើមាគ៌ាផ្លូវចិត្តនេះ និងសម្រេចបាននូវការត្រាស់ដឹងដូចបុរសទេ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យល់ព្រមនិងឆ្លើយតបទៅកាន់អានន្ទវិញ។ បន្ទាប់មកទៀតអានន្ទបានផ្តល់ជាយោបល់ថាវាគឺជារឿងល្អដែលស្តី្រអាចក្លាយជាអ្នកបួសបាន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៍អនុញ្ញាតឳ្យបំបួសស្រ្តីជាសាវ័ករបស់ព្រះអង្គ។
សមត្តិសង្ឃ និងអរិយសង្ឃ
ជាធម្មតាពាក្យថាសង្ឃនេះគឺត្រូវបានគេប្រើដើម្បីសំដៅដល់អ្នកបួសទាំងពីភេទគឺភិក្ខុនិងភិក្ខុនី ដែលជាអ្នកបដិបត្តិនិងទ្រទ្រង់ធម៌ព្រះពុទ្ធ។ តាមពិតពាក្យថាភិក្ខុនេះ មានអត្ថន័យថា «ស្មូម» ត្រូវបានគេប្រើប្រាស់នៅក្នុងន័យបែបនេះ ដោយហេតុថាសង្ឃបានលះបង់នូវទ្រព្យរបស់ផ្សេងៗ និងនិមន្តពីទីកន្លែងមួយទៅទីកន្លែងមួយទៀត និងរស់អាស្រ័យលើទានរបស់អ្នកដ៍ទៃ។ នៅទីបេយ៉ាងហោចណាស់ត្រូវមានយ៉ាងតិចចាប់ពីបួនព្រះអង្ឃឡើងទៅ ទើបអាចបង្កើតជាសង្ឃបាន(សហគមន៍សង្ឃ) ដែលយើងហៅថាសមត្តិសង្ឃ។ អរិយសង្ឃក៍មានដែរ គឺគេសំដៅដល់បុគ្គលដែលបានសម្រេចធម៌ជាន់ខ្ពស់ណាមួយ។
វាគឺជាប្រការសំខាន់ដែលយើងត្រូវបែងចែកឳ្យដាច់រវាងសមត្តិសង្ឃនិងអរិយសង្ឃ។ ស្របពេលដែលមានសង្ឃនិងភិក្ខុនីដែលបានសម្រេចធម៌ជាច្រើនរូប ក៍មានសមត្តិសង្ឃជាច្រើនរូបដែលនៅមានបញ្ហាលោកិយ៍ដូចយើងដែរ ហើយប្រការនេះអាចញាំងឳ្យយើងចោទសួរជាសំនួរថាហេតុអ្វីយើងគួរយកពួកគេមកធ្វើជាទីសរណៈ។ ទោះបីយ៉ាងណាក៍ដោយ សង្ឃជារតនៈមួយក្នុងចំណោមរតនៈទាំងបី តែអរិយសង្ឃគឺជារតនៈពិតដែលយើងត្រូវចាប់យកជាទីសរណៈ។ ពួកគេគឺជាអ្នកដែលអាចជួយយើងឳ្យធ្វើដំណើរឆ្ពោះទៅរកទិសដៅត្រឹមត្រូវ។
គុណតម្លៃនៃសង្ឃ
ដូច្នេះតើគុណតម្លៃប្រភេទណាដែលសង្ឃមាន ដែលយើងប្រាថ្នាចង់ចម្រើនចំពោះខ្លួនយើង?
១ នៅពេលដែលពួកគេបង្រៀន ពួកគេមិនចេះតែនិយាយទៅតាមតែសៀវភៅដែលគេបានសិក្សានោះទេ ពួកគេនិយាយចេញពីបទបិសោធន៍ផ្លាល់របស់ពួកគេ ហើយប្រការនេះគឺពិតជាគួរឳ្យយើងមានការបំផុសគំនិតខ្លាំងណាស់។
២ ក្តីប្រាថ្នាតែមួយគត់របស់ពួកគេគឺដើម្បីជួយដល់មនុស្សគ្រប់រូប ហើយគេអនុវត្តនិងបដិបត្តិទៅតាមអ្វីដែលគេបានបង្រៀន។ ចូរអ្នកសាកគិតពីអ្នកជក់បារី ដែលមកស្តីបន្ទោសយើងអំពីគ្រោះថ្នាក់នៃការជក់បារី ពេលនោះយើងនឹងនឹកឆ្ងល់ហើយថាហេតុអ្វីយើងត្រូវជឿលើដំបូន្មានរបស់អ្នកជក់បារី ត្រូវទេ? ដោយផ្អែកលើហេតុផលនេះ សង្ឃគឺតែងតែទៀងត្រង់និងបរិសុទ្ធចំពោះអ្វីដែលគេប្រព្រឹត្ត និងនិយាយ ដូចនេះយើងអាចជឿទុកចិត្តលើសង្ឃបាន។
៣ នៅពេលណាយើងចំណាយពេលនៅជាមួយមនុស្សមិនល្អ ជារឿយៗយើងមិនដឹងខ្លួនទេថាយើងចាប់យកនូវទម្លាប់មិនល្អទាំងអស់នោះមកដាក់លើខ្លួនឯង។ ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងសេពគប់កល្យាណមិត្ត ដោយមិនចាំបាច់ខំប្រឹង យើងនឹងទទួលបាននូវគុណតម្លៃល្អៗ។ ដូចនេះសង្ឃ ឬសហគមន៍សង្ឃពិតជាមានផលល្អចំពោះយើង គឺដើម្បីធ្វើឳ្យការបដិបត្តិធម៌របស់យើងកាន់តែប្រសើរឡើង។
សារៈសំខាន់នៃសង្ឃ
ព្រះសម្មាសម្ពុទ្ធចូលបរិនិព្វាន២៥០០ព្រះវស្សាកន្លងផុតទៅហើយ ព្រះអង្គបានបន្សល់ទុកនូវព្រះធម៌របស់ព្រះអង្គ ដើម្បីឳ្យយើងបដិបត្តិ នេះហើយគឺជាព្រះពុទ្ធសាសនា។ ប៉ុន្តែដើម្បីឳ្យយើងបដិបត្តិទៅដោយរលូន និងមានប្រសិទ្ធិភាពនោះ យើងចាំបាច់ត្រូវការនូវគំរូភាពដែលគួរអោយទុកចិត្តបាន ពោលគឺបុគ្គលដែលមានការចេះដឹងនិងធ្វើការបដិបត្តិនូវព្រះធម៌ និងសម្រេចបាននូវគោលដៅខ្លះៗហើយ ដើម្បីឳ្យគេជួយណែនាំតម្រង់ផ្លូវដល់យើង។ សហគមន៍ដែលមានបុគ្គលបែបនោះ នោះគឺជាសហគមន៍សង្ឃនេះឯង។
សព្វថ្ងៃនេះយើងតែងតែងាកទៅរកតារាល្បីៗនិងយកគេមកធ្វើជាគំរូរបស់យើង៖ តារាសម្តែងប្រុសស្រី តារាដើរម៉ូដ តារាចម្រៀង និងកីឡាករជាដើម។ ប៉ុន្តែមនុស្សទាំងអស់នេះគេមានបញ្ហារបស់គេរៀងៗខ្លួន ត្រូវទេ? យើងដឹងច្បាស់ណាស់ នៅក្នុងជីវិតឯកជនរបស់គេ គឺមានបញ្ហាស្មុគស្មាញខ្លាំងណាស់! មិនត្រឹមតែប៉ុណ្ណោះទេ តែកាលណាយើងមានភាពងុបងុលជាមួយនឹងតារាល្បីៗ និងងុបងុលជាមួយនឹងជីវិតរបស់គេ វានាំយើងទៅរកតែការនិយាយដើមពីគេ និងនាំយើងទៅរកការជាប់ជំពាក់លើសំភារៈនិយមផ្សេងៗ។ សកម្មភាពទាំងអស់នេះមិននាំមកនូវប្រយោជន៍ និងក្តីសុខដល់រូបយើងនិងដល់មនុស្សគ្រប់រូបឡើយ។ ម៉្យាងវិញទៀត សហគមន៍សង្ឃ គឺជាអ្នកដែលបានលុបបំបាត់បញ្ហារបស់ខ្លួនមួយចំនួនហើយ តើនោះមិនល្អទេឬ! និងកំពុងតែបដិបត្តិដើម្បីកម្ចាត់បង់បញ្ហារបស់គេដែលនៅសេះសល់ទាំងប៉ុន្មាន។ តើវាមិនមានន័យគ្រប់គ្រាន់ទេឬ ដើម្បីដើរតាមគំរូភាពរបស់ពួកគេ ប្រសិនបើយើងប្រាថ្នាចង់កម្ចាត់បង់នូវបញ្ហារបស់យើងនោះ?
ដោយសារតែគុណបុណ្យដ៍ធំធេងរបស់ព្រះសង្ឃ ដែលសព្វថ្ងៃ នៅក្នុងពិភពលោកដ៍ទំនើបយើងនេះ យើងនៅមានព្រះធម៌ដែលបានរក្សាមកយ៉ាងល្អ ដែលបន្តឆ្លងកាត់ពីជំនាន់មូយទៅជំនាន់មួយទៀតមិនឈប់។ សហគមន៍សង្ឃបានបំផុសគំនិតយើង អោយសំលឹងមើល និងមើលអោយឃើញឆ្ងាយជាងបញ្ហារបស់យើងទៅទៀត គឺមើលឃើញមាគ៌ាមួយដែលដឹកនាំយើងទៅរកការរួចចាកផុតពីសេចក្តីទុក្ខទាំងស្រុង។ សង្ឃគេមិនត្រឹមតែបំផុសគំនិតយើងតែប៉ុណ្ណោះទេ គេដឹកនាំ លើកកំលាំងចិត្ត និងជួយគាំទ្រយើងរាល់គ្រប់ជំហានទាំងអស់នៅលើមាគ៌ានេះ។ ហេតុដូច្នេះហើយបានជាពេលខ្លះគេពោលពាក្យថា បើគ្មានសង្ឃ គឺគ្មានពុទ្ធសាសនា។
សេចក្តីសង្ខេប
តើយើងអាចជ្រើសរើសយកជនជាគំរូនៅក្នុងជីវិតដោយរបៀបណា? បើទោះបីជាយើងមិនអាចជួបនូវសង្ឃពិត ពោលគឺបុគ្គលដែលបានសម្រេចធម៌ គឺអរិយសង្ឃ ប៉ុន្តែយើងអាចជួបនូវបុគ្គលដែលមានការពិសោធន៍ច្រើនឆ្នាំនៅក្នុងព្រះធម៌(សមត្តិសង្ឃ)និងចាប់យកនូវការបំផុសគំនិតពីគេ។ ដោយមើលឃើញនូវគំរូភាពរបស់គេ យើងមានការលើកទឹកចិត្តខ្លួនឯងដើម្បីដើរតាមគន្លងរបស់គេ។
តាមរយៈនៃការប្តេជ្ញាចិត្តនៃសហគមន៍សមត្តិសង្ឃ និងដូនជីតាជី ទើបព្រះធម៌អាចផ្សព្វផ្សាយទៅកាន់ពាសពេញសកលលោកបាន។ ដូចការប្រៀបព្រះពុទ្ធថាជាវេជ្ជបណ្ឌិត រីឯព្រះធម៌ប្រៀបដូចជាឳសថ ហើយសង្ឃគឺប្រៀបដូចជាគិលានុបដ្ឋាក ដែលជាអ្នកចាំលើកកំលាំងចិត្ត និងតម្រែតម្រង់ផ្លូវយើង នៅខណៈពេលដែលយើងបដិបត្តិឆ្ពោះទៅរកសេរីភាពរួចចាកផុតពីបញ្ហារបស់យើងជារៀងរហូត។