ការបដិបត្តិសមាធិជាច្រើនប្រភេទពាក់ព័ន្ធនឹងការធ្វើចក្ខុទស្សន៍ “ធ្វើចក្ខុទស្សន៍” (ចក្ខុនិមិត្ត) យ៉ាងណាមិញ វាអាចជាការបកប្រែខុស ឬឆ្គងបន្តិច ពីព្រោះថាការធ្វើចក្ខុទស្សន៍ យើងមិនប្រើប្រាស់កែវភ្នែកទាំងគូរបស់យើងទេ តែយើងធ្វើការស្រមើស្រមៃរបស់យើងវិញទេ ដូច្នេះវាគឺមិនមែនជាការធ្វើចក្ខុទស្សន៍ទេ តែផ្ទុយទៅវិញយើងត្រូវធ្វើការស្រមៃដល់ សំម្លេង ក្លិន និងរសជាតិ និងការប៉ះពាល់ដោយកាយផ្ទាល់ផងដែរ ។ ពេលណាយើងសោយដឹងអារម្មណ៍ចំពោះសារធាតុផ្សេងៗ មានន័យថា យើងស្រមៃអំពីភវៈតណ្ហាដែលកើតមានឡើងពីការសោយអារម្មណ៍នោះ ។ យើងមិនមែនធ្វើការស្រមៃលើរូប ភាពរាបស្មើរសាមញទេ (ដែលមានតែពីរវិមាត្រ) តែយើងត្រូវស្រមៃដល់ជីវិតពិត រូបរាងពិតបែបស្រុីឌីដែលមានចលនាជីវិតដោយសារថាមពលពន្លឺ មិនមែនគ្រាន់តែស្រមៃដល់ រូបបដិមា ឬតួអង្គតុក្កតាតែប៉ុណ្ណោះទេ ។
ផ្តោតចិត្តលើព្រះសម្មាសម្ពុទ្ធ
ពេលធ្វើការបដិបត្តិការតាំងសមាធិនៅក្នុងទំនៀមនៃនិកាយមហាយាន គ្រូជាច្រើនរូបបានធ្វើការណែនាំ ឪ្យធ្វើការផ្តោតចិត្តលើខ្យល់ដង្ហើម ពីព្រោះថា ការតម្កល់ចិត្តលើខ្យល់ដង្ហើមគឺជាវិធីសាស្រ្តមួយងាយស្រួ លបដិបត្តិបំផុត ។ យ៉ាងណាមិញ ការបដិបត្តិសាមញ្ញទូទៅនៅក្នុងទំនៀមនៃនិកាយនេះ គឺធ្វើការភាវនា តាមរយៈការស្រមៃចំពោះរូបដ៏តូចមួយនៃអង្គព្រះពុទ្ធ ។ យើងក៏អាចធ្វើការសំលឹងមើលលើផ្លែប៉ោមមួយ ផ្លែដើម្បីចម្រើនការភាវនា តើពិតមែនទេ? តើបានប្រយោជន៍អ្វីដែលអង្គុយសំលឹងលើផ្លែប៉ោមមួយផ្លែ នុះ? ប្រសិនបើយើងផ្តោតលើព្រះពុទ្ធវិញ ដើម្បីឪ្យយើងមានការតាំងសតិល្អ មានន័យថាយើងរលឹកដឹង ចំពោះគុណធម៌របស់ព្រះសម្មាសម្ពុទ្ធ និងបន្ថែមទិសដៅសុវត្ថិភាពទៅក្នុងជីវិតរបស់យើងថែមទៀត (ព្រះពុទ្ធជាទី សរណៈ) ដែលបានបង្អុលបង្ហាញដោយព្រះពុទ្ធអង្គផ្ទាល់ ដោយមានគោលបំណងក្លាយខ្លួនទៅជាព្រះពុទ្ធខ្លួនយើងផ្ទាល់ តាមរយៈពុទ្ធិចិត្តរបស់យើងជាដើម ។
លើសពីនេះទៅទៀត ព្រះមហាថេរៈជាតិឥណ្ឌា ព្រះនាម អសង្ឃៈ (Asanga) បានចង្អុលបង្ហាញថា ភាពជោគជ័យនៃការតាំងសតិឪ្យបានល្អឥតខ្ចោះគឺបានមកពី មនោវិញ្ញាណ មិនមែនសម្រេចបានដោយ សញ្ញាវិញ្ញាណទេ ពីព្រោះថាយើងនឹងប្រើប្រាស់ការតាំងសតិដ៏ល្អឥតខ្ចោះនោះ ដើម្បីចម្រើនសេចក្តីស្រលាញ់ សេចក្តីមេត្តា ការយល់ដឹងចំពោះសុញ្ញភាពជាដើមនុះ ជាមួយនឹងចិត្តរបស់យើង មិនមែនប្រើប្រាស់សញ្ញាទេ (sense consciousness) ។ ដើម្បីទទួលបានការតាំងសតិឪ្យឋិតនៅក្នុងចេតសិកដែលយើងកំពុងព្យាយាមបង្កើត ឬចម្រើន ពោលការស្រមៃចំ ពោះរូបព្រះពុទ្ធគឺជាវិធីសាស្រ្តមួយ ដើម្បីអប់រំចំពោះ មនោវិញ្ញាណ របស់យើង ។ ជាពិសេស នៅក្នុងទំនៀម ហ្គេលូគ (Gelug) នៃតំបន់ទីបេ (ហ្គេលូគ គឺជានិកាយមួយក្នុងចំណោមនិកាយធំៗបួននៅក្នុងអតីតប្រទេសទីបេ បច្ចុប្បន្នតំបន់ទីបេ និកាយហ្គេលូគនេះគឺជានិកាយរបស់សម្តេចសង្ឃរាជ ដាឡៃឡាម៉ាទី១៤ សព្វថ្ងៃ) យើងឧស្សាហ៍ឃើញមានការនិយាយសង្កត់ ធ្ងន់លើការបដិបត្តិស្រមើស្រមៃដល់រូបព្រះពុទ្ធអង្គ ដើម្បីសម្រចបាននូវការតាំងសតិដ៏ល្អឥតខ្ចោះ ។
ចុះនិកាយសក្យៈ (Sakya) និកាយនិយាមៈ (Nyingma) និងនិកាយកាគីយូ (Kagyu) នៃតំបន់ទីបេ ដែលយើងសង្កេតឃើញមានការបង្រៀនសង្កត់ធ្ងន់លើខ្យល់ដង្ហើម ឬត្រូវផ្តោតចិត្តលើកែវភ្នែកសំលឹងមើលលើរូប គំនូរមួយផ្ទាំង ឬរូបបដិមារបស់ព្រះពុទ្ធជាដើមនោះវិញ? តើនេះជាការបដិបត្តិផ្ទុយពីដំបូន្មានរបស់ព្រះមហាថេរៈ អសង្ឃៈហើយមែនទេ? ទេ! មិនខុសទេបើយើងក្រឡេកមើលលើការពន្យល់សេចក្តីរបស់គេស្តីពីរបៀប ដែលចិត្តសម្គាល់ដឹងលើវត្ថុផ្សេងៗថាជាសញ្ញាមួយ ដែលនិកាយទាំងបីបានធ្វើការពន្យល់បកស្រាយមកថា ការបដិបត្តិចក្ខុទស្សន៍គឺដើម្បីគ្រាន់តែដឹងស្គាល់ចំពោះរូបទ្រង់ទ្រាយដែលមានព័ណ៌ នៅក្នុងមួយខណៈពេល មួយដងតែប៉ុណ្ណោះ ដូចគ្នានេះដែរ សោតវិញ្ញាណគ្រាន់តែសម្គាល់ដឹងចំពោះសម្លេង បានតែមួយខណៈពេលក្នុងមួយដងតែប៉ុណ្ណោះផងដែរ ។ សញ្ញាដែលទទួលបាន នឹងបញ្ចេញទៅជាអ្វីដែលយើងអាចហៅបានថា “វត្ថុសញ្ញាវិញ្ញាណ” ។ ឧបមាថា ផ្លែប៉ោមមួយផ្លែគឺមិនមែនគ្រាន់តែជារូបរាងមូលព័ណ៌ក្រហមព្រឿងៗតែប៉ុណ្ណោះទេ ហើយក៏មិនមែនគ្រាន់តែជា រស់ជាតិ ឬក្លិន ឬមិនមែនគ្រាន់តែជាផោដ្ឋព្វ នៅក្នុងដៃរបស់អ្នក ឬមិនមែនគ្រាន់តែជាសម្លេងខាំទំពាររបស់អ្នកប៉ុណ្ណោះទេ ។ ផ្លែប៉ោមនោះមិនមែនកើតឡើងត្រឹមតែក្នុងខណៈពេលមួយ ទៅខណៈពេលមួយទៀតទេ វាគឺជាវត្ថុផ្សេងដាច់ដោយឡែកពីគ្នាទាំងស្រុង ដែលកើតមានជាបន្តបន្ទាប់ជាប់រហូត ។ ចុងក្រោយផ្លែប៉ោមនឹងរលួយ ហើយនឹងបែកទៅជាចំណែក ៗជាក់ជាមិនខាន តែមុននឹងរលួយផ្លែប៉ោមនោះនឹងនៅជាផ្លែប៉ោមធម្មតាបានរយៈពេលពីរបីថ្ងៃ ។ ពេលអ្នកមើលឃើញផ្លែប៉ោមមួយផ្លែ បានសេចក្តីថា អ្នកមើលឃើញរូបរាងផ្លែប៉ោមដែលស្ថិតនៅក្នុងចិត្តរបស់អ្នក មនោគតិ ។
បើយោងទៅតាមការពន្យល់ស្តីអំពីសញ្ញា ពេលយើងផ្តោតអារម្មណ៍លើផ្លែប៉ោម ឬលើខ្យល់ដង្ហើម វាគឺជា មនោកសិណ (កសិណស្ថិតនៅក្នុងចិត្ត) ហើយត្រូវប្រើមនោវិញ្ញាណដើម្បីធ្វើការផ្តោតចិត្តលើមនោកសិណនោះ ។ នៅក្នុងចិត្តរបស់យើង យើងចាប់ផ្តើមនឹកគិតអំពីរូបរាងព័ណ៌សម្បុរ ក្លិន និងខណៈពេល ជាប់គ្នាមិនដាច់ទៅលើកសិណមួយ ដែលជាធម្មតាយើងហៅថា “ផ្លែប៉ោម” ឬអ្វីផ្សេងក៏ដោយដែលយើង មើលឃើញ ។ ដូច្នេះមានន័យថាទំនៀម ឬនិកាយទាំងនេះគឺពិតជាគោរពទៅតាមការបង្រៀនរបស់ព្រះ មហាថេរៈ អសង្ឃៈ ដែលបង្រៀនថា យើងត្រូវចម្រើនការភាវនា ឬចម្រើនសតិតាមរយៈនមោវិញ្ញាណ ។
ការបដិបត្តិជាក់ស្តែង
ប្រសិនបើយើងចម្រើនការភាវនា ឬធ្វើការចម្រើនសតិដោយផ្តោតលើរូបព្រះសម្មាសម្ពុទ្ធ មានន័យថា រូបនោះត្រូវឪ្យមានទំហំប៉ុនមេដៃរបស់យើង ហើយត្រូវស្ថិតនៅចំពីមុខយើងចំងាយមួយហត្ថ ។ កែវភ្នែក ទាំងគូរបស់យើងត្រូវសំលឹងចុះបន្តិច មិនមែនសំលឹងមើលឪ្យចំលើកសិណនុះទេ ពីព្រោះថាការតាំងសតិនោះ មិនកើតឡើងតាមរយៈកែវភ្នែករបស់អ្នកទេ ។ យើងសំលឹងចុះក្រោមបន្តិច ហើយរូបបដិមាព្រះសម្មាសម្ពុទ្ធត្រូវស្ថិតនៅពីលើចំណុចដែលយើងសំលឹងមើលនោះបន្តិច គឹស្ថិតនៅត្រឹមកម្ពស់ ចិញ្ចើមរបស់យើង ។
វាគឺមិនពិបាកទេ ។ ចូរអ្នកសំលឹងមើលចុះក្រោមសំដៅទៅលើការូ បន្ទាប់មកលើកមេដៃរបស់អ្នកឡើង ឪ្យចំពីមុខរបស់អ្នកត្រឹមចិញ្ចើម ពេលនោះអ្នកមានអារម្មណ៍ថា មេដៃរបស់អ្នកស្ថិតនៅក្នុងក្រសែភ្នែករប ស់អ្នក ដោយមិនបាច់សំលឹងមើលចំក៏អ្នកមានអារម្មណ៍ថាឃើញមេដៃនោះនៅក្នុងការចម្រើនភាវនារបស់អ្នកដែរ ត្រូវទេ? បើអ្នកដាក់មេដៃរបស់អ្នកចុះវិញ អ្នកនៅតែអាចផ្តោតលើចំណុចនោះបាន ។ ពិតជាស្រួលណាស់!
បើយោងទៅតាមការបដិបត្តិនៃនិកាយថេរៈវាទ អ្នកបដិបត្តិត្រូវបានគេណែនាំឪ្យចម្រើនសតិ ឬចម្រើនកា រភាវនាដោយបិទភ្នែក តែបើយោងទៅតាមនិកាយមហាយានវិញ អ្នកបដិបត្តិត្រូវបានណែនាំឪ្យបដិបត្តិ ដោយបើកភ្នែក ។ មានការបដិបត្តិសមាធិមួយចំនួនខ្លះទៀត ដែលត្រូវធ្វើដោយបើកភ្នែកធំៗ ឬបិទភ្នែក ជាដើម តែជាទូទៅនៅក្នុងនិកាយមហាយាន គឺត្រូវបដិបត្តិដោយបើកភ្នែក មិនបិទទេ ។ តែអ្នកមិនត្រូវបើកភ្នែកធំពេកទេ ពីព្រោះថាវាមានភាពងាយស្រួលក្នុងការធ្វើឪ្យអ្នកបែកអារម្មណ៍បាន ។ ដូច្នេះអ្នកត្រូវសំ លឹងមើលចុះក្រោយបន្តិច លើចុងច្រមុះ ។ ការសំលឹងមើលលើចុងច្រមុះដោយភ្នែកទាំងគូរបស់យើងនេះ មិនមែនមានន័យថាវាធ្វើឪ្យភ្នែកទាំងគូរបស់យើងស្រឡេវមិនត្រង់ទៅមុខទេ តែយើងសំលឺងមើលចុះក្រោមឪ្យស្មើនឹងចុងច្រមុះ និងធ្វើការផ្តោតអារម្មណ៍ធម្មតា មិនត្រូវតឹងតែងពេកទេ៖ ពោលគឺយើងមិនមែនសំលឹងមើលដើម្បីស្វែងរកកញ្ចក់វែនតារបស់យើងដែលជ្រុះនៅលើដីនោះទេ (contact lens) ។
ការបដិបត្តិសមាធិដោយបិទភ្នែកក៏មានគុណវិបត្តិផងដែរ ។ ប្រសិនបើយើងបង្កើតទម្លាប់បិទភ្នែកទាំង ស្រុងរបស់យើងដើម្បីធ្វើចិត្តឪ្យស្ងប់ និងដើម្បីចម្រើនសេចក្តីស្រលាញ់ និងសេចក្តីមេត្តានោះ ពោលគឺវា នឹងមានការលំបាកដើម្បីអនុវត្តនៅក្នុងជីវិតពិតប្រចាំថ្ងៃ ។ ឧបមាថា ពេលអ្នកកំពុងតែប្រាស្រ័យទាក់ទង់ជាមួយអ្នកដ៏ទៃ ពោលគឺនៅសុខៗអ្នកមិនអាចស្រាប់តែបិទភ្នែក ដើម្បីបង្កើត ឬចម្រើនសភាពនៃចិត្តណាមួយនោះទេ - បើធ្វើបែបនោះ វាគឺពិតជាចម្លែកណាស់ ។ ចំពោះការបដិបត្តិរបស់មហាយាន យើងបើកភ្នែកតិចៗ ពីព្រោះថាយើងកំពុងបដិបត្តិដើម្បីសំដៅទៅរកការជួយដល់សព្វសត្វ យើងមិនចង់បំភ្លេចពួកគេចោលទេ ។ បើយោងទៅតាមការលើកឡើងរបស់សម្តេចសង្ឃរាជ ដាឡៃឡាម៉ា ថាបញ្ហាមួយទៀតនៃការបដិបត្តិ សមាធិបិទភ្នែក ពោលគឺត្របកភ្នែកជាធម្មតាឧស្សាហ៍ញាក់បើកបិទៗបន្តិចដោយខ្លួនឯង ដែលធ្វើឪ្យយើងហាក់ឃើញនូវពន្លឺក្រហមព្រឿងៗ ដែលអាចជាការរំខានដល់ការបដិបត្តិរបស់យើងបាន ។ស
ទិដ្ឋភាពពីរនៃការធ្វើចក្ខុទស្សន៍ (ចក្ខុនិមិត្ត)
ពេលយើងធ្វើចក្ចុទស្សន៍ (ស្រមើស្រមៃ) យើងត្រូវដឹងពីទិដ្ឋភាពពីរជាចាំបាច់ ។ ទីមួយគឺការប្រតិស្ឋានរូ បឡើង ដែលជារឿយៗត្រូវបានគេប្រែថា “ភាពច្បាស់” តែនោះមិនមែនជាពាក្យត្រឹមត្រូវល្អឯកទេ ពីព្រោះថា វាមានអត្ថន័យសំដៅទៅលើអ្វីមួយដែលយើងធ្វើការផ្តោតសំខាន់ ដើម្បីឪ្យមើលឃើញកាន់តែច្បាស់ ។ ត្រង់ចំណុចនេះគឺមិនសំដៅដល់ភាពច្បាស់ទេ តែវាជាការធ្វើឪ្យអ្វីមួយផុសឡើងនៅក្នុងការស្រមើស្រមៃ របស់យើងវិញទេ ។ កត្តាទីពីរនោះគឺ “មោទកភាព ឬមោទនភាព” ជាទីដែលយើងមានអារម្មណ៍មោទន សប្បាយនឹងអ្វីដែលយើងនឹកស្រមៃថា វាពិតជាមាននៅក្នុងទីនឹកស្រមៃនោះមែន ។
ព្រះមហាថេរៈ ត្សុងខាប៉ា (Tsongkhapa) បានពិពណ៌នាថា អារម្មណ៍មោទនសប្បាយនេះ គឺពិតជាសំ ខាន់ណាស់ក្នុងគ្រាចាប់ផ្តើម ។ យើងមិនចាំបាច់បារម្ភខ្លាំងពេកទេ ចំពោះការធ្វើចក្ខុទស្សន៍របស់យើងថាតើ វាឃើញរូបច្បាស់ឬមិនច្បាស់នោះទេ តែបើយើងអាចដឹងអារម្មណ៍ថា ពិតជាមានព្រះពុទ្ធស្ថិតនៅទីដែលយើងស្រ មៃនឹកគិតដែលស្ថិតនៅចំពីមុខយើងនុះមែន វាគឺជាការល្អប្រសើរខ្លាំងណាស់ ។ អ្វីដែលយើងត្រូវការ នោះគឺរូបរាងសណ្ឋានខ្លះៗ សូម្បីត្រឹមតែពន្លឺភ្លើងព័ណ៌លឿងព្រឿងៗបន្តិចក្តី ហើយធ្វើការគិតថា “បាទ! ពិតជា មានព្រះសម្មាសម្ពុទ្ធសិ្ថតនៅទីនោះមែន” ។ ភាពមើលឃើញជាក់ច្បាស់នឹងកើតមានដោយខ្លួនឯង នៅខណៈពេលដែលការចម្រើនសតិរបស់យើងមានការរីកចម្រើនឡើង ។
កុំជំរុញខ្លួនឯងខ្លាំងពេក
ក្នុងនាមជាអ្នកបដិបត្តិថ្នាក់ដំបូង កំហុសធំមួយក្នុងចំណោមកំហុសធំៗជាច្រើនទៀតដែលយើងបង្កើតចំ ពោះខ្លួនឯងគឺ ការជាប់ជំពាក់នឹងចំណុចលម្អិតច្បាស់ៗ នៃអ្វីមួយដែលយើងកំពុងតែធ្វើចក្ខុទស្សន៍ ថាតើ របស់នោះត្រូវមានរូបរាងបែបណា ពាក់គ្រឿងអលង្ការលម្អបែបណា និងពាក់ខោអាវប្រភេទណា តើភ្នែក មានព័ណ៌អ្វីជាដើម ។ល។ ការនឹកគិតដល់ចំណុចលម្អិតទាំងអស់នេះនៅគ្រាដំបូងនេះ គឺគ្រាន់តែធ្វើឪ្យ យើងមានអារម្មណ៍ស្រ្តិះខ្លាំងមិនអាចធ្វើការបដិបត្តិបានទេ ។ បើងាកមកអានតាមគម្ពីរវិញក៏មិនអាចជួយ អ្វីយើងបានដូចគ្នា ពីព្រោះថាគម្ពីរនិយាយបកស្រាយលម្អិតគ្រប់ចំណុចទាំងអស់ ដែលសបញ្ជាក់ថាយើងអាចធ្វើចក្ខុទស្សន៍ឪ្យឃើញភាពជាក់ច្បាស់លើរូបអ្វីមួយចាប់ពីគ្រាដំបូងឡើងទៅ ។ សូមបញ្ជាក់ថា ដើម្បីឪ្យមានសមត្ថភាពធ្វើចក្ខុទស្សន៍លើរូបរាងដ៏ស្មុគស្មាញនៃអ្វីមួយនោះឪ្យលេចចេញជាក់ច្បាស់បាននោះគឺជាកំរិតដ៏ខ្ពស់មួយមិនគួរឪ្យជឿនៃការបដិបត្តិ ។ តែនៅទីបញ្ចប់ នៅពេលដែលយើងមានជំនាញជាក់ច្បាស់ពិតប្រាកដហើយ យើងនឹងមានសមត្ថភាពអាចធ្វើចក្ខុទស្សន៍ឪ្យឃើញភាពលម្អិតលើចំណុចដ៏ស្មុគស្មាញទាំងនោះបានយ៉ាងងាយ តែឥឡូវនេះសូមបំភ្លេចវាសិនចុះ ។ ប្រសិនបើយើងជំរុញខ្លួនឯងខ្លាំងហួសពេក យើងនឹងស្ថិតនៅក្នុងសភាពមួយដែលជនជាតិទីបេហៅថា “ឡាង់” កំលាំងកាយចិត្តរបស់យើងមានភាពសៅហ្មងរំខាន ដែលធ្វើឪ្យយើងមានចិត្តខឹងច្រឡោតឆេវឆាវបានជាក់ជាមិនខាន ។
បង្កើនលើការធ្វើចក្ខុទស្សន៍
ព្រះមហាថេរៈ ត្សុងខាប៉ា បានផ្តល់នូវដំបូន្មានដ៏ជាក់ស្តែងស្តីអំពី ការធ្វើចក្ខុទស្សន៍ដែលមានលក្ខណៈស្មុគស្មាញ ពាក់ព័ន្ធនឹងការបង្រៀននៃទំនៀមពីរ ទីមួយគឺ ការធ្វើចក្ខុទស្សន៍លើចំណុចលម្អិតៗម្តងមួយៗ បូករួមបញ្ចូលគ្នារហូតទាល់តែយើងមើលឃើញនូវរូបភាពជាក់ច្បាស់ទាំងស្រុងតែម្តង ។ ព្រះអង្គបានសម្តែងថា វិធីសាស្រ្តនេះគឺមានលក្ខណៈសមស្របចំពោះតែបុគ្គលមួយចំនួនតែប៉ុណ្ណោះ ។ ពួកយើងភាគច្រើនត្រូវ ចាប់ផ្តើមពីរូបភាពមិនច្បាស់នេះទៅ ឬត្រូវចាប់ផ្តើមពីរូបភាពមិនច្បាស់ទាំងមូលនេះទៅពីដំបូងសិន បន្ទាប់មកទៀត តាមរយៈនៃការបដិបត្តិជាបន្តបន្ទាប់យើងអាចបំពេញបន្ថែមលើចំណុចលម្អិតទាំងអស់ នោះបាននៅពេលក្រោយ ។
ជាការសំខាន់ដែលវិធីសាស្រ្តនៃកាចម្រើនបន្ថែមចំណុចលម្អិតនេះ ត្រូវតែជាវិធីសាស្រ្តសន្សំជាប់រហូត ដែលយើងអាចចម្រើនបន្ថែមចំណុចដែលកំណត់បានជាក់ច្បាស់ហើយ ដោយមិនភ្លេចនូវចំណុចលម្អិតដែលមានពីមុនចោលទេ ។ ពេលនោះអ្នកនឹងទទួលបានចំណុចលម្អិតជាក់ច្បាស់ពីរ ពីការធ្វើចក្ខុទស្សន៍នោះ ហើយអាចចម្រើនបន្ថែម ចំណុចលម្អិតទីបី ដោយមិនភ្លេចរូបភាពជាក់ច្បាស់ទាំងពីរពីមុនរបស់អ្នកទេ ។ វាគឺជាការសំខាន់ដែលមិនត្រូវបាត់ បង់នូវចំណុចផ្តោតលម្អិតដែលយើងរក្សាបាន ពេលយើងបន្ថែមចំណុថ្មីៗ ។
ព្រះមហាថេរៈ ត្សុងខាប៉ា បានធ្វើការណែនាំថា ប្រសិនបើយើងធ្វើចក្ខុទស្សន៍លើពុទ្ធបដិមា យើងត្រូវចា ប់ផ្តើមដោយប្រើប្រាស់កែវភ្នែកទាំងគូរបស់យើង ។ ព្រះអង្គបន្តទៀតថា ប្រសិនបើរូបរាងទូទៅនៃរូបភាពនោះមាន ភាពច្បាស់លាស់ យើងគួរតែរក្សាការផ្តោតលើរូបនោះឪ្យជាប់ ។ ប្រសិនបើរូបរាងទាំងមូលនោះមិនច្បាស់ទេ តែច្បាស់ដោយកន្លែង យើងត្រូវរក្សាការផ្តោតរបស់យើងលើកន្លែងណាដែលមានភាពច្បាស់ ។ ប្រសិនបើចំណុចជាក់ច្បាស់ទាំងអស់នេះរលាយបាត់ទៅនុះ យើងត្រូវតែបង្កើតការធ្វើចក្ខុទស្សន៍ទាំងស្រុងលើរូបរាងនោះជាថ្មីម្តងទៀត ។
ការធ្វើចក្ខុទស្សន៍ជាមធ្យោបានមួយដើម្បីពង្រីកសតិ
តើមានអត្ថប្រយោជន៍អ្វីក្នុងការធ្វើចក្ខុទស្សន៍ដ៏ស្មុគស្មាញទាំងនេះ? វាគឺមិនមែនគ្រាន់តែដើម្បីបង្កើត នូវសមត្ថភាពមនោកីឡា ដើម្បីឈ្នះមេដៃមាសអូឡាំពិកប៉ុណ្ណោះទេ តែការធ្វើចក្ខុទស្សន៍លើចំណុចលម្អិតទាំងអស់នេះនឹងជួយពង្រីកនូវសតិដឹង និងការយល់ដឹងចំពោះអ្វីផ្សេងៗដែលស្ថិតនៅជុំវិញខ្លួនយើង ក្នុងពេលតែមួយបាន ។ ចូរអ្នកត្រូវចងចាំថា គោលបំណងសំខាន់ គឺថាអ្វីៗដែលយើងស្រមៃឃើញ នោះមិនមែនវាមានរូបរាងយ៉ាងណាទេ តែថាតើពួកវានីមួយៗតំណាងឪ្យអ្វីពិតប្រាកដ ។
ចូរអ្នកធ្វើការពិចារណាដល់ចំណុចសាមញ្ញនៃការបដិបត្តិទាំងអស់នេះដែលអាចធ្វើឪ្យយើងក្លាយទៅជាព្រះសម្មាសម្ពុទ្ធបាន៖ ពោលគឺចំណុចទាំងសាមសិបពីរប្រការនេះ (៣២) ។ វាគឺពិតជាមានការលំបាក ដើម្បីរក្សាចិត្តរបស់យើងឪ្យស្ថិតដឹងលើការបដិបត្តិ៣២ប្រការនេះនៅក្នុងពេលតែមួយ ជាពិសេសពេល យើងបដិបត្តិតាមវិធីសាស្រ្តប្រៀបធៀបអរូប ។ ប្រសិនបើយើងយកការបដិបត្តិទាំងសាមសិបពីរចំណុច នេះទៅប្រៀបនឹងលក្ខណៈពិសេស៣២ប្រការនៃរាងកាយព្រះពុទ្ធអង្គវិញ ដូចជាការពិពណ៌នាអំពីព្រះ កេសាព្រះអង្គជាដើមនុះ វាច្បាស់ជាមានភាពងាយស្រួលដើម្បីយល់ នោះគឺជាទិសដៅដែលយើងកំពុង ធ្វើដំណើរឆ្ពោះទៅរក ។ ប្រសិនបើយើងមិនអាចបង្កើត ឬចម្រើនសតិដឹងនីមួយៗ ម្តងមួយៗទេ តើយើង អាចតភ្ជាប់គ្រប់ចំណុចទាំងអស់ឪ្យច្បាស់លាស់បានដោយរបៀបណា? យើងប្រាថ្នាជួយដល់សព្វសត្វទាំងអស់ ដែលមានន័យថា មានសតិដឹងចំពោះមនុស្សគ្រប់រូបក្នុងគ្រាតែមួយ ។ ក្នុងអត្ថន័យនេះ យើងត្រូវតែពង្រីកសតិ រលឹកដឹងនៅក្នុងចិត្តឪ្យរីកធំឡើងសន្សឹមៗ ។ ការធ្វើចក្ខុទស្សន៍ដ៏ស្មុគស្មាញទាំងនេះជួយយើងឪ្យធ្វើរឿងទាំងនេះបាន ។
សេចក្តីសង្ខេប
យើងត្រូវតែជាមនុស្សឧស្សាហ៍ ប្រសិនបើយើងពិតជាមានចំណាប់អារម្មណ៍ខ្លាំងក្លាចំពោះការបដិបត្តិអ្វីមួយ ។ តែក៏ត្រូវទុកវាមួយឡែកដើម្បីសំរាកសិនដែរ៖ វាគឺជារឿងសំខាន់ដែលត្រូវដឹងថា ពេលណារាងកាយរបស់យើងត្រូវការសំរាក ដើម្បីកុំឪ្យយើងអស់ខ្យល់ ហើយត្រូវបោះបង់ចោលពាក់កណ្តាលទី ។ ពេលណាយើងមើលឃើញ ជាក់ច្បាស់នូវអត្ថប្រយោជន៍នៃការសិក្សាព្រះធម៌ នៃការសង្កេតពិនិត្យលើព្រះធម៌ និងការធ្វើសមាធិស្វែងយល់ចំពោះព្រះធម៌ដោយយកចិត្តទុកដាក់ ព្រមជាមួយនឹងការព្យាយាម និងមានសេចក្តីបីតិផង ពេលនោះថាមពលនឹងកើតឡើងជាក់ជាមិនខាន ។ លើសពីនេះទៅទៀត វិធីសាស្រ្តបដិបត្តិចក្ខុទស្សន៍នៃព្រះពុទ្ធសាសនា គឺជាវិ ធីសាស្រ្តមួយដ៏អស្ចារ្យដើម្បីធ្វើការសម្រឹតសម្រាំងការចម្រើនភាវនា និងចម្រើនសតិរបស់យើង ឪ្យដល់កំរិតខ្ពស់អស្ចារ្យ ។ ដំបូន្មានជាគន្លឹះនៅត្រង់ចំណុចនេះគឺថា យើងត្រូវបដិបត្តិមួយជំហានម្តងៗ ប្រសិនបើយើងធ្វើការបដិបត្តិរយៈពេលយូរទៅមុខទៀត យើងនឹងអាចសម្រេចបាននូវសភាពជាប្រយោជន៍នៃចិត្ត សំរាប់រូបយើងផ្ទាល់ និងសំរាប់មនុស្សគ្រប់រូបមិនខាន ៕