សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ

ការរំលឹកឡើងវិញ

យើងក្រឡេកមើលលើការហ្វឹកហាត់ទាំងបី (ការប្រតិបត្តិ) តើវិធីសាស្រ្តហ្វឹកហាត់ទាំងបីនេះ អាចជួយ យើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដោយរបៀបណា តាមរយៈការប្រតិបត្តិអដ្ឋង្គិកមគ្គប្រាំបី ។ ការ ហ្វឹកហាត់ទាំងបីនេះគឺផ្តោតលើ៖

  • សីល (សីលវិន័យប្រចាំខ្លួន)
  • សមាធិ
  • បញ្ញា (សតិប្រាជ្ញាត្រិះរិះពិចារណា)

យើងអនុវត្ត (ប្រតិបត្តិ) សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ដើម្បីធ្វើការអភិវឌ្ឍសីលវិន័យ ។ ឥឡូវ នេះយើងអាចក្រឡេកមើលលើការហ្វឹកហាត់លើសមាធិ ដែលផ្តោតលើសម្មាវាយាមៈ សម្មាសតិ និងស ម្មាសមាធិ ។

សម្មាវាយាមៈគឺជាការប្រតិបត្តិដើម្បីកម្ចាត់បង់នូវទស្សនៈអកុសលបែបបំផ្លិចបំផ្លាញ និងចាប់ធ្វើការអភិវ ឌ្ឍសភាពនៃចិត្តដែលតាំងនៅក្នុងសមាធិ ។

សតិ (សម្មាសតិ) គឺដូចជាមនោស្អិតតោងជាប់នឹងអ្វីមួយ ដោយមិនប្រលែងចោល ដើម្បីការពារយើងពី ការភ្លេចភ្លាំង៖

  • មិនភ្លេច ធម្មជាតិពិតនៃរាងកាយ អារម្មណ៍ ចិត្ត និងចេតសិកផ្សេងៗ ដើម្បីកំុឪ្យយើងបែកអារម្ម ណ៍ ។
  • មិនបាត់បង់នូវគោលណែនាំសីលក្រម សិក្ខាបទ និងការសច្ចាប្រគល់ខ្លួន ដែលយើងបានយកម កបដិបត្តិ ។
  • មិនបោះចោល ឬមិនបំភ្លេចចំពោះវត្ថុបំណងនៃការតាំងសតិ ។

ប្រសិនបើយើងកំពុងធ្វើសមាធិ យើងពិតជាត្រូវការសតិដើម្បីកុំឪ្យយើងបាត់បង់ការផ្តោតអារម្មណ៍លើក សិណណាមួយ ។ ប្រសិនបើយើងកំពុងសន្ទនា (និយាយ) ជាមួយនរណាម្នាក់ យើងត្រូវការរក្សាការផ្តោ តអារម្មណ៍លើដៃគូសន្ទនារបស់យើង ដើម្បីឪយើងដឹងថាគេកំពុងនិយាយអ្វី ។

ធម្មជាតិនៃពាក្យថាសមាធិ គឺជាកាតាំងមនោលើកសិណមួយ ។ ដូច្នេះពេលយើងស្តាប់នរណាម្នាក់កំពុងនិយាយ មានន័យថាយើងត្រូវតាំងសតិរបស់យើងលើអ្វីដែលគេកំពុងនិយាយ តើទឹកមុខគេមើលទៅបែបម៉េច និងកាយវិការរបស់គេយ៉ាងណាជាដើម ។ សតិជួយឪ្យយើងធ្វើការរក្សាការធ្វើសមាធិ និងដើរតួជាមនោកាវវិទ្យាសាស្រ្តដ៏សែនស្អិតដែលបិតយើងឪ្យស្អិតជាប់នឹងការធ្វើសមាធិនោះដើម្បីកុំឪ្យយើងក្លាយជាស្ពឹកស្រពន់ និងបែកអារម្មណ៍ ។

វាយាមៈ

វាយាមៈជាមាគា៌មុនគេដែលយើងយកចេញពីមាគា៌ទាំងប្រាំបី ដើម្បីប្រើប្រាសជាជំនួយក្នុងការអភិវឌ្ឍការចម្រើនសមាធិ ។ យើងខិតខំព្យាយាមលុបបំបាត់នូវការគិតបែកអារម្មណ៍ និងសភាពនៃមនោដែលមិនតាំងនៅក្នុងសមាធិ និងខិតខំព្យាយាមធ្វើការភិវឌ្ឍនូវគុណតម្លៃនានា ។ និយាយឪ្យសាមញ្ញទៅ ប្រសិនបើយើងចង់សម្រេចបានអ្វីមួយនៅក្នុងជីវិត យើងត្រូវការការខិតខំព្យាយាម ។ លទ្ធផលមិនកើតមានឡើង ដោយគ្មានការធ្វើអ្វីសោះនោះទេ ហើយក៏គ្មាននរណានិយាយថាវាងាយស្រួលដែរ ។ ក៏ប៉ុន្តែប្រសិនបើ យើងអភិវឌ្ឍបានកំលាំងខ្លះហើយ ពីសីលវិន័យ (សីល) ស្តីពីរបៀបដែលយើងនិយាយ និងប្រព្រឹត្តធ្វើចំពោះអ្នកដ៏ទៃ វាអាចផ្តល់ថាមពលឪ្យយើង ដើម្បីយកសម្មាវាយាមៈមកប្រតិបត្តិលើសភាពនៃអារម្មណ៍ និងចិត្តរបស់យើង ។

មិច្ឆាវាយាមៈ

ការព្យាយាមខុសគឺជាការព្យាយាមដែលតម្រង់ទិសដៅថាមពលរបស់យើងទៅរកតែលំហូរគំនិតអកុសលបែបបំផ្លិចបំផ្លាញ និងព្យាយាមបំបែកអារម្មណ៍យើង ធ្វើឪ្យកាន់តែពិបាកក្នុងការធ្វើសមាធិ ។ ការគិតមិនចម្រើនបីប្រភេទធំៗ៖

  • លោភៈ (ការគិតលោភចង់បានហួសប្រមាណ)
  • ទោសៈ (ការគិតព្យាបាទគេ)
  • មោហៈ (ការគិតវង្វែងភាន់ពេញដោយភាពប្រទូសរាយ)

គិតលោភ

គិតលោភរួមទាំងការគិតច្រណែន ចំពោះអ្វីដែលអ្នកដ៏ទៃទទួលបាន រួមទាំងការសប្បាយរីករាយ និងសំ ភារៈដែលគេមានបាន ពោលគឺអ្នកគិតថា “តើខ្ញុំត្រូវធ្វើម៉េចដើម្បីបានរបស់ទាំងអស់នោះ?” គំនិតនេះកើ តឡើងពី ឧបាទាន (ជាប់ជំពាក់) ។ យើងមិនអាចទ្រាំមើលបាន ពេលអ្នកដ៏ទៃមានរបស់ដែលយើងមិន មាន វាអាចជា ភាពជោគជ័យ មានដៃគូស្អាត មានរថយន្តទំនើប - តាមពិតទៅរបស់នោះអាចជាអ្វីក៏បាន ។ យើងគិតងុបងុលតែរឿងហ្នឹងជាប់រហូត វាគឺជាសភាពសៅហ្មងរំខាន (កិលេស) នៃចិត្ត ។ ការគិតបែបហ្នឹងទប់ស្កាត់ការតាំងសតិ និងការធ្វើសមាធិរបស់យើង តើត្រូវទេ?

ទស្សនៈនៃភាពឥតខ្ចោះនិយម(perfectionism)អាចត្រូវធ្លាក់ចូលទៅក្នុងគោលគំនិតនេះ - យើងឧស្សាហ៍គិតថាយើងអាចធ្វើឪ្យកាន់តែអស្ចារ្យជាងអ្វីដែលខ្លួនយើងអាចធ្វើបាន (outdo ourselves) ។ នេះយើងអាចហៅវាថា ជាការប្រច័ណ្ឌលើខ្លួនឯង ។

គិតទោសៈ

ការគិតទោសៈគឺជាការគិតព្យាបាទរិះរកមធ្យោបាយដើម្បីយាយី (បង្កទុក្ខទោស) លើអ្នកដ៏ទៃ ពោលគឺ “ប្រសិនបើបុគ្គលនេះនិយាយ ឬធ្វើអ្វី ខ្ញុំមិនចូលចិត្ត ខ្ញុំនឹងសង់សឹងវិញ” ។ យើងអាចរិះគិតរកទង្វើអ្វីដែលយើងនឹងធ្វើ ឬនិយាយទៅកាន់បុគ្គលនោះពេលយើងជួបគេម្តងទៀត ដោយសារយើងសោកស្តាយមិនបាននិយាយតបទៅគេវិញ ពេលគេបាននិយាយអ្វីមួយមកកាន់យើងពីមុខ ។ យើងមិនអាចបំភ្លេចសំដីគេនិយាយនោះចេញពីខួរក្បាលយើងបានទេ យើងគិតដល់សំដីនោះខ្លាំងណាស់ ។

គិតមោហៈ

ការគិតវង្វែងភាន់ និងបង្កប្រទូសរាយ នៅត្រង់នេះសូមលើកយកឧទាហរណ៍មួយគឺឧបមាថា ប្រសិនបើ មានបុគ្គលណាម្នាក់កំពុងព្យាយាមធ្វើខ្លួនឪ្យប្រសើរឡើង ដើម្បីជួយដល់អ្នកដ៏ទៃ តែពេលនោះយើងបែ ជាគិតថា “ពួកគេគឺឆ្កួតល្ងីល្ងឺ - អ្វីដែលពួកគេកំពុងធ្វើគឺឥតប្រយោជន៍ ។ វាគឺពិតជាមិនសមហេតុផលទា ល់តែសោះ” ។

មនុស្សខ្លះមិនចូលចិត្តកីឡា ហើយគិតថាអ្នកចូលចិត្តលែងកីឡា និងចូលចិត្តមើលប៉ាល់ទាត់តាមទូរទ ស្សន៍ ឬទៅមើលការប្រកួតប៉ាល់ទាត់ ពិតជាឆ្កួតឡប់មែន ។ ប៉ុន្តែគ្មានអ្វីដែលគ្រោះថ្នាក់ចំពោះការ ចូលចិត្តកីឡាទេ ។ គិតថា វាឆ្កួតឡប់ ឬចំណាយពេលឥតប្រយោជន៍គឺជាសភាពប្រទូសរាយនៃចិត្ត ។

ឬពេលនរណាម្នាក់ព្យាយាមជួយអ្នកសុំទាន ដោយឪ្យលុយទៅពួកគេ ហើយអ្នកចាប់គិតឡើងថា

“អូអ្នកឯងធ្វើដូច្នោះឆ្កួតហើយ” ។ ប្រសិនបើយើងចេះតែគិតថាអ្នកដ៏ទៃឆ្កួត និងអ្វីដែលគេធ្វើគឺមិន សមហេតុផលនុះ យើងនឹងមិនអាចធ្វើការតាំងសតិបានទេ ។ ទាំងអស់នេះគឺជាគំនិតដែលយើងចង់លុប បំបាត់ចេញឪ្យអស់ ។

សម្មាវាយាមៈ

ការព្យាយាមត្រូវគឺតម្រង់ទិសដៅថាពលរបស់យើងឪ្យចាកចេញផុតពីការគិតអកុសល បង្កទុក្ខទោស និងបំផ្លិចបំផ្លាញ និងតម្រង់ទិសដៅឆ្ពោះទៅរកការអភិវឌ្ឍគុណសម្បត្តិជាប្រយោជន៍នានា ។ យើងសំ ដៅលើអ្វីដែលហៅថា “សម្មប្បធាន៤យ៉ាង” (ការព្យាយាមត្រូវបួនយ៉ាង) ជាភាសាបាលី ។ នៅក្នុងភា សាសំស្រ្កឹត និងអក្សរសីល្ប៍ទីបេ ត្រូវបានគេហៅថា បធានបួនយ៉ាងរក្សាការលុបបំបាត់(បាបអកុសល) ឪ្យរលាយបាត់ជាអចិន្រ្តិយ៍ - ក្នុងន័យមួយទៀត គឺការលុបបំបាត់បញ្ហានិងកង្វះខាត់របស់យើង - មនុស្ស ទូទៅហៅថា “ការបោះបង់ដ៏បរិសុទ្ធបួនយ៉ាង” ៖

  1. សំវរប្បធាន - ដំបូងបំផុត យើងត្រូវព្យាយាមការពារកុំឪ្យគុណវិបត្តិ (អំពើបាប ឬបាបអកុសល)  កើតឡើងបានក្នុងសណ្តាន ។ ឧទាហរណ៍ថា៖ ប្រសិនបើយើងមានចរិកលក្ខណៈញៀននឹងប្រភេទអ្វីមួយ យើងគួរចៀសវាងកុំភ្ជាប់បណ្តាញមើលកុនអនឡាញ (online)អី ប្រសិនបើអ្នកភ្ជាប់បណ្តាញមើលកុនតាមអនឡាញដោយសេរី អ្នកនឹងចំណាយពេលពេញមួយថ្ងៃមើលរឿងមួ យហើយមួយទៀតមិនឈប់ ។ វាអាចបង្កគ្រោះថ្នាក់ និងធ្វើឪ្យអ្នកបាត់បង់ការតាំងសតិ ។
  2. បហានប្បធាន - យើងត្រូវព្យាយាមកម្ចាត់បង់បាបអកុសល (គុណវិបត្តិ) របស់យើងដែលកើតឡើងរួចហើយឪ្យអស់ ពោលគឺប្រសិនបើយើងញៀននឹងអ្វីមួយ យើងត្រូវព្យាយាមដាក់កំណត់លើវាឪ្យបាន ។ ឧទាហរណ៍៖ យើងដឹងហើយថា មានមនុស្សខ្លះពិតជាញៀននឹងអាយផត់ (Ipod) ខ្លាំងណាស់ រហូតដល់ថ្នាក់គេទៅណាមិនរួចបើមិនមានអាយផត់ស្តាប់ចំរៀងទេ ។ បើគិតទៅ គឺដូចជាពួកគេ ខ្លាចភាពស្ងប់ស្ងាត់អីចឹង ខ្លាចមិនហ៊ានគិតអ្វីទាំងអស់ គឹត្រូវតែមានសំលេងតន្ត្រីនៅជាមួយគេជាប់រហូត ។ ពិតណាស់ សំលេងតន្រ្តីឭសូរខ្លាំងៗអាចជួយឪ្យយើងមានស្មារតីស្វាងឡើង ពេលយើងបើកបរផ្លូវឆ្ងាយ ឬពេលយើងហាត់ប្រាណ ហើយសំលេងតន្ត្រីស្រទន់អាចជួយឪ្យយើងមានចិត្តស្ងប់ ពេលយើងកំពុងធ្វើការ ក៏ប៉ុន្តែសំលេងតន្ត្រីពិតជាមិនអាចជួយយើងឪ្យមានការផ្តោតអារម្មណ៍លើដៃគូសន្ទនារបស់យើងបានទេ ។ វាធ្វើឪ្យយើងបែកអារម្មណ៍ចៀសមិនផុតទេ ។
  3. ភាវនាបធាន - បន្ទាប់មក យើងត្រូវព្យាយាមញាំង ឬបណ្តុះកុសល (គុណសម្បត្តិ) ឪ្យកើតឡើង ក្នុងសណ្តាន ។
  4. អនុរក្ខនាបធាន - យើងត្រូវព្យាយាមចម្រើន និងរក្សាកុសល (គុណសម្បត្តិ) ដែលកើតមានឡើង ហើយ មិនឪ្យសាបសូន្យទៅវិញ

វាគឺពិតជាគួរឪ្យចាប់អារម្មណ៍ខ្លាំងណាស់ បើក្រឡេកមើលលើគោណធម៌ទាំងនេះ និងព្យាយាមរិះរកនូវការអនុវត្តជាក់ស្តែង ។ ខ្ញុំសូមលើកយក ឧទាហរណ៍មួយស្តីពីខ្លួនខ្ញុំផ្ទាល់ ពោលគឺខ្ញុំមានទម្លាប់អាក្រក់មួយ ទាក់ទងកិច្ចការងារគេហទំព័ររបស់ខ្ញុំ ។ មានមនុស្ស១១០នាក់កំពុងធ្វើការលើគេហទំព័រនេះ គេផ្ញើរឯកសារ បកប្រែ និងឯកសារកែរួចរាល់ពួកគេ តាមរយៈអុីមែលមកខ្ញុំ - ខ្ញុំទទួលបានឯកសារទាំងនោះច្រើនណាស់ រៀងរាល់ថ្ងៃ ។ ទម្លាប់អាក្រក់របស់ខ្ញុំគឺ ខ្ញុំដោនឡូត (download) គ្រប់ឯកសារទាំងអស់ដាក់នៅក្នុងថតឯកសារតែមួយ (Folder) ជាជាងដាក់ទៅតាមប្រភេទឯកសារនីមួយៗ ដែលបង្កភាពងាយស្រួលដល់ជំនួយការរបស់ខ្ញុំដើម្បីរកឃើញបានងាយ ។ វាគឺជាទម្លាប់អាក្រក់មួយ ដោយសារតែភាពមិនមានប្រសិទ្ធិភាពរបស់ខ្ញុំ ធ្វើឪ្យយើងមិនមានការតាំងសតិលើកិច្ចការឯកសារទាំងអស់នេះ និងចំណាយពេលកាន់តែច្រើនដើម្បីស្វែងរកឯកសារទាំងនោះម្តងៗ ។ ដូច្នេះតើគុណសម្បត្តិត្រង់នេះសំដៅលើអ្វី? ត្រូវបង្កើតប្រព័ន្ធត្រឹមត្រូវមួយ ពេលណាគេផ្ញើរឯកសារមក ឯកសារទាំងនោះ នឹងរត់ចូលទៅតាមប្រភេទហ្វុលឌើ (Folder) នីមួយៗទៅតាមប្រភេទរបស់វា ។ ធ្វើដូច្នេះ គឺបង្កើតទម្លាប់មួយ ដែលធ្វើឪ្យយើងឧស្សាហ៍ទុកដាក់របស់របរទៅតាមទីកន្លែងត្រឹមត្រូវផនវា ជាជាងខ្ចិលច្រអូស ឪ្យរបស់របរទាំងនោះអារ៉ាតអារាយគ្មានទិសតំបន់ ។

នៅក្នុងឧទាហរណ៍នេះ យើងរកឃើញគុណវិបត្តិ ទម្លាប់មិនមានប្រយោជន៍ និងរកឃើញគុណសម្បត្តិផ ងដែរ ។ ដូចនេះ យើងត្រូវមានវាយាមៈ (ការព្យាយាម) ដើម្បីចៀសវាងគុណវិបត្តិ និងចាប់បង្កើតប្រព័ន្ធ ដាក់ឯកសារត្រឹមត្រូវ ដើម្បីការពារកុំឪ្យគុណវិបត្តិបន្តកើតឡើងទៀត ។ នេះគឺជាអ្វីដែលយើងកំពុងនិយាយទាក់ទងនឹងការប្រតិបត្តិកំរិតសាមញ្ញៗ ។

ការយកឈ្នះលើ នីវរណធម៌ប្រាំ (ឧបសគ្គ) ចំពោះ សមាធិ

សម្មាវាយាមៈក៏ដើរតួសំខាន់ដើម្បីយកឈ្នះលើ នីវរណធម៌ប្រាំ (ឧបសគ្គប្រាំ) ដែលជាគ្រឿងជំទាស់ចំ ពោះការតាំងសតិ (សមាធិ) ឧបសគ្គទាំងប្រាំនោះមាន៖

កាមច្ឆន្ទៈ  បំណងប្រាថ្នា ឬសេចក្តីពេញចិត្តចំពោះកាមគុណណាមួយក្នុងចំណោមកាមគុណទាំង៥

កាមគុណទាំងប្រាំប្រការគឺ រូបា រូបជាទីពេញចិត្តតាមផ្លូវភ្នែក សទ្ទា សំឡេងជាទីពេញចិត្តតាមផ្លូវត្រចៀក គន្ធា ក្លិនជាទីពេញចិត្តតាមផ្លូវច្រមុះ រសា រសជាតិជាទីពេញចិត្តតាមផ្លូវអណ្តាត ផោដ្ឋព្វា ផស្សៈ(ប៉ះពាល់ត្រូវ)ជាទីពេញចិត្តតាមផ្លូវកាយ ។ ឧបសគ្គ (នីវរណៈ) ដែលយើងព្យាយាមជម្នះនេះ ពោលគឺពេល យើងកំពុងតែតាំងសតិ(ផ្តោតអារម្មណ៍)លើអ្វីមួយ ឧបមាថា ផ្តោតលើការងាររបស់យើង តែពេលនោះ ការតាំងសតិ(ផ្តោត)របស់យើងត្រូវបានបន្ទុចបង្អាក់ដោយការគិតទាំងនេះ ពោលគឺគិតថា “ខ្ញុំចង់មើលកុន” ឬ “ខ្ញុំចង់ដើរទៅរកទូទឹកកកវិញ” ។ ដូច្នេះនៅទីនេះ ការគិតបែបនេះ យើងសំលឹងមើលទៅលើភវតណ្ហា ឬតណ្ហា ជាចំណង់ចង់ញាំអាហារ ចង់ស្តាប់តន្រ្តី ជាដើម ។ល។ យើងត្រូវព្យាយាមមិនធ្វើតាមអារម្មណ៍ទាំងនោះដែលចេះតែផុសឡើងមកទេ ដើម្បីឪ្យយើងមានការតាំងសតិខ្ពស់ (ផ្តោតអារម្មណ៍ខ្ពស់) ។

ព្យាបាទៈ គំនិតព្យាបាទ

គិតបង្កការឈឺចាប់ដល់អ្នកដទៃ ។ ប្រសិនបើយើងគិតគុំកួន ពោលគឺគិតថា “បុគ្គលនេះធ្វើឪ្យខ្ញុំឈឺចាប់ ខ្ញុំមិនចូលចិត្តគេទេ តើខ្ញុំអាចសងសឹកគេវិញរបៀបណា?” - នេះគឺជាឧបសគ្គយ៉ាងធំ(នីវរណៈធម៌)ចំ ពោះសមាធិ ។ យើងត្រូវចៀសវាងការគិតគុំកួន និងការគិតព្យាបាទ មិនត្រឹមតែចំពោះអ្នកដទៃទេ តែចំ ពោះរូបយើងផ្ទាល់ផងដែរ ។

ថីនមិទ្ធៈ គិតខ្ចិលច្រអូសមិនច្បាស់ និងម្តងភ្ញាក់ម្តងលក់

សំដៅលើមនោដែលឋិតនៅក្នុងភាពស្រអ័ព្ទ ភ្លឹកៗគ្មានអារម្មណ៍នៅក្នុងខ្លួន និងមិនអាចគិតបានច្បាស់ លាស់ ។ ម្តងលក់ម្តងភ្ញាក់ តាមពិត គឺសំដៅលើពេលដែលយើងងងុយដេកខ្លាំង ។ យើងត្រូវព្យាយាមប្រយុទ្ធប្រឆាំងនឹងមនោ(ចិត្ត)បែបនេះ ។ មិនថាយើងទប់ទល់នឹងចិត្តនេះដោយការញាំកាហ្វេ ឬចេញទៅខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធទេ ពោលគឺយើងត្រូវព្យាយាមកុំចុះញ៉មឪ្យសោះ ។ ប្រសិនបើវាក្លាយជាការពិបាកខ្លាំង ដល់ថ្នាក់មិនអាចតាំងសតិបាន(សមាធិ) យើងត្រូវបង្កើតដែនកំណត់ បើសិនអ្នកធ្វើការនៅផ្ទះ អ្នកត្រូវកំណត់ថា “ខ្ញុំនឹងគេង ឬឈប់សំរាករយៈពេល២០នាទី ” ។ បើសិនអ្នក ធ្វើការនៅក្នុងការិយាល័យ អ្នកត្រូវកំណត់ថា “ខ្ញុំនឹងសំរាករយៈពេល១០នាទីសិនដើម្បីហូបកាហ្វេ” ក្រោ យមកអ្នកប្រឡប់ទៅធ្វើការវិញ ក្រោយពីការដាក់កំណត់បែបនេះ ។

ឧទ្ធច្ចកុក្កុច្ចៈ ក្តីរសាប់រសល់ប្តូរចិត្តជាប់រហូត និងសោកស្តាយអាឡោះអាល័យ

ក្តីរសាប់រសល់ប្តូរចិត្តជាប់រហូត គឺជាមនោ(ចិត្ត)ដែលម្តងគិតចង់លេងហ្វេស្បុក(Facebook) ឬម្តងគិត ចង់លែងយូថ្យូប (Youtube) ឬម្តងចង់ធ្វើអ្វីផ្សេងទៀតអីចឹង រសាប់រសល់មិនចេះចប់ ។ អារម្មណ៍អា ឡោះអាល័យសោកស្តាយ គឺជាមនោដែលចេះតែគិតពីកំហុស ពោលគឺ “ខ្ញុំមានអារម្មណ៍មិនល្អទេដែលខ្ញុំបានធ្វើបែបនេះ បែបនោះ” គិតស្វែងរកតែកំហុស ។ រឿងទាំងនេះ (មនោទាំងនេះ) ធ្វើឪ្យយើងបែក អារម្មណ៍ខ្លាំងណាស់ និងជាគ្រឿងជំទាស់ចំពោះការធ្វើសមាធិរបស់យើង (ការតាំងសតិរបស់យើង) ។

វិចិកិច្ឆា  គិតមិនដាច់ស្រេច និងមានការសង្ស័យ

នីវរណធម៌(ឧបសគ្គ)ចុងក្រោយដែលយើងត្រូវព្យាយាមយកឈ្នះគឺ វិចិកិច្ឆា ។ ការគិតមិនដាច់ស្រេច ពោលគឺ “តើខ្ញុំត្រូវធ្វើអ្វី?” “តើខ្ញុំគួរញាំអីសំរាប់អាហារថ្ងៃត្រង់? ប្រហែលជាខ្ញុំត្រូវញាំអាហារនេះ ឬអា ហារនោះ?”  មិនអាចធ្វើការសម្រេចចិត្តបាន ចំណាយពេលគិតច្រើនឥតប្រយោជន៍ ។ យើងមិនអាចផ្តោតចិត្ត ឬតាំងសតិ សម្រេចបានអ្វីមួយទេ ប្រសិនបើចិត្តរបស់យើងពេញដោយ វិចិកិច្ឆា ភាពសង្ស័យ និង ភាពមិនដាច់ស្រេច ដូច្នេះយើងត្រូវការសម្មាវាយាម (ការព្យាយាម) ដើម្បីធ្វើការដោះស្រាយចំពោះឧបគ្គនេះ ។

សង្ចេបឪ្យខ្លី សម្មាវាយាមៈគឺដាក់ការព្យាយាមលើ៖

  • ចៀសវាងការគិតបាបអកុសល សៅហ្មងបំផ្លិចបំផ្លាញ នៅក្នុងសណ្តាន
  • លុបបំបាត់ទម្លាប់អាក្រក់ និងកង្វះខាតរបស់យើង (បាបអកុសល) ឪ្យអស់ពីសណ្តាន
  • ចាប់អភិវឌ្ឍគុណតម្លៃ (គុណសម្បត្តិ) នៅក្នុងសណ្តានរបស់យើងឪ្យកើតមានឡើង
  • លុបបំបាត់នូវនីវរណធម៌ (ឧបសគ្គ) ចំពោះសមាធិ ឪ្យរលាយបាត់ទៅ

សតិ

មាគា៌បន្ទាប់នៅក្នុងអដ្ឋង្គិកមគ្គប្រាំបីដែលអាស្រ័យសមាធិដែរនោះគឺ សម្មាសតិ៖

  • សតិគឺជាមនោកាវ (កាវស្អិត) ។ ពេលអ្នកកំពុងតាំងសតិ (ផ្តោត) ចិត្តរបស់អ្នកតោងជាប់ស្អិតនឹ ងកសិណ (វត្ថុ) មួយ ។ មនោកាវស្អិតនេះ (ចិត្តតោងជាប់ស្អិត) ការពារកុំឪ្យអ្នករបូតដៃធ្លាក់ចេ ញពីការតាំងសតិ ។
  • ចិត្តនេះគឺត្រូវបានហែហមដោយ សតិរលឹកដឹង ដែលអាចសម្គាល់បាន ប្រសិនបើការផ្តោតអារម្ម ណ៍របស់អ្នកចាប់ផ្តើមដើរហើរ ត្រាច់ចរចេញទៅខាងក្រៅ ឬប្រសិនបើអ្នកងងុយដេក ឬ ពេលចិ ត្តអ្នកស្ពឹកស្រពន់ជាដើម ។
  • បន្ទាប់មកយើងត្រូវប្រើប្រាស ការផ្តោតអារម្មណ៍របស់យើង ជាវិធីសាស្រ្តមួយហៅថា សតិបដ្ឋាន ។

នៅទីនេះយើងផ្តោតអារម្មណ៍លើរបៀបដែលយើងមើលចំពោះរូបរាងកាយរបស់យើង អារម្មណ៍ ចិត្ត និង ចេតសិកផ្សេង ។ យើងត្រូវចៀសវាងកុំប្រកាន់ភ្ជាប់ និងត្រូវលះនូវការគិតពិចារណាខុសចំពោះរូបកាយ ចំពោះអារម្មណ៍របស់យើង ។ ប្រសិនបើយើងមិនលះនូវការគិតជាប់ជំពាក់លើរូបកាយ និងអារម្មណ៍ទេ យើងនឹងបែកការផ្តោតអារម្មណ៍ និងមិនអាចតាំងសតិ ឬតាំងសមាធិបានទេ ។ ដូច្នេះនៅទីនេះ ចូរអ្នកក្រឡេកមើលលើប្រភេទខុស និងត្រូវនៃសតិជាជម្រើសផ្សេងគ្នា ។

កាយាសតិបដ្ឋានា (ការពិចារណាលើរូបកាយ)

ពេលយើងនិយាយអំពីរាងកាយ គឺយើងនិយាយពីរូបកាយពិតប្រាកដរបស់យើង និងអវយវផ្សេងៗនៃ កាយរបស់យើង ។ ការពិចារណាខុសលើរូបកាយ គឺជាការគិតពិចារណាថា រូបកាយរបស់យើងគឺជាទីរីករាយសប្បាយ ឬស្អាតបាតល្អ និងមានសម្រស់ស្រស់ស្អាត ។ យើងចំណាយពេលច្រើនណាស់ បង្វែពីការងារផ្សេង និងព្រួយបារម្ភអំពីថាតើរូបរាងកាយរបស់យើងមើលទៅស្អាតឬអត់ - ទៅលើសក់ និងការតុបតែងមុខរបស់យើង និង តើត្រូវស្លៀកពាក់ខោអាវបែបណាជាដើម ។ ពិតណាស់ វាគឺជាការល្អដែលរាងកាយត្រូវតែដុះលាងឪ្យស្អាត ដែលគេអាចមើលចូលភ្នែកបាន ក៏ប៉ុន្តែប្រសិនបើយើងគិតជ្រុលពេកថា របៀបដែលសង្គមមើលមកលើរូបរាងកាយជាប្រភពនៃសេចក្តីសប្បាយ (ក្តីសុខ) និងត្រូវតែល្អឥតខ្ចោះ ដើម្បីទាក់ទាញអ្នកដទៃនុះ យើងនឹងមិនមានពេលវេលាច្រើនដើម្បីធ្វើការតាំងសតិ(ធ្វើសមាធិ) និងផ្តោតលើអ្វីផ្សេង ដែលមានអត្ថន័យជាហ្នឹងបានទេ ។

តោះយើងក្រឡេកមើលលើរូបកាយដោយភាពប្រាកដនិយម ។ ប្រសិនបើអ្នកអង្គុយយូរពេក អ្នកមានអារម្មណ៍ថាអត់ស្រួល នឹងច្បាស់ជាចង់កំរើក ។ ប្រសិនបើអ្នកទម្រេតខ្លួននៅក្នុងកាយវិការមួយយូរពេក កាយវិការនោះនឹងមិនស្រួល ហើយកាយវិការដែលអ្នកផ្លាស់ប្តូរបន្ទាប់ទៀតក៏នឹងមិនស្រួលដូចគ្នា ។ យើងឈឺ រាងកាយកាន់តែចាស់ទៅៗ ។ សំខាន់ណាស់ដែលត្រូវថែរក្សារាងកាយ ធ្វើយ៉ាងណាឪ្យយើងមានសុខភាពរឹងមាំល្អ តាមរយៈការហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ក៏ប៉ុន្តែបើផ្តោតលើរឿងនេះខ្លាំងពេក - គឺផ្តោតលើ គំនិតមួយថា រូបកាយគឺជាប្រភពនៃសេចក្តីសុខអចិន្រ្តិយ៍នោះ - គឺពិតជាមានបញ្ហាហើយ ។

សតិយល់ខុសនេះ (មិច្ឆាសតិ) គឺជាអ្វីដែលយើត្រូវលុបបំបាត់ចេញ ។ យើងត្រូវលះនូវការគិតថាសក់របស់យើងគឺជា របស់សំខាន់បំផុតមិនធ្លាប់មាន ឬថាយើងត្រូវតែស្លៀកពាក់ខោអាវណាដែលមានពណ៌សុីគ្នា វានឹងនាំមកនូវសុភមង្គល ។ យើងត្រូវតែឈប់ប្រកាន់មាំលើរឿងទាំងអស់នេះ នឹងត្រូវបណ្តុះ ឬញាំងសម្មាសតិឪ្យកើតមានឡើង ពោលគឺ “សក់ និងខោអាវរបស់ខ្ញុំគឺមិនមែនជាប្រភពនៃសុភមង្គលទេ បើគិតពីវាច្រើនពេក ធ្វើឪ្យបាត់បង់ពេលវេលាឥតប្រយោជន៍ និងបន្ទុចបង្អាក់ខ្ញុំពីការតាំងសតិលើអ្វីដែលមានអត្ថន័យជាងនេះ” ។

វេទនាសតិបដ្ឋានា (ការពិចារណាលើអារម្មណ៍)

នៅចំណុចនេះ យើងកំពុងនិយាយអំពីអារម្មណ៍នៃសេចក្តីទុក្ខ និងសេចក្តីសុខ ដែលទីបញ្ចប់ទៅមាន ការពាក់ព័ន្ធជាមួយនឹងប្រភពនៃសេចក្តីទុក្ខ ។ ពេលយើងមិនសប្បាយចិត្ត យើងមានអ្វីមួយដែលគេហៅ ថា “ស្រេកឃ្លាន” - ពោលគឺយើងស្រេកឃ្លាន ការបញ្ឈប់នូវប្រភពនៃសេចក្តីទុក្ខ (មិនសប្បាយ) ។ ភាព ស្រដៀងគ្នានេះដែរ ពេលណាយើងមានសេចក្តីសុខបានបន្តិចហើយ អ្នកច្បាស់ជាមាន ការស្រេចឃ្លាន ចង់បានថែមទៀត ។ ជាធម្មតា នេះគឺជាប្រភពនៃបញ្ហា ។

ពេលយើងចាត់ទុកសេចក្តីទុក្ខ (ការមិនសប្បាយចិត្ត) ថាជារឿងអាក្រក់បំផុតនៅលើលោក ហើយវាប ង្កើតជាបញ្ហាចំពោះការតាំងសតិ ។ របៀបណា? ពោលគឺ “ខ្ញុំមិនស្រួល” ឬ “ខ្ញុំមានអារម្មណ៍មិនល្អ”

 ឬ “ខ្ញុំមិនសប្បាយចិត្ត”  បើអីចឹង វាយ៉ាងម៉េច? អ្នកគ្រាន់តែធ្វើបន្តនូវអ្វីដែលអ្នកកំពុងធ្វើទៅ ។ ប្រសិន បើអ្នកពិតជាគិតថា អារម្មណ៍អាក្រក់ របស់អ្នកគឺជារឿងអាក្រក់បំផុតនៅលើលោកនេះ ហើយអ្នកនៅតែ ប្រកាន់មាំចំពោះវាទៀត វាពិតជាក្លាយជាឧបសគ្គ (នីវរណៈ) ចំពោះការប្រតិបត្តិការតាំងសតិលើអ្វីដែល អ្នកកំពុងធ្វើហើយ ។

ពេលយើងសប្បាយចិត្ត យើងមិនគួរបែកអារម្មណ៍ទេ មិនគួរប្រាថ្នាឪ្យសេចក្តីសប្បាយនោះរីកធំឡើង និងឋិតនៅគង់វង្សជានិរន្តទេ ។ រឿងនេះអាចកើតមានឡើងបាន ពេលធ្វើសាមាធិ ហើយអ្នកចាប់មានអារម្មណ៍ល្អពិតប្រាកដ ពេលនោះអ្នកនឹងដឹងថាវាល្អអស្ចារ្យកំរិតណា ។ ឬ ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ដែលអ្នកចូលចិត្ត ឬ ញាំអាហារណាដែលឆ្ងាញ់  មិច្ឆាសតិ (មានសតិខុសរឿង) ត្រង់នេះគឺជាការជាប់ជំពាក់ខ្លាំងពេកទៅលើរឿងទាំងពីរនេះ ពោលគឺដល់ថ្នាក់ពោលពាក្យថា “នេះគឺពិតជាអស្ចារ្យណាស់” ហើយចាប់ផ្តើមបែកអារម្មណ៍ដោយសារតែអារម្មណ៍នោះ ។ ចូរអ្នកសប្បាយរីករាយ ចំពោះអ្វី ដែលវាមានពិតប្រាកដ ប៉ុន្តែសូមកុំងុមងុលនឹងវាខ្លាំងពេក ។

ចិត្តាសតិបដ្ឋានា (ការពិចារណាលើចិត្ត)

ពិតជាមានការពិបាកដើម្បីប្រតិបត្តិការតាំងសតិ បើសិនយើងចាត់ទុកចិត្តរបស់យើងថា ជាសភាពមួយ ពេញដោយកំហឹង (មោហៈ) ឬពេញដោយភាពល្ងង់ល្ងីល្ងឺ ឬពេញដោយភាពអវិជ្ជា ពោលគឺគិតថា មានអ្វីមួយខុសប្រក្រតីទៅ ឬគិតថាចិត្តរបស់យើងពីធម្មជាតិពិតជាមានខ្ចោះនោះ ។ យើងឧស្សាហ៍គិតថាខ្លួនយើងមិនល្អ គ្រប់គ្រាន់ទេ ពោលគឺចេះតែគិតថា៖ “ខ្ញុំគឺមិនមែននេះ” “ខ្ញុំគឺមិនមែននោះ” “ខ្ញុំគឺទទេស្អាតគ្មានអ្វីសោះ” ឬ “ខ្ញុំមិនអាចយល់បាន” មុនពេលយើងព្យាយាមធ្វើអ្វីមួយ ។ ប្រសិនបើយើងប្រកាន់មាំនឹងទស្សនៈបែបហ្នឹង គឺពិតជាគ្មានសង្ឃឹមអ្វីឡើយ ។ វាផ្ទុយពីសម្មាសតិ (ការមានសតិយល់ត្រូវ) ពោលគឺយើងគិតថា “មិនអីទេ ខ្ញុំមិនអាចយល់បានត្រឹមគ្រាបណ្តោះអាសន្នប៉ុណ្ណោះ ខ្ញុំយល់ច្រឡំត្រឹមគ្រាបណ្ណោះអាសន្នប៉ុណ្ណោះ ប៉ុន្តែវាមិនមានន័យថា នេះជាសភាពនៃចិត្តរបស់ខ្ញុំទេ” គិតបែបនេះផ្តល់ឪ្យយើងនូវទំនុកចិត្តដើម្បីប្រើប្រាស ការតាំងសតិ ក្នុងការសម្រេចកិច្ចការងារនោះបាន ។

ធម្មាសតិបដ្ឋានា (ការពិចារណាលើចេតសិក)

ការពិចារណាទីបួនគឺស្តីអំពីចេតសិក (សភាវៈដែលប្រកបផ្សំនឹងចិត្ត កើតរលត់ព្រមជាមួយនឹងចិត្ត) មា នដូចជាប្រាជ្ញា (បញ្ញា) ក្តីសប្បុរស និងការខន្តីជាដើម ។ល។ មិច្ឆាសតិ (ការតាំងសតិខុស) នោះគឺជា ការគិតថា ពួកវាទាំងនោះគឺមិនអាចប្រែប្រួលទេ (ជាប់គាំងជាអចិន្រ្តិយ៍) ហើយគិតទៀតថា “ខ្ញុំជាមនុស្សបែបហ្នឹង អ្នករាល់គ្នាត្រូវតែទទួលយកការពិតនេះចំពោះខ្ញុំ គ្មានអ្វីមួយធ្វើឪ្យខ្ញុំផ្លាស់ប្តូរបានទេ ឬ បណ្តុះគុណតម្លៃទាំងនោះបានទេ” ។ សម្មាសតិ គឺជាសភាពដឹងចំពោះចេតសិកទាំងអស់នោះថា ពួកវាមិនមែននៅកកជាប់គាំងនៅត្រឹមកំរិតជាក់លាក់ណាមួយនោះទេ តែអាចត្រូវបានអភិវឌ្ឍឬញាំងឪ្យកើតមានឡើង នៅក្នុងបរិបទនេះដើម្បីធ្វើការពង្រីកនូវការប្រតិបត្តិសមាធិ ។

គ្រប់គ្រងខ្លួនឯង

ពិតជាចម្លែកណាស់ ពេលយើងធ្វើការវិភាគលើខ្លួនយើង ឪ្យឃើញច្បាស់ពីរបៀបដែលយើងប្រតិកម្មតប តនៅក្នុងខណៈពេលដែលយើងមានអារម្មណ៍មិនល្អ ឬពេលយើងមានអារម្មណ៍ថាខុស (guilty) ពោល យើងនឹងមើលឃើញថា យើងប្រកាន់ជាប់នៅក្នុងចិត្តយ៉ាងមាំចំពោះអារម្មណ៍នោះ ឬបើចំពោះកំហុសវិញ យើងជាប់នៅនឹងកំហុស ដែលយើងបានបង្កឡើងនោះរហូត ។ ពិតណាស់ យើងគឺជាមនុស្ស យើងគ្រប់គ្នាមានកំហុស ។ មិច្ឆាសតិ (មានសតិខុស) គឺជាការប្រកាន់ជាប់នៅក្នុងចិត្តមិនលែងចំពោះកំហុសនោះ ហើយការធ្វើបែបហ្នឹង គឺដូចជាការវាយដំលើខ្លួនឯង ថាខ្លួនជាមនុស្សអាក្រក់អីចឹង ។ សម្មាសតិ (តាំងសតិត្រូវ) គឺត្រូវដឹងថា អារម្មណ៍មានការផ្លាស់ប្តូរ វាកើតឡើងពីមូលហេតុ និងលក្ខណ្ឌជាច្រើនប្រភេទ ដែលមូលហេតុ និងលក្ខណ្ឌទាំងនោះក៏ប្រែប្រួលដែរ គ្មានអ្វីឋិតឋេររហូតទេ (អនិច្ចតាធម៌)។

ដំបូន្មានដមានប្រយោជន៍មួយដែលយើងមាននៅក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាគឺថា “ត្រូវគ្រប់គ្រងខ្លួនឯង” ពោលគឺដូចជាការងើបពីគេងពេលព្រឹត អ្នកគេងលើគ្រែយ៉ាងស្រួល មិនចង់ងើបចេញពីដំណេកទេ ដោយសារអ្នកនៅតែងងុយដេក ។ ពិតណាស់ អ្នកត្រូវធ្វើម្ចាស់ការលើខ្លួនឯង ត្រូវងើបឡើង តើអ្នកធ្វើ ឬមិនធ្វើ? យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើម្ចាស់ការលើខ្លួនឯង បើពុំដូច្នោះទេ ចិត្តពាក់កណ្តាលទៀតរបស់យើងនឹងមិនងើបចេញពីដំណេកឡើង! ស្រដៀងគ្នានឹងពេលវេលាមួយដែលយើងមានអារម្មណ៍មិនល្អដែរ ។ យើងអាចគ្រប់គ្រង (ធ្វើម្ចាស់ការ) លើខ្លួនឯង - ពោលគឺត្រូវជម្នះថា “តោះក្រោកឡើង និងចាប់ធ្វើវាភ្លាម” ដោយមិនចុះចាញ់ តែត្រូវបន្តធ្វើអ្វីដែលយើងត្រូវធ្វើ ។

ទិដ្ឋភាពផ្សេងៗទៀតនៃសតិ

ជាទូទៅ សតិគឺពិតជាសំខាន់ខ្លាំងណាស់ ។ ជួយការពារយើងកុំឪ្យភ្លេចភ្លាំង ។ ប្រសិនបើមានការងារអ្វី ដែលយើងត្រូវធ្វើ សម្មាសតិជួយយើងឪ្យកាន់តែផ្តោតអារម្មណ៍លើកិច្ចការងារនោះថែមទៀត ។ សតិគឺពាក់ព័ន្ធគ្នាជាមួយនឹងការចងចាំ ដូច្នេះអ្នកអាចចងចាំបានថា កម្មវិធីទូរទស្សន៍ដែលអ្នកចូលចិត្តមើល នឹងត្រូវផ្សាយនាវេលាយប់នេះ ។ ប៉ុន្តែត្រូវចាំថា នេះគឺជាការប្រកាន់ជាប់ស្អិតនឹងអ្វីមួយ ដែលមិនសូវសំខាន់ទេ ដែលអាចធ្វើឪ្យអ្នកភ្លេចរបស់ផ្សេងដែលសំខាន់ជាង ។

ប្រសិនបើយើងគោរពតាមការហ្វឹកហាត់ណាមួយ ត្រូវប្រកាន់ជាប់ស្អិតនឹងសម្មាសតិនុះឪ្យបាន ។ ប្រសិ នបើយើងហាត់ប្រាណ យើងត្រូវប្រកាន់ជាប់ជានិច្ចនូវការហាត់ប្រាណនោះឪ្យទៀងទាត់រៀងរាល់ថ្ងៃ ។ ប្រសិនបើយើងតមអាហារដើម្បីសុខភាព យើងត្រូវរក្សាសតិនៃការតមអាហារនោះឪ្យបាន ដើម្បីកំុឪ្យយើងចេះតែឈងដៃយកនំមកហូប នៅពេលណាមានគេហុចឪ្យយើង ។

សតិគឺការប្រកាន់ជាប់ស្អិតនឹងអ្វីដែលយើងកំពុងធ្វើ ដោយមិនមានការបែកអារម្មណ៍ពីរបស់របរមិនសំខា ន់នៅជុំវិញខ្លួនយើងឡើយ ។

ធ្វើការរក្សាសតិពេលឋិតនៅជាមួយគ្រួសាររបស់យើង

មានមនុស្សជាច្រើនយល់ថា ពិតជាពិបាកខ្លាំងណាស់ដើម្បីឪ្យមានសតិរលឹកដឹងចំពោះក្រឹតក្រំផ្សេងៗ ពេលគេឋិតនៅជាមួយគ្រួសាររបស់គេ ជាងនៅជាមួយមិត្តភក្តិ និងអ្នកដទៃ ។ ប្រសិនបើនោះការករណី សំរាប់យើងវិញ ដំបូន្មានជាទូទៅគឺយើងត្រូកំណត់គោលបំណងឪ្យបានមាំពីដំបូង ។ ប្រសិនបើអ្នកនឹង ទៅជួបសាច់ញាតិរបស់អ្នក អ្នកអាចកំណត់គោលបំណងរបស់អ្នកថា “ខ្ញុំនឹងព្យាយាមរក្សាចិត្ត ខ្ញុំនឹងច ងចាំថា ពួកគេចិត្តល្អចំពោះខ្ញុំ ពួកគេស្និទនឹងខ្ញុំណាស់ របៀបដែលខ្ញុំប្រព្រឹត្តចំពោះគេ នឹងពាល់ដល់អារ ម្មណ៍របស់ពួកគេ” ការតាំងបំណងបែបហ្នេះគឺពិតជាសំខាន់ណាស់ពីដំបូង ។

យើងក៏ត្រូវរំលឹកដល់ខ្លួនយើងផងដែរថា ពួកគេគឺជាមនុស្ស ។ យើងមិនគួរដាក់ងារពួកគេថាជា ម្តាយ ឪ ពុក បងប្អូនស្រី បងប្អូនប្រុស ឬងារអ្វីផ្សេងក៏ដោយ ចំពោះទំនាក់ទំនងដែលអ្នកមានចំពោះពួកគេ ។ ប្រសិនបើយើងប្រកាន់មាំ ឬអោបជាប់ស្អិតនឹងងារ ឬតួនាទីណាមួយរបស់ពួកគេ នុះវាធ្វើឪ្យយើងឈានទៅប្រាស្រ័យទាក់ទងជាមួយពួកគេ ទៅតាមរូបភាពដែលយើងចង់ឪ្យគេប្រព្រឹត្តធ្វើ ក្នុងនាមជាម្តាយ ឬឪពុក ជាដើម ពោលគឺនិយាយដល់ ប្រវត្តិពីមុន ការរំពឹងទុកពីមុន និងការខកចិត្តដែលកើតមានចំពោះយើងពីមុនជាមួយពួកគេក្នុងនាម ឬ ក្នុងមុខងារទាំងនោះ ។ វាគឺប្រសើរជាងបើយើងចាត់ទុកពួកគេជាមនុស្សតែមួយប្រៀបនឹងមនុស្សមួយក្រុមផ្សេងទៀត ។ ប្រសិនពួកគេមិនមានសតិដឹងទេ ហើយនៅតែចាត់ទុកយើងដូចជាកូនក្មេងដដែលនោះ សូមយើងកំុប្រព្រឹត្តដូចជាក្មេងទៅបានហើយ ។ យើងត្រូវចងចាំថាពួកគេគឺជាមនុស្សរស់ សូមកំុលែងហ្គេមចូល ពួកគេឪ្យសោះ សរុបមកទាល់តែមានមនុស្សពីរនាក់ទើបអាចរាំចង្វាក់ថែងហ្គោបាន (Tango) (បើតាម សុភាសិតខ្មែរពោលថា ទះដៃតែម្ខាងមិនឭទេ គឺមានន័យថា ជម្លោះកើតឡើងពីដៃគូទាំងសងខាង) ។

បងស្រីច្បងរបស់ខ្ញុំបានមកលែងខ្ញុំរយៈពេលប្រហែលជាមួយសប្តាហ៍ថ្មីៗនេះ ។ គាត់ឆាប់ចូលគេងណា ស់ ហើយគាត់ធ្វើដូចជាម្តាយរបស់ខ្ញុំអីចឹង ពោលគឺបញ្ជាឪ្យខ្ញុំចូលគេងពីព្រលប់ ដោយគាត់និយាយថា “ប្អូនឯងទៅគេងឥឡូវ” តែបើខ្ញុំធ្វើខ្លួនដូចជាក្មេងវិញ ខ្ញុំនឹងនិយាយតបទៅគាត់វិញថា “ទេ ឆាប់ពេកហើ យ ខ្ញុំមិនចង់គេងទេ ចង់នៅយូរបន្តិចទៀត ហេតុអីបានប្រាប់ខ្ញុំឪ្យចូលគេង?” និយាយតបបែបហ្នឹងគឺស្មើ នឹងលែងហ្គេមដូចគ្នា ពោលគឺយើងទាំងពីរនាក់នឹងអន់ចិត្តរៀងខ្លួន ។ ដូច្នេះខ្ញុំត្រូវរំលឹកខ្លួនឯងជានិច្ចថា គាត់ឪ្យដំបូន្មាននេះដល់ខ្ញុំដោយសារ គាត់ខ្វល់ពីខ្ញុំ មិនមែនគាត់ចង់ឪ្យយើងខឹងទេ ។ គាត់គិតថា ល្អសំរាប់ខ្ញុំដែលចូលគេពីព្រលប់ ។ ដូចនេះយើងត្រូវព្យាយាមយល់ និងមានទស្សនៈប្រាកដនិយមលើអ្វីដែលកំពុងតែកើតឡើងនៅខណៈពេលនោះ ជាជាងការគិតស្មានរបស់យើង ។

ដូច្នេះមុនពេលយើងជួបសាច់ញាតិរបស់យើង យើងអាចរក្សាសតិដឹងចំពោះគោលបំណងរបស់យើងដូ ចខាងក្រោមនេះ៖

  • បំណងរបស់យើង៖ ត្រូវប្រាស្រ័យទាក់ទងល្អជាមួយគ្រួសារយើង ជាអ្នកដែលយើងមើលថែរក្សា និងជាអ្នកដែលមើលថែរក្សាយើង ។
  • អារម្មណ៍ហែហមតាមជាមួយ៖ ថែរក្សាខ្វល់ខ្វាយចំពោះគ្រួសាររបស់យើង ក្នុងនាមជាមនុស្ស (មិនមែនតាមមុខងារ) ។

វិធីសាស្រ្តត្រូវក្រឡេកមើលលើរឿងនេះមួយទៀតនោះគឺត្រូវចាត់ទុក វាជាការសាកល្បង (challenge) និងជាឪកាសដើម្បីរីកចម្រើន ជាជាងគិតថាវាជាឧបសគ្គដអាក្រក់មួយ ពោលគឺ “តើខ្ញុំអាចឆ្លងផុតអាហារពេលល្ងាចជាមួយគ្រួសាររបស់ខ្ញុំដោយមិនផ្ទុះកំហឹងទេ?” ។

ពេលគ្រួសាររបស់អ្នករអ៊ូរទាំដាក់អ្នក ក្នុងនាមជាឪពុកម្តាយ ពួកគាត់តែងតែធ្វើបែបហ្នឹងជានិច្ច ពោលគឺ “ហេតុអ្វីមិនចង់មានគូរៀបការនឹងគេ? ហេតុអ្វីមិនរកការងារឪ្យល្អប្រសើរជាងនេះ? ហេតុអ្វីមិនមានកូ ន?” (ពាក្យសំដីដំបូងបំផុតដែលបងស្រីរបស់ខ្ញុំនិយាយមកកាន់ខ្ញុំពេលគាត់ជួបខ្ញុំគឺ “អូនឯងទៅកាត់ សក់ចេញទៅ!”) ពេលនោះ យើងត្រូវទទួលស្គាល់ថា ពួកគេសួរសំនួរទាំងនោះ ដោយសារគេខ្វល់ពីយើ ង ហើយយើងគ្រាន់តែនិយាយតបទៅគេវិញទៅថា “អរគុណដែលគិតដល់ខ្ញុំ” ។

យើងក៏អាចគិតដែរថា តើពួកគេមកពីប្រភពណា មិត្តភក្តិជាច្រើនរបស់ពួកគេតែងតែសួរបែបហ្នឹងដែរថា “តើកូនប្រុសអ្នកធ្វើការងារអ្វី? តើកូនស្រីរបស់អ្នកយ៉ាងម៉េចហើយ ធ្វើអីឥឡូវ?” ពួកគេសួរដូច្នេះគឺដើម្បីប្រាស្រ័យទាក់ទងគ្នាតាមបែបសង្គមរបស់ពួកគេ ជាមួយមិត្តភក្កិរបស់គេ ។ ពួកគេសួរថាហេតុអ្វីអ្នកមិនទាន់រៀបការ មិនមែនមានបំណងអាក្រក់អីនោះទេ ដោយសារពួកគេខ្វល់ពីសេចក្តីសុខរបស់អ្នក ។ ជំហានដំបូងគឺត្រូវទទួលស្គាល់ចំណុចនេះ និងអរគុណចំពោះកង្វល់របស់ពួកគេ ។ ប្រសិនបើអ្នកចង់ អ្នកអាចពន្យល់ទៅគេវិញដោយចិត្តប្រជាក់ ពីមូលហេតុដែលអ្នកមិនទាន់រៀបការ!

ការមានសតិមិនសមរម្យ យើងឧស្សាហ៍ប្រកាន់ស្អិតជាប់នឹងអ្វីមួយដែលមិនមានប្រយោជន៍ ។ វាអាចជា ប្រវត្តិសាស្រ្តក៏ថាបាន ពោលគឺ “ហេតុអ្វីអ្នកមិនធ្វើបែបហ្នេះកាលពីដប់ឆ្នាំមុន?” ឬ “អ្នកបាននិយាយ ពាក្យនោះកាលពីសាបសិបឆ្នាំមុន” ។ យើងស្ពាយវានៅក្នុងចិត្តជាប់រហូត មិនផ្តល់ឪកាយឪ្យគេបន្តិច ណាសោះ ការប្រកាន់ ឬស្ពាយជាប់ស្អិតនៅក្នុងចិត្តនេះទប់ស្កាត់យើងពីការតាំងសតិ មើលឪ្យច្បាស់ថា តើពួកគេយ៉ាងម៉េចហើយ ក្នុងពេលបច្ចុប្បន្ននេះ ។ យើងអោបជាប់ស្អិតនៅក្នុងចិត្តលើការគិតស្មាន (projection) ពោលគឺថា “ឪពុកម្តាយរបស់ខ្ញុំមកលែង នេះគឺច្បាស់ជាមិនល្អទេ” យើងបានគិតទុកមុន ស្រេចហើយថា វាគឺមិនល្អទេ! ប្រការនេះធ្វើឪ្យយើងតឹងអារម្មណ៍ មុនពេលអាហារពេលល្ងាចចាប់ផ្តើម! ដូច្នេះយើងត្រូវកែប្រែស្ថានការណ៍នេះឪ្យប្រសើរវិញ ដោយប្រើប្រាសសម្មាសតិ ពោលគឺគិតថាវាជាឪកា សដើម្បីសួរសុខទុក្ខពួកគេ ថាតើពួកគេសុខជាយ៉ាងណាហើយ និងជាឪកាសដើម្បីឆ្លើយតបទៅនឹងស្តា នការណ៍ថាតើវាកើតឡើងទៅជាបែបណាពេលជួបពួកគេ ដោយគ្មានការគិតសន្មត់ទុកជាមុន(without preconception) ។

ដំបូន្មានជាក់ស្តែងដើម្បីរក្សាសតិ

តើយើងរក្សាសតិបានដោយរបៀបណានៅក្នុងស្ថានការណ៍លំបាក? យើងត្រូវបណ្តុះ ឬញាំង៖

  • បំណង - បំណងមុតមាំព្យាយាមកំុឪ្យភ្លេច
  • ផ្សាំខ្លួន - រំលឹងឡើងវិញម្តងហើយម្តងទៀតទាល់តែយើងចាំដោយស្វ័យប្រវត្ត
  • រលឹកដឹង - ប្រព័ន្ធបន្លឺសំលេងប្រុងប្រយ័ត្ន (AlarmSystem) ពញ្ញាក់ឪ្យយើងដឹងពេលយើងបាត់ សតិ ។

ទាំងអស់នេះគឺផ្អែកលើឥរិយាបថប្រកបដោយការយកចិត្តទុកដាក់ ដែលអ្នកត្រូវគិតដល់ការប៉ះពាល់ពី ការប្រព្រឹត្តរបស់អ្នកចំពោះអ្នកដទៃ និងចំពោះខ្លួនអ្នកផ្ទាល់ ។ ប្រសិនបើអ្នកពិតជាមិនខ្វល់ពីទង្វើដែល អ្នកប្រព្រឹត្តទេ វាច្បាស់ជាមិនមែនជាការរក្សាសតិឡើយ ដោយសារតែការប្រព្រឹត្តធ្វើដោយគ្មានសីលវិន័ យ (សីល) ។ តើហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ខ្វល់ខ្វាយ? ពីព្រោះថា យើងគឺជាមនុស្ស ។ គ្មានបុគ្គលម្នាក់ណាចង់បានក្តីទុក្ខទេ (មិនសប្បាយ) ។ ទង្វើ និងពាក្យសំដីដែលយើងធ្វើ និងនិយាយទៅកាន់អ្នកដទៃពិតជាប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ ដូចនេះយើងគួរយកចិត្តទុកដាក់លើទង្វើដែលយើងប្រព្រឹត្ត ។

យើងត្រូវពិនិត្យមើលខ្លួនយើងផ្ទាល់ និងពិនិត្យមើលលើគោលបំណងរបស់យើង ។ បើសិនយើងគ្រាន់តែសម្តែងធ្វើជាល្អ ដើម្បីឪ្យគេចូលចិត្តយើង នុះគឺដូចជាកូនក្មេងអីចឹង ។ ដូចជាល្ងីល្ងឺបន្តិចហើយ ។ មូលហតុដប្រសើរបំផុតដើម្បីមានសតិរលឹកដឹង និងដើម្បីរក្សាសតិគឺយើងត្រូវយកចិត្តទុកដាក់ខ្វល់ខ្វាយដល់អ្នកដទៃ ផ្អែកលើឥរិយាបថមួយប្រកបដោយការយកចិត្តទុកដាក់ ។

សមាធិ

ទិដ្ឋភាពទីបីដកស្រង់ចេញពីអដ្ឋង្គិកមគ្គប្រាំបីដែលយើងប្រើប្រាសសំរាប់ធ្វើការតាំងសតិ គឺសម្មាសមាធិ (បាទ គឺការសមាធិនេះឯង) ។ សមាធិគឺជាការដាក់ផ្តោតមនោលើកសិណមួយជាក់លាក់ ។ ពេលណា យើងចាប់របស់ (កសិណ) នោះជាប់ហើយ ពេលនោះយើងចង់ធ្វើការផ្តោតមនោលើកសិណនោះ ក្រោ យមកសតិមានតួនាទីរក្សាមនោឪ្យឋិតនៅទីនោះ ដើម្បីកំុឪ្យយើងបាត់បង់ការផ្តោតលើកសិណមួយនុះ ។ ប៉ុន្តែ អ្វីដែលហៅថាសមាធិ ដំបូងគឺត្រូវចាប់ផ្តោតមនោលើកសិណជាក់លាក់មួយ ។

យើងប្រើប្រាសការផ្តោតអារម្មណ៍ដើម្បីដឹកនាំការតាំងសតិនៅក្នុងសមាធិលើរបស់អ្វីមួយ (កសិណ) ។ អ្វីដែលកំពុងកើតឡើងកាន់តែច្រើនឡើងៗសព្វថ្ងៃ បើប្រៀបនឹងអតីតកាល គឺយើងបានចាប់ពុះហែក ការយកចិត្តទុកដាក់របស់យើងជាកង់ៗ ពេលនេះយើងលែងមានការផ្តោតអារម្មណ៍លើអ្វីមួយឪ្យបានពេ ញលេញទៀតហើយ ។ ពេលអ្នកមើលព័ត៌មានលើកញ្ចក់ទូរទស្សន៍ អ្នកនឹងឃើញមនុស្សម្នាក់អង្គុយនៅ ចំកណ្តាលកញ្ចក់ទូរទស្សន៍កំពុងផ្សាយព័ត៌មាន ឋិតនៅផ្នែកខាងក្រោមអ្នកអានព័ត៌មាន មានអក្សររត់ជាបន្ទាត់ដែលកំពុងតែផ្សាយពីព័ត៌មានផ្សេងទៀត ឋិតនៅជ្រុងនៃកញ្ចក់ទូរទស្សន៍វិញ អាចមានអ្វីផ្សេងទៀត ។ យើងមិនអាចផ្តោតអារម្មណ៍ ឬតាំងសតិទាំងស្រុងលើព័ត៌ណាមួយពេញលេញបានទេ ។ សូម្បីតែយើងខ្លួនឯងគិតថា យើងគឺជាអ្នកធ្វើកិច្ចការងារបានច្រើនប្រភេទក្នុងពេលតែមួយក្តី (multitask) ក៏គ្មាននរណាអាចធ្វើបានដែរ - លុះត្រាណាយើងជាព្រះពុទ្ធ - ទើបអាចដាក់ការផ្តោតអារម្មណ៍១០០% លើគ្រប់រឿងដែលយើងកំពុងធ្វើបាន ។

មានពេលខ្លះ ពេលយើងឋិតនៅជាមួយនរណាម្នាក់ ហើយគេកំពុងនិយាយជាមួយយើង បែរជាការផ្តោត ចិត្តរបស់យើងទៅលើទូរស័ព្ទទៅវិញ ។ នេះគឺជាការតាំងមនោខុស ដោយសារគេកំពុងនិយាយមកកាន់ យើង ហើយយើងថែមទាំងមិនយកចិត្តទុកដាក់ទៅទៀត ។ សូម្បីតែយើងមានការតាំងមនោលើអ្វីមួយ ហើយក្តី ក៏វាពិបាកជាប់បានយូរដែរ ។ សព្វថ្ងៃនេះ យើងសាំុនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើគ្រប់រឿងទាំងអស់ និងសាំនឹងការសំលឹងមើលលើរឿងមួយហើយ មួយទៀតផ្លាស់ប្តូរយ៉ាងលឿន ដែលធ្វើឪ្យយើងធុញធ្រាន់ងាយៗ ។ ការមានប្រភេទនៃការតាំងសតិ - ក្នុងខណៈពេលខ្លីម្តងលើរបស់នេះ ម្តងលើរបស់នោះ - គឺជាឧបសគ្គ ។ វាគឺជាមិច្ឆាសមាធិ (សមាធិខុស) ។ ដើម្បីអាចធ្វើការតាំងអារម្មណ៍បានល្អសមរម្យមានន័យថា ជាសមត្ថភាពក្នុងការតាំងអារម្មណ៍ (ផ្តោតអារម្មណ៍) កាន់តែយូរកាន់តែសំខាន់ ដោយមិនធុញធ្រាន់ ដោយមិនងាកទៅរកអ្វីផ្សេង ព្រោះយើងលែងចាប់អារម្មណ៍ទៀតហើយ ។

ឧបសគ្គដចម្បងមួយក្នុងចំណោមឧបសគ្គចម្បងជាច្រើនទៀត គឺយើងចង់ឪ្យចិត្តយើងត្រូវបានគេកំដរកំ សាន្ត ។ បែបនេះគឺឈានទៅរកមិច្ឆាសតិហើយ ដោយតោងគិតថាក្តីសប្បាយបណ្តោះអាសន្ននឹងធ្វើឪ្យ យើងមានសេចក្តីបីតិ (ពេញចិត្ត) ជាជាងបង្កើតឪ្យមានការស្រេកឃ្លានថែមទៀត ។ អ្នកវិទ្យាសាស្រ្តសង្គ មជាច្រើនរូបបានធ្វើការសិក្សារកឃើញថា យើងសំលឹងមើលរិតតែច្រើន - លើអ្វីដែលមាននៅលើអុិនថើនិត - លទ្ធភាពនៃការកើតរោគធុញធ្រាន់ តឹងតែងអារម្មណ៍ និងស្រ្តិះកាត់តែច្រើនឡើង ។ ពេលអ្នកកំពុងសំលឹងមើលលើអ្វីមួយ ពេលនោះអ្នកគិតថា នឹងមានអ្វីមួយកំសាន្តអារម្មណ៍ថែមទៀតកើតឡើងមិនខាន ហើយអ្នកចាប់ផ្តើមខ្លាចថា វានឹងរំលងបាត់ទៅ មិនបានមើល ។ បែបនេះ អ្នកចាប់ធ្វើហើយ ធ្វើទៀត ដោយមិនផ្តោតលើអ្វីមួយជាក់លាក់ឡើយ ។ បើទោះបីជាពិបាកក្តី វាគឺពិតជាគំនិតដល្អដើម្បីធ្វើការព្យាយាម និងធ្វើសាមញ្ញភាពជីវិតរបស់អ្នក ដើម្បីកំុឪ្យមានរឿងរ៉ាវច្រើនពេកកើតឡើងក្នុងពេលតែមួយ ។ ពេលសមាធិរបស់អ្នកចាប់អភិវឌ្ឍឡើងហើយ អ្នកនឹងអាចពង្រីកវិសាលភាពនៃអ្វីដែលអ្នកអាចដោះស្រាយ ឬទប់ទល់ជាមួយបាន ។

បើអ្នកមានសមាធិល្អ អ្នកអាចតាំងសតិលើរបស់នេះ លើរបស់នោះបាន៖ ក៏ប៉ុន្តែអាចផ្តោតលើតែមួយ មុខប៉ុណ្ណោះមួយដង ដោយមិនមានការបែកអារម្មណ៍ ។ ពោលគឺដូចជាគ្រូពេទ្យ ដែលត្រូវមើលអ្នកជម្ងឺតែម្នាក់គត់ក្នុងពេលមួយដង នឹងអាចផ្តោតការយកចិត្តទុកដាក់លើអ្នកជម្ងឺនោះបានពេញលេញ ដោយមិនចាប់គិតពីអ្នកជម្ងឺពីមុន ឬបន្ទាប់ទៀតទេ ។ បើទោះបីជាគ្រូពេទ្យអាចមើលអ្នកជម្ងឺបានច្រើននាក់ក្នុងពេលមួយថ្ងៃក្តី ពួកគេតែងតែផ្តោតការយកចិត្តទុកដាក់លើតែអ្នកជម្ងឺម្នាក់ប៉ុណ្ណោះក្នុងពេលមួយដង ។ នេះគឺល្អណាស់សំរាប់សមាធិ ។

ទោះបីជាបែបនេះក្តី វាគឺពិតជាពិបាក ។ សំរាប់រូបខ្ញុំផ្ទាល់ ខ្ញុំទទួលបន្ទុកកិច្ចការងារផ្សេងៗគ្នាច្រើនណា ស់ទាក់ទងនឹងគេហទំព័រ និងភាសាផ្សេងៗ ជាដើម ។ វាគឺពិតជាពិបាកដើម្បីផ្តោតការយកចិត្តទុកដាក់ លើកិច្ចការងារតែមួយមុខ ។ មានកិច្ចការងារជាច្រើនដែលកើតឡើងក្នុងពេលតែមួយ ។ នរណាដែលធ្វើ ការងារនៅក្នុងការិយាល័យធុរះកិច្ចរួម(complex business) មានបទពិសោធន៍ដូចគ្នា ។ ក៏ប៉ុន្តែសមាធិ អាចត្រូវបានអភិវឌ្ឍទៅតាមដំណាក់កាលនីមួយៗបាន ៕

សេចក្តីសង្ខេប

កម្ចាត់បង់ឧបសគ្គចេញពីខ្លួនយើង ដែលជាគ្រឿងជំទាស់ចំពោះសមាធិគឺពិតជាមានវិធីសាស្រ្តច្រើនយ៉ា ងណាស់ ។ វិធីសាស្រ្តសាមញ្ញមួយគឺបិទទូរស័ព្ទរបស់យើង ពេលយើងកំពុងធ្វើការ ។ ឬជ្រើសរើសពេលវេលាជាក់លាក់ណាមួយ មួយដង ឬពីរដងក្នុងមួយថ្ងៃ ដើម្បីឆែកអុីមែល (e-mail) ដើម្បីឪ្យយើងអាចធ្វើការ ផ្តោតអារម្មណ៍ពេញលេញលើអ្វីដែលយើងត្រូវធ្វើ ។ ពោលគឺដូចជាគ្រូពេទ្យ ឬសាស្រ្តាចារ្យ គឺមានម៉ោង វេលាធ្វើការនៅក្នុងការិយាល័យត្រឹមត្រូវ (office hours)៖ អ្នកមិនអាចចេះតែទៅជួបពួកគេពេលណាក៏បាន នោះទេ គឺមានពេលម៉ោងវេលារបស់គេច្បាស់លាស់ ថាពេលណាពួកគេទំនេរ ។ យើងអាច និងគួរតែធ្វើ បែបហ្នឹងចំពោះខ្លួនយើងផ្ទាល់ផងដែរ ដូច្នេះវានឹងជួយយើងដើម្បីអភិវឌ្ឍសមាធិរបស់យើង ។

ពិតជាគួរឪ្យចាប់អារម្មណ៍ណាស់បើក្រឡេកមើលលើការអភិវឌ្ឍសង្គម ។ កាលពីសម័យមុន ឧបសគ្គច ម្បងៗចំពោះការធ្វើសមាធិគឺជាសភាពនៃចិត្តរបស់យើងផ្ទាល់ - មនោត្រាចចរគ្រប់ទិសទី ការយល់សប្តិកណ្តាលថ្ងៃចែស ជាដើម ។ល។ សព្វថ្ងៃនេះ គឺមានច្រើនប្រភេទណាស់ ភាគច្រើនចេញពីប្រភពខាងក្រៅទាំងអស់ ដូចជាទូរស័ព្ទដៃ ហ្វេស្បុក និងអុីមេល ជាដើម ។ ពិតណាស់គឺត្រូវការ ការព្យាយាមដើម្បីកំុឪ្យុយើងគ្របដណ្តប់ដោយសារវាខ្លាំងពេក ដើម្បីអាចធ្វើរឿងនេះបាន យើងត្រូវទទួលដឹងចំពោះលក្ខណៈដ៏គ្រោះ ថ្នាក់នៃបណ្តាញមេឌាទាំងនេះ ។ ភាពគ្រោះថ្នាក់ពិតប្រាកដមួយដែលមនុស្សភាគច្រើនជួបប្រទះគឺ រយៈពេលនៃការផ្តោតអារម្មណ៍លើអ្វីមួយ មានរយៈពេលខ្លីទៅៗ ។ បណ្តាញសង្គម ថ្វីតធើ (Twitter) មានចំនួនតួអក្សរកំណត់ និងបណ្តាញសង្គមហ្វេស្បុក គឺអាប់ដេត (update) ការផុសរបស់ខ្លួនជាប់រហូត ។ វាប្រព្រឹត្តទៅលឿនពេក បង្កើតទម្លាប់ដ៏អាក្រក់មួយដែលបង្កភាពគ្រោះថ្នាក់ដល់បដិបត្តិសមាធិ ដោយសារអ្នកមិនអាចរក្សាការផ្តោតការយកចិត្តទុកដាក់របស់អ្នកលើអ្វីមួយបានទេ អ្វីៗគ្រប់យ៉ាងប្រែប្រួលជាប់ជាប្រចាំ ។ នេះគឺជាអ្វីមួយដែលត្រូវប្រុងប្រយ័ត្ន ។

Top