ឃ្លាប្រយោគនៃ«របៀបបដិបត្តិសមាធិផ្តោតលើអនិច្ចតាធម៌»

អត្ថបទរបស់ហ្គូនថាង រីនប៉ូជេ (Gunthang Rinpoche) (Gun-thang-tshang dKon-mchog bstan-pa’i sgron-me) (1762-1823) ការហ្វឹកហាត់ផ្តោតលើវិធីសមាធិអំពីអនិច្ចតាធម៌ (Mi-rtag sgom-tshul-gyi bslab-bya tshigs-su bcad-pa bcas) ចាប់ផ្តើមដោយការថ្វាយបង្គំដល់គ្រូរបស់ព្រះអង្គទាំងអស់ ដែលលេចឡើងនៅក្នុងទម្រង់ផ្សេងៗ និងបានផ្តល់ឲ្យយើងនូវព្រះធម៌ដើម្បីបង្វឹកចិត្ត៖ 

ក្រាបថ្វាយបង្គំដល់ទីប្រជុំនៃបរមសុខនិងមោឃធម៌ ដែលលេចឡើងនៅក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការនិងផ្សព្វផ្សាយដល់សព្វសត្វៈលោកទាំងអស់។ 

តួខ្លួនប្រាណជាមនុស្សនេះមានការពន្យាពេលចំនួនប្រាំបីដង និងការរីកចម្រើនដែលមានចំនួនដប់ដងគឺកើតឡើងតែម្តងប៉ុណ្ណោះ។ ពិតជាមានគ្រោះថ្នាក់នៃការបាត់បង់ឳកាសនេះទៅវិញ និងឈានទៅជាតិបន្ទាប់(ជាតិក្រោយ)ដោយខ្លួនមិនបានសម្រេចកិច្ចអ្វីមួយសោះ។ ឥឡូវនេះដល់ពេលវេលាដើម្បីតម្កល់ខ្លួនឯងនៅលើមាគ៌ាឆ្ពោះទៅរកវិមុត្តិសុខ។ តាមពិតទៅវាគឺស្ទើរតែយឿតពេលទៅហើយ ដោយសារតែពួកយើងគឺមានអាយុ២០ទៅ៣០ឆ្នាំទៅហើយ។ យើងត្រូវតែរំលឹកខ្លួនឯង ឲ្យបដិបត្តិព្រះធម៌ និងត្រូវប្រុងស្មារតីខ្ពស់ដូចខ្លួនកំពុងតែបង្វឹកសត្វដំរីដូច្នោះដែរ។ ខិតខំព្យាយាមសម្រេចកិច្ចលោកិយ៍ និងកិច្ចសង្សារវដ្តនៅក្នុងខែនេះ ឬយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះ ឬក៍មានគំនិតគិតពន្យាពេលការបដិបត្តិរបស់ខ្លួន និងធ្វើកិច្ចអ្វីៗផ្សេងសិននៅក្នុងឆ្នាំនេះ គឺជារឿងមិនល្អដែលការគិតពន្យាពេលទាំងអស់នោះព្យាយាមទាញអ្នកឲ្យចាកចេញឆ្ងាយពីព្រះធម៌។ ពាក្យគ្រូបានពោលថា អ្នកបដិបត្តិធម៌ពិតៗគេមិនគួរមានការព្រួយបារម្ភចំពោះថាតើខ្លួនមានគ្រប់គ្រាន់ដើម្បីរស់ឬអត់។ មនុស្សខ្លះគេគិតមានលេសថាគេត្រូវខំរកលុយដើម្បីឲ្យខ្លួនអាចបដិបត្តិធម៌បាន ប៉ុន្តែកន្លងមកគ្មានប្រវត្ថិអ្នកបដិបត្តិធម៌ពិតណាម្នាក់គេដាច់ពោះស្លាប់នោះទេ។ 

តាំងចិត្តដើម្បីបដិបត្តិធម៌ពេញលេញ សកម្មភាពផ្សេងៗនៅក្នុងជីវិតបច្ចុប្បន្ននេះគឺប្រៀបដូចជារលកនៅលើមហាសមុទ្រដូច្នោះដែរ ពោលគឺរលកមុនបានបក់មកដល់ បន្ទាប់មកមានរលកមួយទៀតកើតឡើងមិនដាច់។ អ្នកកាន់តែខំធ្វើ ការងារនិងសកម្មភាពផ្សេងៗកាន់តែកើតឡើងមិនឈប់៖ គ្មានទីបញ្ចប់ទេ។ តើវាគឺជារឿងដែលមិនប្រសើរមែនទេ ដែលត្រូវតាំងចិត្តមុតមាំដើម្បីទុករឿងទាំងអស់នោះសិននៅខណៈពេលនេះ នៅពេលខ្លួនកំពុងមានសេរីភាព ជាជាងទៅទីនេះទៅទីនោះ ធ្វើកិច្ចនេះនិងធ្វើកិច្ចនោះដោយគ្មានគោលដៅ? ឧបមា៖ប្រសិនបើមានរឿងគ្រោះអាសន្នអ្វីមួយកើតឡើង អ្នកនឹងសម្រេចចិត្តច្បាស់លាស់ភ្លាម ទុកកិច្ចអ្វីៗផ្សេងចោលសិន ហើយខ្លួននឹងងាកទៅដោះស្រាយកិច្ចអាសន្ននោះ។ ត្រង់នេះប្រៀបដូចរឿង ដែលណារូប៉ា(Naropa)ធ្វើដំណើរទៅលែងទីឡូប៉ា(Tilopa)ដូច្នោះដែរ ដោយព្រះអង្គបានលាលែងពីដំណែងជាព្រះចៅអធិការវត្តនាលន្ទា ហើយបានធ្វើដំណើរចាកចេញទៅ។ ឬក៍ប្រៀបដូចជារឿងព្រះមហាថេរៈ ត្សុងខាប៉ាដែលបានទទួលធម៌និងការណែនាំពីតួអង្គពោធិសត្វ ម៉ានជូស្រី(Manjushri)ដើម្បីចូលបដិបត្តិធម៌វគ្គដំបូង និងបានតាំងចិត្តដើម្បីបដិបត្តិ ហើយព្រះអង្គបានចាកចេញចោលសាវ័ករាប់ពាន់នាក់របស់ព្រះអង្គ។ 

កុំបំភាន់ខ្លួនឯង ត្រូវដឹងថា ការស្លាប់អាចកើតឡើងនៅក្នុងថ្ងៃនេះ ឆាប់បំផុត មុនការបដិបត្តិធម៌របស់ខ្លួននៅក្នុងថ្ងៃស្អែកទៅទៀត។ បើដូច្នេះបើសិនគេប្រាថ្នាចង់បដិបត្តិធម៌ គេត្រូវតែចាប់ផ្តើមបដិបត្តិចាប់ពីថ្ងៃនេះតទៅ។ 

បើទោះបីជាអំពើល្អនៃបណ្តាមហាធម្មាចារ្យដ៍ល្អអស្ចារ្យដូចជាត្សុងខាប៉ា(Tsongkhapa) និងផាដម៉ាសមភវ(Padmasambhava)បានផ្សព្វផ្សាយទៅកាន់គ្រប់ទិសទីនៃសកលលោកយ៉ាងណាក្តី ប៉ុន្តែបណ្តាធម្មាចារ្យដ៍អស្ចារ្យទាំងអស់នេះគឺបានស្លាប់អស់ហើយ។ មានតែកេរ្តិ៍ឈ្មោះរបស់គេតែប៉ុណ្ណោះដែលនៅសល់ តែខ្លួនប្រាណរបស់គេបានបាត់បង់ទៅហើយ យើងអាចយល់និងស្គាល់ពួកគេបាន តាមរយៈធម៌របស់ពួកគេតែប៉ុណ្ណោះ។ ទាំងអស់នេះសបញ្ជាក់ឲ្យយើងឃើញអំពីអនិច្ចតាធម៌របស់ពួកគេ ពោលគឺប្រៀបដូចជាពុទ្ធរូបគង់តម្រេតព្រះកាយនៅឯ កុសីណាហ្គារ(Kushinagar) ដែលជាការដាស់តឿនដល់យើងថាសម្មាសម្ពុទ្ធបានចូលបរិនិព្វានហើយ(ស្លាប់ហើយ)។ នៅក្នុងគម្ពីរនៃការប្រព្រឹត្តនៅក្នុងឥរិយាបថពោធិសត្វៈ(sPyod-‘jug, Skt. Bodhicharyavatara)មហាថេរៈសន្តិទេវៈបានលើកឡើងថា បើសិនបច្ចេកពុទ្ធនិងសាវ័កទាំងអស់គេសុទ្ធតែបានស្លាប់ទៅហើយ តើយើងអាចសួរខ្លួនឯងបានទេថាថ្ងៃណាមួយខ្លួនក៍នឹងស្លាប់ដែរ? ត្រង់នេះក៍ជាការបង្រៀននៃដាឡៃឡាម៉ាទីប្រាំបីផងដែរ ដូចបណ្តាមហាថេរៈផ្សេងទៀតដែលបានចូលរួមសរសេរចងក្រងព្រះធម៌នេះឡើង ហើយព្រះអង្គក៍បានស្លាប់ទៅហើយដែរ។ តែទោះបីយ៉ាងណាក្តីវាគួរត្រូវបានគេកត់សម្គាល់ថា នៅពេលណាឬបើសិនរូបកាយនៃសត្វៈលោកដ៍អស្ចារ្យទាំងអស់នេះរលាយធាតុទៅ និងរលាយធាតុទៅជាធាតុពិតនៃសម្មាសម្ពុទ្ធ(Svabhavakaya) ត្រង់នេះគឺកើតឡើងដើម្បីបង្រៀនដល់សាវ័កទាំងអស់អំពីអនិច្ចតាធម៌។ 

ប្រៀបដូចជាមនុស្សដ៍អស្ចារ្យទាំងអស់នោះដែរ នៅក្នុងរយៈពេលមួយរយឆ្នាំទៀតគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនេះនៅមានជីវិតរស់ទេ ទាំងស្តេចផែនដី ទាំងមន្រ្តីដែលខ្លួនមានមោទកភាពអំពីទ្រព្យសម្បត្តិនិងអំណាចរបស់ខ្លួនជ្រុលពេក និងអួតអំពីសេចក្តីល្អរបស់ខ្លួននោះក៍ត្រូវស្លាប់ដែរ មានតែឈ្មោះរបស់គេតែប៉ុណ្ណោះដែលនៅ។ ប្រការនេះគឺជារឿងពិតផងដែរសំរាប់មេដឹកនាំដ៍ល្បីល្បាញជាច្រើនរូបនៅលើសកលលោកបច្ចុប្បន្ន៖ ពួកគេទាំងអស់គ្នានោះនឹងស្លាប់ទៅវិញ។ មនុស្សដែលមានអាយុស្មើនឹងអ្នក និងមានកំលាំងកាយខ្លាំងក្លាដូចអ្នកក៍គេស្លាប់ដែរនៅក្នុងថ្ងៃអនាគត។ ពួកគេនឹងត្រូវបានចាប់ជំរិតយកទៅវិញដោយស្តេចនៃសេចក្តីមរណៈ។ បើដូចនេះតើអ្វីដែលផ្តល់ភាពជឿជាក់ដល់អ្នកថាខ្លួនរស់មិនចេះស្លាប់នោះ? ការមិនកោតខ្លាចសេចក្តីស្លាប់ បើសូម្បីគេបានសិក្សាដឹងអំពីអនិច្ចតាធម៌យ៉ាងណា គឺជារឿងដែលឆ្កួតលីលា សូម្បីតែសត្វដែលល្ងង់ ដូចជាសត្វចៀមនៅពេលវាឃើញសត្វចៀមដូចគ្នាត្រូវគេសម្លាប់ វាភ័យញ័រពេញខ្លួន ដោយបេះដូចរបស់លោតញាប់ជាងធម្មតា។ 

មានរឿងដែលជាប់ពាក់ព័ន្ធជាមួយនឹងមហាថេរៈហ្គេហ្សេ ផូតូវ៉ា(Geshe Potowa)។ បុរសម្នាក់ដែលរស់នៅក្នុងភូមិជាមួយព្រះអង្គបានមកសួរព្រះអង្គថា «នៅពេលសេចក្តីស្លាប់របស់កូណាជិតមកដល់ តើព្រះអង្គអាចផ្ញើរសារមកទូលបង្គំបានទេ?» ក្រោយមកមានគេស្លាប់នៅឯភូមិដែលឋិតនៅជ្រលងភ្នំខាងលើ ហើយសារអំពីសេចក្តីមរណៈនេះត្រូវបានគេបញ្ជូនទៅកាន់បុរសនោះ តែគាត់មិនបានធ្វើកិច្ចអ្វីសោះ។ រឿងនេះក៍កើតឡើងនៅឯក្នុងភូមិដែលឋិតនៅឯជ្រលងភ្នំខាងក្រោម និងនៅក្នុងភូមិដែលឋិតនៅកណ្តាលជ្រលងភ្នំ តែបុរសនោះនៅតែមិនធ្វើកិច្ចអ្វីទេ។ ទីបំផុតសញ្ញានៃក្តីមរណៈរបស់បុរសនោះបានមកដល់ ដូចនេះគាត់បានរត់ទៅរកមហាថេរៈ ហ្គេហ្សេ ផូតូវ៉ា និងសួរព្រះអង្គថា «ហេតុអ្វីព្រះអង្គមិនផ្ញើរសារទៅខ្ញុំព្រះករុណា?» ព្រះអង្គបានឆ្លើយតបវិញថា «អាត្មាបានផ្ញើរហើយ តែអ្នកនៅតែមិនយល់។» ព្រះអង្គធ្លាប់ធ្វើសមាធិផ្តោតលើអនិច្ចតាធម៌ តាមរយៈនៃការរាប់ចំនួនអ្នកស្លាប់នៅក្នុងតំបន់ផិនផូ ជាជ្រលងភ្នំដែលព្រះអង្គគង់នៅ។ 

ការយល់ដឹងអំពីអនិច្ចតាធម៌មិនចាំបាច់ពឹងផ្អែកលើតែគម្ពីរទាំងស្រុងទេ អ្នកអាចមើលឃើញវាតាមរយៈភ្នែកទទេ តាមរយៈនៃក្តីមរណៈដែលកើតឡើងចំពោះសព្វសត្វៈលោកទាំងអស់។ មនុស្សដែលមើលឃើញសភាពពិតនៃក្តីមរណៈនៅក្នុងកែវភ្នែករបស់ខ្លួន តែនៅតែមិនយកការយល់ដឹងនោះមកអនុវត្តចំពោះខ្លួនឯង គឺប្រៀបដូចជាមនុស្សខ្វាក់ដែលភ្នែកទាំងគូរបស់គេនៅបើកដូច្នោះដែរ ឬប្រៀបដូចមនុស្សដែលមានភ្នែកជាកែវ មើលអ្វីមិនឃើញ។ នៅក្នុងថ្ងៃអនាគត កល្យាណមិត្តសាច់ញាតិ ខ្ញុំបម្រើនិងអ្នកផងទាំងពួងគេនឹងស្លាប់។ ស្របពេលដែលអ្នកកំពុងតែឋិតនៅជាមួយគេ ប្រៀបដូចជាបណ្តុំស្លឹកឈើដែលត្រូវបានខ្យល់បក់ប្រមូលមកផ្តុំគ្នានៅមួយកន្លែង តែវានឹងបែកគ្នានៅពេកក្រោយតាមខ្យល់នោះទៅវិញ។ បើទោះបីយើងឋិតនៅជាមួយគ្នានៅក្នុងជាតិនេះយ៉ាងណាក្តី តែនៅពេលយើងជួបគ្នាសារជាថ្មីនៅក្នុងអនាគតជាតិ យើងនឹងមានទម្រង់ជីវិតខុសគ្នា ហើយនឹងមិនអាចចងចាំមុខគ្នាបានទេ។ សរុបទៅគឺគេកម្រគិតអំពីអនិច្ចតាធម៌នេះណាស់ ប៉ុន្តែយ៉ាងហោចណាស់យើងគួរតែមានតុល្យភាពរវាងជីវិតផ្លូវលោកនិងផ្លូវធម៌ ហើយប្រការនេះវាជួយបង្កើតឲ្យមានតុល្យភាពពិតប្រាកដ។ 

ការផ្លាស់ប្តូរពីរដូវមួយទៅរដូវមួយទៀត ស្លឹកឈើជ្រុកចាកមែក និងបាតុភូតធម្មជាតិដ៍ទៃផ្សេងទៀតបានផ្តល់មេរៀនដល់យើងអំពីអនិច្ចតាធម៌។ ដូចដែលមីឡារេប៉ា(Milarepa)បានលើកឡើងថា «ខ្ញុំមើលឃើញអ្វីៗគ្រប់យ៉ាងដែលឋិតនៅជុំវិញខ្លួនខ្ញុំថាជាមេរៀនទាំងអស់។» 

ការប្រៀបធៀបសំរាប់ការយល់ដឹងអំពីអនិច្ចតាធម៌មួយបែបទៀតគឺការការពិព័រណ៍ មនុស្សមកពីភូមិស្រុកផ្សេងៗមកជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍នៃការពិព័រណ៍នោះ ក្រោយមកគេក៍បែកគ្នាវិញ។ យើងមិនដឹងថាពួកគេត្រឡប់ទៅទីណាវិញទេ ហើយយើងក៍នឹងមិនត្រូវបានមកជួបជុំបែបនេះសារជាថ្មីទៀតដែរ។ បណ្តាកល្យាណមិត្ត សាច់ញាតិដែលឋិតនៅជុំវិញខ្លួនយើងនេះគឺប្រៀបដូចជាមនុស្សដែលឋិតនៅក្នុងព្រឹត្តិការណ៍នៃការពិព័រណ៍នោះដូច្នោះដែរ ឬក៍ដូចជាហ្វូងសត្វរុយនៅក្នុងរដូវស្លឹកឈើជ្រុះដូច្នោះដែរ។ ពួកវានឹងបែបពីគ្នាទៅវិញ។ 

ការផ្លាស់ប្តូរដូចជារដូវផ្ការីកនិងរដូវក្តៅអាចជាការផ្លាស់ប្តូរនិងជារដូវដែលស្រស់ស្អាត់និងគួរឲ្យទាក់ទាញបំផុត ប៉ុន្តែការផ្លាស់ប្តូរទាំងអស់នោះគឺជាមេរៀននៃអនិច្ចតាធម៌(មិនទៀង) និងការផ្លាស់ប្តូរជាប្រចាំ ហើយធាតុអ្វីផ្សេងៗក៍មានការផ្លាស់ប្តូរដែរ។ រុក្ខជាតិដំបូងឡើយមានព័ណ៌បៃតងស្រស់ ក្រោយមកប្រែទៅជាព័ណ៌ក្រហមបែបទឹកក្រូច និងទុំជ្រុះទៅវិញ។ សីតណ្ហភាពនៅតាមទន្លេបឹងបួ ព័ណ៌និងសម្លេងហូររបស់វាមានការប្រែប្រួលទៅតាមរដូវមិនទៀង។ ទឹកបឹង ទន្លេដែលធ្លាប់មានព័ណ៌ផ្ទៃមេឃដ៍ស្រស់ស្អាត និងមានរលកបោកបក់ប្រៀបដូចគេរាំយ៉ាងទន់ភ្លន់ល្វាសល្វន់ អមដោយពពុះយ៉ាងស្រស់ស្អាតផង បានប្រែទៅជាកកនៅស្រទាប់ខាងលើ ហើយសំលេងទឹកកកនិងទឹកដែលប៉ះគ្នាបានបញ្ចេញសម្លេងដូចគេថ្ងូរអីចឹង ប្រការនេះក៍កើតឡើងដូចគ្នាជាមួយនឹងមនុស្សដែរ នៅពេលគេនៅក្មេង គេចូលចិត្តទៅចូលរួមពិធីជប់លៀងជាច្រើន រីករាយនឹងការរាំច្រៀងនិងផឹកសប្បាយ ប៉ុន្តែនៅពេលគេកាន់តែចាស់ ទម្លាប់របស់គេបានផ្លាស់ប្តូរ ពោលដូចនៅក្នុងឧទាហរណ៍ខាងដើមអីចឹង គឺគេចាប់ផ្តើមនិយាយមិនច្បាស់បែបថ្ងូរៗ បែបមនុស្សចាស់! 

នៅក្នុងរដូវក្តៅសត្វឃ្មុំហោះហើរក្រេបលម្អង់ផ្កាគ្រប់ប្រភេទនៅតាមសួនផ្កានានា ត្រង់នេះគឺប្រៀបដូចកាលយើងនៅពីក្មេងដែរ ពោលគឺយើងរីករាយសប្បាយជាមួយនឹងសម្រស់និងសេចក្តីសុខនៃលោកិយ៍ ប៉ុន្តែពេលរដូវស្លឹកឈើជ្រុះមកដល់ សួនផ្កាទាំងអស់នោះប្រែទៅជាវាលខ្សាច់ទៅវិញ ហើយនៅពេលរដូវរងាមកដល់ នៅពេលខ្យល់បក់កាត់សួនផ្កា វាបន្លឺសម្លេងគួរឲ្យស្រណោះ។ មនុស្សគេមិនចង់ទៅទីនោះទេនៅពេលនេះ ពេលខ្លះភ្នំទាំងមូលគ្រប់ដណ្តប់ដោយផ្កាចំរុះព័ណ៌ តែនៅក្នុងរដូវរងាវិញវាក្លាយទៅជាវាលរហោឋានទៅវិញ។ ត្រង់នេះគឺដូចគ្នាបើប្រៀបនឹងផ្ទះវិញ៖ ផ្ទះត្រូវបានបោកបក់ដោយខ្យល់ ដែលធ្វើឲ្យវាកាន់តែចាស់។ ដូចនេះទាំងអស់នេះគឺជាគំរូឧទាហរណ៍នៃអនិច្ចតាធម៌។ តែទោះបីយ៉ាងណាក្តី មេរៀនជាក់ស្តែងអំពីអនិច្ចតាធម៌គឺរាងកាយរបស់ខ្លួន ខ្លួនកាន់តែចាស់ ខ្លួនកាន់តែមិនអាចធ្វើកិច្ចអ្វីដែលខ្លួនធ្លាប់ធ្វើបានកាលពីគ្រាមុន៖ កាន់តែយឿតទៅៗ មុខមាត់និងរាងកាយរបស់ខ្លួនមានការប្រែប្រួល។ 

អនិច្ចតាធម៌គឺមិនមែនត្រឹមត្រូវសំរាប់តែសត្វដែលមានជីវិតតែប៉ុណ្ណោះទេ តែវាក៍ត្រឹមត្រូវសំរាប់របស់ដែលគ្មានជីវិតផងដែរ ពោលដូចជាអាគារ ធម្មជាតិ សួនផ្កានិងពេលវេលាជាដើម។ ទីកន្លែងនានាដូចជាមហាវិហារនៅឯនាលន្ទា ជាទីឋានដែល Nagarjuna និង Asanga បានសិក្សា និងរួមទាំងពុទ្ធគាយាផងសុទ្ធតែបាត់បង់ទៅវិញអស់ហើយ។ រឿងនេះកើតឡើងដូចគ្នាជាមួយនឹងវត្តហ្គេដិន វត្តសេរ៉ា និងបណ្តាពុទ្ធិកមហាវិទ្យាល័យអស្ចារ្យផ្សេងៗទៀតនៅក្នុងអតីតប្រទេសទីបេ។ សូម្បីតែបណ្ណាល័យនៃកិច្ចការនិងប័ណ្ណសារទីបេ ជាទីដែលយើងកំពុងតែឋិតនៅ នៅក្នុងខណៈពេលនេះក៍នឹងត្រូវរលាយទៅវិញនៅទីបញ្ចប់។ Nagarjunaបានលើកឡើងនៅក្នុងលិខិតរបស់ខ្លួន ទៅកាន់មិត្តម្នាក់ថា (Skt.Suhrllekha) «បើសិនចក្រវាឡទាំងមូលត្រូវបានបំផ្លាញដោយព្រះអាទិត្យទាំងប្រាំពីរ នោះច្បាស់ជាគ្មានមន្ទិលសង្ស័យទេថាខ្លួនប្រាណរបស់យើងក៍នឹងត្រូវរលាយទៅដែរ» អ្វីៗគ្រប់យ៉ាងនឹងត្រូវវិនាសរហូតដល់ជីវិតសព្វបែបយ៉ាងនៅឯព្រហ្មភពផងដែរ។ 

សត្វកណ្តុរព័ណ៌សនិងព័ណ៌ខ្មៅបណ្តាក់វេនគ្នាខាំស៊ីខ្សែចំណងដែលចងរុំព័ន្ធចំបើងមួយដុំ។ ក្នុងឧទាហរណ៍នេះសត្វកណ្តុរសនិងខ្មៅតំណាងឲ្យពេលថ្ងៃនិងពេលរាត្រី(យប់) ហើយចំបើងមួយដុំគឺតំណាងឲ្យអាយុជីវិតរបស់យើងទាំងមូល និងខ្សែចំណងដែលចងរុំព័ន្ធចំបើងនោះគឺតំណាងឲ្យកាលវេលានៃអាយុជីវិត។ ចំបើងមួយដុំនោះបានដួលរលំបែកខ្ញែក មុនខ្សែនោះបានដាច់ទាំងស្រុងទៅទៀត បើដូចនេះយើងគួរតែចាប់យកឳកាសដើម្បីធ្វើអំពើជាកុសលឲ្យបានច្រើនតាមតែខ្លួនអាចធ្វើទៅបាន។ 

ពេលវេលាចេះតែនាំយើងខិតទៅជិតសេចក្តីស្លាប់ ប្រៀបដូចជាសត្វដែលគេកំពុងតែដឹកទៅទីសត្តឃាត គ្រប់ជំហាននីមួយៗនាំយើងទៅគៀកនឹងសេចក្តីស្លាប់ ខ្យល់ដង្ហើមដែលខ្លួនកំពុងតែដក់នាំខ្លួនឲ្យខិតទៅជិតនឹងក្តីស្លាប់។ តើជិតនឹងក្តីស្លាប់ប៉ុណ្ណាចាប់តាំងពីយើងងើបពីដេកនៅវេលាព្រឹកនេះ? ដោយគ្រាន់តែគិតថាខ្លួននឹងមិនស្លាប់ទេដោយសារខ្លួននៅក្មេង គឺជាការគិតលីលា អាយុកាលគឺគ្មានអ្វីខុសគ្នាទេនៅចំពោះមុខសេចក្តីស្លាប់។ បើសិនឳពុកម្តាយចាស់ជរាកោងខ្នង សក់សអាចយកសពរបស់កូនខ្លួនទៅបញ្ចុះនៅឯទីបញ្ចុះសពបាន តើយើងអាចនិយាយបានដោយរបៀបណាថាក្តីមរណៈប្រកាន់អាយុកាល និងកើតឡើងចំពោះតែមនុស្សចាស់ទេ? បើដូចនេះយើងត្រូវតែប្រតិបត្តិធម៌មិនថាខ្លួនមានអាយុប៉ុណ្ណានោះទេ កុំចាំខ្លួនចាស់។ ធុរៈដែលមានអត្ថប្រយោជន៍តែមួយគត់គឺធម៌។ 

កល្យាណមិត្តដែលខ្លួនអាចទុកចិត្តបានតែម្នាក់គត់គឺការបដិបត្តិរបស់អ្នកនេះឯង មនុស្សមិនអាចទុកចិត្តបានឡើយ។ នៅពេលទ្រព្យសម្បត្តិរបស់ខ្លួនបាត់បង់ទៅដោយប្រការណាមួយនោះ ពិតជាពិបាកបំផុតដើម្បីឲ្យមនុស្សដែលយើងធ្លាប់ជួយគេជួយដល់យើង។ នៅពេលយើងធ្លាក់ខ្លួនក្រ គេនឹងទុកយើងចោល នេះគឺជាធម្មជាតិពិតរបស់មនុស្ស។ នៅពេលយើងចាស់ជរាហើយក្រីក្រ គ្មាននរណាម្នាក់គេចាប់អារម្មណ៍នឹងខ្លួនទេ តែនៅពេលដែលយើងមានលុយកាក់ មុនមាត់ គេនឹងយកចិត្តទុកដាក់ចំពោះយើង។ បើសិនគេជាអ្នកមានលុយកាក់ និងមុខមាត់ ច្បាស់ជាមានមនុស្សគេមកចូលរួមធ្វើពុតថាខ្លួនបានរួមចំណែកនៅក្នុងភាពមានបាននោះដែរ គេព្យាយាមចង់បានចំណែកខ្លះនៃសេចក្តីសុខរបស់អ្នក ប៉ុន្តែគេមិនទទួលយកសេចក្តីទុក្ខរបស់អ្នកឡើយ។ នៅពេលគេមិនបានអ្វីសោះពីអ្នក គេនឹងធ្វើមិនដឹងមិនឮចំពោះអ្នក តែសម្មាសម្ពុទ្ធបានធ្វើផ្ទុយពីចំណុចនេះ ព្រះអង្គបានយកចិត្តទុកដាក់ចំពោះជនក្រីក្រទុរគត(ទុគ៌ត)។ 

បើសិនបុគ្គលដែលមានឥទ្ធិពលម្នាក់គេប្រាប់មិត្តជាទីទុកចិត្តបំផុតរបស់អ្នកថា អ្នកជាមនុស្សមិនល្អទេ នោះមិត្តជាទីទុកចិត្តបំផុតរបស់អ្នកគេនឹងប្តូរចិត្ត គិតមិនស្មោះត្រង់នឹងអ្នក ដោយគ្រាន់តែពាក្យសំដីពីរបីម៉ាត់បានធ្វើឲ្យគេស្អប់អ្នកនៅថ្ងៃក្រោយ។ ត្រង់នេះបានសបញ្ជាក់អំពីពាក្យចាស់ដែលបានពោលថា «កាលពីមុនត្រឹមតែពីរបីសង់ទីម៉ែត្រក៍អាចឈោងដល់ តែឥឡូវសូម្បីមានប្រវែងរហូតដល់មួយម៉ែត្រក៍មិនអាចឈោងដល់ដែរ» ត្រង់នេះបានសេចក្តីថា ពាក្យសំដីត្រឹមតែពីរបីម៉ាត់ក៍អាចធ្វើឲ្យមនុស្សដែលធ្លាប់ជិតស្និទនឹងខ្លួនគេឃ្លាតឆ្ងាយពីខ្លួនដែរ។ យើងត្រូវតែស្វែងរកកល្យាណមិត្តនឹងននៅក្នុងព្រះធម៌ មិត្តដែលចេះគិតគោរពយកចិត្តទុកដាក់នឹងគ្នា និងមិត្តដែលចេះប្រាប់ពីកំហុសនិងចំណុចខ្សោយរបស់មិត្តខ្លួន។ តែទោះបីយ៉ាងណាក្តី សត្រូវរបស់គេអាចចាត់ទុកថាជាមនុស្សដែលមានប្រយោជន៍ជាង ដោយសារគេបានចង្អុលបង្ហាញអំពីកំហុសរបស់បុគ្គលនោះ។ 

មនុស្សខ្លះគេបានចំណាយពេលពេញមួយជីវិតរបស់ខ្លួនដើម្បីខំប្រមូលទ្រព្យ តែជាលទ្ធផលគេបែរជាទទួលទុក្ខដ៍សម្បើមទៅវិញ។ ដោយសារតែវាបង្កក្តីទុក្ខដ៍សម្បើមបែបនេះ យើងពុំគួរប្រកាន់មាំ ឬជាប់ជំពាក់នឹងភាពមានបាននេះទេ។ ទ្រព្យសម្បត្តិហាក់បង្កប់នូវរូបភាពនៃក្តីសុខ ប៉ុន្តែវាមិនមែនបែបនោះទេ។ ចិត្តជាប់ជំពាក់នឹងទ្រព្យសម្បត្តិប្រៀបដូចជាសត្វមមាចដែលញៀននឹងការហើរចូលភ្លើងដូច្នោះដែរ៖  បើសត្វវាហើរចូលទៅជិតភ្លើងពេកវានឹងឆេះស្លាប់។ អ្នកមានមើលទៅទំនងដូចជាមានក្តីសុខ មានផ្ទះល្អ គេហាក់បីដូចជាគ្មានក្តីបារម្ភអំពីលុយកាក់អ្វីទេ។ ត្រង់នេះមើលទៅគួរឲ្យទាក់ទាញ ប៉ុន្តែនៅពេលដែលយើងចូលទៅក្នុងស្ថានភាពនោះទាំងស្រុង យើងនឹងមើលឃើញអំពីបញ្ហារបស់គេ និងគុណវិបត្តិផ្សេងៗ។ ឧបមា៖មនុស្សខ្លះគេបដិបត្តិសាសនា ប៉ុន្តែនៅពេលគេមានបាន គេមិនមានចំណាប់អារម្មណ៍នឹងសាសនាទេ ចិត្តគេគិតតែពីការរកលុយនឹងប្រមូលទ្រព្យសម្បត្តិតែម៉្យាង។ គេណឿយណាយនឹងការប្រតិបត្តិគុណធម៌នានា ប៉ុន្តែគេមិនដែលមានភាពណឿយណាយនឹងការប្រមូលទ្រព្យសម្បត្តិឡើយ។ 

នៅក្នុងន័យខ្លីជីវិតគឺមិនទៀងទេ ក្តីមរណៈនឹងកើតឡើងចៀសមិនផុតទេ បើដូច្នេះយើងត្រូវតែត្រៀមខ្លួនជាមុនសំរាប់វា។ គ្មានភាពប្រាកដប្រជាទេថាក្តីមរណៈនឹងកើតឡើងនៅពេលណា ប៉ុន្តែនៅពេលវាកើតឡើង គឺគ្មានអ្វីអាចបញ្ឈប់វាបានឡើយ។ សូម្បីតែអ្នកមានក៍មិនអាចយកលុយទៅសូកប៉ាន់វាបានដែរ សម្រស់ស្រស់ស្អាតយ៉ាងណាក៍មិនអាចទាក់ទាញឲ្យវាឈប់បានដែរ ហើយបុរសដែលមានសាច់ដុំនិងកំលាំងកាយខ្លាំងក្លាយ៉ាងណាក៍មិនអាចប្រើកំលាំងបញ្ឈប់វាបានឡើយ។ នៅទីកន្លែងខ្លះលុយកាក់អាចប្រើប្រាស់ដើម្បីពន្យាទិដ្ឋាការស្នាក់នៅ ឬច្បាប់អនុញ្ញាតស្នាក់នៅ ប៉ុន្តែវាមិនអាចប្រើប្រាស់ដើម្បីទិញការពន្យាអាយុជីវិតរបស់ខ្លួនបានឡើយ។ 

នៅពេលស្តេចយមរាជមកដល់ យើងត្រូវតែចាកចេញពីតួខ្លួនប្រាណ ដែលយើងធ្លាប់រស់នៅជាមួយតាំងពីកំណើតមក។ បើទោះបីយើងស្លាប់នៅលើគ្រែដោយភាពកក់ក្តៅ ចិតបានចាកចេញទៅហើយយ៉ាងណា តែនៅខណៈនោះយើងគ្មានពេលសូម្បីត្រឹមតែមួយវិនាទីដើម្បីលាបងប្អូនមិត្តភក្តិសាច់ញាត្តិនិងទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ នេះគឺជាសច្ចពិតនៃជីវិត យើងត្រូវតែត្រៀមខ្លួនសំរាប់វា។ យើងត្រូវតែបន្សល់ទុកអ្វីៗគ្រប់យ៉ាងដែលខ្លួនមាន ទ្រព្យសម្បត្តិដែលខ្លួបានខំរកយ៉ាងលំបាកដោយគ្មានការនឿយហត់។ យើងត្រូវតែធ្វើដំណើរទៅឆ្ងាយជាងជីវិតនេះទៅទៀត ដោយយកសំពាយកម្មផលដែលខ្លួនបានប្រព្រឹត្តទៅតាម។ ឳពុកម្តាយចាស់ជរាបានកសាងផ្ទះសម្បែងសំរាប់កូនៗនិងចៅៗរបស់គេរស់នៅ ប៉ុន្តែនៅពេលគេស្លាប់ទៅគេយកតែសំពាយកម្មដែលខ្លួនបានធ្វើទៅជាមួយតែប៉ុណ្ណោះ ពោលដូចជាការស្លាប់របស់សត្វជាដើម ស្របពេលដែលកូនៗគេសប្បាយរីករាយរស់នៅ នៅក្នុងផ្ទះដែលសាងដោយឳពុកម្តាយខ្លួន។ ដូច្នេះប្រការនេះយើងគ្រាន់តែបង្កើនទម្ងន់នៃកម្មឲ្យកាន់តែធ្ងន់ថែមទៀតតែប៉ុណ្ណោះ។ 

នៅពេលយើងធ្វើដំណើរលើផ្លូវប៉ាដូ(bardo)ដ៍សែនគ្រោះថ្នាក់ និងជួបឬត្រូវបានបញ្ឈប់ដោយកងទាហានរបស់ស្តេចយមរាជ នៅពេលនោះយើងនឹងយល់អំពី ភាពគ្មានប្រយោជន៍នៃការខំប្រមូលទ្រព្យសម្បត្តិរបស់ខ្លួនមិនខាន បើសូម្បីនៅពេលនេះយើងមានការសោយស្តាយយ៉ាងណា តែការគិតសោកស្តាយនេះមិនអាចជួយយើងបានទេ។ ពាក្យចាស់បានពោលថា៖ «បើសិនគេចេះគិតពិចារណាមុន គេគឺជាមនុស្សពូកែ តែបើគេគិតសោយស្តាយនៅពេលក្រោយ គេគឺជាមនុស្សល្ងង់»។ មគ្គុទេសក៍ពិតប្រាកដសំរាប់មនុស្សដែលធ្វើដំណើរទៅកាន់ទីដែលខ្លួនមិនស្គាល់ពិតប្រាកដគឺជាព្រះធម៌ (ទីមរណៈ) ជំនួយសំរាប់ធ្វើដំណើរផ្លូវឆ្ងាយគឺព្រះធម៌ ហើយធម៌អាចនាំយើងទៅកាន់ត្រើយម្ខាងទៀត។ ចាប់ពីថ្ងៃនេះតទៅត្រូវចាប់ផ្តើមប្រតិបត្តិធម៌តាមកាយវាចាចិត្ត។ 

យើងត្រូវតែធ្វើ ស្របពេលដែលសិទ្ធិនៃការទទួលបានក្តីសុខឋិតនៅក្នុងដៃរបស់ខ្លួន។ បើសិនយើងមិនធ្វើទេ វានឹងធ្វើឲ្យយើងយល់ច្រឡំមិនច្បាស់ថាខ្លួនត្រូវធ្វើកិច្ចអ្វី។ មានភាពខុសគ្នាច្រើនយ៉ាងណាស់រវាងមនុស្សបដិបត្តិធម៌និងអ្នកដែលមិនបដិបត្តិធម៌ នៅពេលគេស្លាប់ អ្នកមិនបដិបត្តិធម៌ស្លាប់ដោយគ្មានសតិដឹង និងពោរពេញដោយក្តីឈឺចាប់ ចំណែកឯអ្នកបដិបត្តិធម៌ គេស្លាប់ដោយមានចិត្តស្ងប់ គេបានត្រៀមខ្លួនរួចជាស្រេច និងបានបរិច្ចាគទ្រព្យសម្បត្តិខ្លួនដល់ជនក្រីក្រ ដល់សាច់ញាតិ និងយកត្រ័យសរណៈជាទីពឹងទីរលឹកជាដើម។ ដើម្បីឲ្យខ្លួនមានសភាពដូចអ្នកប្រតិបត្តិធម៌ យើងគួរតែខិតខំព្យាយាមសិក្សាការបង្រៀន(ធម៌)ទាំងអស់នេះឲ្យបានច្រើនតាមតែខ្លួនអាចធ្វើទៅបាន។ យើងពុំគួរមានអភិនេស្រ្កមណ៍ខុសផ្លូវទេ ពោលគឺពុំគួរបរិច្ចាគម្ហូបអាហារទាំងអស់រហូតដល់អត់ខ្លួនឯង អត់មានការសម្រាកត្រឹមត្រូវ និងពុំគួរលះបង់ទ្រព្យសម្បត្តិទាំងអស់ដែរ ប៉ុន្តែត្រូវមានតុល្យភាពរវាងផ្លូវធម៌និងផ្លូវលោក និងត្រូវខិតខំព្យាយាមប្រតិបត្តិឲ្យបានច្រើនតាមតែខ្លួនអាចធ្វើទៅបាន។ 

ការប្រតិបត្តិធម៌គឺមិនមែនសំដៅលើការប្រើប្រាស់ទឹកអប់ក្រែមម្សៅ និងធ្វើតាមទម្លាប់អ្វីទេ ប៉ុន្តែខ្លួនត្រូវមានសណ្តានចិត្តមេត្តា និងសប្បុរស។ មានរឿងទាក់ទងជាមួយនឹងស្រ្តីជនជាទីបេ នៅពេលស្រ្តីនោះស្លាប់ទៅ នាងបានទៅជួបនឹងស្តេចយមរាជ។ ស្ត្រីនោះបានប្រាប់ទៅស្តេចយមរាជថា បើទោះបីជាខ្ញុំបានប្រព្រឹត្តមិនល្អតាមផ្លូវកាយយ៉ាងណា តែខ្ញុំមានបំណងល្អតាមផ្លូវចិត្ត ដោយសារតែប្រការនេះស្តេចយមរាជបានបញ្ជូនស្ត្រីនោះឲ្យទៅកើតជាមនុស្សវិញនៅក្នុងទម្រង់និងរូបភាពដូចដើម។ ត្រង់នេះសបញ្ជាក់ថាមិនសំខាន់ថាទង្វើខាងក្រៅរបស់ខ្លួនយ៉ាងណាទេ តែត្រូវមានទឹកចិត្តមេត្តា។ 

សុភាសិតបុរាណបានពោលថា៖ «មនុស្សដែលនិយាយបូប៉ាច់ច្រើនអំពីធម៌ តែងតែជាមនុស្សដែលមិនបដិបត្តិធម៌ច្រើនទេ»។ ព្រះមហាថេរៈអទិស្សៈ(Atisha)បានសង្កត់ធ្ងន់ៗអំពីចំណុចនេះ នៅពេលណាព្រះអង្គបានជួបមនុស្សណាម្នាក់ ព្រះអង្គឧស្សាហ៍សួរគេថា «តើអ្នកមានទឹកចិត្តល្អទេ?» នៅពេល ដ្រុមតុនប៉ា(Dromtonpa)បានទទូលដំណឹងអំពីក្តីមរណៈរបស់អទិស្សៈ គាត់មានការសោកស្តាយនិងក្រៀមក្រំយ៉ាងខ្លាំង ដោយសារគាត់មិនបានឋិតនៅក្បែរព្រះអង្គនៅពេលព្រះអង្គអនិច្ចធម្មទៅ។ ទោះបីយ៉ាងណាក្តីអទិស្សៈបានបន្សល់ទុកសំបុត្រមួយច្បាប់ប្រាប់តាស់តឿនដល់សាវ័ករបស់ព្រះអង្គថា បើអត់ពីព្រះអង្គទៅ បើសិនគេ(សាវ័ក)មានទឹកចិត្តល្អ មេត្តា នោះគឺប្រៀបដូចពេលដែលគេបានឃើញវត្តមានរបស់ព្រះអង្គដែរ។ ជារឿងល្អដែលត្រូវចងចាំធម៌របស់ ខាដាំប៉ា(Kadampa) ដែលបានបង្រៀនថា បើទោះបីជាយើងគិតរអ៊ូរថាខ្លួនមិនអាចធ្វើជាប្រយោជន៍ដល់គេបានយ៉ាងណា  តែបើសិនយើងអាចទប់ឬវៀរចាកកុំបង្កទុក្ខទោសដល់គេ  នោះគឺប្រយោជន៍និងកិច្ចដ៍ប្រសើរបំផុតដែលខ្លួនអាចធ្វើបាន ចូរអ្នកព្យាយាមកុំធ្វើឲ្យគេមានទុក្ខ។ 

ស្របពេលដែលខ្លួននៅមានដង្ហើមដក ហើយខ្លួននៅមានអំណាចនិងឳកាសដើម្បីសាងកុសលផលបុណ្យ ដើម្បីអនាគតជាតិរបស់ខ្លួន ពោលអ្នកគឺជាកល្យាណមិត្តរបស់ខ្លួន ហើយក៍ជាសត្រូវរបស់ខ្លួនឯងផងដែរ។ សេចក្តីសុខនៅក្នុងថ្ងៃអនាគតគឺអាស្រ័យលើអ្នកទាំងស្រុងហើយ។ ពេលខ្លះមនុស្សដែលស្លាប់ទៅដោយមិនបានប្រតិបត្តិធម៌គឺប្រៀបដូចជាសត្វសុនខដែលកំពុងតែស្លាប់ទៅដូច្នោះដែរ ជាពិសេសនៅក្នុង ប៉ាដូ(bardo) គ្មានអ្វីខុសគ្នាពីសត្វទេ បើទោះបីខ្លួនបានកើតជាមនុស្សក៍ដោយក្តី។ គ្មានភាពខុសគ្នាអ្វីបន្តិចទេរវាងស្តេចចក្រពត្តិដែលមិនប្រតិបត្តិធម៌ និងសត្វសុនខដែលកំពុងតែដេកស្លាប់នៅតាមផ្លូវ។ ជាការពិតនៅពេលគេស្លាប់ទៅ អាចថាសត្វឆ្កែវាមិនបានសាងកម្មអាក្រក់ច្រើនដូចមនុស្សទេ។ បើដូចនេះការនឹកគិតអំពីអនិច្ចតាធម៌គឺជាធុរៈសំខាន់បំផុត នៅក្នុងគ្រាចាប់ផ្តើម ពាក់កណ្តាលនិងចុងបញ្ជប់នៃការបដិបត្តិធម៌។ សូម្បីតែបុគ្គលដែលបានសម្រេចធម៌ជាន់ខ្ពស់ក៍គេប្រតិបត្តិសមាធិផ្តោតលើអនិច្ចតាធម៌នេះដែរ។ 

គ្រប់គន្លងជើងសត្វទាំងអស់ មានតែគន្លងជើងសត្វដំរីទេដែលធំលើសគេ រាល់ការគិតទាំងអស់ មានតែការគិតអំពីអនិច្ចតាធម៌ទេដែលមានអត្ថប្រយោជន៍លើសគេ។ 

 មីឡារេប៉ា(Milarepa)ចាប់ផ្តើមប្រតិបត្តិធម៌នៅពេលគាត់ឃើញសេចក្តីស្លាប់ដែលខ្លួនបានបង្កឡើងដោយមន័អាគមរបស់គ្រូខ្លួន។ ហ្គេប៉ូប៉ា(Gampopa)ចាប់ផ្តើមប្រតិបត្តិធម៌នៅពេលភារិយារបស់គាត់ស្លាប់។ ភាពស្រដៀងគ្នានេះដែរនៅពេលដែលសម្មាសម្ពុទ្ធបានឃើញសេចក្តីស្លាប់នៅគ្រាដំបូងបំផុង ក្តីមរណៈនោះបានជំរុញ និងបំផុសទឹកចិត្តព្រះអង្គឲ្យចូលខ្លួនប្រតិបត្តិធម៌ និងដើម្បីស្វែងរកដំណោះស្រាយចំពោះសេចក្តីទុក្ខរបស់ខ្លួន។ អនិច្ចតាធម៌ត្រូវបានគេចាត់ទុកថាជាមាគ៌ាកណ្តាល់សំខាន់បំផុត(សូមកុំយល់ច្រឡំជាមួយនឹងពាក្យថាមជ្ឈិមាគឬផ្លូវកណ្តាល)។ វាគឺជាមាគ៌ាសំខាន់មានតួនាទីទប់ស្កាត់មិនឲ្យមានឧបាទានចិត្តចំពោះជីវិតកើតឡើង និងដើម្បីចម្រើនឬបង្កើតការគិតវិជ្ជមាននៅក្នុងជីវិតអ្នកប្រតិបត្តិ។ អនិច្ចតាធម៌ជា «មាគ៌ាកណ្តាលសំខាន់»នេះមានការបកស្រាយនិងអត្ថន័យជ្រាលជ្រៅបំផុតផងដែរ អាចត្រូវបានគេពន្យល់បកស្រាយនៅក្នុងន័យនៃមជ្ឈិមាគក៍បាន។ អនិច្ចតាធម៌គឺជាគ្រឹះដើម្បីឈានទៅចម្រើនប្រាជ្ញានៅក្នុងទស្សនមជ្ឈិមាគ ដែលជួយកម្ចាត់ទស្សនៈប្រកាន់ថាមានតួខ្លួន(អត្តា) និងជួយខ្លួនឲ្យយល់ច្បាស់សច្ចពិតនៃអនត្តា។ 

បន្ទាប់ពីខ្លួនអាចតាំងចិត្ត មិនឲ្យចិត្តបែកខ្ញែករវើរវាយ និងចាប់ផ្តើមគិតផ្តោតលើការបដិបត្តិធម៌ យើងត្រូវតែធ្វើការបដិបត្តិដូចខាងក្រោម។ បើទោះបីជាមានទំនៀមនៃការបដិបត្តិច្រើនបែបនៅក្នុងសកលលោកនេះយ៉ាងណា បន្ទាប់ពីយើងទទួលយកការបដិបត្តិធម៌ហើយ នោះគឺជាកិច្ចដ៍ប្រសើរដែលត្រូវខំព្យាយាមប្រតិបត្តិទៅតាមខ្លឺមសារទាំងស្រុងនៃការបង្រៀន(ធម៌)របស់សម្មាសម្ពុទ្ធគម្រប់បីដង តាមរយៈទំនៀមដែលបានបង្កើតឡើងយ៉ាងល្អរបស់ព្រះមហាថេរៈត្សុងខាប៉ា(Tsongkhapa)។ សំរាប់កិច្ចនេះយើងត្រូវតែប្រតិបត្តិតាមវិធីសាស្រ្តបូកបញ្ចូលគ្នា តែមួយនៃព្រះសូត្រនិងទន្រ្ទៈ(Sutra and Tantra) ដែលរាប់បញ្ចូលទាំងការពន្យល់និងការបដិបត្តិផង។ ដើម្បីប្រតិបត្តិតាមវិធីនេះ យើងត្រូវតែដឹងអំពីធម្មជាតិពិត អំពីដំណាក់កាល និងការបែងចែកនៃមាគ៌ានីមួយៗ និងត្រូវប្រតិបត្តិតាមឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍៖ យើងពុំគួរបដិបត្តិទន្រ្ទៈ មុនព្រះសូត្រទេ ឬពុំគួរសិក្សាពុទ្ធិចិត្តដោយគ្មានការយល់ដឹងអំពីការចាប់កំណើតឡើងវិញជាមនុស្ស ទិសដៅសុវត្ថិភាព(ត្រ័យសរណៈ)បដិច្ចសមុប្បាទធម៌ជាដើម។ល។ 

យើងគួរតែព្យាយាមបណ្តុះគ្រាប់ពូជដើម្បីមាគ៌ាដ៍ត្រឹមត្រូវបំផុតដែលមិនអាចច្រឡំបាន និងបណ្តុះនូវការបង្រៀន(ធម៌)នៃមាគ៌ានេះនៅក្នុងចិត្តរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រៀបដូចជាឈ្មួញដែលខិតខំព្យាយាមលក់ឲ្យបានច្រើនតាមតែខ្លួនអាចធ្វើទៅបានក្នុងមួយថ្ងៃ យើងគួរតែខិតខំព្យាយាមបណ្តុះគ្រាប់ពូជឲ្យបានច្រើនតាមតែយើងអាចធ្វើទៅបានក្នុងមួយថ្ងៃៗ ដើម្បីកសាងកុសលផលបុណ្យឲ្យបានច្រើនតាមតែខ្លួនអាចធ្វើទៅបាន។ នៅក្នុងការបដិបត្តិជាក់ស្តែងយើងអាចប្រតិបត្តិសមាធិដោយផ្តោតលើអត្ថបទខ្លីៗនៃមាគ៌ាដែលមានលក្ខណៈសាមញ្ញទូទៅចំពោះព្រះសូត្រនិងទន្រ្ទៈ ពោលមានដូចជា គ្រឹះនៃគុណធម៌(Foundation for Good Qualities (Yon-tan gzhi-gyur-ma) ដែលជាធម្មតាត្រូវបានគេសូត្រទន្ទេញចាំមាត់យឿតៗ និងយកមកធ្វើការផ្តោតនៅក្នុងសមាធិ និងអាចត្រូវបានគេរកឃើញផងដែរនៅក្នុង ការបដិបត្តិបឋម(Jorcho (sByor-mchod)។ អត្ថបទបែបនេះមួយទៀតគឺ ខ្លឹមសារសង្ខេបនៃមាគ៌ាជាថ្នាក់ៗ (The Abbreviated Points of the Graded Path (Lam-rim bsdus-don) ដែលបានរៀបរាប់អំពីបារមីប្រាំមួយផងដែរ។ គម្ពីរអត្ថបទនេះគឺមិនបង្ហាញច្បាស់ៗដូចគម្គីរស្តីអំពី គ្រឹះនៃគុណធម៌ល្អៗទេ ប៉ុន្តែវារាប់បញ្ចូលទាំងសីលបីប្រភេទផងដែរ និងរួមទាំងបារមីប្រាំមួយដែរ។ គម្ពីរអត្ថបទមួយទៀតដែលយើងអាចប្រើប្រាស់ដើម្បីសមាធិបើកភ្នែកសំលឺងរំលឹកឡើងវិញ គឺគម្ពីរឡាមរីម នៅត្រង់ ការបូជាគ្រូ(Guru Puja-Lama Chopa) (Bla-ma mchod-pa)។ សមាធិសំលឹងមើលឡើងវិញគឺជាវិធីសាស្រ្តមានប្រសិទ្ធិភាពដើម្បីធ្វើការរំលឹកឡើងវិញនូវអ្វីដែលខ្លួនបានសិក្សា និងជួយរៀបចំវាទៅតាមលំដាប់លំដោយនៅក្នុងចិត្តរបស់យើង។ ត្រង់នេះគឺប្រៀបដូចជាការបើកផែនទីមើល ដើម្បីមើលឲ្យដឹងថាខ្លួនឋិតនៅទីណា អ្វីៗផ្សេងៗឋិតនៅទីណា ឬប្រៀបដូចយើងមើលពីលើអាកាសឬពីលើភ្នំទៅកាន់ជ្រលងភ្នំដូច្នោះដែរ។ 

វាអាចជាកិច្ចពិបាកដើម្បីទទួលបានបទពិសោធន៍នៃការបដិបត្តិគម្ពីរឡាមរីមនៅក្នុងខណៈពេលនេះ ប៉ុន្តែមានការបដិបត្តិសមាធិរំលឹកឡើងវិញរាល់ថ្ងៃ គឺបណ្តុះនូវវិធីសាស្រ្តណែនាំអំពីព្រះធម៌ទាំងមូលនៅក្នុងចិត្តរបស់ខ្លួន។ នៅពេលយើងធ្វើសមាធិផ្តោតលើឡាមរីម យើងត្រូវតែធ្វើតាមវិធីសាស្ត្រត្រឹមត្រូវ ដែលគេបានផ្តល់ឲ្យនៅក្នុងសេចក្តីណែនាំ។ ធុរៈដំបូងបំផុតយើងគួរតែកំណត់គោលដៅពុទ្ធិចិត្ត ហើយនៅចុងបញ្ចប់ យើងគួរតែធ្វើការឧទ្ទិស។ ពេលយើងកំណត់គោដៅឬគោលបំណងនៅគ្រាចាប់ផ្តើមនៃការបដិបត្តិ យើងគួរគិតថា យើងបដិបត្តិសមាធិដើម្បីជាប្រយោជន៍ដល់គេគ្រប់គ្នា។ បើសិនមិនអាចធ្វើទៅរួចទេ យ៉ាងហោចណាស់យើងគួរមានការលះបង់។ នៅចុងបញ្ចប់នៃការបដិបត្តិសមាធិរបស់យើង យើងគួរតែឧទ្ទិសបុណ្យកុសលដែលយើងបានសាង ទៅកាន់មនុស្សសត្វគ្រប់រូបឲ្យគេមានក្តីសុខ និងឲ្យគេទទួលបានភាវៈជាសម្មាសម្ពុទ្ធ។ ខ្ញុំសូមជំរុញអ្នកឲ្យចាប់យកខ្លឹមសារសំខាន់បំផុតនៃការមានជីវិតជាមនុស្សរបស់ខ្លួន ដោយចាប់ផ្តើមប្រភេទបដិបត្តិនេះ «ចាប់យកខ្លឺមសារសំខាន់» មានការបកស្រាយបីយ៉ាង៖ អស្ចារ្យ មធ្យោម និងតូច។ កំរិតធំអស្ចារ្យគឺការតាំងចិត្តក្លាយខ្លួនជាសម្មាសម្ពុទ្ធនៅក្នុងបច្ចុប្បន្នជាតិ កំរិតមធ្យោមគឺត្រូវសម្រេចវិមុត្តិចិត្តពីកងកិលេសផ្សេងៗ និងកំរិតតូចគឺរំដោះខ្លួនឲ្យរួចផុតពីទុក្ខគតិភព។ 

ការឧទ្ទិស

ដោយអំណាចនៃកុសលផលបុណ្យដែលបានសាងដោយកិច្ចនេះ សូមឲ្យទុក្ខទាំងឡាយទាំងពួងវិនាសទៅ៖ មានដូចជាការប្រកាន់មាំចំពោះនិច្ចតាធម៌ ចិត្តឧបាទាននិងមោហៈជាដើម។ សូមឲ្យយើងអាចកម្ចាត់នូវរាល់ការគិតប្រកាន់មាំចំពោះអត្តា(តួខ្លួន) ដែលជាឬសគល់នៃក្តីទុក្ខនៅក្នុងវាលវដ្តសង្សារ។ សូមឲ្យមនុស្សគ្រប់រូមគេសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធគ្រប់គ្នាតាមការប៉ងប្រាថ្នារបស់ខ្លួន។ 

ការបដិបត្តិធម៌ក្នុងមួយថ្ងៃនៅពេលដែលព្រះធម៌កាន់តែចុះខ្សោយទៅ គឺប្រសើរជាងទង្វើសីលធម៌រាប់រយដងនៅពេលដែលព្រះធម៌កំពុងតែរុងរឿងរីកចម្រើន។ ការបដិបត្តិធម៌នៅទីនេះគឺមានអត្ថន័យថា ការមានទឹកចិត្តល្អ សប្បុរស គិតដល់គេ មេត្តា និងវៀរចាកកុំបង្កទុក្ខទោសដល់គេ។ នេះគឺជាវិធីតបស្នងសងគុណដល់គ្រូវិញ ជាជាងការធ្វើពុតថាខ្លួនមានចិត្តមេត្តា ស្របពេលដែលខ្លួនកំពុងមានចិត្តស្អប់មិនល្អនៅក្នុងសណ្តាន ការបដិបត្តិធម៌ដោយស្មោះត្រង់អស់ពីចិត្តគឺជារឿងដែលប្រសើរបំផុត។ មីឡារេប៉ាបានលើកឡើងថា «ចូរអ្នកកុំគិតខ្វល់តែអំពីសុខទុក្ខរបស់ខ្លួនតែម៉្យាង តែត្រូវគិតអំពីសុខទុក្ខរបស់គេផង នេះគឺជាវិធីសាស្រ្តដើម្បីតបស្នងសងគុណដល់គ្រូ»។ 

វិធីដ៍ប្រសើរសំរាប់អ្នកទើបនឹងចាប់ផ្តើមសិក្សា និងបដិបត្តិធម៌លើកដំបូងគឺត្រូវសិក្សាអំពីអកុសលកម្មដប់ និងត្រូវវៀរចាកកុំប្រព្រឹត្តវា។ បន្ទាប់មកគេអាចបដិបត្តិសន្សឹមៗយឿតៗ និងចាប់ផ្តើមសមាធិ។ ដោយគ្រាន់តែចូលបដិបត្តិសមាធិភ្លាមៗតែម្តងចាប់ពីគ្រាដំបូងឡើងទៅអាចធ្វើឲ្យគេមានការធុញថប់ និងអម្ពល់ចិត្ត «lung»(សួត)និងការយល់ច្រឡំ ហើយគេអាចមានការទើសចិត្តនឹងសមាធិ។ នេះគឺជាគ្រឹះដែលគ្មានគ្រោះថ្នាក់ ត្រូវបានគេបង្កើតឡើងយ៉ាងច្បាស់លាស់ ជាក់ស្តែង មិនខុសសំរាប់ការបដិបត្តិព្រះធម៌។ នៅក្នុងការបដិបត្តិរក្សាសីល នៃកុសលកម្មដប់ យើងត្រូវតែចម្រើនសីល គិតអំពីផលប៉ះពាល់ដល់គេ ដែលបណ្តាលមកពីទង្វើរបស់ខ្លួន និងចម្រើនសតិ។ យើងពុំគួរធ្វើកិច្ចអ្វីមួយដែលវាគ្រាន់តែធ្វើឲ្យខ្លួនសប្បាយ តែអ្នកត្រូវគិតអំពីផលប៉ះពាល់ដែលកើតឡើងពីសំលៀកបំពាក់ដែលខ្លួនពាក់ ខ្លួនធ្វើ គិតនិងនិយាយទៅកាន់គេ សំខាន់បំផុតយើងមិនគួរយាយី បង្កទុក្ខទោសដល់គេទេ។ 

Top