មនុស្សគ្រប់រូបតែងជួបបញ្ហាជានិច្ចនៅក្នុងពិភពលោកយើងបច្ចុប្បន្នមិនថាគេរស់នៅក្នុងទីក្រុងធំឬរស់នៅក្នុងទីជនបទដាច់ស្រយ៉ាលយ៉ាងណាទេ។ មនុស្សភាពច្រើនគេប្រើប្រាស់ពាក្យថា«ស្រិ្តះ»ដើម្បីសំដៅទៅលើបណ្តាបញ្ហាដែលគេជួបប្រទះទាំងអស់នោះ។ យើងប្រាថ្នាចង់បានហើយចង់បានទៀតមិនឈប់ ហើយអាការចង់បានកាន់តែច្រើនឡើងនេះបានក្លាយទៅជារឿងដែលងាយស្រួលទទួលបានភ្លាមៗ ពោលគឺដូចជាប្រភពព័ត៌មានវិទ្យា ភាពយន្ត ទូរទស្សន៍ តន្ត្រី ព័ត៌មានតាមបណ្តាញសង្គម សាររហ័សទាន់ចិត្ត ផលិតផលតាមអនឡាញ និងអ្វីៗផ្សេងទៀតច្រើនរាប់មិនអស់។ របស់ទាំងអស់នេះបើមើលសើៗតែពីខាងក្រៅហាក់បីដូចជាជួយចម្រើនដល់ជីវិតយើងដូច្នោះដែរ តែផ្ទុយទៅវិញវាធ្វើឳ្យជីវិតយើងកាន់តែមានភាពស្មុគស្មាញនិងកាន់តែមានអារម្មណ៍ស្រិ្តះខ្លាំងឡើង ជាពិសេសនៅពេលណាដែលមានជម្រើនច្រើនបែបយ៉ាងនេះ។ យើងមិនចង់រំលងកិច្ចអ្វីមួយចោលទេ ពោលគឺដូចជាព័ត៌មានជាដើម ឬអ៊ីម៉េល និងសារអេឡិចត្រូនិចអីហ្នឹងជាដើម គឺមិនចង់រំលងវាទេ បើនិយាយឳ្យខ្លីទៅគឺថាយើងមិនចង់ឳ្យគេទុកយើងចោល បើសូម្បីថាយើងបានជ្រើសរើលមើលរឿងកុនណាមួយហើយក៍ដោយ ក៍យើងនៅតែមានចិត្តសង្ស័យថាប្រហែលជាមានរឿងណាមួយដែលល្អមើលជាងនេះទៀតដែលយើងមិនដឹងឬមិនបានមើលអីជាដើម។
យើងចង់ក្លាយជាផ្នែកមួយនៃសង្គម នៃក្រុមមិត្តភក្តិណាមួយ យើងចង់បានឳ្យគេចុច«ឡាក(like)»នៅលើរូបភាពអ្វីក៍ដោយដែលយើងបានផុសនៅក្នុងបណ្តាញសង្គម ដើម្បីឳ្យយើងមានអារម្មណ៍ថាគេទទួលស្គាល់យើងជាដើម។ សរុបទៅយើងមិនដែលមានសេចក្តីបីតិ(គ្រប់គ្រាន់)នឹងចំនួនឡាកដែលយើងទទួលបាន ឬមិនដែលមានសេចក្តីបីតិចំពោះព័ត៌មានដែលយើងបានអាននៅតាមអ៊ីនធឺណិតឡើយ។ យើងមានអារម្មណ៍ពុះកញ្ជ្រោលសប្បាយនៅពេលណាទូរសព្ទរបស់យើងទទួលបានសារពីគេ ឬនៅពេលណាយើងឆែកមើលហ្វេស្បុកដើម្បីមើលឲ្យឃើញថាតើមានគេចុចឡាកប៉ុន្មាននាក់ ឬនៅពេលណាយើងឆែកមើលព័ត៌មានថាមានអ្វីកើតឡើងថ្មីទៀតទេ។ សរុបទៅគឺយើងមិនចង់រំលងកិច្ចអ្វីមួយចោលទេ តែយើងនៅតែមិនមានបីតិ ហើយយើងចង់បានច្រើនថែមទៀត។
ផ្ទុយទៅវិញ យើងមានអារម្មណ៍មិនស្រួលលើសលុបចំពោះអ្វីៗដែលកើតឡើងនៅជុំវិញខ្លួន ហេតុដូច្នេះហើយបានជាយើងខំព្យាយាមគេចចេញពីវា ដោយការយកទូរសព្ទមកមើល យកមកលែង និងស្តាប់តន្រ្តី នៅខណៈពេលដែលយើងធ្វើដំណើរតាមរថភ្លើងក្រោមដី ឬនៅពេលយើងដើរអីហ្នឹងជាដើម។ យើងខំព្យាយាមបិទចិត្តមិនព្រមទទួលយកការពិតនៃអ្វីដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនយើង តែផ្ទុយទៅវិញគឺខំព្យាយាមរត់គេចចូលទៅក្នុងពិភពស្រមោល(អ៊ីនធឺណិត)នេះទៅវិញ។ មនុស្សយើងម្នាក់ៗក៍មានអារម្មណ៍ថាខ្លួនត្រូវការកំសាន្ត ត្រូវការស្តាប់អីហ្នឹងជាដើម តែផ្ទុយទៅវិញយើងប្រាថ្នាចង់បានភាពសុខស្ងប់ ហើយមួយវិញទៀតយើងព្រួយបារម្ភខ្លាចអត់មានព័ត៌មានវិទ្យា ខ្លាចអត់មានតន្ត្រី។ល។ យើងតាំងចិត្តរំដោះខ្លួនឲ្យរួចផុតពីស្រ្តិះដែលបង្កឡើងដោយពិភពខាងក្រៅ ដោយយើងរត់គេចចូលទៅរកពិភពស្រមោលនៃអ៊ីនធឺណិតទៅវិញ ប៉ុន្តែសូម្បីនៅទីនោះក៍ដោយ ក៍យើងនៅតែស្វែងរកការយល់ព្រមឲ្យគេទទួលស្គាល់ ពោលគឺអ្វីដែលគេហៅថា «friends»(មិត្ត)នៅលើបណ្តាញសង្គម ពោលគឺយើងមិនដែលមានអារម្មណ៍សុខសុវត្ថិភាពទេ តែផ្ទុយទៅវិញយើងរត់ចូលនៅក្នុងទូរសព្ទរបស់យើង ហើយគិតថានោះគឺជាដំណោះស្រាយ?
យើងត្រូវតែទទួលស្គាល់ការពិតនៃទុក្ខដែលយើងសោយនៅពេលណាយើងជាប់គាំងនៅក្នុងទម្លាប់ជាប្រចាំដែលជាប្រភពនៃសេចក្តីទុក្ខនេះ។ បន្ទាប់មកយើងត្រូវតែចម្រើននូវការតាំងចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីសេចក្តីទុក្ខនេះ ដោយផ្អែកលើការយល់ដឹងត្រូវនៃវិធីសាស្រ្តដើម្បីកម្ចាត់បង់ប្រភពនៃទុក្ខនោះចោលឲ្យអស់ពីសន្តាន និងត្រូវមានភាពជឿជាក់ទៀតថាវាមានប្រសិទ្ធិភាព។ តែនៅទីនេះមិនមែនបានសេចក្តីថាយើងគ្មានអារម្មណ៍អ្វីនោះទេ មិនមែនដូចខ្មោចសំប៊ីអីនោះទេ តែយើងប្រាថ្នាចង់បានក្តីសុខ។ សេចក្តីសុខគឺមិនមែនគ្រាន់តែជាការអវត្តមាននៃទុក្ខតែម៉្យាងទេ តែជាអ្វីដែលបូកបន្ថែមលើសពីអារម្មណ៍ឧបេក្ខានេះទៅទៀត។
ប្រភពនៃសេចក្តីទុក្ខគឺចិត្តរបស់ខ្លូនផ្ទាល់
វត្ថុខាងក្រៅនិងស្ថានការណ៍ផ្សេងៗគឺមិនមែនជាប្រភពនៃសេចក្តីទុក្ខ និងអារម្មណ៍ស្រ្តិះដែលយើងសោយនោះទេ បើពុំដូច្នោះទេមនុស្សគ្រប់រូបដែលគេសោយវា (វត្ថុនិងស្ថានការណ៍ផ្សេងៗ)គេនឹងត្រូវមានផលដូចគ្នាហើយ។
ប្រភពនៃទុក្ខគឺចេញពីចិត្តរបស់យើង ឥរិយាបថ អារម្មណ៍និងចេតសិករបស់វា និងមោហៈនៃការមិនយល់ច្បាស់អំពីសភាវៈពិតនៃជីវិតនៅក្នុងសម័យទំនើបរបស់យើង។
យើងមានទម្លាប់បំផ្លាញខ្លួនឯង ជំរុញឡើងដោយកិលេស និងអារម្មណ៍អសុវត្ថិភាព ចិត្តឧបាទាន មោហៈនិងភាពភ័យខ្លាចជាដើម ពួកវានាំយើងឲ្យទៅប្រព្រឹត្តទង្វើណាដែលនាំមកនូវតែបញ្ហានិងស្រ្តិះនេះមិនលែង និងប្រព្រឹត្តទង្វើណាដែលធ្វើឲ្យកិលេសនិងឥរិយាបថបែបនេះកាន់តែរឺងមាំឡើងថែមទៀតតែប៉ុណ្ណោះ។
កិលេសនិងកម្មកិរិយាគឺវាអាស្រ័យលើអវិជ្ជា អាចថាយើងមិនដឹងអំពីផលប៉ះពាល់ដែលកើតឡើងបណ្តាលមកពីទង្វើរបស់ខ្លួន ហើយមិនមានភាពប្រាកដនិយមចំពោះស្ថានភាពជាក់ស្តែង ឬយើងមានការយល់ខុសចំពោះវា។ ឧបមាថា៖ យើងមិនដឹងថាអាការទទួលបានឡាក(likes)ច្រើននេះគឺមិនធ្វើឲ្យយើងមានអារម្មណ៍សុខសុវត្ថិភាពទេ ហើយតាមពិតគឺវាផ្ទុយពីការគិតរបស់យើងទៅវិញទេ។ ហើយប្រការនេះគឺមានតែនាំយើងឲ្យមានចិត្តតណ្ហាចង់បានឡាក់កាន់តែច្រើន និងរិតតែមានអារម្មណ៍អសុវត្ថិភាពចេះតែឆែកមើលទូរសព្ទថាតើបានទទួលការឡាកប៉ុន្មានអីហ្នឹងជាដើម ហើយយើងទទួលរងនូវភាពមិនមានបីតិចំពោះការឡាកទាំងអស់នោះ និងមិនមានសន្តិភាពផ្លូវចិត្ត។ ឬក៍យើងគិតថាអារការចូលទៅក្នុងពិភពស្រមោល(បណ្តាញសង្គម)នេះនឹងជួយលុបបំបាត់រាល់បញ្ហានានានៅក្នុងជីវិតឲ្យលាយបាត់ទៅ។ រាល់ភាពអវិជ្ជានិងកិលេសដែលកើតឡើង ពោលដូចជាចិត្តឧបាទានជាដើមនេះ ពួកវាមានតែជួយពង្រឹងនូវទម្លាប់បំផ្លាញខ្លួនឯងនិងសភាពសៅហ្មងផ្លូវចិត្តរបស់យើងនេះឲ្យកាន់តែរឹងមាំឡើងថែមទៀតតែប៉ុណ្ណោះ។
ដើម្បីទប់ទល់ជាមួយនឹងរោគសញ្ញាទាំងអស់នេះយើងត្រូវការប្រាជ្ញា ឧបមាថាការមានការងារតែមានលក្ខណៈទាមទារឲ្យយើងយកចិត្តទុកដាក់ខ្ពស់ជាដើម ហើយនោះគឺជាសច្ចៈភាពពិតនៃការងារនោះ ដែលយើងត្រូវតែដោះស្រាយជាមួយវា ហើយយើងអាចធ្វើវាឲ្យបានកាន់តែប្រសើរតាមតែអាចធ្វើទៅបាន។ យើងត្រូវតែទទួលយកសច្ចៈពិតនៃស្ថានការណ៍របស់ខ្លួន និងសច្ចៈពិតនៃដែនកំណត់របស់ខ្លួន និងឈប់គិតថាស្ថានភាពនោះជាស្ថានភាពដ៍អាក្រក់ហើយខ្លួនមិនល្អគ្រប់គ្រាន់ដើម្បីដោះស្រាយវាបាន។ ហើយបន្ទាប់មកទៀតយើងត្រូវការសមាធិដើម្បីរក្សាសតិលើសច្ចៈដែលយើងកំពុងតែប្រឈម ដោយមិនប្រមាទចំពោះស្ថានភាពពិតនោះ និងត្រូវការសតិដើម្បីកុំឲ្យខ្លួនបាត់បង់ការផ្តោតលើសច្ចៈនោះ។ លើសទីនេះទៅទៀតយើងត្រូវការសីលវិន័យ ដើម្បីវៀរចាកការប្រព្រឹត្តទង្វើអកុសលនានា។
យើងចាប់ផ្តើមបដិបត្តិចាប់ពីសីលនេះទៅ និងចាប់ផ្តើមពីកិច្ចតូចៗនេះទៅ។ នៅពេលដែលយើងមានអារម្មណ៍ស្រ្តិះ កំរិតជាតិខទិសល(ជាអ៉ម៉ូនស្រិ្តះcortisol)នេះមានការកើនឡើងខ្ពស់ បើដូច្នេះវាធ្វើឲ្យយើងស្វែងរកការបន្ធូរអារម្មណ៍ ឧបមាដូចជាការងាកទៅជក់បារី ឬការទៅឆែកមើលបណ្តាញសង្គម ឬងាកទៅលែងអ៊ីនធឺណិតដើម្បីស្វែងរកអ្វីដែលគួរឲ្យចាប់អារម្មណ៍ដល់ខ្លួន។ យើងគិតថាអាការធ្វើបែបនេះនឹងធ្វើឲ្យខ្លួនសប្បាយនិងមានអារម្មណ៍ប្រសើរឡើង ដែលជាហេតុធ្វើឲ្យកំរិតជាតិដូបាមីនកើនឡើងខ្ពស់(dopamine)។ ប៉ុន្តែបន្ទាប់ពីជក់បារីឬបន្ទាប់ពីឆែកមើលអ៊ីនធឺណិតហើយ ចិត្តរបស់យើងនឹងនៅតែមិនពេញចិត្ត ដូច្នេះអារម្មណ៍ស្រិ្តះនេះក៍ត្រឡប់មកវិញ។
យើងត្រូវតែយល់ពីគុណវិបត្តិដែលចេះតែជឿថាអាការជន់បារីនេះនឹងជួយដោះស្រាយបញ្ហារបស់ខ្លួន ឬក៍ការគិតថាការទទួលបានការឡាក()នេះនឹងជួយដោះស្រាយបញ្ហារបស់ខ្លួន ឬក៍ការអានព័ត៌មានទាន់ហេតុការណ៍ផ្សេងៗអាចជួយដោះស្រាយបញ្ហារបស់ខ្លួនបានជាដើម។ នោះកិច្ចបន្ទាប់យើងត្រូវតែមានការតាំងចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីវា។ យើងត្រូវបោះបង់ចោលការជក់បារី ឬយើងត្រូវតែកំណត់ឲ្យបានច្បាស់ថាពេលណាយើងត្រូវឆែកមើលអ៊ីមេល ឬឆែកមើលសារ ឬថាតើពេលណាត្រូវឆែកមើលព័ត៌មានផ្សេងៗតាមបណ្តាញសង្គមអីហ្នឹងជាដើម។ យើងមិនប្រព្រឹត្តធ្វើទៅតាមតែអារម្មណ៍ដែលកើតឡើងដែលជំរុញយើងឲ្យជក់បារីឬជំរុញយើងឲ្យទៅលែងអ៊ីនធឺណិតជាដើម។
ដូចដែលយើងត្រូវតមអាហារដើម្បីកាត់បន្ថយភាពធាត់ ភាពស្រដៀងគ្នានេះដែរគឺយើងត្រូវតែតមព័ត៌មានវិទ្យាដើម្បីការពារកុំឲ្យមានភាពធាតុខាងផ្លូវចិត្ត។
យើងត្រូវតែកំណត់ចំនួនព័ត៌មានឲ្យមានត្រឹមត្រូវ ទាំងសារ ទាំងតន្រ្តីអីហ្នឹងជាដើម ប្រៀបដូចជាការកំណត់នូវចំនួនអាហារដែលយើងបរិភោគដែរ។
ដំបូងបំផុតការវៀរចាកមិនប្រព្រឹត្តតាមទម្លាប់ដែលមានលក្ខណៈបំផ្លាញខ្លួនឯងនេះនឹងបង្កើននូវកំរិតជាតិខទីសុលនៅក្នុងខ្លួនយើងកាន់តែខ្ពស់ និងធ្វើឲ្យយើងមានអារម្មណ៍ស្រ្តិះខ្លាំង ដោយសារតែទម្លាប់អកុសលចាស់ៗទាំងអស់នោះមានលក្ខណៈខ្លាំងក្លា។ ពោលគឺដូចជាការព្យាយាមឈប់ជក់បារី ឬការព្យាយាមឈប់លែងអ៊ឺនធឺណិត ឬឈប់ស្តាប់តន្រ្តីអីហ្នឹងជាដើម។ តែនៅទីបំផុតអារម្មណ៍ស្រិ្តះដែលកើតឡើងពីការខំព្យាយាមឈប់ជក់បារីនេះនឹងផុតរលត់ទៅវិញ ហើយយើងនឹងសោយនូវភាពសុខស្ងប់ផ្លូវចិត្ត។ ប្រសិនបើយើងយកទម្លាប់វិជ្ជមានមកជំនួសទម្លាប់អវិជ្ជមាន (ពោលដូចជាគិតថាយើងជាផ្នែកមួយនៃមនុស្សជាតិ ហើយយើងមានភាពជាប់ទាក់ទងគ្នាទៅវិញទៅមក ដូច្នេះសុខមាលភាពរបស់យើងគឺអាស្រ័យលើមនុស្សគ្រប់រូប) ប្រការនេះនឹងធ្វើឲ្យយើងមានបីតិ នៅក្នុងអារម្មណ៍នៃភាពជាប់ទាក់ទងគ្នាជាមួយអ្នកដ៍ទៃ ដែលប្រការនេះគឺមិនមានទេនៅក្នុងពិភពស្រមោ(បណ្តាញសង្គម)។ បើដូច្នេះកំរិតជាតិអុកស៊ីតូស៊ីន(oxytocinជាតិអ៉ម៉ូនម៉្យាងនៃអារម្មណ៍ប្រាស្រ័យទាក់ទង)នឹងកើនឡើងខ្ពស់ ដែលប្រការនេះនឺងធ្វើឲ្យយើងសោយនូវសេចក្តីសុខ និងអារម្មណ៍សុវត្ថិភាព។
រំដោះខ្លួនចេញពីទម្លាប់បំផ្លាញខ្លួន
នៅក្នុងន័យខ្លី កាលណាយើងចម្រើនការតាំងចិត្តដើម្បីរំដោះខ្លួនឲ្យរួចផុតពីវា ឲ្យរួចផុតពីទម្លាប់មិនល្អទាំងអស់នេះ ជាកិច្ចចាំបាច់យើងត្រូវតែមានវិន័យ(សីល) សមាធិនិងប្រាជ្ញា ជាអ្វីដែលគេហៅថា«ការហ្វឹកហាត់ប្រតិបត្តិទាំងបី»។ ទាំងបីនេះត្រូវតែប្រតិបត្តិរួមគ្នា ប៉ុន្តែដើម្បីចម្រើននូវការហ្វឹកហាត់ទាំងបីប្រភេទនេះឲ្យបានសមរម្យ យើងចាំបាច់ត្រូវតែកម្ចាត់បង់ចេតសិកណាដែលជាចេតសិករារាំងនោះចោល៖
- ការសោយស្តាយចំពោះវិន័យខ្លួន ឧបមាថា៖យើងគិតស្តាយក្រោយដែលខ្លួនមិនបានឆែកមើលអ៊ីនធឺណិត ឬមិនបានឆ្លើយតបភ្លាមៗអីជាដើម។ វិធីសាស្រ្តដែលអាចជួយយើងបានគឺត្រូវបិទណូទីហ្វីខេសិន(notification) នៅលើកុំព្យូទ័រឬនៅលើទូរសព្ទ និងត្រូវឆែកមើលនៅក្នុងពេលកំណត់ជាក់លាក់ណាមួយ និងត្រូវឆ្លើយតបចំពោះតែសារណាដែលសំខាន់។ យើងត្រូវការវិន័យដើម្បីទុកឲ្យគេនៅដោយឡែកសិនចុះនៅពេលយើងជាប់រវល់ខ្លាំង ហើយនៅពេលយើងអស់រវល់ហើយយើងនឹងកំណត់ពេលជាក់លាក់ណាមួយដើម្បីធ្វើការឆ្លើយតបសារនោះ។
- ការងងុយដេក ចិត្តស្ពឹកស្រពន់មិនច្បាស់នេះជាចិត្តរារាំងការសមាធិរបស់ខ្លួន បើចិត្តណាមួយនេះកើតឡើងហើយយើងនឹងបាត់បង់សតិលើការគិតអំពីសច្ចៈថាយើងត្រូវវៀរចាកពីការឆែកមើលសារជាប្រចាំ ដែលប្រការនេះនឹងធ្វើឲ្យជីវិតកាន់តែស្មុគស្មាញថែមទៀត។
- ចិត្តមិនច្បាស់លាស់ ចិត្តស្ទាក់ស្ទើរ ជាការរារាំងដល់ការចម្រើនប្រាជ្ញារបស់ខ្លួន។ ស្ទាក់ស្ទើម្តងទៅមុខម្តងទៅក្រោយមិនច្បាស់ ថាតើខ្លួនគួរឆែកមើលសារឥឡូវនេះឬចាំពេលក្រោយអីហ្នឹងជាដើម។ ចិត្តសង្ស័យនេះកើតឡើងពីភាពលំបាកនិងអារម្មណ៍ ដែលខ្លួនខំព្យាយាមវៀរចាកមិនឆែកមើលសារឬទូរសព្ទអីហ្នឹងជាដើម។ ដើម្បីទប់ទល់ជាមួយនឹងចិត្តសង្ស័យទាំងអស់នេះ យើងត្រូវតែរំលឹកខ្លួនឯងអំពីគុណសម្បត្តិនិងអត្ថប្រយោជន៍ដែលកើតមានពីការផ្លាស់ប្តូរទម្លាប់របស់ខ្លួន។
មានវិធីសាស្រ្តច្រើនប្រការណាស់ដើម្បីយកមកអនុវត្តិដើម្បីធ្វើឲ្យជីវិតយើងកាន់តែមានក្តីសុខ។ ឧបមាថា៖នៅពេលយើងឋិតនៅក្នុងរថភ្លើងក្រោមដីដែលមានលក្ខណៈមមារញឺក យើងកាន់តែគិតអំពីខ្លួនឯង និងគិតចង់ការពារខ្លួនកាន់តែខ្លាំង និងគិតចង់រត់គេចចូលទៅក្នុងទូរសព្ទរបស់ខ្លួនកាន់តែខ្លាំង(ប្រើប្រាស់) នោះចិត្តយើងកាន់តែចង្អៀតឡើងថែមទៀត ហើយជាលទ្ធផលថាមពលរបស់យើងក៍កាន់តែតូចស្រួចស្រាលទៅដែរដែលធ្វើឲ្យយើងមានអារម្មណ៍ថប់ចិត្ត។ យើងមិនមានអារម្មណ៍ស្រួលទេ ដោយសារថាយើងគិតថាមានការគំរាមគំហែងផ្សេងៗកើតឡើងចំពោះយើង។ បើសូម្បីយើងស៊ុបនឹងការលែងហ្គេមនៅលើទូរសព្ទ ឬស៊ុបនឹងការស្តាប់ចំរៀងយ៉ាងណាក្តី តែប្រការនេះគឺបានសេចក្តីថាយើងបានបង្កើតជញ្ជាំងនៅជុំវិញខ្លួនយើងដើម្បីកុំឲ្យគេរំខានដល់ខ្លួន ហើយយើងចាប់ផ្តើមគិតការពារខ្លួន។ ផ្ទុយទៅវិញ បើសិនយើងគិតថាខ្លួនគឺជាផ្នែកមួយនៃហ្វូងមនុស្សដែលឋិតនៅជុំវិញខ្លួនយើងដែលឋិតនៅក្នុងរថភ្លើងក្រោមដីនេះ និងចាប់ផ្តើមគិតចម្រើនចិត្តមេត្តាដល់គេគ្រប់គ្នា នោះចិត្តនិងបេះដូងរបស់យើងនឹងបើកទូលាយមិនខាន។ យើងអាចមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ តែមិនត្រូវគិតតែពីខ្លួនឯងជ្រុលពេកទេ ពោលយើងប្រាថ្នាចង់ឲ្យគេគ្រប់គ្នាមានសុវត្ថិភាព។ យើងមិនចង់ឲ្យគេគ្រប់គ្នាស្តាប់សំលេងចំរៀងខ្លាំងៗរបស់យើងទេ។ ហើយការស្តាប់ចំរៀងឮសូរខ្លាំងនិងលែងហ្គេម ដាក់ខ្លួនឯងឲ្យនៅឯកោពីគេនេះគឺគ្រាន់តែធ្វើឲ្យខ្លួនមានអារម្មណ៍ឯកាកាន់តែខ្លាំងឡើងតែប៉ុណ្ណោះ។ ផ្ទុយទៅវិញប្រសិនបើយើងមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃមនុស្សគ្រប់គ្នាឋិតនៅជុំវិញខ្លួន នោះយើងនឹងមានអារម្មណ៍សុវត្ថិភាព ប្រៀបដូចជាសត្វដែលឋិតនៅក្នុងហ្វូងដូច្នោះដែរ។ តែទោះបីយ៉ាងណាក្តីដើម្បីអនុវត្តិវិធីសាស្រ្តនេះឲ្យកាន់តែមានប្រសិទ្ធិភាព គឺទាមទារឲ្យមានការហ្វឹកហាត់ចិត្តបីយ៉ាងនេះ គឺសីល សមាធិនិងប្រាជ្ញា។
វិធីសាស្រ្តមួយទៀតដែលយើងអាចយកមកអនុវត្តគឺ ពេលយើងឈប់សំរាកពីការងារ ផ្ទុយពីការឆែកអ៊ីនធឺណិត ឬលែងទូរសព្ទ យើងគួរតែឈរឬដើរជុំវិញកន្លែងការងារប្រសិនបើយើងអាចធ្វើទៅបាន។ សរុបទៅគឺធ្វើយ៉ាងណាកុំឲ្យមានការទាក់ទាញ់ផ្លូវចិត្តច្រើនពេក កាន់តែតិចកាន់តែប្រសើរ ជាជាងការប្រើប្រាស់ទូរសព្ទច្រើន។
សេចក្តីសង្ខេប
តាមរយៈការតាំងចិត្តនេះ ប្រសិនបើយើងប្រតិបត្តិវិធីសាស្រ្តនៃការហ្វឹកហាត់ចិត្តបីយ៉ាងនេះដើម្បីកាត់បន្ថយស្រិ្តះដែលបណ្តាលមកពីទម្លាប់អាក្រក់នានារបស់ខ្លួន យើងនឹងទទួលបានចិត្តកាន់តែសុខស្ងប់ ដែលអាចទប់ទល់ជាមួយនឹងសំពាធការងារ គ្រួសារ និងស្ថានភាពសេដ្ឋកិច្ចបានកាន់តែប្រសើរ។ ប្រការនេះគឺកាន់តែប្រសើរទៅទៀតដើម្បីទប់ទល់ជាមួយនឹងភាពស្មុគស្មាញនានានៃជីវិតនៅក្នុងសម័យទំនើប ជាជីវិតដែលញៀននឹងព័ត៌មានវិទ្យា អ៊ីនធឺណិត ឬបណ្តាញសង្គមអីហ្នឹងជាដើម។ ត្រង់នេះមិនមានន័យថាយើងត្រូវតែបោះបង់ចោលអ៊ីនធឺណិត ឬបោះបង់ចោលទូរសព្ទរបស់ខ្លួនទេ តែផ្ទុយទៅវិញយើងគួរបង្កើតទម្លាប់ថាតើយើងត្រូវប្រើប្រាស់វាដោយរបៀបណា ដើម្បីឲ្យវាមានអត្ថប្រយោជន៍និងមានសុខមាលភាពចំពោះយើង។