វិធី១១យ៉ាងដើម្បីជួយអ្នកដ៏ទៃ

11 ways to help others

មានមនុស្សនិងសត្វជាច្រើនកំពុងជួបប្រទះនូវសេចក្តីទុក្ខរៀងរាល់ថ្ងៃ។មានវិធីច្រើនយ៉ាងណាស់ដើម្បីជួយពួកគេប៉ុន្តែវាអាស្រ័យលើការទទួលដឹងនូវស្ថានភាពពិតរបស់ពួកគេនិងយល់ដឹងពីវិធីដ៏ល្អបំផុងក្នុងការជួយនោះ។ដោយគ្រាន់តែមានមេត្តាចិត្តនិងមានតែជំនាញគឺមិនគ្រប់គ្រាន់នោះទេ។យើងត្រូវការភាពសប្បុរសក្នុងការចំណាយពេលវេលារបស់យើងហើយយើងផ្ទាល់ក៏ត្រូវមានអត្តវិន័យនិងមានការខន្តីនិងការពុះពារព្យាយាមនិងការយកចិត្តទុកដាក់និងត្រូវមានប្រាជ្ញាផងដែរ។នេះជាវិធី១១យ៉ាងដើម្បីជួយដល់អ្នកដ៏ទៃ។វិធីទាំងអស់នេះវាមិនគ្រាន់តែនាំមកនូវប្រយោជន៏ដល់អ្នកក្រខ្សត់ងាយរងគ្រោះប៉ុណ្ណោះទេតែវាក៏ជួយយើងអោយចាកចេញពីសំបកនៃភាពឯកោរបស់យើងហើយធ្វើអោយជីវិតយើងមានន័យ៖

១. យកចិត្តទុកដាក់ចំពោះអ្នកដែលជួបទុក្ខលំបាក

យើងត្រូវយកចិត្តទុកដាក់មើលថែរក្សាចំពោះអ្នកដែលមានជម្ងឺចំពោះជនពិការនិងចំពោះអ្នកដែលមានជម្ងឺឈឺចុកចាប់។ប្រសិនបើយើងឃើញបុគ្គលណាម្នាក់ពុះពារតស៊ូនឹងការលំបាកដ៏មហិមានោះយើងត្រូវចូលទៅជួយរំលែកនូវបន្ទុកនៃការលំបាករបស់ពួកគេនោះ។

២. ដឹកនាំអ្នកដែលវង្វែងផ្លូវដើម្បីអោយគេជួយខ្លួនឯងបាន

សំរាប់អ្នកដែលមានការច្រឡំភាន់និងវង្វែងផ្លូវមិនដឹងថាត្រូវធ្វើអ្វីនៅក្នុងស្ថានភាពដ៏លំបាកនោះយើងផ្តល់នូវដំបូមានដល់គេប្រសិនបើគេស្នើសុំពីយើងឬយ៉ាងហោចណាស់ក៏ត្រូវស្តាប់សម្តីពួកគេដែរ។ប្រសិនបើឆ្កែឬឆ្មារបស់យើងជាប់នៅក្នុងបន្ទប់បិទជិតនោះយើងនឹងបើកបន្ទប់នោះអោយពួកវាចេញទៅខាងក្រៅ។យើងថែមទាំងប្រើប្រាសនូវការណែនាំនេះផងដែរនៅពេលដែលសត្វរុយមួយក្បាលហើរចុះហើរឡើងនៅលើបង្អួចដែលសត្វរុយនោះវាមិនចង់ជាប់នៅក្នុងបន្ទប់របស់យើងនោះទេ។វាចង់តែហើរចេញទៅក្រៅតែប៉ុណ្ណោះដូច្នេះយើងត្រូវបើកទ្វារអោយវាហើរចេញទៅ។

៣. ធ្វើការតបស្នងសងគុណចំពោះអំពើល្អដែលគេបានជួយដល់យើង

វាពិតជាសំខាន់ណាស់ដែលយើងត្រូវធ្វើការទទួលស្គាល់និងអោយតម្លៃចំពោះកិច្ចការទាំងឡាយណាដែលអ្នកដ៏ទៃបានធ្វើដើម្បីអោយពិភពលោកយើងនេះដំណើរការទៅមុខបាន។ហើយវាពិតជាសំខាន់ផងដែរដើម្បីជួយពួកគេទាំងអស់នោះវិញដូចជាឪពុកម្តាយរបស់យើងជាដើមដែលជាអ្នកបានធ្វើរឿងរ៉ាវជាច្រើនសំរាប់យើង។ទង្វើនេះគួរតែត្រូវបានធ្វើឡើងដោយអំណាចនៃគុណនុប្បការៈពិតប្រកដចេញពីចិត្តដោយគ្មានអារម្មណ៏សៅហ្មង(គិតថាបើមិនជួយទេគឺខុសឬការជួយនោះជំរុញដោយអារម្មណ៏ជាកំហុសត្រង់ថាខ្លួនមានបានច្រើនពេក)ឬដោយគ្មានអារម្មណ៏ថាវាគឺជាកាតព្វកិច្ចនោះទេ។

៤. ផ្តល់សេចក្តីសុខនិងការពារចំពោះអ្នកដែលរស់នៅប្រកបដោយការភ័យខ្លាច

យើងគួរព្យាយាមអោយអស់ពីលទ្ធភាពរបស់យើងដើម្បីផ្តល់នូវសេចក្តីសុខដល់មនុស្សនិងសត្វនានាដែលមានការភ័យខ្លាច។ប្រសិនបើនរណាម្នាក់ត្រូវការធ្វើដំណើរទៅទីណាដែលមានគ្រោះថ្នាក់ហើយជាទីកន្លែងដែលអាចអោយពួកគេទទួលរងនូវការឈឺចាប់នោះយើងត្រូវធ្វើការអមដំណើរនិងការពារពួកគេ។សំរាប់ជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីអំពើហិង្សាដែលបានកើតឡើងចំពោះពួកគេនោះយើងត្រូវផ្តល់អោយពួកគេនូវសុខសុវត្ថិភាពនិងជួយពួកគេចាប់ផ្តើមជីវិតគេឡើងវិញ។ចំពោះអ្នកដែលមានការបាក់ស្បាតឬតក់ស្លុតពីសង្រាមឬពីការរំលោភបំពានណាមួយនោះជាពិសេសពួកគេត្រូវការជំនួយដើម្បីព្យាបាលឬផ្សះផ្សារនូវស្នាមដំបៅផ្នែកអារម្មណ៏របស់ពួកគេ។

៥. ជួយព្រឹក្សាយោបល់ដល់អ្នកដែលមានទុក្ខព្រួយ

នៅពេលណាដែលមានបុគ្គលណាម្នាក់មានទុក្ខព្រួយសោកសៅអំពីការលែងលះគ្រួសារឬអំពីមរណៈភាពនៃមនុស្សជាទីស្រលាញ់របស់គេនោះ។យើងត្រូវព្យាយាមផ្តល់ព្រឹក្សាយោបល់ដល់ពួកគេតាមបែបលក្ខណៈនៃមេត្តាចិត្ត។យើងក៏មិនត្រូវមាកងាយបណ្តុះបង្អាប់ចំពោះពួកគេដោយគិតថា“អូអ្នកឯងកំសត់ណាស់”ប៉ុន្តែផ្ទុយទៅវិញត្រូវដាក់ខ្លួយយើងនៅក្នុងស្ថានភាពរបស់ពួកគេផ្ទាល់ហើយជួយរំលេកនូវសេចក្តីទុក្ខនិងការឈឺចាប់របស់ពួកគេ។

៦. ផ្តល់នូវសំភារៈជាជំនួយដល់អ្នកក្រីក្រ

វាគឺជាការល្អដែលយើងធ្វើការបរិច្ចាគទានដល់អង្ការសប្បុរសធម៌ប៉ុន្តែវាក៏ជាការល្អផងដែរដែលត្រូវបរិច្ចាគទានដល់អ្នកសុំទានដែលយើងជួបប្រទះនៅតាមចិញ្ចើមផ្លូវនានា។យើងត្រូវតែជម្នះនូវរាល់គំនិតស្ទាក់ស្ទើរដែលយើងមាននៅក្នុងចិត្តជាពិសេសនោះគឺនៅពេលដែលមានអ្នកសុំទានណាម្នាក់ដែលមានរូបរាងអាក្រក់ប្រឡាក់ប្រឡូសនិងមើលទៅមិនគួរអោយចាប់អារម្មណ៏នោះទេហើយយើងសូម្បីតែក្រឡេកមើលពួកគេក៏ចង់មើលផងចុះទម្រាំតែការញញឹមនិងការគោរពវិញ។សូមស្រមៃថាបុគ្គលសុំទានដែលរស់នៅតាមចិញ្ចើមផ្លូវនោះជាម្តាយឬជាកូនរបស់យើងវិញ។តើយើងអាចដើរហួសពួកគេដោយគ្មានចិត្តហើយគិតថាពួកគេដូចជាសំរាប់ដែលស្អុយមួយដុំនោះបានទេ?

៧. ធ្វើការណែនាំនូវព្រះធម៌ដល់អ្នកដែលមានភាពជិតស្និតជាមួយយើង

យើងក៏ត្រូវការធ្វើកិច្ចការងារដើម្បីជួយដល់អ្នកដែលចូលចិត្តរាប់អានយើងគ្រប់ពេលវេលាផងដែរ។យើងមិនចង់អោយពួកគេក្លាយជាមនុស្សដែលចេះតែពឹងគេនោះទេ។ប៉ុន្តែប្រសិនបើពួកគេមានទំនាក់ទំនងដ៏រឹងមាំជាមួយយើងនោះយើងអាចព្យាយាមជួយគេដោយជួយបង្រៀននូវវិធីសាស្រ្តជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនាដើម្បីអោយគេសម្រេចបាននូវសុខសុភមង្គលនិងចេះជួយដល់អ្នកដ៏ទៃទៀត។ប៉ុន្តែវាលុះត្រាណាតែពួកគេមានការចាប់អារម្មណ៏តែប៉ុណ្ណោះ។វាគឺមិនមែនជាការធ្វើអោយគេប្តូរសាសនោះដែរ។ប៉ុន្តែវាគឺជាការផ្តល់អោយនូវជំនួយនិងដំបូមានទូទៅតែប៉ុណ្ណោះ។ដោយប្រព្រឹត្តធ្វើតាមវិធីនេះយើងអាចធ្វើអោយទំនាក់ទំនងរបស់យើងប្រកបដោយអត្ថន័យ។

៨. ជួយអ្នកដ៏ទៃអោយស្របតាមបំណងប្រាថ្នារបស់ពួកគេ

យើងគួរតែព្យាយាមជួយអ្នកដ៏ទៃទៅតាមវិធីណាដែលសាកសមសំរាប់ពួកគេ។ប្រសិនបើនរណាម្នាក់សុំអោយយើងបង្រៀនគេនូវរឿងអ្វីមួយនោះហើយសូម្បីតែរឿងនោះមិនមែនជាចំណង់ចំណូលចិត្តរបស់យើងក៏ដោយក៏យើងអាចធ្វើវាបានដែរអោយតែរឿងនោះវាសាកសមសំរាប់ពួកគេ។យើងគួតែព្យាយាមធ្វើវាអោយអស់ពីសមត្ថភាពរបស់យើង។គឺវាដូចជាការដែលយើងទៅអាហារដ្ឋានជាមួយមិត្តភក្តិរបស់យើងអីចឹងដែរហើយវាច្បាស់ជាអត្មានិយមនិងគ្មានការពិចារណានោះទេបើយើងតែងតែជំរុញគេអោយទៅតែកន្លែងណាដែលមានអាហារដែលយើងចូលចិត្តតែម្នាក់ឯងនោះ។មានពេលខ្លះយើងក៏ត្រូវទៅតាមឬធ្វើតាមគេដែរ។គឺវាដូចជាពេលដែលយើងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាយូរអង្វែងអីចឹងដែរ។យើងត្រូវសម្របសម្រួលរវាងអ្វីដែលយើងចង់បាននិងអ្វីដែលបុគ្គលម្ខាងទៀតចង់បាន។វាគឺមិនចាំបាច់តែរ៉ាយរ៉ាប់អំពីយើងនិងអ្វីដែលយើងចូលចិត្តនោះទេ។

៩. ជំរុញលើកទឹកចិត្តដល់បុគ្គលដែលដឹកនាំជីវិតដោយភាពស្មោះត្រង់ត្រឹមត្រូវ

យើងអាចជួយដោយការសរសើរលើកទឹកចិត្តដល់បុគ្គលណាដែលដឹកនាំជីវិតប្រកបដោយភាពស្មោះត្រង់ត្រឹមត្រូវ(ជាបុគ្គលឬជាមនុស្សដែលដើរតាមមាគ្គាជាវិជ្ជមានហើយប្រព្រឹត្តធ្វើនូវរឿងល្អ)ហើយទន្ទឹមនឹងការលើកទឹកចិត្តនោះទៀតសោតយើងត្រូវតែមានការប្រុងប្រយ័ត្នកុំធ្វើអោយពួកគេក្លាយជាមនុស្សក្រអើតក្រទមដោយសារការសរសើរនោះ។នេះគឺជារឿងសំខាន់ជាពិសេសនៅពេលដែលយើងប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានតម្លៃខ្លួនទាប(បុគ្គលដែលមិនជឿជាក់លើខ្លួនឯង)។នៅក្នុងករណីដែលបុគ្គលនោះមានគុណតម្លៃល្អស្រាប់ហើយនោះហើយជាអ្នកក្រអើតក្រទមថែមទៀតនោះយើងអាចធ្វើការកោតសរសើរពួកគេចំពោះមុខអ្នកដ៏ទៃវិញប៉ុន្តែមិនសរសើរលើកទឹកចិត្តចំពោះមុខពួកគេផ្ទាល់នោះទេ។យើងនៅតែជំរុញលើកទឹកចិត្តពួកគេអោយពួកគេប្រើប្រាសសមត្ថភាពដែលគេមានដើម្បីធ្វើជាប្រយោជណ៏ដល់អ្នកដ៏ទៃ។ប៉ុន្តែថែមទាំងជួយពួកគេកាត់បន្ថយនូវអំនួតរបស់គេដោយធ្វើការចង្អុលបង្ហាញពួកគេនូវកំហុសណាមួយដែលគេអាចបង្ករឡើង។

១๐. ធ្វើការបង្ហាត់បង្ហាញនូវឥរិយាបថជាកុសល(ឥរិយាបថបែបស្ថាបនា)ដល់អ្នកដែលដឹកនាំជីវិតជាអកុសល(តាមបែបបំផ្លិចបំផ្លាញ)

ប្រសិនបើយើងជួបប្រទះឬជួបប្រសព្វជាមួយមនុស្សដែលដឹកនាំជីវិតខ្លួនតាមបែបអវិជ្ជមាននិងតាមបែបបំផ្លិចបំផ្លាញ(បែបអកុសល)នោះយើងមិនគួរច្រានចោលឬថ្កោលទោសពួកគេនោះទេ។ជាជាងការវាយតម្លៃមនុស្សយើងគួរតែព្យាយាមបង្ហាញផ្លូវដល់គេដើម្បីជម្នះបាននូវឥរិយាបថអវិជ្ជមាននោះប្រសិនបើពួកគេបើកចិត្តក្នុងការធ្វើការផ្លាស់ប្តូរនោះ។

១១. ប្រើប្រាសនូវសមត្ថភាពដ៏អស្ចារ្យឬមិនធម្មតានានានៅពេលដែលគ្មានជម្រើសណាផ្សេងទៀត

មានមនុស្សខ្លះក្នុងចំណោមនៃយើងមានសមត្ថភាពលើសពីធម្មតា។យើងអាចជាអ្នកជំនាញផ្នែកក្បាច់គុណប៉ុន្តែមិនអួតបង្ហាញដល់អ្នកដ៏ទៃ។ទោះបីយ៉ាងនេះក៏ដោយប្រសិនបើយើងឃើញបុគ្គណាម្នាក់ត្រូវបានគេវាយប្រហារនោះយើងគួរតែប្រើប្រាសសមត្ថភាពរបស់យើងដើម្បីគ្រប់គ្រងលើអ្នកវាយប្រហារនោះប្រសិនបើគ្មានវិធីណាផ្សេងដើម្បីបញ្ឈប់ពួកគេបានទេនោះ។

មានវិធីច្រើនយ៉ាងណាស់ដើម្បីជាប្រយោជន៏ដល់អ្នកដ៏ទៃ។ជំនាញដើម្បីយល់ដឹងមិនត្រឹមតែដឹងនូវរបៀបនៃការជួយនិងអ្នកដែលត្រូវជួយតែប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវដឹងថាពេលណាត្រូវផ្តល់ជំនួយនោះហើយពេលណាត្រូវឈានមួយជំហ៊ានត្រឡប់ក្រោយវិញពីការជួយនោះដើម្បីអោយគេរៀនសូត្រក្នុងការជួយខ្លួនឯងបាន។ចំពោះអ្នកដែលមានទុក្ខជាក់ច្បាស់ពិតប្រាកដមិនថាទុក្ខផ្នែករាងកាយឬទុក្ខផ្នែកផ្លូវចិត្តនោះទេគឺគេត្រូវការការយកចិត្តទុកដាក់ពីយើងផ្ទាល់។ប៉ុន្តែការជួយនោះ(ការយកចិត្តទុកដាក់នោះ)ត្រូវតែធ្វើឡើងដោយវិធីត្រឹមត្រូវបំផុត(មិនច្រើនពេកហើយក៏មិនតិចពេកដែរ)។យើងត្រូវតែជួយដល់អ្នកក្រខ្សត់ងាយរងគ្រោះដើម្បីអោយគេអាចឈរបានដោយខ្លួនឯង។ប៉ុន្តែការជួយដែលមាននិរន្តរភាពជាប់យូរអង្វែងនោះគឺជាការផ្តល់អោយនូវល័ក្ខខ័ណ្ឌនិងមធ្យោបាយនានាដើម្បីអោយពួកគេអាចដើរទៅមុខបាននិងអាចមើលការខុសត្រូវលើខ្លួនឯងបាន៕

Top