មនុស្សគ្រប់រូបមានឧបករណ៍ជាគ្រឹះសំរាប់បដិបត្តិ ដើម្បីចម្រើនពុទ្ធិចិត្តឲ្យកើតឡើង
«Bodhichitta»(ពុទ្ធិចិត្ត) គឺជាពាក្យសំស្រ្កឹត មិនមែនជាសព្ទដែលងាយស្រួលបកប្រែទេ។ «Chitta»(ចិត្ត) ជាសព្ទទីពីរនៃពាក្យនេះមានអត្ថន័យថាជា «ចិត្ត»។ ប៉ុន្តែនៅពេលយើងនិយាយអំពីចិត្តនៅក្នុងពុទ្ធសាសនា គឺយើងនិយាយសំដៅលើន័យពីរគឺសំដៅដល់ចិត្តផង និងបេះដូងរបស់ខ្លួនផង។ ទាំងពីរនេះគ្មានលក្ខណៈខុសគ្នាអ្វីទេនៅក្នុងពុទ្ធសាសនា តែនៅក្នុងការគិតនិងទស្សនៈបស្ចឹមប្រទេសវិញគឺខុសគ្នា។ បើដូច្នេះមានន័យថា យើងមិនមែនគ្រាន់តែអភិវឌ្ឍខាងផ្នែកសតិបញ្ញារបស់ខ្លួនតែម៉្យាងទេ - ពោលគឺសំដៅលើកត្តាហេតុផលខាងផ្លូវចិត្ត - ការសមាធិ និងការយល់ដឹងត្រូវជាដើម។ ប៉ុន្តែលើសពីនេះទៅទៀត យើងចាំបាច់ត្រូវតែអភិវឌ្ឍចម្រើននូវទឹកចិត្ត(Heart បេះដូង) ពោលគឺផ្នែកអារម្មណ៍របស់ខ្លួន ដើម្បីឲ្យមនុស្សគ្រប់រូបគេទាំងអស់គ្នាអាចឈានទៅសម្រេចនូវសព្ទទីពីរនៃពាក្យគឺ៖ «ពុទ្ធិ»នេះបាន។
ហើយពាក្យថា«ពុទ្ធិ»សំដៅដល់ការរីកចម្រើននិងចេះដឹងខ្ពស់បំផុតនិងភាពបរិសុទ្ធិ។ បើដូច្នេះពាក្យថាភាពបរិសុទ្ធិនៅត្រង់នេះគឺមានអត្ថន័យថាគ្មានឧបសគ្គ ឬគ្មានគ្រឿងសៅហ្មងណាមករារាំងតាមផ្លូវកាយឬផ្លូវចិត្តទៀតទេ ហើយក៍មានអត្ថន័យថាខ្លួនបានកម្ចាត់បង់នូវរាល់មោហៈ និងទទួលបានការយល់ដឹងត្រូវនិងសមាធិពិតប្រាកដ។ ហើយពាក្យថាភាពបរិសុទ្ធិនៅទីនេះ បើនិយាយអំពីផ្លូវអារម្មណ៍វិញគឺខ្លួនបានកម្ចាត់បង់រាល់ពពួកកិលេសឲ្យអស់ពីសន្តានហើយ។ ពពួកអារម្មណ៍រំខានសៅហ្មងទាំងអស់នោះ(កិលេស)រួមមាន ទោសៈ លោភៈ ឧបាទាន ភាពអាត្មានិយម អួតអាង ប្រចណ្ឌច្រណែននិងអវិជ្ជាជាដើម បើនិយាយទៅគឺច្រើនរាប់មិនអស់ទេ។ ពួកវាទាំងអស់នេះហើយជាអ្នកបង្កបញ្ហានៅក្នុងជីវិតរបស់យើង។ ដូចនេះអ្វីដែលយើងផ្តោតគោលដៅបដិបត្តិគឺ (ជាមួយនឹងចិត្តនិងបេះដូងឬទឹកចិត្ត) សំដៅដល់ការបដិបត្តិកម្ចាត់បង់ពពួកអារម្មណ៍ដែលបង្កបញ្ហាទាំងអស់នោះចោលឲ្យអស់ពីសន្តានរបស់ខ្លួន។
អត្ថន័យផ្សេងទៀតនៃពាក្យនេះ ពាក្យថា«ពុទ្ធិ»នេះគឺមានន័យថា «ភាពរីកចម្រើន»(ប្រាជ្ញា ការយល់ដឹង) ហើយត្រង់នេះសបញ្ជាក់ឲ្យយើងឃើញថាមនុស្សគ្រប់រូបគេមានឧបករណ៍ជាគ្រឹះដើម្បីប្រតិបត្តិ - គឺឋិតនៅក្នុងខ្លួនយើងនេះឯង៖ ពោលមនុស្សគ្រប់រូបគេមានតួខ្លួនប្រាណ មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង មានសមត្ថភាពដើម្បីធ្វើ ធ្វើកិច្ចអ្វីមួយជាដើម។ មនុស្សគ្រប់រូបគេមានចិត្តគ្រប់គ្នា (ជាសមត្ថភាពដើម្បីយល់) និងទឹកចិត្ត(បេះដូង) (អារម្មណ៍ ជាសមត្ថភាពដឹងនិងយល់ចិត្តគេ) និងប្រាជ្ញា (ជាសមត្ថភាពដឹងថាអ្វីជាប្រយោជន៍ និងអ្វីជាទុក្ខទោស)។
បើដូចនេះយើងគ្រប់រូបមានកត្តា និងគុណភាពល្អៗទាំងអស់នេះនៅក្នុងខ្លួនស្រាប់ ហើយអាការយកវាទៅប្រើដើម្បីអ្វីនោះគឺអាស្រ័យលើខ្លួនយើងទាំងស្រុង។ យើងអាចប្រើប្រាស់វាដើម្បីបង្កបញ្ហាដល់ខ្លួនឯង ដល់គេ តាមរយៈការប្រព្រឹត្តតាមផ្លូវកាយវាចាចិត្តរបស់ខ្លួន។ ឬក៍យើងអាចប្រើប្រាស់វាដើម្បីផ្តល់ជាប្រយោជន៍ដល់ខ្លួននិងដល់គេ។ ប្រសិនបើការប្រព្រឹត្តរបស់ខ្លួនតាមរយៈផ្លូវកាយវាចាចិត្តនេះឋិតនៅក្រោមឥទ្ធិពលនៃកិលេស(ពពួកអារម្មណ៍រំខានសៅហ្មង) និងមោហៈ នោះជាក់ស្តែងណាស់ថាវានឹងបង្កជាបញ្ហាផ្សេងៗ។ នៅពេលណាខ្លួនប្រព្រឹត្តធ្វើនៅក្រោមឥទ្ធិពលនៃទោសៈ(ខឹង) ខ្លួននឹងមានវិប្បដិសារីចំពោះទង្វើនោះនៅពេលក្រោយជានិច្ច មែនអត់? នៅពេលយើងប្រព្រឹត្តធ្វើដោយចិត្តអាត្មានិយម ទង្វើនោះនឹងបង្កជាបញ្ហាជានិច្ច ហើយគ្មានបុគ្គលណាម្នាក់គេចូលចិត្តមនុស្សអាត្មានិយមទេ។
ទិដ្ឋភាពមួយទៀតគឺថាប្រសិនបើយើងប្រព្រឹត្តល្អតាមកាយវាចាចិត្ត ពោលតាមរយៈទឹកចិត្តករុណា មេត្តា និងចេះគិតដល់គេ នោះយើងនឹងមើលឃើញថាទង្វើនោះនាំមកនូវសេចក្តីសុខ និងភាពបីតិនៅក្នុងជីវិតកាន់តែប្រសើរ៖ ពោលគឺអ្នកផងទាំងពួងគេចូលចិត្តយើង ហើយវាផ្តល់ប្រយោជន៍ដល់គេ។ យើងអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងទំនាក់ទំនងខ្លួនជាមួយនឹងមិត្តរបស់ខ្លួនជាដើម។ ឧបមាថា ប្រសិនបើយើងឧស្សាហ៍និយាយរិះគន់គេ មានចិត្តទោសៈចំពោះគេ នោះគ្មាននរណាម្នាក់គេចង់នៅជាមួយខ្លួនទេ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើយើងមានចិត្តល្អចំពោះគេ ពិតណាស់គេច្បាស់ជារីករាយជាមួយនឹងវត្តមានរបស់យើង។ យើងអាចមើលឃើញចំណុចនេះ សូម្បីតាមរយៈនៃការចិញ្ចឹមបីបាច់ថែរក្សាសត្វឆ្កែនិងឆ្មា៖ គឺពួកវាក៍មិនចូលចិត្តឳ្យយើងស្រែកសំឡុតដាក់វាដែរ ពួកវាចង់ឳយយើងមើលថែវាឳយបានល្អ។ បើដូចនេះគ្រឿងសំភារៈសំរាប់បដិបត្តិដែលខ្លួនមានស្រាប់នេះអាចរីកចម្រើនបាន ពោលយើងអាចអភិវឌ្ឍវាឳយកាន់តែរីកចម្រើនឡើង។
បើដូចនេះពាក្យថាពុទ្ធិចិត្តនៅទីនេះគឺសំដៅដល់សភាពនៃ - ស្ថានភាពមួយ ឬលក្ខខណ្ឌមួយ - នៃចិត្ត និងទឹកចិត្ត(បេះដូង)របស់ខ្លួន ដែលធ្វើការបដិបត្តិផ្តោតលើសភាវៈនៃពុទ្ធិនេះ។ ពោលគឺការបដិបត្តិផ្តោតសំខាន់ដើម្បីកម្ចាត់បង់រាល់បញ្ហា រាល់ពពួកអារម្មណ៍ដែលបង្គបញ្ហា(កិលេស) នៅក្នុងខ្លួននេះឲ្យវិនាស់សាបសូន្យទៅពីសន្តាន និងដើម្បីឳយគុណធម៌ផ្សេងៗចាប់ផ្តើតរីកចម្រើនពេញលេញឡើងនៅក្នុងសន្តានរបស់ខ្លួនតាមតែអាចធ្វើទៅបាន។ នេះគឺជាកិច្ចវិសាមញ្ញមួយ - ជាសភាពនៃចិត្ត - ដែលខ្លួនប្រាថ្នាចង់បាន។
ហើយសភាពនៃចិត្តនោះគឺកើតឡើងតាមរយៈនៃពពួកអារម្មណ៍ជាសកុសល(វិជ្ជមាន) តើពពួកអារម្មណ៍ជាកុសលនោះជាអ្វី? យើងមិនមែនគ្រាន់តែសំដៅទៅរកសភាពនៃចិត្តនេះ ដោយសារតែវាមានលក្ខណៈខ្ពស់ជាងគេជាងឯងទេ ហើយអញប្រាថ្នាចង់ឲ្យខ្លួនអញខ្ពស់ជាងគេ(ខាងផ្នែកសតិប្រាជ្ញានិងអារម្មណ៍) បែបនេះក៍ទេដែរ។ ហើយក៍មិនមែនដោយសារអញចង់ក្លាយជាមនុស្សដែលមានក្តីសុខបំផុតនោះក៍ទេដែរ ប៉ុន្តែដោយហេតុថា ខ្លួនគិតដល់មនុស្សគ្រប់រូប គិតដល់សព្វសត្វៈលោកទាំងអស់នៅក្នុងភពផែនដីនេះ៖ មានទាំងមនុស្ស ទាំងសត្វ និងអ្វីផ្សេងទៀតក្តី។ ហើយយើងយល់ឃើញទៀតថា គេគ្រប់គ្នាគឺស្មើភាពគ្នាទាំងអស់ នៅក្នុងន័យថា មនុស្ស សត្វគ្រប់រូបគេគ្រប់គ្នាប្រាថ្នាចង់បានក្តីសុខ គ្មាននរណាម្នាក់គេចង់បានទុក្ខទេ។ ចំណុចនេះគឺពិតជាត្រឹមត្រូវ សម្បីតែសត្វ មែនទេ? ហើយមនុស្សគ្រប់រូបគេបានខិតខំព្យាយាមតាមវិធីរបស់ខ្លួនរៀងៗខ្លួនដើម្បីឲ្យក្តីសុខកើតឡើងដល់គេ និងដល់មនុស្សជាទីស្រលាញ់របស់គេ។ ប៉ុន្តែជារឿងអកុសល មនុស្សភាគច្រើនគេមិនដឹងថាវិធីអ្វីដែលអាចញ៉ាំងឲ្យក្តីសុខកើតឡើងទេ ហើយខ្លួនបានព្យាយាមតាមវិធីជាច្រើន ហើយជារឿយៗវាបង្កើតតែបញ្ហាជាជាងក្តីសុខ។ យើងទិញកាដូល្អដើម្បី ជូននរណាម្នាក់ តែគេមិនចូលចិត្តកាដូនោះទេ គឺសាមញ្ញបំផុតបែបនេះ គឺពិបាកតម្រូវចិត្តមនុស្សគ្រប់គ្នាណាស់ មែនទេ? ប៉ុន្តែនៅក្នុងករណីណាក៍ដោយក្តី យើងត្រូវតែព្យាយាម កុំបោះបង់ចោល។
ផ្តោតគោលដៅទៅរកការត្រាស់ដឹង ដោយមានបំណងធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប
ពិតណាស់អ្វីដែលមានសារៈសំខាន់បំផុតគឺចេតនាឬបំណងរបស់ខ្លួន យើងប្រាថ្នាចង់ជួយគេ៖ តើវាជារឿងដែលអស្ចារ្យប៉ុណ្ណាទៅ បើសិនមនុស្សគ្រប់រូបគេរួចចាកផុតពីបញ្ហា និងរួចចាកផុតពីហេតុពិតនៃបញ្ហារបស់ខ្លួន។ នោះហើយគឺជាអត្ថន័យនៃមេត្តាធម៌ មេត្តាធម៌ជាក្តីប្រាថ្នាឳយគេរួចចាកផុតពីកងទុក្ខនិងរួចចាកផុតពីហេតុពិតនៃទុក្ខនោះ។
ហើយតើវាអស្ចារ្យប៉ុណ្ណាបើសិនមនុស្សគ្រប់រូបគេមានក្តីសុខ និងមានហេតុពិតនៃក្តីសុខ នោះហើយគឺជាអត្ថន័យនៃករុណាធម៌នៅក្នុងពុទ្ធសាសនា។ ទឹកចិត្តករុណាគឺមិនប្រាថ្នាចង់បានអ្វីត្រឡប់មកវិញទេ មិនមែនថា «ខ្ញុំស្រលាញ់អ្នកលុះត្រាណាតែអ្នកស្រលាញ់ខ្ញុំ»។ វាក៍មិនអាស្រ័យលើថាតើគេជាមនុស្សបែបណា គេប្រព្រឹត្តយ៉ាងណានោះក៍ទេដែរ មិនមែនថា«ខ្ញុំស្រលាញ់អ្នក បើសិនអ្នកជាប្រុសល្អ ឬជាស្រីល្អ បើសិនអ្នកជាមនុស្សខូច នោះខ្ញុំមិនស្រលាញ់អ្នកទៀតទេ»។ មិនសំខាន់ថាគេជាមនុស្សបែបណា ប្រព្រឹត្តយ៉ាងណានោះទេ។ ខ្លឹមសារសំខាន់បំផុតនៅទីនេះគឺថា ពិតជារឿងដែលល្អអស្ចារ្យណាស់ បើមនុស្សគ្រប់រូបគេមានក្តីសុខ។ បើដូចនេះនោះហើយគឺជាករុណាធម៌។
ហើយថាតើវាល្អអស្ចារ្យយ៉ាងណាបើសិនខ្លួនអាចបំពេញកិច្ចអ្វីមួយដើម្បីញ៉ាំងឲ្យក្តីសុខនោះកើតឡើងដល់មនុស្សគ្រប់រូប និងជួយគេកម្ចាត់បង់ទុក្ខរបស់គេបាន។ រឿងពិបាកៗទាំងអស់នេះដែលយើងជួបប្រទះនៅក្នុងជីវិត ពោលដូចជាការគិតថា អញជាមនុស្សដែលនៅមានដែនកំណត់នៅឡើយ អញនៅមានមោហៈ នៅមានកិលេស អញជាមនុស្សខ្ជិល មានបញ្ហាក្នុងការស្វែងរកការងារធ្វើ និងស្វែងរកដៃគូជីវិតអីហ្នឹងជាដើម។ ក៍ប៉ុន្តែបើសិនខ្ញុំអាចឈានដល់សភាវៈនេះ ជាសភាវៈដែលបញ្ហានិងទុក្ខត្រូវបានលុបបំបាត់ ហើយបើសិនខ្ញុំឈានដល់សក្តានុពលពេញលេញរបស់ខ្លួន នោះខ្ញុំច្បាស់ជាឋិតនៅក្នុងជំហមួយដ៍ប្រសើរបំផុតក្នុងការជួយដល់គេគ្រប់គ្នា។
បើដូចនេះចេតនាឬបំណងនៅទីនេះ (ពុទ្ធិចិត្ត) គឺថាយើងផ្តោតបំណងទៅរកសភាពអនាគតរបស់ខ្លួន ជាអ្វីដែលគេហៅថា «ការត្រាស់ដឹង» ដោយមានចេតនាខិតខំព្យាយាឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យខ្លួនអាចឈានដល់កំរិតនេះ និងដោយមានបំណងដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប នៅលើមាគ៌ាឆ្ពោះទៅរកការត្រាស់ដឹងរបស់ខ្លួន។
ឥឡូវនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនេះអាចក្លាយជាអាទិទេពដែលមានឫទ្ធិអំណាចគ្រប់ប្រការទេ គឺមិនអាចទៅរួចទេ។ ប្រសិនបើអាចទៅរួច នោះគ្មាននរណាម្នាក់គេទទួលរងទុក្ខអីទៀតហើយ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺត្រូវខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។ ហើយគេក៍ត្រូវបើកចិត្តដើម្បីឲ្យគេជួយដល់ខ្លួនដែរ។ បើសូម្បីយើងអាចធ្វើការពន្យល់យ៉ាងក្បោះក្បាយដល់គេយ៉ាងណា តែគេត្រូវតែយល់ដោយខ្លួនឯង ពោលយើងមិនអាចយល់ជំនួសគេបានទេ តើអាចទេ? យើងអាចផ្តល់ដំបូន្មានល្អៗដល់គេ តែគេជាអ្នកដែលត្រូវទទួល។
បើដូចនេះនោះគឺជាអ្វីដែលយើងផ្តោតសំខាន់ គឺឋិតនៅក្នុងសភាពមួយដែលខ្លួនអាចជួយដល់គេបាន ប៉ុន្តែត្រូវជួយដោយមានការគិតប្រាកដនិយមថា - និងការយល់ដឹងត្រូវ - ការជួយនោះមានប្រសិទ្ធិភាពឬអត់គឺអាស្រ័យលើការខិតខំរបស់គេផ្ទាល់។ ប៉ុន្តែប្រសិនបើយើងអាចឈានដល់សភាពដែលចិត្តខ្លួនលែងមានមោហៈ នោះយើងនឹងមានការយល់ដឹងត្រឹមត្រូវ អំពីវិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុត ដើម្បីជួយដល់គេ យើងអាចយល់បានច្បាស់ថាតើមានកត្តាអ្វីពាក់ព័ន្ធខ្លះនៅក្នុងស្ថានភាពរបស់គេបច្ចុប្បន្ន។
យើងជាមនុស្សនេះគឺត្រូវបានប៉ះពាល់ដោយរឿងរ៉ាវជាច្រើន រឿងរ៉ាវគ្រួសារ មិត្តភក្តិ សង្គមដែលខ្លួនរស់នៅ និងសម័យកាលដែលខ្លួនរស់នៅ៖ ពេលខ្លះមានសង្គ្រាម មានវិបត្តិសេដ្ឋកិច្ច ហើយពេលខ្លះទៀតក៍មានភាពសម្បូរសប្បាយ រឿងទាំងអស់នេះគឺប៉ះពាល់ដល់យើងគ្រប់គ្នា។ ពុទ្ធសាសនាសំដែង(បង្រៀន)អំពីអតីតនិងអនាគតជាតិ ហើយបើយោងតាមទស្សនៈនោះ យើងត្រូវបានប៉ះពាល់ និងទទួលរងផលពីអតីតជាតិរបស់ខ្លួនផងដែរ។ បើដូចនេះប្រសិនបើយើងប្រាថ្នាជួយដល់បុគ្គលណាម្នាក់ បើខ្លួនពិតជាចង់ផ្តល់ដំបូន្មានល្អៗដល់គេ យើងត្រូវតែស្គាល់គេឲ្យបានច្បាស់ ត្រូវយល់ពីគេ - ត្រូវដឹងអំពីបញ្ហានិងកិច្ចអ្វីផ្សេងៗ ដែលជះឥទ្ធិពលដល់ឥរិយាបថរបស់គេ របៀបនៃការប្រព្រឹត្ត និងការគិតរបស់គេជាដើម -គឺមានន័យថាខ្លួនត្រូវតែមានចំណាប់អារម្មណ៍ពិតៗចំពោះគេ យកចិត្តទុកដាក់ស្តាប់គេ។
ខ្ញុំគិតថាអ្នកអាចយល់បានយ៉ាងស្រួល បើអ្នកគិតដល់ទំនាកទំនងខ្លួនទៅវិញទៅមក បើសិនអ្នកឋិតនៅជាមួយមិត្តភក្តិម្នាក់ ហើយអ្នកមិនចាប់អារម្មណ៍នឹងគេ និយាយអំពីខ្លួនឯងតែម៉្យាង នោះបានសេចក្តីថាអ្នកដឹងតិចតួចណាស់ពីគេ។ បើសិនអ្នកមិនយកចិត្តទុកដាក់ស្តាប់ ឬប្រាស្រ័យទាក់ទងជាមួយមិត្តអ្នកទេ ឧបមាថា នៅពេលអ្នកឋិតនៅជាមួយគេ តែអ្នកបែរជាចុចសរសេរផ្ញើសារទៅកាន់មនុស្សផ្សេងទៀត ហើយលែងតែទូរសព្ទ នោះបានសេចក្តីថាអ្នកមិនយកចិត្តទុកដាក់ចំពោះមិត្តដែលខ្លួនកំពុងតែជួបនេះទេ - ប្រហែលជាខ្លួនក៍មើលមិនដឹងដែរថាគេ អន់ចិត្ត មិនសប្បាយនឹងខ្លួន ដោយសារខ្លួនមិនយកចិត្តទុកដាក់នឹងគេ។ ដូច្នេះបើសិនយើងពិតជាចង់ជួយដល់នរណាម្នាក់ អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់គេ ត្រូវមានចំណាប់អារម្មណ៍ចំពោះគេ ត្រូវសម្គាល់ថាមានអ្វីកើតឡើង គេនិយាយអំពីអ្វី ហើយត្រូវឆ្លើយតបទៅគេវិញ ដូចដែរខ្លួនចង់ឲ្យគេស្តាប់ និងមានចំណាប់អារម្មណ៍ចំពោះខ្លួនដែរ។
ការយល់អំពីភាពស្មើគ្នារវាងខ្លួនឯងនិងគេ
អ្នកឃើញទេ រឿងទាំងអស់នេះគឺអាស្រ័យលើការយល់ដឹងអំពីភាពស្មើគ្នារវាងយើងនិងគេ។ មនុស្សគ្រប់រូបគេមានអារម្មណ៍ ដូចខ្លួនយើងដែរ មនុស្សគ្រប់រូបចង់ឲ្យគេចាត់ទុកខ្លួនជាមនុស្សសាច់ការ ដូចខ្លួនយើងដែរ។ បើអញបដិសេធ ធ្វើមិនដឹងមិនឮចំពោះគេ គេច្បាស់ជាមានអារម្មណ៍មិនល្អទេ ដូចយើងដែរ។ មនុស្សគ្រប់រូបចង់ឲ្យគេចូលចិត្តខ្លួន ដូចយើងដែរ គ្មាននរណាម្នាក់ចង់ឲ្យគេបដិសេធខ្លួនទេ ដូចយើងដែរ។ ត្រង់នេះគឺថាយើងជាមនុស្សនេះគឺមានភាពជាប់ទាក់ទងគ្នាទៅវិញទៅមក យើងឋិតនៅទីនេះជាមួយគ្នា។
ពេលខ្លះគេប្រើប្រាស់ឧទាហរណ៍តូចមួយ និងមានលក្ខណៈកំប្លុងកំប្លែងដើម្បីបង្ហាញ៖ ចូរអ្នកស្រមៃថាខ្លួនឋិតនៅក្នុងជណ្តើរយន្តជាមួយមនុស្សដប់នាក់ផ្សេងទៀត ហើយជណ្តើរយន្តស្រាប់តែគាំងមិនដំណើរការ ដែលធ្វើឲ្យអ្នកជាប់គាំងនៅក្នុងជណ្តើរយន្តនោះពេញមួយថ្ងៃជាមួយមនុស្សដប់នាក់នោះ។ តើអ្នកប្រាស្រ័យទាក់ទងជាមួយគេដោយរបៀបណា? បើសិនអ្នកគិតតែពីខ្លួនឯង អញ អញ អញ មិនគិតពីគេដែលឋិតនៅក្នុងទីដ៍ចង្អៀតនេះ នោះច្បាស់ជាមានការរកាំចិត្ត និងជម្លោះមិនខាន ហើយវានឹងក្លាយទៅជាពេលវេលាដ៍ទោមនស្សបំផុតមួយ។ ប៉ុន្តែដោយប្រការណាមួយនោះ អ្នកស្រាប់តែយល់ឃើញថា៖ «យើងជាប់គាំងនៅក្នុងស្ថានភាពដូចគ្នា ត្រូវតែគិតអំពីគ្នាទៅវិញទៅមក ថាតើត្រូវសហការគ្នាយ៉ាងណាដើម្បីឲ្យខ្លួនអាចរួចផុតពីគ្រោះថ្នាក់នេះបាន» បើទោះបីជាការជាប់គាំងនៅក្នុងជណ្តើរយន្តនេះគឺជារឿងដែលមិនមែនជាទីសោមនស្សយ៉ាងណាក្តី តែយើងអាចគ្រប់គ្រងស្ថានការណ៍នោះបាន។
ប្រសិនបើយើងពង្រីកឧទាហរណ៍ឲ្យធំ៖ បើសិនយើងជាប់គាំងនៅក្នុងផែនដីនេះទាំងអស់គ្នា ដូចជាប់គាំងនៅក្នុងជណ្តើរយន្តនោះអីចឹង ហើយបើសិនយើងមិនសហការគ្នាទេ នោះច្បាស់ក្លាយជារឿងដែលវេទនាមិនខាន ដោយសារថាមនុស្សគ្រប់រូបគេឋិតនៅក្នុងស្ថានភាពតែមួយដូចគ្នា។ ហើយវិធីដែលខ្លួនប្រព្រឹត្តចំពោះគេ មិនចំពោះតែមនុស្សដប់នាក់ដែលជាប់គាំងនៅក្នុងជណ្តើរយន្ត ឬចំពោះមនុស្សគ្រប់រូបនៅលើផែនដីនេះ គឺវានៅតែប៉ះពាល់ដល់មនុស្សគ្រប់រូបទាំងអស់។ ដោយសារតែហេតុនេះ វាគឺជារឿងដែលល្អប្រសើរ ដែលខ្លួនត្រូវចូលរួមសហការជាមួយមនុស្សគ្រប់រូបនៅលើភពផែនដីនេះ។ ជាជាងគិតតែខ្លួនឯងតែម៉្យាងថា «តើអញគេចចេញពីស្ថានភាពជាប់គាំងដ៍អាក្រក់បំផុតនេះបានដោយរបៀបណា?» តែត្រូវគិតថា៖ «តើយើងគ្រប់គ្នាចេញពីស្ថានភាពដ៍អាក្រក់នេះបានដោយរបៀបណា?» បើដូចនេះគឺដូចគ្នានៅក្នុងជីវិតពិតដែរ មិនមែននៅត្រឹមតែរឿងឧទាហរណ៍ជណ្តើរយន្តគាំងនេះទេ។
តើខ្ញុំអាចគិតយ៉ាងណាចំពោះការដោះស្រាយជាមួយនឹងបញ្ហារបស់ខ្លួនផ្ទាល់(ដោយសារថាគ្មានអ្វីពិសេសអំពីខ្លួននេះទេ ខ្ញុំគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលជាប់គាំងនៅក្នុងជណ្តើរយន្តនោះតែប៉ុណ្ណោះ?) ជាក់ស្តែងបញ្ហាគឺមិនមែនជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំតែម្នាក់ទេ៖ គឺជាបញ្ហារបស់មនុស្សគ្រប់រូប។ ចូរអ្នកត្រូវចាំថា យើងកំពុងតែនិយាយអំពីបញ្ហាទោសៈ ការគិតអាត្មានិយម លោភៈ និងអវិជ្ជាជាដើម គឺប្រភេទបញ្ហាទាំងអស់នេះ។ ទាំងអស់នេះគឺជាបញ្ហារបស់មនុស្សគ្រប់រូប មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ផ្តាច់មុខទេ។
ពង្រីកចិត្តគំនិតរបស់ខ្លួនដល់សព្វសត្វ និងដល់គ្រប់ជីវិតទាំងអស់
ដោយសារតែរឿងទាំងអស់នេះបានជាយើងលើកឡើងអំពីពុទ្ធិចិត្ត ពោលគឺយើងកំពុងតែនិយាយអំពីប្រភេទចិត្ត និងអារម្មណ៍ជាសកល។ យើងកំពុងតែគិតដល់មនុស្សគ្រប់រូប គ្មានបក្សពួកនិយមទេ ហើយក៍មិនទុកចោលសត្វណាមួយដែរ។ នេះគឺជាសភាពនៃមនោដ៍ធំមហិមា។ បើដូចនេះនៅពេលយើងនិយាយអំពីការពង្រីកចិត្តរបស់ខ្លួន គឺយើងសំដៅទៅរកការពង្រីកឲ្យធំបែបនេះ។ យើងគិតដល់សព្វសត្វទាំងអស់ មិនមែនគិតដល់តែមនុស្សដែលរស់នៅលើភពផែនដីនេះម៉្យាងទេ តែគ្រប់ជីវិតទាំងអស់ដែលមាននៅលើផែនដីនេះ នៅលើចក្រវាឡទាំងមូលនេះ។ ឧបមាថាបើសិនយើងគិតដល់ភាពសឹករិចរិលនៃបរិឋាន - ដែលប្រការនេះមិនត្រឹមតែមានផលប៉ះពាល់ដល់មនុស្សដែលរស់នៅក្នុងបរិឋាននេះតែប៉ុណ្ណោះទេ តែវាក៍ប៉ះពាល់ដល់ជីវិតសត្វទាំងអស់ផងដែរ មែនទេ?
បើដូចនេះយើងមានមនុស្សសត្វដែលមានចំនួនយ៉ាងច្រើន ដែលខ្លួនកំពុងតែគិតខ្វល់ និងគិតអំពីដំណោះស្រាយដែលមានរយៈពេលវែង មិនមែនដំណោះស្រាយដែលមានរយៈពេលខ្លី មួយភ្លេតៗនោះទេ។ ហើយយើងគិតនៅក្នុងន័យនៃសក្តានុពលរបស់ខ្លួន គិតដល់ការសម្រេចបាននូវការយល់ដឹងយ៉ាងទូលំទូលាយរបស់ខ្លួន។
ដូចដែលខ្ញុំបានលើកឡើងហើយថាវាអាស្រ័យលើការគោរពខ្លួនឯង។ យើងទទួលស្គាល់ថាខ្លួនមានគ្រឿងសំភារៈឬឧបករណ៍ដើម្បីបដិបត្តិ ដើម្បីឲ្យខ្លួនអាចសម្រេចសភាពនៃមនោនេះបាន ដូច្នេះមនុស្សគ្រប់រូបក៍គេមានដែរ។ បើដូចនេះយើងត្រូវគោរពខ្លួនឯងនិងគេ យើងជាមនុស្សជាតិដូចគ្នា ប្រាថ្នាចង់បានក្តីសុខដូចគ្នា មិនចង់បានទុក្ខទេ។ គឺវាឋិតនៅលើអ្វីដែលយើងធ្វើ និងលើរបៀបដែលយើងដឹកនាំជីវិតរស់នៅរបស់ខ្លួន។
អភិវឌ្ឍសភាពនៃចិត្តនិងទម្លាប់ជាប្រយោជន៍តាមរយៈសមាធិ
ពុទ្ធសាសនាមានវិធីសាស្រ្តផ្សេងៗជាច្រើនដើម្បីអភិវឌ្ឍសភាពនៃចិត្តទាំងអស់នេះ ពុទ្ធសាសនាមិនមែននិយាយតែមាត់ថា «ចូរអ្នកត្រូវចេះស្រលាញ់មនុស្សគ្រប់រូប» តែម៉្យាង ហើយគ្មានធ្វើអ្វីសោះនោះទេ។ អាការនិយាយប្រាប់គេឲ្យចេះស្រលាញ់មនុស្សគ្រប់គ្នាគឺជារឿងដែលល្អ តែសំនួរសួរថា តើយើងធ្វើវាដោយរបៀបណា? សំរាប់កិច្ចនេះពុទ្ធសាសនាមានការបដិបត្តិសមាធិ បដិបត្តិសមាធិដើម្បីសាងទម្លាប់ដែលមានអត្ថប្រយោជន៍ ឧបមាថា បើសិនយើងចង់លែងកីឡា ឬចង់លែងឧបករណ៍តន្រ្តីណាមួយ យើងត្រូវតែអនុវត្តហើយអនុវត្តទៀត រហូតទាល់តែខ្លួនមានការស្ទាត់ជំនាញ។ យើងរៀនចេះចាំពីការអនុវត្ត ដែលធ្វើឲ្យយើងលែងកីឡាឬលែងឧបករណ៍តន្រីនោះបានយ៉ាងល្អដោយមិនចាំបាច់គិតពីវា។
យើងធ្វើដូចគ្នានៅពេលយើងហ្វឹកហាត់កែប្រែអត្តចរិតរបស់ខ្លួន នេះគឺជាអ្វីដែលយើងធ្វើ នៅក្នុងការបដិបត្តិសមាធិ។ យើងខិតខំព្យាយាមបដិបត្តិដើម្បីអភិវឌ្ឍឲ្យអារម្មណ៍មួយចំនួនខ្លះកើតឡើង ពោលគឺសភាពនៃចិត្តមួយចំនួនខ្លះ។ ដូចនៅពេលអ្នកហ្វឹកហាត់ដើម្បីកីឡាដូច្នោះដែរ៖ កិច្ចដំបូងអ្នកត្រូវតែកំដៅសាច់ដុំជាមុនសិន ទើបអ្នកអាចចាប់ផ្តើមលែងកីឡា បើដូច្នេះយើងហាត់កំដៅសាច់ដុំជាមួយនឹងចិត្តរបស់ខ្លួន។
ដើម្បីឲ្យខ្លួនអាចបង្កើតសភាពវិជ្ជមាននៃចិត្ត ដំបូងបំផុតយើងត្រូវធ្វើចិត្ត ធ្វើអារម្មណ៍ឲ្យត្រជាក់ សុខស្ងប់ ប្រសិនបើចិត្តនិងអារម្មណ៍របស់ខ្លួនត្រាច់ចរគ្រប់ទិសទី មិននឹងនទេ នោះយើងអាចធ្វើចិត្តខ្លួនឲ្យស្ងប់តាមរយៈនៃការផ្តោតលើខ្យល់ដង្ហើមដោយស្ងៀមស្ងាត់មិនបង្ខំ។ ពោលខ្យល់ដង្ហើមរបស់យើងគឺឋិតនៅជាមួយយើងគ្រប់ពេលទាំងអស់ ប្រសិនបើយើងផ្តោតលើវា វានឹងជួយយើងឲ្យមានចិត្តស្ងប់ និងមានដង្ហើមធម្មតា ជួយភ្ជាប់ទំនាក់ទំនងរវាងយើងនិងខ្លួនប្រាណរបស់យើង បើសិនចិត្តខ្លួន មិនឋិតនៅក្នុងខ្លួនទេ។ នេះគឺជាការកំដៅសាច់ដុំធម្មតា។
យើងត្រូវគិតអំពីគោលបំណងឬចេតនា ត្រូវសួរខ្លួនឯងថាហេតុអ្វីអញបដិបត្តិសមាធិ? នោះគឺជាផ្នែកមួយនៃការកំដៅសាច់ដុំដែរ ដូចនៅពេលដែលខ្លួនលែងកីឡាដែរ ឬនៅពេលខ្លួនលែងឧបករណ៍តន្រ្តីអ្វីមួយជាដើម ជាកិច្ចដែលសំខាន់ដែលគេត្រូវតែយល់និងពិនិត្យឡើងវិញឳយបានត្រឹមត្រូវ៖ «ហេតុអ្វីអញធ្វើកិច្ចនេះ?» បើសូម្បីខ្លួនធ្វើវាដើម្បីតែសប្បាយយ៉ាងណាក្តី តែយើងត្រូវតែរំលឹកខ្លួនឯងអំពីវា ដោយសារថាការបដិបត្តិ ឬការហ្វឹកហាត់គឺមានការលំបាកខ្លាំងណាស់។ បើដូចនេះយើងត្រូវតែរំលឹកដាស់តឿនខ្លួនឯងឡើងវិញអំពីហេតុផលដែលខ្លួនត្រូវសាងនូវចិត្ត និងទម្លាប់កុសល(វិជ្ជមាន)តាមរយៈសមាធិ។ ហេតុផលនោះគឺថាវានឹងជួយយើង ក្នុងការដោះស្រាយរាល់បញ្ហានានានៅក្នុងជីវិតបានកាន់តែប្រសើរឡើងថែមទៀត - ឧបមា៖ប្រសិនបើអញមិនខឹងងាយៗទេ ហើយបើអញខឹងគ្រប់ពេល នោះអញមិនអាចធ្វើជាប្រយោជន៍ដល់គេបានទេ ហើយបើអញគិតអត់ចិត្តនឹងគេគ្រប់ពេល នោះអញមិនអាចជួយដល់គេបានទេ។
បើដូច្នេះយើងធ្វើការកំដៅសាច់ដុំទាំងតាមរយៈចិត្តនិងអារម្មណ៍របស់ខ្លួនបែបនេះ។ បន្ទាប់មកការបដិបត្តិសមាធិពិតៗ៖ យើងប្រើប្រាស់ប្រភេទនៃការគិតប្រភេទខ្លះ ដើម្បីបង្កើតឬចម្រើននូវសភាពនៃចិត្តដែលខ្លួនប្រាថ្នាចង់បង្កើតវាឡើង។ ជារឿងសំខាន់បំផុតនៅពេលយើងធ្វើកិច្ចនេះ ដើម្បីភ្ជាប់វាទៅនឹងជីវិតពិតផ្ទាល់ខ្លួនរបស់យើង។ យើងមិនគិតស្រមៃអំពីទ្រឹស្តីអរូបីអ្វីទេ៖ យើងគិតអំពីវិធីសាស្រ្តដែលខ្លួនអាចប្រើប្រាស់ដើម្បីជួយខ្លួនបាននៅក្នុងជីវិតរបស់ខ្លួនពិតប្រាកដ។
ឧទាហរណ៍មួយ
ឧបមាថាមិត្តរបស់យើងម្នាក់គេប្រព្រឹត្តមិនជាទីសោមនស្សចំពោះយើង - ពោលគេបាននិយាយពាក្យសំដីឃោរឃៅណាមួយដាក់យើង ឬក៍ថាគេមិនបានខលមកលែងយើង គេធ្វើមិនដឹងមិនឮ ឬគេសើចចំអកដាក់យើងជាដើម។ ទាំងអស់នេះគឺជារឿងដែលមិនល្អ ហើយតែងកើតឡើងចំពោះមនុស្សគ្រប់រូបទាំងអស់ ហើយយើងបានប្រតិកម្មតបតវិញ ដោយមានអារម្មណ៍សោកសៅមិនល្អ ហើយខ្លួនក៍អន់ចិត្តនឹងគេ ជាពិសេសទៅទៀតបើសិនខ្លួនគិតថាគេជាមិត្ត ចុះហេតុអ្វីគេធ្វើបែបនេះដាក់ខ្លួនទៅវិញ។
យើងពិនិត្យការគិតនិងអារម្មណ៍របស់ខ្លួននោះនៅក្នុងការបដិបត្តិសមាធិ នៅពេលចិត្តខ្លួនចុះត្រជាក់បន្តិច តាមរយៈនៃការផ្តោតលើខ្យល់ដង្ហើម។ ហើយយើងធ្វើការរំលឹកខ្លួនឯងឡើងវិញថាមិត្ត ឬមិត្តរួមថ្នាក់របស់ខ្លួន - គេក៍ជាមនុស្សដូចយើងដែរ៖ គេចង់បានក្តីសុខ មិនចង់បានក្តីទុក្ខទេ។ ច្បាស់ជាមានអ្វីដែលធ្វើឲ្យគេមិនសប្បាយ អន់ចិត្តហើយ បានជាគេធ្វើរឿងមិនជាទីសោមនស្សដាក់អញបែបនេះ ឬក៍គេមានការភ័ន្តច្រឡំចំពោះខ្ញុំហើយមើលទៅ - គេមើលមិនឃើញនូវគុណតម្លៃរបស់ខ្ញុំ - ដូច្នេះបានជាគេមើលស្រាលនិងសើចចំអកដាក់ខ្ញុំបែបនេះ។ ការខឺងប្រទូស ការមានអារម្មណ៍បាក់ទឹកចិត្តដោយសារគេ - គឺមិនអាចជួយអ្វីបានទេ តែផ្ទុយទៅវិញខ្លួនត្រូវប្រាថ្នាឳ្យគេរួចផុតពីអ្វីក៍ដោយក្តីដែលធ្វើឲ្យគេមិនសប្បាយចិត្ត ដើម្បីឲ្យគេចាត់ទុកនិងប្រព្រឹត្តល្អចំពោះខ្ញុំ បែបនេះទាំងខ្ញុំនិងគេគឺសប្បាយចិត្តដូចគ្នា។
បើដូចនេះជាជាងខឹងនឹងគេ យើងត្រូវមានចិត្តករុណានិងមេត្តាចំពោះគេ៖ «ជាកិច្ចដ៍ប្រសើរបំផុតប្រសិនបើគេអាចរួចផុតពីអ្វីក៍ដោយក្តីដែលធ្វើឲ្យគេមិនសប្បាយចិត្ត សូមឲ្យគេបានក្តីសុខ ប្រសិនបើគេសុខ នោះគេនឹងមិនប្រព្រឹត្តទោមនស្សបែបនេះទេ។» បែបនេះយើងបានគិតករុណាចំពោះគេ ជាជាងគិតទោសៈតែម៉្យាង។ ត្រង់នេះជួយយើងឲ្យមានចិត្តខន្តីចំពោះស្ថានការណ៍របស់គេ ហើយប្រសិនបើយើងព្រឹត្ត តបតវិញដោយចិត្តសុខស្ងប់ ដោយចិត្តករុណា និងអធ្យាស្រ័យ នោះអាចជួយគេឲ្យគេមានចិត្តស្ងប់បានផងដែរ ហើយស្ថានការណ៍ក៍កាន់តែងាយស្រួលក្នុងការដោះស្រាយ។
កុំយកពាក្យសំដីសំរាម(ឥតប្រយោជន៍)ដែលគេនិយាយមកដាក់ក្នុងខ្លួន
នៅគ្រាមួយសម្មាសម្ពុទ្ធព្រះអង្គបានសួរទៅកាន់សាវ័កថា «ប្រសិនបើមានគេព្យាយាមឲ្យរបស់អ្វីមួយទៅអ្នក ហើយអ្នកមិនទទួលយករបស់នោះទេ តើរបស់នោះក្លាយជាកម្មសិទ្ធិរបស់នរណា?» ពិតណាស់របស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ បុគ្គលដែលកំពុងតែព្យាយាមឲ្យទៅអ្នក។ បើដូចនេះប្រសិនបើមានគេព្យាយាមផ្តល់ឲ្យអ្នកនូវ រឿងមិនល្អ អារម្មណ៍មិនល្អ ឬការរិះគន់ជាដើមក្តី ជារឿងសំខាន់ដែលយើងមិនត្រូវទទួលយកវាទេ។ នៅក្នុងន័យម៉្យាងទៀត ត្រូវមើល និងគិតថាវាគឺជាអ្វីដែលអាចធ្វើឲ្យគេអន់ចិត្ត មិនសប្បាយចិត្ត ពិតណាស់បើមានគេរិះគន់យើង នោះវាគឺជារឿងដែលមានប្រយោជន៍ដែលខ្លួនត្រូវពិនិត្យសង្កេតមើលចំពោះខ្លួនឯង ដើម្បីមើលឲ្យឃើញថា ប្រហែលគេចង្អុលបង្ហាញចំណុចអ្វីមួយដែលខ្លួនត្រូវកែលម្អហើយមើលទៅ។ ដូច្នេះមិនត្រូវធ្វើមិនដឹងមិនឮ ឬបដិសេធមិនព្រមទទួលទេ ហើយវាក៍ជារឿងសំខាន់ផងដែរ ដែលខ្លួនមិនត្រូវព្យាយាមចាប់យកពាក្យសំដីសំរាមទាំងអស់នោះ ដូចចាប់ប៉ាល់ នៅក្នុងការលែងប៉ាល់នោះទេ។
ពេលខ្លះយើងធ្វើបែបហ្នឹង មែនអត់? ពោលគឺយើងទទួលយកពាក្យសំដីអាក្រក់ៗណាក៍ដោយក្តី ដែលគេពោលមកកាន់ខ្លួន។ បើទោះបីជាកិច្ចនេះគឺជាកិច្ចដែលមិនមែនជារឿងងាយស្រួលធ្វើយ៉ាងណា តែយើងមិនត្រូវខំព្យាយាមទទួលយកអ្វីៗផ្សេងៗគ្រប់យ៉ាង មកដាក់ក្នុងខ្លួនទេ តែផ្ទុយទៅវិញត្រូវទទួលយកថា បញ្ហានោះ(ពាក្យសំដីអាក្រក់ៗនោះ)គឺចេញមកពីគេទេ។ នៅក្នុងន័យម៉្យាងទៀត ជាជាងគិតថាគេជាមនុស្សអាក្រក់ យើងត្រូវគិតថា៖ «ហ្អូច្បាស់ជាមានអ្វីដែលអ្វីឲ្យគេមិនសប្បាយចិត្តហើយមើលទៅ ច្បាស់ជាមានអ្វីទាស់ខុសនឹងគេហើយ។»
ប្រៀបដូចពេលដែលយើងមើលថែកូនក្មេងអាយុពីរឬបីឆ្នាំដូច្នោះដែរ ពោលគឺគេអស់កំលាំងខ្លាំងជ្រុលពេក ដែលធ្វើឲ្យគេមិនចង់ចូលគេង សូម្បីយើងនិយាយទៅកាន់គេថា «ដល់ពេលចូលគេងហើយ» ហើយគេខឹងនិងឆ្លើយតបមកយើងវិញថា «ខ្ញុំស្អប់អ្នកណាស់» តើយើងយកសំដីនោះមកដាក់ក្នុងខ្លួនទេ? ក្មេងនោះគេអស់កំលាំងជ្រុលពេក បើដូច្នេះយើងមិនត្រូវយកពាក្យសំដីដែលគេនិយាយមកដាក់ក្នុងខ្លួនទេ តែផ្ទុយទៅវិញ យើងត្រូវមានចិត្តខន្តី និងចិត្តករុណា ព្យាយាមធ្វើចិត្តគេឲ្យស្ងប់។
នៅក្នុងការបដិបត្តិសមាធិយើងព្យាយាមគិតដល់មនុស្សដែលបង្កបញ្ហាដល់ខ្លួន តាមរយៈចិត្តជាកុសលបែបនេះ ព្យាយាមចម្រើនខន្តីនិងក្តីករុណាឲ្យបានច្រើនទៅកាន់គេដែលគេឋិតនៅក្នុងស្ថានភាពលំបាក ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានេះបានកាន់តែប្រសើរនៅក្នុងជីវិតពិត។ នៅក្នុងន័យខ្លី សភាពនៃចិត្តដ៍អស្ចារ្យ ពោលគឺពុទ្ធិចិត្ត ជាអ្វីដែលយើងត្រូវចម្រើនប្រតិបត្តិឲ្យកើតឡើង ជាទំនួលខុសត្រូវក្នុងការជួយដល់គេ ឲ្យបានកាន់តែប្រសើរតាមតែខ្លួនអាចធ្វើទៅបាន តាមរយៈសមាធិនិងវិធីសាស្រ្តផ្សេងៗទៀត និងដើម្បីកម្ចាត់បង់រាល់បញ្ហារបស់ខ្លួន ដើម្បីឲ្យខ្លួនអាចសម្រេចបាននូវរាល់សក្តានុពលនានា។ ពីព្រោះថាប្រសិនបើយើងបដិបត្តិដើម្បីជួយដល់មនុស្សគ្រប់រូប ឲ្យគេទទួលបានក្តីសុខ នោះពិតណាស់ខ្លួនក៍នឹងក្លាយជាមនុស្សដែលមានក្តីសុខបំផុតម្នាក់ផងដែរ។ ប្រសិនបើអញគ្រាន់តែធ្វើកិច្ចដើម្បីតែសេចក្តីសុខខ្លួនអញតែម៉្យាង មិនគិតដល់គេ ឋិតនៅលើគំនរទុក្ខរបស់គេ នោះខ្លួននឹងទទួលរងទុក្ខពុំខាន។
ឥឡូវនេះពេលអ្នកនៅក្មេង នៅជាសិស្ស នេះជាពេលវេលាដ៍ល្អឥតខ្ចោះសំរាប់អ្នក ដើម្បីរៀនគោរពនូវរាល់សក្តានុពលនិងសមត្ថភាពរបស់ខ្លួន និងត្រូវដឹងថាខ្លួនមានគ្រឿងឬឧបករណ៍ដើម្បីបដិបត្តិជាស្រេច និងដើម្បីបង្កើតទិសដៅកុសល(វិជ្ជមាន)ជាជាងទិសដៅអកុសល ឬជាជាងគ្មានទិសដៅអ្វីសោះ។ យើងមិនមែនជាមនុស្សតែម្នាក់គត់ដែលរស់នៅលើភពផែនដីនេះទេ ឋិតនៅក្នុងយុគសម័យនៃព័ត៌មានវិទ្យា និងបណ្តាញសង្គមជាដើមនេះ យើងគ្រប់រូបគឺមានភាពជាប់ទាក់ទងគ្នាមិនដាច់។ ហើយយើងអាចបង្កើតវិធីសាស្រ្តដែលកាន់តែមានអត្ថប្រយោជន៍និងជាកុសល ដែលនឹងជះឥទ្ធិពលល្អដល់មនុស្សគ្រប់រូប។
នោះគឺជាខ្លឹមសារខ្លះៗស្តីអំពីពុទ្ធិចិត្ត ឥឡូវនេះយើងមានពេលវេលាខ្លះសំរាប់សំនួរ។
តើអ្វីទៅជា Love (ករុណាឬស្រលាញ់) បើយោងទៅតាមទស្សនពុទ្ធសាសនា
តើអ្នកអាចពន្យល់បន្ថែមទៀតអំពីពាក្យថាករុណាឬស្រលាញ់ (love) ដោយផ្អែកលើទស្សនពុទ្ធសាសនា ជាពិសេសនៅពេលពាក្យនេះឋិតនៅក្នុងទំនាក់ទំនងជីវិតជាគូរវាងស្រ្តីនិងបុរស?
នៅពេលយើងនិយាយអំពី love (ផ្លូវធម៌ថាករុណា ផ្លូវលោកថាក្តីស្រលាញ់) ដោយផ្អែកលើទស្សនពុទ្ធសាសនា ដូចដែលខ្ញុំបានលើកឡើងហើយថា ករុណាធម៌គឺជាក្តីប្រាថ្នាឲ្យគេមានក្តីសុខ និងមានហេតុពិតនៃសុខនោះ។ ត្រង់នេះគឺមានអត្ថន័យថាការទទួលយកគេ ទទួលយកទាំងចំណុចខ្សោយនិងចំណុចខ្លាំងរបស់គេផងដែរ។ ហើយក្តីប្រាថ្នារបស់ខ្លួន ឲ្យគេមានក្តីសុខ គឺមិនអាស្រ័យលើថាតើគេប្រព្រឹត្តចំពោះយើងយ៉ាងណាទេ។ មិនចំពោះថាគេបានធ្វើអ្វីដាក់យើងក៍ដោយក្តី តែយើងប្រាថ្នាចង់ឲ្យគេមានក្តីសុខ បើនោះសូម្បីតែការផ្តល់ឲ្យគេនូវពេលវេលាខ្លះក៍ដោយ។
ជារឿយៗក្តីស្រលាញ់គឺត្រូវបានលាយឡំជាមួយនឹងតណ្ហា(តណ្ហា ពេលខ្លួនមិនមានរបស់នោះ ហើយខ្លួនប្រាថ្នាចង់បានរបស់នោះមកនៅក្នុងដៃរបស់ខ្លួន)។ ហើយក៍អាចលាយឡំជាមួយនឹងចិត្តឧបាទាន(បើសូម្បីខ្លួនមានរបស់នោះនៅក្នុងដៃខ្លួនហើយយ៉ាងណា តែខ្លួនប្រកាន់មាំ មិនចង់ឲ្យវារបូតឬបាត់បង់ទៅវិញទេ) និងចិត្តលោភ (បើសូម្បីខ្លួនមានគេជាមិត្ត ជាមនុស្សដែលខ្លួនស្រលាញ់ យើងប្រាថ្នាចង់បានច្រើនថែមទៀត)។ ទាំងអស់នេះគឺផ្អែកលើតែការសំលឹងមើលលើតែភាពល្អរបស់គេតែម៉្យាង ហើយចាប់ផ្តើមគិតបំប៉ោងភាពល្អនោះឲ្យធំជ្រុលហួសប្រមាណ និងបដិសេធមិនព្រមទទួលស្គាល់ឬទទួលយកចំណុចអាក្រក់របស់គេ។ ហើយចំណុចល្អឬភាពល្អដែលគេមាន អាចថា គេចូលចិត្តអញ វាធ្វើឲ្យអញមានអារម្មណ៍ល្អនៅពេលអញឋិតនៅជាមួយគេ គេស្អាតសង្ហា គេសិចស៊ីអីហ្នឹងជាដើម។ ដូចនេះគឺយើងសំលឹងមើលជ្រុងតូចមួយរបស់គេតែប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនគិតថាវាសំខាន់ជាងអ្វីៗទាំងអស់ ដូច្នេះនេះគឺមិនមែនជាឥរិយាបថប្រាកដនិយមទេ។ គឺអាស្រ័យលើថាតើគេគិតនិងប្រព្រឹត្តចំពោះខ្លួនយ៉ាងណា តែម៉្យាងទេ៖ បើគេគិតល្អចំពោះខ្លួន នោះអញនឹងស្រាលាញ់គេ បើគេមិនគិតឬមិនប្រព្រឹត្តល្អចំពោះអញទេ នោះអញនឹងឈប់ស្រលាញ់គេទៀតហើយ។ នេះគឺមិនមែនជាប្រភេទករុណាឬក្តីស្រលាញ់ដែលមានតុល្យភាពពិតប្រាកដទេ។
ដូចដែលខ្ញុំបានលើកឡើងហើយថា ប្រភេទករុណាឬក្តីស្រលាញ់ដែលមានតុល្យភាព - ជាអ្វីដែលយើងលើកឡើងនៅក្នុងពុទ្ធសាសនា - គឺជាក្តីករុណាឬជាក្តីស្រលាញ់ដែលខ្លួនទទួលយកទាំងភាពល្អនិងភាពមិនល្អរបស់គេ ពីព្រោះថាមនុស្សម្នាក់ៗគេមានចំណុចល្អនិងចំណុចមិនល្អរៀងៗខ្លួន គ្មានបុគ្គលណាម្នាក់គេល្អគ្រប់ដប់ ឬល្អឥតខ្ចោះនោះទេ។ អ្នកឃើញទេ បញ្ហាពិតគឺថាមានមនុស្សច្រើននាក់ណាស់ ដែលគេកំពុងតែជឿលើរឿងព្រេងនិទានស្តីអំពីបុគ្គលល្អគ្រប់ដប់។ ពោលនៅក្នុងរឿងព្រេងនិទាន គេនិទានថាមានរាជបុត្រា ឬរាជបុត្រីដែលគង់នៅលើសេះស ជាបុគ្គលដែលល្អឥតខ្ចោះ។ ហើយយើងឧស្សាហ៍ព្យាយាមតាមស្វែងរករាជបុត្រាបុត្រីទាំងនោះ ហើយខ្លួនចាប់ផ្តើមស្រមៃគិតថាគេជាបុត្រាបុត្រីដែលខ្លួនស្រលាញ់ចាប់ចិត្តអីជាដើម។ ប៉ុន្តែជាអកុសល នោះគឺគ្រាន់តែជារឿងព្រេងនិទានតែប៉ុណ្ណោះ ពោលប្រៀបដូចជាលោកតាគ្រឹស្តម៉ាស៍អីចឹង គឺគ្មានអ្វីពិតទេ។
នោះគឺមិនមែនជារឿងសោមនស្សដែលត្រូវទទួលស្គាល់ទេ ពិតជាពិបាកទទួលយកបំផុត។ ហើយយើងមិនបោះបង់ចោលទេ៖ «ម្នាក់នេះមិនប្រែទៅជារាជបុត្រ ឬរាជបុត្រីអ្វីទេ ប៉ុន្តែប្រហែលអ្នកបន្ទាប់គេអាចជារាជបុត្រ ឬរាជបុត្រីហើយមើលទៅ។» ដរាបណាយើងរក្សាការគិតស្រមៃ និងស្វែងរករាជបុត្រឬរាជបុត្រីដែលគង់នៅលើសេះស ដរាបនោះទំនាក់ទំនងរបស់ខ្លួន ឬទំនាក់ទំនងជីវិតជាគូរបស់ខ្លួននឹងជួបនូវបញ្ហាពុំខាន ពីព្រោះថាគ្មានបុគ្គលណាម្នាក់គេអាចធ្វើខ្លួនជារាជបុត្រឬជារាជបុត្រី ជាដៃគូដែលល្អឥតខ្ចោះគ្រប់ដប់នោះរបស់ខ្លួនបានទេ។ ពោលយើងចាប់ផ្តើមខឹងនឹងគេ នៅពេលគេមិនធ្វើដូចជារាជបុត្រ ឬរាជបុត្រីទេ។ ពិតណាស់នោះមានន័យថាខ្លួន មិនទទួលស្គាល់សច្ចពិតថាគេគឺជាមនុស្សសាមញ្ញមួយរូបដូចខ្លួនដែរ ជាមនុស្សដែលមានចំណុចល្អនិងអាក្រក់។ បើដូចនេះក្តីស្រលាញ់ឬករុណាពិតប្រាកដនិងមានតុល្យភាព គឺអាស្រ័យលើការទទួលយកនូវសច្ចពិតនៃបុគ្គលនោះ។
ទិដ្ឋភាពពិតមួយទៀតនៃមនុស្សដែលយើងស្រលាញ់ ដែលយើងឧស្សាហ៍ភ្លេចគិត គឺថា យើងមិនមែនជាមនុស្ស ឬជាកិច្ចតែមួយគត់នៅក្នុងជីវិតគេទេ។ ជារឿយៗយើងភ្លេចគិតថា គេក៍មានជីវិតរបស់គេក្រៅពីយើងដែរ - គេមានមិត្តរបស់គេ គេមានគ្រួសាររបស់គេ និងគេមានការទទួលខុសត្រូវរបស់គេផ្សេងទៀត អញមិនមែនជាមនុស្សតែម្នាក់គត់នៅក្នុងជីវិតគេទេ។ បើដូចនេះវាគឺមិនមែនជារឿងសមហេតុសមផលទេ ដែលខ្លួនគិតច្រណែនប្រចណ្ឌ ឬអន់ចិត្តនឹងគេ នៅពេលគេចំណាយពេលវេលាជាមួយមនុស្សផ្សេង ឬធ្វើកិច្ចអ្វីផ្សេងនៅក្នុងជីវិតគេ។ ឧទាហរណ៍ នៅពេលគេមានអារម្មណ៍មិនល្អ មិនចង់នៅជាមួយខ្លួន គឺមិនមែនដោយសារមកពីខ្លួនទេ។ ខ្លួនមិនមែនជាហេតុពិតដែលជំរុញឲ្យគេប្រព្រឹត្តបែបនោះទេ ប្រសិនបើគេមានអារម្មណ៍មិនល្អ វាអាចបណ្តាលមកពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងគ្រួសារបស់គេ អាចបណ្តាលមកពីមិត្តណាមួយរបស់គេ អាចបណ្តាលមកពីគេឈឺ សរុបទៅអាចបណ្តាលមកពីរឿងច្រើនប្រការណាស់។ តើហេតុអ្វីអញគួរគិតថាអញគឹជាហេតុពិតតែមួយគត់ ដែលធ្វើឲ្យគេប្រព្រឹត្តឬគិតបែបនេះ?
ភាពស្រដៀងគ្នានេះដែរប្រសិនបើអញឋិតនៅក្នុងទំនាក់ទំនងជីវិតជាគូជាមួយគេនៅក្នុងរយៈពេលយូរ មានរឿងច្រើនណាស់ដែលកើតឡើងរៀងរាល់ថ្ងៃនៅក្នុងការប្រាស្រ័យទាក់ទងគ្នា ហើយជារឿយៗអ្វីដែលកើតឡើងគឺ «គេមិនបានខលមកខ្ញុំទេថ្ងៃនេះ គេមិនបានឆ្លើយតបសាររបស់ខ្ញុំទេ» ហើយខ្លួនចាប់ផ្តើមគិតពន្លើសចំណុចនេះឲ្យធំជ្រុលហួសប្រមាណ គិតមើលមិនឃើញអំពីទំនាក់ទំនងរបស់ខ្លួនដែលកើតមានឡើងអស់រយៈកាលយ៉ាងយូរមកហើយនោះទេ។ ហើយដោយសារតែរឿងមួយនេះ ខ្លួនគិតសន្និដ្ឋានថាគេឈប់ស្រលាញ់ខ្លួនហើយ តែនេះគឺជាការគិតខ្លីបំផុត - គិតមើលលើតែរឿងតូចមួយប៉ុណ្ណោះ មិនគិតអំពីទំនាក់ទំនងទាំងមូលទេ។
សច្ចពិតនោះគឺថាជីវិតនិងអារម្មណ៍មនុស្សម្នាក់ៗគឺម្តងឡើងម្តងចុះជារឿងធម្មតា។ នោះគឺជារឿងពិតអំពីមនុស្ស ពិតចំពោះមនុស្សគ្រប់រូប។ ជារឿងធម្មតា ជួនពេលខ្លះមនុស្សដែលយើងស្រលាញ់គេមានអារម្មណ៍ថា គេចង់ឋិតនៅជាមួយយើង ហើយជួនពេលខ្លះទៀតគេមិនមានអារម្មណ៍បែបនេះក៍ថាបាន។ ពេលខ្លះគេសប្បាយ ឯពេលខ្លះទៀតគេមិនសប្បាយ ហើយបើសិនគេមិនមានអារម្មណ៍ល្អទេ ឬបើសិនគេជាប់រវល់ខ្លាំងមិនអាចឆ្លើយតបសាររបស់ខ្លួនវិញបានទេ ឬអ្វីក៍ដោយក្តី នោះមិនមានន័យថាគេលែងស្រលាញ់ខ្លួននោះទេ តែនោះគឺជាផ្នែកមួយនៃជីវិតពិត។
ទាំងអស់នេះគឺជារឿងសំខាន់បំផុតដែលត្រូវរៀន និងត្រូវយល់ប្រសិនបើយើងប្រាថ្នាចង់ឲ្យជីវិតជាគូរបស់ខ្លួនមានតុល្យភាពនឹងន បើពុំដូច្នោះទេវាច្បាស់ជាមានភាពចលាចលផ្នែកអារម្មណ៍នេះពុំខានឡើយ។
មានឧទាហរណ៍ដ៍ល្អបំផុតមួយដែលត្រូវបានលើកឡើងដោយមហាថេរៈជាតិឥណ្ឌាមួយរូប ដែលថាទំនាក់ទំនងរបស់យើងជាមួយគេគឺប្រៀបដូចជាស្លឹកឈើដែលត្រូវខ្យល់បក់ឲ្យជ្រុះពីដើមនៅក្នុងរដូវស្លឹកឈើជ្រុះដូច្នោះដែរ។ ពេលខ្លះស្លឹកឈើនោះហោះហើរជាមួយខ្យល់ ចំណែកឯពេលខ្លះទៀតវាហោះហើរដាច់ដោយឡែកពីគ្នា។ នោះគឺគ្រាន់តែជាផ្នែកមួយនៃជីវិតពិតតែប៉ុណ្ណោះ។ បើដូចនេះទំនាក់ទំនងណាមួយជាមួយគេ វាអាចឋិតឋេរគង់វង្សអស់មួយជីវិត ឬមួយវាមិនអាចក៍ថាបាន។
ជាធុរៈសំខាន់ដែលខ្លួនត្រូវព្យាយាមគិតថាគេប្រៀបដូចជាសត្វបក្សីមួយក្បាលដែលហើរមកទំនៅលើមាត់បង្អួចរបស់ខ្លួន។ ពោលបក្សីព្រៃមួយក្បាលនេះហើរមកទំនៅលើបង្អួចរបស់យើង ហើយតើវាល្អអស្ចារ្យ ស្អាត និងមានសេក្តីសុខប៉ុណ្ណា ដែលត្រូវមានសត្វបក្សីព្រៃនេះឋិតនៅទីនេះមួយរយៈពេលនោះ ប៉ុន្តែពិតណាស់ថាសត្វបក្សីព្រៃនេះវានឹងហើរត្រឡប់ទៅវិញ៖ ដោយសារតែវាគឺជាសត្វដែលមានសេរីភាព។ បើសិនវាហើរមកទំនៅមាត់បង្អួចអញម្តងទៀត តើវាល្អអស្ចារ្យប៉ុណ្ណាទៅ។ ប៉ុន្តែបើសិនអញព្យាយាមចាប់វាដាក់ក្នុងទ្រុង នោះវានឹងក្រៀមក្រំ ហើយវាអាចស្លាប់ផងក៍ថាបាន។
បើដូច្នេះវាគឺជារឿងដូចគ្នាចំពោះបុគ្គលណាដែលគេចូលមកកាន់ជីវិតរបស់យើង ពោលជាបុគ្គលឬជាមនុស្សដែលខ្លួនស្រលាញ់ គេប្រៀបដូចជាសត្វបក្សីព្រៃនេះដែរ គេចូលមកកាន់ជីវិតយើង គេពាំនាំមកនូវសេចក្តីសុខ និងសម្រស់ ប៉ុន្តែគេក៍ជាមនុស្សដែលមានសេរីភាព ដូចសត្វបក្សីនោះអីចឹងដែរ។ ប៉ុន្តែប្រសិនបើយើងខំព្យាយាម ប្រកាន់មាំចំពោះគេ ចាត់ទុកគេដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ចេះតែរំខានដល់គេគ្រប់ពេលថា «ហេតុអ្វីអ្នកមិនខលមកខ្ញុំ? ហេតុអ្វីអ្នកមិនមកលែងខ្ញុំ? ហេតុអ្នកមិនចំណាយពេលច្រើនជាមួយខ្ញុំ?» ត្រង់នេះគឺប្រៀបដូចជាការចាប់សត្វបក្សីព្រៃនោះដាក់ក្នុងទ្រុងដូច្នោះដែរ។ ពោលសត្វបក្សីព្រៃនោះគេនឹងខំព្យាយាមហើរគេច តាមតែគេអាចធ្វើទៅបាន។ ហើយបើសត្វបក្សីព្រៃនោះគេឋិតនៅជាមួយយើង ដូចមនុស្សម្នាក់នេះគេនៅជាមួយយើងទាំងបង្ខំចិត្ត នោះគេនឹងមិនមានក្តីសុខទេ។
នេះគឺជាគតិមួយដ៍មានអត្ថប្រយោជន៍ - ដែលត្រូវចាត់ទុកមនុស្សដែលខ្លួនស្រលាញ់ ឬចាត់ទុកបុគ្គលណាដែលចូលមកកាន់ជីវិតខ្លួន ត្រូវចាត់ទុកគេឲ្យដូចជាសត្វបក្សីព្រៃដ៍ស្រស់ស្អាតមួយក្បាលនេះអីចឹង។ ពោលយើងកាន់តែមានចិត្តមិនតឹងតែង - មិនប្រកាន់មាំជ្រុលពេក - នោះសត្វបក្សីព្រៃនោះគេរឹតតែចង់ហើរមកទំនៅមាត់បង្អួចរបស់យើងកាន់តែច្រើន។