ធម៌អហិង្សានិងគុណធម៌ផ្លូវចិត្ត

ថ្ងៃនេះគេបានអញ្ជើញខ្ញុំឲ្យនិយាយអំពីធម៌អហិង្សានិងគុណធម៌ផ្លូវចិត្តនៅក្នុងពិភពលោកសម័យទំនើប។ ទាំងអស់នេះគឺជាប្រធានបទដែលពាក់ព័ន្ធសំខាន់នៅក្នុងការសិក្សាសំរាប់សិស្សដូចអ្នក ដែលមានគំរោងសិក្សាបន្តខាងផ្នែកវេជ្ជសាស្រ្តនិងគ្រូបង្រៀន នេះបើតាមខ្ញុំដឹង ពីព្រោះថាជាផ្នែកមួយនៃកិច្ចការរបស់អ្នកគឺជួយដល់មនុស្ស ហើយជាពិសេសជាងនេះទៅទៀតគឺត្រូវជួយគេដោយអហិង្សា។ ការជួយដល់មនុស្សពិតណាស់គឺផ្ទុយពីធម៌ហិង្សា។ ហើយការមានគុណធម៌នៅក្នុងខ្លួន នឹងជួយធ្វើឲ្យការងាររបស់អ្នកក្លាយជាការងារដែលកាន់តែមានអត្ថន័យ មិនមែនគ្រាន់តែរកលុយតែម៉្យាងទេ ប៉ុន្តែវាជួយឲ្យអ្នកឲ្យតម្លៃដល់ឳកាសដែលខ្លួនមាន នៅក្នុងកិច្ចការងារជួយដល់មនុស្សតាមវិធីដែលមានអត្ថន័យ។ 

ពុទ្ធសាសនាមានការបង្រៀនច្រើនណាស់ស្តីអំពីធម៌អហិង្សានេះ ដូចសាសនាផ្សេងៗដែរ ជាការពិតប្រព័ន្ធជំនឿខុសគ្នាឲ្យនិយមន័យនៃធម៌អហិង្សានេះក៍ខុសគ្នាដែរទៅតាមវិធីជាច្រើនរបស់គេ។ យើងឧស្សាហ៍គិតដល់ធម៌អហិង្សានេះនៅក្នុងទម្រង់បែបបទនៃការប្រព្រឹត្ត ពោលគឺទង្វើអហិង្សាជាដើម ហើយអហិង្សាអាចមានន័យថាការវៀរចាកកុំប្រព្រឹត្តទង្វើប្រភេទនោះ។ ប៉ុន្តែពុទ្ធសាសនាបង្រៀនអំពីធម៌អហិង្សានេះ ដោយសំដៅទៅលើចិត្តជាចម្បង ពោលគឺសភាពមនោដែលពាក់ព័ន្ធនៅក្នុងធម៌អហិង្សានេះ។ ពីព្រោះថា មិនចំពោះថាខ្លួនប្រព្រឹត្តទង្វើហិង្សាឬអហិង្សាប្រភេទណាមួយនោះទេ ពោលគឺវាកើតឡើងពីចិត្តទាំងអស់ មែនទេ? បើដូច្នេះដោយគ្រាន់តែវៀរចាកមិនបង្កទុក្ខទោសដល់គេ តែស្របពេលជាមួយគ្នានោះដែរអ្នកមានចិត្តគិតហិង្សាចំពោះគេ នោះគឺមិនមានប្រសិទ្ធិភាពទេ។ បើដូច្នេះយើងត្រូវយល់អំពីភាពហិង្សាផ្លូវចិត្ត និងត្រូវសិក្សាអំពីវិធីសាស្រ្តដើម្បីយកឈ្នះលើភាពហិង្សានេះឲ្យបាន។ 

Top