ព្រះសម្មាសម្ពុទ្ធព្រះអង្គបានចង្អុលបង្ហាញយ៉ាងច្បាស់អំពីបារមីដ៍សំខាន់ទាំងប្រាំមួយនេះថា ប្រសិនបើយើងប្រាថ្នាចង់សម្រេចបាននូវគោលដៅវិជ្ជមាននៅក្នុងជីវិតយើងចាំបាច់ត្រូវតែប្រតិបត្តិចម្រើនឳ្យបាននូវបារមីទាំងនេះ។ ជាធម្មតាពាក្យថាបារមីនេះត្រូវបានគេបកប្រែថាជា «ភាពល្អឥតខ្ចោះពេញបរិបូរណ៍» ដោយឋិតនៅក្នុងន័យថាសម្រេចពេញបរិបូរណ៍ហើយដូចតួអង្គសម្មាសម្ពុទ្ធដូច្នោះដែរ ហើយរូបយើងក៍អាចទទួលបានការរួចរំដោះ និងការត្រាស់ដឹងនេះដែរ។ នៅទីនេះខ្ញុំចូលចិត្តហៅពាក្យបារមីនេះថាជា «ឥរិយាបថដែលអាចជួយយើងឳ្យទៅដល់គោលដៅឆ្ងាយ» ឳ្យស្របទៅតាមន័យដើមនៃភាសាសំស្រ្កឹត បារមី ពីព្រោះថាគុណធម៌ទាំងនេះអាចនាំរូបយើងឳ្យទៅដល់ទីម្ខាងទៀតនៃមហាសមុទ្រនៃបញ្ហារបស់យើង។
យើងមិនចាត់ទុកគុណធម៌ឬបារមីទាំងប្រាំមួយនេះថាគ្រាន់តែជារឿងល្អមើលប៉ុណ្ណោះទេ តែផ្ទុយទៅវិញវាគឺជាគុណធម៌ដែលយើងចាំបាច់ត្រូវតែយកវាមកប្រើប្រាស់បញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទើបប្រសើរ។ ប្រការនេះគឺស្របទៅតាមវិធីសាស្រ្តវគ្គបីនៃគម្ពីរឡាមរីម(តាមទំនៀមទីបេ) បើយើងប្រតិបត្តិចម្រើនបារមីទាំងអស់នេះវានឹងផ្តល់ឳ្យយើងនូវអត្ថប្រយោជន៍ដ៍មហិមា៖
- ជួយយើងចៀសវាងនិងដោះស្រាយបញ្ហា
- ជួយយើងកម្ចាត់បង់កិលេស
- ជួយជំរុញយើងឳ្យធ្វើជាជំនួយដ៍ប្រសើរដល់មនុស្សឯទៀត
កាលណាយើងប្រតិបត្តិចម្រើននូវគុណធម៌ល្អៗទាំងអស់នេះ យើងត្រូវតែរក្សាឳ្យបាននូវគោលបំណងមួយឬច្រើនជាងនេះនៅក្នុងចិត្តរបស់យើង ហើយប្រការនេះផ្តល់ឳ្យយើងនូវកំលាំងចិត្តដើម្បីធ្វើការប្រតិបត្តិពង្រឹងនូវគុណធម៌ទាំងអស់នេះថែមទៀត។
១ ធម៌សប្បុរស(ទានបារមី)
ជាឆន្ទៈចិត្តដើម្បីផ្តល់ឳ្យអ្នកដ៍ទៃនូវអ្វីដែលគេត្រូវការចាំបាច់ ហើយអត្ថប្រយោជន៍របស់វាគឺ៖
- ជួយយើងឳ្យមើលឃើញនូវអត្តតម្លៃ(ការឲ្យតម្លៃខ្លួនឯង) កាលណាយើងផ្តល់អ្វីមួយដល់គេ ជួយយើងឳ្យចៀសពីបញ្ហានៃការគិតថាខ្លួនមិនមានតម្លៃ និងចៀសផុតពីការបាក់ទឹកចិត្តដោយប្រការនេះ។
- ជួយយើងឳ្យយកឈ្នះលើក្តីឧបាទាន(ជាប់ជំពាក់) យកឈ្នះលើភាពសោកសៅ ដែលជាចេតសិកអកុសលនាំទៅរកតែបញ្ហា។
- ជួយដល់អ្នកដ៍ទៃដែលគេរស់នៅក្នុងភាពក្រីក្រ
២ សីល(សីលបារមី)
ការរក្សាសីលជួយយើងវៀរចាកនូវកម្មកិរិយាអកុសល និងយល់ដឹងអំពីអត្ថប្រយោជន៍របស់សីល អត្ថប្រយោជន៍របស់វាគឺ៖
- ជួយយើងឳ្យវៀរចាកនូវរាល់បញ្ហាដែលបណ្តាលមកពីកាយវាចាចិត្តអកុសល។ ជួយបង្កើតគឺ្រះនៃការជឿទុកចិត្តពីអ្នកដ៍ទៃ ដែលជាគ្រឹះនៃមិត្តភាពពិតប្រាកដ។
- ជួយយើងឳ្យយកឈ្នះលើកម្មកិរិយាអកុសល និងជួយយើងឳ្យមានការគ្រប់គ្រង់លើខ្លួនឯងកាន់តែប្រសើរ កាន់តែស្ងប់ និងមានតុល្យភាពកាន់តែប្រសើរ។
- ជួយការពារទប់ស្កាត់រូបយើងមិនឳ្យបង្កទុក្ខទោសដល់អ្នកដ៍ទៃ។
៣ ខន្តី(ខន្តីបារមី)
ជាសមត្ថភាពមនោស៊ូនឹងការលំបាកដោយមិនមានចិត្តខឹងសម្បារ ហើយអត្ថប្រយោជន៍របស់វាគឺ៖
- ជួយយើងមិនឳ្យមានការប្រទូសរ៉ាយកាលណាកិច្ចអ្វីមួយប្រព្រឹត្តទៅមិនស្របទៅតាមបំណងរបស់យើង ឬកាលណាមានរឿងអ្វីមិនល្អកើតឡើង ជាពិសេសពេលអ្នកដ៍ទៃឬពេលរូបយើងខ្លួនឯងបង្កកំហុសអ្វីមួយ។
- ជួយយើងឳ្យយកឈ្នះលើទោសៈ ភាពមិនមានការអត់ធ្មត់ និងភាពគ្មានអធ្រាស្រ័យ ដែលជាសភាពរំខានសៅហ្មងនៃចិត្ត(ជាចេតសិកអកុសល) ពោលគឺយើងអាចរក្សាបាននូវភាពស្ងប់នៅចំពោះមុខស្ថានភាពលំបាកនានា។
- ជួយយើងឳ្យជួយអ្នកដ៍ទៃបានកាន់តែប្រសើរ ដោយសារថាយើងមិនខឹងប្រទូសនឹងគេពេលណាគេមិនធ្វើតាមការណែនាំរបស់យើង ឬពេលគេបង្កកំហុសដោយកាយវាចាចិត្តជាដើម។
៤ ការខិតខំព្យាយាម(វិរយបារមី)
ជាការតស៊ូពោរពេញដោយវិរភាពមិនបោះបង់ចោលនៅគ្រាលំបាក តែខិតខំព្យាយាមបន្តរហូតដល់ទីបញ្ចប់ ហើយអត្ថប្រយោជន៍របស់វាគឺ៖
- ជួយផ្តល់ឳ្យយើងនូវកំលាំងថាមពលដើម្បីធ្វើកិច្ចបញ្ចប់នូវកិច្ចអ្វីដែលយើងបានចាប់ផ្តើមហើយ ដោយមិនបាក់ទឹកចិត្ត។
- ជួយយើងឳ្យយកឈ្នះលើអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់(មិនល្អឥតខ្ចោះ) យកឈ្នះលើភាពខ្ជិលច្រអូល និងភាពពន្យាពេល ជាប្រការដែលធ្វើឳ្យយើងបែកអារម្មណ៍គិតតែពីរឿងមិនបានការផ្សេងៗ។
- ជួយយើងឳ្យសម្រេចកិច្ចការលំបាកៗ មិនឳ្យយើងឈប់ឬបោះបង់ចោលចំពោះការជួយដល់មនុស្សដែលជួបស្ថានភាពលំបាកៗ។
៥ តុល្យភាពផ្លូវចិត្ត(អធិដ្ឋានបារមី)
តុល្យភាពផ្លូវចិត្ត(អធិដ្ឋានបារមី)គឺជាសភាពមនោដែលគ្មានការត្រាច់រង្គាត់គ្រប់ទិសទី គ្មានភាពស្ពឹកស្រពន់អាក់អន់អ្វីទេ ហើយអត្ថប្រយោជន៍របស់គឺ៖
- ជួយយើងឳ្យរក្សាការផ្តោតចិត្តលើអ្វីដែលយើងកំពុងធ្វើ ដើម្បីចៀសឳ្យផុតពីការបង្កើតកំហុសនិងឧប្បត្តិហេតុនានា។
- ជួយយើងឳ្យយកឈ្នះលើភាពស្រ្តិះ ភាពថប់អារម្មណ៍ ការភ្លឹកស្មារតី និងអារម្មណ៍មួម៉ៅផ្សេងៗ។
- ជួយយើងឳ្យរក្សាការផ្តោតអារម្មណ៍ស្តាប់លើពាក្យសំដីអ្វីដែលអ្នកដ៍ទៃគេនិយាយ និងប្រព្រឹត្ត ដើម្បីឳ្យយើងអាចយល់និងដឹងច្បាស់ថាត្រូវជួយគេដោយរបៀបណា។
៦ ប្រាជ្ញា(ប្រាជ្ញាបារមី)
ប្រាជ្ញាក្នុងការបែងចែកភាពខុសគ្នារវាងអ្វីដែលមិនសមរម្យនិងសមរម្យនិងអ្វីដែលត្រឹមត្រូវនិងមិនត្រឹមត្រូវ ហើយអត្ថប្រយោជន៍របស់វាគឺ៖
- ជួយឳ្យយើងមើលឃើញយ៉ាងច្បាស់ និងត្រឹមត្រូវចំពោះកិច្ចអ្វីដែលត្រូវធ្វើ ត្រូវប្រព្រឹត្តនៅក្នុងស្ថានភាពណាមួយ ជួយទប់យើងមិនឳ្យប្រព្រឹត្តទង្វើណាដែលអាចធ្វើឳ្យយើងសោកស្តាយនៅពេលក្រោយ។
- ជួយយើងឳ្យយកឈ្នះលើភាពមិនមានការសម្រេចចិត្តច្បាស់លាស់ និងមោហៈ។
- ជួយយើងវាយតម្លៃស្ថានភាពរបស់អ្នកដ៍ទៃបានកាន់តែប្រសើរ និងត្រឹមត្រូវ ដើម្បីឳ្យយើងដឹងប្រាកដថាត្រូវពោលពាក្យសំដីបែបណា និងត្រូវធ្វើកិច្ចអ្វីដើម្បីជាប្រយោជន៍ដល់គេ។