រំលឹកឡើងវិញចំពោះមាគ៌ាបដិបត្តិជាវគ្គៗនៃវិធីសាស្រ្តឡាមរីម

ការប្រើប្រាស់ជីវិតជាមនុស្សដ៏មានតម្លៃ ឪ្យបានប្រសើរបំផុត

យើងទាំងអស់គ្នាបានចាប់កំណើតកើតជាមនុស្សដ៏ថ្លៃថ្លា រាងកាយជាមនុស្សដ៏មានតម្លៃនេះនឹងញាំងឪ្យមានការរីកចម្រើនផ្នែកផ្លូវចិត្តបានដ៏មហាអស្ចារ្យ។ គ្មានឪកាសដ៏ប្រសើរឯណា ដើម្បីឪ្យយើងសម្រេចបានការត្រាស់ដឹង ជាងមានខ្លួនប្រាណជាមនុស្សនេះទេ។ សូម្បីតែយើងទៅកើតជាព្រះឥន្រ្ទ ដែលជាស្តេចនៃអាទិទេពទាំងឡាយ ក៏មិនអាចសម្រេចការត្រាស់ដឹងបានដែរ!

គ្មានខ្លួនប្រាណឯណាដើម្បីឪ្យយើងធ្វើការបដិបត្តិចំពោះខ្លួនឯង ជាងខ្លួនប្រាណដែលយើងមាននេះទេ វាគឺជាប្រការដ៏សំខាន់ ដែលយើងចាំបាច់ត្រូវដឹងឪ្យច្បាស់នូវវិធីសាស្រ្តផ្សេងៗដើម្បីប្រើប្រាស់វាឪ្យមានប្រយោជន៍ខ្ពស់បំផុត។ វិធីដ៏ល្អប្រសើរបំផុត ដើម្បីធ្វើឪ្យមានការរីកចម្រើនផ្លូវចិត្ត(ផ្លូវធម៌)នោះគឺត្រូវចាប់ផ្តើមអភិវឌ្ឍនូវទឹកចិត្តល្អបរិសុទ្ធចេញពីរូបយើងនេះទៅ ឪ្យបានកាន់តែច្រើន កាន់តែច្រើន កាន់តែច្រើន។ ដោយយកទឹកចិត្តល្អបរិសុទ្ធនេះជាគ្រឹះ បន្ទាប់មកទៀតយើងផ្តោតបំណងរបស់យើងឆ្ពោះទៅរកការអភិវឌ្ឍន៍ ពុទ្ធិចិត្តបន្តទៀត។ នេះគឺជាក្តីប្រាថ្នាដើម្បីឪ្យយើងឈានទៅសម្រេចបាននូវការត្រាស់ដឹង នៅក្នុងន័យម៉្យាងទៀតអាចនិយាយបានថា ជាក្តីប្រាថ្នាដើម្បីកម្ចាត់បង់នូវបញ្ហា និងសេចក្តីទុក្ខចោលឪ្យអស់ ដើម្បីឪ្យយើងអាចសម្រេចបាននូវសក្តានុពលពេញលេញ ដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូបឪ្យបានកាន់តែប្រសើរ តាមតែអាចធ្វើទៅបាន។ ពេលណាយើងបូជាកំលាំងកាយចិត្តដើម្បីជាប្រយោជន៍ដល់អ្នកដ៏ទៃ និងដើម្បីឈានទៅសម្រេចបាននូវការត្រាស់ដឹងនោះ នោះហើយគឺជាការប្រើប្រាស់កំណើតជាមនុស្សដ៏អស្ចារ្យ ដែលយើងមាននេះ។ 

Top