ព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធសាសនាថេរវាទ មហាយាន និងទន្រ្ទៈ៖ ដូចគ្នាទេ?

គេមិនត្រូវសំលឹងមើលលើតថភាពផ្សេងៗនៃជីវិតព្រះសម្មាសម្ពុទ្ធនៅត្រឹមតែអត្ថបទប្រវត្តិសាស្រ្តពិតតែម្យ៉ាងនោះទេ ហើយក៍មិនត្រូវចាត់ទុកការបង្រៀនខុសៗគ្នាទាំងអស់នោះថាជាភាពផ្ទុយគ្នាឬជាជម្លោះនោះក៍ទេដែរ។ ប៉ុន្តែផ្ទុយទៅវិញយើងត្រូវតែយល់ថាការបង្រៀននៅក្នុង​វប្បធម៌នីមួយៗគឺត្រូវបានគេសរសេរឡើងឳ្យស្របទៅតាមបរិបទវប្បធម៌របស់ខ្លួន ហើយបរិបទនីមួយៗនោះគឺពិតជាមានភាពត្រឹមត្រូវនិងសុក្រឹត។ ប្រសិនបើយើងក្រឡេកមើលអំពីរបៀបដែលបរិបទនៃការបង្រៀនទាំងអស់នោះផ្តល់ជាប្រយោជន៍ជាក់លាក់វិញនោះ នោះយើងមិនត្រឹមតែមានការឲ្យតម្លៃចំពោះព្រះធម៌ទូទៅតែម៉្យាងទេ ប៉ុន្តែយើងក៍នឹងចេះអំពីរបៀបនៃការយកព្រះធម៌នៅក្នុងបរិបទនៃវប្បធម៌នីមួយៗនោះមកប្រតិបត្តិនៅក្នុងជីវិតរបស់ខ្លួនផងដែរ។ ប្រសិនបើយើងប្រតិបត្តិទៅតាមដំណាក់កាលនៃជីវិតព្រះសម្មាសម្ពុទ្ធ នោះយើងនឹងអាចសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធដូចដែលព្រះអង្គបានសម្រេចហើយដូច្នោះដែរ និងឈានទៅសម្រេចបំណងនៃការជួយដល់មនុស្សគ្រប់រូបបាន។

សេចក្តីផ្តើម

កាលណាយើងប្រាថ្នាចង់ស្វែងយល់ថាតើសក្យៈមុនីសម្ពុទ្ធជានរណា នោះយើងនឹងស្វែងរកឃើញថាជីវិតរបស់ព្រះអង្គគឺមានលក្ខណៈខុសៗគ្នាជាច្រើនអាស្រ័យទៅតាមវប្បធម៌នីមួយ។ បើដូច្នេះមែន យើងច្បាស់ជាមានចម្ងល់ហើយថា៖ តើវប្បធម៌នីមួយៗនោះគេនិយាយអំពីមនុស្សតែម្នាក់នេះមែនទេ(សំដៅដល់សម្មាសម្ពុទ្ធ)? សំនួរនេះគឺមិនមែនជាសំនួរសាមញ្ញដែលស្រួលឆ្លើយទេ។ 

ប្រភពមួយស្តីអំពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធគឺមាននៅក្នុងគម្ពីភាសាបាលីនៃនិកាយថេរវាទ។ ប្រភពមួយនេះមិនមានរឿងរ៉ាវលម្អិតទាំងស្រុងនៃជីវិតរបស់ព្រះអង្គនៅក្នុងគម្ពីតែមួយទេ ប៉ុន្តែយើងអាចប្រម៉ែប្រមូលនិងយកមកបញ្ចូលគ្នាពីគម្ពីអត្ថបទផ្សេងៗ។ អក្សរសិល្ប៍ព្រះពុទ្ធសាសនាក្រោយៗមកទៀតបានសរសេរបន្ថែមសេចក្តីលម្អិតជាច្រើនទៅក្នុងសាច់រឿងដើមនេះ។ 

ក្រោយមកទៀតព្រះពុទ្ធសាសនាមហាយានបានសរសេរពង្រីកសេចក្តីអំពីអត្តសញ្ញាណព្រះសម្មាសម្ពុទ្ធ ដែលជាប្រភពមួយទៀតនៃជីវិតរបស់ព្រះសម្មាសម្ពុទ្ធ ហើយជាប្រភពមួយដែលមានលក្ខណៈខុសគ្នាពីនិកាយថេរវាទ។ នៅក្នុងព្រះពុទ្ធសាសនាថេរវាទ តួអង្គសម្មាសម្ពុទ្ធគឺជាតួរអង្គប្រវត្តិសាស្រ្តពិតជាក់ស្តែង នៅកំឡុងឆ្នាំ៥៦៦និង៤៨៥មុនគ្រឹស្តសករាជ ដែលជាបុគ្គលសម្រេចការត្រាស់ដឹងនៅក្នុងជីវិតរបស់ព្រះអង្គ និងបានចូលបរិនិព្វានអស់កាលយ៉ាងយូរកន្លងទៅ។ ក្រោយមកទៀតពុទ្ធសាសនាមហាយានបានពង្រីកសេចក្តីបន្ថែមអំពីជីវិតរបស់ព្រះអង្គដែលមាននៅក្នុងគម្ពីរបាលីនៃនិកាយថេរវាទ ដោយគេធ្វើការបកស្រាយ ពន្យល់បន្ថែមអំពីរបៀបដែលព្រះអង្គបានត្រាស់ដឹងរាប់ជាតិមិនអស់មុនពេលព្រះអង្គយាងចុះមកកាន់ភពផែនដីនៅក្នុងទម្រង់ជាសក្យៈមុនីសម្ពុទ្ធ។ ហើយគេបកស្រាយទៀតថា កាលដែរព្រះអង្គមកដល់ភពផែនដីព្រះអង្គបានបង្ហាញអំពីជីវិតត្រាស់ដឹងដែលមានដប់ពីររូបភាពជាគំរូដើម្បីបង្ហាញដល់មនុស្សសត្វថាគេក៍អាចត្រាស់ដឹងដូចព្រះអង្គបានដែរ ហើយកាលណាព្រះអង្គចូលបរិនិព្វានទៅហើយ បវត្តកចិត្តរបស់ព្រះអង្គនៅតែបន្តដើម្បីជាប្រយោជន៍ដល់មនុស្សសត្វគ្រប់រូប។ 

រូបភាពមួយទៀតស្តីអំពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធគឺមាននៅក្នុងព្រះពុទ្ធសាសនាទន្រ្ទៈ(ទីបេ)។ បើយោងទៅតាមប្រភពនេះជីវិតរបស់ព្រះអង្គកើតឡើងនៅក្នុងរូបភាពផ្សេងៗគ្នាជាច្រើនទម្រង់ គឺកើតឡើងព្រមគ្នាតែម្តង។ ទម្រង់ទាំងអស់នេះគឺត្រូវបានគេហៅថាជា «អាទិទេពសមាធិ» ពោលគឺមានព័ណ៌ចំរុះ  មានព្រះហស្ត(ដៃ)មុខនិងជើងច្រើន ដែលតំណាងឳ្យទិដ្ឋភាពផ្សេងៗនៃការត្រាស់ដឹងរបស់ព្រះអង្គ។ បើទោះបីជាព្រះអង្គមានវត្តមាននៅក្នុងទម្រង់បែបនេះយ៉ាងណាក្តី តែស្របពេលជាមួយគ្នានោះព្រះអង្គទ្រង់បង្រៀននៅក្នុងទម្រង់ជាមនុស្សលោក ឧបមាដូចជា នៅលើកំពូលភ្នំនៃសត្វត្មាតនៅក្នុងប្រទេសឥណ្ឌាជាទីដែលព្រះអង្គបង្រៀនព្រះសូត្រ។ 

Top